នីហ្វៃទី៣ ១២:១–១៦ ៖ « មានពរហើយអ្នករាល់គ្នា » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១២:១–១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១២:១–១៦
« មានពរហើយអ្នករាល់គ្នា »
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យប្រទានពរដល់ពួកយើង ។ យើងអាចប្រាកដចិត្តថា នៅពេលយើងធ្វើតាមដំបូន្មានរបស់ទ្រង់ នោះយើងនឹងទទួលបានពរជ័យរបស់ទ្រង់ទៅតាមពេលវេលា និងតាមរបៀបរបស់ទ្រង់ ។ នៅពេលទ្រង់បង្រៀនដល់ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវបានប្រកាសអំពីពរជ័យជាច្រើន ដែលយើងអាចទទួលបាន ។ មេរៀននេះអាចជួយអ្នកឲ្យរៀបចំខ្លួនដើម្បីទទួលបានពរជ័យ ដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូល នៅពេលអ្នកខិតខំព្យាយាមធ្វើតាមដំបូន្មានរបស់ទ្រង់ ។
ដោយផ្តោតទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជាប្រភពនៃពរជ័យរបស់យើង ។ នៅពេលដែលសិក្សាព្រះគម្ពីរ និងពិភាក្សាអំពីពរជ័យដែលបានសន្យា សូមបញ្ជាក់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពនៃពរជ័យទាំងអស់នោះ ។
ការរៀបចំសិស្ស ៖ ដើម្បីជួយរៀបចំចិត្តរបស់សិស្សឲ្យសិក្សាអំពីទេសនកថារបស់ព្រះអង្គសង្គ្រោះនៅក្នុងនីហ្វៃទី ៣ ដែលស្រដៀងគ្នាទៅនឹងទេសនកថានៅលើភ្នំរបស់ទ្រង់ សូមពិចារណាអញ្ជើញពួកគេឲ្យគិតពិចារណាអំពីសេចក្ដីថ្លែងការណ៍នេះមកពីប្រធានយ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ។ លោកបានមានប្រសាសន៍ថា ទេសនកថានៅលើភ្នំគឺជា « [ ទេសនកថា ] ដ៏អស្ចារ្យបំផុតដែលពុំធ្លាប់បង្រៀនពីមុនមកឡើយ តាមអ្វីដែលយើងដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័ ២៣៤ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
មានពរ
ដើម្បីជួយដល់សិស្សឲ្យគិតអំពីអត្ថន័យពិតប្រាកដនៃការទទួលបានពរជ័យ សូមពិចារណាគូរគំនូរក្របទស្សនាវដ្ដីដ៏សាមញ្ញមួយនៅលើក្ដារខៀន ។ ដាក់ឈ្មោះទស្សនាវដ្ដីនេះថា ទស្សនាវដ្តីជោគជ័យលំដាប់ពិភពលោក ហើយសរសេរឈ្មោះនៃអត្ថបទច្បាប់ពិសេសនេះថា « មនុស្សប្រាំនាក់ដែលទទួលបានពរជ័យច្រើនជាងគេបំផុតប្រចាំឆ្នាំ » ។
សូមអញ្ជើញសិស្សឲ្យឡើងមកក្ដារខៀន ហើយសរសេរអំពីពរជ័យមួយចំនួននៅលើក្របទស្សនាវដ្ដី ដែលពួកគេរំពឹងថា អត្ថបទនេះផ្ដោតលើ ។
សូមគូររូបក្របទស្សនាវដ្ដីដែលដូចគ្នាបេះបិទជាមួយនឹងអត្ថបទពិសេសដូចគ្នានៅក្ដារខៀនម្ខាងទៀត ប៉ុន្តែលើកនេះដាក់ឈ្មោះទស្សនាវដ្តីថា លីអាហូណា ។ សូមអញ្ជើញសិស្សឲ្យសរសេរពរជ័យមួយចំនួន ដែលពួកគេរំពឹងគិតថា អត្ថបទទស្សនាវដ្ដីរបស់សាសនាចក្រនឹងផ្តោតលើ ។
-
តើមានពរជ័យជាក់លាក់អ្វីខ្លះ ដែលអ្នករំពឹងថា អត្ថបទនេះនឹងផ្តោតលើជាលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសមនុស្ស ?
ឥឡូវនេះ សូមស្រមៃអំពីអត្ថបទទស្សនាវដ្ដី អាហូណា ដែលមានចំណងជើងដូចគ្នា ។
-
តើមានពរជ័យជាក់លាក់អ្វីខ្លះដែលអ្នករំពឹងថា អត្ថបទនេះនឹងនិយាយអំពីពរជ័យដ៏អស្ចារ្យបំផុតដែលនរណាម្នាក់អាចនឹងមាន ?
-
តើហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់បង្រៀនយើងឲ្យតម្លៃខ្ពស់បំផុតទៅលើពរជ័យផ្សេងពីមនុស្សជាច្រើននៅក្នុងពិភពលោកខំប្រឹងស្វែងរក ?
នៅក្នុង នីហ្វៃទី៣ ១២–១៤ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសាសន៍នីហ្វៃនូវទេសនកថាស្រដៀងគ្នាទៅនឹងទេសនកថានៅលើភ្នំរបស់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) បានមានប្រសាសន៍ថា ទេសនកថានៅលើភ្នំគឺជា « [ ទេសនកថា ] ដ៏អស្ចារ្យបំផុតដែលពុំធ្លាប់បង្រៀនពីមុនមកឡើយ តាមអ្វីដែលយើងដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៤ ) ។
ថ្ងៃនេះ នៅពេលអ្នកកំពុងសិក្សាផ្នែកនៃទេសនកថារបស់ព្រះអង្គសង្គ្រោះ ដែលហៅថា បទប្រទានពរ នោះអ្នកនឹងមានឱកាសរៀនសូត្រអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានបំណងព្រះហឫទ័យចង់ប្រទានពរដល់អ្នក ។ ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានហៅបទប្រទានពររបស់ព្រះអង្គសង្គ្រោះថា ជា « រដ្ឋធម្មនុញ្ដើម្បីមានជីវិតដ៏ឥតខ្ចោះ » ហើយបានពន្យល់ « នៅក្នុងទេសនកថារបស់ទ្រង់នៅលើភ្នំ ព្រះអម្ចាស់បានប្រទានដល់យើងនូវវិវរណៈមួយបែបអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ផ្ទាល់ ដែលល្អឥតខ្ចោះ… ហើយនៅក្នុងការធ្វើដូច្នោះ ទ្រង់បានប្រទានដល់យើងនូវប្លង់មេមួយសម្រាប់ជីវិតរបស់យើងផ្ទាល់ » ( Decisions for Successful Living [ ឆ្នាំ ១៩៧៣ ] ទំព័រ ៥៦–៥៧ ) ។ នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតអំពីមូលហេតុពរជ័យដែលព្រះគ្រីស្ទប្រទានឲ្យនៅក្នុងទេសនកថានេះ គឺមានគុណតម្លៃខ្លាំងជាងពរជ័យទាំងឡាយដែលពិភពលោកមានទៅទៀត ។
បទប្រទានពរនៅក្នុងទ្វីបអាមេរិក
សូមអាន នីហ្វៃទី៣ ១២:១–១២ ហើយគូសចំណាំពាក្យ « មានពរ » និងរាល់ពរជ័យទាំងឡាយដែលអ្នករកឃើញថា ព្រះអង្គសង្គ្រោះគូសបញ្ជាក់នៅក្នុងខគម្ពីរទាំងនេះ ។ សូមកត់ចំណាំថា ពាក្យ « មានពរ » នៅក្នុងខគម្ពីរទាំងនេះ មានន័យថា សំណាងខ្លាំង ឬជាទីពេញចិត្តរបស់ព្រះ ។
សូមពិចារណាអញ្ជើញសិស្សឲ្យរាប់ចំនួនដែលពួកគេបានរកឃើញពាក្យ « មានពរ » មានប៉ុន្មានដង និងដើម្បីចែកចាយពរជ័យ ដែលពួកគេបានរកឃើញ ។
-
សូមពិចារណាទៅលើពរជ័យទាំងអស់ដែលព្រះអង្គសង្គ្រោះបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះ តើព្រះបន្ទូលនេះប្រាប់អ្នកអ្វីខ្លះអំពីទ្រង់ និងព្រះវរបិតារបស់ទ្រង់ ?
សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីវគ្គបទគម្ពីរនេះ គឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យនឹងការប្រទានពរដល់យើង នៅពេលយើងខិតខំគោរពប្រតិបត្តិតាមឱវាទរបស់ទ្រង់ ។
សូមអាន នីហ្វៃទី៣ ១២:១–២ ហើយពិចារណាគូសចំណាំអំពីអ្វីដែលព្រះអង្គសង្គ្រោះបង្គាប់ឲ្យយើងប្រតិបត្តិតាម ប្រសិនបើយើងស្វែងរកពរជ័យដែលទ្រង់ និងព្រះវរបិតារបស់ទ្រង់ប្រទានមកដល់ពួកយើង ។
សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។ សិស្សក៏អាចចែកចាយជាមួយនឹងដៃគូ ឬនៅក្រុមតូចៗបានផងដែរ ។
-
តើហេតុអ្វីបានជាអ្នកគិតថា ព្រះប្រទានពរដល់អស់អ្នកដែល « ស្ដាប់បង្គាប់តាមពាក្យសម្ដីនៃពួកដប់ពីរនាក់នេះដែល[ ទ្រង់បានរើស ] » ? ( នីហ្វៃទី៣ ១២:១ ) ។
-
តើព្រះបានប្រទានពរដល់អ្នក ឬអ្នកដទៃទៀតដែលអ្នកស្គាល់ដោយការស្តាប់តាមប្រសាសន៍របស់ព្យាការី និងសាវកដោយរបៀបណា ?
ប្រសិនបើមានពេល សូមអញ្ជើញសិស្សឲ្យរកមើលសុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗនេះមកពីសមាជិកនៃគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយចែកចាយអំពីរបៀបដែលពួកគេគិតថា យើងមានពរដោយសារស្ដាប់តាមការបង្រៀនជាក់លាក់ដែលពួកគេបានរកឃើញ ។
ការខិតខំប្រឹងប្រែងស្វែងរកពរជ័យ
មុនពេលសិស្សអានខគម្ពីរខាងក្រោមនេះ សូមពិចារណាគូរជួរឈរពីរនៅលើក្ដារខៀនដោយមានពរជ័យមកពីខគម្ពីរដែលបានសរសេរនៅក្នុងជួរឈរមួយ និងសកម្មភាព ឬលក្ខខណ្ឌដែលនាំទៅរកពរជ័យទាំងនោះដែលបានសរសេរមិនតាមលំដាប់នៅក្នុងជួរឈរមួយទៀត ។ សូមអញ្ជើញសិស្សឲ្យព្យាយាមផ្គូផ្គងពរជ័យជាមួយនឹងសកម្មភាព ឬលក្ខខណ្ឌដែលត្រូវគ្នារៀងៗខ្លួន ។ បន្ទាប់មក ពួកគេអាចប្រើប្រាស់ នីហ្វៃទី៣ ១២:៣–១២ ដើម្បីពិនិត្យមើលចម្លើយរបស់ពួកគេ ។
សូមអាន នីហ្វៃទី៣ ១២:៣–១២ ម្តងទៀត ពេលនេះរកមើលលក្ខខណ្ឌដែលព្រះអង្គសង្គ្រោះបានភ្ជាប់ទៅនឹងពរជ័យនីមួយៗ ។ សូមពិចារណាគូសចំណាំលក្ខខណ្ឌទាំងនេះខុសពីរបៀបដែលអ្នកគូសចំណាំពរជ័យនេះ ដូចជាតាមរយៈការប្រើប្រាស់ពណ៌ផ្សេងគ្នា ឬគូសរង្វង់ជំនួសឲ្យការគូសចំណាំពណ៌ ។
សម្រាប់គំនិតផ្សេងទៀតសម្រាប់ការបង្រៀនអំពីបទប្រទានពរនេះ សូមយោងទៅលើ« តារាងបទប្រទានពរ » ដែលមាននៅក្នុង « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ ។
សូមជ្រើសរើសពរជ័យមួយមកពីខគម្ពីរទាំងនេះ ដែលអ្នកចង់បាន ។ សូមកត់សម្គាល់អំពីសកម្មភាព ឬលក្ខខណ្ឌដែលនាំទៅរកពរជ័យនោះ ។ សូមសិក្សាអំពីសកម្មភាព ឬលក្ខខណ្ឌនោះ ដោយប្រើប្រាស់ធនធានដែលមាន ដូចជា Guide to the Scriptures កម្មវិធីបណ្ណាល័យដំណឹងល្អ Topical Guide ឬលេខយោង ។
សូមពិចារណាអញ្ជើញសិស្សឲ្យផ្លាស់ប្តូរគ្នានៅក្នុងបន្ទប់ ស្វែងរកអ្នកផ្សេងទៀតដែលបានសិក្សាវគ្គបទគម្ពីរផ្សេងៗ ហើយចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ។
-
តើអ្នកបានសិក្សាអំពីអ្វីខ្លះដែលតម្រូវឲ្យអ្នកដែលបំណងប្រាថ្នាចង់បានពរជ័យដែលអ្នកបានសិក្សានេះ ?
-
តើព្រះអង្គសង្គ្រោះបានពន្យល់បង្ហាញអំពីសកម្មភាព ឬលក្ខខណ្ឌនោះដោយរបៀបណា ? តើគំរូរបស់ទ្រង់អាចដល់ជួយអ្នកឲ្យយល់កាន់តែយល់ច្បាស់អំពីរបៀបដែលអ្នកអាចស្វែងរកពរជ័យនោះបានដោយរបៀបណា ?
សូមចងចាំថា ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់យើង ទ្រង់នឹងប្រទានពរដល់យើងស្របទៅតាមពេលវេលា និងតាមរបៀបរបស់ទ្រង់ ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៤ ) ។
ប្រសិនបើអ្នកមានអារម្មណ៍ថា សិស្សរបស់អ្នកអាចប្រើប្រាស់ការលើកទឹកចិត្តបន្ថែមទៀតដើម្បីទុកចិត្តលើព្រះអម្ចាស់ និងពេលវេលារបស់ទ្រង់ នោះអ្នកក៏អាចនឹងចែកចាយសេចក្ដីថ្លែងការណ៍មកពី ប្រធាន ដាល្លិន អេក អូក នៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង »បានផងដែរ ។
ឥឡូវនេះ ដោយអ្នកបានរកឃើញពរជ័យមួយដែលអ្នកប្រាថ្នាចង់បាន ហើយបានសិក្សាអំពីរបៀបអញ្ជើញពរជ័យនោះឲ្យចូលមកនៅក្នុងជីវិតរបស់អ្នក សូមធ្វើផែនការមួយអំពីរបៀបដែលអ្នកអាចស្វែងរកពរជ័យនោះបាន ។ សំណួរទាំងឡាយខាងក្រោមនេះអាចមានអត្ថប្រយោជន៍ ៖
-
តើកិច្ចការជាក់លាក់អ្វីខ្លះ ដែលអ្នកអាចធ្វើបានដើម្បីស្វែងរកពរជ័យនោះ ?
-
តើអ្នកមានគម្រោងចាប់ផ្តើមនៅពេលណា ?
-
តើមានឧបសគ្គអ្វីខ្លះដែលអាចជួបប្រទះ ហើយតើអ្នកអាចយកឈ្នះវាដោយរបៀបណា ?
វាប្រហែលជាមានអត្ថប្រយោជន៍នៅក្នុងការចែកចាយអំពីរបៀបដែលអ្នកបានរកឃើញពរជ័យណាមួយនៅក្នុងជីវិតរបស់អ្នក និងទីបន្ទាល់របស់អ្នកអំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះនៅក្នុងការប្រទានពរដល់យើង ។