« មេរៀនទី ១៦៨—ងាកទៅរកប្រភពដែលបានតែងតំាងដ៏ទេវភាពដើម្បីជួយស្វែងរកចម្លើយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ងាកទៅរកប្រភពដែលបានតែងតំាងដ៏ទេវភាពដើម្បីជួយស្វែងរកចម្លើយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៨៖ ចំណេះចំណាននៃគោលលទ្ធិ ៖ ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ
ងាកទៅរកប្រភពដែលបានតែងតំាងដ៏ទេវភាពដើម្បីជួយស្វែងរកចម្លើយ
ការទទួលបានចំណេះដឹងខាងវិញ្ញាណណ ភាគ ៤
គោលបំណងមួយរបស់ចំណេះចំណានខាងគោលលទ្ធិគឺដើម្បីជួយសិស្សឲ្យរៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការស្វែងរកសេចក្តីពិតពីប្រភពនានាដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានមកដោយសេចក្តីស្រឡាញ់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព័ត៌មានដ៏សម្បូរបែប
សូមពិចារណាយកទឹកមួយកែវមកបង្ហាញ ។ សូមអញ្ជើញសិស្សឲ្យស្រមៃថា មានគេឲ្យភេសជ្ជៈមួយកំប៉ុងដល់ពួកគេ ។ សូមសួរពួកគេអំពីអ្វីដែលពួកគេអាចនឹងចង់ដឹងអំពីទឹកនោះ មុនពេលដែលពួកគេសម្រេចចិត្តថាតើត្រូវផឹកវាឬអត់ ។
ដូចជាយើងចង់ដឹងពីប្រភពនៃអ្វីដែលយើងបរិភោគចូលទៅក្នុងខ្លួនយើងដែរ ពេលយើងមានសំណួរអំពីដំណឹងល្អ ឬនិយាយពីប្រធានបទដំណឹងល្អដែលយើងចង់ដឹង នោះយើងត្រូវវាយតម្លៃលើប្រភពដែលយើងរកមើលព័ត៌មាននោះ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយបានពន្យល់ ៖
គ្មានទេនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកនេះ ដែលយើងងាយនឹងទទួលបានព័ត៌មានកាន់តែច្រើន—ព្រោះព័ត៌មានខ្លះពិត ខ្លះទៀតមិនពិត ហើយភាគច្រើននោះពិតខ្លះៗ ។
ហេតុដូច្នេះហើយ គ្មានប្រវត្តិសាស្ត្រនៃពិភពលោកណាសំខាន់ជាងការរៀនឲ្យបានត្រឹមត្រូវ អំពីរបៀបដឹងរវាងសេចក្តីពិត និងការណ៍ក្លែងក្លាយឡើយ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « What Is Truth? » [ សុន្ទរកថានៅក្នុងការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
-
ជាទូទៅ តើអ្នកមើលក្នុងប្រភពអ្វីខ្លះ បើអ្នកមានសំណួរអំពីដំណឹងល្អ ?
-
តើអ្នកអាចដឹងថា តើប្រភពមួយអាចទុកចិត្តបានដោយរបៀបណា ?
ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិតទាំងអស់
ដើម្បីជួយសិស្សឲ្យស្គាល់ពីតម្រូវការក្នុងការមើលទៅព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទក្នុងការស្វែងរកសេចក្តីពិតរបស់ពួកគេ សូមពិចារណាបង្ហាញសេចក្ដីយោងបទគម្ពីរខាងក្រោមនេះនៅលើក្ដារខៀន ។
អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរទាំងនេះខ្លះៗ ឬទាំងអស់ដោយខ្លួនឯង ឬជាក្រុម ។ សូមពិចារណាអញ្ជើញពួកគេឲ្យឡើងសរសេរពាក្យ ឬឃ្លាដាក់នៅលើក្ដារខៀន ជាអ្វីដែលពួកគេរកឃើញ ដែលបរិយាយអំពីបុគ្គលិកលក្ខណៈនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមអានបទគម្ពីរខាងក្រោម ដោយការរកមើលពាក្យ ឬឃ្លាដែលជួយអ្នកឲ្យយល់អំពីមូលហេតុដែលយើងគួរមើលទៅព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីស្វែងរកសេចក្តីពិត ៖
-
តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់អ្វីខ្លះ អំពីមូលហេតុដែលយើងត្រូវពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលស្វែងរកសេចក្ដីពិត ?
ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក សូមចង្អុលបង្ហាញថា ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិតទាំងអស់ ។ សូមពិចារណាសរសេរគោលការណ៍នេះនៅលើក្តារខៀន ។
-
តើយើងអាចរកឃើញសេចក្ដីពិតដែលចេញមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅឯណា ?
ការស្វែងរកប្រភពដែលអាចទុកចិត្តបាន
សកម្មភាពសិក្សាខាងក្រោមអាចជួយសិស្សឲ្យយល់អំពីមូលហេតុដែលពួកគេចង់ប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ដែលព្រះបានប្រទានពរឲ្យពួកគេទទួលបាន ។
សូមអាន កថាខណ្ឌ ១១–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមរកមើលការបង្រៀនដែលអាចណែនាំយើងក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីរកមើលចម្លើយចំពោះសំណួររបស់យើង ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នករកឃើញ ដែលពិពណ៌នាអំពីមូលហេតុដែលវាសំខាន់ក្នុងការប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ?
-
តើមានប្រភពអ្វីខ្លះមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលយើងអាចងាកទៅរកនៅក្នុងការស្វែងរកសេចក្ដីពិតរបស់យើងបាន ? តើប្រភពទាំងនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះយើងដោយរបៀបណា ?
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យយល់ពីរបៀបស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាព និងរបៀបវាយតម្លៃលើភាពទុកចិត្តបាននៃប្រភពផ្សេងទៀតដែលពួកគេអាចជួប ។ សូមពិចារណាប្រើសកម្មភាពមួយ ឬទាំងពីរ ដោយអាស្រ័យលើពេលវេលាដែលមាន និងតម្រូវការរបស់សិស្សអ្នក ។
សកម្មភាព ក ៖ ស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាព
មុននឹងអញ្ជើញសិស្សឲ្យបំពេញសកម្មភាពខាងក្រោមនេះ សូមពិចារណាបង្ហាញពីរបៀបប្រើប្រាស់ជំនួយការសិក្សា ដែលសាសនាចក្របានបង្កើតឡើង ដើម្បីស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាព ។ អ្នកអាចនឹងសម្រេចជ្រើសយកប្រធានបទដំណឹងល្អមួយ ហើយបង្ហាញសិស្សអំពីកន្លែងដែលត្រូវរកមើលព័ត៌មានបន្ថែម ដោយប្រើធនធានដែលមានរាយក្នុងជំហានទី ២ ។
បន្ទាប់ពីបង្ហាញសិស្សពីរបៀបរកមើលប្រភពដែលបានតែងតាំងដ៏ទេវភាពហើយ សូមឲ្យពួកគេអនុវត្តដោយខ្លួនឯង ឬជាមួយដៃគូម្នាក់ ។ អ្នកអាចចែកចាយ និងបង្ហាញការណែនាំខាងក្រោមដើម្បីជួយឲ្យសិស្សចាប់ផ្តើមបាន ។
សូមរៀនប្រើជំនួយការសិក្សា ដែលសាសនាចក្របានបង្កើតឡើង ដើម្បីស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាពតាមរយៈការធ្វើតាមជំហានទាំងពីរនេះ ៖
-
ចូរសម្រេចជ្រើសយកប្រធានបទនៃដំណឹងល្អមួយ ដើម្បីស្វែងរកព័ត៌មានអំពីប្រធានបទនេះ ។ ឧទាហរណ៍នៃប្រធានបទរួមមាន ការបកប្រែព្រះគម្ពីរមរមន ដំណើររឿងនៃការនិមិត្តដំបូង និងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ អ្នកអាចនឹងជ្រើសយកប្រធានបទដំណឹងល្អណាមួយ ដែលអ្នកចាប់អារម្មណ៍ ។
-
សូមរកមើលប្រភពដែលបានតែងតាំងដ៏ទេវភាព ដោយការប្រើជំនួយការសិក្សាដែលសាសនាចក្របានបង្កើតឡើង ។ ឧទាហរណ៍នៃជំនួយការសិក្សារួមមាន ប្រធានបទ និង សំណួរ, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, បណ្ណាល័យដំណឹងល្អ មុខងារស្វែងរក ប្រធានបទប្រវត្តិសាសនាចក្រ និង សុន្ទរកថាពីសន្និសីទទូទៅ ។
នៅពេលសិស្សកំពុងរកមើលប្រភពដែលបានតែងតាំងដ៏ទេវភាព សូមពិចារណាដើរជុំវិញថ្នាក់រៀន ដើម្បីអ្នកអាចជួយដល់សិស្សដែលអាចមានសំណួរ ឬតម្រូវការនានា ។ បន្ទាប់ពីសិស្សបានចំណាយពេលសិក្សាហើយ សំណួរខាងក្រោមនេះអាចនឹងជួយឲ្យពួកគេពិភាក្សាអំពីបទពិសោធន៍របស់ពួកគេបាន ។
-
តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះ តាមរយៈដំណើរការរកមើលប្រភពដែលបានតែងតាំងដ៏ទេវភាពនេះ ?
-
តើអ្នកបានរកឃើញព័ត៌មានដែលមានប្រយោជន៍អ្វីខ្លះ ?
សកម្មភាព ខ ៖ វាយតម្លៃប្រភពព័ត៌មាន
មានពេលខ្លះក្នុងការស្វែងរកសេចក្ដីពិតរបស់យើង យើងជួបនឹងប្រភពព័ត៌មាននានា ដែលមិនមែនជាការបោះពុម្ពផ្សាយដោយសាសនាចក្រ ។ ក្នុងករណីទាំងនេះ វាសំខាន់ដែលយើងវាយតម្លៃលើភាពទុកចិត្តបាននៃព័ត៌មាន ដែលយើងកំពុងអាននោះ ។
-
តើយើងអាចធ្វើយ៉ាងណាខ្លះដើម្បីបែងចែករវាងប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងមិនអាចទុកចិត្តបាន ?
សូមដាក់បង្ហាញសំណួរខាងក្រោម ឬផ្ដល់ជាសំណៅចែកឲ្យសិស្ស ។ បន្ថែមពីលើការអញ្ជើញសិស្សឲ្យអានសំណួរដោយខ្លួនឯង ឬជាថ្នាក់ អ្នកអាចសុំឲ្យពួកគេអានខគម្ពីរដែលទាក់ទងនឹងសំណួរទាំងនោះបាន ។
ការកំណត់សេចក្ដីពិតឲ្យដាច់ចេញពីកំហុស
សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៤
សូមអានសំណួរខាងក្រោមនេះ ។ សូមគិតអំពីរបៀបដែលសំណួរបែបនេះអាចជួយអ្នកឲ្យកំណត់ពីភាពអាចទុកចិត្តបាន និងអត្ថប្រយោជន៍នៃប្រភពព័ត៌មានផ្សេងៗគ្នាបាន ។
-
តើខ្ញុំទទួលបានអារម្មណ៍អ្វីខ្លះមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលខ្ញុំបានអាន ឬបានឮព័ត៌មាននេះ ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៣–២៤ ) ។
-
តើព័ត៌មាននេះនាំខ្ញុំឲ្យចូលទៅជិតព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ដែរឬទេ ? ( សូមមើល មរ៉ូណៃ ៧:១៥–១៧ ) ។
-
តើព័ត៌មាននេះលើកទឹកចិត្តខ្ញុំឲ្យកាន់តាមបទបញ្ញត្តិរបស់ព្រះដែរឬទេ ?
-
តើវាត្រូវគ្នានឹងអ្វីដែលព្រះគម្ពីរ និងព្យាការីសម័យទំនើបបង្រៀនដែរឬទេ ? ( សូមមើល ធីម៉ូថេ ទី២ ៣:១៥–១៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ) ។
-
តើវាបញ្ជាក់ពីអ្វីដែលខ្ញុំបានទទួលអារម្មណ៍រួចមកហើយ ដែលព្រះវិញ្ញាណបរិសុទ្ធប្រាប់ខ្ញុំថាជាការពិត ឬវាលើកទឹកចិត្តខ្ញុំឲ្យសង្ស័យពីសេចក្តីពិតទាំងនោះ ? ( សូមមើល មរ៉ូណៃ ១០:៥ ) ។
-
តើវាចេញមកពីប្រភពដែលព្រះអង្គសង្គ្រោះ ឬថ្នាក់ដឹកនាំសាសនាចក្ររបស់ទ្រង់ចាត់ទុកថាគួរឲ្យទុកចិត្តបានឬ ?
-
តើឪពុកម្តាយ ឬថ្នាក់ដឹកនាំសាសនាចក្ររបស់ខ្ញុំនឹងនិយាយអ្វីអំពីព័ត៌មាននេះ ? ( ប្រសិនបើខ្ញុំមានអារម្មណ៍ចង់លាក់បាំងរឿងនេះពីពួកគាត់ តើវាប្រាប់ខ្ញុំអ្វីខ្លះអំពីប្រភពនេះ ? )
បន្ទាប់ពីសិស្សបានអានសំណួរទាំងនេះចប់រួចហើយ សូមឲ្យពួកគេឡើងចែកចាយពីមូលហេតុដែលពួកគេគិតថា សំណួរដូចនេះនឹងមានប្រយោជន៍ឲ្យពួកគេជញ្ជឹងគិតបាន ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យឡើងចែកចាយពីឧទាហរណ៍អំពីរបៀបដែលពួកគេបានប្រើសំណួរទាំងនេះ ឬសំណួរស្រដៀងគ្នានេះ ដើម្បីវាយតម្លៃលើភាពទុកចិត្តបាននៃព័ត៌មានផងដែរ ។
ការអនុវត្តអ្វីដែលអ្នកបានរៀនសូត្រ
ដើម្បីជួយសិស្សឲ្យធ្វើតាមការរៀនសូត្ររបស់ពួកគេ សូមពិចារណាអញ្ជើញពួកគេឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមមួយ ឬទាំងពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេជាមួយដៃគូម្នាក់ ឬសិស្សក្នុងថ្នាក់រៀន ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យស្វែងរកចម្លើយបានកាន់តែប្រសើរចំពោះសំណួរអំពីដំណឹងល្អរបស់អ្នក ?
-
តើអ្នកគិតថា អ្វីដែលអ្នកបានរៀនថ្ងៃនេះនឹងមានឥទ្ធិពលលើសកម្មភាពនាពេលអនាគតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានសិក្សានៅថ្ងៃនេះ ហើយលើកទឹកចិត្តសិស្សឲ្យស្វែងរកសេចក្ដីពិតដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែងតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។