បាវចនាយុវវ័យ ឆ្នាំ២០២៥
មើលទៅព្រះគ្រីស្ទ
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦
បាវចនាយុវវ័យ ឆ្នាំ២០២៥ នឹងជួយក្មួយៗឲ្យជ្រើសរើសការទុកចិត្តជាជាងការសង្ស័យ និងសេចក្ដីជំនឿជាជាងការភ័យខ្លាច ។
ខៃលី អាយុដប់ប្រាំពីរឆ្នាំ បាននៅក្នុងក្រុមលើកទឹកចិត្តកីឡារហូតដល់ពេលមានគ្រោះថ្នាក់ដែលបណ្តាលឲ្យមានរបួសខួរក្បាលដ៏គួរឲ្យតក់ស្លុត ។ ដំណើរជាសះស្បើយរបស់នាងបានរារាំងនាងមិនឲ្យទៅរៀននៅសាលា ហើយនាងបានចាប់ផ្ដើមមានអារម្មណ៍ដាច់ឆ្ងាយ និងឯកោ ។ នាងមានការលំបាកខាងផ្លូវចិត្ត ហើយមិនដឹងថាត្រូវស្វែងរកជំនួយនៅកន្លែងណាទេ ។ មិត្តម្នាក់បានផ្ដល់យោបល់ឲ្យនាងស្តាប់ពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានបង្រៀននាងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការរៀនបន្ថែមអំពីព្រះគ្រីស្ទបានផ្ដល់សេចក្ដីសង្ឃឹមដល់នាង ហើយនាងបានមានអារម្មណ៍ថា ព្រះទ្រង់ផ្ទាល់បានឈោងជួយនាង ។
ខៃលីបានប្រាប់ម្តាយនាងថា « ខ្ញុំមិនដែលមានអារម្មណ៍ថាព្រះស្រឡាញ់ខ្ញុំទេ ។ តែពេលនេះខ្ញុំដឹងថា ទ្រង់ស្រឡាញ់ខ្ញុំ » ។
ម្តាយនាង មីឆែល មានការភ្ញាក់ផ្អើលបន្តិច ។ នាង និងស្វាមីរបស់នាង ប្រូក បានចាកចេញពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅពេលដែល ខៃលី មានអាយុប្រាំពីរឆ្នាំ ដោយសារតែមានសំណួរ ការសង្ស័យ និងកង្វល់ផ្សេងៗ ។ ពួកគេបានសន្មតថា កូនស្រីរបស់ពួកគេនឹងមានភាពសប្បាយរីករាយជាងមុនបើគ្មានការប្រជុំ និងបទបញ្ញត្តិទាំងអស់នោះ ។ ពួកគេមិនដែលគិតថា ជម្រើសរបស់ពួកគេនឹងរារាំង ខៃលី ពីទំនាក់ទំនងជិតស្និទ្ធជាមួយព្រះឡើយ ។ នៅគ្រាដែល មីឆែល និង ប្រូក បានមើលពីរបៀបដែល ខៃលី បានផ្លាស់ប្ដូរ នោះពួកគេបានដឹងថា អស់រយៈពេលជាយូរមកហើយដែលពួកគេមិនបានមានអារម្មណ៍ជិតស្និទ្ធនឹងព្រះ ហើយពួកគេចង់មានអារម្មណ៍បែបនេះម្តងទៀត ។
ពួកគេបានជួបជាមួយប៊ីស្សពរបស់ពួកគេ ហើយមិនយូរប៉ុន្មាន គ្រួសារទាំងមូលរួមទាំង ប្រេដិន ជាប្អូនប្រុសរបស់ ខៃលី បានត្រឡប់ទៅព្រះវិហារវិញ ។ ការមានអារម្មណ៍ជិតស្និទ្ធនឹងព្រះ ហើយភ្ជាប់ទំនាក់ទំនងជាមួយទ្រង់ឡើងវិញ—ជាពិសេសតាមរយៈការអធិស្ឋាន—បានស្ដារសេចក្ដីជំនឿរបស់ពួកគេឡើងវិញ ។ ការវិលត្រឡប់ទៅព្រះវិហារវិញមិនបានដោះស្រាយរាល់សំណួរ ឬកង្វល់របស់ពួកគេទេ ប៉ុន្តែពួកគេបានដឹងថា ការមានទំនាក់ទំនងផ្ទាល់ខ្លួនដែលកាន់តែរឹងមាំជាមួយព្រះ គឺសំខាន់ជាងការមិនជឿរបស់ពួកគេ ។
ទាំងអស់នេះបានចាប់ផ្ដើមនៅពេលដែលមិត្ដម្នាក់—ជាក្មេងជំទង់ដូចក្មួយៗ—បានអញ្ជើញ ខៃលី ឲ្យមើលទៅព្រះគ្រីស្ទ ។ ហើយគាត់បានធ្វើមែន !
ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ) ។ នេះជាការបំផុសគំនិតនៅពីក្រោយបាវចនាយុវវ័យ ឆ្នាំ២០២៥ ។ សូមអនុញ្ញាតឲ្យយើងចែកចាយពីរបៀបដែលក្មួយៗអាចជ្រើសរើសការទុកចិត្តជាជាងការសង្ស័យ និងសេចក្ដីជំនឿជាជាងការភ័យខ្លាច នៅពេលក្មួយៗមើលទៅព្រះគ្រីស្ទ ៖
ពីឆ្វេងទៅស្តាំ ៖ ស៊ីស្ទើរ រូនៀ ប្រធាន ហ្វ្រីមែន ស៊ីស្ទើរ ស្ពែននូស
ថាម៉ារ៉ា ដបុលយូ រូនៀ
ពេលខ្ញុំកំពុងពិបាក ការស្រមៃពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងព្រះហស្ដទ្រង់លាតលាមក តែងតែជួយខ្ញុំ ។ នៅពេលដែលខ្ញុំមើលមកឯទ្រង់ ខ្ញុំចងចាំពាក្យក្នុងបទចម្រៀងថា « I Will Walk with Jesus » ៖« He will never leave me, even when I fall » ។
អេមីលី បេលី ហ្វ្រីមែន
ពេលខ្ញុំអានបទគម្ពីរបាវចនានេះ វារំឭកខ្ញុំពីពេត្រុសនៅលើសមុទ្រកាលីឡេ ។ ការផ្តោតទៅលើព្យុះបានបង្កើនការភ័យខ្លាច និងការសង្ស័យរបស់គាត់ ដែលធ្វើឲ្យគាត់លិចទៅក្នុងរលកដែលបោកបក់ដោយខ្យល់ព្យុះ ។ ប៉ុន្តែការផ្តោតទៅលើព្រះអង្គសង្គ្រោះបានធ្វើឲ្យលោកសម្រេចបាននូវអ្វីដែលលោកមិនធ្លាប់ធ្វើពីមុនមក ៖ លោកបានដើរលើទឹក ! ពិតជាអស្ចារ្យមែន ។ តើក្មួយៗអាចសម្រេចបានអ្វីខ្លះ ពេលក្មួយៗមើលមកឯទ្រង់ ?
អាន់ឌ្រា មូញ៉ូស ស្ពែននូស
នៅពេលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច មិនថាខ្ញុំនៅទីណា ឬនៅក្នុងស្ថានភាពអ្វីក៏ដោយ ខ្ញុំគិតដោយចេតនាអំពីទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំនិយាយម្តងហើយម្ដងទៀតនៅក្នុងគំនិតរបស់ខ្ញុំជាច្រើនដង ៖ ខ្ញុំជាបុត្រីរបស់ព្រះ ។ ខ្ញុំបន្តធ្វើបែបនេះរហូតដល់ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អ ។ វាតែងតែបានផល !
ពីឆ្វេងទៅស្តាំ ៖ បងប្រុស វីលឃុស ប្រធាន ឡាន់ បងប្រុស ណិលសុន
ប្រាតលី អ័រ វីលឃុស
សូមសួរខ្លួនឯងថា តើនរណាដែលខ្វល់ខ្វាយ និងស្រឡាញ់ក្មួយៗបំផុត ។ តើជាឪពុកម្ដាយ និងថ្នាក់ដឹកនាំសាសនាចក្ររបស់ក្មួយៗឬ ? តើជាមនុស្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលក្មួយៗអាចគ្រាន់តែជាតួលេខសម្រាប់ពួកគេឬ ? ចូរមើលមកឯព្រះវរបិតាសួគ៌ និងព្រះគ្រីស្ទ ។ ទ្រង់ទាំងទ្វេពិតជាខ្វល់ខ្វាយមែន !
ស្ទីវីន ជេ ឡាន់
សូមចងចាំថា វារំឭកក្មួយៗពីអ្វី ពេលដែលក្មួយៗសូត្របាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន និងបាវចនាយុវនារី ៖ ក្មួយៗគឺជាបុត្រី ឬបុត្រាសំណព្វរបស់ព្រះ ។ សូមមានសេចក្ដីជំនឿថា ព្រះវរបិតារបស់យើងមានផែនការសម្រាប់ក្មួយៗ ។ ការមើលមកឯព្រះគ្រីស្ទមានន័យថា ការមើលឃើញថា ដង្វាយធួនរបស់ទ្រង់គឺនៅចំស្នូលកណ្តាលនៃផែនការនោះ ។
ម៉ៃឃល ធី ណិលសុន
ការអានព្រះគម្ពីរគឺជាការមើលមកឯព្រះគ្រីស្ទ ! ការសង្ស័យ និងការភ័យខ្លាចជាធម្មតារសាយបាត់ទៅ ពេលដែលយើងរំឭកពីអព្ភូតហេតុ និងការបង្រៀនរបស់ព្រះយេស៊ូវ ។ យើងមានសំណាងណាស់ដែលអាចទទួលព្រះបន្ទូលរបស់ទ្រង់ ។ ព្រះបន្ទូលរបស់ទ្រង់អនុវត្តគ្រប់ស្ថានភាពដែលយើងជួបប្រទះក្នុងជីវិតរបស់យើង ។