បណ្ណាល័យ
ការពលិកម្ម


« ការពលិកម្ម » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

ព្រះគ្រីស្ទ​ត្រកងបី​កូន​ចៀម

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការពលិកម្ម

របៀប​ដែល​យើង​បង្ហាញ​ពី​អ្វី​ដែល​សំខាន់បំផុត​សម្រាប់​យើង

សូម​គិត​ពី​ពេល​មួយ​ដែល​អ្នក​បានបោះបង់​អ្វីមួយ ដើម្បី​ជា​ផលប្រយោជន៍​ដល់​នរណា​ម្នាក់ ។ នេះ​ប្រហែល​មិនមែន​ជា​រឿង​ងាយស្រួល​ដើម្បី​ធ្វើ​នោះទេ ប៉ុន្ដែ​តាមរយៈ​ការធ្វើ​ការលះបង់ នោះ​អ្នក​បានបង្ហាញ​ថា​អ្នក​មានឆន្ទៈ​ដើម្បី​ដាក់​តម្រូវការ​របស់​បុគ្គល​នោះ​មុន​តម្រូវ​របស់​ខ្លួនអ្នក​ផ្ទាល់ ។

ស្រដៀងគ្នា​នេះដែរ នៅពេល​ដែល​យើង​ពលិកម្ម​អ្វី​មួយ​សម្រាប់​ព្រះ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ទ្រង់ និង​មាន​ឆន្ទៈ​ដើម្បី​ដាក់​ទ្រង់​ជា​ទីមួយ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ការបង្ហាញ​ដ៏​ខ្ពស់​បំផុស​នៃ​ការពលិកម្ម​របស់​យើង​កើតមាន​ឡើង នៅពេល​យើង​ធ្វើ​តាមឆន្ទៈ​របស់​ព្រះ​ជាជាង​ឆន្ទៈ​របស់​ខ្លួនយើង​ផ្ទាល់ ។ ការពលិកម្ម​របស់​យើង​អាច​ឆ្លុះបញ្ជាំង​ពី​សេចក្ដីស្រឡាញ់ និង​អំណរគុណ​របស់យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ជាអង្គ—នៅក្នុង​ទម្រង់​ដ៏​មហិមា​បំផុត​នៃ​សេចក្ដីស្រឡាញ់—បានពលិកម្ម​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​យើង​អាច​ត្រឡប់​ទៅរស់នៅ​ជាមួយនឹង​ព្រះវរបិតាសួគ៌​របស់​យើងវិញ ។

តើ​ការពលិកម្ម​គឺ​ជា​អ្វី ?

ការពលិកម្ម​គឺជា​សកម្មភាព​នៃ​ការបោះបង់​របស់​អ្វីមួយ ដើម្បី​បាន​អ្វីមួយ​ផ្សេងទៀត​ដែល​ជា​ប្រយោជន៍ ។ រាស្ដ្រ​របស់ព្រះ​បានធ្វើ​យញ្ញបូជា​សម្រាប់​ទ្រង់​តាំងពី​សម័យ​បុរាណ​មកម្ល៉េះ ។ នៅជំនាន់​នេះ​យើង​ធ្វើ​ពលិកម្ម​ដោយ​ថ្វាយ​ឆន្ទៈ​របស់​យើង​ទៅ​ព្រះ ហើយ​ប្រែចិត្ដ​ពី​អំពើ​បាប​របស់​យើង ដោយ​មាន​ចិត្ដ​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ យើង​ក៏​លះបង់​ពេលវេលា និង​ទេពកោសល្ប​របស់​យើង​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះ និង​ភាពតម្កើងឡើង​ផងដែរ ( សូមមើល ម៉ាថាយ ៦:៣៣ ) ។ តាមរយៈ​ការលះបង់ យើង​បង្ហាញ​នូវឆន្ទៈ​របស់​យើង​ដើម្បី​ដាក់​ព្រះ​ជា​ទីមួយ​នៅក្នុង​ជីវិត​របស់​យើង ( សូមមើល ម៉ាថាយ ១៩:២៩ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការពលិកម្ម

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ការគោរពប្រតិបត្ដិ, ការបង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់, ការថ្វាយ, ការបម្រើ​ក្នុង​ការហៅ​ក្នុង​សាសនាចក្រ

ផ្នែកទី ១

ព្រះ​បាន​ប្រទាន​នូវ​ច្បាប់​នៃ​ការពលិកម្ម​ទុកជា​ការរំឭក​អំពី​ការពលិកម្ម​របស់​ព្រះគ្រីស្ទ

ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

បុត្រាបុត្រី​របស់​ព្រះ​បានរស់នៅ​តាម​ច្បាប់​នៃ​ការពលិកម្ម​ពី​បុរាណ​ដោយការ​បូជា​សត្វ​ទុកជា​ការរំឭក​ថា​កូនចៀម​នៃ​ព្រះ​នឹង​ប្រោសលោះ​ពួកគេ​ពី​ការធ្លាក់ ( សូមមើល កូល៉ុស ១:១៣–១៨; ម៉ូសេ ៥:៦–៧ ) ។ បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​ស្ម័គ្រព្រះទ័យ​ពលិកម្ម​ព្រះជន្ម​របស់​ទ្រង់​នៅលើ​ឈើឆ្កាង ការបូជា​សត្វ​គឺ​ពុំ​ចាំបាច់​មាន​ទៀត​នោះទេ ( សូមមើល លូកា ២៣:៤៦; នីហ្វៃ​ទី៣ ៩:១៩; នីហ្វៃ​ទី៤ ១:១២ ) ។ ការពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា និង​នាំមក​នូវ​ការប្រោសលោះ និង​សេចក្ដី​សង្គ្រោះ​ដល់​មនុស្សជាតិ ( សូមមើល អេសាយ ៥៣:៧; នីហ្វៃ​ទី២ ២:៧ ) ។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ សូមមើល​មគ្គុទ្ទេសក៍​សិក្សា​ស្ដីពី « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សេចក្ដីជំនឿ​របស់​អ័ប្រាហាំ​ត្រូវបាន​សាកល្បង នៅពេល​ព្រះ​បញ្ជា​លោក​ឲ្យ​បូជា​កូនប្រុស​របស់​លោក គឺ​អ៊ីសាក ។ សូម​ពិចារណា​អាន លោកុប្បត្តិ ២២; ហេព្រើរ ១១:១៧–១៩ និង យ៉ាកុប ៤:៥ អំពី​ការលះបង់​ដែល​ព្រះ​បាន​ស្នើ​ឲ្យ​អ័ប្រាហាំ​ធ្វើ ។ កាល​អ្នក​អាន សូម​ជញ្ជឹងគិត​អំពី​ការពលិកម្ម​ដែល​ព្រះ​ធ្វើ​នៅក្នុង​ការលះបង់​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ក្នុង​ការ​លះបង់​ព្រះជន្ម​របស់​ទ្រង់ ។ តើ​ព្រះវិញ្ញាណ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ការលះបង់​របស់​ព្រះវរបិតា និង​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​អាន​វគ្គបទគម្ពីរ​ទាំងនេះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅពេល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ដង្វាយធួន​របស់​ទ្រង់ « ពិធី​បរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់​បាន​ជំនួស​ពិធី​បរិសុទ្ធ​នៃ​ការពលិកម្ម » ។ សូម​ពិចារណា​ច្រៀង​ទំនុកតម្កើង​សាក្រាម៉ង់​ដូចជា « នៅលើ​ឈើឆ្កាង​ត្រង់​កាល់វ៉ារី » ឬ « ឱ!​ប្រាជ្ញា និង​ក្ដីស្នេហ៍​ដ៏​អស្ចារ្យ » ។ អ្នក​ក៏​អាច​អាន​ព្រះគម្ពីរ​ដែល​ជាប់​ទាក់ទង​នឹង​ទំនុកតម្កើង​នីមួយៗ ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​អាច​រៀបចំខ្លួន​សម្រាប់​ពិធីសាក្រាម៉ង់​ជារៀង​រាល់សប្ដាហ៍​ផងដែរ ។ តើ​ការគិត​អំពិ​ពិធីសាក្រាម៉ង់​ថា​ជា​ឱកាស​នៃ​ការលះបង់​អ្វីមួយ​សម្រាប់​ព្រះអម្ចាស់ អាច​ធ្វើ​ឲ្យ​ការថ្វាយបង្គំ​របស់​អ្នក​កាន់តែ​មាន​អត្ថន័យ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះ​សុំ​ឲ្យ​យើង​ថ្វាយ​ការបូជា​នូវ​ចិត្ដ​សង្រេង និង​វិញ្ញាណ​ទន់ទាប

បុរស​កំពុង​អធិស្ឋាន

សព្វថ្ងៃនេះ​យើង​នៅតែ​រស់នៅ​តាម​ក្រឹតិ្យវិន័យ​នៃ​ការពលិកម្ម​ដោយ​ការថ្វាយ​ដល់​ព្រះ​នូវ​ចិត្ដសង្រេង និង​វិញ្ញាណ ទន់ទាប ( សូមមើល នីហ្វៃ ទី៣ ៩:១៩–២០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៨ ) ។ តើ​យើង​អាច​ថ្វាយ​ការបូជា​បែប​នេះ​ដោយ​របៀបណា ? ដោយ​ការជឿ​លើ​ព្រះគ្រីស្ទ ការបន្ទាប​ខ្លួន​យើង ការប្រែចិត្ដ​ដ៏​ពិត​ពី​អំពើបាប និង​ការមក​រកទ្រង់ ( សូមមើល នីហ្វៃ​ទី៣ ១២:១៩; មរ៉ូណៃ ៦:១–៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៣៧ ) ។ ការធ្វើ​ការលះបង់​ប្រភេទ​ទាំងនេះ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ហើយ​ថា​ពួកយើង​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​ដែល​ទ្រង់​សុំ​ឲ្យ​យើង​ធ្វើ ។ កាល​យើង​ថ្វាយ​ព្រលឹង​ទាំងមូល​របស់​យើង​ដល់​ព្រះ និង​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត នោះ​យើង​អាច​បាន​សង្គ្រោះ និង​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល អោមណៃ ១:២៦ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • វា​ជា​រឿង​ធម្មតា​ទេ​ក្នុងការ​ឆ្ងល់​ថា តើ​ព្រះអម្ចាស់​កត់សម្គាល់ និង​ទទួល​យក​ការលះបង់​ដែល​យើង​ថ្វាយ​ដើម្បី​ដើរ​តាម​ទ្រង់​ឬ​អត់ ។ សូម​ពិចារណា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់ យ៉ូសែប ស្ម៊ីធ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៤៩–៥០ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​បាន​សន្យា​ដល់ យ៉ូសែប ដោយសារ​តែ​ការលះបង់​របស់​លោក ? តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​របៀបណា ដោយសារ​តែ​ការលះបង់​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ព្រះ ? អ្នក​អាច​សរសេរ​បញ្ជី​នៃ​ពរជ័យ​ដែល​អ្នក​បាន​ទទួល ហើយ​បន្ទាប់មក​ជញ្ជឹងគិត​ពី​ពរជ័យ​ទាំងនោះ​ពេញ​សប្ដាហ៍ ។

  • វិធី​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​គឺ​តាមរយៈ​ការធ្វើ​ការលះបង់​ដើម្បី​មក​រកទ្រង់ ។ នៅក្នុង​សុន្ទរកថា​របស់​លោក « ដោយស្មោះ​អស់ពី​ចិត្ដ​របស់​យើង » អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ពន្យល់ថា​ការបូជា​របស់​យើង​អាច​ជា​អ្វី​មួយ​សាមញ្ញ​ដូចជា​ការលះបង់​បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន និង​ភាពសុខស្រួល​ដើម្បី​ដើរតាម​ព្រះអង្គសង្គ្រោះ​ឲ្យ​បាន​ពេញលេញ ។ សូម​ពិចារណា​អាន​សុន្ទរកថា​របស់​អែលឌើរ អុជដូហ្វ និង​ជញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​ថ្វាយ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះ​អស់ពី​ចិត្ដ ។ តើ​អ្នក​អាច​លះបង់​អ្វីខ្លះ​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ​ឲ្យ​បាន​ប្រសើរ​ជាងមុន ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង​វីដេអូ « A Broken Heart, Contrite Spirit, and Godly Sorrow» ( នាទី ៣:៥៨ ) អែលឌើរ នែល អិល អាន់ឌើរសិន បាន​ពន្យល់ថា​ការថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​ចិត្ដ​សង្រេង និង​វិញ្ញាណ​ទន់ទាប​មាន​ន័យថា « ការក្លាយ​ដូចជា​កូនក្មេង » ។ អ្នក​អាច​មើល​វីដេអូ​នេះ ហើយ​បន្ទាប់មក​ពិភាក្សា​អំពី​លក្ខណៈ​សម្បត្តិ​ដែល​ក្មេងៗ​មាន ដែល​យើង​គួរ​មាន​នៅក្នុង​ការលះបង់​ឆន្ទៈ​របស់​យើង​ថ្វាយ​ដល់​ព្រះ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​ជាមួយ​ក្មេងៗ​ដែល​បង្ហាញ​អ្វី​ដែល​យើង​អាច​រៀន​ពី​លក្ខណៈ​សម្បិត្ដិ​របស់​ពួកគេ​ផងដែរ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

តាមរយៈ​ការលះបង់​ប្រចាំថ្ងៃ នោះ​យើង​អាច​ក្លាយ​ជា​បរិសុទ្ធ​ដូច​ព្រះយេស៊ូវគ្រីស្ទ

ក្រុមជំនុំ​កំពុង​ទទួល​ទាន​សាក្រាម៉ង់

ការលះបង់​សម្រាប់​ព្រះ​អាច​ជួយ​យើង​ទទួល​បាន​អំណាច​របស់​ទ្រង់ ដែល​តាមរយៈ​ការណ៍​នេះ យើង​អាច​ក្លាយ​ជា​បរិសុទ្ធ ។ តាមរយៈ​ការលះបង់​សម្រាប់​ព្រះអម្ចាស់ នោះ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​មនុស្ស​ដទៃ ។ យើង​អាច​គិតថា​ការលះបង់​គឺ​ជា​ការលំបាក ឬ​ពិបាក​ក្នុង​ការ​ធ្វើ ប៉ុន្ដែ​មែនទែន​ទៅ​វា​មាន​ន័យ​ថា « ការរស់នៅ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ក្នុង​នាម​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះគ្រីស្ទ » ។ នៅពេល​យើង​លះបង់​ជារៀង​រាល់ថ្ងៃ​ដើម្បី​រក្សា​សេចក្តីសញ្ញា​របស់​យើង និង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​កំពុង​ជួយ​ជំរុញ​កិច្ចការ​របស់​ព្រះ​ទៅមុខ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • របៀប​មួយ​ដែល​យើង​អាច​លះបង់​ជា​រៀងរាល់ថ្ងៃ​គឺ​តាមរយៈ​ការថ្វាយ​ពេលវេលា​របស់​យើង​ដល់​ព្រះអម្ចាស់ ។ ការណ៍​នេះ​អាច​រួមមាន​កិច្ចការ​ដូចជា​ការបំពេញ​ការហៅ​របស់​យើង ឬ​ធ្វើ​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀន « ជីវិត​នៃ​ការបម្រើ និង​ការបូជា​របស់​យើង​គឺជា​ការបង្ហាញ​ដ៏​សមគួរ​បំផុត​ពី​ការតាំងចិត្ត​របស់​យើង​ក្នុង​ការបម្រើ​លោក​ចៅហ្វាយ និង​អ្នក​ជិតខាង​របស់​យើង » ។ តើ​អ្នក​លះបង់​ពេលវេលា​របស់​អ្នក​ជាប្រចាំ​ដល់​ព្រះអម្ចាស់​ដោយ​របៀបណា ? សូម​ពិចារណា​ពី​របៀប​ដែលការ​ធ្វើដូច្នេះ​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះគ្រីស្ទ និង​ក្លាយជា​កាន់តែ​បរិសុទ្ធ ។

  • ពេលខ្លះ​ការលះបង់​ប្រចាំថ្ងៃ​ដែល​យើង​ធ្វើ​ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​អាច​មាន​អារម្មណ៍​ថា​តូចតាច និង​មិន​សំខាន់​សម្រាប់​យើង​នោះទេ ។ ប៉ុន្តែ​ការលះបង់​ទាំងនេះ​មាន​សារៈ​សំខាន់​ចំពោះ​ព្រះអម្ចាស់ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣៣ ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ទ្រង់​ទតឃើញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង មិនថា​កិច្ចការ​ទាំងនោះ​តូចតាច​ប៉ុនណា​នោះ​ទេ ។ តើ​ខគម្ពីរ​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​ភាពក្លាហាន​ដើម្បី​បន្ត​ការលះបង់​តូចតាច ប្រចាំថ្ងៃ​ដល់​ព្រះអម្ចាស់​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង​វីដេអូ « A Sacrifice of Time» ( នាទី ២:៥៣ ) ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ថា « បុព្វការីជន​របស់​យើង​មិនអាច​បាន​ល្អឥតខ្ចោះ​ដោយ​ពុំ​មាន​យើង​ឡើយ ហើយ​យើង​ក៏​ពុំអាច​ល្អ​ឥតខ្ចោះ​ដោយ​គ្មាន​ពួកគាត់​ដែរ » ។ តាមរយៈ​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្ដិ នោះ​យើង​កាន់តែ​បរិសុទ្ធ ដូច​ព្រះយេស៊ូវគ្រីស្ទ ។ សូម​មើល​វីដេអូ « A Sacrifice of Time » រូមគ្នា ហើយ បន្ទាប់មក​ចែកចាយ​ពី​របៀប​ដែល​ការលះបង់​ពេលវេលា​របស់ អ្នក​ដើម្បី​ធ្វើ​កិច្ចការ​ពង្សប្រវត្ដិ​ជាញឹកញាប់​បាន ផ្ដល់​ពរ​ដល់​អ្នក ។ តើ​អ្នក​រៀន​អ្វីខ្លះ​ចេញពី​បទពិសោធន៍​របស់​អ្នកដទៃ​ដែល​បំផុសគំនិត​ដល់​អ្នក​ឲ្យ​បន្ដ ឬ​ចាប់ផ្ដើម​លះបង់​ពេលវេលា​របស់​អ្នក​តាម​របៀប​នេះ ?

  • មាន​របៀប​ជាច្រើន​ដែល​អ្នក​អាច​លះបង់​អ្វី​ផ្សេងទៀត​សម្រាប់​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់ ។ នៅពេល​អ្នក​រក្សា​សេចក្ដីសញ្ញា​របស់​អ្នក បម្រើ​ដល់​មិត្ដភក្ដិ ឬ​សមាជិក​ក្រុមគ្រួសារ បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ឬ​ចែកចាយ​ទេពកោសល្យ​របស់​អ្នក គឺ​អ្នក​កំពុង​លះបង់​សម្រាប់​ព្រះ និង​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ហើយ ។ សូម​ធ្វើ​បញ្ជី​ជាក់លាក់​មួយ​ពី​របៀប​នានា​ដែល​អ្នក​លះបង់​ជាប្រចាំ​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ។ បន្ទាប់មក​អ្នក​អាច​និយាយ​អំពី​របៀប​ដែល​ការចាត់ទុក​រឿង​ទាំងនេះ​ជា​ការលះបង់ បាន​ជះឥទ្ធិពល​ដល់​ភាព​ជាសិស្ស​របស់​អ្នក និង​ជួយ​អ្នក​ខិត​កាន់តែ​ជិត​ទ្រង់ ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង » Liahona ខែឧសភា ឆ្នាំ២០២២ ទំព័រ ១២៤ ។

  2. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ២០១៤ ) ទំព័រ ៩៤ ។

  3. អិម រ័សុល បាឡឺដ « The Law of Sacrifice » Ensign ខែតុលា ឆ្នាំ១៩៩៨ ទំព័រ ១០ ។

  4. ទំនុក​តម្កើង ល.រ. ១១០ ១១៧ ។

  5. ឌៀថើរ អេហ្វ អុជដូហ្វ « Our Heartfelt All » ទំព័រ ១២៤ ។

  6. អិម រ័សុល បាឡឺដ « The Law of Sacrifice » ទំព័រ ១១ ។

  7. អ៊ីរីច ដបុលយូ. កូពីសឆ្កេរ « Being Accepted of the Lord » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ១០៥ ។

  8. ឃ្វីនថិន អិល ឃុក « Are You a Saint? » Liahona ខែវិច្ឆិកា ឆ្នាំ២០០៣ ទំព័រ ៩៥–៩៦ ។

  9. ដាល្លិន អេក អូក « Sacrifice » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ១៩ ។