ថ្នាក់​សិក្ខាសាលា
ការស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ ៖ ការ​យល់ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​អ្នក


« ការស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ ៖ ការ​យល់ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ ៖ ការ​យល់ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ មេរៀន​ទី ១៦២

ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

ការ​យល់ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​អ្នក

Revelation

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​បង្ហាញ​ពី​គំនិត និង​ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ការ​ដឹង​អំពី​ការណ៍​នេះ​អាច​ជួយ​នៅ​ពេល​យើង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ ហើយ​ព្យាយាម​ធ្វើ​ជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ការណែនាំ និង​វិវរណៈ​មកពី​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការ​ស្គាល់​សំឡេង

នៅពេល​សិស្ស​ចូល​មក​ក្នុង​ថ្នាក់ សូម​ចាត់​ពួកគេ​ពីរ​បី​នាក់​នូវ​លេខ​ផ្សេងៗ​គ្នា​ជាមួយ​នឹង​ការ​ណែនាំ​ដូច​ខាង​ក្រោម៖ « ពេល​ខ្ញុំ​ហៅ​លេខ​របស់​អ្នក សូម​និយាយ​ថា ‹ ព្រះអម្ចាស់​មាន​បន្ទូល​មក​យើង​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ › » ។ ពន្យល់​ថា​នៅពេល​ដែល​លេខ​របស់​ពួកគេ​ត្រូវ​បាន​ហៅ​ពួកគេ​អាច​ជ្រើសរើស​និយាយ​ឃ្លា​ខ្សឹបៗ ឬ​ជា​សំឡេង​ធម្មតា ។

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​អញ្ជើញ​សិស្ស​ឲ្យ​បិទ​ភ្នែក ។ ពន្យល់​ថា​ពួកគេ​នឹង​ព្យាយាមកត់សម្គាល់មិត្ត​រួមថ្នាក់​របស់​ពួកគេ​ដោយ​ការ​ស្តាប់​សំឡេង​របស់​ពួកគេ ។ ហៅ​លេខ​ផ្សេង​គ្នា​ម្តង​មួយៗ ។ បន្ទាប់​ពី​សិស្ស​ម្នាក់ៗ​ដែល​អ្នក​ហៅ​លេខ​នោះ​និយាយ​ឃ្លា​នោះ​ហើយ សូម​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​លើក​ដៃ​ឡើង ប្រសិនបើ​ពួកគេ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​និយាយ ។

បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​វា​ងាយស្រួល ឬ​ពិបាក​កំណត់​ថា​អ្នក​ណា​កំពុង​និយាយ​ដែរ​ឬទេ ? ហេតុអ្វី ?

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​សម្រាប់​ភ្ញៀវ​ក្នុង​ថ្នាក់​របស់​យើង​ក្នុង​ការ​កំណត់​អ្នក​ដែល​និយាយ ?

សូម​បង្ហាញ​ស្វ័យ​វាយតម្លៃ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ចម្លើយ​របស់​ពួកគេ ។

សូម​ពិចារណា​ពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ។ អ្នក​ប្រហែល​ជា​ចង់​កត់ត្រា​គំនិត​មួយចំនួន​របស់អ្នក​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ប៉ុនណា​ក្នុង​ការ​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​មាន​សំណួរ​អ្វីខ្លះ​អំពី​ការទទួល​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ ?

សូម​ពិចារណា​អំពី​ការ​ថ្លែងទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​ចង់​មាន​បន្ទូល​ទៅកាន់​បុត្រា​បុត្រី​របស់​ទ្រង់​ម្នាក់ៗ ។ សូម​ពន្យល់​ថា នៅពេល​យើង​ស្វែងរក​វិវរណៈ ទ្រង់​នឹង​ជួយ​យើង​បង្កើន​ទំនុកចិត្ត​របស់​យើង​ក្នុង​ការ​ស្គាល់​ព្រះសូរសៀង​របស់​ទ្រង់ ហើយ​ទទួល​បាន​ចម្លើយ និង​ការណែនាំ​ពី​ទ្រង់ ។

សំឡេង​តូច​រហៀងៗ

ពេល​រត់​គេច​ពី​មនុស្ស​ដែល​ចង់​បាន​ជីវិត​លោក ព្យាការី​អេលីយ៉ា​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:១–១០ ) ។ កាល​នៅ​ទី​នោះ ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក ។

សូម​អាន ពង្សាវតារក្សត្រ ទី១ ១៩:៩–១២ ដោយ​ស្វែងរក​អ្វីដែល​អេលីយ៉ា​បាន​រៀន​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រាស្រ័យទាក់ទង​ជា​មួយ​យើង ។

  • តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ពី​បទពិសោធន៍​របស់​អេលីយ៉ា ?

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ថា ​វិធី​មួយ​ដែល​ព្រះអម្ចាស់​ប្រាស្រ័យទាក់ទង​ជាមួយ​យើង​គឺ​តាមរយៈ​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

សិស្ស​មួយ​ចំនួន​អាច​ឆ្ងល់​ថា​តើ​ព្រះ​ពិត​ជា​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ឬ ហើយ​ប្រហែល​ជា​មិន​ដឹង​ពី​របៀប​ដើម្បី​ដឹង នៅពេល​ទ្រង់​ប្រាស្រ័យ​ទាក់ទង​នឹង​ពួកគេ​នោះ​ទេ ។ សេចក្តី​ថ្លែងការណ៍​ខាងក្រោម និង​សកម្មភាព​សិក្សា​សម្រាប់ នីហ្វៃទី៣ ១១ ជួយ​ដោះស្រាយ​កង្វល់​ទាំង​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

យើង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ទទួល​បាន​ការណែនាំ និង​ការដឹកនាំ ។… ប្រសិនបើ​យើង​ពិត​ជា​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​រៀន​ដើម្បី​ញែក​ដឹង ហើយ​យល់​អំពី​ការបំផុស​គំនិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​បាន​ណែនាំ​នៅ​គ្រប់​បញ្ហា ទោះ​តូច ឬ​ធំ​ក្ដី ។

…តើ​ព្រះ​ពិត​ជា ចង់ មាន​បន្ទូល​មក​កាន់​បងប្អូន​មែន​ទេ ? មែនហើយ ! ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៤–៩៥ )

សូម​ពិចារណា​ចាប់គូ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ខាងក្រោម ។ ដើម្បី​ជួយ​សិស្ស​សិក្សា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ផ្អាក​បន្ទាប់​ពី​អាន​ខគម្ពីរ​នីមួយៗ ហើយ​ពិភាក្សា​ជាមួយ​ដៃគូ​អាន​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ដែល​អាច​ជួយ​យើង​ស្ដាប់ និង​ស្គាល់​វិវរណៈ​មក​ពី​ព្រះ ។

សូម​អាន នីហ្វៃទី៣ ១១:១–៧ ដោយ​រក​មើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ការ​ឮ និង​ស្គាល់​វិវរណៈ​មក​ពី​ព្រះ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការ​ទទួល​វិវរណៈ​ចេញ​ពី​ដំណើរ​រឿង​នេះ ?

ការស្គាល់​វិវរណៈ​មកពី​ព្រះ

សូម​ពន្យល់​ថា វិធី​មួយ​ដែល​យើង​អាច​រៀន​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​យើង គឺ​ដើម្បី​យល់​ពី​វិធី​ផ្សេងៗ​ដែល​ទ្រង់​អាច​ប្រាស្រ័យទាក់ទង​ជាមួយ​យើង ។ ដើម្បី​ជួយ​រៀប​ចំ​សិស្ស​ឲ្យ​រៀន​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រាស្រ័យទាក់ទង​ជាមួយ​យើង សូម​ពិចារណា​បង្ហាញ​ពួក​គេ​នូវ​ទូរសព្ទ​ឆ្លាតវៃ ឬ​បង្ហាញ​រូបភាព​មួយ ហើយ​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។

  • តើ​មាន​វិធី​ណាខ្លះ​ដែល​អ្នក​អាច​ទទួល​សារ​តាមរយៈ​ទូរសព្ទ​ឆ្លាតវៃ ?

    ចម្លើយ​ដែល​អាចធ្វើបាន​រួម​មាន​ការ​ហៅ​ទូរសព្ទ ការ​ផ្ញើសារ​ជា​អក្សរ ការ​ផ្ញើសារ​ក្នុង​កម្មវិធី និង​សូម្បីតែ​រូបភាព​ដែល​យើង​ជ្រើសរើស​ដើម្បី​បង្ហាញ​នៅលើ​ទូរសព្ទ​របស់​យើង​ក្តី ។ បន្ទាប់​ពី​ការ​ពិភាក្សា​ខ្លី​មួយ​អំពី​សំណួរ​ខាង​លើ​សូម​លុប​ឃ្លា « ទូរសព្ទ​ឆ្លាតវៃ » ហើយ​ជំនួស​វា​ដោយ « ព្រះវិញ្ញាណបរិសុទ្ធ » ។

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​អ្នក​អាច​ទទួល​បាន​សារ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​មាន​វិធី​អ្វីខ្លះ ដែល​ការ​ទទួល​សារ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ខុស​ពី​ការ​ទទួល​សារ​នៅ​លើ​ទូរសព្ទ​ឆ្លាតវៃ ?

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សកម្មភាព​សិក្សា​ព្រះគម្ពីរ​ខាងក្រោម​នេះ​អាច​ជា​ការពិបាក​សម្រាប់​សិស្ស​របស់អ្នក អ្នក​អាច​អាន​វគ្គ​ទីមួយ ហើយ​សួរ​សិស្ស​អំពី​អ្វី​ដែល​ខគម្ពីរ​បង្រៀន​អំពី​វិធី​ដែល​យើង​អាច​ដឹង នៅពេល​ព្រះ​កំពុង​មាន​បន្ទូល​មក​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិនបើ​អ្នក​អាន​វគ្គ​បទគម្ពីរ​នេះ អ្នក​អាច​ជួយ​សិស្ស​ឃើញ​ពី​ខគម្ពីរ​នេះ​ថា យើង​អាច​ដឹង​ថា​ទ្រង់​កំពុង​ទំនាក់ទំនង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​មាន​អារម្មណ៍​ថា​មាន​ប្រាជ្ញា ការយល់ដឹង ឬ​ចំណេះដឹង​កើនឡើង ។ បន្ទាប់​មក សិស្ស​អាច​សិក្សា​បទគម្ពីរ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​នោះ ជា​គូៗ ឬ​ក្រុម​តូចៗ ។ សិស្ស​មិន​ចាំបាច់​សិក្សា​បទគម្ពីរ​ទាំង​អស់​នេះ​ទេ ។

សូម​សិក្សា​សេចក្តី​យោង​ខគម្ពីរ​មួយ​ចំនួន​ខាងក្រោម ។ សម្រាប់​សេចក្តី​យោង​នីមួយៗ​ដែល​អ្នក​សិក្សា សូម​កំណត់​វិធី​ដែល​យើង​អាច​ដឹង នៅពេល​ដែល​ព្រះ​កំពុង​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សរសេរ​សេចក្តី​យោង​ដែល​អ្នក​បាន​សិក្សា និង​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

និក្ខមនំ ៣១:៣

យ៉ូហាន ១៤:២៦–២៧

យ៉ូហាន ១៦:១៣

កាឡាទី ៥:២២–២៣

នីហ្វៃទី២ ២៨:៣០

នីហ្វៃ​ទី​២ ៣២:៥

ម៉ូសាយ ៥:២

អាលម៉ា ១៨:៣៥

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២១–២៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១២–១៣

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលាវិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​សកម្មភាព​ពី​មុន​គឺ​បោះពុម្ព​ច្បាប់​ចម្លង​ជាច្រើន​នៃ​សំណៅ​មេរៀន​ដែល​ភ្ជាប់​មក​ជាមួយ ហើយ​កាត់​ចេញ​រូបភាព​ទូរសព្ទ​ឆ្លាតវៃ​នីមួយៗ ។ សរសេរ​សេចក្ដី​យោង​បទគម្ពីរ​ផ្សេងៗ​គ្នា​លើ​ទូរសព្ទ​ឆ្លាតវៃ​នីមួយៗ ហើយ​បិទ​វា​ពេញ​បន្ទប់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដើរ​ជុំវិញ​បន្ទប់ ហើយ​សិក្សា​សេចក្ដី​យោង​នោះ​ពីរ​ឬ​បី ។

អ្នក​ក៏​អាច​ពិចារណា​ដាក់​សេចក្តី​ថ្លែងការណ៍​ខ្លីៗ​នៅលើ​ទូរសព្ទ​ឆ្លាតវៃ​មួយ​ចំនួន​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ប្រាស្រ័យទាក់ទង​ជាមួយ​យើង ។ សេចក្តីថ្លែងការណ៍​ដែល​អាច​មាន​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង ធនធាន​បន្ថែម​ទាំងឡាយ នៃ​មេរៀន​នេះ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

សូម​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​លេចធ្លោ​ចំពោះ​ពួកគេ​ពី​សេចក្តី​យោង​បទគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា ។ ពួកគេ​ក៏​អាច​ចែកចាយ​បទពិសោធន៍​ទាំងឡាយ​ដែល​ពួកគេ​បាន​ឮ​ព្រះសូរសៀង​នៃ​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ឬ​សារលិខិត​នៃ​ការ​លួងលោម ឬ​ការណែនាំ​ផ្សេងទៀត ។ រំឭក​ពួកគេ​កុំ​ឲ្យ​ចែកចាយ​លម្អិត​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ពិសិដ្ឋ​ហួសពេក ។

ប្រសិនបើ​មាន​ប្រយោជន៍ អ្នក​អាច​មើល « Receiving Revelation » ( ៤:១៧ ) ចាប់ពី​នាទី​ទី ០:០០–២:១៨ ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។ នៅក្នុង​វីដេអូ​នេះ មនុស្ស​ជាច្រើន​ឆ្លើយ​សំណួរ « តើ​ព្រះវិញ្ញាណ​បញ្ជូន​វិវរណៈ​មក​កាន់អ្នក​ដោយ​របៀបណា ? »

4:17
  • តើ​ការ​យល់​ដឹង​ពី​វិធី​ផ្សេងៗ​ដែល​ព្រះវរបិតាសួគ៌​ប្រាស្រ័យទាក់ទង​ជាមួយ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​ស្គាល់​វិវរណៈ​មក​ពី​ទ្រង់​ដោយ​របៀបណា ?

ព្រះ​មាន​បន្ទូល​ទៅ​កាន់​អ្នក

ដើម្បី​ជួយ​សិស្ស​ចែកចាយ​ការ​ឆ្លើយតប​របស់​ពួកគេ​ចំពោះ​សាច់រឿង​ខាងក្រោម ពួកគេ​អាច​ឆ្លើយ​សំណួរ​ខាងក្រោម​ជាមួយ​ដៃគូ ។ ការធ្វើ​បែប​នេះ​នឹង​ផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ឱកាស​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​នាក់​មក​ខាង​មុខ​ថ្នាក់ ដើម្បី​សម្តែង​តាម​សាច់រឿង​នេះ ។ សិស្ស​ម្នាក់​អាច​ចែកចាយ​ចម្លើយ​របស់​គាត់ ។ បន្ទាប់មក សិស្ស​ទាំងពីរ​នាក់​អាច​ជ្រើសរើស​សិស្ស​ថ្មី​ពីរ​នាក់ ដើម្បី​សម្តែង​តាម​សាច់រឿង​នោះ ។ អ្នក​អាច​ធ្វើ​បែប​នេះ​ម្តង​ទៀត ពីរ​បី​ដង ។

សូម​ស្រមៃ​គិត​អំពី​សាច់រឿង​ខាង​ក្រោម​នេះ​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ ៖

អំឡុង​ពេល​ការ​ប្រជុំ​សាក្រាម៉ង់ អ្នក​ឡើង​និយាយ​ម្នាក់​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ប្រធាន រ័សុល អិម ណិលសុន ថា « តើ​ព្រះ​ពិត​ជា សព្វព្រះទ័យ មាន​បន្ទូល​មក​កាន់​បងប្អូន​មែន​ទេ ? មែន​ហើយ ! » ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥ ) ។ នៅពេល​អ្នក​ចេញ​ពី​សាលាជំនុំ​បន្ទាប់​ពី​ការ​ប្រជុំ មិត្ត​របស់​អ្នក​និយាយ ៖ « ខ្ញុំ​ប្រាថ្នា​ថា​ខ្ញុំ​អាច​ស្គាល់​ការ​ណែនាំ និង​វិវរណៈ​មកពី​ព្រះ​ក្នុង​ជីវិត​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​ធ្វើ​ដូចម្តេច​នោះ​ទេ » ។

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី និង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃនេះ តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ​កាន់​មិត្ត​របស់​អ្នក ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​បំណង​ប្រាថ្នា​របស់​ព្រះអម្ចាស់​ដើម្បី​មាន​បន្ទូល​មកកាន់​យើង​តាមរយៈ​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។