« ០. សេចក្តីណែនាំទិដ្ឋភាពទូទៅ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ០. សេចក្តីណែនាំទិដ្ឋភាពទូទៅ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
០.
ទិដ្ឋភាពទូទៅនៃសេចក្ដីផ្ដើម
០.០
សេចក្ដីផ្ដើម
ព្រះអម្ចាស់បានបង្រៀនថា « ចូរឲ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឲ្យប្រតិបត្តិក្នុងតំណែងដែលខ្លួនត្រូវបានតាំងឡើង ដោយសេចក្តីឧស្សាហ៍គ្រប់ជំពូក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៩៩ ) ។ ក្នុងនាមជាថ្នាក់ដឹកនាំក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកគួរតែស្វែងរកវិវរណៈផ្ទាល់ខ្លួនដើម្បីជួយអ្នកឲ្យរៀន ហើយបំពេញកាតព្វកិច្ចចំពោះការហៅបម្រើរបស់អ្នក ។
ការសិក្សាព្រះគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីថ្ងៃចុងក្រោយនឹងជួយឲ្យអ្នកយល់ ហើយបំពេញភារកិច្ចរបស់អ្នក ។ នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះ នោះអ្នកនឹងកាន់តែងាយទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៨៥ ) ។
អ្នកក៏រៀនពីកាតព្វកិច្ចរបស់ខ្លួន តាមរយៈការសិក្សាសេចក្តីណែនាំទាំងឡាយនៅក្នុងក្បួនខ្នាតនេះផងដែរ ។ សេចក្តីណែនាំទាំងនេះអាចអញ្ជើញឲ្យមានវិវរណៈ ប្រសិនបើវាត្រូវបានប្រើដើម្បីផ្តល់នូវការយល់ដឹងមួយអំពីគោលការណ៍ គោលនយោបាយ និងនីតិវិធីទាំងឡាយដើម្បីអនុវត្ត ខណៈដែលស្វែងរកការណែនាំពីព្រះវិញ្ញាណ ។
០.១
ក្បួនខ្នាត
ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ផ្តល់នូវការណែនាំសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រទូទៅ និងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន ។
នៅក្នុងក្បួនខ្នាតនេះ ចំណងជើង និងចំណងជើងរង ត្រូវបានដាក់ជាលេខ ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែងរកប្រធានបទ និងសេចក្តីយោង ។ ឧទាហរណ៍ សេចក្ដីណែនាំអំពីអ្នកដែលអាចផ្សារភ្ជាប់បាននៅក្នុងព្រះវិហារបរិសុទ្ធ ត្រូវបានផ្តល់នៅក្នុង ២៧.៣.១ ។ លេខ ២៧ សំដៅទៅលើជំពូក លេខ ៣ សំដៅទៅលើវគ្គនៃជំពូកនោះ ហើយលេខ ១ សំដៅទៅលើវគ្គរង ។
០.២
ធនធានដែលអាចសម្របសម្រួលបាន និងអាចជ្រើសរើសបាន
ពុំមែនស្តេក និងវួដទាំងអស់មានតម្រូវការដូចគ្នានោះទេ ។
ថ្នាក់ដឹកនាំស្វែងរកការបំផុសគំនិតថាត្រូវប្រើគោលការណ៍ណែនាំ និងធនធានដែលអាចជ្រើសរើសបានមួយណា ដើម្បីបំពេញតាមតម្រូវការរបស់សមាជិកទាំងឡាយ ។
០.៤
សំណួរអំពីសេចក្តីណែនាំទាំងឡាយ
នៅពេលមានសំណួរដែលមិនបានបកស្រាយនៅក្នុងព្រះគម្ពីរ ប្រសាសន៍របស់ព្យាការីដែលនៅរស់ ឬក្បួនខ្នាតនេះ នោះសមាជិកសាសនាចក្រគួរតែពឹងផ្អែកទៅលើសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះ ការប្រឹក្សាពីថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់ពួកគេ ហើយនិងការបំផុសគំនិតមកពីព្រះវិញ្ញាណសម្រាប់ការដឹកនាំ ។
ប្រសិនបើថ្នាក់ដឹកនាំមានសំណួរអំពីព័ត៌មាននៅក្នុងក្បួនខ្នាតនេះ ឬអំពីបញ្ហាទាំងឡាយដែលមិនបានចែងនៅក្នុងក្បួនខ្នាតនេះ នោះពួកគាត់គួរតែយកសំណួរនោះទៅប្រឹក្សាជាមួយអ្នកមានសិទ្ធិអំណាចជាអធិបតីផ្ទាល់របស់ពួកគាត់ ។
០.៥
វាក្យសព្ទ
លើកលែងតែពាក្យណាដែលត្រូវបានបញ្ជាក់ បើពុំដូច្នោះទេ ៖
-
ពាក្យ ប៊ីស្សព និង គណៈប៊ីស្សព នៅក្នុងក្បួនខ្នាតនេះ ក៏សំដៅទៅលើប្រធានសាខា និងគណៈប្រធានសាខាផងដែរ ។ ពាក្យ ប្រធានស្តេក និង គណៈប្រធានស្តេក ក៏សំដៅទៅលើប្រធានមណ្ឌល និងគណៈប្រធានមណ្ឌលផងដែរ ។ សម្រាប់សេចក្ដីសង្ខេបអំពីរបៀបដែលសិទ្ធិអំណាចរបស់ប្រធានមណ្ឌលខុសពីសិទ្ធិអំណាចរបស់ប្រធានស្ដេក សូមមើល ៦.៣ ។
-
សេចក្តីយោងទៅលើពាក្យវួដ និងស្តេក ជាទូទៅក៏ប្រើសម្រាប់សាខា មណ្ឌល និងបេសកកម្មផងដែរ ។
-
សេចក្តីយោងទៅលើពាក្យថ្ងៃអាទិត្យអនុវត្តចំពោះថ្ងៃណាក៏ដោយដែលជាថ្ងៃបរិសុទ្ធ ដែលគេគោរពនៅក្នុងមូលដ្ឋាន ។
-
ពាក្យ អង្គភាព សំដៅទៅលើវួដ និងសាខាទាំងឡាយ ។
-
សេចក្តីយោងទៅពាក្យឪពុកម្តាយ ជាទូទៅក៏អនុវត្តចំពោះអាណាព្យាបាលស្របច្បាប់ផងដែរ ។
ការហៅបម្រើរបស់ប៊ីស្សព និងប្រធានសាខាមានសិទ្ធិអំណាច និងការទទួលខុសត្រូវខុសគ្នា ហើយការហៅបម្រើជាប្រធានស្តេក និងប្រធានមណ្ឌលក៏មិនដូចគ្នាដែរ ។ ប៊ីស្សពគឺជាតំណែងមួយនៅក្នុងបព្វជិតភាព ហើយការតែងតាំងត្រូវបានអនុញ្ញាតមកពីគណៈប្រធានទីមួយតែប៉ុណ្ណោះ ។ ប្រធានស្តេកត្រូវបានហៅដោយអ្នកមានសិទ្ធិអំណាចទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់ ។
០.៦
ការទាក់ទងទៅកាន់ទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់
ជំពូកខ្លះនៅក្នុងក្បួនខ្នាតនេះមាននូវការណែនាំ ដើម្បីទាក់ទងទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។ សេចក្ដីណែនាំដើម្បីទាក់ទងទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រអនុវត្តចំពោះអ្នកនៅក្នុងសហរដ្ឋ និងប្រទេសកាណាដា ។ សេចក្ដីណែនាំដើម្បីទាក់ទងទៅកាន់ការិយាល័យប្រចាំតំបន់អនុវត្តចំពោះអ្នកនៅក្រៅសហរដ្ឋ និងប្រទេសកាណាដា ។