ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ២ ៖ លោកុប្បត្តិ ១២–៥០; អ័ប្រាហាំ ១–២


« វាយតម្លៃ​រៀនសូត្រ​របស់​អ្នក​ទី ២ ៖ លោកុប្បត្តិ ១២–៥០; អ័ប្រាហាំ ១–២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ២ ៖ លោកុប្បត្តិ ១២–៥០; អ័ប្រាហាំ ១–២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៤២–៥០ ៖ មេរៀន​ទី ៣៧

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ២

លោកុប្បត្តិ ១២–៥០; អ័ប្រាហាំ ១–២

Portrait of Jesus Christ.  There are clouds in the background.

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​គិត​ពិចារណា​អំពី​គោលដៅ​ដែល​ពួកគេ​បានដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ទទួល ក្នុង​អំឡុង​ពេល​សិក្សា លោកុប្បត្តិ ១២–៥០ និង អ័ប្រាហាំ ១–២ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ពី​របៀប​​ដែល​ពួកគេ​បាន​រីកចម្រើន​ខាង​វិញ្ញាណ​មកពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា​នៅក្នុង​ឆ្នាំ​នេះ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​ពិនិត្យ​មើល​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ឡើងវិញ ឬ​កំណត់ចំណាំ​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​ការរីកចម្រើន និង​ការរៀនសូត្រ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការសិក្សា​ក្នុង​ថ្នាក់​របស់​អ្នក​អំពី អ័ប្រាហាំ ១–២ និង លោកុប្បត្តិ ១២–៥០ អាច​នឹង​ផ្តោត​លើ​លទ្ធផល​ផ្សេងៗ​ជាង​លទ្ធផល​ដែល​បាន​វាយតម្លៃ​នៅក្នុង​មេរៀន​នេះ ។ បើ​ដូច្នេះមែន សូម​បត់បែន​តាម​សកម្មភាព​ទាំងឡាយ ដើម្បី​វាយតម្លៃ​ការរីកចម្រើន​ដែល​សិស្ស​ទទួលបាន​ពី​លទ្ធផល​ដែល​ថ្នាក់​របស់​អ្នក​ផ្តោត​លើ ។

នៅក្នុង​មេរៀននេះ សិស្ស​នឹង​មាន​ឱកាស​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ​លើ​ផ្នែក​បី​ដូច​ខាងក្រោម ៖

  1. សូម​ពន្យល់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែក​លើ​ការបង្រៀន​ពី​មេរៀន​ទី ៩ ៖ « លោកុប្បត្តិ ១:២៨–២:២៥ » និង​មេរៀន​ទី ២៩ ៖ « លោកុប្បត្តិ ២៤ » )

  2. ទទួល​អារម្មណ៍​កាន់តែ​ចង់​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែក​លើ​ការបង្រៀន​ពី​មេរៀន​ទី ២៣ ៖ « លោកុប្បត្តិ ១២:១៧ » និង​មេរៀន​ទី ៣១ ៖ « លោកុប្បត្តិ ២៨ » )

  3. សូម​ចូលរួម​ក្នុង​ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែក​លើ​ការបង្រៀន​ពី​មេរៀន​ទី ២៤ ៖ « អ័ប្រាហាំ ២:៩–១១ ) ។

ការប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ

ការស្វែងយល់​ថាតើ​ពួកគេ​កំពុង​រីកចម្រើន​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច អាច​ជួយ​សិស្ស​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ជួយ​ពួកគេ​ធ្វើ​ដូចនេះ សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ។ ម្យ៉ាងទៀត សិស្ស​អាច​គូរ​រូបភាព​ដើមឈើ​ពីរ​ដើម​នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖ កូន​ដើម​ឈើ និង​ដើមឈើ​ចាស់ ។

Growing Trees

សូម​ស្រមៃ​ថា ទាំងនេះ​គឺជា​រូបភាព​ដើមឈើ​តែមួយ​ដែល​ថត​ក្នុង​ពេល​ឃ្លាត​ពី​គ្នា​ពីរ​បី​ឆ្នាំ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​រាយ​ជា​បញ្ជី​នូវ​រាល់​ភស្តុតាង​ដែល​អ្នក​ឃើញ​ថា ដើមឈើ​កំពុង​លូតលាស់ ។

សិស្ស​អាច​សហការ​គ្នា​ជាគូ ឬ​ក្រុម​តូចៗ ដើម្បី​ចែកចាយបញ្ជី​របស់​ពួកគេ និង​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​យើង​អាច​ប្រៀបធៀប​រូបភាព​ទាំងនេះ​នៃ​ដើមឈើ​មួយ​ដើម ទៅនឹង​ការលូតលាស់​ខាង​វិញ្ញាណ​របស់​យើង ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​សម្គាល់​ថាតើ​យើង​កំពុង​រីកចម្រើន​ខាង​វិញ្ញាណ និង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​តាម​វិធី​ណាខ្លះ ?

សូម​ពន្យល់​ថា យើង​អាច​ស្វែងរក​ការរីកចម្រើន​ខាង​វិញ្ញាណ​បាន​ដោយ​ការពិនិត្យ​មើល​អ្វី​ដែល​យើង​បាន​សិក្សា​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​វា​បាន​ជួយ​យើង​កែលម្អ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់​ទាំងទ្វេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ប៉ុន្មាន​នាទី ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​ពួកគេ​បានរៀន និង​អនុវត្ត​ពី​បទពិសោធន៍​មកពី​ថ្នាក់​សិក្ខាសាលា​របស់​ពួកគេ​នៅក្នុង​ឆ្នាំនេះ ។ ពួកគេ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​រកមើល​បទគម្ពីរ និង​កំណត់ចំណាំ​របស់​ពួកគេ ។

  • តើ​អ្នក​រៀនសូត្រ​អ្វីខ្លះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ដែល​ជួយ​អ្នក​រីកចម្រើន​ខាង​វិញ្ញាណ និង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ភស្ដុតាង​នៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​អ្វីខ្លះ​ដែល​អ្នក​បានសង្កេតឃើញ​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ពន្យល់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌

លំហាត់​នេះ​អាច​ជួយ​សិស្ស​ពន្យល់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​បាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​មើល​រូបភាព​ដែល​ប្រហែលជា​ពួកគេ​បាន​គូរ​នៅក្នុង​មេរៀន​ទី ២៩ ៖ « លោកុប្បត្តិ ២៤ » ។ សូម​ផ្តល់​ពេល​វេលា​ឲ្យ​សិស្ស​ពិនិត្យ​មើល​អ្វី​ដែល​ពួកគេ​បានសិក្សា​អំពី​អាពាហ៍ពិពាហ៍ នៅក្នុង​មេរៀន​ទី ៩ ៖ « លោកុប្បត្តិ ១:២៨–២:២៥ » និង​មេរៀន​ទី ២៩ ៖ « លោកុប្បត្តិ ២៤ » ។

Simple drawing of the Salt Lake Temple with a mountain behnd it

សិស្ស​អាច​ពិនិត្យមើល​កំណត់ចំណាំ ឬ​ការយល់ដឹង​ណាមួយ​ដែល​ពួកគេ​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ពិនិត្យ​មើល​ខគម្ពីរ​ខាងក្រោម និង​អ្វី​ទាំងអស់​ដែល​ពួកគេ​អាច​សង្កេតឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនោះ​ផងដែរ ៖

លោកុប្បត្តិ ១:២៧–២៨

លោកុប្បត្តិ ២:១៨, ២១–២៤

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥–១៧

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣១:១–៤

ដើម្បី​ជួយ​សិស្ស​ពន្យល់​ពី​ការយល់ដឹង​របស់​ពួកគេ​អំពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច សូម​ចែកចាយ​សាច់រឿង​ដូចតទៅ​នេះ ។ អ្នក​អាច​កែសម្រួល​សាច់រឿង​នេះ ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក ។

ថ្ងៃនេះ​នៅ​សាលា អ្នក​បាន​និយាយ​អំពី​ផែនការ​អនាគត​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន ។ អ្នក​បាន​លើកឡើង​ថា អាពាហ៍ពិពាហ៍​គឺជាផ្នែក​មួយ​នៃ​ផែនការ​ជាច្រើន​របស់​អ្នក ។ មិត្តភក្តិ​របស់​អ្នក​ម្នាក់​បាន​សួរ​ថា « ឯង​ជា​មនុស្ស​មាន​សក្តានុពល​ជា​ច្រើន​សម្រាប់​អាជីព​ការងារ ។ ហេតុអ្វី​បានជា​ឯង​ចង់​រៀបការ​ទៅ​វិញ ? »

  • ដោយប្រើ​អ្វី​ដែល​អ្នក​បានរៀន​អំពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ តើ​អ្នក​នឹង​ឆ្លើយតប​ទៅ​មិត្តភក្តិ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សិស្ស​អាច​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ​មួយចំនួន​ដែល​ពួកគេ​បាន​សិក្សា នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ឬ​កន្លែង​ផ្សេងទៀត ។ សូម​សុំ​ពួកគេ​ឲ្យ​ចែកចាយបទគម្ពីរ​ទាំងនោះ ជា​ផ្នែក​មួយ​នៃ​ការពន្យល់​របស់​ពួកគេ ។

សូម​ពិចារណា​ឲ្យ​សិស្ស​សហការ​គ្នា​ជា​គូៗ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​អនុវត្ត​ពន្យល់​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​មិត្ត​របស់​ពួកគេ ។

ទទួល​អារម្មណ៍​កាន់តែ​ចង់​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ

សិស្ស​អាច​គូរ​រូបភាព​ពី​សុបិន​របស់​យ៉ាកុប ដែលជា​ផ្នែក​មួយ​នៃ​មេរៀន​ទី ៣១ ៖ « លោកុប្បត្តិ ២៨ » ។ ពួកគេ​អាច​យោង​ទៅលើ​រូបភាព​របស់​ពួកគេ ជា​ផ្នែក​មួយ​នៃ​ការរំឭក​សេចក្ដីសញ្ញា​របស់​ពួកគេ ។ អ្នក​ក៏​អាច​បង្ហាញ​រូបភាព​ដូចខាង​ក្រោមនេះ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​នឹក​ពី​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​អំពី​ការធ្វើ និង​រក្សា​សេចក្ដីសញ្ញា ( សូម​មើល​ផងដែរ​មេរៀន​ទី ២៣ ៖ « លោកុប្បត្តិ ១២, ១៧ » ) ។ ប្រសិនបើ​មាន​អត្ថប្រយោជន៍ សិស្ស​អាច​ពិនិត្យ​មើល លោកុប្បត្តិ ២៨:១០–២១ ។

The Old Testament prophet Jacob (Israel) lying asleep under a tree. A depiction of Jacob's dream of a ladder and angels descending from heaven is portrayed in the background.

អ្នក​អាច​រំឭក​សិស្ស​ថា យ៉ាកុប​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ បន្ទាប់ពី​បាន​ចាកចេញ​ពី​ផ្ទះ​ឪពុកម្ដាយ​របស់​គាត់ ហើយ​ចាប់ផ្ដើម​ជីវិត​ដោយ​ខ្លួនឯង ។ ដោយ​ជា​ផ្នែក​នៃ​មេរៀន​ទី ៣១ ៖លោកុប្បត្តិ ២៨ សិស្ស​បានគិតពិចារណា​ពី​ឱកាស​ដែល​ពួកគេ​នឹង​ត្រូវ​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សិស្ស​អាច​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដែល​បាន​សន្យា​អ្វីខ្លះ​ពី​ការព្យាយាម​គោរពតាម​សេចក្ដីសញ្ញា​របស់​អ្នក​ជាមួយ​នឹង​ព្រះ ឬ​តាមរយៈ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ស្ថានភាព​អ្វីខ្លះ​ដែល​អ្នក​អាច​នឹង​ប្រឈមមុខ​នា​ពេល​អនាគត ដែល​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការគោរពតាម និង​ការពារ​ដែល​ព្រះ​បាន​សន្យា​ប្រទាន​ដល់​បុគ្គល​ដែល​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹងទ្រង់ ?

បើ​ទាក់ទង សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ចម្លើយ​ដែល​ពួកគេ​បាន​កត់ត្រា ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ផ្តល់​ឲ្យ​ក្រដាស និង​ស្រោមសំបុត្រ​ដល់​សិស្ស សម្រាប់​សកម្មភាព​ខាងក្រោម ។

ដោយប្រើ​អ្វី​ដែល​អ្នក​បានរៀន​អំពី​ការធ្វើ និង​គោរពតាម​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ សូម​សរសេរ​សំបុត្រ​មួយ​ច្បាប់​ឲ្យ​ខ្លួនឯង ដែល​អ្នក​អាច​បើក​មើល​បាន​នៅពេល​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ។ សូម​សរសេរ​អំពី​មូលហេតុ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា វា​មាន​សារៈសំខាន់​ក្នុង​ការធ្វើ និង​រក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។ សូម​បញ្ចូល​នូវ​របៀប​ដែល​ការធ្វើ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ​អាច​បង្កើន​លទ្ធភាព​របស់​អ្នក​ដើម្បី​ទទួលបាន​ការណែនាំ ការយក​ចិត្តទុកដាក់ និង​ការការពារ​របស់​ទ្រង់ ។

ចូលរួម​ក្នុងការ​ប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល

នៅក្នុង​មេរៀន​ទី ២៤ ៖ « អ័ប្រាហាំ ២:៩–១១ » សិស្ស​ប្រហែល​ជា​បានបង្កើត​ផែនការ​មួយ​ដើម្បី​ចូលរួម​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ បើ​ដូច្នេះ​មែន សូម​ទុក​ពេល​ឲ្យ​សិស្ស​មើល​ឡើងវិញ​នូវ​ផែនការ​របស់​ពួកគេ ។ ផែនការ​របស់​ពួកគេ​អាច​រួម​បញ្ចូល​វិធី​ចែកចាយ​ដំណឹងល្អ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ ឬ​រក្សា​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ឬ​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នកដទៃ​តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ សិស្ស​ដែល​មិនទាន់​បាន​បង្កើត​ផែនការ អាច​ប្រើ​រូបភាព​ខាងក្រោម​ដើម្បី​ចាប់ផ្តើម​បង្កើត​ផែនការ​មួយ​បាន ។

អ្នក​ប្រហែលជា​បាន​បង្កើត​ផែនការ​មួយ ដើម្បី​ចូលរួម​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ សូម​គិតពិចារណា​អំពី​ផែនការ​ទាំងនេះ​ដោយ​បំពេញ​ក្រាហ្វិក​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​ទាំងឡាយ​ដែល​ពួកគេ​ធ្លាប់​មាន ក្នុង​ការអនុវត្ត​ផែនការ​របស់​ពួកគេ និង​របៀប​ដែល​បទពិសោធន៍​ទាំងនោះ​បាន​ជះ​ឥទ្ធិពល​ដល់​ពួកគេ ។ សូម​សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ការចូលរួម​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល​បាន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​ចូលរួម​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល​បាន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ដែល​ប្រហែលជា​មិន​ទាន់​បាន​អនុវត្ត​ផែនការ ឲ្យ​ចាប់ផ្តើម​ឥឡូវ​នេះ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​ពួកគេ និង​អ្នកដទៃ នៅពេល​ពួកគេ​អនុវត្ត​ផែនការ​របស់​ពួកគេ ។