« ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥ —‹ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ ›’ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥
« ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។
នៅក្នុងការសិក្សារបស់អ្នកអំពី មរ៉ូណៃ ១០:១–៧ អ្នកបានសិក្សាមកហើយថា ប្រសិនបើយើងទូលសួរព្រះដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿលើព្រះគ្រីស្ទ នោះយើងអាចដឹងថា ព្រះគម្ពីរមរមន គឺជាសេចក្តីពិតតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ១០:១–៧ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សូមជួយសិស្សឲ្យយល់ថា ការទទួលបានចំណេះដឹងខាងវិញ្ញាណគឺជាគំរូដ៏ទេវភាព ។ នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់អញ្ជើញបុត្រាបុត្រីទាំងអស់របស់ទ្រង់ឲ្យចូរសូម ចូររក និងចូរគោះ ( ឧទាហរណ៍ សូមមើល ម៉ាថាយ ៧:៧–៨; នីហ្វៃទី១ ១៥:១១; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៨; ៤២:៦១ ) ។ នៅពេលដែលសិស្សអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមរំឭកពួកគេឲ្យស្មោះត្រង់ និងអត់ធ្មត់ក្នុងការស្វែងរកចម្លើយ ។ សូមថ្លែងទីបន្ទាល់ថា យើងអាចពឹងផ្អែកលើព្រះវរបិតាសួគ៌ ដើម្បីបើកសម្ដែងសេចក្ដីពិតដល់គំនិត និងចិត្តរបស់យើង ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញចាំសេចក្តីយោងបទគម្ពីរ និងវគ្គបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ១០:៤–៥ ៖ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ។ … ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីយកទៅបង្រៀនបន្ទាប់ពីមេរៀន « មរ៉ូណៃ ១០:១–៧ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ មរ៉ូណៃ ១០:៤–៥ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
អ្នកអាចចាប់ផ្តើមដោយអញ្ជើញសិស្សណាដែលបានបញ្ចប់សកម្មភាពត្រៀមខ្លួន ឲ្យសូត្រសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ១០:៤–៥ ចេញពីការចងចាំ ។
សកម្មភាពខាងក្រោមអាចនឹងត្រូវប្រើប្រាស់ដើម្បីជួយសិស្ស ប្រសិនបើពួកគេមិនបានធ្វើសកម្មភាពនេះមុនពេលចូលរៀន ។ សិស្សអាចប្តូរវេនគ្នាធ្វើផ្នែកខាងក្រោមនីមួយៗឡើងវិញជាមួយដៃគូ រហូតទាល់តែពួកគេអាចសូត្រសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងមូលដោយខ្លួនឯងបាន ។
-
« សូមសួរដោយចិត្តស្មោះសរ
-
ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ …
-
ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ
-
នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។
សូមស្តាប់ដោយយកចិត្តទុកដាក់ចំពោះចម្លើយរបស់សិស្សចំពោះសំណួរខាងក្រោម ដើម្បីជួយអ្នកឲ្យដឹងអំពីរបៀបដែលពួកគេយល់ច្បាស់អំពីអ្វី ដែលមរ៉ូណៃបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ។
-
តើនរណាម្នាក់អាចធ្វើអ្វីខ្លះបានដើម្បីទទួលបានទីបន្ទាល់ថា ព្រះគម្ពីរមរមន គឺជាសេចក្តីពិត ?
ការអនុវត្តជាក់ស្តែង
សូមផ្តល់ឱកាសមួយឲ្យសិស្សពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ វិធីមួយដើម្បីធ្វើរឿងនេះ គឺសុំឲ្យសិស្សជ្រើសរើសគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយពន្យល់ពីរបៀបដែលវាមានអត្ថន័យចំពោះពួកគេ ។
សូមពិចារណាប្រើប្រាស់រឿងមួយ ឬច្រើនខាងក្រោម បន្ថែមទៀតទាក់ទងនឹងសិស្សរបស់អ្នក ដើម្បីជួយពួកគេអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ការណែនាំផ្សេងទៀតអាចរកបាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅចុងបញ្ចប់នៃមេរៀននេះ ។
សូមស្រមៃគិតពីស្ថានភាពខាងក្រោម ដែលត្រូវបានចុះផ្សាយនៅក្នុងផ្នែក « សំណួរ និងចម្លើយ » នៃទស្សនាវដ្តី ដើម្បីកម្លាំងយុវជន ។ ដើម្បីមើលឧទាហរណ៍មួយ សូមមើល ការចេញផ្សាយថ្មីៗនេះនៅ គេហទំព័រ ChurchofJesusChrist.org°។
-
« ខ្ញុំបានក្លាយជាសមាជិកមួយរូបនៃសាសនាចក្រពេញមួយជីវិតរបស់ខ្ញុំ ។ ខ្ញុំព្យាយាមរក្សាបទបញ្ញត្តិ អានព្រះគម្ពីររបស់ខ្ញុំ អធិស្ឋាន ហើយទៅព្រះវិហារ ។ ខ្ញុំបានឮមនុស្សផ្សេងទៀតចែកចាយពីបទពិសោធន៍របស់ពួកគេអំពីការដឹងថាព្រះគម្ពីរមរមនគឺជាសេចក្តីពិត ។ តើមូលហេតុអ្វីបានជាព្រះមិនបានប្រទានបទពិសោធបែបនេះមកដល់ខ្ញុំ ?
សូមបែងចែកសិស្សទាំងឡាយជាក្រុមតូចៗ ។ ពួកគេអាចពិភាក្សាអំពីរបៀបអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយដល់នរណាម្នាក់ដែលមានការព្រួយបារម្ភដូចបុគ្គលនៅក្នុងសាច់រឿងខាងលើ ។
-
តើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណមួយណា ដែលអ្នកនឹងណែនាំបុគ្គលនេះឲ្យគិតមុនគេ ? ហេតុអ្វី ?
-
តើគោលលទ្ធិដែលបានបង្រៀននៅក្នុង មរ៉ូណៃ ១០:៤–៥ អាចជួយដល់អ្នកអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណចំពោះស្ថានភាពនេះបានយ៉ាងដូចម្ដេច ?
នៅពេលដែលសិស្សចែកចាយ សូមប្រាកដថា ពួកគេដឹងថា មិនមានចម្លើយណាដែលត្រូវ ឬខុសនោះទេ ។ នៅក្នុងផ្នែកមួយនៃការពិភាក្សានេះ ប្រសិនបើអ្នកសង្កេតឃើញថា សិស្សនៅក្នុងថ្នាក់មិនបានលើកឡើងពីគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណទេ អ្នកអាចសួរសំណួរអំពីគោលការណ៍ណា ដែលពួកគេមិនបានលើកឡើង ។ អ្នកប្រហែលជាចង់ប្រើប្រាស់សំណួរមួយចំនួនខាងក្រោមជាផ្នែកមួយនៅក្នុងការពិភាក្សានេះ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើពាក្យ ឬឃ្លាមួយណានៅក្នុង មរ៉ូណៃ ១០:៤–៥ ដែលអ្នកនឹងលើកទឹកចិត្តដល់បុគ្គលម្នាក់នេះឲ្យសិក្សា និងយល់កាន់តែច្បាស់ថែមទៀត ? ហេតុអ្វី ?
-
តើមានប្រភពណាខ្លះដែលទទួលបានការចាត់តាំងពីព្រះ ដែលអាចជួយដល់បុគ្គលរូបនេះឲ្យទទួលបានសាក្សីផ្ទាល់ខ្លួនអំពីសេចក្តីពិតនៃព្រះគម្ពីរមរមន ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើវាមានលក្ខណៈដូចម្ដេចក្នុងការអនុវត្តទៅលើការអញ្ជើញមួយចំនួនរបស់មរ៉ូណៃមកពី មរ៉ូណៃ ១០:៤–៥ ក្នុងស្ថានភាពបែបនេះ ? តើទាំងនេះទាក់ទងនឹងការប្រព្រឹត្តដោយសេចក្តីជំនឿយ៉ាងដូចម្តេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ
-
តើសេចក្ដីពិតអ្វីខ្លះអំពីព្រះ របៀបដែលទ្រង់ប្រាស្រ័យទាក់ទងជាមួយបុត្រាបុត្រីរបស់ទ្រង់ និងទស្សនៈរបស់ទ្រង់អាចជួយនរណាម្នាក់ក្នុងស្ថានភាពនេះ ?
-
តើអ្នកអាចប្រើប្រាស់គោលលទ្ធិដែលបានបង្រៀននៅក្នុង មរ៉ូណៃ ១០:៤–៥ ដើម្បីជួយឆ្លើយសំណួរផ្សេងទៀតដែលមិនទាក់ទងនឹងព្រះគម្ពីរមរមនបានដោយរបៀបណា ?
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សកម្មភាពរំឭកឡើងវិញមានដូចខាងក្រោមនេះ គួរតែប្រើប្រាស់នៅក្នុងមេរៀនមួយដែលត្រូវបង្រៀនបន្ទាប់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមរំឭកសិស្សអំពីសកម្មភាពដែលពួកគេបានធ្វើដើម្បីទន្ទេញវគ្គបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ « មរ៉ូណៃ ១០:៤–៥ ៖ សូមសួរដោយមានចិត្តស្មោះសរ និងស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ។ … ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ សូមអញ្ជើញសិស្សណាដែលចាំការទន្ទេញនេះ ឲ្យសូត្រទៅកាន់សិស្សនៅក្នុងថ្នាក់ ។ ប្រសិនបើអ្នកផ្សេងទៀតត្រូវការជំនួយ សូមពិចារណាបង្ហាញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះនៅលើក្ដារខៀន ។ សូមលុបពីរបីពាក្យម្តងៗ ហើយឲ្យសិស្សសូត្រឃ្លានោះរហូតដល់ពួកគេចាំ ។