ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០ ៖ « អ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០ ៖ « អ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ៤២–៥០ ៖ មេរៀនទី ៣៦
ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០
« អ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង »
មិនយូរប៉ុន្មានមុនពេលលោកបានទទួលមរណភាព យ៉ូសែបនៃស្រុកអេស៊ីព្ទបានព្យាករថា ព្រះអម្ចាស់នឹងលើក យ៉ូសែប ស្ម៊ីធ ឲ្យឡើងធ្វើកិច្ចការរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។ យើងអាចទទួលបានទីបន្ទាល់របស់យើងផ្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ មេរៀននេះអាចជួយសិស្សពង្រឹងទីបន្ទាល់របស់ពួកគេថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសរសេរនូវអ្វីដែលព្យាការី យ៉ូសែប ស្ម៊ីធ បានធ្វើ ដែលបានជួយពួកគេឲ្យចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចសុំសមាជិកគ្រួសារ ឬមិត្តភក្តិឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំដោះរាស្ដ្ររបស់ព្រះអម្ចាស់
សូមពិចារណាបង្ហាញរូបរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ និងរូបរបស់ម៉ូសេ ។ សូមឲ្យសិស្សរកមើលរបៀបដែលព្រះអម្ចាស់បានប្រើបុគ្គលទាំងនេះម្នាក់ៗធ្វើជាអ្នករំដោះ ( មនុស្សម្នាក់ដែលជួយសង្គ្រោះអ្នកដទៃ ) ។ បន្ទាប់មក សូមបង្ហាញរូបរបស់ យ៉ូសែប ស៊្មីធ ហើយសួរសិស្សអំពីរបៀបដែលព្រះអម្ចាស់បានប្រើលោកធ្វើជាអ្នករំដោះ ។ ជាចុងក្រោយ សូមបង្ហាញរូបរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះដ៏ប្រោសគេ ហើយពិភាក្សាអំពីវិធីដែលព្រះយេស៊ូវគ្រីស្ទបានប្រោសយើង ។
បន្ទាប់ពីសិស្សចែកចាយគំនិតរបស់ពួកគេរួចហើយ សូមប្រើរូបភាព និងកថាខណ្ឌខាងក្រោម ដើម្បីសង្ខេបព្រឹត្តិការណ៍ និងពាក្យព្យាករទាំងឡាយនៅក្នុង ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០ ។
នៅចុងបញ្ចប់នៃជីវិតរបស់លោក យ៉ូសែបនៃស្រុកអេស៊ីព្ទបានព្យាករថា ព្រះអម្ចាស់នឹងប្រោសព្យាការីពីររូបដែលជាកូនចៅរបស់យ៉ាកុប ដើម្បីជួយរំដោះប្រជារាស្រ្តរបស់ទ្រង់ឲ្យរួចពីសេវកភាព ។ ម៉ូសេនឹងមករំដោះពួកសាសន៏អ៊ីស្រាអែលចេញពីការជាប់ឃុំឃាំងខាងរូបកាយនៅស្រុកអេស៊ីព្ទ ( សូមមើល ក.យ.ស. លោកុប្បត្តិ ៥០:២៤ ទំព័រ ២៩ ) ។ បន្ទាប់មក ព្រះអម្ចាស់នឹងប្រោសរាស្ដ្ររបស់ទ្រង់ពីភាពងងឹតខាងវិញ្ញាណតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ នៅថ្ងៃចុងក្រោយ ។
ដើម្បីជួយសិស្សវាយតម្លៃអ្វីដែលពួកគេដឹង និងជឿអំពី យ៉ូសែប ស៊្មីធ សូមពិចារណាអញ្ជើញពួកគេឲ្យឆ្លើយសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើគំនិត ឬអារម្មណ៍អ្វីខ្លះចូលមកក្នុងចិត្តអ្នក ពេលអ្នកគិតអំពីព្យាការី យ៉ូសែប ស៊្មីធ ?
-
តើអ្នកនឹងពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននៃទីបន្ទាល់របស់អ្នកថា ព្រះបានហៅលោកឲ្យបម្រើជាព្យាការីដោយរបៀបណា ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្តាប់នូវចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណដែលបញ្ជាក់ថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យបម្រើជាព្យាការី ។ ព្រះវរបិតាសួគ៌អាចបញ្ជូនយោបល់ទៅកាន់គំនិតរបស់អ្នក ឬអារម្មណ៍ទៅកាន់ដួងចិត្តរបស់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលប្រាប់អ្នកថា អ្វីដែលអ្នកកំពុងសិក្សាគឺជាការពិត ។
ពាក្យព្យាកររបស់យ៉ូសែបនៃស្រុកអេស៊ីព្ទអំពី យ៉ូសែប ស្ម៊ីធ
សូមអញ្ជើញសិស្សឲ្យបង្កើតតារាងទទេមួយស្រដៀងនឹងតារាងខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សអាចធ្វើការជាគូ ឬក្រុមតូចៗ ដើម្បីបំពេញតារាងនេះ ។ អ្នកអាចប្រើព័ត៌មានដែលបានផ្តល់ជូនក្នុងតារាងនេះ ដើម្បីបង្ហាញអំពីរបៀបធ្វើការណ៍នេះ និងជួយសិស្សស្វែងរកចម្លើយតាមតម្រូវការ ។
អ្នកអាចជួយសិស្សរក ឧបសម្ព័ន្ធការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រះគម្ពីររបស់ពួកគេ ឬនៅក្នុងផ្នែកជំនួយការសិក្សានៅក្នុងបណ្ណាល័យដំណឹងល្អ ។
អ្នកក៏អាចរំឭកសិស្សថា អ្នកមើលឆុតគឺជាអ្នកបើកបង្ហាញ និងព្យាការីដែលដឹងពីអតីតកាល បច្ចុប្បន្នកាល និង អនាគតកាល ( សូមមើល ម៉ូសាយ ៨:១៧ ) « ផលនៃពោះអ្នក » ( ក.យ.ស. លោកុប្បត្តិ ៥០:២៧ ) សំដៅទៅលើពូជពង្ស ឬកូនចៅរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ ពាក្យសរសេរនៃពូជពង្សរបស់យ៉ូសែប សំដៅទៅលើព្រះគម្ពីរមរមន ហើយពាក្យសរសេរនៃពូជពង្សរបស់យូដា សំដៅទៅលើព្រះគម្ពីរប៊ីប ( សូមមើល ក.យ.ស. លោកុប្បត្តិ ៥០:៣១ ) ។
សូមអាន ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៦–៣៣ ដើម្បីបំពេញតារាងខាងក្រោមនេះ ។
|
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ |
វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ |
|---|---|
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « អ្នកនោះនឹងត្រូវបានតម្កើងខ្ពស់ » ( ខទី ២៧ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ អ្នកជឿរាប់លាននាក់ចាត់ទុក យ៉ូសែប ស្ម៊ីធ ជាព្យាការីនៃការស្ដារឡើងវិញ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « គាត់នឹងនាំពួកគេឲ្យស្គាល់ពីសេចក្ដីសញ្ញាទាំងឡាយ ដែលយើងបានធ្វើជាមួយនឹងពួកអយ្យកោរបស់អ្នក » ( ខទី ២៨ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ តាមរយៈបព្វជិតភាពដែលបានស្តារឡើងវិញ យើងអាចធ្វើសេចក្ដីសញ្ញាជាមួយព្រះតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធផ្សេងទៀត ។ គោលបំណងមួយនៃព្រះគម្ពីរមរមន គឺដើម្បីនាំពួកសាសន៏អ៊ីស្រាអែលឲ្យស្គាល់សេចក្ដីសញ្ញានៃព្រះអម្ចាស់ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « យើងនឹងឲ្យអ្នកនោះមានអំណាចនឹងនាំពាក្យរបស់យើង » ( ខទី ៣០ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ ព្រះអម្ចាស់បានបើកសម្តែងព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ និងពាក្យសរសេរដ៏បំផុសគំនិតផ្សេងទៀតតាមរយៈ យ៉ូសែប ស្ម៊ីធ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « ចេញពីភាពទន់ខ្សោយ អ្នកនោះនឹងត្រូវបានធ្វើឲ្យមាំមួន » ( ខទី ៣២ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ ពីការចាប់ផ្តើមដ៏រាបទាប និងការអប់រំផ្លូវការបន្តិចបន្តួច យ៉ូសែប ស៊្មីធ បានក្លាយជាព្យាការីដ៏អស្ចារ្យម្នាក់ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « អ្នកណាដែលស្វែងរកបំផ្លាញអ្នក នោះនឹងត្រូវបានខ្មាស » ( ខទី ៣៣ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ អ្នកដែលព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះ យ៉ូសែប ស្ម៊ីធ និងកិច្ចការរបស់លោក នឹងមិនទទួលបានជោគជ័យឡើយ ។ |
ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចចង្អុលបង្ហាញថា ឃ្លា « បង្កើត » ត្រូវបានប្រើប្រាំពីរដងក្នុងខគម្ពីរទាំងនេះ ។ ឃ្លានេះអាចមានអត្ថន័យមួយចំនួនដូចជា ត្រូវបានហៅបម្រើ ត្រូវបានជ្រើសរើស ឬត្រូវបានរៀបចំដើម្បីធ្វើកិច្ចការមួយដែលនឹងនាំរាស្ដ្ររបស់ព្រះអម្ចាស់មករកសេចក្ដីសង្គ្រោះ ( ខទី ៣៣ ) ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យស្វែងរកគំរូមួយផ្សេងទៀត ដោយគូសចំណាំនូវរាល់ដងដែលព្រះអម្ចាស់គឺជាអ្នកធ្វើសកម្មភាព ដូចជា « នឹងត្រូវបានបង្កើតឡើង » ( ខទី ២៧ ) ឬ « យើងនឹងឲ្យអ្នកនោះមានអំណាច » ( ខទី ៣០ ) ។
-
តើពាក្យព្យាករអ្វីដែលអ្នកចាប់អារម្មណ៍នៅក្នុងខគម្ពីរទាំងនេះ ? ហេតុអ្វី ?
ក្នុងចំណោមសេចក្តីពិតដែលអាចមាន ដែលសិស្សអាចរកឃើញ សូមចង្អុលបង្ហាញដូចតទៅ ៖ ព្រះអម្ចាស់បានជ្រើសរើស និងរៀបចំ យ៉ូសែប ស្ម៊ីធ ឲ្យនាំមកនូវព្រះគម្ពីរមរមន ។ សូមអញ្ជើញសិស្សឲ្យពិចារណាសរសេរសេចក្ដីពិតនេះនៅជាប់នឹង ខទី ៣០–៣៣ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកអាចរកឃើញអំពីព្រះអម្ចាស់ពីអ្វីដែលអ្នកបានសិក្សាអំពី យ៉ូសែប ស៊្មីធ ?
-
តើអ្នកគិតថា ព្រះគម្ពីរមរមននាំរាស្ដ្ររបស់ព្រះអម្ចាស់មករកសេចក្ដីសង្គ្រោះដោយរបៀបណា ?
-
តើព្រះគម្ពីរមរមនបានផ្ដល់ពរដល់ជីវិតអ្នកយ៉ាងដូចម្ដេច ?
ការទទួលបានទីបន្ទាល់ខាងវិញ្ញាណអំពីព្យាការី យ៉ូសែប ស្ម៊ីធ
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
អ្នកជឿម្នាក់ៗត្រូវការការបញ្ជាក់ខាងវិញ្ញាណមួយអំពីបេសកកម្មដ៏ទេវភាព និងបុគ្គលិកលក្ខណៈរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ រឿងនេះពិតនៅគ្រប់ជំនាន់ ។ ( « Joseph Smith » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ២៩–៣០ )
-
តើអ្នកគិតថាហេតុអ្វីបានជាវាសំខាន់សម្រាប់យើងម្នាក់ៗ ក្នុងការទទួលបានការបញ្ជាក់ខាងវិញ្ញាណពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ អំពីបេសកកម្មដ៏ទេវភាពរបស់ យ៉ូសែប ស្ម៊ីធ ?
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ អាន់ឌើរសិន ឬបង្ហាញវីដេអូ « Joseph Smith » នៅលើ ChurchofJesusChrist.org ចាប់ពីនាទីទី ១១:៤៤ ដល់ ១២:៤៨ ។
អែលឌើរ អាន់ឌើរសិន បានចែកចាយវិធីពីរយ៉ាងដែលយើងអាចទទួលបាន ឬពង្រឹងទីបន្ទាល់របស់យើងអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
ចំពោះយុវវ័យដែលកំពុងស្ដាប់នៅថ្ងៃនេះ ឬកំពុងអានពាក្យទាំងឡាយនេះនៅថ្ងៃក្រោយ ខ្ញុំសូមឲ្យសំណូមពរជាក់លាក់មួយ ៖ សូមទទួលសាក្សីផ្ទាល់ខ្លួនអំពីព្យាការី យ៉ូសែប ស៊្មីធ ។ សូមឲ្យសំឡេងរបស់អ្នកជួយបំពេញតាមពាក្យព្យាកររបស់មរ៉ូណៃ ដើម្បីនិយាយល្អអំពីព្យាការី ។ នេះគឺជាគំនិតពីរ ៖ ទីមួយ រកខគម្ពីរក្នុងព្រះគម្ពីរមរមនដែលអ្នកដឹង និងជឿថាពិតទាំងស្រុង ។ រួចមកចែកចាយវាជាមួយគ្រួសារ និងមិត្តភក្ដិក្នុងរាត្រីជួបជុំក្រុមគ្រួសារ ថ្នាក់សិក្ខាសាលា និងថ្នាក់យុវជន និងថ្នាក់យុវនារីរបស់អ្នក ដោយទទួលស្គាល់ថា យ៉ូសែប គឺជាឧបករណ៍មួយនៅក្នុងព្រះហស្តរបស់ព្រះ ។ បន្ទាប់មក សូមអានទីបន្ទាល់អំពីព្យាការី យ៉ូសែប ស្ម៊ីធ នៅព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ។ … នេះគឺជាទីបន្ទាល់ផ្ទាល់របស់យ៉ូសែប អំពីអ្វីដែលបានកើតឡើងពិតប្រាកដ ។ សូមអានវាជារឿយៗ ។ ( « Joseph Smith » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៣០ )
ក្រោយពីចែកចាយសេចក្ដីថ្លែងការណ៍នេះរួច សូមអញ្ជើញសិស្សឲ្យជ្រើសរើសយោបល់មួយក្នុងចំណោមយោបល់ទាំងឡាយរបស់អែលឌើរ អាន់ឌើរសិន ដើម្បីពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យបម្រើជាព្យាការី ។
ជម្រើសទី ១ ៖ ស្វែងរកខគម្ពីរដែលមានអត្ថន័យផ្ទាល់ខ្លួនមួយ ឬច្រើននៅក្នុងព្រះគម្ពីរមរមន ។ សូមបង្កើតរូបភាព ឬសរសេរកថាខណ្ឌដែលគូសបញ្ជាក់ការជ្រើសរើសរបស់អ្នក ។ សូមបញ្ចូលគំនិត និងអារម្មណ៍របស់អ្នកអំពីរបៀបដែលព្រះគម្ពីរមរមន និងការបង្រៀនរបស់វាជួយអ្នកឲ្យរៀន និងស្រឡាញ់ព្រះអង្គសង្គ្រោះ ។ សូមបញ្ចូលផងដែរនូវរបៀបដែលវាជួយបញ្ជាក់ថា យ៉ូសែប គឺជាឧបករណ៍មួយនៅក្នុងព្រះហស្តរបស់ព្រះ ។
ជម្រើសទី ២ ៖ សូមអានទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ដូចដែលបានកត់ត្រានៅក្នុង ប្រវត្តិ យ៉ូសែប ស្ម៊ីធ ១:១៥–២០ និងទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ។ សូមបង្កើតរូបភាព ឬសរសេរកថាខណ្ឌមួយអំពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះបានជ្រើសរើស និងរៀបចំ យ៉ូសែប ស៊្មីធ ដើម្បីធ្វើជាព្យាការីនៃការស្តារឡើងវិញ ។
សូមថ្លែងទីបន្ទាល់អំពីព្យាការី យ៉ូសែប ស្ម៊ីធ
នៅពេលសិស្សបានបញ្ចប់សកម្មភាពនេះហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានបង្កើតជាមួយនឹងមិត្តរួមថ្នាក់ ។
បន្ទាប់មក អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ឲ្យថ្លែងទីបន្ទាល់អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យបម្រើជាព្យាការី ។ សំណួរខាងក្រោមនេះអាចជួយបាន ។
-
តើនៅថ្ងៃនេះ អ្នកបានរៀនសូត្រអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់អ្នកអំពី យ៉ូសែប ស្ម៊ីធ ?
-
តើការមានទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ ពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមពិចារណាបញ្ចប់ដោយថ្លែងទីបន្ទាល់របស់អ្នកអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើតាមរយៈ យ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញសិស្សឲ្យបន្តស្ដាប់រកចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណ ដើម្បីដឹងដោយខ្លួនពួកគេថា ព្រះយេស៊ូវគ្រីស្ទបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យបម្រើជាព្យាការី ។