« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ១០ ៖ ព្រះគម្ពីរមរមន នីហ្វៃទី១–មរ៉ូណៃ » ព្រះគម្ពីរមរមន សៀវភៅណែនាំគ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការសិក្សារបស់អ្នក ទី ១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០
ព្រះគម្ពីរមរមន នីហ្វៃទី១–មរ៉ូណៃ
ជញ្ជឹងគិត និងវាយតម្លៃលើការរៀនសូត្រខាងព្រលឹងវិញ្ញាណរបស់អ្នកអាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ និងពង្រឹងការប្រែចិត្តជឿរបស់អ្នក ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកឲ្យវាយតម្លៃពីវឌ្ឍនភាព និងការរីកចម្រើន ដែលអ្នកបានដកពិសោធអំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នកនៅឆ្នាំនេះ ។
សូមអញ្ជើញសិស្សឲ្យកត់ត្រាពីអារម្មណ៍ និងចំណាប់អារម្មណ៍របស់ពួកគេ ។សូមរំឭកសិស្សថា ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនដល់ពួកគេដោយស្ងៀមស្ងាត់ក្នុងពេលសិក្សានៅក្នុងថ្នាក់ ។ នៅពេលដែលសិស្សកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណទាំងនេះ នោះពួកគេបង្កើនសមត្ថភាពរបស់ពួកគេក្នុងការស្គាល់ និងរៀនដោយព្រះវិញ្ញាណ ។ នេះអាចអនុញ្ញាតឲ្យព្រះអម្ចាស់បន្តដឹកនាំជីវិតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សិស្សអាចពិចារណាការសិក្សារបស់ពួកគេអំពីព្រះគម្ពីរមរមន ហើយរៀបចំចែកចាយចំណេះដឹង ឬសេចក្តីពិតដែលពួកគេបានរៀន ដែលបានបង្កើនសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសជញ្ជឹងគិតពីរបៀបដែលព្រះគម្ពីរមរមនបានជួយដល់ពួកគេអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តជឿកាន់តែខ្លាំងចំពោះទ្រង់ ។ ប្រសិនបើការផ្តោតលើសេចក្តីពិតជាក់លាក់ដែលសិស្សបានសិក្សានៅក្នុងព្រះគម្ពីរមរមនមានប្រយោជន៍ អ្នកអាចអនុវត្តតាមសកម្មភាពនេះដើម្បីរួមបញ្ចូលសេចក្តីពិតទាំងនោះ ។ សិស្សអាចបំពេញសកម្មភាពតាមលំដាប់លំដោយណាមួយក៏បាន ។
តើអ្នកមានអារម្មណ៍ដូចម្ដេចអំពីព្រះគម្ពីរមរមន ?
នៅក្នុងផ្នែកនៃមេរៀននេះ គឺមានគោលបំណងជួយសិស្សគិតអំពីរបៀបដែលការសិក្សាអំពីព្រះគម្ពីរមរមននៅឆ្នាំនេះមានឥទ្ធិពលលើអារម្មណ៍របស់ពួកគេ និងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ អ្នកប្រហែលជាចង់ប្រើប្រាស់សំណួរខាងក្រោមដើម្បីចាប់ផ្តើមការពិភាក្សាជាមួយសិស្សរបស់អ្នក ។
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យគិតអំពីសំណួរបី ដែលទាក់ទងនឹងព្រះគម្ពីរមរមន ៖
អ្នកប្រហែលជាចង់បង្ហាញសំណួរបីក្នុងឃ្លាខាងក្រោមនៅលើក្ដារខៀន ។
ទីមួយតើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មាន ព្រះគម្ពីរមរមន ? ទីពីរ តើបងប្អូន នឹងពុំស្គាល់អ្វីខ្លះ ? និង ទីបី តើបងប្អូន នឹងពុំមានអ្វីខ្លះ ? ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )
សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរបីនៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ។ អាស្រ័យទៅលើសិស្សរបស់អ្នក នោះអ្នកអាចទុកពេលឲ្យពួកគេពិភាក្សាជាក្រុមតូចៗ មុននឹងពិភាក្សាសិស្សទាំងអស់នៅក្នុងថ្នាក់រៀន ។ នៅពេលដែលសិស្សឆ្លើយ សូមស្តាប់ដោយយកចិត្តទុកដាក់ ហើយសួរសំណួរបញ្ជាក់ ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ ។
តើអ្នកយល់អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ផ្នែកខាងក្រោមនេះអាចជួយសិស្សឲ្យយល់អំពីការបង្រៀនផ្សេងៗអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាអំពីតួនាទីដ៏សំខាន់មួយនៃព្រះគម្ពីរមរមន ៖
មានរឿងអស្ចារ្យមួយកើតឡើងពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ ។ គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនយ៉ាងច្បាស់ ហើយពេញដោយអនុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )
សូមចំណាយពេលបន្តិចដើម្បីគិតពិចារណាអំពីអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដូចដែលអ្នកបានសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះ ។ អ្នកអាចពិនិត្យមើលព្រះគម្ពីររបស់អ្នក និងសៀវភៅកំណត់ហេតុការសិក្សាសម្រាប់សេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអ្នកប្រហែលជាបានគូសចំណាំ ឬកត់ត្រាអំពីការសិក្សានេះពេញមួយឆ្នាំមកហើយ ។ សូមសរសេរសេចក្តីពិតឲ្យបានបី ឬបួន ដែលមានអត្ថន័យជាពិសេសសម្រាប់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បន្ទាប់ពីពិនិត្យមើលសៀវភៅកំណត់ហេតុការសិក្សា ឬព្រះគម្ពីររបស់ពួកគេ សិស្សអាចរាយបញ្ជីសេចក្ដីពិតដ៏មានអត្ថន័យនៅលើក្ដារខៀន ។ សិស្សក៏អាចបញ្ចូលគំនិតមកពីការរៀបចំថ្នាក់របស់ពួកគេផងដែរ ។
ដើម្បីរំឭកការចងចាំរបស់សិស្ស ឬជួយសិស្សដែលមិនសូវចេះអាន សូមពិចារណាចាក់វីដេអូមួយក្នុងចំណោមវីដេអូព្រះគម្ពីរមរមនដែលបានបញ្ចូលនៅក្នុង « សកម្មភាពរៀនសូត្របន្ថែម » ។
សូមស្វែងរកយ៉ាងហោចណាស់វគ្គបទគម្ពីរមួយដែលសម្អាងអំពីសេចក្តីពិតនីមួយៗដែលអ្នកបានរាយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមសរសេរសេចក្ដីយោងបទគម្ពីរនៅជាប់នឹងសេចក្ដីពិតនីមួយៗ ហើយពន្យល់អំពីរបៀបដែលអ្នកអាចប្រើប្រាស់វគ្គបទគម្ពីរដើម្បីបង្រៀនសេចក្ដីពិតនោះ ។
ប្រសិនបើសិស្សត្រូវការជំនួយស្វែងរកវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរមរមន ដែលបង្រៀនសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អ្នកអាចចែកចាយចំណុចមួយចំនួនខាងក្រោមជាមួយពួកគេ ។ ត្រូវប្រុងប្រយ័ត្ន ហើយត្រៀមខ្លួនជួយសិស្សដែលអាចត្រូវការជំនួយបន្ថែម ។
សូមចំណាយពេលទុកឲ្យសិស្សចែកចាយការបង្រៀនព្រះគម្ពីរមរមនដែលពួកគេបានជ្រើសរើសនៅក្នុងថ្នាក់ ។ សិស្សអាចចែកចាយជាមួយសិស្សក្នុងថ្នាក់ទាំងមូល ឬពួកគេអាចបែងចែកជាក្រុមតូចៗ ។
តើព្រះគម្ពីរមរមនមានឥទ្ធិពលចំពោះរបៀបរស់នៅរបស់អ្នកយ៉ាងដូចម្តេច ?
នៅផ្នែកខាងក្រោមនេះអាចជួយសិស្សជញ្ជឹងគិត និងបង្ហាញអំពីរបៀប ដែលពួកគេកំពុងព្យាយាមរស់នៅតាមគោលលទ្ធិ និងការបង្រៀននៃព្រះគម្ពីរមរមន ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) ដោយរកមើលអ្វី ដែលលោកបានបង្រៀនអំពីអំណាចនៃព្រះគម្ពីរមរមន ៖
ចំណាំ ៖ សិស្សអាចកំណត់ទីតាំងនិងអានសេចក្តីថ្លែងការណ៍ខាងក្រោមនៅក្នុង កថាខណ្ឌទីប្រាំមួយ នៃ សេចក្តីផ្តើមនៃព្រះគម្ពីរមរមន ។
ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមន គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុត ជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរដទៃទាំងអស់ ។ ( សេចក្តីផ្តើមនៃព្រះគម្ពីរមរមន សូមមើលផងដែរ ប្រវត្តិសាសនាចក្រ ៤:៤៦១ )
« ធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះ » មានន័យថារស់នៅតាមគោលការណ៍ និងការបង្រៀនដែលមាននៅក្នុងព្រះគម្ពីរមរមន ។ សូមជញ្ជឹងគិតមួយភ្លែតអំពីរបៀបដែលគំនិត អាកប្បកិរិយា ឬសកម្មភាពរបស់អ្នកទទួលរងឥទ្ធិពល ដោយសារអ្វីដែលអ្នកបានរៀនសូត្រមកពីព្រះគម្ពីរមរមន ។
សូមទុកពេលឲ្យសិស្សឆ្លើយនឹងសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតពិចារណា ហើយយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមកជួយដល់ពួកគេដឹងអំពីរបៀបដែលជីវិតរបស់ពួកគេទទួលរងឥទ្ធិពលដោយសារការបង្រៀននៃព្រះគម្ពីរមរមន ។
-
តើការសិក្សាព្រះគម្ពីរមរមនរបស់អ្នកបានជួយយើងឲ្យមានអារម្មណ៍ខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើការបង្រៀនជាក់លាក់អ្វីខ្លះ ដែលអ្នកអាចអនុវត្តបានចេញពីការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ?
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល នៅពេលដែលអ្នកបានសិក្សាព្រះគម្ពីរមរមនទៀងទាត់ ?
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ ។ ប្រសិនបើនៅមានពេលវេលា សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន និងការបង្រៀនដ៏មានអត្ថន័យដែលមានឥទ្ធិពលលើជីវិតរស់នៅរបស់អ្នក ។