និក្ខមនំ ២–៤ ៖ « យើងនឹងនៅជាមួយនឹងមាត់ឯង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
និក្ខមនំ ២–៤ ៖ « យើងនឹងនៅជាមួយនឹងមាត់ឯង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១–៦ ៖ មេរៀនទី ៣៩
និក្ខមនំ ២–៤
« យើងនឹងនៅជាមួយនឹងមាត់ឯង »
នៅពេលយើងប្រឈមមុខនឹងការលំបាក ព្រះអម្ចាស់នឹងដឹកនាំយើងដោយសេចក្តីស្រឡាញ់ តាមរយៈពួកព្យាការីរបស់ទ្រង់ ។ នៅក្រោមរជ្ជកាលរបស់ផារ៉ោន កូនចៅអ៊ីស្រាអែលបានពុះពារក្នុងសេវកភាព ហើយបានអំពាវនាវដល់ព្រះអម្ចាស់ ។ ព្រះអម្ចាស់បានឮការអំពាវនាវរបស់ពួកគេ ហើយបានហៅម៉ូសេ ដែលជាព្យាការីឲ្យជួយពួកគេ ។ មេរៀននេះអាចជួយសិស្សឲ្យបញ្ចូលព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងស្រុង តាមរយៈព្យាការីរបស់ទ្រង់ទៅក្នុងជីវិតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមើលឡើងវិញការបង្រៀនថ្មីៗមកពីព្យាការី ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យពិភាក្សាជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិអំពីរបៀបដែលការធ្វើតាមការបង្រៀនរបស់ព្យាការីបានផ្ដល់ពរដល់ជីវិតពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សំឡេងណាដែលត្រូវទុកចិត្ត
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការចែកចាយសេចក្តីថ្លែងការណ៍នេះ ហើយសួរសំណួរដូចខាងក្រោម ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសង្កេតឃើញ ៖
យើងរស់នៅក្នុងភពមួយដែលមានសំឡេងកងរំពងរាប់លានសំឡេង ។ អ៊ីនធឺណិត ទូរសព្ទស្មាតហ្វនរបស់យើង និងជម្រើសការកម្សាន្តដ៏ច្រើនសន្ធឹកសន្ទាប់ដែលទាក់ទាញចំណាប់អារម្មណ៍យើង និងសម្រុកឥទ្ធិពលរបស់វាមកលើពួកយើង ។ ( « The Prophet of God » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ២៦ )
សូមរាយនាមឧទាហរណ៍មួយចំនួននៃសំឡេងទាំងឡាយដែលអ្នកបានឃើញ ឬបានឮក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
-
តើអ្នកសង្កេតឃើញអ្វីខ្លះអំពីប្រភពព័ត៌មានផ្សេងៗគ្នាទាំងនេះ ?
-
តើពាក្យទាំងឡាយរបស់ពួកព្យាការីខុសពីសំឡេងដទៃទៀតដោយរបៀបណា ?
សូមពិចារណាបង្ហាញសេចក្តីថ្លែងការណ៍ពីស្វ័យវាយតម្លៃដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យគិតអំពីចម្លើយរបស់ពួកគេ ។
សម្រាប់សេចក្តីថ្លែងការណ៍នីមួយៗខាងក្រោម សូមវាយតម្លៃខ្លួនឯងដោយប្រើមាត្រដ្ឋានពី ១ ( មិនពិតសោះ ) ដល់ ៥ ( ពិតណាស់ ) ៖
-
ខ្ញុំដាក់សេចក្ដីទុកចិត្តលើប្រសាសន៍ទាំងឡាយរបស់ពួកព្យាការី និងពួកសាវកច្រើនជាងលើសំឡេង ឬឥទ្ធិពលផ្សេងៗទៀត ។
-
ខ្ញុំមានទំនុកចិត្តលើដំបូន្មាន និងការដឹកនាំដែលយើងទទួលបានពីពួកព្យាការី និងពួកសាវករបស់ព្រះអម្ចាស់ ។
-
ខ្ញុំខិតខំសិក្សាប្រសាសន៍ទាំងឡាយរបស់ពួកព្យាការី និងពួកសាវកនាពេលបច្ចុប្បន្ននេះ ។
នៅពេលសិស្សសិក្សានៅថ្ងៃនេះ សូមអញ្ជើញពួកគេឲ្យស្តាប់ចំណាប់អារម្មណ៍ពីព្រះវិញ្ញាណអំពីរបៀបដែលពួកគេអាចធ្វើតាមដំបូន្មានរបស់ពួកព្យាការី និងពួកសាវកទាំងស្រុងនៅក្នុងជីវិតរបស់ពួកគេ ។
ព្រះអម្ចាស់ហៅម៉ូសេឲ្យបម្រើជាព្យាការី
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអម្ចាស់បានរៀបចំម៉ូសេឲ្យធ្វើជាព្យាការីរបស់ទ្រង់ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីជីវិតពីកុមារភាពរបស់ម៉ូសេ ។ អ្នកអាចបង្ហាញរូបភាពពីទារករបស់ម៉ូសេ ដើម្បីជួយសិស្សរំឭកអំពីអ្វីដែលពួកគេដឹង ។ អ្នកក៏អាចបង្ហាញវីដេអូ « Baby Moses » ( ១:៣៧ ) ដែលមានលើគេហទំព័រ ChurchofJesusChrist.org ។
កថាខណ្ឌខាងក្រោមនេះមានសេចក្ដីលម្អិតដែលអាចមានអត្ថប្រយោជន៍នៅពេលសិស្សសង្ខេប ។
ទោះជាលោកជាសាសន៏អ៊ីស្រាអែលពីកំណើតក្តី ក៏ព្យាការីម៉ូសេត្រូវបានចិញ្ចឹមបីបាច់ក្នុងគ្រួសាររបស់ផារ៉ោនក្នុងប្រទេសអេស៊ីព្ទដែរ ។ កាលពេលម៉ូសេនៅជាទារក ផារ៉ោនបានបញ្ជាឲ្យសម្លាប់ក្មេងប្រុសជនជាតិអ៊ីស្រាអែលទើបនឹងកើតទាំងអស់ ( សូមមើល និក្ខមនំ ១:២២ ) ។ ដើម្បីសង្គ្រោះម៉ូសេ ម្ដាយរបស់លោកបានលាក់លោកក្នុងកន្ត្រកមួយ ហើយដាក់កន្រ្តកនោះនៅក្បែរទន្លេ ។ បុត្រីរបស់ផារ៉ោន បានរកឃើញម៉ូសេ ដែលបានចិញ្ចឹមបីបាច់លោកជាបុត្ររបស់ទ្រង់ ( សូមមើល និក្ខមនំ ២:១–១០ ) ។ នៅអេស៊ីព្ទ ម៉ូសេបានទទួលការអប់រំយ៉ាងល្អ ហើយ « ក៏មានពាក្យសំដី និងការធ្វើយ៉ាងចំណាន » ( កិច្ចការ ៧:២២ ) ។
ពេលពេញកម្លោះ ម៉ូសេបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ខណៈពេលកំពុងការពារអ្នកបម្រើសាសន៍អ៊ីស្រាអែលម្នាក់ ។ ម៉ូសេបានភៀសខ្លួនទៅស្រុកម៉ាឌាន ជាកន្លែងដែលលោករស់នៅជាមួយនឹងសង្ឃជាន់ខ្ពស់ម្នាក់ឈ្មោះ រេហួល ហើយបានរៀបការជាមួយកូនស្រីរបស់គាត់ ឈ្មោះ សេផូរ៉ា ( សូមមើល និក្ខមនំ ២:១១–២១ ) ។ ពេលកំពុងចិញ្ចឹមចៀមនៅស្រុកម៉ាឌាន ម៉ូសេបានមានបទពិសោធន៍ជាមួយនឹងព្រះយេហូវ៉ា ។
សូមបង្ហាញរូបភាពខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេជាម៉ូសេ នៅពេលពួកគេអានខគម្ពីរខាងក្រោម ហើយឆ្លើយសំណួរខាងក្រោមជាក្រុមតូចៗ ។ បន្ទាប់មក ពួកគេអាចចែកចាយចំណុចសំខាន់ៗអំពីអ្វីដែលពួកគេបានរៀនជាមួយមិត្តរួមថ្នាក់ ។
និក្ខមនំ ៣:១–៦ ។ តើអ្នកនឹងមានអារម្មណ៍បែបណា ? ហេតុអ្វី ?
និក្ខមនំ ៣:៧–១៤ ។ តើការបង្រៀនរបស់ព្រះអម្ចាស់មួយណាអាចមានអត្ថន័យ ឬជួយលួងលោមអ្នកបំផុត ?
ដើម្បីជួយសិស្សផ្ដោតលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេសិក្សាខគម្ពីរទាំងនេះ សូមពិចារណាបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះនៅកណ្តាលក្ដារខៀន ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរឃ្លាអំពីព្រះអង្គសង្គ្រោះជុំវិញរូបភាពនេះ ដោយពិពណ៌នាតាមរយៈព្រះបន្ទូលរបស់ទ្រង់នូវអ្វីដែលយើងអាចរៀនអំពីទ្រង់ និងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងម៉ូសេ និងកូនចៅអ៊ីស្រាអែល ។ ឧទាហរណ៍នៃការយល់ដឹងទាំងឡាយអាចរួមបញ្ចូលថា ព្រះយេស៊ូវបានហៅម៉ូសេដោយឈ្មោះ ( ខទី ៤ ) វត្តមានរបស់ព្រះយេស៊ូវបានធ្វើឲ្យដីបរិសុទ្ធ ( ខទី ៥ ) ព្រះយេស៊ូវបានឃើញការរងទុក្ខ ហើយបានឮការអំពាវនាវរបស់រាស្ដ្រទ្រង់ ( ខទី ៧ ) និងព្រះយេស៊ូវបានសន្យាថានឹងនៅជាមួយម៉ូសេ ( ខទី ១២ ) ។
ប្រសិនបើសិស្សមិនបានលើកឡើងអំពីវាទេ សូមចង្អុលបង្ហាញព្រះបរមងារ « យើងជាព្រះ » ( និក្ខមនំ ៣:១៤ ) ។ សូមពន្យល់ថា ពាក្យនេះមកពីពាក្យឫសដូចនឹងព្រះយេហូវ៉ាដែរ ដែលអាចត្រូវបានបកប្រែថា « ទ្រង់ជាព្រះ » ឬ « ទ្រង់មានព្រះជន្មនៅ » ។ ឈ្មោះនេះនឹងត្រូវសម្គាល់បានយ៉ាងងាយស្រួលដោយពួកសាសន៏អ៊ីស្រាអែល ។ ដើម្បីជួយសិស្សយល់ពីសារៈសំខាន់នៃព្រះនាមនេះ អ្នកអាចសួរថាហេតុអ្វីបានជាវាមានអត្ថន័យក្នុងការដឹងថាព្រះអម្ចាស់ពិតជាមានព្រះជន្មនៅ និងមានវត្តមានគង់នៅជានិច្ច ។
បន្ទាប់ពីសិស្សចែកចាយចម្លើយរបស់ពួកគេហើយ អ្នកអាចសួរសំណួរដូចខាងក្រោម ។
-
ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរបស់ម៉ូសេ តើអ្នកអាចនឹងមានសំណួរ ឬកង្វល់អ្វីខ្លះ ?
សូមពន្យល់ថា ទោះបីជាព្រះអម្ចាស់បានប្រកាសថា ទ្រង់គឺនរណា ហើយទ្រង់សន្យាអ្វីក៏ដោយ ម៉ូសេនៅតែមានកង្វល់អំពីការហៅរបស់លោកឲ្យរំដោះពួកសាសន៍អ៊ីស្រាអែលដែរ ។
សូមអាន និក្ខមនំ ៤:១០–១៥ ដោយរកមើលអំពីរបៀបដែលព្រះអម្ចាស់បានដោះស្រាយកង្វល់របស់ម៉ូសេ ។
-
តើអ្នករៀនសូត្របានអ្វីខ្លះអំពីពាក្យទាំងឡាយរបស់ពួកព្យាការីពីខគម្ពីរទាំងនេះ ?
សូមជួយសិស្សស្វែងរកសេចក្ដីពិតដែលថា ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីរបស់ទ្រង់ ។
-
តើការដឹងសេចក្ដីពិតនេះអាចជះឥទ្ធិពលដល់ជីវិត ឬការសម្រេចចិត្តរបស់អ្នកយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីពិតនេះ អ្នកអាចបង្ហាញវីដេអូមួយក្នុងចំណោមវីដេអូជាច្រើនខាងក្រោមនេះ ៖
-
« Why Do We Have Prophets? » ( ១:៣៧ )
-
« Listen to a Prophet » ចាប់ពីនាទីទី ០:៥៣ ដល់ ២:៥៦
សូមរំឭកពីខាងដើមមេរៀន និងសំឡេងផ្សេងៗដែលចង់ទទួលបានចំណាប់អារម្មណ៍របស់យើង ។ សូមគិតអំពីអ្វីដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ទៀត ដើម្បីជួយពួកគេយល់ថា ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការី និងថាយើងគួរតែស្តាប់ពួកព្យាការីជាជាងសំឡេងផ្សេងទៀត ។ អ្នកអាចបញ្ចូលនូវអ្វីដែលអ្នកបានរៀនចេញពី និក្ខមនំ ៣ និងបទពិសោធន៍ណាមួយដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ធ្លាប់មាន ដែលបានជួយអ្នកឲ្យដឹងថា ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ ។
សូមអញ្ជើញសិស្សទាំងឡាយឲ្យចែកចាយអ្វីដែលពួកគេអាចនឹងនិយាយ ។ សំណួរដែលអាចសួរបន្ទាប់បានគឺ « តើការយល់ដឹងនេះបានផ្ដល់ពរដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់យ៉ាងដូចម្ដេច ? »
ការអនុវត្តព្រះបន្ទូលរបស់ពួកព្យាការីរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង
-
តើមានវិធីអ្វីខ្លះដែលយើងអាចឮ និងអនុវត្តព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រទានមកតាមរយៈពួកព្យាការីរបស់ទ្រង់ ក្នុងជីវិតរបស់យើង ?
សូមជំរុញសិស្សមួយចំនួនឲ្យចែកចាយឧទាហរណ៍នៃការអនុវត្តការបង្រៀនរបស់ពួកព្យាការី ។ បើមានអត្ថប្រយោជន៍ សូមចែកចាយគំនិតមួយចំនួនដូចជា ៖
-
ការអនុវត្តដំបូន្មានជាក់លាក់របស់ព្យាការីមកពីសុន្ទរកថានៃថ្មីៗនេះ ។
-
ការសិក្សាប្រសាសន៍ទាំងឡាយរបស់ពួកព្យាការីកាន់តែញឹកញាប់ ដូចជាការស្តាប់សុន្ទរកថានៃសន្និសីទទូទៅរាល់ព្រឹក ខណៈពេលរៀបចំទៅសាលារៀន ។
-
ការបង្កើតផែនការសិក្សាសុន្ទរកថានៃសន្និសីទទូទៅថ្មីៗបំផុតរបស់សមាជិកនីមួយៗនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( ប្រសិនបើសិស្សមានលទ្ធភាពប្រើឌីជីថល ពួកគេអាចប្រើមុខងារដាក់ផែនការសិក្សានៅលើកម្មវិធីបណ្ណាល័យដំណឹងល្អបាន ) ។
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីរបៀបដែលអ្នកនឹងស្ដាប់ ហើយអនុវត្តព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈពួកព្យាការីរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។ ជាផ្នែកនៃផែនការរបស់អ្នក សូមកត់ត្រានូវឧបសគ្គដែលអ្នកគិតថា អ្នកអាចនឹងប្រឈមមុខ ។ សម្រាប់ឧបសគ្គនីមួយៗ សូមសរសេរអំពីរបៀបដែលអ្នកអាចយកឈ្នះលើឧបសគ្គនោះ ។
សូមពន្យល់សិស្សថា ពួកគេនឹងមានឱកាសក្នុងមេរៀនខាងមុខ គឺមេរៀនទី ៥៥ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣ » ដើម្បីវាយតម្លៃថាតើពួកគេកំពុងអនុវត្តផែនការរបស់ពួកគេបានល្អកម្រិតណា ។
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ដែលនៅរស់សព្វថ្ងៃនេះ ។