2025
ព្យាការី និង​ព្រះអង្គ​សង្គ្រោះ​របស់​លោក
ខែមករា ឆ្នាំ២០២៥


ព្យាការី និង​ព្រះអង្គ​សង្គ្រោះ​របស់​លោក

តាម​របៀប​មួយ រឿងរ៉ាវ​នៃ​ការស្ដារ​ឡើងវិញ​គឺជា​រឿង​អំពី​ការខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​របស់ យ៉ូសែប ស្ម៊ីធ ។

ព្រះយេស៊ូវ​គ្រីស្ទ

Every Knee Shall Bow [ គ្រប់​ជង្គង់​នឹង​លុតចុះ ] ដោយ ឌេន វិលសុន

រឿងរ៉ាវ​ជីវិត​របស់ យ៉ូសែប ស្ម៊ីធ គឺ​លើស​ពី​ដំណើររឿង​អំពី​ជីវិត​របស់ យ៉ូសែប ស្ម៊ីធ ។

នៅ​ពេល​យើង​ប្រាប់​អំពី​ដំណើររឿង​នៃ​ការស្ដារ​ឡើងវិញ​នូវ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​តែងតែ​ចាប់ផ្ដើម​ដោយ​ប្រាប់​ពី​រឿងរ៉ាវ​របស់ យ៉ូសែប ស្ម៊ីធ ។ ហើយ​វា​សម​ហេតុ​សមផល ។ លោក​ផ្ទាល់​បាន​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ជីវិត​តាំង​ពី​ក្មេង​របស់​លោក​បីបួន​ដង​ផ្សេងៗ​គ្នា ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការស្ដារ​ឡើងវិញ​បាន​ចាប់ផ្តើម ។ ប៉ុន្តែ​តាម​របៀប​មួយ រឿងរ៉ាវ​អំពី​ជីវិត​របស់ យ៉ូសែប ស្ម៊ីធ គឺជា​ដំណើររឿង​អំពី​ការខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​របស់​លោក ។

ការនិមិត្ត​អំពី​ការអភ័យទោស

យ៉ូសែប ស្ម៊ីធ វ័យ​ក្មេង​មាន​អារម្មណ៍​ច្របូកច្របល់​អំពី​សាសនា ។ ហើយ​មាន​អារម្មណ៍​មួយ​បន្ថែម​ទៀត​ដែល​បាន​ជំរុញ​លោក​ឲ្យ​អធិស្ឋាន​នៅ​ក្នុង​ព្រៃ ជា​កន្លែង​ដែល​លោក​បាន​ទទួល​ការនិមិត្ត​ដំបូង​របស់​លោក ៖ « ខ្ញុំ​មាន​អារម្មណ៍​សោក​សង្រែង​ចំពោះ​អំពើបាប​របស់​ខ្ញុំ​ផ្ទាល់ » ។

ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បានមាន​បន្ទូល​ទៅ​កាន់​យ៉ូសែប ទ្រង់​មាន​បន្ទូល​ថា « យ៉ូសែប កូន​ប្រុស​អើយ បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ » ។

យ៉ូសែប​បាន​រៀន​ដោយ​ផ្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ លោក​ក៏​បាន​រៀន​ផងដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​សេចក្ដី​មេត្តា​ករុណា និង​អភ័យទោស​ដល់​អំពើបាប ។ ចំណេះដឹង​ផ្ទាល់ខ្លួន​នេះ​គឺ​សំខាន់​ចំពោះ​យ៉ូសែប ។ លោក​ធ្លាប់​បាន​និយាយ​ថា « សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​របស់​ខ្ញុំ​គឺ​មាន​សារៈសំខាន់​បំផុត​ចំពោះ​ខ្ញុំ [ ពីព្រោះ ] ខ្ញុំ​ដឹង​ច្បាស់​ពី​រឿង​ដ៏​អស់កល្ប​ជានិច្ច » ។

ចំណេះដឹង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​មាន​សារៈសំខាន់​ផងដែរ​នៅក្នុង​កិច្ចការ​ដែល​យ៉ូសែប​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ក្នុង​នាម​ជា​ព្យាការី​មួយ​រូប ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​អំពី​ព្រះគុណ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អស់​មួយ​ជីវិត​លោក ។ ឧទាហរណ៍ មាន​ម្ដង​នោះ​លោក​បាន​បង្រៀន​ថា « ដួងចិត្ត​ទាំងអស់​ត្រូវតែ​ប្រែចិត្ត និង​បរិសុទ្ធ ហើយ​ព្រះ​នឹង​គោរព ហើយ​ប្រទាន​ពរ​ពួកគេ​តាម​របៀប​មួយ​ដែល​ពួកគេ​មិន​អាច​ទទួល​បាន​តាម​របៀប​ផ្សេង​ទៀត » ។

កំហុស និង​សេចក្តី​មេត្តា​ករុណា

កិច្ចការ​ដែល យ៉ូសែប ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​គឺ​សំខាន់​ខ្លាំង​ណាស់ ។ ហើយ​យ៉ូសែប​បាន​រៀន​ទទួល​យក​បទបញ្ញត្តិ និង​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដោយ​ម៉ឺងម៉ាត់ ពេលខ្លះ​តាមរយៈ​កំហុស​ដែល​លោក​បាន​ធ្វើ ។

ឧទាហរណ៍ នៅ​ពេល​ដែល​ឯកសារ​សំណេរ​ដោយដៃ​នៃ​ព្រះគម្ពីរ​មរមន​បាន​បាត់ នោះ​ព្រះអម្ចាស់​បាន​ដកយក​អំណោយទាន​នៃ​ការបកប្រែ​ចេញ​ពី​យ៉ូសែប ហើយ​ក្រោយ​មក​បាន​មាន​បន្ទូល​ទៅ​កាន់​លោក ៖ « អ្នក​តែងតែ​រំលង​ព្រះបញ្ញត្តិ និង​ក្រឹត្យវិន័យ​ទាំងឡាយ​នៃ​ព្រះ ។ … អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣:៦–៧ ) ។

ប៉ុន្តែ​ព្រះអម្ចាស់​ក៏​មាន​សារ​នេះ​សម្រាប់​យ៉ូសែប​ដែរ ៖ « ចូរ​ចាំ​ចុះ​ថា ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រែ​ចិត្ត » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣:១០ ) ។

យ៉ូសែប​ពិតជា​បាន​ប្រែចិត្ត ហើយ​បាន​ទទួល​អំណោយទាន​នៃ​ការបកប្រែ​ម្ដង​ទៀត ។ បទពិសោធន៍​ទាំងមូល​ប្រហែល​ជា​មាន​ការឈឺចាប់​ចំពោះ​លោក ប៉ុន្តែ​លោក​បាន​រៀន​មេរៀន​សំខាន់ៗ—រួម​ទាំង​ថា​យើង​អាច​ប្រែចិត្ត ហើយ​ទទួល​បាន​ពរជ័យ​ដោយសារ​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​ករុណា ។

ព្រះអង្គ​សង្រ្គោះ និង​មិត្ត

យ៉ូសែប ស្ម៊ីធ មាន​ការនិមិត្ត ការយាង​មក​ជួប និង​វិវរណៈ​មួយ​ចំនួន ដែល​លោក​បាន​ឃើញ ឬ​បានឮ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ឬ​បាន​រៀន​អំពី​និស្ស័យ ចរិត​លក្ខណៈ និង​បេសកកម្ម​របស់​ទ្រង់ ( ឧទាហរណ៍ សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩; ៧៦; ៩៣; ១១០ ) ។

សេចក្ដីពិត​មួយ​ដែល​លោក​បាន​រៀន​គឺ​ថា កិច្ចការ​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សម្រាប់​មនុស្ស​ទាំងអស់ ដែល​ធ្លាប់​រស់នៅ​លើ​ពិភពលោក​នេះ—និង​គ្រប់​ពិភពលោក​ទាំងអស់​ដែល​បុត្រា និង​បុត្រី​របស់​ព្រះ​រស់នៅ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:២៤ ) ។

នៅពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​រៀន​ថា កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ទំហំ​ធំ​ប៉ុនណា យ៉ូសែប​ក៏​បាន​រៀន​ផងដែរ​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់ និង​ស្រឡាញ់​យើង​ម្នាក់ៗ ។ ទ្រង់ទាំងទ្វេ​ចង់​បាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​យើង​ម្នាក់ៗ ។ ទ្រង់ទាំងទ្វេ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ចុះ​សេចក្ដីសញ្ញា រក្សា​សេចក្ដីសញ្ញា​ទាំងនោះ ហើយ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​រហូត​ដល់​ទីបញ្ចប់ ។ ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​នេះ​នឹង​នាំ​ឲ្យ​យើង​មាន​អំណរ និង​ទំនុកចិត្ត ។

ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​យ៉ូសែប ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាលជ្រៅ​ខ្លាំងណាស់ ដែល​នៅ​ពេល​មួយ​ក្នុង​គ្រាដ៏​ដុនដាប​បំផុត​ក្នុង​ជីវិត​លោក ខណៈ​ពេល​លោក​ត្រូវគេ​ឃុំ​ក្នុង​គុក​លិបើទី លោក​អាច​និយាយ​បាន​ថា ៖

« ខ្ញុំ​នឹង​ព្យាយាម​ពេញចិត្ត​នឹង​វាសនា​របស់​ខ្ញុំ ដោយ​ដឹង​ថា​ព្រះ​ជា​មិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​រកឃើញ​ការលួងលោម​នៅក្នុង​ទ្រង់ ។ ខ្ញុំ​បាន​ថ្វាយ​ជីវិត​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​ទ្រង់ ។ ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទៅ​ពេល​ទ្រង់​ហៅ​ខ្ញុំ ។ ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជាមួយ​ព្រះគ្រីស្ទ » ។

នៅពេល​ដែល​ប្អូនៗ​សិក្សា​អំពី​ជីវិត និង​ការបង្រៀន​របស់ យ៉ូសែប ស្ម៊ីធ ប្អូនៗ​អាច​ធ្វើ​តាម​គំរូ​របស់​លោក ។ ប្រែចិត្ត​ចុះ និង​រក្សា​សេចក្ដីសញ្ញា ហើយ​បន្ត​ស្មោះត្រង់ ។ បន្ទាប់​មក ប្អូនៗ​ក៏​អាច​ដឹង​ដែរ​ថា ព្រះអង្គ​សង្គ្រោះ​គឺ​ជា​មិត្ត​របស់​ប្អូនៗ ។