« មេរៀនទី ១៦៦—ធ្វើសកម្មភាពដោយសេចក្ដីជំនឿដើម្បីស្វែងរកចម្លើយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ធ្វើសកម្មភាពដោយសេចក្ដីជំនឿដើម្បីស្វែងរកចម្លើយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៦ ៖ ចំណេះចំណាននៃគោលលទ្ធិ ៖ ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ
ធ្វើសកម្មភាពដោយសេចក្ដីជំនឿដើម្បីស្វែងរកចម្លើយ
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យមើលទៅទ្រង់ ហើយធ្វើសកម្មភាពដោយសេចក្តីជំនឿពេញមួយជីវិតរបស់យើង ។ វាជាការសំខាន់ខ្លាំងណាស់ ដែលយើងត្រូវផ្ដោតលើព្រះអង្គសង្គ្រោះ ជាពិសេសនៅពេលយើងមិនអាចឆ្លើយសំណួរ ឬដោះស្រាយស្ថានការណ៍បានដោយងាយ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វះស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃការសួរសំណួរ
មុនពេលចូលរៀន អ្នកអាចនឹងចង់សរសេរសំណួរខាងក្រោមនេះពីប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដាក់នៅលើក្តារខៀន ។ នៅពេលសិស្សចូលមកថ្នាក់រៀន សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីរបៀបដែលពួកគេអាចឆ្លើយសំណួររបស់លោកបាន និងមូលហេតុដែលពួកគេបានឆ្លើយបែបនោះ ។ បន្ទាប់ពីសិស្សបានប្រើពេលជញ្ជឹងគិតហើយ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះនៅក្នុងគណៈប្រធានទីមួយ បានដាក់ចេញនូវសំណួរដូចខាងក្រោម ៖
តើវាមិនអីទេឬដែលមានសំណួរអំពីសាសនាចក្រ ឬគោលលទ្ធិរបស់សាសនាចក្រនោះ ? ( ឌៀថើរ អេហ្វ អុជដូហ្វ « The Reflection in the Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើគេហទំព័រ thechurchnews.com )
-
តើអ្នកនឹងឆ្លើយសំណួរនេះយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាអ្នកឆ្លើយសំណួរនេះតាមរបៀបនោះ ?
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍របស់ប្រធាន អុជដូហ្វ ដែលនៅសល់ទាំងប៉ុន្មានទៀត សូមរកមើលប្រៀបធៀបចម្លើយរបស់អ្នកទៅនឹងចម្លើយរបស់លោក ។
មិត្តភក្ដិវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ យើងគឺជាមនុស្សដែលសួរសំណួរ ដោយសារយើងដឹងថា សំណួរនាំទៅរកសេចក្ដីពិត ។ នោះគឺជារបៀប [ ដែល ] សាសនាចក្រនេះចាប់ផ្ដើមឡើង—មកពីយុវជនម្នាក់ដែលមានសំណួរច្រើន ។ តាមពិត ខ្ញុំមិនប្រាកដពីរបៀបដែលមនុស្សម្នាក់អាចរកឃើញសេចក្ដីពិត ដោយគ្មានការសួរសំណួរនោះទេ ។
… ការសួរគឺជាទីកំណើតនៃទីបន្ទាល់ ។ … ការសួរសំណួរមិនមែនជាសញ្ញាមួយនៃភាពទន់ខ្សោយនោះទេ តែវាជាប្រផ្នូលនៃការរីកចម្រើនទៅវិញទេ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « The Reflection in the Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើគេហទំព័រ thechurchnews.com )
-
តើគំរូអ្វីខ្លះដែលអ្នកបានឃើញនៅក្នុងព្រះគម្ពីរ ប្រវត្តិសាសនាចក្រ ឬជីវិតរបស់អ្នកផ្ទាល់ ដែលបង្ហាញថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងសួរសំណួរ ?
ពេលខ្លះ យើងអាចនឹងរកឃើញព័ត៌មានថ្មីៗអំពីគោលលទ្ធិ ការអនុវត្ត ឬប្រវត្តិសាសនាចក្រ ដែលហាក់ដូចជានឹងពិបាកយល់បាន ។ យើងក៏អាចនឹងមានសំណួរដែលពិបាកនឹងឆ្លើយបានផងដែរ ។ ការមានសំណួរមិនដូចគ្នានឹងការសង្ស័យទេ ។ ការសួរសំណួរដោយស្មោះត្រង់អាចបង្កើនការយល់ដឹង និងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទបាន ។ ការចិញ្ចឹមបីបាច់ការសង្ស័យអាចប៉ះពាល់អវិជ្ជមានដល់សេចក្ដីជំនឿរបស់យើងលើទ្រង់បាន ( សូមមើល Topics and Questions, « Answering Gospel Questions » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
សូមឲ្យសិស្សគិតអំពីសំណួរដែលពួកគេអាចនឹងមានអំពីសាសនាចក្រ ឬគោលលទ្ធិរបស់សាសនាចក្រ ដែលពួកគេមិនអាចឆ្លើយបានដោយងាយ ។ អ្នកអាចនឹងអញ្ជើញសិស្សឲ្យសរសេរសំណួរទាំងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបាន ។ សូមអញ្ជើញពួកគេឲ្យស្វែងរកសេចក្ដីពិតនៅក្នុងមេរៀននេះ ដែលអាចជួយពួកគេបាន នៅពេលមានសំណួរពិបាកៗកើតឡើង ។
ការឆ្លើយតបទៅនឹងសំណួរពិបាកៗ
ដើម្បីបង្ហាញពីសារៈសំខាន់នៃការសួរសំណួរ និងដើម្បីធ្វើជាគំរូនៃរបៀបធ្វើសកម្មភាពដោយសេចក្តីជំនឿ សូមបង្ហាញសាច់រឿងមួយដល់សិស្សក្នុងថ្នាក់ទាំងមូល ។ សូមប្រើការពិពណ៌នាខាងក្រោម ឬបង្ហាញវីដេអូ « Acquiring Spiritual Knowledge: Madison’s Story » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:៤៤ ។
នៅក្នុងថ្នាក់សិក្ខាសាលា ម៉ាឌីហ្សុន បានរៀនថា យ៉ូសែប ស្ម៊ីធ មានចំណងអាពាហ៍ពិពាហ៍ច្រើន ។ បន្ទាប់ពីនាងបានឮដូច្នេះ សំណួរមួយចំនួនបានចូលមកក្នុងចិត្តនាង ។
ដើម្បីជួយសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោមនេះបាន អ្នកអាចនឹងបែងចែកសិស្សក្នុងថ្នាក់ទៅជាដៃគូ ឬជាក្រុមតូចៗ ។ បន្ទាប់ពីបានពិភាក្សាសំណួរហើយ សិស្សអាចនឹងរាយការណ៍ពីចម្លើយរបស់ពួកគេដល់សិស្សនៅក្នុងថ្នាក់បាន ។
-
តើវិធីសាស្រ្តអវិជ្ជមាន និងវិជ្ជមានអ្វីខ្លះដែល ម៉ាឌីហ្សុន អាចយកមកអនុវត្តបាន ដើម្បីឆ្លើយនឹងសំណួររបស់នាង ?
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថា វិធីសាស្រ្តទាំងនេះនឹងមានលក្ខណៈអវិជ្ជមាន ឬវិជ្ជមាន ?
នៅពេលយើងជួបប្រទះនឹងសំណួរពិបាកៗ ការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងមានប្រយោជន៍ ។
សិស្សមួយចំនួនអាចនឹងមានបទពិសោធន៍ពីមុនៗមកក្នុងការសិក្សាគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងថ្នាក់សិក្ខាសាលារួចហើយ ។ បើពិតជាដូច្នេះមែន សូមសួរសិស្សក្នុងថ្នាក់ថា តើពួកគេអាចសូត្រគោលការណ៍បីយ៉ាងនៃការទទួលបានចំណេះដឹងខាងវិញ្ញាណបានដែរឬទេ ។ ក្នុងករណីចាំបាច់ សូមអញ្ជើញពួកគេឲ្យអាន កថាខណ្ឌទី ៤ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមពិចារណាសរសេរគោលការណ៍ទាំងនេះដាក់នៅលើក្ដារខៀន ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
បទពិសោធន៍រៀនសូត្រនៅថ្ងៃនេះនឹងផ្ដោតជាសំខាន់លើគោលការណ៍នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦: ៣៦ ។ សូមរកមើលរបៀបដែលការអញ្ជើញនេះមកពីព្រះអង្គសង្គ្រោះអាចជួយយើងឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿបាន ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរនេះ ដែលអាចនឹងជួយដល់ ម៉ាឌីហ្សុន ឬអ្នកផ្សេងៗទៀតដែលមានសំណួរអំពីដំណឹងល្អ ឬសាសនាចក្របាន ?
-
ហេតុអ្វីពាក្យ ឬឃ្លាទាំងនោះនឹងមានប្រយោជន៍ ?
នៅពេលដែលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមជួយឲ្យពួកគេរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលដែលយើងមានសំណួរដែលគ្មានចម្លើយ នោះយើងអាចមើលទៅព្រះយេស៊ូវគ្រីស្ទបាន ហើយកុំសង្ស័យឡើយ ។
សូមពន្យល់សិស្សថា គំរូជាច្រើននៃរបៀបដែលយើងអាចមើលលើព្រះយេស៊ូវគ្រីស្ទបាន មាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
សូមអាន កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ដោយរកមើលវិធីនានាដែលអ្នកអាចនឹងធ្វើសកម្មភាពដោយសេចក្ដីជំនឿបាន នៅពេលដែលអ្នកមានសំណួរខាងវិញ្ញាណ ។
-
តើសេចក្ដីថ្លែងការណ៍ណាមួយមកពីកថាខណ្ឌទាំងនេះ ដែលអ្នកមានអារម្មណ៍ថាអាចមានប្រយោជន៍បំផុតដល់អ្នកដែលមានសំណួរពិបាកឆ្លើយ ? ហេតុអ្វី ?
សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលបទគម្ពីរ ដែលគាំទ្រដល់ចម្លើយរបស់ពួកគេ ។ ឧទាហរណ៍ បើសិស្សលើកឡើងពីការអធិស្ឋាន នោះពួកគេអាចយោងទៅ នីហ្វៃទី២ ៣២:៨–៩ ឬ យ៉ាកុប ១:៥–៦ ។ បើពួកគេលើកឡើងពីការសិក្សាព្រះគម្ពីរ នោះពួកគេអាចយោងទៅ នីហ្វៃទី២ ៣២:៣ ឬ ធីម៉ូថេ ទី២ ៣:១៥–១៧ ។
សូមស្វែងរកឱកាសធម្មតាៗ ដែលនឹងរំឭកសិស្សអំពីសារៈសំខាន់នៃការធ្វើសកម្មភាពទាំងនេះ ដោយផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលសកម្មភាពដែលពួកគេកំណត់នោះ អាចនឹងជាគំរូនៃការសម្លឹងមើលទៅព្រះយេស៊ូវគ្រីស្ទ ។
គំរូនៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមចែកចាយការសន្និដ្ឋានចំពោះសាច់រឿងអំពី ម៉ាឌីហ្សុន ។ សូមអញ្ជើញសិស្សឲ្យកំណត់ពីរបៀបដែល ម៉ាឌីហ្សុន ជ្រើសរើសធ្វើសកម្មភាពដោយសេចក្ដីជំនឿ នៅពេលនាងប្រឈមមុខនឹងសំណួររបស់នាង ។ អ្នកអាចនឹងបង្ហាញវីដេអូ « Acquiring Spiritual Knowledge: Madison’s Story » ចាប់ពីនាទីទី ១:៤៤ ដល់នាទីទី ៨:៣៥; ក្នុងករណីដែលគ្មានវីដេអូនេះទេ សូមអានកថាខណ្ឌខាងក្រោម ។
បន្ទាប់ពីចប់ថ្នាក់រៀន ម៉ាឌីហ្សុន បានទៅជួបគ្រូបង្រៀនរបស់នាង ហើយសួរថាហេតុអ្វីបានជា យ៉ូសែប ស្ម៊ីធ មានចំណងអាពាហ៍ពិពាហ៍ច្រើនម្ល៉េះ ។ គ្រូបង្រៀនរបស់នាងបានលើកទឹកចិត្តនាងឲ្យបន្តរស់នៅតាមដំណឹងល្អ ហើយធ្វើការអធិស្ឋានដោយស្មោះ នៅពេលនាងស្វែងរកចម្លើយ ។ នៅពេល ម៉ាឌីហ្សុន បានអធិស្ឋាន និងស្រាវជ្រាវក្នុងព្រះគម្ពីររបស់នាង នាងបានទទួលការបំផុសគំនិតមួយ រហូតដល់នាងទទួលបានចម្លើយមួយទាន់ពេលវេលា ។ ម៉ាឌីហ្សុន បានបន្តធ្វើសកម្មភាពដោយសេចក្តីជំនឿ ហើយពឹងផ្អែកលើទីបន្ទាល់ដែលនាងមានអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ហើយនាងបានចាប់ផ្តើមរកឃើញចម្លើយជាច្រើនទៀតបន្តិចម្តងៗ ដែលបានជួយនាងឲ្យមានអារម្មណ៍ស្ងប់ ។ ពេញមួយដំណើរការនេះ ម៉ាឌីហ្សុន បានមានអារម្មណ៍ថា ទំនាក់ទំនងរបស់នាងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានការរីកចម្រើនឡើង ។ នាងបានដឹងថា នៅពេលយើងធ្វើសកម្មភាពដោយសេចក្តីជំនឿ ព្រះនឹងប្រទានចម្លើយ ឬសេចក្ដីសុខសាន្ដដែលយើងកំពុងស្វែងរកនោះ ។
ជាផ្នែកមួយនៃការពិភាក្សាអំពីសំណួរខាងក្រោម សូមឲ្យសិស្សចង្អុលបង្ហាញថា តើសកម្មភាពរបស់ ម៉ាឌីហ្សុន មួយណាដែលទាក់ទងនឹងអ្វីដែលពួកគេបានសិក្សានៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើសកម្មភាពរបស់ ម៉ាឌីហ្សុន បង្ហាញពីសេចក្ដីជំនឿរបស់នាងលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើយើងអាចរៀនបានអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីបទពិសោធន៍របស់ ម៉ាឌីហ្សុន ?
សូមពិចារណាអញ្ជើញសិស្សឲ្យគិត និងចែកចាយពីពេលវេលាដែលពួកគេបានទទួលពរជ័យ ដោយសារការធ្វើសកម្មភាពដោយសេចក្តីជំនឿ នៅពេលប្រឈមមុខនឹងសំណួរពិបាកៗ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានដឹង និងមានអារម្មណ៍នៅថ្ងៃនេះ ដែលអាចនឹងជួយដល់ស្ថានភាព និងសំណួរផ្ទាល់ខ្លួនរបស់ពួកគេបាន ។ សូមពិចារណាផ្តល់ពេលវេលាឲ្យពួកគេកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់ពួកគេទុកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមបញ្ចប់ដោយទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃការធ្វើសកម្មភាពដោយសេចក្តីជំនឿ ដោយផ្តោតជាសំខាន់លើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងស្វែងរកចម្លើយចំពោះសំណួររបស់យើង ។