ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៤ ៖ ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា


« លោកុប្បត្តិ ២៤ ៖ ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ២៤ ៖ ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ២៤–៣៣ ៖ មេរៀន​ទី ២៩

លោកុប្បត្តិ ២៤

ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា

Temple Marriage

ខណៈ​ពេល​ដែល​ការរំពឹង​ទុក​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ហាក់​ហួស​ពី​សមត្ថភាព​របស់អ៊ីសាក​ដើម្បីសម្រេច​បាន នោះ​ព្រះអម្ចាស់​បានរៀបចំ​ផ្លូវ​មួយ​សម្រាប់​លោក ។ យើង​ក៏​អាច​ពឹងផ្អែក​លើ​ព្រះអម្ចាស់ និង​ទុកចិត្ត​ថា ទ្រង់​អាច​ជួយ​យើង​រៀបចំ​ខ្លួន ហើយ​ថ្ងៃ​ណា​មួយ​ទទួល​បាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្បជានិច្ច​បាន​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា​ដ៏​នៅអស់កល្ប​ជានិច្ច​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ដែល​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​អាច​មាន​អំពី​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មក​រៀន​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នោះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ខណៈ​ដែល​អាពាហ៍​ពិពាហ៍​អាច​ជា​រឿង​ពិបាក​សម្រាប់​សិស្ស​មួយ​ចំនួន​ដើម្បី​ធ្វើការ​ពិភាក្សា សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​វិធី​ដើម្បី​រៀបចំ និង​បង្រៀន​ប្រធានបទ​នេះ​ដោយ​យក​ចិត្ត​ទុកដាក់ និង​ដោយ​សេចក្ដី​ស្រឡាញ់ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ពិភាក្សា​ប្រធានបទ​អំពី​អាពាហ៍​ពិពាហ៍ សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​នៅ​ដើម​មេរៀននេះ​រួម​ជាមួយ​នឹង​សាច់រឿង​ដូច​ខាងក្រោម​នេះ ។

សូម​ស្រមៃ​ថា មិត្តម្នាក់​និយាយ ៖ « តើ​ការរៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ពិតជា​សំខាន់​មែនឬ ? ខ្ញុំ​ពិបាក​នឹង​ស្រមៃ​ឃើញ​ខ្លួន​ឯង​រៀបការ​នៅ​ទីនោះ​ណាស់ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ហួស​ពី​សមត្ថភាព​របស់​ខ្ញុំ ។ ខ្ញុំ​គ្រាន់តែ​ចង់​រកឃើញ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​ប៉ុណ្ណោះ » ។

  • តើ​ការសន្មត​អ្វីខ្លះ​ដែល​មិត្ត​របស់​អ្នក​អាច​មាន​អំពី​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​មិត្ត​របស់​អ្នក​មិន​បាន​យល់​អំពី​ព្រះ និង​អាពាហ៍​ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​ផ្ទាល់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​អ្នក​មាន​សំណួរ ឬ​កង្វល់​អ្វីខ្លះ​អំពី​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ពេល​អ្នក​សិក្សា លោកុប្បត្តិ ២៤ សូម​អញ្ជើញ​យាង​ព្រះវិញ្ញាណ​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ស្វែងរក​ការយល់ដឹង​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នកឲ្យ​ទទួល​បាន​នូវ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​នៅអស់កល្ប​ជានិច្ច ។

ដំណើរ​ដ៏​សំខាន់​មួយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​បរិបទ​នៃ លោកុប្បត្តិ ២៤ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ផែនទី​ខាងក្រោម​នេះ ។ ប្រសិនបើ​ពួកគេ​មាន​កំណែ​ស្ដេច​ជេមស៍​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ នោះ​ពួកគេ​អាច​រក​វា​នៅលើ​ផែនទី ៩ « ពិភពលោក​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ » នៅក្នុង​ផ្នែក​ផែនទី​ព្រះគម្ពីរ​ប៊ីប ។ សូម​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​កន្លែង​ដែល​អ្នក​បាន​លើកឡើង​នៅលើ​ផែនទី ។ បើ​ចាំបាច់ សូម​បង្ហាញ​សិស្ស​ពី​ទីតាំង​កាណាន ( លេខ ១៣ ) និង​ហារ៉ាន ( លេខ ៨ ) ។

អ័ប្រាហាំ និង​គ្រួសារ​របស់​លោក​បាន​រស់​នៅ​កាណាន ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ថ្វាយបង្គំ​រូប​ព្រះ និង​បានចូលរួម​ប្រព្រឹត្ត​អំពើបាប​ផ្សេង​ទៀត ។ អ័ប្រាហាំ​មាន​សាច់ញាតិ​រស់នៅ​ក្នុង​ហារ៉ាន ជា​កន្លែង​ដែល​អ័ប្រាហាំ​ធ្លាប់​រស់នៅ​ពី​មុន ។

មុន​នឹង​អាន​ខគម្ពីរ​ខាងក្រោម​នេះ សូម​ពន្យល់​ថា ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ប្តូរ​ពាក្យ « ភ្លៅ » ទៅ « ដៃ » នៅក្នុង ខទី ២ និង  ។ នេះ​មាន​ន័យ​ថា​អ័ប្រាហាំ និង​អ្នក​បម្រើ​របស់​លោក​បានធ្វើ​សេចក្តី​សញ្ញា ។

សូម​អាន លោកុប្បត្តិ ២៤:១–៤, ៧–៩ ដោយ​រកមើល​ការណែនាំ​ដែល​អ័ប្រាហាំ​បាន​ផ្តល់​ឲ្យ​អ្នក​បម្រើ​របស់​លោក​ទាក់ទង​នឹង​អ៊ីសាក កូន​ប្រុស​របស់​លោក ។

  • តើ​អ្នក​បម្រើ​របស់​អ័ប្រាហាំ​បានណែនាំ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​អ្នក​ឃើញ​អ្វីខ្លះ​នៅក្នុង ខទី ៧ ដែល​បង្ហាញ​ថា ព្រះអម្ចាស់​យក​ព្រះទ័យ​ទុកដាក់​អំពី​នរណា​ដែល​អ៊ីសាក​ត្រូវ​រៀបការ​ជាមួយ ?

    សូម​ឲ្យ​សិស្ស​ប្រើ​មាត្រដ្ឋាន​នៅលើ​ផែនទី​ដើម្បី​កំណត់​ថា​តើ​ការធ្វើ​ដំណើរ​នេះ​នឹង​មាន​ចម្ងាយ​ប៉ុន្មាន​ម៉ាយល៍ ឬ​គីឡូម៉ែត្រ ។ សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា អ័ប្រាហាំ​បាន​សុំ​ឲ្យ​អ្នកបម្រើ​របស់​លោក​ធ្វើ​ដំណើរ​ទៅវិញ​ទៅមក​ជិត ១,២០០ ម៉ាយល៍ ( ១,៩៣១ គីឡូម៉ែត្រ ) ដើម្បី​ស្វែងរក​ប្រពន្ធ​ឲ្យ​អ៊ីសាក ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​វា​មាន​តម្លៃ​ក្នុងការ​ធ្វើ​ការលះបង់​បែប​នេះ ដើម្បី​កុំ​ឲ្យ​អ៊ីសាក​រៀបការ​ជាមួយ​កូនស្រី​ម្នាក់​ក្នុង​ចំណោម​កូនស្រី​របស់​ពួក​កាណាន ?

បើចាំបាច់ សូម​ពន្យល់​ថា នៅពេល​ព្រះ​បាន​បង្កើត​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​អ័ប្រាហាំ និង​សារ៉ា ទ្រង់​បានមាន​ព្រះបន្ទូល​ថា កូនចៅ​របស់​អ័ប្រាហាំ​នឹង​រក្សា​សេចក្ដីសញ្ញា​ដ៏​សំខាន់​នេះ​ជាមួយ​ទ្រង់​បាន លើកលែង​តែ​ពួកគេ​បាន​រៀបការ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ប៉ុណ្ណោះ ។ ពួកគេ​នឹង​ត្រូវ​ចូល​ទៅ​ក្នុង « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣១:១–៤ ) ។ សព្វថ្ងៃនេះ យើង​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​នេះ នៅពេល​យើង​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។

គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​កាណាន ដែល​អ៊ីសាក​អាច​រៀបការ​នៅក្នុង​សេចក្តី​សញ្ញា​នោះ​ទេ ។ សេចក្ដី​សញ្ញា​នេះ​អាច​ត្រូវ​បាន​រក្សាទុក​តែ​ជាមួយ​មនុស្ស​ម្នាក់​មកពី​គ្រួសារ​របស់​អ័ប្រាហាំ នៅ​ហារ៉ាន​ប៉ុណ្ណោះ ។

ជំនួយ​របស់​ព្រះអម្ចាស់

សូម​ដាក់​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ដំណើររឿង​នៅក្នុង​រូបភាព ។ អ្នក​អាច​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាង​ក្រោម​នេះ​ប្រសិន​បើ​ចាំបាច់ ។

The Old Testament figure Rebekah pouring water from a jug into a cup.  The cup is held by the servant of Abraham.  The servant is depicted seeking a wife for Isaac, the son of Abraham.

អ្នក​បម្រើ​របស់​អ័ប្រាហាំ​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅកាន់​ហារ៉ាន ដើម្បី​ស្វែងរក​ភរិយា​ឲ្យ អ៊ីសាក ។ ពេល​កំពុង​រង់ចាំ​នៅក្បែរ​អណ្តូង​ទឹក​មួយ លោក​បានអធិស្ឋាន ហើយ​បាន​សូម​ឲ្យ​ព្រះ​ប្រទាន​សមត្ថភាព​ឲ្យ​លោក​ដឹង​ពី​នារី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​លោក​ស្វែងរក ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ខាង​ក្រោម​នេះ​ដោយ​ផ្ទាល់​ជា​ដៃគូ ឬ​ទាំងអស់គ្នា ។

ចំពោះ​សកម្មភាព​ខាង​ក្រោម វាអាច​មាន​អត្ថប្រយោជន៍​ក្នុងការ​ពន្យល់​ថា​ឈ្មោះ « ព្រះយេហូវ៉ា » នៅក្នុង​កំណែ​ស្ដេច ជេមស៍ នៃ​ព្រះគម្ពីរ​ប៊ីប ជាទូទៅ​បាន​គូស​បញ្ជាក់​ដោយ​ពាក្យ​ព្រះអម្ចាស់ ជា​អក្សរ​ធំ​ទាំងអស់ ។ ម្យ៉ាងទៀត ពាក្យ « ព្រះអម្ចាស់ » ឬ « ចៅហ្វាយ » វិញ​គឺ​អាច​សំដៅ​ទៅ​លើ​នរណា​ម្នាក់​ដែល​កាន់​អំណាច មាន​សិទ្ធិអំណាច ឬ​ឥទ្ធិពល​ដូច​ជា​លោកគ្រូ ឬ​អ្នក​គ្រប់​គ្រង ។ ( សូមមើល Bible Dictionary « Jehovah » )

សូមអាន លោកុប្បត្តិ ២៤:១២–២៧ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បានជួយ​អ្នក​បម្រើ​របស់​អ័ប្រាហាំ ស្វែងរក​ភរិយា​ឲ្យ​អ៊ីសាក ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ដើម្បី​គូស​ចំណាំ​នៅ​ពេល​អ្នក​ឃើញ​ពាក្យ​ព្រះអម្ចាស់​ដែល​មាន​អក្សរ​ធំ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

សូម​ពិចារណា​សង្ខេប​ផ្នែក​នៅសល់​នៃ លោកុប្បត្តិ ២៤ ដោយ​ចែកចាយ​កថាខណ្ឌ​ដូច​ខាង​ក្រោម​នេះ ។

អ្នក​បម្រើ​របស់​អ័ប្រាហាំ​បាន​ជួប​បងប្រុស និង​ឪពុក​របស់​រេបិកា ។ គាត់​បាន​ណែនាំ​ខ្លួន និង​ពន្យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​គាត់​ជួប​រេបិកា ។ នៅ​ថ្ងៃ​បន្ទាប់ រេបិកា​បាន​ជ្រើស​រើស​ត្រឡប់​ទៅវិញ​ជាមួយ​អ្នកបម្រើ​រូប​នោះ​យ៉ាងក្លាហាន ហើយ​បាន​ផ្សារភ្ជាប់​នឹង​អ៊ីសាក នៅក្នុង​សេចក្តី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូម​មើល លោកុប្បត្តិ ២៤:២៩–៦៧ ) ។

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​តាម​រយៈ​ដំណើររឿង​របស់​អ៊ីសាក និង​រេបិកា ព្រមទាំង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួកគេ ?

    សិស្ស​អាច​ឆ្លើយតប​ដោយ​សេចក្ដីពិត​ផ្សេងៗ ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ព្រះអម្ចាស់​នឹង​ជួយ​យើង​នៅពេល​យើង​ព្យាយាម​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • តើ​ព្រះអម្ចាស់​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​ខិតខំ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប៉ុន្តែ​ព្រួយបារម្ភ​ថា ពួកគេ​ប្រហែល​ជា​មិន​ដែល​ទទួល​បាន​ពរ​នេះ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​អ្នក​គិត​ថា អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ព្រះអម្ចាស់ ?

ហេតុអ្វី​ត្រូវមាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​ដ៏​សាមញ្ញ​មួយ​អំពី​ព្រះវិហារ​បរិសុទ្ធ​ដូចជា​គំនូរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

Simple drawing of the Salt Lake Temple with a mountain behnd it

នៅក្រោម​គំនូរ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក សូម​សរសេរ​សំណួរ​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​សេចក្ដីពិត​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ។ នេះ​អាច​ជា​សំណួរ​ផ្ទាល់​ខ្លួន​របស់​អ្នក សំណួរ​មកពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ​សំណួរ​មួយ​ដូច​ខាង​ក្រោម​នេះ ៖

  • ហេតុអ្វី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​មាន​សារៈ​សំខាន់ ?

  • តើ​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​ដោយ​ការរៀប​អាពាហ៍​ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់​មក​ខិតខំ​គោរព​តាម​សេចក្ដី​សញ្ញា​ទាំង​នោះ ?

  • តើ​ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល ៥–៨ នាទី​ដើម្បី​បញ្ចប់​សកម្មភាព​ខាងក្រោម​នេះ​ដោយ​ផ្ទាល់ ឬ​ជាមួយ​ដៃគូ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​ចម្លើយ​ដែល​ពួកគេ​រកឃើញ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​ប្រហែល​ជា​រក​ចម្លើយ​ច្បាស់លាស់​ចំពោះ​សំណួរ​របស់​ពួកគេ​មិនឃើញ​ឡើយ ទោះ​ជា​យ៉ាង​ណា ការខិតខំ​ចោទ​សួរ​សំណួរ និង​ខិតខំ​យល់ដឹង​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសូម​ចែក​សំណៅ​មេរៀន​ដែល​មាន​ចំណង​ជើង​ថា « អាពាហ៍​ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច » ទៅ​កាន់​សិស្ស​ដែល​ចង់​សិក្សា​អំពី​វា ។

ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​របស់​អ្នក សូម​ស្វែងរក​ធនធាន​ផ្សេងៗ​របស់​សាសនាចក្រ ដូច​ខាងក្រោម ៖

  • វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( លោកុប្បត្ដិ ២:២៤; កូរិនថូស ទី១ ១១:១១; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣១:១–៤ )

  • សំណៅមេរៀន​ដែល​មាន​ចំណង​ជើង​ថា « អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច »

  • « អាពាហ៍ពិពាហ៍ » និង​ប្រធានបទ​ដែល​ទាក់ទង​នៅក្នុងសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ឬ​ប្រធានបទ និង​សំណួរ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ

  • ឃ្លា​ដូចជា « អាពាហ៍​ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា » ឬ​« អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ » នៅក្នុង​ការស្រាវជ្រាវ​នៃ​បណ្ណាល័យ​ដំណឹងល្អ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ការពិចារណា​ផ្ទាល់ខ្លួន

សូម​ជញ្ជឹងគិត​ពី​សាច់រឿង​ចាប់​តាំង​ពី​ដើម​មេរៀន ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​សំណួរ​របស់​មិត្ត​អ្នក​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃនេះ​អំពី​ព្រះ​វរបិតាសួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​អ្នក​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​អញ្ជើញ​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ឡើង​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា ហើយ​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​ចាប់ផ្ដើម​ឥឡូវនេះ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ពរជ័យ​នេះ ។