« និក្ខមនំ ៥–៦ ៖ ការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ មិនថាលទ្ធផលយ៉ាងណាក៏ដោយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« និក្ខមនំ ៥–៦ ៖ ការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ មិនថាលទ្ធផលយ៉ាងណាក៏ដោយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១–៦ ៖ មេរៀនទី ៤០
និក្ខមនំ ៥–៦
ការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ មិនថាលទ្ធផលយ៉ាងណាក៏ដោយ
បន្ទាប់ពីព្រះអម្ចាស់បានត្រាស់ហៅលោកឲ្យរំដោះជនជាតិអ៊ីស្រាអែលពីការឃុំឃាំងដោយពួកអេស៊ីព្ទ ម៉ូសេបានទូលសុំផារ៉ោនឲ្យអនុញ្ញាតឲ្យរាស្ដ្ររបស់ព្រះអម្ចាស់ទៅ ។ ផារ៉ោនបានបដិសេធ ហើយផ្ទុយទៅវិញបានបង្កើនបន្ទុកដល់ពួកសាសន៏អ៊ីស្រាអែល ។ ទោះជាផារ៉ោនឆ្លើយតបយ៉ាងនេះក៏ដោយ ម៉ូសេបានបន្តធ្វើតាមអ្វីដែលព្រះអម្ចាស់បានសុំឲ្យលោកធ្វើដែរ ។ មេរៀននេះអាចជួយសិស្សឲ្យដឹងថា ការសន្យារបស់ព្រះអម្ចាស់អាចជំរុញពួកគេឲ្យធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ដោយមិនគិតពីលទ្ធផលទទួលបានភ្លាមៗនោះទេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ៖ តើការធ្វើតាមព្រះយេស៊ូវគ្រីស្ទធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួល ឬពិបាកជាង ?
សកម្មភាពរៀនសូត្រដែលអាចមាន
ការដើរតាមព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើមាននរណាម្នាក់សួរពួកគេនូវសំណួរខាងក្រោមនេះ ។
-
តើការដើរតាមព្រះយេស៊ូវគ្រីស្ទធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួល ឬកាន់តែលំបាក ?
ដើម្បីពិភាក្សាអំពីសំណួរនេះ អ្នកអាចសរសេរពាក្យ កាន់តែងាយស្រួល និង កាន់តែលំបាក ជាចំណងជើងនៅលើក្ដារខៀន ហើយរាយបញ្ជីហេតុផលរបស់សិស្ស សម្រាប់ចម្លើយរបស់ពួកគេនៅក្រោមចំណងជើងសមស្រប ។ សូមពិចារណាឲ្យមានសិស្សពីរបីនាក់ពន្យល់អំពីចម្លើយរបស់ពួកគេ ។
ម៉ូសេទូលសុំផារ៉ោនឲ្យដោះលែងពួកសាសន៏អ៊ីស្រាអែល
អ្នកអាចនឹងចង់ចង្អុលបង្ហាញថា នៅក្នុង និក្ខមនំ ៥–៧ ម៉ូសេ និងពួកសាសន៏អ៊ីស្រាអែលអាចនឹងឆ្ងល់ថា តើការដើរតាមព្រះអង្គសង្គ្រោះនឹងធ្វើឲ្យជីវិតកាន់តែងាយស្រួល ឬកាន់តែលំបាក ។ ដើម្បីជួយសិស្សយល់ពីបរិបទនៃ និក្ខមនំ ៥–៧ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីម៉ូសេ និងកូនចៅអ៊ីស្រាអែលចេញពីមេរៀនទី ៣៩ ៖ « និក្ខមនំ ២–៤ » ។ បើចាំបាច់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីសង្ខេបខាងក្រោម ។
កូនចៅអ៊ីស្រាអែលជាប់ជាទាសកររបស់ជនជាតិអេស៊ីព្ទជាច្រើនជំនាន់ ។ ព្រះអម្ចាស់បានឮការអំពាវនាវរបស់រាស្ត្រទ្រង់ ហើយបានត្រាស់ហៅម៉ូសេឲ្យជួយរំដោះពួកគេចេញពីសេវកភាព ( សូមមើល និក្ខមនំ ៣:៩–១០ ) ។
សូមអាន និក្ខមនំ ៥:១–២ ដោយរកមើលអ្វីដែលម៉ូសេ និងអើរ៉ុនបានទូលទៅផារ៉ោនអំពីព្រះអម្ចាស់ ។
-
តើផារ៉ោនបានឆ្លើយតបយ៉ាងដូចម្ដេច ?
សូមពិចារណាសរសេរនៅលើក្ដារខៀននូវចម្លើយរបស់ផារ៉ោន ៖ « តើព្រះអម្ចាស់ទ្រង់ជានរណា ? » អ្នកអាចសួរសិស្សបានថាហេតុអ្វីសំណួរនេះសំខាន់សម្រាប់យើងដើម្បីឆ្លើយសម្រាប់ខ្លួនយើងផ្ទាល់ ។ មេរៀននេះផ្នែកបន្ទាប់នឹងយោងទៅសំណួរនេះ ។
ដោយសេចក្តីក្រោធខឹងរបស់ផារ៉ោនបានធ្វើឲ្យជីវិតរបស់ពួកសាសន៏អ៊ីស្រាអែលកាន់តែលំបាក ដោយការបង្កើនបន្ទុកការងារប្រចាំថ្ងៃរបស់ពួកគេ ( សូមមើល និក្ខមនំ ៥:៦–៩ រួមទាំង footnote 8a ទំព័រ ១៥–១៩ ) ។ ពួកសាសន៏អ៊ីស្រាអែលបានត្អូញត្អែរទៅកាន់ម៉ូសេ និងអើរ៉ុន អំពីបន្ទុកដែលកាន់តែធ្ងន់របស់ពួកគេ ( សូមមើល និក្ខមនំ ៥:២០–២១ ) ។
-
ប្រសិនបើអ្នកជាម៉ូសេវិញ តើអ្នកអាចនឹងមានអារម្មណ៍យ៉ាងណា ?
សូមអាន និក្ខមនំ ៥:២២–២៣ ដោយគិតអំពីរបៀបដែលអ្នកអាចសង្ខេបអំពីអ្វីដែលម៉ូសេកំពុងនិយាយទៅកាន់ព្រះអម្ចាស់ ។
-
តើយើងអាចដូចទៅនឹងម៉ូសេនៅក្នុង និក្ខមនំ ៥:២២–២៣ យ៉ាងដូចម្តេច?
សិស្សអាចចែកចាយពីអារម្មណ៍របស់ពួកគេ នៅពេលពួកគេមិនឃើញពរជ័យភ្លាមៗបន្ទាប់ពីការគោរពតាមព្រះអម្ចាស់ ។ សូមបញ្ជាក់ចម្លើយ និងអារម្មណ៍របស់ពួកគេ ។
សូមបង្ហាញស្វ័យវាយតម្លៃខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិចារណាអំពីចម្លើយរបស់ពួកគេ ។
សូមបំពេញប្រយោគខាងក្រោមតាមរបៀបមួយដែលឆ្លុះបញ្ចាំងបានល្អបំផុតអំពីអារម្មណ៍របស់អ្នក ។ អ្នកអាចជ្រើសរើសចម្លើយច្រើនជាងមួយ ។
នៅពេលខ្ញុំមិនឃើញពរជ័យភ្លាមៗបន្ទាប់ពីការគោរពតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខ្ញុំមានអារម្មណ៍ថា …
ប្រសិនបើសិស្សអាចទទួលបានអត្ថប្រយោជន៍ពីគំនិតបំផុសចំពោះស្វ័យវាយតម្លៃនេះ អ្នកអាចសរសេរពាក្យដូចខាងក្រោមនេះនៅលើក្ដារខៀនសម្រាប់ពួកគេជ្រើសរើសពី ៖ ស្មុគស្មាញ, ច្របូកច្របល់, ខឹងសម្បា, អស់សង្ឃឹម, មុតមាំ, ពេញដោយសង្ឃឹម, មានទំនុកចិត្ត, មានសេចក្តីសុខសាន្ត ។ ពួកគេក៏អាចបន្ថែមអ្វីដែលពួកគេអាចនឹងធ្វើក្នុងស្ថានភាពនេះផងដែរ ។
នៅពេលអ្នកបន្តរៀននៅថ្ងៃនេះ សូមរកមើលសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកដើរតាមទ្រង់ទោះជាពេលវាលំបាក ហើយពរជ័យមិនទាន់មានភ្លាមៗក៏ដោយ ។ សូមយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកក្នុងស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ។
ការសន្យារបស់ព្រះអម្ចាស់
នៅពេលសិស្សអានវគ្គបទគម្ពីរខាងក្រោម សូមពិចារណាអញ្ជើញពួកគេឲ្យគូសចំណាំរាល់ប្រយោគដែលក្នុងនោះ ព្រះអម្ចាស់មានបន្ទូលអំពីទ្រង់ផ្ទាល់ ( ប្រយោគដែលចាប់ផ្តើមដោយពាក្យ យើង, អញ, អញនឹង និង អញក៏បាន ) ។ ការគូសចំណាំបទគម្ពីរអាចជួយសិស្សកត់សម្គាល់ និងចងចាំការយល់ដឹង និងសេចក្តីពិតសំខាន់ៗដែលពួកគេរៀន ។
សូមអាន និក្ខមនំ ៦:១–៨; ៧:១–២, ៥ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនម៉ូសេអំពីទ្រង់ផ្ទាល់ ។
បន្ទាប់ពីសិស្សបានចំណាយពេលអាន និងគូសចំណាំរួចហើយ ពួកគេអាចពិភាក្សាជាមួយដៃគូម្នាក់នូវសំណួរខាងក្រោម ។
សំណួរទាំងឡាយដែលជួយសិស្សឲ្យវាយតម្លៃអំពីអ្វីដែលពួកគេកំពុងរៀន អាចជួយឲ្យគ្រូបង្រៀនកំណត់ថាតើពេលណាសិស្សត្រៀមខ្លួនរួចរាល់ដើម្បីបន្តទៅមុខទៀតក្នុងមេរៀននេះ ។ របៀបមួយដើម្បីធ្វើរឿងនេះ គឺត្រូវសួរសំណួរអំពីអ្វីដែលសិស្សបានអាននៅក្នុងបទគម្ពីរ ដូចជាសំណួរខាងក្រោមនេះ ។ សម្រាប់ការបំពាក់បំប៉នបន្ថែមលើការសួរសំណួរដែលវាយតម្លៃការរៀនសូត្រ សូមមើល « តែងតែត្រៀមខ្លួនរួចជាស្រេចជានិច្ច ដើម្បីឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណអំពីសេចក្តីត្រូវការរបស់សិស្ស » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
-
តើអ្នករៀនសូត្របានអ្វីខ្លះអំពីព្រះអម្ចាស់ចេញពីការសន្យារបស់ទ្រង់ចំពោះម៉ូសេ ?
សិស្សអាចសរសេរចម្លើយរបស់ពួកគេនៅក្រោម « តើព្រះអម្ចាស់ទ្រង់ជានរណា ? » នៅលើក្តារខៀន ។ ចម្លើយរបស់សិស្សអាចដាក់បញ្ចូលបញ្ជីដូចខាងក្រោម ៖
ទ្រង់ជាព្រះដ៏មានមហិទ្ធិឫទ្ធិ ( ៦:២–៣ ) ។
ទ្រង់ចងចាំ និងរក្សាការសន្យារបស់ទ្រង់ ( ៦:៣–៥ ) ។
ទ្រង់បានសន្យាថានឹងរំដោះពួកសាសន៏អ៊ីស្រាអែលឲ្យរួចពីសេវកភាព ( ៦:៦; ៧:៥ ) ប្រគល់ទឹកដីកាណានឲ្យពួកគេ ( ៦:៤, ៨ ) និងធ្វើជាព្រះរបស់ពួកគេ ( ៦:៧ )
ការបន្តធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់
សូមនឹកចាំពីអារម្មណ៍របស់ម៉ូសេពីមុន ។ សូមអាន និក្ខមនំ ៧:៦ ហើយគូសចំណាំអ្វីដែលម៉ូសេ និងអើរ៉ុនបានធ្វើ បន្ទាប់ពីបានដឹងអំពីព្រះអម្ចាស់ ហើយបានឮការសន្យារបស់ទ្រង់ ។
-
ប្រសិនបើអ្នកជាម៉ូសេ តើសន្យាមួយណាមកពីព្រះអម្ចាស់ដែលអាចជួយអ្នកត្រឡប់ទៅរកផារ៉ោនវិញ ? ហេតុអ្វី ?
-
តើយើងអាចរៀនសូត្រសេចក្ដីពិតអ្វីខ្លះចេញពីបទពិសោធន៍របស់ម៉ូសេ ?
ដោយប្រើពាក្យសម្ដីរបស់ពួកគេផ្ទាល់ សិស្សអាចស្វែងរកសេចក្ដីពិតមួយដែលស្រដៀងនឹងសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលយើងជឿលើព្រះអម្ចាស់ និងការសន្យារបស់ទ្រង់ យើងអាចទុកចិត្ត និងដើរតាមទ្រង់បាន ទោះជាយើងមិនឃើញលទ្ធផលភ្លាមៗក៏ដោយ ។
ដើម្បីជួយសិស្សយល់ពីរបៀបដែលសេចក្ដីពិតនេះអាចអនុវត្តចំពោះស្ថានភាពដែលពួកគេអាចប្រឈមមុខ សូមពិចារណាចែកចាយប្រយោគខាងក្រោម ។ សិស្សស្ម័គ្រចិត្តអាចអានកថាខណ្ឌនីមួយៗឲ្យឮៗដល់សិស្សក្នុងថ្នាក់ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់ដំបូន្មានសំខាន់ៗសម្រាប់យើង នៅពេលយើងរង់ចាំពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ ៖
អ្នកខ្លះយល់ខុសចំពោះអត្ថន័យនៃការសន្យារបស់ព្រះថា ការស្តាប់បង្គាប់ទ្រង់អាចផ្តល់លទ្ធផលច្បាស់លាស់តាមកាលវិភាគជាក់លាក់ ។ ពួកគេប្រហែលជាគិតថា « បើខ្ញុំខិតខំបម្រើបេសកកម្មពេញម៉ោង នោះព្រះនឹងប្រទានពរដល់ខ្ញុំឲ្យមានអាពាហ៍ពិពាហ៍ និងមានកូនចៅដ៏រីករាយ » ឬ « បើខ្ញុំតមមិនធ្វើកិច្ចការសាលានៅថ្ងៃបរិសុទ្ធ នោះព្រះនឹងប្រទានពរដល់ខ្ញុំឲ្យទទួលបានចំណាត់ថ្នាក់ល្អ » ឬ « បើខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់ នោះព្រះនឹងប្រទានពរដល់ខ្ញុំដោយផ្តល់ការងារដែលខ្ញុំចង់បាន » ។ … យើងមិនគួរគិតថា ផែនការរបស់ព្រះជាកន្លែងលក់លោហធាតុ ជាកន្លែងដែលយើង ( ១ ) អាចជ្រើសរើសពរជ័យដែលចង់បាន ( ២ ) បញ្ចូលចំនួនសរុបនៃកិច្ចការល្អដែលតម្រូវឲ្យធ្វើ ហើយ ( ៣ ) ការបញ្ជាទិញត្រូវបានបញ្ចូនមកភ្លាមៗនោះទេ ។
ព្រះពិតជាគោរពសេចក្តីសញ្ញា និងការសន្យារបស់ទ្រង់ចំពោះយើងម្នាក់ៗ ។ យើងមិនចាំបាច់បារម្ភអំពីរឿងនោះទេ ។ អំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ … អះអាងថា ព្រះអាច ហើយនឹងបំពេញតាមការសន្យារបស់ទ្រង់ ។ វាចាំបាច់ណាស់ដែលយើងគោរពដល់និងធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ ប៉ុន្តែមិនមែនរាល់គ្រប់ពរជ័យដែលបានមក ដោយការគោរពដល់ក្រឹត្យវិន័យ ត្រូវកែលម្អ រៀបចំ និងកំណត់ពេលវេលាតាមការរំពឹងទុករបស់យើងនោះទេ ។ យើងខិតខំអស់ពីសមត្ថភាព ប៉ុន្តែត្រូវទុកឲ្យទ្រង់ចាត់ចែងរាល់គ្រប់ពរជ័យទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ( « ទំនាក់ទំនងរបស់យើងជាមួយព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៧៨ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញមកពីសេចក្តីថ្លែងការណ៍នេះ ?
សូមរំឭកសិស្សថា រឿងមួយដែលយើងបានរៀនសូត្រអំពីព្រះអម្ចាស់ គឺថាទ្រង់ចងចាំ ហើយរក្សាការសន្យារបស់ទ្រង់ ( សូមមើល និក្ខមនំ ៦:៣–៥ ) ។
សូមពន្យល់ថា ព្រះអម្ចាស់បានបំពេញតាមការសន្យារបស់ទ្រង់ចំពោះម៉ូសេ ( សូមមើល និក្ខមនំ ២០:២; ចោទិយកថា ៧:៦; ១៤:២; យ៉ូស្វេ ២៤:៥–៧, ១៣ ) ។ ប្រសិនបើអ្នកមានពេលគ្រប់គ្រាន់ អ្នកអាចសរសេរសេចក្ដីយោងទាំងនេះនៅលើក្ដារខៀន ហើយឲ្យសិស្សផ្គូផ្គងជាមួយនឹងការបំពេញតាមការសន្យានេះ ។
ដូចដែលព្រះអម្ចាស់បានបង្រៀនម៉ូសេបន្ថែមទៀតអំពីអង្គទ្រង់តាមរយៈការរំឭកឡើងវិញនូវការសន្យារបស់ទ្រង់ យើងក៏អាចស្គាល់ព្រះអម្ចាស់បានកាន់តែច្បាស់តាមរយៈការស្វែងរកការសន្យាដែលទ្រង់បានធ្វើចំពោះយើងបានផងដែរ ។ ការរំឭកឡើងវិញនូវការសន្យាទាំងនេះអាចជួយយើងឲ្យគោរពតាមទ្រង់ ទោះបីជាយើងមិនទទួលបានលទ្ធផលភ្លាមៗក៏ដោយ ។
កំណត់ការសន្យាបីយ៉ាងដែលព្រះអម្ចាស់បានធ្វើចំពោះអ្នកនៅក្នុងបទគម្ពីរ ឬពីការបង្រៀនថ្មីៗតាមរយៈពួកអ្នកបម្រើទ្រង់ដែលបានជ្រើសរើស ។ អ្នកអាចនឹងរកឃើញការសន្យាទាំងឡាយនៅក្នុង ៖
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬព្រះគម្ពីរផ្សេងៗ ។
-
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស
-
សិក្សាសុន្ទរកថាពីសន្និសីទថ្មីៗ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍នៅពេលពួកគេសិក្សាអំពីការសន្យាមួយចំនួននេះ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តទុកចិត្តលើព្រះអម្ចាស់ដោយមិនគិតពីការទទួលបានលទ្ធផលភ្លាមៗនោះទេ ។