បណ្ណាល័យ
ការថ្វាយ


« ការថ្វាយ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

គូស្វាមី​ភរិយា​វ័យក្មេង​កំពុងសិក្សា​ព្រះគម្ពីរ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការថ្វាយ

ការលះបង់​អ្វី​មួយ​សម្រាប់​គោលបំណង​បរិសុទ្ធ

តើ​អ្នក​ធ្លាប់​ខ្វល់ខ្វាយ​ចំពោះ​នរណា​ម្នាក់​យ៉ាងខ្លាំង ដល់កម្រិត​មួយ​ដែល​អ្នក​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ពួកគេ​ដែរឬ​ទេ ? ការលះបង់​របស់​អ្នក​ចំពោះ​មនុស្ស​ម្នាក់​នោះ គឹ​ត្រូវចំណាយ​ពេលវេលា និង​ការអត់ធន់ ប៉ុន្ដែ​វា​ក៏​បង្កើន​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​នឹង​បុគ្គល​នោះ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ផងដែរ ។

ការលះបង់​ដោយ​ស្ម័គ្រចិត្ដ​ប្រភេទនេះ​រំឭក​យើង​អំពី​អត្ថន័យ​នៃ​ការថ្វាយ​ខ្លួន​របស់​យើង​ទៅដល់​ព្រះអម្ចាស់ ។ តាមរយៈ​ការថ្វាយ នោះ​យើង​ឧទ្ទិស​ខ្លួន​របស់​យើង​ទៅដល់​ព្រះ​ដោយសារ​យើង​ស្រឡាញ់​ទ្រង់ ។ ហើយ​នៅពេល​យើង​ធ្វើ​បែបនេះ យើង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹងព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

តើ​ការថ្វាយ​គឺជា​អ្វី ?

ការថ្វាយ​គឺ​ជា​ការញែក​នូវ​កិច្ចការ​អ្វីមួយ​ចេញ​ជា​បរិសុទ្ធ​សម្រាប់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ស្ម័គ្រចិត្ដ​លះបង់​ពេលវេលា ទេពកោសល្យ និង​មធ្យោបាយ​នានា​ដើម្បី​បង្កើត​នគរ​នៃ​ព្រះ ។ ដូចដែល​អែលឌើរ ដេវីដ អេ បែដណា បាន​បង្រៀនថា ការថ្វាយ « ត្រូវបាន​ជំរុញ​ដោយ​សេចក្ដី​សប្បុរស ហើយ​បង្កើត​បានជា​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​កាន់តែ​ខ្លាំង​ឡើង » ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សមាជិក​សាសនាចក្រ​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​រស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ទម្រង់​ដ៏ខ្ពស់​បំផុត​នៃ​ការថ្វាយ គឺជា​ការប្រគល់​នូវ​អ្វី​ដែល​ជា​ខ្លួន​យើង​ទាំងអស់ និង​អ្វី​ដែល​ជា​សក្ដានុពល​របស់​យើង ដើម្បី​សាងសង់​នគរ​នៃ​ព្រះ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការថ្វាយ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ, ការលះបង់ អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ, ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត

ផ្នែកទី ១

តាមរយៈ​ការថ្វាយ ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ក្លាយជា​បរិសុទ្ធ​ដូចជា​ទ្រង់

ស្ត្រី​កាន់​រូបភាព​របស់​ព្រះគ្រីស្ទ

នៅពេល​យើង​ថ្វាយ​អ្វីមួយ​ដល់​ព្រះ យើង​ឧទ្ទិស​ថ្វាយ​ការណ៍​នោះ​សម្រាប់​ការសាងសង់​នគរ​នៃ​ព្រះអម្ចាស់ ។ នៅពេល​យើង​ថ្វាយ​អ្វី​មួយ​ដល់​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ អ្វី​មួយ​នោះ​នឹងក្លាយ​ជា​បរិសុទ្ធ ។

ខណៈ​ដែល​យើង​ថ្វាយ​ពេលវេលា ទេពកោសល្យ និង​មធ្យោបាយ​នានា​ទៅដល់​ព្រះអម្ចាស់ « ការថ្វាយ​ដ៏​មហិមា​បំផុត​គឺជា​ការប្រគល់​ខ្លួនយើង​ទៅដល់​ព្រះ » ។ ក្នុង​ន័យ​នេះ ការថ្វាយ​គឺ​មិនមែន​ជា​ព្រឹត្ដិការណ៍ ឬ​ពិធី​ដើម្បី​បូជា​អ្វី​មួយ​នោះទេ—វា​គឺជា​ដំណើរការ​ដែល​ជួយ​យើង​ឲ្យមក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ នៃ​ការរស់នៅ​ក្នុង​ជីវិត​នៃការ​ថ្វាយ នោះ​យើង​អាច​ក្លាយ​ជា​បរិសុទ្ធ​ដូចជា​ទ្រង់​ដែរ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • វា​ត្រូវការ​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ថ្វាយ​ខ្លួន​របស់​យើង​ដល់​ព្រះ ។ សូម​ពិចារណា​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤:២ ហើយ​ជញ្ជឹងគិត​ពី​អត្ថន័យ​នៃ​ការបម្រើ​ព្រះ​ដោយ « អស់ពីចិត្ដ អស់ពីពលំ អស់ពីគំនិត និង​អស់ពីកម្លាំង » ។ តើ​យើង​អាច​ខិត​កាន់តែ​ជិត​ព្រះ​ដើម្បី​ថ្វាយ​ខ្លួន​របស់​យើង « ទាំងអស់ » ដល់​ព្រះអម្ចាស់​បាន​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ថ្វាយ​អ្វីមួយ​ដល់​ទ្រង់ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់​បានដែរ​ឬ​ទេ ? សូម​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

  • ព្រះអម្ចាស់​ក៏​អាច​ប្រទាន​ពរ​ដល់​យើង​ដោយ​ការធ្វើ ឬ​ញែក​ការសាកល្បង​របស់​យើង​ចេញ​ជា​បរិសុទ្ធ​ដែរ ។ នៅក្នុង ព្រះគម្ពីរ​មរមន លីហៃ​បាន​ប្រាប់​កូន​របស់​លោក​គឺ​យ៉ាកុប​ថា ព្រះអម្ចាស់ « នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំងឡាយ​របស់​កូន ក្លាយ​ទៅជា​ផល​ប្រយោជន៍​ដល់​កូន​វិញ » ។ សូមអាន​ពាក្យ​របស់​លីហៃ​នៅក្នុង នីហ្វៃ​ទី​២ ២:១–២ ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ការប្រឈម​របស់​អ្នក​ក្លាយទៅ​ជា​ប្រយោជន៍​ដល់​អ្នក​បាន​ដោយ​របៀបណា ? តើ​ទ្រង់​បានជួយ​អ្នក​ប្រើ​បទពិសោធន៍​ទាំងនោះ ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​អ្នកដទៃ​ដោយ​របៀបណា ? សូម​កត់ត្រា​គំនិត​ណាមួយ​ដែល​អ្នក​មាន​អំពី​របៀប​ដែល​ការសាកល្បង​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​បរិសុទ្ធ​ជាង និង​នាំ​អ្នក​ទៅកាន់តែ​ជិត​ព្រះគ្រីស្ទ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង​សុន្ទរកថា​នៅ​ឯ​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​មួយ​នៅ​ឆ្នាំ២០១៧ ដែល​មាន​ចំណង​ជើង « ពួក​ព្យាការី ភាព​ជា​អ្នក​ដឹកនាំ និង​ក្រឹត្យវិន័យ​របស់​ព្រះ » ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញ​យុវមជ្ឈិមវ័យ​ឲ្យ​ថ្វាយ​ពេល​វេលា​ខ្លះ​របស់​ពួកគេ​ដើម្បី​សិក្សា​អំពី​ព្រះយេស៊ូគ្រីស្ទ ។ លោក​បាន​មានប្រសាសន៍​ថា ៖ « ប្រសិន​បើ​ក្មួយ​ចាប់​ផ្ដើម​រៀន ឲ្យ​អស់​ពី​លទ្ធភាព អំពី​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយ​ថា សេចក្ដី​ស្រឡាញ់​របស់​ក្មួយ​ចំពោះ​ទ្រង់ និង​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ​នឹង​កើន​ឡើង​ហួស​អ្វី​ដែល​ក្មួយ​នឹក​ស្រមៃ​នា​ពេល​នេះ ។ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយ​ផង​ដែរ​ថា សមត្ថភាព​របស់​ក្មួយ​ដើម្បី​ងាក​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​នឹង​កើន​ឡើង ។ ក្ដី​ប្រាថ្នា​របស់​ក្មួយ​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ឡើង​ដល់​កម្រិត​ខ្ពស់ ។ ក្មួយ​នឹង​រកឃើញ​ថា​ខ្លួន​ឯង​អាច​ដើរ​ចេញ​ឆ្ងាយ​ពី​ការ​កម្សាន្ត និង​ការ​ច្របូក​ច្របល់​នៃ​ជន​ដែល​រិះគន់​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសើរ​ជាង » ។ សូម​មើល​សុន្ទរកថា​របស់​ប្រធាន ណិលសុន ឡើងវិញ​ជាមួយគ្នា ហើយ​បន្ទាប់មក​ស្ដាប់ ឬ​ច្រៀង​ទំនុកតម្កើង « Take Time to Be Holy » ។ តើ​ការថ្វាយ​ពេលវេលា​របស់​អ្នក​ដើម្បី​សិក្សា​អំពី​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​បាន​បរិសុទ្ធ​ដោយ​របៀបណា ? ប្រហែល​ជាអ្នក​អាច​ចែកចាយ​គំនិត​ជាមួយគ្នា​អំពី​របៀប​ដើម្បី​ឧទ្ទិសថ្វាយ​ពេលវេលា​របស់​អ្នក​ដើម្បី​រៀនសូត្រ​អំពី​ទ្រង់ ។ សូម​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

  • ការថ្វាយ​អ្វីមួយ​ទៅដល់​ព្រះ​សម្រាប់​ជា​ប្រយោជន៍​ដល់​ទ្រង់ អាច​ស្ដាប់​ទៅ​ជា​រឿង​ពិបាក ប៉ុន្ដែ​ជីវិត​ដែល​បានឧទ្ទិស​គឺ​តាមពិតទៅ​អាច​កើត​មានឡើង​តាមរយៈ​ជម្រើស​សាមញ្ញៗ​ដែល​យើង​ធ្វើជា​ប្រចាំ​ថ្ងៃ ។ នៅក្នុង​សន្និសីទ​ទូទៅ ខែមេសា ឆ្នាំ២០១៥ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀនថា ៖ « ដោយ​ការអត់ធ្មត់ និង​ការស៊ូទ្រាំ ទោះ​ជា​ទង្វើដ៏​តូច​នៃ​ភាពជា​សិស្ស ឬ​ជំនឿ​ដ៏​តិច​បំផុត​ក្ដី ក៏​អាច​ក្លាយ​ជា​ភ្នក់ភ្លើង​ដ៏​សន្ធៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ​ដែរ ។ តាម​ពិត​ទៅ វា​ជា​របៀប​ដែល​ភ្នក់ភ្លើង​ចាប់​ផ្ដើម—គឺ​ចេញ​ពី​រងើក​ធម្មតា » ។ សូម​មើល​វីដេអូ​នេះ ដែល​បង្ហាញ​ពី​របៀប​ដែល​ភ្លក់ភ្លើង​ចាប់ផ្ដើម​បង្កាត់ ។ ឬ អ្នក​អាច​បង្កាត់​ភ្នក់ភ្លើង​ជាមួយ​គ្នា​បាន ប្រសិន​បើ​អ្នក​នៅ​ទីកន្លែង​ដែល​នឹង​មានសុវត្ថិភាព​ដើម្បី​ធ្វើ​បែប​នេះ ។ សូម​ពិភាក្សា​អំពី​កិច្ចការ​តូចៗ ដែល​យើង​ធ្វើ​ជា​រៀងរាល់ថ្ងៃ ដែល​អាច​ឧទ្ទិសថ្វាយ​ព្រះអម្ចាស់​ដើម្បី​អ្នក​អាច​កាន់តែ​ក្លាយជា​បរិសុទ្ធ​ដូចជា​ទ្រង់ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចុះ​សេចក្ដីសញ្ញា​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ

គូស្វាមី​ភរិយា​ដើរ​នៅក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចុះ​សេចក្ដីសញ្ញា​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ តាមរយៈ​ការរស់នៅ​តាមក្រឹត្យវិន័យ​នៃ​ការថ្វាយ សមាជិក​ទាំងឡាយ​ជួយ​មើលថែ​ដល់​តម្រូវការ​ខាងផ្នែក​រូបរាងកាយ និង​ផ្នែក​វិញ្ញាណ​របស់​មនុស្ស​ដទៃ និង​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី ។ ការរក្សា​សេចក្ដីសញ្ញា​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​អាច​នាំមក​នូវ​ពរជ័យ​ដ៏​ច្រើន រួមមាន « ការទទួល​បាន​នូវ​អានុភាព​ដ៏​មហិមា​នៃ​ព្រះ និង​សេចក្ដីស្រឡាញ់ ភាពសុខសាន្ដ ការលួងលោម និង​អំណរ​ដ៏​និរន្ដរ៍ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ក្រឹត្យវិន័យ​នៃ​ការថ្វាយ​គឺ​អស់កល្ប​ជានិច្ច ។ អ្នកដើរតាម​ព្រះ​នៅ​សម័យ​បុរាណ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​នេះ​នៅក្នុង​យុគសម័យ​ផ្សេងៗគ្នា ហើយ​ក្រឹត្យវិន័យ​នេះ​បានស្ដារឡើងវិញ​នៅ​ថ្ងៃចុងក្រោយ ។ អ្នក​អាច​អាន​អំពី​ការថ្វាយ​នៅក្នុង កិច្ចការ ៤:៣២; នីហ្វៃទី​៤ ១:១–៣; និង ម៉ូសេ ៧:១៨ ។ តើ​អ្នក​គិតថា « គ្រប់​របស់​ទាំងប៉ុន្មាន ជា​របស់​សម្រាប់​ប្រើ​ជាមួយគ្នា​ទាំងអស់ » និង​ការក្លាយ​ជា « មានចិត្ដ​តែមួយ និង​គំនិត​តែមួយ » ជាមួយ​អ្នកដទៃ មានន័យ​យ៉ាងដូចម្តេច ? តើ​អ្នក​អាច​ធ្វើតាម​គំនិត​ដ៏​ប្រសើរ​ទាំងនេះ​ដោយ​របៀបណា កាល​អ្នក​ខិតខំ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ? សូម​សរសេរ និង​ធ្វើសកម្មភាព​លើការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • របៀប​មួយ​ដែល​យើង​អាច​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ គឺ​តាមរយៈ​ការជួយ​អ្នកដទៃ​បំពេញ​តម្រូវការ​ខាងសាច់ឈាម និង​ខាងវិញ្ញាណ​របស់​ពួកគេ ។ ជា​ក្រុម សូម​អាន ម៉ូសាយ ៤:២៦ ហើយ​បន្ទាប់មក​ច្រៀង​ទំនុកតម្កើង « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬទេ ? ? » សូម​និយាយ​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​អ្នក​ដែល​ខ្វះខាត តាមរយៈ​ការងារបម្រើ ការបង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការបង់ដង្វាយ​តមអាហារ គម្រោង​សប្បុរសធម៌ និង​ប្រភេទ​នៃ​ការងារ​បម្រើ​ផ្សេងទៀត ។ អ្នក​ក៏​អាច​ដាក់​ផែនការ​ការបម្រើ​ជា​ក្រុម​បាន​ផងដែរ ។ អ្នក​ក៏​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​បទពិសោធន៍​ដែល​បង្ហាញ​ពី​របៀប​ដែល​ការជួយ​មនុស្ស​ម្នាក់​ដែល​ខ្វះខាត បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក និង​នាំ​អ្នក​ឲ្យខិតកាន់​តែជិត​ព្រះយេស៊ូវគ្រីស្ទ ។

  • របៀប​មួយ​ទៀត​ដែល​យើង​រស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​គឺ នៅពេល​យើង​បំពេញ​ការហៅ និង​ការចាត់តាំង​នៅក្នុង​សាសនាចក្រ ដោយ​អស់​ពី​សមត្ថភាព​របស់​យើង ។ ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀនថា ៖ « ការហៅ​ឲ្យ​បម្រើ​គួរតែ​ជា​ស្ថិតនៅ​លើ​ដួងចិត្ដ​ជាចម្បង ។ តាមរយៈការថ្វាយ​ដួងចិត្ត​របស់​យើង​ទាំងមូល​ទៅ​ដល់​លោក​ចៅហ្វាយ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​យើង​អាច​មក​ស្គាល់​ទ្រង់​បាន ។ នៅ​ទីបំផុត តាមរយៈ​អំណាច​នៃ​ដង្វាយធួន ដួងចិត្ដ​របស់​យើង​បាន​ផ្លាស់ប្ដូរ ហើយ​យើង​អាច​ក្លាយដូចជា​ទ្រង់ » ។ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​គិត​ពី​នរណា​ម្នាក់​នៅក្នុង​ជីវិត​របស់​ពួកគេ ដែល​បានបម្រើ​ក្នុង​ការហៅ​ដោយ​អស់​ពី​ដួងចិត្ដ​របស់​គាត់ ។ សូម​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​អ្នក​បានរៀន ចេញ​ពី​គំរូ​នៃ​ការរស់នៅ​ក្នុង​ជីវិត​នៃ​ការឧទ្ទិសថ្វាយ​របស់​បុគ្គល​នោះ និង​ពី​របៀប​ដែល​អ្នក​ជឿ​ថា​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មានភាព​ខុសគ្នា​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ ។

ស្វែង​យល់​បន្ថែម​ទៀត

  • ហែនរី ប៊ី អាវរិង « Opportunities to Do Good » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ២២–២៦

  • ប្រធានបទ​ប្រវត្ដិ​សាសនាចក្រ « Consecration and Stewardship » នៅលើ​បណ្ណាល័យ​ដំណឹងល្អ