នីហ្វៃទី៣ ១៣–១៤ ៖ ការបង្រៀនរបស់ព្រះគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១៣–១៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១៣–១៤
ការបង្រៀនរបស់ព្រះគ្រីស្ទ
សូមស្រមៃអំពីអ្វីដែលប្រជាជននៅក្នុងដែនដីបរិបូរណ៍បានស្តាប់ការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ ។ យើងមានពរដែលមានផ្នែកនៃសារលិខិតរបស់ទ្រង់បានកត់ត្រានៅក្នុង នីហ្វៃទី៣ ១៣–១៤ ។ ជំពូកទាំងអស់នេះពោរពេញទៅដោយគោលការណ៍ ដែលមានអត្ថន័យនៅក្នុងសព្វថ្ងៃនេះដូចគ្នាចំពោះប្រជាជនដែលនៅទីនោះ ដូចកាលនៅពេលដែលទ្រង់បានប្រកាសគោលការណ៍ទាំងនោះដែរ ។ គោលបំណងនៃមេរៀននេះ គឺដើម្បីជួយអ្នកឲ្យស្គាល់គោលការណ៍ទាំងឡាយចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងមើលឃើញពីភាពទាក់ទងរបស់គោលការណ៍ទាំងនោះនៅក្នុងជីវិតរបស់អ្នកនាពេលសព្វថ្ងៃនេះ ។
ជួយសិស្សឲ្យស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ ។សិស្សអាចទទួលបានអត្ថប្រយោជន៍មកពីការបន្តអនុវត្តនៅពេលដែលពួកគេរៀនស្គាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ រកមើលវគ្គបទគម្ពីរដែលបង្រៀនគោលការណ៍ជាច្រើនហើយអនុញ្ញាតឲ្យសិស្សមានពេលដើម្បីស្វែងរកការពិតទាំងនេះ ។ ជួយសិស្សដោយបង្ហាញឲ្យច្បាស់អំពីសេចក្ដីពិតនានាដែលពួកគេរកឃើញ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាស្រាវជ្រាវសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់ដែលពួកគេរកឃើញនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ និងត្រៀមខ្លួនចែកចាយអំពីការយល់ឃើញរបស់ពួកគេ ។ ការណ៍ទាំងនេះអាចនឹងត្រូវបានបញ្ជាក់ដោយប្រើពាក្យ ប្រសិនបើ និង បន្ទាប់មក ឬបទគម្ពីរនេះអាចពិពណ៌នាយ៉ាងសាមញ្ញថា ជម្រើសមួយណាដែលនាំទៅរកលទ្ធផលបែបនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះ ?
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យពន្យល់ជាសង្ខេប ឬពិពណ៌នាទៅដល់សិស្សនៅក្នុងថ្នាក់រៀនអំពីជំនាញដែលពួកគេបានអភិវឌ្ឍ ។ ឬអ្នកអាចអញ្ជើញសិស្សទាំងអស់ឲ្យចំណាយពេលមួយនាទីដើម្បីពិពណ៌នាទៅដល់ដៃគូអំពីជំនាញដែលពួកគេមាន ។
សូមគិតអំពីជំនាញមួយដែលអ្នកបានអភិវឌ្ឍតាមរយៈបទពិសោធន៍ ។ វាអាចជាកីឡា ចំណង់ចំណូលចិត្តកំសាន្ត ឬមុខវិជ្ជានៅសាលា ឬជំនាញមួយដូចជាការបើកបរ ការចម្អិនម្ហូបជាក់លាក់មួយ ឬការមើលថែសត្វចិញ្ចឹមជាដើម ។
សូមគិតស្រមៃថាបន្ទាប់ពីពន្យល់អំពីជំនាញរបស់អ្នកដ៏ខ្លីដល់នរណាម្នាក់រួចហើយ ពួកគេបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការសាកល្បងធ្វើវា ។
សូមគិតអំពីដំបូន្មានមួយដែលអ្នកអាចផ្តល់ទៅដល់ពួកគេចេញពីបទពិសោធន៍របស់អ្នក ។ វាអាចជាគន្លឹះជំនួយដែលប្រហែលជាត្រូវចំណាយពេលបន្តិចដើម្បីស្វែងយល់ ឬវាអាចជួយដល់ពួកគេដើម្បីជៀសផុតពីកំហុសដែលកើតមានជាទូទៅដែលមនុស្សធ្វើក្នុងការរៀនជំនាញរបស់អ្នក ។
សូមសង្ខេបការណែនាំរបស់អ្នកនៅក្នុងសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់ដ៏សាមញ្ញមួយ ។ ( ឧទាហរណ៍ ប្រសិនបើជំនាញនោះគឺការរត់រយៈចម្ងាយ អ្នកអាចនិយាយថា « ប្រសិនបើអ្នករក្សាជាតិទឹកបាន នោះសាច់ដុំរបស់អ្នកនឹងជាសះស្បើយឡើងវិញយ៉ាងរហ័ស » ) ។
សូមពិចារណាអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់របស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់រៀន ។
ដូចដែលចំណេះដឹងនិងការទូន្មានរបស់អ្នកអាចជួយដល់នរណាម្នាក់ ដែលកំពុងរៀនជំនាញរបស់អ្នកឲ្យទទួលបានជោគជ័យ និងជៀសផុតពីកំហុសដែលមិនចាំបាច់ នោះដំបូន្មានរបស់ព្រះយេស៊ូវគ្រីស្ទអាចប្រទានពរ និងការពារអ្នកពីកំហុសទាំងឡាយនោះបានផងដែរ ។
នៅថ្ងៃនេះ អ្នកនឹងមានពរនៅក្នុងការសិក្សា នីហ្វៃទី៣ ១៣–១៤ ជាការបន្តការបង្រៀនដែលមិនអាចប្រៀបផ្ទឹមបានរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុង ម៉ាថាយ ៥–៧ ផងដែរ ។ ព្រះយេស៊ូវបានបន្តបង្រៀនច្បាប់ដ៏ខ្ពស់ជាង ដែលជួយដល់យើងរៀបចំខ្លួនដើម្បីរស់នៅនៅក្នុងវត្តមាននៃព្រះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១–២២ ) ។ នៅពេលដែលអ្នកសិក្សាអំពីដំបូន្មានរបស់ទ្រង់ សូមរកមើលរបៀបបង្រៀនរបស់ទ្រង់ដែលទាក់ទងនឹងស្ថានភាពដែលអ្នកប្រឈមមុខ ។ សូមផ្អាកឲ្យបានញឹកញាប់ដើម្បីសញ្ជឹងគិតអំពីគោលការណ៍ទាំងឡាយដែលអ្នករកឃើញ ហើយកត់ត្រាអំពីរបៀបដែលការធ្វើតាមសេចក្ដីពិតដែលទ្រង់បានបង្រៀននឹងរៀបចំអ្នក ដើម្បីឲ្យត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ។
សេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់នៅក្នុងបទគម្ពីរ
របៀបដ៏មានប្រសិទ្ធភាពមួយដើម្បីសិក្សាអំពីការបង្រៀនរបស់ព្រះអម្ចាស់ គឺការស្វែងរកទំនាក់ទំនងទាំងឡាយដែលមានមូលហេតុនិងផលប៉ះពាល់ ។ ជាច្រើនលើកមកហើយ សេចក្តីថ្លែងការណ៍ទាំងនេះចាប់ផ្តើមឡើងដោយពាក្យ ប្រសិនបើ ។ សេចក្តីថ្លែងការណ៍ទាំងនេះអាចជួយដល់អ្នកឲ្យមើលឃើញកាន់តែច្បាស់ ថាតើជម្រើសមួយណានាំទៅរកលទ្ធផលមួយណា ។ នៅក្នុងការនិយាយអំពីសេចក្តីថ្លែងការណ៍អំពីមូលហេតុនិងផលប៉ះពាល់ ( ឬមានលក្ខខណ្ឌ ) អែលឌើរ ខេវិន អេស ហាមីលតុន នៃពួកចិតសិបនាក់បានប្រកាសថា ៖
ព្រះអម្ចាស់ក៏ប្រតិបត្តិតាមលក្ខខណ្ឌផងដែរគឺ ៖ លក្ខខណ្ឌនៃសេចក្តីជំនឿ លក្ខខណ្ឌនៃសេចក្តីសុចរិត លក្ខខណ្ឌនៃការប្រែចិត្ត ។ មានឧទាហរណ៍ជាច្រើនអំពីសេចក្តីថ្លែងការណ៍ដែលមានលក្ខខណ្ឌមកពីព្រះដូចជា ៖ …
« បើសិនជា អ្នករាល់គ្នា សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ [ នោះ ] ទ្រង់នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៤ ) ។ …
« បើ អ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ [ នោះ ] នឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ » ( យ៉ូហាន ១៥:១០ ) ។ ( ខេវីន អេស ហាមីលថុន « លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥០ ឃ្នាប និងការសង្កត់ន័យនៅក្នុងអត្ថបទដើម )
សូមកត់សម្គាល់នៅក្នុងឧទាហរណ៍របស់អែលឌើរ ហាមីលតុន ដែលពាក្យ បើ មកមុនសកម្មភាពដែលតម្រូវរបស់យើង ។ បន្ទាប់មកផលប៉ះពាល់ ឬលទ្ធផលនៃសកម្មភាពរបស់យើងត្រូវបានពិពណ៌នា ។
នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្រៀនប្រជាជននៅលើដែនដីបរិបូរណ៍ គោលការណ៍សំខាន់ៗមួយចំនួនដែលទ្រង់បានបង្រៀនត្រូវបានចែងជាទំនាក់ទំនងនៃមូលហេតុ និងផលប៉ះពាល់ដែលមានបញ្ចូលពាក្យថា បើនៅក្នុងនោះ ។ ឧទាហរណ៍ សូមអាន នីហ្វៃទី៣ ១៣:១៤–១៥ ហើយពិចារណាគូសចំណាំពាក្យ បើ នៅក្នុងខនីមួយៗ ។
សូមកត់ចំណាំថានៅក្នុងឧទាហរណ៍របស់អែលឌើរ ហាមីលតុន លោកបានបញ្ចូលពាក្យ នោះ ទៅក្នុងសេចក្តីថ្លែងការណ៍នីមួយៗ ដើម្បីបញ្ជាក់អំពីលទ្ធផលនៃជម្រើសរបស់យើង ។ អ្នកប្រហែលជាចង់កត់ត្រាពាក្យ នោះ នៅក្នុងព្រះគម្ពីររបស់អ្នក ដែលអ្នកគិតថាវាស័ក្តិសមនៅក្នុង ខទី ១៤–១៥ ។
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យសរសេរនៅលើក្ដារខៀននូវសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់ដែលពួកគេបានរកឃើញនៅក្នុងវគ្គបទគម្ពីរនេះ ។ វាអាចចាប់ផ្តើមបញ្ជីមួយអំពីសេចក្តីថ្លែងការណ៍នៃសេចក្តីពិតដែលសិស្សនឹងបន្ថែមទៅក្នុងមេរៀនទាំងមូល ។
ការលើកពាក្យការបង្រៀនរបស់ព្រះអង្គសង្គ្រោះឡើងវិញជាការសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់
ការបង្រៀនខ្លះរបស់ព្រះយេស៊ូវមិនរួមបញ្ចូលពាក្យ បើ ទេ ។ ទោះយ៉ាងណាក៏ដោយ ជាមួយការគិតយ៉ាងប្រុងប្រយ័ត្ននិងជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកអាចសម្គាល់ឃើញទំនាក់ទំនងរវាងមូលហេតុ និងផលប៉ះពាល់ដែលបញ្ជាក់អំពីគោលការណ៍ដែលទ្រង់បានបង្រៀន ។ សូមអានយ៉ាងហោចណាស់វគ្គបទគម្ពីរចំនួនបីខាងក្រោម ហើយសរសេរសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់ដ៏សាមញ្ញមួយសម្រាប់វគ្គនីមួយៗ ដែលឆ្លុះបញ្ចាំងអំពីដំបូន្មានរបស់ព្រះអង្គសង្គ្រោះ ។
អ្នកអាចនឹងចង់លើកឡើងវិញនូវអ្វីដែលទ្រង់បានបង្រៀនជាសេចក្តីថ្លែងការណ៍ « បើ-នោះ » ។ ឧទាហរណ៍ ៖ បន្ទាប់ពីសិក្សា នីហ្វៃទី៣ ១៣:១–៤ មាននរណាម្នាក់អាចសរសេរថា « បើ បំណងចិត្តរបស់យើងដើម្បីជួយដល់ជនក្រីក្រ គឺមានលក្ខណៈដូចព្រះគ្រីស្ទ នោះ រង្វាន់របស់យើងនឹងបានមកពីព្រះវរបិតាសួគ៌ » ។ យើងអាចរៀនចេញពីវគ្គបទគម្ពីរនេះថា បំណងចិត្តរបស់យើងចំពោះសកម្មភាពសុចរិត គឺមានសារៈសំខាន់ណាស់ចំពោះព្រះវរបិតាសួគ៌របស់យើង ដែលសព្វព្រះទ័យប្រទានពរដល់អស់អ្នកទាំងឡាយណាដែលក្លាយកាន់តែដូចជាព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
សិស្សអាចបំពេញសកម្មភាពនេះជាក្រុមតូចៗជាមួយសិស្សម្នាក់ៗ ដែលកំពុងសិក្សាវគ្គបទគម្ពីរផ្សេងៗគ្នា និងចែកចាយសេចក្តីថ្លែងការណ៍ដែលពួកគេបង្កើត ។ អ្នកអាចដាក់បង្ហាញជម្រើសទាំងអស់ខាងក្រោមនេះ ឬអ្នកអាចដាក់កំណត់គម្ពីរទាំងអស់នេះចំពោះសិស្សទាំងឡាយដែលអ្នកគិតថា សិស្សរបស់អ្នកត្រូវការច្រើនជាងគេបំផុត ។
-
នីហ្វៃទី៣ ១៣:២៤ ( អត្ថន័យមួយនៃពាក្យ « សម្បត្តិលោកិយ » គឺជាទ្រព្យសម្បត្តិ ឬអចលនទ្រព្យ )
សូមអញ្ជើញសិស្សបីបួននាក់ឲ្យដាក់បន្ថែមសេចក្តីថ្លែងការណ៍អំពីមូលហេតុ និងផលប៉ះពាល់របស់ពួកគេទៅលើក្តាខៀន ហើយពិចារណាអំពីការសួរសំណួរដូចតទៅនេះដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះមានទាក់ទងគ្នានៅក្នុងពិភពលោកសព្វថ្ងៃនេះ ។
របៀបផ្សេងមួយដើម្បីជួយដល់ពួកគេឲ្យយល់អំពីភាពទាក់ទងគ្នា គឺការអញ្ជើញសិស្សឲ្យធ្វើការជាក្រុមតូចៗ ដើម្បីគិតអំពីស្ថានភាព នៅពេលដែលគោលការណ៍ជាក់លាក់នៅលើក្ដារខៀនអាចជួយដល់យុវជនដែលស្ថិតនៅក្នុងស្ថានភាពមួយចំនួនដូចជា ៖ ( ១ ) នៅផ្ទះ ( ២ ) នៅសាលារៀន ឬ ( ៣ ) នៅក្នុងជីវិតជាមជ្ឈិមវ័យនាពេលអនាគតរបស់ពួកគេ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេជាមួយក្រុមជិតខាង ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យមនុស្សសព្វថ្ងៃនេះដឹងអំពីអ្វី ដែលទ្រង់បានបង្រៀននៅក្នុងជំពូកទាំងនេះ ? តើការបង្រៀនរបស់ទ្រង់មួយណា ដែលអ្នកគិតថាត្រូវការបំផុតនៅសម័យរបស់យើងនេះ ?
-
តើក្មេងជំទង់អាចអនុវត្តគោលការណ៍អំពីមូលហេតុ និងផលប៉ះពាល់មួយដែលអ្នកបានបង្កើតចេញពីជំពូកទាំងនេះនៅផ្ទះបានដោយរបៀបណា ? នៅសាលាដោយរបៀបណា ? នៅក្នុងជីវិតមជ្ឈិមវ័យនាពេលអនាគតរបស់ពួកគេដោយរបៀបណា ? តើវាអាចជួយដល់គាត់បានដោយរបៀបណា ?
អ្នកប្រហែលជាអាចចែកចាយអំពីពេលមួយដែលអ្នកបានប្រតិបត្តិតាមគោលការណ៍មួយ ដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងជំពូកទាំងនេះ និងរបៀបដែលគោលការណ៍នោះបានផ្ដល់ពរដល់ជីវិតរបស់អ្នក ។
បន្ទាប់មក សូមពិចារណាទុកពេលឲ្យសិស្សដើម្បីសញ្ជឹងគិតហើយសរសេរនូវអ្វីដែលពួកគេបានគិតអំពីបញ្ហាខាងក្រោមនេះ ៖
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះមួយណានៅក្នុងជំពូកទាំងនេះ ដែលល្អបំផុតដែលទាក់ទងទៅនឹងស្ថានភាពដែលអ្នកកំពុងប្រឈមមុខនៅក្នុងជីវិតរបស់អ្នក ? តើអ្នកគិតថា ទ្រង់នឹងឲ្យអ្នកប្រើដំបូន្មានដែលទ្រង់បានប្រទានដោយរបៀបណា ?