« មេរៀនទី ១៦៧—ការពិនិត្យមើលប្រធានបទ និងសំណួរនៃដំណឹងល្អដោយទស្សនវិស័យដ៏អស់កល្បមួយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការពិនិត្យមើលប្រធានបទ និងសំណួរនៃដំណឹងល្អដោយទស្សនវិស័យដ៏អស់កល្បមួយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៧ ៖ ចំណេះចំណាននៃគោលលទ្ធិ ៖ ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ
ការពិនិត្យមើលប្រធានបទ និងសំណួរនៃដំណឹងល្អដោយទស្សនវិស័យដ៏អស់កល្បមួយ
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៣
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយសិស្សឲ្យស្គាល់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីឲ្យពួកគេអាចប្រើវាពេញមួយជីវិតពួកគេបាន ។ មេរៀននេះអាចជួយសិស្សឲ្យពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្បមួយ ហើយមើលទៅគំនិត និងសំណួរទាំងនោះកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទទតឃើញដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
កែវភ្នែកនៃសេចក្ដីជំនឿ
សូមបង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសិស្សឲ្យស្រមៃមើលពីស្ថានភាពនេះ ។
សូមស្រមៃថា អ្នកដើរចូលទៅក្នុងសារមន្ទីរមួយ ហើយឃើញកន្លែងតាំងពិព័រណ៍មួយបែបនេះ ។ តើអ្នកនឹងពិពណ៌នាអ្វី ដែលអ្នកកំពុងឃើញនេះយ៉ាងដូចម្ដេច ?
-
តើអ្នកអាចនឹងគិតយ៉ាងណា បើមានមនុស្សម្នាក់កំពុងមើលការតាំងពិព័រណ៍ដូចគ្នាប្រាប់អ្នកថា ពួកគេបានឃើញរាងដូចភ្នែកមនុស្ស ?
សូមពន្យល់ថា ចេញពីមុំផ្សេងគ្នា ចំណុចចុចៗទាំងឡាយតម្រង់ជួរគ្នាដើម្បីបង្ហាញរូបភាពនៃកែវភ្នែកមនុស្ស ។ សូមបង្ហាញរូបភាពដូចខាងក្រោម ។ អ្នកក៏ប្រហែលជាចង់ចាក់វីដេអូនេះ ដែលបង្ហាញពីការផ្លាស់ប្តូរទស្សនៈ រហូតដល់អ្នកអាចមើលឃើញភ្នែកបានផងដែរ ។
-
តើយើងអាចរៀនអ្វីខ្លះអំពីទស្សនវិស័យចេញពីស្នាដៃសិល្បៈនេះ ?
-
តើស្នាដៃនេះអាចជួយយើងឲ្យយល់មេរៀនខាងវិញ្ញាណអ្វីខ្លះ ?
បន្ទាប់ពីសិស្សបានចែកចាយការយល់ដឹងរបស់ពួកគេហើយ សូមជួយពួកគេឲ្យរៀនពីអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
សូមមើលរូបភាពនេះដោយ ម៉ៃឃល មើរហ្វី ។ ចេញពីទស្សនវិស័យនេះ អ្នកសឹងតែមិនជឿថា វាជាកំណែសិល្បៈនៃភ្នែករបស់មនុស្ស ។ ប៉ុន្ដែពេលអ្នកមើលចំណុចចុចៗចេញពីទស្សនវិស័យខុសគ្នាមួយ អ្នកនឹងឃើញពីសម្រស់នៃការបង្កើតរបស់វិចិត្រករ ។
ដូចគ្នានេះដែរ យើងឃើញសេចក្ដីពិតខាងវិញ្ញាណរបស់ព្រះតាមរយៈទស្សនវិស័យនៃភ្នែកនៃសេចក្ដីជំនឿ ។ ( នែល អិល អាន់ឌើរសិន « The Eye of Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៥ )
-
តើអ្នកគិតថា ការមើលឃើញសេចក្ដីពិតខាងវិញ្ញាណដោយ « ភ្នែកនៃសេចក្ដីជំនឿ » មានន័យដូចម្ដេច ?
-
តើពេលខ្លះអ្វីទៅដែលអាចធ្វើឲ្យយើងពិបាកមើលឃើញសេចក្ដីពិតខាងវិញ្ញាណតាមរបៀបនេះ ?
ការមើលឃើញដូចដែលព្រះទតមើល
នៅពេលដែលយើងត្រូវការជំនួយដើម្បីមើលឃើញគោលលទ្ធិ សំណួរ ឬបញ្ហាសង្គមចេញពីទស្សនវិស័យនៃសេចក្តីជំនឿ យើងអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបាន ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
នៅក្នុងមេរៀននេះ យើងនឹងផ្តោតលើការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
សូមអញ្ជើញសិស្សឲ្យពន្យល់ពីការយល់ដឹងរបស់ពួកគេ អំពីអត្ថន័យនៃការពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្បមួយ ។
សូមអាន កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដើម្បីមើលឃើញអ្វីដែលយើងអាចធ្វើបាន ដើម្បីមានទស្សនវិស័យដ៏អស់កល្បមួយ ។
-
តើអ្នកបានរៀនអ្វីខ្លះមកពីកថាខណ្ឌទាំងនេះ អំពីសារៈសំខាន់នៃការរក្សាទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើអ្វីទៅដែលអាចជួយអ្នកឲ្យមានទស្សនវិស័យដ៏អស់កល្បមួយបាន ?
សូមពិចារណាគូសសម្គាល់ឃ្លានេះនៅក្នុង កថាខណ្ឌទី ៨ ៖ យើងស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញអ្វីៗដូចជាព្រះអម្ចាស់ទតឃើញយ៉ាងនោះដែរ ។
-
តើអ្នកគិតថានឹងមានអត្ថប្រយោជន៍អ្វីខ្លះ ពីការព្យាយាមមើលទៅសំណួរ ឬកង្វល់ខាងវិញ្ញាណរបស់យើង តាមរបៀបដែលព្រះអម្ចាស់ទតទៅសំណួរ ឬកង្វល់ទាំងនោះ ?
សូមរកមើលបទគម្ពីរពីរ ឬបី ដែលអាចជួយអ្នកឲ្យយល់ពីតម្លៃនៃទស្សនវិស័យរបស់ព្រះអម្ចាស់ ។
សិស្សអាចចាប់ផ្តើមដោយការស្វែងរកបទគម្ពីរអំពីព្រះប្រាជ្ញាញាណរបស់ព្រះនៅខាងក្រោមប្រធានបទ « God, Omniscience of » នៅក្នុង Topical Guide ។
ទាំងនេះគឺជាខគម្ពីរមួយចំនួនដែលត្រូវពិចារណា ៖
ដើម្បីជួយសិស្សឲ្យគិតឃើញអំពីអ្វីដែលពួកគេបានអាន សូមឲ្យពួកគេសរសេរសេចក្ដីសង្ខេបអំពីអ្វីដែលពួកគេបានរៀនអំពីព្រះ ។ អ្នកអាចនឹងអញ្ជើញសិស្សពីរបីនាក់ឲ្យឡើងចែកចាយអ្វីដែលពួកគេបានសរសេរ ឬសុំឲ្យសិស្សចែកចាយជាមួយនឹងដៃគូ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះ ដែលអាចជំរុញចិត្តយើងឲ្យឃើញអ្វីៗតាមទស្សនវិស័យរបស់ទ្រង់ ?
ទស្សនវិស័យផ្សេងៗគ្នា
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យរៀនប្រៀបធៀបទស្សនវិស័យខាងលោកិយជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ។ សូមពិចារណាណែនាំសាច់រឿងមួយដូចជាសាច់រឿងខាងក្រោមនេះ ហើយជួយសិស្សឲ្យពិចារណាពីទស្សនៈទាំងពីរ ។
ថ្មីៗនេះ រ៉ាយអិន បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ។ គាត់បានចាប់ផ្ដើមណាត់ជួបនារីម្នាក់ ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ថ្មីៗនេះ នៅពេលដែលទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួត នាងបានបញ្ចេញគំនិតថា ពួកគេអាចរស់នៅជាមួយគ្នា ជំនួសឲ្យការរៀបការបាន ។
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យពិភាក្សាអំពីសំណួរខាងក្រោម ហើយសរសេរចម្លើយនៅលើក្ដារខៀនក្រោមចំណងជើងថា « ទស្សនវិស័យខាងលោកិយ » ។ សូមពិចារណារំឭកប្រាប់សិស្សអំពីស្នាដៃសិល្បៈ ដែលបានបង្ហាញនៅដើមមេរៀននេះ ។ អ្នកអាចនឹងបង្ហាញទិដ្ឋភាពចំហៀងនៃស្នាដៃសិល្បៈកែវភ្នែកក្នុងអំឡុងពេលនៃការពិភាក្សានេះ ។
-
បើ រ៉ាយអិន មានទស្សនវិស័យមានកម្រិត ឬទស្សនវិស័យខាងពិភពលោក ហេតុអ្វីបានជាវាហាក់ដូចជាគំនិតដ៏ល្អសម្រាប់គាត់ ?
បើសិស្សត្រូវការជំនួយស្វែងរកហេតុផល អ្នកអាចនឹងចែកចាយកថាខណ្ឌខាងក្រោមនេះបាន ។
បើ រ៉ាយអិន មើលទៅការសម្រេចចិត្តនេះដោយទស្សនវិស័យខាងលោកិយ គាត់អាចនឹងឃើញអត្ថប្រយោជន៍មួយចំនួនក្នុងការរស់នៅជាមួយមិត្តស្រីគាត់ ជំនួសឲ្យការរៀបការ ។ គាត់អាចគិតពីការសន្សំលុយដោយមិនចំណាយវាលើចិញ្ចៀនថ្លៃៗ និងពិធីមង្គលការ ។ គាត់ប្រហែលជាគិតថា វានឹងកាត់បន្ថយបញ្ហានៃភាពតានតឹងក្នុងចំណងអាពាហ៍ពិពាហ៍ ដែលទាមទារឲ្យមានការតាំងចិត្តពេញលេញរបស់គាត់ ។ បើអ្វីៗដំណើរការទៅបានល្អ ពួកគេអាចនឹងរៀបការនៅពេលក្រោយទៀតបានជានិច្ច ។
ឥឡូវនេះ សិស្សបានមើលទៅស្ថានភាពនេះដោយទស្សនវិស័យខាងលោកិយរួចហើយ សូមជួយពួកគេឲ្យមើលពីទស្សនវិស័យដ៏អស់កល្បមួយវិញម្ដង ។ បើអ្នកបង្ហាញទិដ្ឋភាពចំហៀងនៃភ្នែកក្នុងអំឡុងពេលពិភាក្សាចុងក្រោយ ឥឡូវនេះ សូមបង្ហាញរូបភាពដែលអាចមើលឃើញភ្នែកចំបាន ។
នៅលើក្ដារខៀន សូមសរសេរចំណងជើងថា « ទស្សនវិស័យដ៏អស់កល្ប » ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយចំពោះសំណួរខាងក្រោមនៅក្រោមចំណងជើងនេះ ។ សូមពិចារណាចង្អុលប្រាប់សិស្សនូវធនធានដូចជា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ឬ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ។
-
ប្រសិនបើ រ៉ាយអិន មានទស្សនវិស័យដ៏អស់កល្បមួយ ហេតុអ្វីបានជាគាត់ជ្រើសរើសមិនរួមរស់ជាមួយមិត្តស្រីគាត់ ?
បើសិស្សត្រូវការជំនួយដើម្បីឆ្លើយនឹងសំណួរនេះ អ្នកអាចនឹងចែកចាយកថាខណ្ឌខាងក្រោមនេះបាន ។ តាមត្រូវ សិស្សត្រូវបង្កើតចម្លើយដោយខ្លួនឯង នៅពេលដែលពួកគេចូលរួមក្នុងការពិភាក្សា ។
បើ រ៉ាយអិន មើលទៅការសម្រេចចិត្តនេះដោយទស្សនវិស័យដ៏អស់កល្បមួយ នោះគាត់អាចនឹងពិចារណាអំពីរឿងមួយចំនួនដូចតទៅនេះ ៖ សុភមង្គលកើតចេញពីការធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងការរស់នៅតាមការបង្រៀនរបស់ទ្រង់ ។ រ៉ាយអិន នឹងមិនចង់ « មានបាបនៅចំពោះព្រះ » ( លោកុប្បត្តិ ៣៩:៩ ) ដោយការបំពានច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ ដែលរួមមានការចៀសវាងពីទំនាក់ទំនងផ្លូវភេទមុនពេលរៀបការឡើយ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក៏បង្រៀនដែរថា កុមារមានសិទ្ធិកើតក្នុងគ្រួសារដែលឪពុក និងម្តាយបានរៀបការ ហើយតាំងចិត្តស្មោះត្រង់ចំពោះពួកគេ និងចំពោះគ្នាទៅវិញទៅមក ។ រ៉ាយអិន យល់ថា គាត់អាចធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះក្នុងព្រះវិហារបរិសុទ្ធ ដើម្បីអនុញ្ញាតឲ្យទំនាក់ទំនងរបស់គាត់មានភាពអស់កល្បជានិច្ចបាន ។
វីដេអូខ្លីខាងក្រោមនេះអាចបង្ហាញឲ្យឃើញពីភាពច្បាស់លាស់ ដែលយើងអាចមានក្នុងការសម្រេចចិត្ត នៅពេលដែលយើងមើលទៅសំណួរ និងបញ្ហាសង្គមតាមទស្សនវិស័យដ៏អស់កល្បមួយ ។
ឥឡូវនេះ សិស្សបានធ្វើការលើសាច់រឿងមួយហើយ អ្នកអាចនឹងអញ្ជើញពួកគេឲ្យពិភាក្សាគ្នាអំពីស្ថានភាពផ្សេងៗទៀតដោយខ្លួនឯង ឬជាក្រុមតូចៗបាន ។ ពួកគេអាចនឹងមើលទៅសំណួរ ឬបញ្ហាសង្គមផ្សេងទៀត ចេញពីទស្សនវិស័យខាងលោកិយ និងទស្សនវិស័យដ៏អស់កល្ប ។
ដើម្បីជួយសិស្សឲ្យពិភាក្សាគ្នាអំពីគុណតម្លៃនៃការប្រៀបធៀបទស្សនវិស័យខាងលោកិយ និងទស្សនវិស័យដ៏អស់កល្ប អ្នកអាចនឹងសួរសំណួរដូចតទៅនេះបាន ៖
-
តើអ្នកបានស្វែងយល់ដឹងអ្វីខ្លះ តាមរយៈការប្រៀបធៀបទស្សនវិស័យខាងលោកិយ និងទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើមានអត្ថប្រយោជន៍អ្វីខ្លះដែលអាចមានមកពីការឃើញជម្រើស ឬសំណួររបស់យើងចេញពីទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើនៅពេលណាដែលអ្នកបានសង្កេតឃើញពរជ័យនៃការមើលទៅអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងគោលលទ្ធិ នៅពេលពួកគេស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ។