« ពង្សាវតារក្សត្រ ទី១ ១៨ ៖ ការជ្រើសរើសធ្វើតាមព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី១ ១៨ ៖ ការជ្រើសរើសធ្វើតាមព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ មេរៀនទី ៨២
ពង្សាវតារក្សត្រ ទី១ ១៨
ការជ្រើសរើសធ្វើតាមព្រះអម្ចាស់
តើអ្នកតាំងចិត្តធ្វើតាមព្រះបានប៉ុនណាដែរ ? ដើម្បីបង្ហាញថា ព្រះនៃអ៊ីស្រាអែលគឺជាព្រះដ៏ពិតតែមួយអង្គគត់ នោះអេលីយ៉ាបានហៅពួកសង្ឃនៃព្រះបាលមកប្រកួតគ្នា ។ ព្រះអម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានរបស់អេលីយ៉ា ហើយបានឈ្នះក្នុងការប្រកួត ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់ធ្វើតាមព្រះអម្ចាស់កាន់តែខ្លាំងឡើង ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីពេលមួយ ឬច្រើនក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេដឹងថា ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទមានពិត ឬនៅពេលពួកគេទទួលអារម្មណ៍នៃអំណាចរបស់ទ្រង់ទាំងទ្វេនៅក្នុងជីវិតរបស់ពួកគេ ។ ឬពួកគេអាចគិតពីអ្វីដែលពួកគេអាចធ្វើដើម្បីដឹងថាតើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពិតឬយ៉ាងណា ហើយប្រសិនបើពួកគេគួរតែធ្វើតាមទ្រង់ទាំងទ្វេទាំងស្រុងឬអត់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើយើងអាចធ្វើតាមឥទ្ធិពលពីរក្នុងពេលតែមួយបានដែរឬទេ ?
ដោយប្រើបង់ស្អិត ឬធនធានផ្សេងទៀត សូមធ្វើខ្សែបន្ទាត់ពីរនៅលើឥដ្ឋក្នុងទិសដៅផ្ទុយគ្នាដូចបានបង្ហាញខាងក្រោម ។ សូមឲ្យសិស្សឈរនៅកណ្តាល នៅទីតាំងដែលចុងខ្សែបន្ទាត់នៅជិតគ្នា ហើយដាក់ជើងម្ខាងៗលើខ្សែបន្ទាត់នីមួយៗ ។
សូមឲ្យសិស្សដើរពីរបីជំហាន ដោយព្យាយាមដើរលើខ្សែបន្ទាត់ទាំងពីរ ។ សួរពួកគេថាតើពួកគេមានអារម្មណ៍ថាពួកគេអាចដើរដោយជោគជ័យក្នុងរយៈពេលយូរប៉ុនណា ។ បើចាំបាច់ សូមចង្អុលបង្ហាញថា ទោះបីជាមាននរណាម្នាក់អាចដើរលើខ្សែបន្ទាត់ទាំងពីរក្នុងចម្ងាយខ្លីក៏ពិតមែន ក៏ពួកគេមិនជោគជ័យយូរដែរ ហើយក៏មិនអាចដើរលើខ្សែបន្ទាត់ទាំងពីរនេះបានល្អដែរ ។
សូមអញ្ជើញសិស្សឲ្យត្រឡប់ទៅកាន់កន្លែងរបស់ពួកគេវិញ ។
សម្រាប់មេរៀននេះ ខ្សែបន្ទាត់មួយអាចតំណាងឲ្យមាគ៌ារបស់ព្រះអម្ចាស់ ហើយខ្សែបន្ទាត់មួយទៀតអាចតំណាងឲ្យឥទ្ធិពលផ្សេងទៀតដែលមិនស្របតាមមាគ៌ារបស់ព្រះអម្ចាស់ ។
-
តើមានរបៀបអ្វីខ្លះដែលយើងអាចព្យាយាមធ្វើតាមព្រះអម្ចាស់ និងឥទ្ធិពលផ្សេងទៀតក្នុងពេលតែមួយ ?
អេលីយ៉ាល្បងនឹងពួកសង្ឃនៃព្រះបាលដើម្បីប្រកួតគ្នា
សូមសង្ខេបកថាខណ្ឌខាងក្រោម ឬប្រសិនបើអ្នកមានអារម្មណ៍ថាវាសមរម្យសម្រាប់សិស្សរបស់អ្នក សូមបង្ហាញ « Elijah and the Priests of Baal » ( ២:១៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:០៧ ដល់ ០:៣៣ ។
នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៨ អេលីយ៉ាចង់ឲ្យនគរអ៊ីស្រាអែលតាំងចិត្តយ៉ាងពេញលេញចំពោះព្រះអម្ចាស់ ។ ប្រហែលជារយៈពេលបីឆ្នាំហើយតាំងពីអេលីយ៉ាបានប្រើអំណាចនៃការផ្សារភ្ជាប់របស់លោកដើម្បីនាំមកនូវភាពរាំងស្ងួតមកលើដែនដី ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១ ) ។ ប៉ុន្តែ អ៊ីស្រាអែលបានបន្តថ្វាយបង្គំព្រះក្លែងក្លាយ រួមទាំងព្រះបាលផងដែរ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៨:១៨ ) ។ អេលីយ៉ាបានល្បងនឹងព្យាការីក្លែងក្លាយរាប់រយនាក់របស់ព្រះបាល និងពួកព្យាការីនៃរូបព្រះទៅប្រកួតនៅលើភ្នំកើមែល ដើម្បីបញ្ជាក់ថាតើព្រះបាល ឬព្រះយេហូវ៉ាជាព្រះពិត ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៨:១៩ ) ។ មុនការប្រកួតចាប់ផ្ដើម អេលីយ៉ាបាននិយាយទៅកាន់ប្រជាជន ។
សូមអាន ពង្សាវតារក្សត្រ ទី១ ១៨:២១ ដោយរកមើលពាក្យសម្តីរបស់អេលីយ៉ាថ្លែងទៅកាន់ប្រជាជន ។ ពាក្យ ស្ទាក់ស្ទើរ នៅក្នុងករណីនេះមានន័យថា អល់អែក ឬរេរា ។
-
តើអេលីយ៉ាបានសុំឲ្យប្រជាជនធ្វើអ្វីខ្លះ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងសេចក្តីថ្លែងការណ៍របស់អេលីយ៉ាឡើងវិញ តាមរបៀបនេះ ៖
នៅសព្វថ្ងៃនេះអេលីយ៉ាអាចនឹងពោលថា ៖
ទោះជាព្រះជាព្រះវរបិតាសួគ៌នៃយើងមានពិត ឬក៏ក្លែងក្លាយក្ដី ប៉ុន្តែប្រសិនបើទ្រង់មានពិត សូមថ្វាយបង្គំទ្រង់ ។
ទោះជាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ជាព្រះដ៏ប្រោសលោះដែលមានព្រះជន្មរស់ឡើងវិញរបស់មនុស្សលោក ឬក៏ពុំមែនក្ដី ប៉ុន្តែប្រសិនបើពិតជាទ្រង់មែន សូមធ្វើតាមទ្រង់ ។ ( « Firm and Steadfast in the Faith of Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៣០ )
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ចេញពីសេចក្តីថ្លែងការណ៍របស់អេលីយ៉ា និងអែលឌើរ គ្រីស្តូហ្វឺសិន ?
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។ សេចក្តីពិតមួយចំនួនដែលយើងអាចរៀនបានគឺ ៖
ព្រះអម្ចាស់អនុញ្ញាតឲ្យយើងជ្រើសរើសថាតើយើងនឹងដើរតាមទ្រង់ ឬព្រះក្លែងក្លាយ និងមាគ៌ាទុច្ចរិតនៃពិភពលោក ។
នៅពេលយើងដឹងថាព្រះវរបិតាសួគ៌មានពិត ហើយព្រះយេស៊ូវគឺជាព្រះគ្រីស្ទ នោះយើងគួរតាំងចិត្តធ្វើតាមទ្រង់ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើខ្ញុំជឿខ្លាំងប៉ុនណាថា ខ្ញុំមានព្រះវរបិតានៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះ ?
-
តើខ្ញុំតាំងចិត្តធ្វើតាមទ្រង់ទាំងទ្វេបានប៉ុនណា ?
-
តើអ្វីដែលអាចរារាំងខ្ញុំពីការតាំងចិត្តធ្វើតាមទ្រង់ទាំងទ្វេទាំងស្រុង ?
នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចយកឈ្នះលើរាល់ឧបសគ្គណាមួយដែលអាចរារាំងអ្នកពីការធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទាំងស្រុង ។
ការប្រកួតរវាងព្រះបាល និងព្រះយេហូវ៉ា
សូមអាន ពង្សាវតារក្សត្រ ទី១ ១៨:២៣–២៤ ដោយរកមើលលក្ខខណ្ឌនៃការប្រកួតរវាងអេលីយ៉ា និងពួកព្យាការីក្លែងក្លាយរបស់ព្រះបាល ។
ពួកសង្ឃរបស់ព្រះបាលបានព្យាយាមជាមុន ដោយអំពាវនាវរកព្រះក្លែងក្លាយរបស់ខ្លួនអស់ជាច្រើនម៉ោង ។ សូមអាន ពង្សាវតារក្សត្រ ទី១ ១៨:២៦–២៩ ដោយរកមើលអ្វីដែលបានកើតឡើង ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ប្រសិនបើសិស្សពិបាកយល់ខគម្ពីរទាំងនេះ សូមពិចារណាបង្ហាញ « Elijah and the Priests of Baal » ចាប់ពីនាទីទី ០:៣៣ ដល់ ១:១៩ ។
សម្រាប់សកម្មភាពខាងក្រោមនេះ សូមពិចារណាផ្តល់ពេលកំណត់ដល់សិស្សប្រហែលជាប្រាំនាទី ដើម្បីអានខគម្ពីរ ហើយបំពេញការណែនាំខាងក្រោម ។ សូមបញ្ជាក់ថា គំនូរមិនត្រូវការល្អិតល្អន់នោះទេ ។
ដើម្បីរៀនពីអ្វីដែលបានកើតឡើងពេលអេលីយ៉ាអំពាវនាវរកព្រះ សូមអាន ពង្សាវតារក្សត្រ ទី១ ១៨:៣០–៣៩ ។ បន្ទាប់មក សូមយកក្រដាសមួយសន្លឹកមក ហើយចែកជាពីរ ។ នៅលើក្រដាសពាក់កណ្តាល សូមគូររូបភាពនៃអ្វីដែលបានកើតឡើងនៅពេលអេលីយ៉ារៀបចំដង្វាយរបស់លោក ហើយអំពាវនាវរកព្រះ ។
-
តើអ្នកនឹងគិត ហើយមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកនៅទីនោះ ?
-
តើវាអាចជះឥទ្ធិពលដល់ទីបន្ទាល់របស់អ្នកអំពីព្រះអម្ចាស់ និងឆន្ទៈរបស់អ្នកដើម្បីធ្វើតាមទ្រង់ដោយរបៀបណា ?
សម្រាប់សកម្មភាពខាងក្រោម សូមពិចារណាផ្តល់ពេលកំណត់ដល់សិស្សប្រហែលប្រាំនាទី ។ ប្រសិនបើវាមានប្រយោជន៍ក្នុងការបង្ហាញឧទាហរណ៍ពីនរណាម្នាក់ដែលមកស្គាល់ថាព្រះមានពិតមែន ឬអ្វីដែលពួកគេបានធ្វើដើម្បីដឹងការណ៍នេះ សូមពិចារណាបង្ហាញវីដេអូមួយក្នុងចំណោមវីដេអូខាងក្រោមដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
« His Grace: Choosing to Believe in God » ( ៤:០៧ )
« Faith Crisis: What Do We Do When We Feel Nothing? » ( ៥:៥៥ )
នៅលើក្រដាសពាក់កណ្តាលទៀតរបស់អ្នក សូមសរសេរអំពី ឬគូររូបភាពមួយអំពីពេលមួយ ឬច្រើនក្នុងជីវិតរបស់អ្នក នៅពេលអ្នកដឹងថា ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទមានពិត ឬនៅពេលអ្នកមានអារម្មណ៍ថា មានព្រះចេស្តារបស់ទ្រង់ទាំងទ្វេនៅក្នុងជីវិតរបស់អ្នក ។ ឬអ្នកអាចសរសេរអំពី ឬគូររូបភាពនៃអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដឹងថាតើទ្រង់ទាំងទ្វេគឺមានពិតឬយ៉ាងណា ហើយប្រសិនបើអ្នកគួរតែធ្វើតាមទ្រង់ទាំងទ្វេទាំងស្រុងឬអត់ ។
នៅពេលសិស្សបានធ្វើហើយរួចរាល់ សូមពិចារណាផ្តល់ពេលវេលាដល់អ្នកស្ម័គ្រចិត្តជាច្រើននាក់ ឲ្យចែកចាយនូវអ្វីដែលពួកគេគូរ ឬសរសេរ ប្រសិនបើវាមិនផ្ទាល់ខ្លួនពេកទេ ។ ការលើកទឹកចិត្តសិស្សជាច្រើននាក់ឲ្យចែកចាយ អាចផ្តល់នូវទស្សនៈផ្សេងៗ និងជួយសិស្សផ្សេងទៀតឲ្យដឹងពីរបៀបដែលសេចក្តីពិតដែលពួកគេកំពុងរៀនអាចជះឥទ្ធិពលដល់ពួកគេ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការសួរសំណួរដូចជាសំណួរខាងក្រោម ។
-
តើការជញ្ជឹងគិតពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកក្នុងការមើលឃើញព្រះចេស្ដានៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ជួយអ្នកឲ្យធ្វើការតាំងចិត្តរបស់អ្នកថ្វាយបង្គំ និងធ្វើតាមទ្រង់ទាំងទ្វេដោយរបៀបណា ?
-
តើហេតុអ្វីបានជាអ្នកគិតថា ការធ្វើតាមព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទទាំងស្រុងនោះ ពិតជាមានតម្លៃ ?
សង្កេតមើលគុណលក្ខណៈដូចជាព្រះគ្រីស្ទនៅក្នុងសិស្ស ហើយចែកចាយអ្វីដែលអ្នកបានកត់សម្គាល់ ។ អ្នកអាចជួយលើកទឹកចិត្តសិស្សឲ្យបន្តខិតខំចូលទៅជិតព្រះអម្ចាស់កាន់តែខ្លាំង នៅពេលអ្នកចង្អុលបង្ហាញពីរបៀបដែលពួកគេបាន និងកំពុងកែលម្អ ឬធ្វើការជ្រើសរើសដ៏ល្អ ។ សម្រាប់មេរៀននេះ សូមពិចារណាពីការចង្អុលបង្ហាញពីរបៀបដែលអ្នកបានសង្កេតឃើញសិស្សជ្រើសរើសដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះអាចរួមទាំងការសរសើរពួកគេចំពោះការជ្រើសរើសចូលរៀនថ្នាក់សិក្ខាសាលា ការសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ និងការព្យាយាមចូលមកជិតទ្រង់កាន់តែខ្លាំង ។ ការណ៍នេះក៏អាចរួមបញ្ចូលគុណលក្ខណៈដូចជាព្រះគ្រីស្ទដែលអ្នកបានសង្កេតឃើញនៅក្នុងសិស្សផងដែរ ។ ដើម្បីរៀនបន្ថែមទៀតអំពីការណ៍នេះ សូមមើល « ជួយសិស្សឲ្យមានចេតនាក្នុងការខិតខំប្រែក្លាយឲ្យកាន់តែដូចព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
ដើម្បីបញ្ចប់មេរៀននេះ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីអារម្មណ៍ដែលអ្នកមាន ពេលអ្នកធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទាំងស្រុង ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យចងចាំ និងបង្ហាញអារម្មណ៍របស់អ្នក ។ អ្នកអាចរួមបញ្ចូលនូវអ្វីដែលអ្នកចង់ធ្វើ ឬចងចាំដោយសារតែមេរៀននេះ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងពរជ័យនៃការធ្វើតាមទ្រង់ទាំងទ្វេទាំងស្រុង ។