« និក្ខមនំ ១៤ ៖ ‹ កុំខ្លាចអី › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« និក្ខមនំ ១៤ ៖ ‹ កុំខ្លាចអី › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១៤–១៨ ៖ មេរៀនទី ៤៥
និក្ខមនំ ១៤
« កុំខ្លាចអី »
ជួនកាលយើងអាចមានអារម្មណ៍អស់សង្ឃឹម ស្រដៀងនឹងអារម្មណ៍ដែលពួកសាសន៏អ៊ីស្រាអែលអាចមាននៅក្នុងពេលជាប់នៅចន្លោះសមុទ្រក្រហម និងកងទ័ពរបស់ផារ៉ោន ។ ទោះជាយ៉ាងណា ពាក្យទូន្មានរបស់ម៉ូសេចំពោះពួកគេនៅតែអាចអនុវត្តចំពោះយើងសព្វថ្ងៃនេះ ៖ « កុំខ្លាចអី ឈប់សិន ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា » ( និក្ខមនំ ១៤:១៣ ) ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងប្រាថ្នាចង់ដាក់ការទុកចិត្តរបស់ពួកគេលើព្រះអម្ចាស់ដើម្បីទទួលបានកម្លាំង និងការរំដោះ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សា និក្ខមនំ ១៤:១៣–១៤ ហើយពិចារណាពីកត្តានានាក្នុងជីវិតរបស់ពួកគេដែលខគម្ពីរទាំងនេះអាចជួយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហ៊ុមព័ទ្ធដោយការសាកល្បង
សូមជួយសិស្សគិតអំពីឧបសគ្គទាំងឡាយក្នុងជីវិតរបស់ពួកគេ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថប់បារម្ភ ឬជាប់គាំង ។ វិធីមួយដើម្បីធ្វើដូច្នេះ គឺការចែកចាយសេចក្ដីថ្លែងការណ៍ដូចខាងក្រោមមកពីបងប្រុស មៀលធិន ខាម៉ាហ្គូ នៃគណៈប្រធានសាលាថ្ងៃអាទិត្យ ។ អ្នកអាចសរសេរដំបូន្មានរបស់ឪពុកគាត់នៅចំកណ្តាលក្តារខៀន ។
បងប្រុស មៀលធិន ខាម៉ាហ្គូ ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យ បានចែកចាយដំបូន្មានមកពីឪពុករបស់គាត់ ៖
ឪពុកខ្ញុំធ្លាប់ប្រាប់ខ្ញុំថា « ចូរកុំផ្តោតអារម្មណ៍ខ្លាំងទៅលើបញ្ហាកូន ដែលកូនមិនអាចមើលឃើញដំណោះស្រាយនោះឡើយ » ។ ( « ផ្តោតលើព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៦៤ )
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេគិតថាឪពុករបស់បងប្រុស ខាម៉ាហ្គូ កំពុងបង្រៀន ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀនជុំវិញសេចក្តីថ្លែងការណ៍នោះនូវបញ្ហា ឧបសគ្គ ឬការសាកល្បងទាំងឡាយដែលអាចលំបាកសម្រាប់ពួកគេរកដំណោះស្រាយ ។
សិស្សអាចឆ្លើយសំណួរទីមួយនៃសំណួរខាងក្រោមនេះឲ្យឮៗ ។ ជាមួយនឹងសំណួរទីពីរ យកល្អ សូមអញ្ជើញពួកគេឲ្យពិចារណាចម្លើយរបស់ពួកគេដោយស្ងៀមស្ងាត់ ។
សូមពិចារណាអំពីពេលដែលអ្នកអាចមានអារម្មណ៍ថា មិនមានដំណោះស្រាយចំពោះបញ្ហាដែលអ្នកបានជួបប្រទះ ។
-
ក្នុងកាលៈទេសៈបែបនេះ តើមនុស្សម្នាក់អាចឆ្លើយតបតាមវិធីណាខ្លះ ?
-
ជាធម្មតា តើអ្នកឆ្លើយតបបែបណាក្នុងកាលៈទេសៈបែបនេះ ?
ពេលអ្នកសិក្សា និក្ខមនំ ១៤ ថ្ងៃនេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការទុកចិត្តលើព្រះអម្ចាស់ ពេលអ្នកប្រឈមមុខ ឬរៀបចំខ្លួនប្រឈមមុខនឹងឧបសគ្គ និងការសាកល្បងទាំងឡាយ ។
ស្ថានភាពលំបាករបស់ពួកសាសន៏អ៊ីស្រាអែល
ដើម្បីជួយសិស្សឲ្យយល់ពីស្ថានភាពរបស់ពួកសាសន៏អ៊ីស្រាអែលនៅក្នុង និក្ខមនំ ១៤ សូមបង្ហាញ ឬជួយពួកគេរកផែនទី ២ នៅក្នុងផែនទីព្រះគម្ពីរប៊ីប ដែលមាននៅក្នុងការបោះពុម្ពរបស់ស្តេចយ៉េម្សនៃព្រះគម្ពីរប៊ីប របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពេលអ្នកចែកចាយកថាខណ្ឌខាងក្រោម សូមអញ្ជើញសិស្សឲ្យស្វែងរក ពីហាហីរ៉ុថ ( ទី ៣ ) នៅលើផែនទី ។
កាលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បានបញ្ជាម៉ូសេឲ្យនាំពួកគេទៅពីហាហីរ៉ុថ ( និក្ខមនំ ១៤:២ ) ។ មិនយូរប៉ុន្មាន ក្រោយពីបានអនុញ្ញាតឲ្យពួកសាសន៏អ៊ីស្រាអែលចេញទៅនោះ ផារ៉ោនបានដឹងថា « ទីរហោស្ថានបានបិទគេជិតជុំវិញ » ( និក្ខមនំ ១៤:៣ ) ដូច្នេះទ្រង់ក៏តាំងចិត្តរឹងរូស ហើយយាងតាមពួកគេ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីស្ថានភាពរបស់ពួកសាសន៏អ៊ីស្រាអែលដូចខាងក្រោម ។
កូនចៅអ៊ីស្រាអែល [ បានស្ថិតនៅក្នុង ] ស្ថានភាពលំបាកដ៏គួរឲ្យរន្ធត់មួយ ។ … មានរទេះសេះជាច្រើនដេញតាមពីក្រោយពួកគេ មានផ្នូកខ្សាច់ជាច្រើននៅសង្ខាងពួកគេ ហើយមានទឹកដ៏ធំនៅខាងមុខ ។ … ក្នុងករណីនេះ វាគឺជារឿងស្លាប់រស់ ។ ( « Cast Not Away Therefore Your Confidence » Ensign ខែមីនា ឆ្នាំ២០០០ ទំព័រ ៩ )
ដើម្បីជួយសិស្សឲ្យមើលឃើញពីដំណើររឿងនេះ អ្នកអាចបង្ហាញពួកគេរូបភាពសមុទ្រក្រហមដូចខាងក្រោម ។ សូមអញ្ជើញពួកគេឲ្យស្រមៃថា ពួកគេស្ថិតក្នុងចំណោមពួកសាសន៏អ៊ីស្រាអែលនៅពេលនេះ ។
-
តើអ្នកអាចនឹងឆ្លើយតបយ៉ាងណាក្នុងកាលៈទេសៈនេះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យកំណត់ភាពស្រដៀងគ្នា និងភាពខុសគ្នារវាងការឆ្លើយតបរបស់ប្រជាជនអ៊ីស្រាអែលចំពោះកាលៈទេសៈរបស់ពួកគេ និងការឆ្លើយតបរបស់ម៉ូសេ ។ ការកត់ចំណាំពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងមនុស្ស ការបង្រៀន និងព្រឹត្តិការណ៍នៅក្នុងព្រះគម្ពីរ គឺជាជំនាញសិក្សាព្រះគម្ពីរដ៏សំខាន់មួយ ។ ការធ្វើការប្រៀបធៀបទាំងនេះអាចជួយសិស្សឲ្យស្គាល់សេចក្ដីពិតនៃដំណឹងល្អសំខាន់ៗ ដែលពួកគេអាចនឹងមើលមិនឃើញផ្សេងទៀត ។ អ្នកអាចពន្យល់ខ្លីៗអំពីជំនាញកំណត់ភាពស្រដៀងគ្នា និងភាពខុសគ្នា ។ សូមអញ្ជើញសិស្សឲ្យអនុវត្តវានៅក្នុងសកម្មភាពសិក្សាខាងក្រោម ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតតារាងតូចមួយដែលមានជួរឈរពីរ ។ សូមដាក់ស្លាកជួរឈរមួយថា ពួកសាសន៏ អ៊ីស្រាអែល និងជួរឈរមួយទៀតថា ម៉ូសេ ។
សូមអាន និក្ខមនំ ១៤:១០–១៤ ដោយរកមើលអ្វីដែលពួកសាសន៏អ៊ីស្រាអែលបាននិយាយ និងអ្វីដែលម៉ូសេបាននិយាយ ។ សូមសង្ខេបអ្វីដែលអ្នករកឃើញនៅក្នុងជួរឈរដែលត្រឹមត្រូវ ។
-
តើពួកសាសន៏អ៊ីស្រាអែលផ្ដោតលើអ្វីក្នុងកាលៈទេសៈទាំងនេះ ? តើម៉ូសេផ្ដោតលើអ្វី ?
-
តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះតាមរយៈការប្រៀបធៀបអ្វីដែលពួកគេបាននិយាយ ?
-
តើអ្នកបានរៀនសូត្រអ្វីខ្លះចេញពីដំណើររឿងនេះ ដែលអាចជួយអ្នកជាមួយនឹងឧបសគ្គរបស់អ្នក ?
ក្នុងចំណោមសេចក្តីពិតផ្សេងទៀតដែលសិស្សអាចចែកចាយ សូមជួយពួកគេឲ្យយល់ដូចតទៅនេះ ៖ ការផ្តោតលើព្រះយេស៊ូវគ្រីស្ទអាចបង្កើនក្តីសង្ឃឹមរបស់យើង ក្នុងអំឡុងពេលមានឧបសគ្គ និងការសាកល្បង ។
-
តើអ្នកគិតថាបញ្ហាអ្វីខ្លះអាចកើតឡើងប្រសិនបើយើងផ្តោតតែលើឧបសគ្គ និងការសាកល្បងរបស់យើង ?
ការផ្តោតលើព្រះគ្រីស្ទ
សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍របស់បងប្រុស ខាម៉ាហ្គូ ដែលនៅសល់ពីដើមមេរៀន ។
បងប្រុស ខាម៉ាហ្គូ បានចែកចាយអំពីព្រះចេស្តានៃការផ្តោតលើព្រះយេស៊ូវគ្រីស្ទដូចខាងក្រោម ៖
ឪពុកខ្ញុំធ្លាប់ប្រាប់ខ្ញុំថា « ចូរកុំផ្តោតអារម្មណ៍ខ្លាំងទៅលើបញ្ហាកូន ដែលកូនមិនអាចមើលឃើញដំណោះស្រាយនោះឡើយ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាដំណោះស្រាយ សូម្បីតែបញ្ហាដ៏លំបាកបំផុតរបស់យើងក៏ដោយ ។ ( « ផ្តោតលើព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៦៤ )
-
ហេតុអ្វីបានជាអ្នកគិតថា ការផ្ដោតលើព្រះយេស៊ូវគ្រីស្ទមានប្រយោជន៍ នៅពេលយើងមានអារម្មណ៍ថាត្រូវបានឡោមព័ទ្ធ ឬបង្ខាំងដោយឧបសគ្គ ឬការសាកល្បងទាំងឡាយរបស់យើង ?
ដើម្បីបង្ហាញពីអ្វីដែលបងប្រុស ខាម៉ាហ្គូ បានបង្រៀន សូមអញ្ជើញសិស្សឲ្យផ្ដោតគំនិតរបស់ពួកគេជាដំបូងលើឧបសគ្គដែលពួកគេបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យពួកគេផ្តោតលើឧបសគ្គទាំងនោះរយៈពេល ៣០ វិនាទី ។ បន្ទាប់មក សូមឲ្យពួកគេជញ្ជឹងគិតពីអារម្មណ៍របស់ពួកគេ ។
បន្ទាប់មក សូមដាក់រូបព្រះយេស៊ូវគ្រីស្ទនៅពីមុខសិស្សក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យផ្តោតតែលើគំនិតរបស់ពួកគេអំពីព្រះចេស្ដា និងសេចក្តីស្រឡាញ់របស់ទ្រង់រយៈពេល ៣០ វិនាទី ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរដូចខាងក្រោមចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកអាចកត់សម្គាល់ឃើញមានអ្វីប្លែកខ្លះនៅពេលអ្នកផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ ច្រើនជាងឧបសគ្គដែលអ្នកកំពុងប្រឈម ?
សូមបង្ហាញសំណួរខាងក្រោម ហើយបំបែកសិស្សជាគូ ឬក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យជ្រើសរើសពីរ ឬបីនៃឧបសគ្គទាំងឡាយនៅលើក្ដារខៀន ហើយពិភាក្សាអំពីសំណួរទាំងនេះ ។
-
តើព្រះយេស៊ូវគ្រីស្ទអាចជាដំណោះស្រាយចំពោះបញ្ហា ឧបសគ្គ ឬការសាកល្បងដែលអ្នកបានជ្រើសរើសតាមវិធីអ្វីខ្លះ ?
-
តើមនុស្សម្នាក់អាចប្រព្រឹត្តដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងពេលមានបញ្ហា ឧបសគ្គ ឬការសាកល្បងជាក់លាក់នោះដោយរបៀបណា ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ ។
ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអម្ចាស់
សូមពិចារណាឲ្យសិស្សអានខគម្ពីរខាងក្រោមរៀងៗខ្លួន ឬជាមួយដៃគូ ។ សិស្សក៏អាចគូរអ្វីដែលពួកគេបានអាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេផងដែរ ។
ប្រសិនបើវាមានអត្ថប្រយោជន៍សម្រាប់សិស្សរបស់អ្នក អ្នកអាចអញ្ជើញសិស្សមួយចំនួនឲ្យសម្ដែងរឿងតាម ខទី ១៩–២២ ។ ឧទាហរណ៍ អ្នកអាចបង្កើតរនាំងតូចមួយដែលអាចដកចេញ ឬបំបែកបាន ដោយអនុញ្ញាតឲ្យសិស្សដើរកាត់ ។
ជម្រើសមួយទៀតគឺបង្ហាញវីដេអូគំនូរជីវចល « The Passover » ពីនាទីទី ១:២៨ ដល់ ២:៣២ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមអាន និក្ខមនំ ១៤:១៥–៣១ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានប្រយុទ្ធ និងរំដោះពួកសាសន៏អ៊ីស្រាអែល ។
-
តើអ្វីដែលបំផុសគំនិតអ្នកអំពីដំណើររឿងនេះ ?
-
តើអ្នកបានរកឃើញអ្វីខ្លះដែលជួយអ្នកឲ្យចង់ដាក់ការទុកចិត្តរបស់អ្នកទៅលើព្រះអម្ចាស់ ?
កម្លាំងផ្ទាល់ខ្លួន និងការរំដោះ
សំណួរបន្ទាប់ដំបូងៗអាចលំបាកសម្រាប់សិស្សឆ្លើយ ។ ការស្តាប់បទពិសោធន៍របស់អ្នកដទៃអាចជួយឲ្យពួកគេគិតដល់បទពិសោធន៍របស់ខ្លួនឯង ។ អ្នកអាចចង់ចែកចាយបទពិសោធន៍មួយដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់មានបទពិសោធន៍នោះ ដែលអាចជួយឆ្លើយសំណួរនេះបាន ។ ឬបង្ហាញវីដេអូដូចខាងក្រោម ដែលពិពណ៌នាអំពីសារៈសំខាន់នៃការផ្ដោតលើព្រះអង្គសង្គ្រោះ ក្នុងអំឡុងការសាកល្បងរបស់យើង ៖
« Finding Christ During Difficult Times » ( ៤:៣៥ )
« Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ )
វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើការផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ក្នុងអំឡុងពេលមានឧបសគ្គ ឬការសាកល្បង បានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់យ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យយល់ថា ជួនកាលយើងអាចនឹងមិនត្រូវបានរំដោះចេញពីឧបសគ្គរបស់យើងតាមរបៀបដែលយើងរំពឹងទុកនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ការផ្ដោតលើព្រះយេស៊ូវគ្រីស្ទអាចជួយយើងរកឃើញសេចក្ដីសង្ឃឹម និងកម្លាំង មិនថាយើងកំពុងប្រឈមមុខនឹងអ្វីនោះទេ ។
សូមពិចារណាបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងអំពីសារៈសំខាន់នៃការផ្តោតលើទ្រង់នៅក្នុងការសាកល្បងរបស់យើង ។ អ្នកអាចពិចារណាដាក់បញ្ចូលសេចក្តីថ្លែងការណ៍ខាងក្រោមជាមួយនឹងទីបន្ទាល់របស់អ្នក ។
បងប្រុស ខាម៉ាហ្គូ បានថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអាចជួយយើងបាន ៖
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅសព្វថ្ងៃនេះ ។ ទ្រង់អាចមានវត្តមានយ៉ាងសកម្មប្រចាំថ្ងៃក្នុងជីវិតយើង ។ ទ្រង់ជាដំណោះស្រាយចំពោះបញ្ហាយើង ប៉ុន្តែយើងត្រូវតែបើកភ្នែក ហើយផ្ដោតមើលទៅទ្រង់ ។ ទ្រង់បានមានបន្ទូលថា « ចូរមើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ] ។ ( « ផ្តោតលើព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៦៧ )