« ១២. អង្គការបឋមសិក្សា » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ១២. អង្គការបឋមសិក្សា » ក្បួនខ្នាតទូទៅ ។
១២.
អង្គការបឋមសិក្សា
១២.១
គោលបំណង និងអង្គការ
អង្គការបឋមសិក្សាជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ នៅពេលដែលពួកគេឱបក្រសោបដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេនឹង « តាំងចិត្តឲ្យខ្ជាប់ខ្ជួន ហើយនឹងនគឺពោរពេញទៅដោយអំពើល្អជានិច្ច » ( ម៉ូសាយ ៥:១៥ ) ។
១២.១.១
គោលបំណង
អង្គការបឋមសិក្សាជួយដល់កុមារឲ្យ ៖
-
ទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយរៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ ។
-
រៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
រៀនសូត្រ និងរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ទទួលអារម្មណ៍ ទទួលស្គាល់ និងធ្វើតាមព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
-
រៀបចំខ្លួន ចុះសេចក្ដីសញ្ញា និងគោរពតាមសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។
-
ចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។
១២.១.២
បាវចនាអង្គការបឋមសិក្សា
បាវចនាអង្គការបឋមសិក្សាគឺជាការរំឭកដល់ពរជ័យនៃការបម្រើនៅក្នុងអង្គការបឋមសិក្សា ៖
« កូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះអម្ចាស់ ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ » ( អេសាយ ៥៤:១៣; នីហ្វៃទី៣ ២២:១៣ ) ។
១២.១.៣
ថ្នាក់ទារកដ្ឋាន
ថ្នាក់ទារកដ្ឋានជួយកុមារអាយុពី១៨ខែ ដល់៣ឆ្នាំ ឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយរៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ ។
អ្នកដឹកនាំថ្នាក់ទារកដ្ឋានស្រឡាញ់ បង្រៀន និងផ្ដល់ការងារបម្រើដល់កុមារ ។ ពួកគាត់ត្រូវប្រាកដថា ទារកទារិកាមានសុវត្ថិភាព និងសុខុមាលភាព ។
យ៉ាងហោចណាស់មនុស្សពីរនាក់គួរតែត្រូវបានហៅបម្រើនៅថ្នាក់ទារកដ្ឋាននីមួយៗ ។ បើថ្នាក់ដឹកនាំថ្នាក់ទារកដ្ឋានពុំមែនជាស្វាមី និងភរិយាទេ នោះពួកគាត់គួរតែមានភេទដូចគ្នា ។
ថ្នាក់ទារកដ្ឋានមានរយៈពេលពេញម៉ោងដូចម៉ោងអង្គការបឋមសិក្សាដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ១២.១.៤ និង ១២.៣.៥ ។
១២.១.៤
ថ្នាក់ទាំងឡាយ
ថ្នាក់អង្គការបឋមសិក្សាជួយកុមារឲ្យដឹងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយរៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ ។ មេរៀនតាមកម្មវិធី ចូរមកតាមខ្ញុំ ។ នៅថ្ងៃអាទិត្យទីប្រាំ គ្រូបង្រៀនត្រូវបានលើកទឹកចិត្តឲ្យប្រើ « ឧបសម្ព័ន្ធ ខ ៖ សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកុមារដើរនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ថ្នាក់អង្គការបឋមសិក្សាត្រូវបានរៀបចំឡើងតាមអាយុ និងចំនួនគ្រូបង្រៀនដែលមាន ។ អង្គភាពដែលមានកុមារ ឬគ្រូតិចអាចដាក់ក្រុមអាយុពីរ ឬច្រើនបញ្ចូលគ្នាឲ្យទៅជាថ្នាក់មួយបាន ។ នៅក្នុងអង្គភាពធំ ថ្នាក់ដឹកនាំអង្គការបឋមសិក្សាអាចបង្កើតថ្នាក់ច្រើនជាងមួយសម្រាប់ក្រុមអាយុមួយ ហើយមានថ្នាក់ទារកដ្ឋានច្រើនជាងមួយ ។
នៅពេលមានចំនួនកុមារគ្រប់គ្រាន់ ពួកគេត្រូវបំបែកទៅជាថ្នាក់រៀនជាច្រើនតាមអាយុរបស់ពួកគេនៅថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំចាស់ ដូចដែលបង្ហាញនៅក្នុងតារាងខាងក្រោមនេះ ៖
|
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ |
ថ្នាក់នៅថ្ងៃទី១ ខែមករា |
|---|---|
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ២ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ទារកដ្ឋាន ( កុមារចូលថ្នាក់ទារកដ្ឋាននៅអាយុ១៨ ខែ ) |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៣ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់សាន់ប៊ីម |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៤ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ ជ.ផ.ត. ៤ |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៥ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ ជ.ផ.ត. ៥ |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៦ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ ជ.ផ.ត. ៦ |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៧ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ក្លាហាន ៧ |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៨ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ក្លាហាន ៨ |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ៩ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ក្លាហាន ៩ |
អាយុនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចាស់ ១០ | ថ្នាក់នៅថ្ងៃទី១ ខែមករា ថ្នាក់ក្លាហាន ១០ |
ជាទូទៅកុមារឡើងពីថ្នាក់អង្គការបឋមសិក្សាទៅថ្នាក់យុវនារី ឬកូរ៉ុមឌីកុននៅក្នុងខែមករានៃឆ្នាំដែលពួកគេចូលដល់អាយុ ១២ ឆ្នាំ ។ ពួកគេអាចទទួល វិញ្ញាបនបត្រនៃការរីកចម្រើន ។ វិញ្ញាបនបត្រទាំងនេះអាចបង្កើតបាននៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។
ក្នុងកាលៈទេសៈខ្លះ កុមារដែលមានអាយុ ១១ ឆ្នាំ ប្រហែលជាមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចេញពីអង្គការបឋមសិក្សានោះទេ ។ ប៊ីស្សព ឪពុកម្តាយ និងកុមារប្រឹក្សាជាមួយគ្នាអំពីពេលវេលាត្រឹមត្រូវ ។
កុមារអាចមិនទាន់បានបញ្ចប់អង្គការបឋមសិក្សាពីមុនខែមករានៃឆ្នាំដែលពួកគេចូលដល់អាយុ ១២ ឆ្នាំនៅឡើយ ។ ហើយយុវជនក៏មិនអាចតែងតាំងជាឌីកុនពីមុនពេលនោះដែរ ។
១២.១.៥
ពេលវេលាចម្រៀង
ពេលវេលាចម្រៀងជួយកុមារឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយរៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ ។ នៅពេលកុមារច្រៀងអំពីគោលការណ៍នៃដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ពីសេចក្ដីពិតពេញលេញនៃគោលការណ៍ទាំងនោះ ។ ទំនុកច្រៀង និងតន្ត្រីនឹងដក់ជាប់ក្នុងគំនិត និងដួងចិត្តរបស់កុមារពេញមួយជីវិតរបស់ពួកគេ ។
ម៉ោងច្រៀងចម្រៀងគឺខុសពីម៉ោងថ្នាក់រៀនផ្សេងទៀត ។ អំឡុងម៉ោងច្រៀងចម្រៀង កុមារបានរៀននៅពេលពួកគេចូលរួមច្រៀងយ៉ាងសកម្ម ។ អ្នកដឹកនាំភ្លេងថ្នាក់អង្គការបឋមសិក្សាបង្រៀនគោលការណ៍នៃដំណឹងល្អ ប៉ុន្ដែពួកគាត់បង្រៀនតាមរយៈតន្ដ្រីជាចម្បង ។
គណៈប្រធានអង្គការបឋមសិក្សា និងអ្នកដឹកនាំតន្ត្រីជ្រើសរើសចម្រៀងសម្រាប់ខែនីមួយៗ ដើម្បីពង្រឹងគោលការណ៍ដំណឹងល្អដែលកុមារកំពុងរៀននៅក្នុងថ្នាក់ និងនៅឯគេហដ្ឋានរបស់ពួកគេ ។ ចម្រៀងទាំងឡាយដែលពង្រឹងដល់គោលការណ៍ទាំងនេះ ក៏មាននៅក្នុង ចូរមកតាមខ្ញុំ ផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ។ សូមមើលផងដែរ ១២.១.៦ និង ១២.៣.៤ នៅក្នុងក្បួនខ្នាតនេះ ។
១២.១.៦
បទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់
បទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់ប្រចាំឆ្នាំ ធ្វើឡើងនៅអំឡុងពីរបីខែមុនដំណាច់ឆ្នាំ ។ កុមារធ្វើបទបង្ហាញពីអ្វីដែលពួកគេបានរៀននៅឯផ្ទះ និងនៅឯព្រះវិហារនៅអំឡុងឆ្នាំនេះ ។ ពួកគេជួយឲ្យអង្គប្រជុំផ្តោតយកចិត្តទុកដាក់លើព្រះវរបិតាសួគ៌ ព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ពួកទ្រង់ ។
គណៈប្រធានអង្គការបឋមសិក្សា និងអ្នកដឹកនាំតន្រ្តីដាក់ផែនការពីបទបង្ហាញនេះប្រកបដោយការអធិស្ឋាន ។ គណៈប៊ីស្សពផ្តល់ឲ្យនូវការណែនាំ ។ កុមារអាចច្រៀងចម្រៀង ឡើងនិយាយ និងចែកចាយដំណើររឿង បទគម្ពីរ ឬថ្លែងទីបន្ទាល់ ។
បទបង្ហាញអាចយកពេលទាំងអស់ ឬផ្នែកខ្លះនៃម៉ោងប្រជុំ បន្ទាប់ពីសាក្រាម៉ង់ ។ អង្គភាពដែលមានកុមារតិចអាចអញ្ជើញសមាជិកគ្រួសាររបស់កុមារឲ្យចូលរួម ។
ដោយសារតែភាពពិសិដ្ឋនៃការប្រជុំសាក្រាម៉ង់ នោះការធ្វើបទបង្ហាញមិនគួរបញ្ចូលនូវជំនួយចក្ខុ សម្លៀកបំពាក់បែបប្រពៃណី ឬបទបង្ហាញប្រព័ន្ធផ្សព្វផ្សាយឡើយ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ។
១២.១.៧
ការប្រជុំរៀបចំខ្លួនសម្រាប់បព្វជិតភាព និងព្រះវិហារបរិសុទ្ធ
ឪពុកម្តាយទទួលខុសត្រូវជាចម្បងក្នុងការបង្រៀនដល់កូនៗរបស់ពួកគាត់អំពីព្រះវិហារបរិសុទ្ធ និងបព្វជិតភាព ។ ដើម្បីគាំទ្រដល់ពួកគាត់ គណៈប្រធានអង្គការបឋមសិក្សាដាក់ផែនការធ្វើការប្រជុំរៀបចំខ្លួនសម្រាប់បព្វជិតភាព និងព្រះវិហារបរិសុទ្ធជារៀងរាល់ឆ្នាំ ។ គណៈប៊ីស្សពផ្តល់ឲ្យនូវការណែនាំ ។ ការប្រជុំនេះគឺសម្រាប់កុមារនៅក្នុងថ្នាក់ ក្លាហាន ១០ ។ ឪពុកម្តាយត្រូវបានអញ្ជើញឲ្យចូលរួម ។ ការប្រជុំនេះមានគោលបំណងដូចខាងក្រោម ៖
-
ជួយកុមារឲ្យយល់ពីគោលបំណង ការទទួលខុសត្រូវ និងពរជ័យនៃបព្វជិតភាព ។
-
ជួយកុមារឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ហើយរៀបចំខ្លួនដើម្បីធ្វើ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។
-
ជួយកុមារាឲ្យរៀបចំខ្លួនដើម្បីទទួលបព្វជិតភាពអើរ៉ុន ។
-
ជួយកុមារឲ្យរៀបចំខ្លួនទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
ការប្រជុំនេះអាចធ្វើឡើងនៅអំឡុងថ្នាក់អង្គការបឋមសិក្សានៅថ្ងៃអាទិត្យ នៅពេលផ្សេងទៀតនៅថ្ងៃអាទិត្យ ឬនៅពេលខុសគ្នាណាមួយ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំកម្មវិធី ។ យ៉ាងហោចណាស់ មានសមាជិកមួយរូបនៃគណៈប្រធានអង្គការបឋមសិក្សាចូលរួម ។
ប្រសិនបើអង្គភាពមួយដែលមានកុមារតិច នោះការប្រជុំអាចធ្វើឡើងក្រោមការដឹកនាំពីគណៈប្រធានស្តេក ។ វួដខ្លះ ឬវួដទាំងអស់នៅក្នុងស្តេកជួបជុំជាមួយគ្នា ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល Temple and Priesthood Preparation នៅលើគេហទំព័រ ChurchofJesusChrist.org ។
១២.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ
ព្រះអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយជួយធ្វើកិច្ចការរបស់ទ្រង់តាមរយៈ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការមើលថែដល់អ្នកខ្វះខាត ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
អង្គការបឋមសិក្សាជួយកុមារ ក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនឲ្យចូលរួមនៅក្នុងកិច្ចការនេះ ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីកិច្ចការនៃសេចក្តីសង្រ្គោះ និង ភាពតម្កើងឡើងរបស់ព្រះ សូមមើល ជំពូកទី ១ ។
១២.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
១២.២.១.១
តួនាទីរបស់ឪពុកម្តាយ និងថ្នាក់ដឹកនាំ
ឪពុកម្តាយទទួលខុសត្រូវលើការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន និងជួយពួកគេឲ្យរស់នៅតាមដំណឹងល្អ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥–២៨ ) ។ ថ្នាក់ដឹកនាំអង្គការបឋមសិក្សា និងគ្រូបង្រៀនគាំទ្រដល់ឪពុកម្តាយនៅក្នុងការទទួលខុសត្រូវនេះ ដូចមានចែងខាងក្រោម ៖
-
ធានាឲ្យបានថា មេរៀនអង្គការបឋមសិក្សា ម៉ោងច្រៀងចម្រៀង និងការបម្រើ ព្រមទាំងសកម្មភាពនានាជួយកុមារឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
-
ជួយកុមារឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
-
ជួយកុមារាឲ្យរៀបចំខ្លួនទទួលការតែងតាំងបព្វជិតភាព ។
-
ជួយកុមារឲ្យរៀបចំខ្លួនទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
-
បង្រៀនកុមារអំពីពរជ័យនៃការចែកចាយដំណឹងល្អ ដោយបូករួមទាំងការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងផងដែរ ។
ថ្នាក់ដឹកនាំគួរតែយកចិត្តទុកដាក់ចំពោះកុមារ ដែលខ្វះការគាំទ្រពីក្រុមគ្រួសារដើម្បីរស់នៅតាមដំណឹងល្អ ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំព្យាយាមធ្វើជាគំរូល្អដល់កុមារ ។ ពួកគាត់លើកទឹកចិត្តដល់កុមារនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ កម្មវិធីកុមារ និងយុវវ័យគឺជាធនធានមួយដើម្បីជួយកុមារអាយុ ៨–១១ ឆ្នាំ ( សូមមើល ChildrenandYouth.ChurchofJesusChrist.org ) ។
១២.២.១.២
ការរៀនសូត្រដំណឹងល្អ
ថ្នាក់ដឹកនាំអង្គការបឋមសិក្សា និងគ្រូបង្រៀនលើកទឹកចិត្តកុមារ និងក្រុមគ្រួសាររបស់ពួកគេឲ្យរៀនសូត្រដំណឹងល្អនៅឯផ្ទះ ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនទាំងនេះសិក្សាដំណឹងល្អ ហើយចែកចាយជាមួយកុមារនូវអ្វីដែលពួកគេបានរៀន ។ ពួកគេអញ្ជើញកុមារឲ្យចែកចាយនៅព្រះវិហារនូវអ្វីដែលពួកគេកំពុងរៀននៅឯផ្ទះ ។
ការប្រជុំអង្គការបឋមសិក្សានៅថ្ងៃអាទិត្យជួយកុមារឲ្យបំពេញគោលបំណងនៃអង្គការបឋមសិក្សា ( សូមមើល ១២.១.១ ) ។ សមាជិកមួយរូបនៃគណៈប្រធានអង្គការបឋមសិក្សាដឹកនាំការបើកកម្មវិធី ។ អ្នកដឹកនាំភ្លេងដឹកនាំនៅម៉ោងច្រៀងចម្រៀង ។ គ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សាបង្រៀនកុមារនៅក្នុងថ្នាក់រៀន ។
ការប្រជុំថ្នាក់អង្គការបឋមសិក្សាសម្រាប់កុមារអាយុ ៣–១១ ឆ្នាំ ធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ រយៈពេល ៥០ នាទី ខណៈពេលដែលមជ្ឈិមវ័យ និងយុវវ័យចូលរួមនៅថ្នាក់របស់ពួកគេ ។ កាលវិភាគគឺមានដូចខាងក្រោមនេះ ៖
|
ផ្នែកនៃការប្រជុំ |
រយៈពេល |
|---|---|
ផ្នែកនៃការប្រជុំ ការបើកកម្មវិធី ( ការអធិស្ឋាន បទគម្ពីរ ឬមាត្រានៃសេចក្តីជំនឿ និងសុន្ទរកថា—កុមារជាអ្នកធ្វើកិច្ចការទាំងអស់នេះ ) | រយៈពេល ៥ នាទី |
ផ្នែកនៃការប្រជុំ ម៉ោងច្រៀងចម្រៀង | រយៈពេល ២០ នាទី |
ផ្នែកនៃការប្រជុំ ការផ្លាស់ប្តូរទៅថ្នាក់ | រយៈពេល ៥ នាទី |
ផ្នែកនៃការប្រជុំ ថ្នាក់ និងការអធិស្ឋានបិទ | រយៈពេល ២០ នាទី |
នៅក្នុងវួដដែលមានកុមារច្រើន ថ្នាក់ដឹកនាំអង្គការបឋមសិក្សាអាចបំបែកកុមារទៅជាពីរក្រុម ។ ក្រុមមួយគឺនៅក្នុងថ្នាក់រៀន ខណៈដែលក្រុមមួយទៀតនៅក្នុងម៉ោងច្រៀងចម្រៀង ។ បន្ទាប់មក ក្រុមទាំងពីរប្តូរកន្លែងគ្នា ។ ថ្នាក់ដឹកនាំអាចកែសម្រួលម៉ោងរៀនតាមតម្រូវការ ។
ថ្នាក់ទារកដ្ឋានសម្រាប់កុមារអាយុ១៨ខែ ទៅ៣ឆ្នាំ មានរយៈពេល ៥០ នាទី ។ កាលវិភាគដូចខាងក្រោមនេះអាចប្រើប្រាស់បាន ។ អ្នកដឹកនាំអាចកែតម្រូវវាទៅតាមតម្រូវការរបស់កុមារ ។
|
ផ្នែកនៃការប្រជុំ |
រយៈពេល |
|---|---|
ផ្នែកនៃការប្រជុំ ស្វាគមន៍ដោយអ្នកដឹកនាំថ្នាក់ទារកដ្ឋាន និងអធិស្ឋានបើកដោយកុមារថ្នាក់ទារកដ្ឋាន ប្រសិនបើអាចធ្វើទៅបាន | រយៈពេល ៥ នាទី |
ផ្នែកនៃការប្រជុំ សកម្មភាព ( អាហារសម្រន់ លេងជាមួយប្រដាប់ប្រដាក្មេងលេងសាមញ្ញៗ និងល្បែងកម្សាន្ដ និងអាន ជាដើម ) | រយៈពេល ២៥ នាទី |
ផ្នែកនៃការប្រជុំ មេរៀនមកពី មើលន៏ កូនតូចៗរបស់អ្នករាល់គ្នា សៀវភៅសិក្សាថ្នាក់ទារកដ្ឋាន | រយៈពេល ១០ នាទី |
ផ្នែកនៃការប្រជុំ ម៉ោងច្រៀងចម្រៀង | រយៈពេល ១០ នាទី |
ផ្នែកនៃការប្រជុំ ការអធិស្ឋានបិទ |
១២.២.១.៣
ការបម្រើ និងសកម្មភាពនានា
សកម្មភាពសម្រាប់កុមារទាំងអស់ ។ គណៈប្រធានអង្គការបឋមសិក្សាអាចរៀបចំសកម្មភាពសម្រាប់កុមារទាំងអស់ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់១១ឆ្នាំ ។ សកម្មភាពទាំងនេះគួរតែជួយកុមារឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ សកម្មភាពគួរតែមានភាពសប្បាយរីករាយ និងការចូលរួមចំណែក ។ វាស្ថាបនាទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ និងជំរុញឲ្យមានការរីកចម្រើនផ្ទាល់ខ្លួន ។ សម្រាប់គោលការណ៍ណែនាំអំពីសកម្មភាពទូទៅ សូមមើល ជំពូកទី ២០ ។
គណៈប្រធានអង្គការបឋមសិក្សាក៏អាចរៀបចំសកម្មភាពបម្រើក្នុងសហគមន៍ប្រចាំឆ្នាំផងដែរ ។ បើអាចធ្វើទៅបាន សកម្មភាពនេះផ្តោតលើការបម្រើដល់កុមារ ។ កុមារដែលមានអាយុក្នុងថ្នាក់ក្លាហានអាចជួយរៀបចំដាក់ផែនការបាន ។ សកម្មភាពនេះផ្តល់ឱកាសឲ្យកុមារអញ្ជើញមិត្តភក្តិ និងសមាជិកវួដឲ្យចូលរួមក្នុងការបម្រើដល់សហគមន៍ ។
សកម្មភាពថ្នាក់ក្លាហាន ។ នៅដើមខែមករា នៃឆ្នាំដែលពួកគេឈានចូលអាយុ៨ឆ្នាំ កុមារអាចចាប់ផ្តើមចូលរួមក្នុងសកម្មភាពថ្នាក់ក្លាហានបាន ។ សកម្មភាពថ្នាក់ក្លាហានបំផុតធ្វើឡើងខុសពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។ ថ្នាក់ដឹកនាំជាមជ្ឈិមវ័យជួយមើលឲ្យប្រាកដថា សកម្មភាពនានាគឺមានសុវត្ថិភាព ( សូមមើលsafety.ChurchofJesusChrist.org សូមមើលផងដែរ ២០.៧ នៅក្នុងក្បួនខ្នាតនេះ ) ។ យ៉ាងហោចណាស់មានអ្នកដឹកនាំជាមជ្ឈិមវ័យដែលមានទំនួលខុសត្រូវពីររូប ត្រូវតែមានវត្តមាននៅគ្រប់សកម្មភាពទាំងអស់ ( សូមមើល ១២.៥.១ ) ។
គោលការណ៍ណែនាំដូចខាងក្រោមអាចសម្របទៅតាមកាលៈទេសៈក្នុងមូលដ្ឋានបាន ៖
-
សកម្មភាពថ្នាក់ក្លាហានទាំងឡាយធ្វើឡើងពីរដងក្នុងមួយខែ នៅពេលដែលអាចធ្វើបាន ។ សកម្មភាពទាំងនេះអាចធ្វើឡើងជាញឹកញាប់ ឬរង្វើល ។ ថ្នាក់ដឹកនាំគិតដល់កាលៈទេសៈរបស់គ្រួសារ ចម្ងាយធ្វើដំណើរ និងថ្លៃចំណាយ ហើយនិងសុវត្ថិភាព ។
-
ជាទូទៅ កុមារត្រូវរៀបចំឡើងតាមក្រុមអាយុ ។ ជាធម្មតា កុមារា និងកុមារីជួបដាច់ដោយឡែកពីគ្នា ។ ទោះជាយ៉ាងណាក្តី ពួកគេអាចចូលរួមគ្នាសម្រាប់សកម្មភាពមួយចំនួន ឬនៅក្នុងទីតាំងដែលមានកុមារតិច ។
-
ថ្នាក់ដឹកនាំអាចជ្រើសរើសដាក់ផែនការ ហើយធ្វើការបោះជំរំពេលថ្ងៃសម្រាប់កុមារទាំងនេះប្រចាំឆ្នាំ ។ សកម្មភាពថ្នាក់ក្លាហានរួមបញ្ចូលទាំងការបោះជំរំនៅពេលថ្ងៃ ពុំដាក់បញ្ចូលការទៅដេកយប់នោះទេ ។
រាល់គ្រឿងផ្គត់ផ្គង់ និងសកម្មភាពទាំងអស់ រួមទាំងការបោះជំរំនៅពេលថ្ងៃអាចត្រូវបានចំណាយចេញពីថវិកាវួដ ។ ការធ្វើដំណើរ និងចំណាយផ្សេងៗមិនគួរលើសកំណត់នោះទេ ។
គណៈប៊ីស្សពត្រូវប្រាកដថាថវិកា និងសកម្មភាពនានាសម្រាប់កុមារា និងកុមារីនៅក្នុងអង្គការបឋមសិក្សាមានគ្រប់គ្រាន់ និងសមធម៌ ។ ថវិកាគឺត្រូវបានបែងចែកទៅតាមចំនួនកុមារ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលChildrenandYouth.ChurchofJesusChrist.org ។ សូមមើលផងដែរ JustServe.org នៅកន្លែងណាដែលមាន ។ ធនធានទាំងនេះផ្តល់ជាគំនិតសម្រាប់ការបម្រើ និងការធ្វើសកម្មភាព ។
១២.២.១.៤
ការអភិវឌ្ឍខ្លួន
នៅក្នុងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ នោះកុមារ—ចាប់ផ្តើមនៅឆ្នាំ ដែលពួកគេឈានដល់អាយុ ៨ឆ្នាំ—ត្រូវបានអញ្ជើញឲ្យដាក់គោលដៅដើម្បីរីកចម្រើនខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ ដោយមានជំនួយពីឪពុកម្តាយ នោះកុមារស្វែងរកការបំផុសគំនិតដើម្បីស្វែងយល់ពីអ្វីដែលត្រូវធ្វើ ។ ពួកគេដាក់ផែនការ ធ្វើសកម្មភាពតាមផែនការរបស់ពួកគេ និងគិតពិចារណាពីអ្វីដែលពួកគេរៀន ។ ថ្នាក់ដឹកនាំផ្តល់នូវការគាំទ្រដែលចាំបាច់ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់មិនគួរតាមដានពីគោលដៅ ឬការរីកចម្រើនរបស់កុមារនោះទេ ។
នៅក្នុងឆ្នាំដែលពួកគេចាប់ផ្តើមឈានដល់អាយុ ៨ឆ្នាំ នោះកុមារត្រូវបានលើកទឹកចិត្តឲ្យបំពេញគោលដៅយ៉ាងហោចណាស់មួយនៅក្នុងចំណុចទាំងបួនរាល់ឆ្នាំ ។ ពួកគេអាចប្រើ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ ដើម្បីកំណត់ និងកត់ត្រាគោលដៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលChildrenandYouth.ChurchofJesusChrist.org ។
១២.២.២
ការមើលថែដល់អ្នកខ្វះខាត
កុមារគួរមានឱកាសដើម្បីបម្រើមនុស្សដទៃនៅក្នុង និងជាមួយក្រុមគ្រួសាររបស់ពួកគេជាប្រចាំ និងអំឡុងពេលធ្វើសកម្មភាពក្នុងអង្គការបឋមសិក្សា ។ គំនិតសម្រាប់ធ្វើការបម្រើអាចរកបាននៅលើ ChildrenandYouth.ChurchofJesusChrist.org ។ នៅកន្លែងណាដែលមាន នៅលើគេហទំព័រ JustServe.org ផ្ដល់ជាឱកាសបម្រើនៅក្នុងសហគមន៍ ។
១២.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
កុមារអាចអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អតាមរបៀបជាច្រើន ។ វិធីមួយចំនួនទាំងនេះគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
ធ្វើជាគំរូល្អក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
-
ចែកចាយទីបន្ទាល់របស់ពួកគេជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ។
-
ផ្តល់ការងារបម្រើទៅកាន់សមាជិកក្នុងថ្នាក់ដែលមិនសូវសកម្ម ។
-
អញ្ជើញមិត្តភក្តិឲ្យមកព្រះវិហារ ចូលរួមសកម្មភាពនានា ឬពិធីបុណ្យជ្រមុជទឹក ឬទទួលការបង្រៀនពីពួកអ្នកផ្សព្វផ្សាយសាសនា ។
-
អញ្ជើញមិត្តភក្តិឲ្យចូលរួមនៅក្នុងកម្មវិធីកុមារ និងយុវវ័យ ។ ថ្នាក់ដឹកនាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឪពុកម្តាយរបស់កុមារទាំងនេះ ដើម្បីជួយពួកគេឲ្យយល់ពីកម្មវិធីនេះ និងកំណត់ថាតើពួកគាត់ និងកូនៗរបស់ពួកគាត់ចង់ចូលរួមយ៉ាងដូចម្តេច ។
-
សូមអញ្ជើញមិត្តភក្តិ និងសមាជិកគ្រួសារឲ្យចូលរួមនៅក្នុងបទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់ប្រចាំឆ្នាំ ។
១២.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច
កុមារអាចជួយក្រុមគ្រួសារឲ្យមានសាមគ្គីភាពសម្រាប់ភាពអស់កល្បតាមរបៀបជាច្រើន ។ វិធីមួយចំនួនទាំងនេះគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
គោរពឪពុកម្តាយរបស់ពួកគេ និងធ្វើជាគំរូនៃការរស់នៅដូចជាព្រះគ្រីស្ទនៅក្នុងផ្ទះរបស់ពួកគេ ។
-
រៀបចំខ្លួនដើម្បីមានគ្រួសារដ៏អស់កល្បជានិច្ចរបស់ពួកគេផ្ទាល់ ។
-
ព្យាយាមមានភាពស័ក្តិសមដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ នៅពេលដល់អាយុត្រឹមត្រូវ ។
-
សូមរៀបចំធ្វើ និងរក្សាសេចក្ដីសញ្ញា ហើយទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ រួមទាំងអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ។
-
រៀនអំពីសាច់ញាតិជិតឆ្ងាយ និងបុព្វការីជនរបស់ពួកគេ ( សូមមើល My Family: Stories That Bring Us Together ) ។
-
ស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ( សូមមើលគេហទំព័រ FamilySearch.org ) ។
-
រៀបចំខ្លួនដើម្បីទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន ។
-
ចូលរួមធ្វើលិបិក្រមជាមួយសមាជិកគ្រួសារ ( សូមមើលគេហទំព័រ FamilySearch.org/indexing ) ។
១២.៣
ថ្នាក់ដឹកនាំអង្គការបឋមសិក្សាវួដ
១២.៣.១
គណៈប៊ីស្សព
ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប៊ីស្សពគឺ ត្រូវមើលថែ ជំនាន់ដែលកំពុងពេញវ័យ នៅក្នុងវួដរបស់គាត់ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ជួបជាប្រចាំជាមួយប្រធានអង្គការបឋមសិក្សា ។
ប៊ីស្សព និងទីប្រឹក្សារបស់ពួកគាត់ឆ្លើយតបភ្លាមៗនឹងអនុសាសន៍ពីគណៈប្រធានអង្គការបឋមសិក្សា ចំពោះអស់អ្នកដែលត្រូវបានហៅឲ្យបម្រើនៅក្នុងអង្គការបឋមសិក្សា ។ គណៈប៊ីស្សពធ្វើការជាមួយគណៈប្រធានដើម្បីរក្សាការបន្តមានគ្រូ និងអ្នកដឹកនាំតន្រ្តី ។ បើអាចធ្វើបាន សមាជិកដែលបម្រើនៅក្នុងការហៅបម្រើទាំងនេះគួរតែបម្រើឲ្យបានយូរល្មម ដើម្បីបង្កើតទំនាក់ទំនងពេញដោយក្តីស្រឡាញ់ និងទំនុកចិត្តជាមួយកុមារ ។ ទំនាក់ទំនងបែបនោះជួយបីបាច់ទីបន្ទាល់នៅក្នុងដួងចិត្តរបស់កុមារ ។
ប៊ីស្សព និងទីប្រឹក្សារបស់គាត់ចូលរួមក្នុងអង្គការបឋមសិក្សាជាប្រចាំ ។ ពួកគាត់ក៏រៀនស្គាល់ឈ្មោះ និងរៀនយល់ពីកាលៈទេសៈនៅផ្ទះរបស់កុមារម្នាក់ៗនៅក្នុងវួដផងដែរ ។
១២.៣.២
គណៈប្រធានអង្គការបឋមសិក្សា
ប៊ីស្សពហៅ ហើយញែកចេញស្ត្រីមជ្ឈិមវ័យម្នាក់ឲ្យបម្រើជាប្រធានអង្គការបឋមសិក្សាក្នុងវួដ ។ ប្រសិនបើអង្គភាពនោះធំល្មមគ្រប់គ្រាន់ ប្រធានក្រុមយុវនារីនោះផ្ដល់អនុសាសន៍ឲ្យហៅស្ត្រីមជ្ឈិមវ័យម្នាក់ ឬពីរនាក់មកធ្វើជាទីប្រឹក្សារបស់គាត់ ( សូមមើល ជំពូកទី ៣០ ) ។ គណៈប៊ីស្សពពិចារណាពីការផ្ដល់អនុសាសន៍របស់គាត់ ហើយធ្វើការហៅនោះ ។
គណៈប្រធានអង្គការបឋមសិក្សាទទួលការណែនាំ និងការគាំទ្រជាបន្តបន្ទាប់មកពីគណៈប្រធានអង្គការបឋមសិក្សាស្តេក ។
នៅក្នុងអង្គភាពតូចមួយ ប្រធានអង្គការបឋមសិក្សាប្រហែលជាអ្នកដឹកនាំតែម្នាក់គត់ដែលបានហៅនៅក្នុងអង្គការបឋមសិក្សា ។ នៅក្នុងករណីនេះ គាត់ធ្វើការជាមួយនឹងឪពុកម្ដាយដើម្បីរៀបចំមេរៀន ម៉ោងច្រៀងចម្រៀង និងសកម្មភាពនានា ។ គាត់ក៏ត្រូវធ្វើឲ្យប្រាកដថា យ៉ាងហោចណាស់មជ្ឈិមវ័យពីរនាក់ដែលមានការទទួលខុសត្រូវ មានវត្តមាននៅក្នុងការប្រជុំ និងសកម្មភាពថ្នាក់ទាំងអស់ ។ ប្រសិនបើអង្គភាពនោះធំល្មមគ្រប់គ្រាន់ នោះអាចមានការហៅបន្ថែមទៀតតាមលំដាប់លំដោយនេះ ៖ ទីប្រឹក្សា អ្នកដឹកនាំភ្លេង គ្រូបង្រៀន និងថ្នាក់ដឹកនាំថ្នាក់ទារកដ្ឋាន លេខា និងថ្នាក់ដឹកនាំសកម្មភាព ។
ប្រសិនបើសាខាមួយគ្មានប្រធានអង្គការបឋមសិក្សា នោះប្រធានសមាគមសង្គ្រោះអាចជួយឪពុកម្ដាយឲ្យរៀបចំការបង្រៀនដល់កុមារ រហូតដល់ប្រធានអង្គការបឋមសិក្សាម្នាក់ត្រូវបានហៅ ។
គណៈប្រធានអង្គការបឋមសិក្សាជួយឪពុកម្ដាយឲ្យរៀបចំកុមារដើម្បីចាប់ផ្ដើមដើរ និងរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា ។ នេះគឺជាការទទួលខុសត្រូវដ៏សំខាន់បំផុតមួយរបស់ពួកគាត់ ។
ដើម្បីសម្រេចការណ៍នេះបាន ប្រធានអង្គការបឋមសិក្សាអាចចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួន ឲ្យជួយឪពុកម្ដាយដើម្បីរៀបចំកូនៗរបស់ពួកគាត់ឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប្រធានអង្គការបឋមសិក្សាអាចចាត់សមាជិកម្នាក់ទៀតក្នុងគណៈប្រធានរបស់ខ្លួន ឲ្យជួយឪពុកម្ដាយដើម្បីរៀបចំកូនៗរបស់ពួកគាត់ទៅព្រះវិហារបរិសុទ្ធ និងទទួលបព្វជិតភាព ។
សមាជិកនៃគណៈប្រធានទាំងនេះជម្រាបដល់ឪពុកម្ដាយអំពីធនធាននានានៅក្នុងបណ្ណាល័យដំណឹងល្អ ដែលអាចជួយពួកគាត់បាន ។ សូមមើលឧទាហរណ៍ « ការរៀបចំកូនៗរបស់បងប្អូនឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះពេញមួយជីវិត » នៅក្នុងសៀវភៅ ចូលមកតាមខ្ញុំ ។ សមាជិកក្នុងគណៈប្រធានអាចធ្វើការជាមួយនឹងបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ គ្រូបង្រៀន និងសមាជិកដទៃទៀតដើម្បីគាំទ្រដល់ឪពុកម្ដាយបាន ។
ប្រធានអង្គការបឋមសិក្សាមានការទទួលខុសត្រូវបន្ថែមទៀតដូចខាងក្រោមនេះ ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។ គាត់បម្រើជា ( ១ ) សមាជិកមួយរូបនៃក្រុមប្រឹក្សាវួដដែលជួយបំពេញតាមសេចក្ដីត្រូវការនៅក្នុងវួដ ហើយស្វែងរកដំណោះស្រាយនានា និង ( ២ ) ជាអ្នកតំណាងឲ្យអង្គការបឋមសិក្សា ។ គាត់ជួយក្រុមប្រឹក្សាវួដឲ្យស្គាល់ឈ្មោះ និងស្ថានភាពនៅក្នុងគ្រួសាររបស់កុមារម្នាក់ៗ ដើម្បីជួយជំរុញដល់ការផ្ដល់ការងារបម្រើដល់កុមារ និងក្រុមគ្រួសារទាំងឡាយ ។ សូមមើល ២៩.២.៥ ។
-
ធ្វើការប្រជុំគណៈប្រធានអង្គការបឋមសិក្សាជាទៀងទាត់ ហើយជួបនឹងប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងរបស់គាត់ ។
-
ដាក់ស្នើអនុសាសន៍ទៅកាន់គណៈប៊ីស្សពឲ្យហៅបុរស និងស្ត្រីមជ្ឈិមវ័យមកបម្រើនៅក្នុងអង្គការបឋមសិក្សា ។
-
ជួយក្រុមប្រឹក្សាវួដឲ្យស្គាល់កុមារ ដែលនឹងគ្រប់អាយុដើម្បីទទួលបុណ្យជ្រមុជទឹកនៅឆ្នាំក្រោយ ( សូមមើល ១៨.៧.១.១ ) ។
-
ជួយដាក់ផែនការធ្វើកម្មវិធីបុណ្យជ្រមុជទឹកសម្រាប់កុមារដែលមានកំណត់ត្រា នៅពេលមានការស្នើសុំឲ្យធ្វើដូច្នោះ ( សូមមើល ១៨.៧.២ ) ។
-
ដាក់ផែនការ ហើយដឹកនាំការបើកកម្មវិធីប្រជុំអង្គការបឋមសិក្សានៅថ្ងៃអាទិត្យ ។
-
ធ្វើការងារបម្រើដល់កុមារ គ្រូបង្រៀន និងថ្នាក់ដឹកនាំម្នាក់ៗក្នុងអង្គការបឋមសិក្សា ។
-
បង្រៀនថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងអង្គការបឋមសិក្សាពីការទទួលខុសត្រូវរបស់ពួកគេ ហើយគាំទ្រពួកគេនៅក្នុងការទទួលខុសត្រូវទាំងនោះ ដោយណែនាំពួកគេពីការហៅរបស់ពួកគេ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០១៦ ] ទំព័រ ៣៨ ) ។
-
ជួយថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងអង្គការបឋមសិក្សាអំឡុងម៉ោងរៀន ម៉ោងច្រៀងចម្រៀង និងម៉ោងប្ដូរថ្នាក់ ។
-
ចូលរួមថ្នាក់អង្គការបឋមសិក្សា ហើយរៀបចំគ្រូបង្រៀនឲ្យចូលរួមការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។
-
ជួយណែនាំកម្មវិធីកុមារ និងយុវវ័យដល់កុមារដែលឈានចូលអាយុ ៨ឆ្នាំ និងដល់ឪពុកម្ដាយរបស់ពួកគេ ។ ការណ៍នេះអាចកើតឡើងនៅក្នុងគេហដ្ឋានរបស់ពួកគេ ឬក្នុងថ្នាក់អង្គការបឋមសិក្សារបស់ពួកគេ ( សូមមើល ១២.៥.៧ ) ។
-
មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ ថវិកា និងហិរញ្ញវត្ថុនៃអង្គការបឋមសិក្សា ។
១២.៣.៣
លេខា
ប្រសិនបើអង្គភាពធំល្មមគ្រាប់គ្រាន់ នោះប្រធានអង្គការបឋមសិក្សាផ្ដល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅស្ត្រីមជ្ឈិមវ័យម្នាក់មកបម្រើជាលេខា ។ លេខាមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយគណៈប្រធានអង្គការបឋមសិក្សាឲ្យរៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន ។ គាត់ចូលរួមក្នុងការប្រជុំទាំងនេះ កត់ត្រា ហើយតាមដានលើកិច្ចការទាំងឡាយ ។
-
ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្រៀន និងថ្នាក់ដឹកនាំដើម្បីរក្សាកំណត់ត្រាវត្តមានឲ្យបានត្រឹមត្រូវ ។
-
សូមធ្វើការ ជាមួយកូរ៉ុមអែលឌើរ និងលេខាសមាគមសង្គ្រោះដោយប្រើប្រាស់ ធ.ថ.ស. ដើម្បីរក្សាកំណត់ត្រាវត្តមានរបស់មនុស្សពេញវ័យដែលបម្រើនៅក្នុងបឋមសិក្សា ។
-
ធ្វើឲ្យប្រាកដថាគណៈប្រធានអង្គការបឋមសិក្សាដឹងពី ៖
-
កុមារថ្មី និងកុមារមកលេង ។
-
កុមារចូលថ្នាក់ទារកដ្ឋាន និងកុមារផ្លាស់ពីថ្នាក់ទារកដ្ឋានទៅថ្នាក់សាន់ប៊ីម ។
-
កុមារដែលមានអាយុគ្រប់គ្រាន់សម្រាប់ពិធីបុណ្យជ្រមុជទឹក ។
-
កុមារដែល នឹងឈានដល់វ័យដែលចេញពីថ្នាក់អង្គការបឋមសិក្សា ។
-
-
ចាត់កុមារឲ្យធ្វើការអធិស្ឋាន ចែកបទគម្ពីរ និងឡើងនិយាយអំឡុងការបើកកម្មវិធីប្រជុំអង្គការបឋមសិក្សានៅថ្ងៃអាទិត្យ ( នៅក្រោមការដឹកនាំរបស់គណៈប្រធាន ) ។ គាត់ក៏ជូនដំណឹងដល់ឪពុកម្ដាយផងដែរ ។
-
ជួយគណៈប្រធានអង្គការបឋមសិក្សារៀបចំគម្រោងថវិកា មើលការខុសត្រូវលើការចំណាយ ហើយតាមដានឯកសារមេរៀនសម្រាប់កុមារ និងយុវវ័យ ។
១២.៣.៤
អ្នកដឹកនាំភ្លេង និងអ្នកលេងព្យាណូ
អ្នកដឹកនាំភ្លេង និងអ្នកលេងព្យាណូបង្រៀនកុមារអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈតន្ត្រីអំឡុងម៉ោងច្រៀងចម្រៀង ។ តន្ត្រីជួយដល់ការសិក្សាព្រះគម្ពីរប្រចាំសប្តាហ៍ដូចដែលបានរៀបរាប់នៅក្នុង ចូរមកតាមខ្ញុំ ។ អ្នកអាចប្រើប្រាស់ធនធានដូចខាងក្រោមនេះបាន ៖
-
សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់
-
កម្រងតន្រ្តីកុមារ នៅលើគេហទំព័រ ChurchofJesusChrist.org
-
« Primary Singing Time—Music Can Teach Doctrine » នៅលើគេហទំព័រ ( MediaLibrary.ChurchofJesusChrist.org )
គណៈប៊ីស្សពត្រូវតែអនុម័តលើការប្រើប្រាស់តន្រ្តីផ្សេងទៀតនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។
ប្រសិនបើគ្មានអ្នកលេងព្យាណូ ឬគ្មានព្យាណូទេ នោះថ្នាក់ដឹកនាំអាចប្រើការថតសំឡេងទុកពីប្រភពដូចខាងក្រោមនេះបាន ៖
-
Sacred Music app
-
កម្មវិធីបណ្ណាល័យដំណឹងល្អ
-
ស៊ីឌីនៅគេហទំព័រ store.ChurchofJesusChrist.org
កុមារក៏អាចច្រៀងដោយគ្មានភ្លេងអមបានដែរ ។
អ្នកដឹកនាំភ្លេងអាចជួយផ្នែកភ្លេងនៅក្នុងថ្នាក់ទារកដ្ឋានបាន នៅពេលដែលមានការស្នើសុំ ។ អ្នកអាចហៅអ្នកដឹកនាំភ្លេងបន្ថែមម្នាក់ទៀតឲ្យបម្រើ ប្រសិនបើចាំបាច់ ។
អ្នកដឹកនាំភ្លេងធ្វើការជាមួយគណៈប្រធានអង្គការបឋមសិក្សា ដើម្បីជួយកុមារឲ្យរៀបចំខ្លួនសម្រាប់ការធ្វើបទបង្ហាញរបស់កុមារនៅក្នុងការប្រជុំសាក្រាម៉ង់ប្រចាំឆ្នាំ ( សូមមើល ១២.១.៦ ) ។
សូមមើល ម៉ោងច្រៀងចម្រៀង នៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីទទួលបានគំនិត និងធនធានបន្ថែមទៀត ។
១២.៣.៥
គ្រូបង្រៀន និងអ្នកដឹកនាំថ្នាក់ទារកដ្ឋាន
វាគឺជាអភ័យឯកសិទ្ធិដ៏ពិសិដ្ឋដើម្បីបង្រៀនដល់កុមារ ។ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា « មើលន៏ កូនតូចៗរបស់អ្នក » ហើយ « ឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង » ( នីហ្វៃទី៣ ១៧:២៣; យ៉ូហាន ២១:១៥ ) ។ តាមរយៈការធ្វើតាមការអញ្ជើញទាំងនេះ នោះថ្នាក់ដឹកនាំអង្គការបឋមសិក្សាស្រឡាញ់ និងបង្រៀនកុមារតាមរបៀបរបស់ព្រះអង្គសង្រ្គោះ ។
គណៈប្រធានអង្គការបឋមសិក្សាផ្តល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅបុរស និងស្រ្តីមកបម្រើជាគ្រូបង្រៀនក្នុងថ្នាក់អង្គការបឋមសិក្សា និងជាអ្នកដឹកនាំថ្នាក់ទារកដ្ឋាន ។ គណៈប៊ីស្សពពិចារណាពីអនុសាសន៍ទាំងនេះ ហើយផ្តល់ការហៅបម្រើនេះ ។ សមាជិកទាំងនេះត្រូវបានហៅឲ្យបង្រៀន និងផ្ដល់ការងារបម្រើដល់ក្រុមកុមារដែលមានអាយុជាក់លាក់ ។
គ្រូបង្រៀនបឋមសិក្សាបង្រៀនមកពីសៀវភៅ ចូរមកតាមខ្ញុំ ( អាយុ ៣–១១ ឆ្នាំ ) ។ នៅថ្ងៃអាទិត្យទី៥ ពួកគេត្រូវបានលើកទឹកចិត្តឲ្យ បង្រៀនមេរៀនចេញមកពី « ឧបសម្ព័ន្ធ ខ ៖ សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកូនៗរបស់បងប្អូនឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ថ្នាក់ដឹកនាំថ្នាក់ទារកដ្ឋានបង្រៀន ចេញមកពីសៀវភៅ មើលន៏ កូនតូចៗរបស់អ្នករាល់គ្នា ។
គ្រូបង្រៀន និងអ្នកដឹកនាំថ្នាក់ទារកដ្ឋានធ្វើតាមគោលការណ៍នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះនិង ជំពូកទី ១៧ នៃក្បួនខ្នាតនេះ ។
នៅពេលមជ្ឈិមវ័យបង្រៀនកុមារនៅក្នុងមជ្ឈដ្ឋាននៃសាសនាចក្រ យ៉ាងហោចណាស់គួរមានមជ្ឈិមវ័យពីររូបដែលមានការទទួលខុសត្រូវ មានវត្តមាននៅទីនោះ ។ មជ្ឈិមវ័យពីររូបនោះអាចជាបុរសទាំងពីរនាក់ ជាស្ត្រីទាំងពីរនាក់ ឬស្វាមីភរិយាមួយគូដែលបានរៀបការហើយក៏បាន ។ ប្រសិនបើការណ៍នេះមិនអាចធ្វើបានទេ នោះថ្នាក់ដឹកនាំគួរតែបញ្ចូលថ្នាក់ចូលគ្នា ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ ( សូមមើល ១២.៥.១ ) ។
យុវវ័យមិនគួរបង្រៀននៅក្នុងថ្នាក់អង្គការបឋមសិក្សានោះទេ សូម្បីតែបង្រៀនជំនួសក្តី ។
គ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សា និងអ្នកដឹកនាំថ្នាក់ទារកដ្ឋាននៅជាមួយកុមារ ពេញម៉ោងថ្នាក់អង្គការបឋមសិក្សា ដោយរួមទាំងម៉ោងច្រៀងចម្រៀង និងការផ្លាស់ប្តូរថ្នាក់ផងដែរ ។ នៅអំឡុងម៉ោងច្រៀងចម្រៀង គ្រូបង្រៀនទាំងឡាយចូលរួមតាមថ្នាក់របស់ពួកគេ ។ គ្រូបង្រៀនគួរតែនៅជាមួយកុមារតូចៗបន្ទាប់ពីអង្គការបឋមសិក្សា រហូតដល់សមាជិកគ្រួសារមកយកកុមារទៅ ។
គ្រូបង្រៀន និងអ្នកដឹកនាំថ្នាក់ទារកដ្ឋានចូលរួមការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនជារៀងរាល់ត្រីមាស ( សូមមើល ១៣.៤ ) ។
១២.៣.៦
អ្នកដឹកនាំសកម្មភាពថ្នាក់ក្លាហាន
អ្នកដឹកនាំសកម្មភាពថ្នាក់ក្លាហានផ្ដល់ការងារបម្រើដល់កុមារ នៅពេលពួកគាត់ដាក់ផែនការបម្រើ និងធ្វើសកម្មភាពនៅដើមឆ្នាំខែ មករា ដែលកុមារឈានដល់អាយុ ៨ ឆ្នាំ ( សូមមើល ១២.២.១.៣ ) ។ ការបម្រើ និងសកម្មភាពនានាផ្តោតទៅលើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ សកម្មភាពទាំងនេះផ្ដល់ភាពសប្បាយរីករាយ និងការចូលរួមចំណែក ។ វាបង្កើតឲ្យមានទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ និងជំរុញឲ្យមានការរីកចម្រើនផ្ទាល់ខ្លួន ។
អ្នកដឹកនាំសកម្មភាពថ្នាក់ក្លាហានអាចជាគ្រូបង្រៀនអង្គការបឋមសិក្សារបស់កុមារ ។ ពួកគេក៏អាចជាសមាជិកដទៃទៀត ដែលគណៈប្រធានអង្គការបឋមសិក្សាផ្តល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅបម្រើផងដែរ ។ យ៉ាងហោចណាស់មានអ្នកដឹកនាំពីរនាក់ចូលរួមក្នុងសកម្មភាពនីមួយៗ ។ ថ្នាក់ដឹកនាំអាចជាស្ត្រីទាំងពីរនាក់ បុរសទាំងពីរនាក់ ឬជាស្វាមីភរិយាមួយគូដែលរៀបការហើយក៏បាន ។ ថ្នាក់ដឹកនាំត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ ( សូមមើល ១២.៥.១ ) ។
១២.៤
ថ្នាក់ដឹកនាំអង្គការបឋមសិក្សាស្តេក
គណៈប្រធានស្តេកហៅស្រ្តីមជ្ឈិមវ័យម្នាក់មកបម្រើជាប្រធានអង្គការបឋមសិក្សាស្តេក ។ ប្រសិនបើស្តេកនោះធំល្មម ប្រធានក្រុមយុវនារីស្តេកផ្តល់អនុសាសន៍ឲ្យមានស្រ្តីមជ្ឈិមវ័យម្នាក់ ឬពីរនាក់មកបម្រើជាទីប្រឹក្សា និងម្នាក់ទៀតបម្រើជាលេខា ។ ស្រ្តីទាំងនេះត្រូវបានហៅ និងធ្វើពិធីញែកចេញដោយសមាជិកនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប ។ សម្រាប់ព័ត៌មានអំពីការទទួលខុសត្រូវរបស់គណៈប្រធាន និងលេខាអង្គការបឋមសិក្សាស្តេក សូមមើល ៦.៧.១, ៦.៧.១.៣ និង ៦.៧.៣ ។
ទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានស្តេកទទួលខុសត្រូវលើអង្គការបឋមសិក្សាស្តេក ។ គាត់ក៏មានទំនួលខុសត្រូវលើកិច្ចការរបស់គណៈប្រធានអង្គការបឋមសិក្សាស្តេកផងដែរ ។ គាត់ក៏ផ្តល់ការណែនាំដល់ប៊ីស្សពអំពីការទទួលខុសត្រូវរបស់ប៊ីស្សពសម្រាប់អង្គការបឋមសិក្សាផងដែរ ។
គណៈប្រធានស្តេកចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឲ្យធ្វើការជាមួយគណៈប្រធានអង្គការបឋមសិក្សាស្តេក ( សូមមើល ៦.៥ ) ។
១២.៥
គោលការណ៍ណែនាំ និងគោលនយោបាយបនែ្ថម
១២.៥.១
ការការពារកុមារ
នៅពេលមជ្ឈិមវ័យប្រាស្រ័យទាក់ទងជាមួយកុមារនៅក្នុងបរិវេណរបស់សាសនាចក្រ យ៉ាងហោចណាស់គួរមានមជ្ឈិមវ័យពីររូបដែលមានការទទួលខុសត្រូវ មានវត្តមាននៅទីនោះ ។ វាអាចចាំបាច់ដើម្បីបញ្ចូលថ្នាក់រៀនចូលគ្នាដើម្បីឲ្យការងារនេះអាចធ្វើទៅបាន ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលស្ដីពីការការពារកុមារ និងយុវវ័យអំឡុងពេលមួយខែ ក្រោយពីទទួលបានការគាំទ្រ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពីនោះ ពួកគេចូលរៀនវគ្គបណ្តុះបណ្តាលនោះម្តងទៀតជារៀងរាល់បីឆ្នាំម្ដង ។
១២.៥.២
កុមារដែលមានតម្រូវការពិសេស
នៅពេលកុមារមានជំងឺរ៉ាំរៃ ពិការភាព ឬមានតម្រូវការពិសេស នោះថ្នាក់ដឹកនាំអង្គការបឋមសិក្សានិយាយជាមួយឪពុកម្តាយ និងគណៈប៊ីស្សព ។ ពួកគេដាក់ផែនការជាមួយគ្នាដើម្បីគាំទ្រដល់ក្រុមគ្រួសារ និងជួយកុមារឲ្យចូលរួមនៅក្នុងអង្គការបឋមសិក្សា ។
ជាទូទៅ កុមារដែលមានពិការភាពចូលរៀនថ្នាក់អង្គការបឋមសិក្សាតាមធម្មតា ។ បើចាំបាច់ គ្រូបង្រៀនបន្ថែមទៀតអាចត្រូវបានហៅឲ្យជួយបាន ។
កុមារដែលមានពិការភាព ឬមានតម្រូវការពិសេសផ្សេងទៀត ជាធម្មតា បញ្ចប់ថ្នាក់អង្គការបឋមសិក្សានៅដើមខែមករាក្នុងឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ ។ កុមារមួយចំនួនអាចមិនទាន់បញ្ចប់តាមកាលវិភាគរបស់អង្គការបឋមសិក្សាទេ ។ ប៊ីស្សព និងឪពុកម្តាយធ្វើការរួមគ្នាដើម្បីសម្រេចចិត្តពីអ្វីដែលល្អបំផុតសម្រាប់កុមារម្នាក់ៗ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលនៅលើគេហទំព័រ disabilities.ChurchofJesusChrist.org សូមមើលផងដែរ ៣៨.៨.២៧ នៅក្នុងក្បួនខ្នាតនេះ ។
១២.៥.៣
បុរសបម្រើនៅក្នុងអង្គការបឋមសិក្សា
គណៈប៊ីស្សព និងគណៈប្រធានអង្គការបឋមសិក្សាគួរចងចាំពីឥទ្ធិពលវិជ្ជមាននៃការមានបុរសដែលមានភាពស័ក្តិសម បម្រើនៅក្នុងអង្គការបឋមសិក្សា ។ បុរសអាចបម្រើជាគ្រូបង្រៀន អ្នកដឹកនាំថ្នាក់ទារកដ្ឋាន អ្នកដឹកនាំភ្លេង និងអ្នកលេងព្យាណូ ព្រមទាំងជាអ្នកដឹកនាំសកម្មភាពថ្នាក់ក្លាហានបាន ។
១២.៥.៤
សុវត្ថិភាពបន្ទប់ទឹក
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគួរតែលើកទឹកចិត្តឪពុកម្តាយឲ្យយកកូនៗរបស់គាត់ទៅបន្ទប់ទឹក ពីមុនមកកាន់អង្គការបឋមសិក្សា ។ នៅអំឡុងអង្គការបឋមសិក្សា កុមារតូចៗត្រូវតែយកទៅបន្ទប់ទឹកដោយឪពុក ឬម្តាយ ឬអាណាព្យាបាលស្របច្បាប់ម្នាក់ ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនមិនគួរយកកុមារទៅបន្ទប់ទឹកនោះទេ ។
១២.៥.៥
សកម្មភាពសម្តែង
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគួរតែយកចិត្តទុកដាក់ នៅពេលសម្តែងពីព្រឹត្តិការណ៍ពិសិដ្ឋនៅក្នុងអង្គការបឋមសិក្សា ។ ព្រះវរបិតាសួគ៌ និងព្រះវិញ្ញាណបរិសុទ្ធគឺមិនត្រូវយកមកសម្តែងនោះទេ ។ កុមារអាចសម្តែងតែជាព្រះអង្គសង្រ្គោះប៉ុណ្ណោះនៅក្នុងឈុតឆាកព្រះប្រសូតិកម្ម ។ សម្រាប់គោលការណ៍ណែនាំបន្ថែម សូមមើល ២០.៥.៦ ។
១២.៥.៦
ចិញ្ចៀន ជ.ផ.ត.
នៅពេលកុមារចាប់ផ្តើមថ្នាក់ ជ.ផ.ត. ៤ គណៈប្រធានអង្គការបឋមសិក្សា និងគ្រូបង្រៀនអង្គការបឋមសិក្សារបស់ពួកគេរំឭកពួកគេឲ្យ « ជ្រើសរើសត្រូវ » ។ ថ្នាក់ដឹកនាំទាំងនេះក៏ផ្តល់ចិញ្ចៀន ជ.ផ.ត ពណ៌បៃតងទៅឲ្យកុមារម្នាក់ៗផងដែរ ។
១២.៥.៧
ការណែនាំពីកម្មវិធីកុមារ និងយុវវ័យ
នៅដើមឆ្នាំនីមួយៗ ប៊ីស្សព ទីប្រឹក្សាម្នាក់របស់គាត់ ឬសមាជិកនៃគណៈប្រធានអង្គការបឋមសិក្សាអាចទៅលេងផ្ទះ ឬចូលក្នុងថ្នាក់អង្គការបឋមសិក្សារបស់កុមារម្នាក់ៗដែលឈានចូលដល់អាយុ ៨ ឆ្នាំ នៅឆ្នាំនេះ ។ ពួកគាត់អញ្ជើញកុមារ និងឪពុកម្តាយរបស់ពួកគេឲ្យចូលរួមកម្មវិធីកុមារ និងយុវវ័យ ។ កុមារម្នាក់ៗទទួលបាន និមិត្តរូបនៃភាពជាកម្មសិទ្ធិ និងសៀវភៅ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ ។ ធនធានទាំងនេះមាននៅលើគេហទំព័រ store.ChurchofJesusChrist.org ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ChildrenandYouth.ChurchofJesusChrist.org ។