2025
ដំណឹងល្អ​សម្រាប់​ក្មួយៗ និង​ពិភពលោក
ខែមករា ឆ្នាំ២០២៥


ដំណឹងល្អ សម្រាប់​ក្មួយៗ និង​ពិភពលោក

ក្មួយៗ​អាច​ទទួល​បាន​ដំណឹងល្អ​នៃ​សេចក្ដី​ស្រឡាញ់ និង​អំណរ ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ ដើម្បី​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។

យុវនារី

ព្រៃពិសិដ្ឋ ដោយ អាល រ៉ោន

សារលិខិត​នៃ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ត​របស់​យើង​ចំពោះ​មនុស្ស​ទាំងអស់ គឺ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​បាន​ស្ដារ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា « អ្វីៗ​ទាំង​នេះ​អស្ចារ្យ​ណាស់​សម្រាប់​មនុស្ស​លោក ! » ។ ទាំងនេះ​ជា « ដំណឹង​នៃ​អំណរ​ដ៏​ធំធេង​ដល់​មនុស្ស​គ្រប់រូប… ដែល​គួរ​តែ​ពេញ​ផែនដី ហើយ​ត្រេកអរ​ដល់​ចិត្ត​មនុស្ស​គ្រប់គ្នា ពេល​បាន​ឮ​ហើយ » ។

ដំណឹងល្អ​ទាំងនេះ​គឺជា​ការបង្ហាញ​ដ៏​ជ្រាលជ្រៅ​មួយ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង ។ ដំណឹងល្អ​ទាំងនេះ​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ទាំងអស់ ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​វិញ ។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​ចំណាយ​ពេល​ក្នុង​ជីវិត​ខ្ញុំ​ប្រកាស​សេចក្ដីពិត​ទាំងនេះ​ដល់​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​នេះ ។

ព្រះយេស៊ូវ​គ្រីស្ទ

Resurrection Morning [ ព្រឹក​រស់ឡើងវិញ ] ដោយ សារ៉ា ហាច់

មិនទំនង និង​អស្ចារ្យ

នៅក្នុង​ព្រៃ ព្រះ​ដ៏ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​យ៉ូសែប អំពី​សាសនាចក្រ​មួយណា​ដែល​លោក​គួរ​ចូលរួម ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–២០ ) ។ ព្រះយេស៊ូវ​បាន​ប្រាប់​យ៉ូសែប​កុំ​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ​ណា​មួយ​ឡើយ ។ ទ្រង់​បាន​សន្យា​ថា ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់​នឹង​ត្រូវបាន​បង្ហាញ​ដល់​យ៉ូសែប​នៅ​ពេល​ខាងមុខ ។

ចំពោះ​មនុស្ស​ជា​ច្រើន យ៉ូសែប​ហាក់​ដូច​ជា​មិន​ទំនង​​សោះ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​បែប​នេះ ។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ពួកគេ លោក​គ្រាន់​តែ​ជា​ក្មេងប្រុស​ដែល​គ្មាន​ការអប់រំ​ម្នាក់​មកពី​កសិដ្ឋាន​តូច​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​តាមរយៈ​យ៉ូសែប ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​អ្វី​ដែល​ពិត​ជា​អស្ចារ្យ​ណាស់ ។ យ៉ូសែប​នឹង​ទទួល​បាន​ព្រះបញ្ញត្តិ វិវរណៈ​ដ៏​មាន​តម្លៃ និង​គោលលទ្ធិ​ដ៏​ចាំបាច់​អំពី​ផែនការ​ដ៏​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ដង្វាយធួន​ដើម្បី​ផ្ដល់​ពរ​ដល់​យើង ហើយ​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដែល​យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ។

សាក្សី​ដ៏​មាន​ឥទ្ធិពល​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​កាយ​ដល់ យ៉ូសែប ស្ម៊ីធ ហើយ​បាន​ប្រាប់​យ៉ូសែប​អំពី​កំណត់ត្រា​មួយ ដែល​បាន​សរសេរ​នៅ​លើ​ផ្ទាំង​មាស​ដែល​បាន​កប់​នៅ​ក្បែរ​នោះ ( សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្ដិ ១:៣៣–៣៤ ) ។ នៅ​ទី​បំផុត យ៉ូសែប​បាន​បកប្រែ​កំណត់ត្រា​នោះ​ទៅ​ជា​អ្វី​មួយ​ដែល​ក្លាយ​ជា​ព្រះគម្ពីរ​មរមន ដែល​ឈរ​ទន្ទឹម​នឹង​ព្រះគម្ពីរ​ប៊ីប ជា​សាក្សី​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ពេញ​ទាំង​ព្រះគម្ពីរ​មរមន មនុស្ស​ដែល​បាន​រស់នៅ​រាប់​រយ​ឆ្នាំ​មុន​ព្រះគ្រីស្ទ បានដឹង​និង​បាន​ប្រាប់​ជាមុន​អំពី​ការយាង​មក​របស់​ទ្រង់ ហើយ​បាន​ទន្ទឹងរង់ចាំ​ការយាង​មក​នោះ ។ យើង​ក៏​បាន​អាន​ផងដែរ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​ផ្តល់​ការបម្រើ​ដល់​ពួកសាសន៍​នីហ្វៃ ។ ទ្រង់​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ឯ​ទ្រង់ ។ ទ្រង់​បាន​ព្យាបាល​អ្នកឈឺ ខ្វិន ខ្វាក់ និង​អស់​អ្នក​ដែល​រងទុក្ខ ។ បន្ទាប់​មក ទ្រង់​បាន​ប្រទាន​ពរ​ដល់​កូនក្មេង​តូចៗ ហើយ​បាន​អធិស្ឋាន​ឲ្យ​ពួកគេ ( សូមមើល នីហ្វៃទី៣ ១១:១៤–១៥; នីហ្វៃទី៣ ១៧:៧–៩; នីហ្វៃទី៣ ១៧:២១ ) ។

ព្រះគម្ពីរ​មរមន​បង្រៀន​យើង​ជាច្រើន​អំពី​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​របស់​ព្រះអង្គ​សង្គ្រោះ ។ វា​ពិត​ជា​ថ្លែង​ទីបន្ទាល់​ថា « ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ » ។ វា​មាន​នូវ​ភាពស្រស់ស្អាត​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​ផ្តល់​នូវ​រូបភាព​ច្បាស់លាស់​អំពី​របៀប​ដែល​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ស្រឡាញ់​យើង​លើស​ពី​អ្វី​ដែល​យើង​អាច​ស្រមៃ​បាន ។

យ៉ូសែប ស៊្មីធ បើក​បង្ហាញ​ផ្ទាំង​មាស

ផ្ទាំង​មាស ដោយ រ៉ូប៊ឺត ថេអូដូ បារ៉ែត

ពរជ័យ​នៃ​បព្វជិតភាព និង​សាសនាចក្រ

សារទូត​មកពី​ស្ថានសួគ៌​ផ្សេងៗ​ទៀត​បាន​មក​រក យ៉ូសែប ស្ម៊ីធ ។ យ៉ូហាន​បាទីស្ទ​បាន​មក​ស្តារ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឡើងវិញ ។ ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​ស្ដារ​ភាព​ជា​សាវក និង​កូនសោ​នៃ​សិទ្ធិអំណាច​បព្វជិតភាព​ឡើងវិញ ។ « អ្នក​ផ្សេងទៀត​បាន​មក​ផងដែរ រួមមានទាំង​អេលីយ៉ា ដែល​បានស្ដារ​សិទ្ធិអំណាច​ដើម្បី​ចង​ក្រុមគ្រួសារ​ជាមួយគ្នា​ជា​រៀងរហូត​នៅ​ក្នុង​ទំនាក់ទំនង​អស់កល្ប​ជានិច្ច ដែល​ហួស​ពី​សេចក្ដីស្លាប់ » ។

ក្រោយ​មក​តាម​រយៈ​ព្យាការី​យ៉ូសែប ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​មួយ ដែល​មាន​លំនាំ​តាម​សាសនាចក្រ​ដែល​ទ្រង់​បាន​រៀបចំ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦ ) ។ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកសាវក និង​ព្យាការី​របស់​ទ្រង់ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ធ្វើ​ឲ្យ​ពរជ័យ​នៃ​អំណាច​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើងវិញ មាន​សម្រាប់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។

យុវវ័យ​នៅក្នុង​សាសនាចក្រ

ខ្ញុំ​នឹង​និយាយ​ថា ប្រសិន​បើ​ក្មួយៗ​មាន​អារម្មណ៍​ធ្លាក់​ចុះ ហើយ​មាន​អារម្មណ៍​ថា ក្មួយៗ​មិន​ល្អ​គ្រប់គ្រាន់ ឬ​ថា​ក្មួយៗ​មិន​មាន​ចំណែក នោះ​សូម​មាន​ក្ដីមេត្តា​ដល់​ខ្លួន​ឯង ហើយ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​របស់​យើង ស្រឡាញ់​ក្មួយៗ​ច្រើន​ជាង​អ្វី​ដែល​ក្មួយៗ​អាច​ស្រមៃ​ឃើញ ។ យើង​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​មកឯ​ព្រះគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ សាសនាចក្រ​មិន​មែន​សម្រាប់​មនុស្ស​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ វា​ប្រៀបដូច​ជា​មន្ទីរពេទ្យ​ដែល​យើង​ស្វែងរក​ការព្យាបាល ។ នៅ​ព្រះវិហារ យើង​បង្វែរ​ខ្លួន​យើង​ទៅ​ខាងក្រៅ បម្រើ​អ្នកដទៃ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ចែកចាយ​ដំណឹងល្អ ។ យើង​អាច « បាន​នឹកចាំ ហើយ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( មរ៉ូណៃ ៦:៤ ) ។ យើង​អាច​រកឃើញ​សេចក្ដី​សុខសាន្ត និង​ការព្យាបាល ។ នេះ​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់ !

ជា​ហេតុផល​មួយ​សម្រាប់​អំណរ​ដ៏​អស្ចារ្យ

ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​ក្មួយៗ ហើយ​មាន​ព្រះរាជ​បំណង​ប្រាថ្នា—ច្រើនជាង​អ្វីៗ​ទាំងអស់—គឺ​នាំ​ក្មួយៗ​ទៅ​ផ្ទះ ហើយ​មាន​ជីវិត​ដូច​ជា​ទ្រង់​ទាំងទ្វេ​មាន​ជា​រៀង​រហូត ។ ការស្តារ​ឡើងវិញ​បាន​បង្ហាញ​ថា ទ្រង់​ទាំងទ្វេ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ការណ៍​នេះ​ក្លាយជា​លទ្ធភាព​ដ៏​រុងរឿង​សម្រាប់​ក្មួយៗ ។ ពេល​ខ្លះ ក្មួយៗ​អាច​ជួប​ការសាកល្បង និង​ការលំបាក ប៉ុន្តែ​ក្មួយៗ​មាន​ជីវិត « ដើម្បី​ឲ្យ [ ក្មួយៗ ] អាច​មាន​សេចក្ដី​អំណរ » ( នីហ្វៃទី២ ២:២៥ ) ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ទៀត ។ ព្យាការី​យ៉ូសែប​បាន​ដឹង​រឿង​នេះ​ច្បាស់​ជាង​មនុស្ស​ភាគ​ច្រើន ។ ក្មួយៗ​នឹង​រក​ឃើញ​ថា ក្មួយៗ​អាច​មាន​អំណរ​ពេល​ក្មួយៗ​ប្រែចិត្ត​ជា​ប្រចាំ ហើយ​បែរ​ទៅ​រក​ព្រះវរបិតា​របស់​ក្មួយៗ​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​ក្មួយៗ ។

យ៉ូសែប​បាន​ប្រឈម​មុខ​នឹង​ការប្រឆាំង និង​ការធ្វើ​ទុក្ខ​បុកម្នេញ​ជា​ញឹកញាប់ ប៉ុន្តែ​លោក​បាន​រក្សា « ចរិយា​រួសរាយ » របស់​លោក ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨ ) ។ លោក​នៅតែ​មាន​អំណរ រឹងមាំ និង​អត់ធន់ ហើយ​លោក​បាន​សម្រេច​កិច្ចការ​ដែល​លោក​ត្រូវបាន​ប្រទាន​ឲ្យ​ធ្វើ ។ ដូចគ្នា​ដែរ​ចំពោះ​អស់​អ្នក​ដែល​បាន​ស្នង​តំណែង​ពី​លោក ។

វា​មាន​ការលំបាក​នៅសម័យដើម​ដំបូង​នៃ​សាសនាចក្រ ហើយ​វា​អាច​មាន​ការលំបាក​នៅ​សព្វថ្ងៃ​នេះ​ដែរ ប៉ុន្តែ​ការស្តារ​ឡើងវិញ​បាន​បន្ត​នៅ​ពេលនោះ ហើយ​កំពុង​បន្ត​នៅ​សព្វ​ថ្ងៃ​នេះ ។ ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ព្យាការី​ដែល​រស់​នៅ​បន្ត​ដឹកនាំ​យើង ។ ដំណាក់​នៃ​ព្រះអម្ចាស់​នឹង​បន្ត​សាងសង់ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​លាត​សន្ធឹង​ទូទាំង​ពិភពលោក នៅ​ពេល​យើង​ធ្វើ​តាម​ការត្រាស់​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​របស់​ទ្រង់ ហើយ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ សេចក្តីពិត​នៃ​ការស្ដារ​ឡើងវិញ​នឹង​ឆ្ពោះ​ទៅ​មុខ​តាម​ផ្លូវ និង​កន្លែង​ដែល​ស្ទើរតែ​មិន​នឹកស្មាន​ដល់​ក្នុង​ជំនាន់​របស់​យ៉ូសែប ។ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពិភពលោក​នេះ​មាន​ក្តី​សប្បុរស​ជាងមុន និង​មិន​សូវ​បែកបាក់​គ្នា ។

ពេល​ក្មួយៗ​សិក្សា​ដំណឹងល្អ​ជា​ទៀងទាត់ អធិស្ឋាន​ជា​ញឹកញាប់ ហើយ​បម្រើ​អ្នកដទៃ នោះ​សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នឹង​ប៉ះពាល់​ដួងចិត្ត​របស់​ក្មួយៗ ហើយ​ផ្លាស់ប្ដូរ​ជីវិត​របស់​ក្មួយៗ ។ វា​ប្រហែល​ជា​មិន​កើត​ឡើង​ភ្លាមៗ​ទេ ប៉ុន្តែ​វា​នឹង​នាំ​អំណរ​ដល់​ក្មួយៗ—ដូច​ដែល​វា​បាន​នាំ​អំណរ​ដល់​ព្យាការី​យ៉ូសែប​ផងដែរ ។

សូម​ឲ្យ​ដំណឹងល្អ​នៃ​សេចក្ដី​ស្រឡាញ់ និង​អំណរ​នៃ​ការស្តារ​ឡើងវិញ​នាំមក​នូវ​ពរជ័យ និង​ដឹកនាំ​ជីវិត​របស់​ក្មួយៗ—ឥឡូវនេះ និង​ជានិច្ច ។