« មេរៀនទី ១៦៥—ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៥ ៖ ចំណេះចំណាននៃគោលលទ្ធិ ៖ ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ
ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១
ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ណាស់ ហើយចង់ឲ្យយើងក្លាយដូចជាទ្រង់ ។ នៅពេលដែលយើងខិតខំរៀនសូត្រអំពីទ្រង់ ព្រះវរបិតាសួគ៌បានសន្យាថានឹងបើកសម្ដែងសេចក្ដីពិតដល់គំនិត និងដួងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២; មរ៉ូណៃ ១០:៥ ) ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចទទួលបានការណែនាំ និងវិវរណៈមកពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរស់រានមានជីវិតខាងវិញ្ញាណ
សូមពិចារណាចាប់ផ្ដើមមេរៀននេះ ដោយគូររូបមនុស្សម្នាក់នៅលើក្ដារខៀន ដែលតំណាងឲ្យក្មេងជំទង់ ។ សិស្សក៏អាចនឹងចម្លងរូបនេះដាក់ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេផងដែរ ។ សិស្សអាចរីករាយនឹងការដាក់ឈ្មោះឲ្យរូបនេះ ក៏ដូចជាព័ត៌មានគោលមួយចំនួនដូចជា អាយុ ចំណង់ចំណូលចិត្ត និងអាហារដែលចូលចិត្ត ។
នៅពេលដែលសិស្សឆ្លើយសំណួរទីមួយខាងក្រោមនេះ សូមសរសេរចម្លើយរបស់ពួកគេនៅជុំវិញរូបនេះនៅលើក្ដារខៀន ។
-
តើអ្វីទៅដែលអាចធ្វើឲ្យក្មេងជំទង់ពិបាករស់រានមានជីវិតខាងវិញ្ញាណនៅក្នុងពិភពលោកសព្វថ្ងៃនេះ ?
-
តើអ្វីទៅដែលអាចជួយឲ្យយើងយកឈ្នះលើឧបសគ្គ ឬឥទ្ធិពលទាំងនេះបាន ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយពីរបៀបមួយដែលយើងអាចនឹងរួចផុតពីបញ្ហាប្រឈម និងឥទ្ធិពលដែលយើងជួបប្រទះខាងវិញ្ញាណ ៖
លទ្ធភាពដ៏ខ្ជាប់ខ្ជួននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងវដ្ដសារព័ត៌មាន ២៤ ម៉ោង ធ្វើឲ្យយើងថប់បារម្ភជាមួយនឹងសារលិខិតឥតឈប់ឈរ ។ បើយើងសង្ឃឹមចង់ស្វែងរកអ្វីមួយដែលមានតម្លៃតាមរយៈទស្សនៈជាច្រើន និងទស្សនវិជ្ជារបស់មនុស្ស ដែលវាយប្រហារដល់សេចក្ដីពិត នោះយើងត្រូវតែរៀនទទួលស្គាល់វិវរណៈ ។ …
នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូន ដើម្បីទទួលបានវិវរណៈ ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
-
តើពាក្យ ឬឃ្លាអ្វីខ្លះមកពីសេចក្តីថ្លែងការណ៍នេះ ដែលមានអត្ថន័យជាពិសេសចំពោះរូបអ្នក ? ហេតុអ្វី ?
-
ហេតុអ្វីបានជាអ្នកគិតថា ការទទួលបានវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធគឺសំខាន់ចាំបាច់សម្រាប់ឲ្យយើងរស់រានមានជីវិតខាងវិញ្ញាណនៅលើពិភពលោកយើងនេះ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីតម្រូវការផ្ទាល់ខ្លួនដើម្បីមានវិវរណៈ ។ អ្នកអាចអញ្ជើញពួកគេឲ្យកត់ត្រាសំណួរដែលពួកគេមាន ចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬហេតុផលដែលពួកគេត្រូវការវិវរណៈ នៅពេលនេះក្នុងជីវិតរបស់ពួកគេ ។ ឬអ្នកអាចនឹងឲ្យសិស្សចែកចាយសំណួររបស់ពួកគេ ឬបញ្ហាប្រឈមមួយចំនួនដែលពួកគេបានជួបប្រទះ នៅពេលពួកគេបានស្វែងរកវិវរណៈកាលពីអតីតកាល ។
សូមលើកទឹកចិត្តពួកគេ នៅពេលពួកគេសិក្សានៅថ្ងៃនេះ ដើម្បីស្វែងរកការបង្រៀន និងការអញ្ជើញដែលអាចនឹងជួយពួកគេឲ្យរៀបចំខ្លួន ដើម្បីទទួលវិវរណៈមកពីព្រះសម្រាប់ជីវិតរបស់ពួកគេ ។
ការទទួលបានការណែនាំ និងវិវរណៈមកពីព្រះ
សូមអាន ម៉ូសាយ ៤:៩ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:១–៣ ដោយរកមើលបុគ្គលិកលក្ខណៈនៃព្រះ ដែលអាចជួយឲ្យយើងប្រាថ្នាចង់បានការណែនាំរបស់ទ្រង់ ។
-
តើបទគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះ ?
សូមផ្តល់ឱកាសឲ្យសិស្សច្រើននាក់បានឆ្លើយសំណួរពីមុន ។ ក្នុងចំណោមចម្លើយជាច្រើនដែលសិស្សអាចនឹងផ្តល់បាន ពួកគេអាចនិយាយអំពីសេចក្ដីពិតមួយដែលស្រដៀងគ្នានឹងឃ្លានេះ ៖ ព្រះមានព្រះប្រាជ្ញាញាណគ្រប់យ៉ាង ហើយជ្រាបគ្រប់ការណ៍ទាំងអស់ ។
-
តើការដឹងពីបុគ្គលិកលក្ខណៈទាំងនេះរបស់ព្រះអាចជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នក ដើម្បីឲ្យទ្រង់ណែនាំ និងបង្រៀនអ្នកយ៉ាងដូចម្ដេច ?
សូមសរសេរចំណងជើងដូចតទៅនេះដាក់នៅលើក្ដារខៀន ៖ តើខ្ញុំអាចទទួលបានចម្លើយមកពីព្រះបានដោយរបៀបណា ?
សូមសិក្សា កថាខណ្ឌទី ១–៣ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលបរិយាយអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានចម្លើយពីព្រះចំពោះសំណួរខាងវិញ្ញាណរបស់យើង ។
ជាការបន្ថែមទៅនឹងការសិក្សាពី ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ អ្នកក៏អាចអញ្ជើញសិស្សឲ្យស្រាវជ្រាវព្រះគម្ពីររកមើលការបង្រៀននានា ដែលពិពណ៌នាអំពីអ្វីដែលយើងអាចធ្វើបាន ដើម្បីទទួលបានចម្លើយពីព្រះផងដែរ ។ ឧទាហរណ៍ស្ដីពីបទគម្ពីរដែលអ្នកអាចនឹងអញ្ជើញសិស្សឲ្យសិក្សានោះមានជាអាទិ៍ នីហ្វៃទី២ ៣២:៣–៥; មរ៉ូណៃ ១០:៤–៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៧–៩; ៤២:៦១ ។
-
តើអ្នកបានរៀនអ្វីខ្លះ អំពីអ្វីដែលយើងអាចធ្វើបានដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការទទួលបានចម្លើយចំពោះសំណួររបស់យើងមកពីព្រះ ?
អ្នកអាចអញ្ជើញសិស្សឲ្យសរសេរដាក់នៅលើក្ដារខៀននូវអ្វីដែលពួកគេបានរកឃើញ ។
ជំនួសឲ្យការសួរសំណួរខាងក្រោម អ្នកអាចនឹងសុំឲ្យសិស្សផ្សេងៗជ្រើសយកពាក្យ ឬឃ្លាណាមួយនៅលើក្ដារខៀន ដែលហាក់ដូចជាមានសារៈសំខាន់ជាពិសេសចំពោះពួកគេ ។ បន្ទាប់មក ពួកគេអាចពន្យល់ពីមូលហេតុដែលពួកគេមានអារម្មណ៍ថា ពាក្យ ឬឃ្លានោះជារបៀបដ៏សំខាន់សម្រាប់ឲ្យយើងរៀបចំខ្លួនទទួលបានចម្លើយចំពោះរបស់សំណួររបស់យើង ។
-
ហេតុអ្វីបានជាអ្នកគិតថា សកម្មភាពទាំងនេះគឺជារបៀបដ៏សំខាន់ ដើម្បីឲ្យយើងរៀបចំខ្លួនទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកមាន ជាមួយនឹងការទទួលបានវិវរណៈផ្ទាល់ខ្លួន ? តើសកម្មភាពអ្វីខ្លះដែលបានជួយរៀបចំឲ្យអ្នកត្រៀមខ្លួនទទួលបានវិវរណៈនោះ ?
សូមជួយសិស្សឲ្យយល់ថា ពួកគេមិនត្រូវចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬពិសិដ្ឋពេកនោះទេ ។ អ្នកក៏អាចពិចារណាចែកចាយបទពិសោធន៍ដែលបានមកពីជីវិតផ្ទាល់ខ្លួនអ្នកផងដែរ ។
ការអនុវត្តវាទៅក្នុងជីវិតរបស់អ្នក
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ដែលអាចនឹងជួយពួកគេជាមួយនឹងសំណួរដែលពួកគេមាន ។ បន្ទាប់មក សូមចែកចាយខ្លឹមសារខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យអនុវត្តតាមការបង្រៀននានា ដែលពួកគេបានរៀននៅថ្ងៃនេះ ។
សូមរំឭកពីដំបូន្មានដែលបានពីប្រធាន ណិលសុន ដែលអ្នកបានសិក្សានៅដើមមេរៀននេះ ៖ « ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូន ដើម្បីទទួលបានវិវរណៈ » (« Revelation for the Church, Revelation for Our Lives » ទំព័រ ៩៦ ) ។
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះដែលអាចនឹងជួយអ្នកឲ្យធ្វើតាមដំបូន្មាននេះបាន ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីអ្វីដែលអ្នកនឹងធ្វើដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទទួលបានវិវរណៈផ្ទាល់ខ្លួនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
នៅពេលដែលសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេចប់ហើយ សូមពិចារណាសុំឲ្យមានអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យឡើងចែកចាយផែនការរបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់រៀន ។
បើមានពេលគ្រប់គ្រាន់ អ្នកអាចនឹងចង់ឲ្យសិស្សដឹងថា នៅក្នុងមេរៀនក្រោយៗ ពួកគេនឹងរៀនអំពីគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលនឹងជួយពួកគេឲ្យទទួលបានចម្លើយចំពោះសំណួររបស់ពួកគេ ។ អ្នកអាចនឹងមានសិស្សមួយចំនួន ដែលបានដឹងពីគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណរួចហើយ ។ សូមពិចារណាសុំឲ្យពួកគេចែកចាយ បើពួកគេបានដឹង ឬឲ្យសិស្សស្វែងរកវានៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមធានាដល់ពួកគេថា ពួកគេនឹងមានឱកាសចូលរួមនៅក្នុងថ្នាក់សិក្ខាសាលា ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការទទួលបានវិវរណៈ ។