បណ្ណាល័យ
ដង្វាយ​មួយ​ភាគ​ក្នុង​ដប់


« ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

ស្ដ្រី​ម្នាក់​បង់​ដង្វាយ​ទៅកាន់​ប៊ីស្សព​របស់​នាង

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ការផ្តល់​មួយ​ភាគ​ដប់​នៃ​ប្រាក់ចំណូល​របស់​យើង​ដើម្បី​ជួយ​កសាង​នគរ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី

វា​មិន​ច្រើន​ទេ ។ បើ​ប្រៀបធៀប​ទៅនឹង​ទ្រព្យសម្បត្តិ​ដែល​អ្នកដទៃ​ដាក់ចូល​ទៅក្នុង​ឃ្លាំង ពីរ​ស្លឹង​របស់​ស្ត្រី​មេម៉ាយ​គឺ​គ្រាន់តែ​ជាការ​រួមចំណែក​តិចតួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​តម្លៃ​នៃ​ការលះបង់​របស់​នាង​គឺ​អស្ចារ្យ​ណាស់ ។ ព្រះអង្គសង្គ្រោះ​បានបង្រៀន « ស្រី​មេម៉ាយ​ក្រ​នេះ បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំងអស់ ដែល​ដាក់​ក្នុង​ឃ្លាំង » ( ម៉ាកុស ១២:៤៣ ) ។ ហេតុអ្វី​បានជា​ការលះបង់​របស់​ស្ត្រីមេម៉ាយ​មាន​តម្លៃ​ដូច្នេះ ? ដោយសារ​តែ « ស្ដ្រី​នេះ​បានយក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំងប៉ុន្មាន​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង » ( ម៉ាកុស ១២:៤៤ ) ។

សព្វថ្ងៃ​នេះ យើង​មិន​បាន​ផ្តល់​អ្វី​ទាំងអស់​ដែល​យើង​មាន នៅពេល​ដែល​យើង​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដើម្បី​ជួយ​កសាង​នគរ​ព្រះ​នោះ​ទេ ។ ទ្រង់​សុំតែ​១០ ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រាក់ចំណូល​របស់​យើង ។ ប៉ុន្តែ​យើង​អាច​រៀន​បានច្រើន​ពី​ការលះបង់​របស់​ស្ត្រី​មេម៉ាយ​នោះ ។ មិន​ថា​ចំនួន ១០ ភាគរយ​របស់​យើង​មាន​ចំនួន​ប៉ុន្មាន​នោះទេ យើង​អាច​ធ្វើឲ្យ​ការថ្វាយដង្វាយ​មួយ​ភាគក្នុង​ដប់​ទៅជា​កិច្ចការ​នៃ​សេចក្ដី​ជំនឿ និង​ការថ្វាយ​នូវ​អ្វី​ដែល​យើង​មាន​សម្រាប់​ព្រះអម្ចាស់ ទោះបី​ជា​វា​មិនមែន​ងាយស្រួល​ក្នុង​ការលះបង់​ក៏ដោយ ។

តើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​អ្វី ?

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ការថ្វាយ​មួយ​ភាគដប់​នៃ​ប្រាក់ចំណូល​របស់​យើង​ដល់​ព្រះអម្ចាស់​តាមរយៈ​សាសនាចក្រ ។ ការផ្ដល់​នូវ​ការថ្វាយ​នេះ​ទៅកាន់​ព្រះ​គឺ​ជា​របៀប​មួយ​ដែល​យើង​អាច « ដាក់​ព្រះអម្ចាស់​ទីមួយ​ក្នុង​ជីវិត លើសពី​ការខ្វល់ខ្វាយ និង​ចំណាប់​អារម្មណ៍​របស់​យើង​ផ្ទាល់ » ។ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ​នៅលើ​ផែនដី ។ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើ​សម្រាប់​គោលបំណង​ជាច្រើន រួមទាំង​ការសាងសង់ និង​ការថែទាំ​ព្រះវិហារ​បរិសុទ្ធ និង​សាលាប្រជុំ ការគាំទ្រ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការឧបត្ថម្ភ​ដល់​ស្ថាប័ន​អប់រំ​ដែល​គ្រប់គ្រង​ដោយ​សាសនាចក្រ ។ ព្រះអម្ចាស់​បញ្ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នង​ដប់ ដោយ​មិនគិត​ពី​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​ពួកគេ​ឡើយ ។ ប្រសិនបើ​យើង​បង្ហាញ​សេចក្តី​ជំនឿ​របស់​យើង​ចំពោះ​ព្រះ​តាម​របៀប​នេះ ទ្រង់​សន្យា​ថា​នឹង​ប្រទានពរ​ដល់​យើង​យ៉ាងច្រើន ( សូមមើល ម៉ាឡាគី ៣:១០ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ដង្វាយ​មួយភាគ​ក្នុង​ដប់

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ បទ​បញ្ញត្ដិ ការតម​អាហារ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការគោរព​ប្រតិបត្ដិ

ផ្នែកទី ១

ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺ​ជា​បទបញ្ញត្ដិ​បុរាណ​មួយ​ដែល​ត្រូវបាន​ស្ដារឡើងវិញ​នៅក្នុង​សម័យ​របស់​យើង

កុមារ​កំពុង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រាស្ដ្រ​របស់​ព្រះ​កាលពី​បុរាណ​បានរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ហើយ​ច្បាប់​នេះ​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល លោកុប្បត្តិ ១៤:១៨–២០; នីហ្វៃទី៣ ២៤:៨–១២; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៩:៣–៤ ) ។ ច្បាប់​នេះ​តម្រូវ​ឲ្យ​ពួក​បរិសុទ្ធ​ផ្តល់​មួយ​ភាគដប់​នៃ​កំណើន​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ដល់​ព្រះអម្ចាស់ ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ​នៅលើ​ផែនដី និង​ដើម្បី​ជួយ​ផ្គត់ផ្គង់​តម្រូវការ​របស់​បុត្រាបុត្រី​របស់​ទ្រង់ ។

ទោះបីជា​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​ច្បាប់​ខាង​សាច់ឈាម​ក្ដី តែវា​ក៏​ជា​ច្បាប់​ខាង​វិញ្ញាណ​ផងដែរ ។ ការឧទ្ទិស ឬ​ការថ្វាយ​មួយផ្នែក​នៃ​ប្រាក់ចំណូល​របស់​យើង​ដល់​ព្រះអម្ចាស់ គឺ​ជា​របៀប​មួយ​ដែល​យើង​អាច​ដាក់​ទ្រង់​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង ។ ការដាក់​អាទិភាព​ដល់​កិច្ចការ​របស់​ទ្រង់​លើសពី​បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន​របស់​យើង ជួយ​យើង​ឲ្យ​ក្លាយជា​កាន់តែ​បរិសុទ្ធ និង​កាន់តែ​ជិតស្និទ្ធ​នឹងទ្រង់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​ពិចារណា​អាន លោកុប្បត្តិ ១៤:១៨–២០; ២៨:២០–២២ ខណៈពេល​ដែល​ពិចារណា​ថា ហេតុអ្វី​បានជា​រាស្ដ្រ​របស់​ព្រះ​ត្រូវបាន​ស្នើសុំ​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាំងពី​បុរាណ​កាល​មក ។ បន្ទាប់មក​សូម​អាន​ដំណើររឿង​ផ្ទាល់ខ្លួន​មកពី​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល ! » អំពី​ពេល​មួយ​ដែល​លោក​បាន​ជ្រើសរើស​ដាក់​ព្រះអម្ចាស់​ជា​ទីមួយ ដោយការ​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ ទោះបីជា​លោក​រក​លុយ​មិន​បាន​ច្រើន​ក៏ដោយ ។ លោក​បាន​បង្រៀន « ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​តម្រូវ​ឲ្យ​មាន​សេចក្តីជំនឿ ហើយ​វា​ក៏ ស្ថាបនា សេចក្តីជំនឿ​លើ​ព្រះ និង​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់​ផងដែរ » ។ តើ​ការរស់​នៅតាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តម្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ? តើ​វា​បង្កើន​នូវ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ទាំងទ្វេ​តាម​របៀបណា​ដែរ ?

សកម្មភាព​សម្រាប់​ការរៀន​ជាមួយគ្នា

  • សូម​អាន លេវីវិន័យ ២៧:៣០–៣២ និង របាក្សត្រ​ទី ២ ៣១:៥–៦ ដើម្បី​ស្វែងយល់​អំពី​របៀប​ដែល​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ធ្វើ​តាម​កាលពី​បុរាណ ។ ហេតុអ្វី​បានជា​អ្នក​គិត​ថា​ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺ​បរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ? សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧:១០–១២ ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​បានជួយ​ពួក​បរិសុទ្ធ​ដំបូង​ឲ្យ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តើ​ពួកគេ​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ​តាមរយៈ​ការគោរព​តាម​ក្រឹត្យវិន័យ​នេះ ? សូម​និយាយ​អំពី​របៀប​ដែល​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​អាច​ជួយ​ពង្រឹង​បំណង​ប្រាថ្នា​របស់​យើង​ផ្ទាល់​ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ ។

  • ពិភាក្សា​អំពី​របៀប​ដែល​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺ​ជា​ច្បាប់​ខាងសាច់ឈាម​ផង និង​ជា​ច្បាប់​ខាង​វិញ្ញាណ​ផង ។ បន្ទាប់​មក​សូម​អាន ម៉ាកុស ១២:៤១–៤៤ ជាមួយគ្នា ហើយ​និយាយ​អំពី​របៀប​ដែល​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​បញ្ហា​នៃ​សេចក្ដី​ជំនឿ ។ អ្នក​ក៏​អាច​មើល​វីដេអូ « The Widow’s Mite » ( នាទី ១:៥៧ ) ឬ « Jesus Teaches about the Widow’s Mites » ( នាទី ១:១៤ ) ជាមួយ​គ្នា​ផងដែរ ។ តើ​វា​មានន័យ​ដូចម្តេច​ក្នុងការ​ថ្វាយ​ទាំងអស់​នៃ​ផ្នែក​ខាងវិញ្ញាណ​របស់​អ្នក ពេល​ដែល​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដល់​ព្រះអម្ចាស់ ? តើ​ការថ្វាយ​ដល់​ទ្រង់​ទាំងអស់​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក និង​ផ្លាស់ប្ដូរ​អ្នក​ខាង​វិញ្ញាណ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

  • ហេព្រើរ ៧:១–២, ៩; អាលម៉ា ១៣:១៣–១៥

  • ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៣៤.៣.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ

  • ប្រធានបទ​ប្រវត្ដិ​សាសនាចក្រ « Tithing » នៅលើ​បណ្ណាល័យ​ដំណឹងល្អ

  • ស្ទេវិន ស៊ី ហាភើរ « The Tithing of My People » នៅក្នុង Revelations in Context ( ឆ្នាំ​២០១៦ ) ទំព័រ ២៥០–២៥៥

ផ្នែកទី ២

ព្រះអម្ចាស់​សន្យា​ប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់

ស្ត្រី​កំពុង​ញញឹម

យើង​ទទួល​ពរជ័យ​ជាច្រើន​ពី​ព្រះអម្ចាស់​នៅពេល​យើង​រស់នៅតាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​មានប្រសាសន៍ ៖ « ទ្វារ​នៃ​ស្ថានសួគ៌​បើកឡើង​តាម​របៀប​ជាច្រើន ។ ខ្លះ​ជា​ខាង​សាច់ឈាម ប៉ុន្តែ​ភាគច្រើន​ជា​ខាង​វិញ្ញាណ ។ ខ្លះ​មាន​លក្ខណៈ​តូចតាច និង​ងាយ​មើល​រំលង ។ សូម​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់ ពរជ័យ​ជា​ច្រើន​តែង​មក​ដល់ » ។ ពេល​យើង​សង្កេត និង​ទទួលស្គាល់​ទាំង​ពរជ័យ​ដែល​ឃើញ​ច្បាស់ និង​ពរជ័យ​ដែល​មិននឹក​ស្មានដល់​ពី​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ នោះ​យើង​អាច​មាន​អារម្មណ៍​ដឹងគុណ និង​សេចក្តី​ស្រឡាញ់​នៅក្នុង​ដួងចិត្ដ​របស់​យើង ហើយ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅក្នុង ម៉ាឡាគី ៣:៨–១២ យើង​ត្រូវ​បាន​សន្យា​ថា​មាន​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ការគោរព​ប្រតិបត្ដិ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ តើ​អ្នក​អាច​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ពរជ័យ​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក​នៅ​សព្វ​ថ្ងៃនេះ​ដោយ​របៀបណា ? សូម​ពិនិត្យ​មើល​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « បង្អួច​នៃ​ស្ថានសួគ៌ » ហើយ​បន្ទាប់​មក​ពិចារណា​អំពី​របៀប​សាមញ្ញ​មួយចំនួន​ដែល​អ្នក​ធ្លាប់ ឬ​អាច​ទទួលបាន​ពរជ័យ​ដោយ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ប្រហែល​ជា​អ្នក​អាច​សរសេរ​បញ្ជី​នៃ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក ហើយ​ពិចារណា​ថា​តើ​ពរជ័យ​ណា​ដែល​ជា​លទ្ធផល​បានមកពី​ការគោរព​ប្រតិបត្ដិ​តាម​ក្រឹត្យវិន័យ​នៃការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ តើ​ចំណេះដឹង​ដែល​ថា​អ្នក​ត្រូវបាន​ប្រទានពរ​សម្រាប់​ការរស់​នៅតាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ និង​ការមករក​ព្រះគ្រីស្ទ​កាន់តែ​ស៊ីជម្រៅ​ដោយ​របៀបណា ?

  • នៅពេល​ដែល​យើង​អនុវត្ត​សេចក្តី​ជំនឿ និង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ យើង​អាច​រំពឹង​ថា​នឹង​មាន​ពរជ័យ​មកពី​ព្រះអម្ចាស់ ។ នៅក្នុង​សុន្ទរកថា​របស់​លោក « Like a Watered Garden » ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ពន្យល់​ពី​របៀប​ដែល​ម៉ារី ហ្វីលឌីង ស្ម៊ីធ បាន​បន្ដ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ បន្ទាប់​ពី​ស្វាមី​របស់​គាត់ ហៃរ៉ុម ស្ម៊ីធ ត្រូវបាន​គេ​សម្លាប់ ។ សូម​ពិចារណា​អាន​ដំណើររឿង​នេះ​នៅក្នុង​សារលិខិត​របស់​ប្រធាន ហូឡិន ។ តើ​អ្នក​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់ ម៉ារី ? តើ​អ្នក​អាច​ទទួលបាន​ពរជ័យ​អ្វីខ្លះ​នៅពេល​ដែល​អ្នក​ចាប់ផ្តើម ឬ​បន្ត​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្រះអម្ចាស់​បាន​សន្យា​នឹង​យើង​ថា ពេល​ដែល​យើង​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ទ្រង់​នឹង « បើក …​ទ្វារ​ស្ថានសួគ៌ » និង « ចាក់ …​ព្រះពរ » មកលើ​យើង ( ម៉ាឡាគី ៣:១០ ) ។ តើ​វា​មានន័យ​ដូចម្តេច​ដែល​ថា បង្អួច​នៃ​ស្ថានសួគ៌​នឹង​បើក​នៅពេល​យើង​គោរព​ប្រតិបត្ដិ​តាម​ក្រឹត្យវិន័យ​នេះ ? សូម​អាន​ប្រសាសន៍​ទាំងនេះ​មក​ពី​អែលឌើរ បែដណា ជាមួយគ្នា ៖ « បង្អួច​អនុញ្ញាត​ឲ្យ​ពន្លឺ​ពី​ធម្មជាតិ​ជះ​ចូល​ទៅក្នុង​អគារ ។ តាមរបៀប​ដូចគ្នា​នេះដែរ ការបំផុសគំនិត និង​ទស្សនវិស័យ​ខាងវិញ្ញាណ គឺ​ចាក់ស្រោច​តាម​បង្អួច​នៃ​ស្ថានសួគ៌​ចូលមក​ក្នុង​ជីវិត​របស់យើង កាលណា​យើង​គោរព​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុងដប់ » ។ ប្រហែល​ជា​អ្នក​អាច​បិទ​ពន្លឺ​ដែល​ចូលទៅ​ក្នុង​បន្ទប់​ពីតាម​បង្អួច ឬ​តាម​ចន្លោះ​ផ្សេងៗទៀត​ពីមុន​អនុញ្ញាត​ឲ្យ​ពន្លឺ​ចូលមក​ម្ដងទៀត ។ ពិភាក្សា​អំពី​ភាព​ខុសគ្នា​ដែល​កើតមាន​ឡើង​ដោយសារ​ពន្លឺ និង​របៀប​ដែល​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​អាច​នាំយក​ពន្លឺ ឬ​ការបំភ្លឺ​ខាង​វិញ្ញាណ​មកដល់​អ្នក ។ អ្នក​ក៏​អាច​ចែកចាយ​ជាមួយគ្នា​នូវ​របៀប​ដែល​អ្នក​បាន​ដកពិសោធន៍​ការបំភ្លឺ​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​អ្នក កាល​អ្នក​បាន​គោរព​ប្រតិបត្ដិ​តាម​ក្រឹត្យវិន័យ​នៃការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ស្វែង​យល់​បន្ថែម​ទៀត

  • រ៉ូបឺត ឌី ហែល « Tithing: A Test of Faith with Eternal Blessings » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ ២៦–២៩

  • ស្សែលឌិន អេហ្វ ឆាល « The Best Investment » Liahona ខែ​ឧសភា ឆ្នាំ​២០០៨ ទំព័រ ៧៩–៨១

  • យូស៊ីហ៊ីហ្គូ ហ្គីហ្គុឈី « Will a Man Rob God? » Liahona ខែ​ឧសភា ឆ្នាំ​២០០៧ ទំព័រ ៩៧–៩៨

  • វ៉ាលើរី វី ខរដុន « The Language of the Gospel » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ ៥៥–៥៧

ផ្នែក​ទី ៣

មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ហើយ​នឹង​ត្រូវ​បែងចែក​ដោយ​អ្នក​បម្រើ​ទាំងឡាយ​របស់​ទ្រង់

កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ​ប្រើ​ប្រាស់​ដើម្បី​ប្រទាន​ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផងដែរ ពេល​ដែល​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ចែកចាយ​ទៅ​ទូទាំង​ពិភពលោក ។ ការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេល​ដែល​សមាជិក​បរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​សាសនាចក្រ។ ក្រុម​ប្រឹក្សា​មួយ​ដែល​មាន​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​គណៈ​ប៊ីស្សព​ជា​អធិបតី​កំណត់​ពី​របៀប​ដែល​ល្អបំផុត​ដើម្បី​បែងចែក​មូលនិធិ​ដ៏​ពិសិដ្ឋ​ទាំងនេះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២០:១ ) ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន ៖ « មូលនិធិ​ពិសិដ្ឋ​ទាំង​នេះ​ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទេ ។ វា​គឺជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ។ ពួក​អ្នក​បម្រើ​ទ្រង់​ដឹង​យ៉ាង​ច្បាស់​ពី​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ការទទួល​ខុសត្រូវ​របស់​ពួកគេ » ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​ស្វែងរក​ឆន្ទៈ​របស់​ព្រះអម្ចាស់ និង​ធ្វើ​ការសម្រេចចិត្ត​ទាក់ទង​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ស្របតាម​ការណែនាំ​ដែល​ពួកលោក​ទទួល​ពី​ព្រះអម្ចាស់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អ្នកបម្រើ​ដែល​បាន​ជ្រើសរើស​របស់​ព្រះអម្ចាស់ គឺជា​អ្នកគ្រប់គ្រង​លើ​ការបរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ប៊ីស្សព ហ្គែរ៉ល កូសសេ បានពន្យល់ « នៅក្នុង​វាក្យសព្ទ​នៃ​ដំណឹងល្អ ពាក្យ ការ​កាន់កាប់​ត្រួតត្រា បាន​កំណត់​នូវ​ការទទួល​ខុសត្រូវ​ខាងវិញ្ញាណ ឬ​ខាងសាច់ឈាម​ដ៏ពិសិដ្ឋ ដើម្បី​ថែរក្សា​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​យើង​មាន​ទំនួលខុសត្រូវ » ។ តើ​ការកាន់កាប់​ត្រួតត្រា​លើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ​ជា​ការទទួល​ខុសត្រូវ​ទាំងខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​សម្រាប់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ? សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:១១–១៧ ។ តើ​អ្នក​រៀន​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ អំពី​បំណង​ប្រាថ្នា​របស់​ព្រះអម្ចាស់​ដើម្បី « ប្រទានពរ​សម្រាប់​ពួកបរិសុទ្ធ [ របស់ទ្រង់ ] » តាមរយៈ​ការកាន់កាប់​ត្រួតត្រា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ពរជ័យ​ជាច្រើន​ដែល​យើង​រីករាយ​នៅក្នុង​សាសនាចក្រ​គឺ​ដោយសារ​តែ​ការបរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែលត្រូវ​បាន​ប្រើ​ដើម្បី​កសាង​នគរ​របស់​ព្រះ​នៅជុំវិញ​ពិភពលោក ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា « ព្រះវិហារ​បរិសុទ្ធ សាលប្រជុំ ថ្នាក់​សិក្ខាសាលា និង​សង្គម » គឺ​អាចកើត​មានឡើង​បាន​ដោយសារតែ​ដង្វាយ​មួយ​ភាគក្នុង​ដប់​ដែល​សមាជិក​បាន​ចូលរួម​ចំណែក ហើយ​ថា « ពរជ័យ » ទាំងនេះ​មិនអាច​កើតឡើង​តាមរបៀប​ណាផ្សេង​ទៀតឡើយ ។ សូម​និយាយ​ជាមួយ​គ្នា​អំពី​ពរជ័យ​ដែល​អាច​កើតមាន​ដោយសារ​តែ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ តើ​ពរជ័យ​ទាំងនេះ​អាច​ជួយ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ​ដ៏​អស់កល្ប និង​នាំ​យើង​ឲ្យ​ខិត​កាន់តែជិត​ព្រះ​ដោយ​របៀបណា ? តើ​ពរជ័យ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ការតាំងចិត្ដ​របស់​យើង​ដើម្បី​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ និង​ដោយ​ស្មោះត្រង់​កាន់តែ​ខ្លាំង​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត