សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ការធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត​គឺជា​គោលដៅ​របស់​យើង


15:7

ការធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត​គឺជា​គោលដៅ​របស់​យើង

ឥទ្ធិពល​នៃ​ការបង្រៀន​ដំណឹងល្អ​ដ៏​ល្អ

ការប្រជុំ​ធម្មនិដ្ឋាន​សន្និសីទ​សម្រាប់​អ្នកអប់រំ​ខាង​សាសនា ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៥

ខ្ញុំ​មកពី​រដ្ឋ​ថេនណេស៊ី ជា​រដ្ឋ​ដែល​មាន​អ្នក​កាន់​គ្រិស្ដ​សាសនា​ច្រើន ។ ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ជា​សមាជិក​របស់​អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​អត្ដពលិក​គ្រីស្ទាន ។ បងប្អូន​មើល​មក​ខ្ញុំ​ឥឡូវ​នេះ បងប្អូន​មិន​នឹក​ស្មាន​ដល់​ទេ ប៉ុន្តែ​កាល​ពី​ពេល​នោះ ខ្ញុំ​ជា​អត្តពលិក​ម្នាក់​ដែល​មាន​រូបរាង​សមសួន និង​ស្រស់​សង្ហា ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ម្តាយ​ខ្ញុំ​បាន​ផ្ញើ​រូបថត​ខ្ញុំ កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ទៅ​ឲ្យ​ភរិយា​ខ្ញុំ​ នៅពេល​ក្បាល​ខ្ញុំ​មាន​សក់​ពេញ​ក្បាល និង​មាន​សាច់ដុំ​ជាង​នេះ ។ ភ្ជាប់​មក​ជាមួយ​រូបភាព​នោះ​មាន​សារ​លួងចិត្ត​ពី​ម្ដាយ​ខ្ញុំ​ដល់​ភរិយា​ខ្ញុំ ដែល​ថា « នេះ​ជា​អ្វី​ដែល​កូន​ត្រូវ​ទន្ទឹង​រង់ចាំ​នៅ​ថ្ងៃ​នៃ​ការរស់ឡើងវិញ » ។

មែនហើយ ក្រុម​អត្ដពលិក​គ្រីស្ទាន​ធ្លាប់​ជា និង​ជា​អង្គការ​មួយ​ដែល​មាន​បេសកកម្ម​ដ៏​អស្ចារ្យ ។ អង្គការ​នោះ​គឺជា​សហគមន៍​នៃ​ពួក​អត្តពលិក​មកពី​និកាយ​ផ្សេងៗ​គ្នា ដែល​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ។ នៅ​ចុង​ឆ្នាំ​ថ្នាក់​អនុវិទ្យាល័យ​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ថ្នាក់​វិទ្យាល័យ​របស់​ខ្ញុំ​សម្រាប់​ឆ្នាំ​ក្រោយ ជា​ឆ្នាំ​ថ្នាក់​ខ្ពស់​របស់​ខ្ញុំ ។

ឈ្មោះ​របស់​ខ្ញុំ រួម​ជាមួយនឹង​អ្វី​ដែល​ទាក់ទង​ពី​ព្រះវិហារ​របស់​ខ្ញុំ ត្រូវ​បាន​ដាក់​បញ្ជូន​ទៅកាន់​ទីស្នាក់ការ​កណ្តាល​របស់​រដ្ឋ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ថ្មី ។ មួយ​សន្ទុះ​ក្រោយ​មក សារ​មួយ​ផ្ញើ​ត្រឡប់​មក​កាន់​អ្នក​ឧបត្ថម្ភ​សាលា​របស់​យើង​វិញ​ថា តម្រូវ​ឲ្យ​ដាក់ស្នើ​ឈ្មោះ​ថ្មី​មួយ​ទៀត ។ អ្នក​ឧបត្ថម្ភ​របស់​យើង​បាន​ប្រាប់​ខ្ញុំ​ថា គេ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​អាច​ធ្វើ​ជា​ប្រធាន​បាន​ទេ ពីព្រោះ​ពួកគេ​មិន​ទទួល​ស្គាល់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះ​ឡើយ ។ សេចក្តីជំនឿ​របស់ខ្ញុំ​មិន​ដែល​បាន​ទទួល​ការសាកល្បង​យ៉ាង​ដូច្នោះ​ទេ ។

ប្រធាន​ថ្មី​ត្រូវ​បាន​ជ្រើសរើស ប៉ុន្តែ​ពីរ​បី​ខែ​ក្រោយមក ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ពួក​អ្នក​តំណាង​មួយ​ចំនួន​មកពី​សាសនាចក្រ​បាន​និយាយ​ជាមួយ​ក្រុម​ពួក​អត្ដពលិក​គ្រីស្ទាន ហើយ​បញ្ហា​នោះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ។ ខ្ញុំ​បាន​បន្ត​សកម្ម​ក្នុង​ក្រុម​នោះ​ដោយសារ​តែ​មាន​មនុស្ស​ល្អៗ​ដែល​ជា​សមាជិក​នៅក្នុង​ក្រុម​នោះ ។

មែនហើយ នៅ​ចុង​បញ្ចប់​ឆ្នាំ​សិក្សា​នីមួយៗ ថ្នាក់​វិទ្យាល័យ​នីមួយៗ​មាន​ការបោះ​ឆ្នោត​ជ្រើសរើស​សម្រាប់​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ ។ ហើយ​នៅ​ចុង​បញ្ចប់​នៃ​ឆ្នាំ​ចុងក្រោយ​របស់​ខ្ញុំ មិត្តភក្តិ​របស់​ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ « ជា​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ពួក​អត្ដពលិក​គ្រីស្ទាន » ។ ឥឡូវនេះ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា នោះ​ជា​ពេល​ដែល​បាន​ទទួល​យុត្តិធម៌​ត្រឡប់​មក​វិញ ។ នៅ​ពីមុន​ឆ្នាំ​មុនៗ​នោះ គេ​មិន​បាន​ទទួល​ស្គាល់​ខ្ញុំ​ថា​ជា​ពួក​គ្រីស្ទាន​នោះ​ទេ ហើយ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទទួល​ពានរង្វាន់​របស់​ពួកគេ ។

ឈ្មោះ​របស់​ខ្ញុំ រួម​ជាមួយនឹង​អ្វី​ដែល​ទាក់ទង​ពី​ខ្ញុំ ត្រូវ​បាន​ដាក់​ជូន​ទៅ​ទីស្នាក់ការ​កណ្តាល​របស់​រដ្ឋ​ដើម្បី​ធ្វើ​ជា​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​វិទ្យាល័យ​របស់​ខ្ញុំ ។ ប៉ុន្តែ​ជា​ថ្មី​ម្ដងទៀត សារ​មួយ​បានបញ្ជូន​ត្រឡប់​មក​កាន់​អ្នក​ឧបត្ថម្ភ​សាលា​របស់​យើង​ថា តម្រូវ​ឲ្យ​ដាក់ស្នើ​ឈ្មោះ​ថ្មី​មួយ​ទៀត ។ ជាក់ស្តែង បញ្ហា​នោះ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ ។

អ្នក​ឧបត្ថម្ភ​របស់​យើង​ដែល​ជា​គ្រូបង្វឹក​បាល់ទាត់ និង​ចំបាប់​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សុំ​ឲ្យ​នរណា​ម្នាក់​មកពី​ការិយាល័យ​រដ្ឋ​របស់​ពួកគេ​មក​ជួប​ជាមួយ​ខ្ញុំ​នៅ​វិទ្យាល័យ​របស់​យើង​ដើម្បី​ពន្យល់​ពី​ការសម្រេច​ចិត្ត​ដែល​គាត់​មិន​គាំទ្រ ។

បុរស​ដ៏​ល្អ​ម្នាក់​ដែល​មាន​ចិត្ត​ល្អ​បាន​មក​ជួប​ខ្ញុំ ។ យើង​បាន​ជួប​គ្នា​នៅក្នុង​ថ្នាក់​រៀន​របស់​គ្រូបង្វឹក​ខ្ញុំ​អំឡុងពេល​ម៉ោង​ទំនេរ​របស់​គាត់ ។ បុរស​រូប​នោះ​បាន​ពន្យល់​ថា គាត់​ចង់​ឲ្យ​ខ្ញុំ​យល់​ពី​មូលហេតុ​ដែល​សមាជិក​សាសនាចក្រ​របស់​យើង​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពួកគ្រីស្ទាន ។

គាត់​បាន​ទាញ​យក​ក្រដាស​មួយ​សន្លឹក​ចេញពី​កាបូប​របស់​គាត់ ។ នៅ​លើ​ក្រដាស​នោះ​មាន​គោលលទ្ធិ​របស់​យើង​១០ចំណុច ដែល​គាត់​មាន​ប្រសាសន៍​ថា​មិន​ស្រប​គ្នា​ទៅនឹង​និយមន័យ​របស់​ពួកគេ​ដែល​ជា​អ្នក​កាន់​សាសនា​គ្រិស្ដ​ឡើយ ។ បងប្អូន​ច្បាស់​ជា​ដឹង​ពី​ចំណុច​ទាំង​នោះ​ហើយ ៖ ជំនឿ​របស់​យើង​ដែល​ថា ក្រុម​ព្រះ​គឺជា​តួអង្គ​ដែល​មាន​ព្រះកាយ​ជា​អង្គ​ផ្សេងៗ​គ្នា ថា​យើង​មាន​ព្រះគម្ពីរ​ផ្សេង​ទៀត​ក្រៅពី​ព្រះគម្ពីរ​ប៊ីប ជាដើម ។

គាត់​បាន​ចែកចាយ​ចំណុច​ទាំង​នោះ គាត់​មាន​ទឹកចិត្ត​ល្អ ហើយ​ខ្ញុំ​អាច​និយាយ​ថា​ជា​ទឹកចិត្ត​អ្នក​គ្រីស្ទាន ។ គាត់​គឺជា​បុរស​ល្អ គ្រាន់តែ​គាត់​មិន​ទទួល​បាន​ការណែនាំ​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ គាត់​បាន​បើក​កាបូប​របស់គាត់ ហើយ​ទុក​ក្រដាស​នោះ​មួយ​កន្លែង ហើយ​បានសួរ​ដោយ​ស្មោះត្រង់ បើ​ខ្ញុំ​មាន​សំណួរ​អ្វី​ចង់​សួរ​ឬ​ទេ ។

ហើយ​ខ្ញុំ​បាន​ឆ្លើយ​ថា « បាទ​ខ្ញុំ​មាន ! ខ្ញុំ​បាន​និយាយថា « នៅក្នុង​កាបូប​របស់​លោក​នោះ​គឺជា​ព្រះគម្ពីរ​ប៊ីប​ឬ ? »

ហើយ​គាត់​បានឆ្លើយ​ថា « បាទ » ។

ខ្ញុំ​បាន​បន្ត​ថា « តើ​យើង​អាច​មើល​បទគម្ពីរ​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នេះ​បាន​ទេ ? »

ឥឡូវ​នេះ ខ្ញុំ​គួរ​ប្រាប់​បងប្អូន​ថា ខ្ញុំ​មាន​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​ដ៏​ល្អ​ម្នាក់ ។ ហើយ​យើង​ពិតជា​ពូកែ​ក្នុងការ​ការស្វែងរក​បទគម្ពីរ​ណាស់ ។ នៅ​សម័យ​នោះ យើង​រៀន​ខគម្ពីរ​ចំនួន​សែសិប​នៃ​វគ្គ​ចំណេះចំណាន​ខាង​បទគម្ពីរ​ជា​រៀងរាល់ឆ្នាំ ។ រៀងរាល់​ថ្ងៃសុក្រ យើង​ញុំា​នំ​ដូណាត់ ហើយ​យើង​ស្វែងរក​បទគម្ពីរ ។ ខ្ញុំ​មាន​ចិត្ត​ចង់​ឈ្នះ​ជាង​អ្វី​ដែល​ខ្ញុំ​គួរ​មាន ។ ខ្ញុំ​មិន​ត្រឹមតែ​គូសចំណាំ​ខគម្ពីរ​ចំណេះចំណាន​ខាង​បទគម្ពីរ​នោះ​ជា​ពណ៌ក្រហម​ប៉ុណ្ណោះ​ទេ ខ្ញុំ​ក៏​បានរៀន​ផងដែរ ខ្ញុំ​ខ្មាស​ក្នុង​ការនិយាយ​ថា បើសិន​ខ្ញុំ​ធ្វើ​ឲ្យ​ក្រដាស​នោះ​ខ្ញិកខ្ញុក​នៅលើ​ទំព័រ​នៃ​ខគម្ពីរ​ចំណេះចំណាន​ខាង​បទគម្ពីរ នោះ​ខ្ញុំ​ងាយ​រកឃើញ​ខគម្ពីរ​នោះ​ណាស់ ។ ហើយ​បន្ទាប់មក​មុន​ការប្រកួត​ស្វែងរក​បទគម្ពីរ​ប្រចាំ​ស្តេក​របស់​យើង ខ្ញុំ​នឹង​ដាក់​ម្សៅ​លាប​កូន​ក្មេង​នៅ​លើ​សន្លឹក​ទំព័រ​នោះ ។ ប្រសិនបើ​ខ្ញុំ​បើក​ទៅ​ជិត​បទគម្ពីរ​របស់​ខ្ញុំ ហើយ​គ្រាន់តែ​ផ្ទាត់​ម្រាមដៃ​របស់ខ្ញុំ នោះ​ព្រះគម្ពីរ​របស់​ខ្ញុំ​នឹង​បើក​ទៅកាន់​ខគម្ពីរ​នៃ​ចំណេះចំណាន​ខាងបទគម្ពីរ​មួយ​ហើយ ។

មែនហើយ គាត់​មាន​ចិត្ត​ល្អ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ព្រះគម្ពីរ​របស់​គាត់ ដែល​មិន​មាន​អ្វី​ដាក់​ចំណាំ​សម្រាប់​ការស្វែងរក​បទគម្ពីរ​នោះ​ទេ ។ យើង​បាន​បើក​ទៅ ម៉ាថាយ ៣កិច្ចការ ៧របាក្សត្រ ទី១ ២៩ និង​គម្ពីរ​ផ្សេងៗ​ទៀត ។ ដោយ​ក្តីគោរព គាត់​បានស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ ការសម្រេច​ចិត្ត​នោះ​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​ទេ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ផ្លាស់ប្តូរ ។

ម្យ៉ាង​វិញ​ទៀត ខណៈ​ដែល​កំពុង​មើល​បទគម្ពីរ​ទាំងនោះ ខ្ញុំ​ទទួល​អារម្មណ៍​ពី​សេចក្តីពិត​ដែល​មាន​នៅក្នុង​បទគម្ពីរ​នោះ​កាន់តែ​ខ្លាំង ជាង​អ្វី​ដែល​ខ្ញុំ​មាន​ពី​មុន ។ ពេលខ្លះ​ទទួល​បាន​សាក្សី​បន្ទាប់​ពី​មាន​ការសាកល្បង ។ ទីបន្ទាល់​របស់​ខ្ញុំ ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ មិន​បាន​មក​ដោយសារ​តែ​បទពិសោធន៏​នោះ​ទេ ។ ព្រឹត្តិការណ៍​តែ​ម្តង​កម្រ​នាំ​មក​នូវ​សេចក្តី​ជំនឿ​ដែល​យូរ​អង្វែង​ណាស់ ។ ប៉ុន្តែ នោះ​គឺជា​បទពិសោធន៏​មួយ​ក្នុង​ចំណោម​បទពិសោធ​ន៏ជាច្រើន ដែល​បានផ្តល់​សាក្សី​ដែល​រីកចម្រើន​បន្តិចម្តងៗ ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​នៅពេល​ព្រឹកព្រលឹម​របស់​ខ្ញុំ ដែល​បាន​ជួយ​ខ្ញុំ​ស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ ។ ដូច​ដែល​ពួកគាត់​ចង់​ឲ្យ​វួដ​របស់​យើង​ឈ្នះ​ការប្រកួត​ស្វែងរក​បទគម្ពីរ​ដែរ នោះ​ពួកគាត់​រឹតតែ​ខ្វាយខ្វល់​អំពី​ការជួយ​យើង​ធ្វើជា​សិស្ស​របស់​ព្រះគ្រីស្ទ​ពេញ​មួយ​ជីវិត ។ ពួកគាត់​បាន​ធ្វើ​ឲ្យ​វា​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ថា នៅក្នុង​ពេល​ដ៏​ស្ងប់ស្ងាត់​របស់​បងប្អូន​នៃ​ការនឹកគិត​អំពី​ការបង្រៀន​របស់​បងប្អូន នោះ​បងប្អូន​នឹង​មើលឃើញ​នូវ​ឥទ្ធិពល​ដ៏​មាន​អត្ថន័យ​នៅលើ​ជីវិត​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។

ជំនាន់​ដែល​កំពុង​ពេញវ័យ​នេះ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ នៅក្នុង​សន្និសីទ​នា​ពេល​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ជំនាន់​កំពុង​ពេញវ័យ​កំពុង​តែ ឆ្លើយតប នឹង​ការហៅឲ្យ​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​អង់អាច » ។ នៅ​ឱកាស​ផ្សេង​ទៀត លោក​បានប្រាប់​ពួកគេ​ថា « ក្មួយៗ​មាន​សមត្ថភាព​ដើម្បី​កាន់តែ​ឆ្លាត និង​កាន់តែ​ឈ្លាសវៃ ហើយ​មាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាង​ជំនាន់​មុនៗ » ។ ដើម្បី​ឈាន​ដល់​សមត្ថភាព​នោះ អ្វី​ដែល​ពួកគេ​ត្រូវការ​ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត​នោះ គឺជា​គ្រូ​បង្រៀន​ដំណឹងល្អ​ដ៏​ល្អ ។

ពួកគេ​ពេញ​ដោយ​សេចក្តីជំនឿ ប៉ុន្តែ « សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ » ។​ « ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ ? » ពួកគេ​យល់ដឹង​ពី​ដំណឹងល្អ​លើស​ពី​ជំនាន់​ផ្សេងៗ​ទៀត​ដែល​នៅ​ពីមុន​ពួកគេ ប៉ុន្តែ​តើ​ពួកគេ​អាច « …មើល​យល់​ឬ​ទេ … លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន [ គ្រូបង្រៀន ] ដឹកនាំ [ ពួកគេ ] នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ [ ពួកគេ ] យល់​បាន » ?​

ប៉ុល​បាន​សរសេរ​ទៅកាន់ពួក​កូរិនថូស​ថា ៖ « ព្រះ​ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង​គឺ​ពួក​សាវក ទីពីរ ពួក​គ្រូ​អធិប្បាយ ទីបី ពួក​គ្រូ​បង្រៀន រួច​មក​មាន​ការឫទ្ធិបារមី » ។ ដូច្នេះ បងប្អូន​រកឃើញ​ខ្លួន​ឯង​នៅក្នុង​ចំណោម​ពួក​សាវក និង​ព្យាការី និង​អព្ភូតហេតុ​ដោយ​មាន​តួនាទី​សំខាន់​ក្នុង​ភាពអស្ចារ្យ​នៃ​ពេល​នេះ និង​ការពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។​

ការធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត​គឺជា​គោលដៅ

នៅក្នុង​សារលិខិត​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន កាល​ពី​យប់​មិញ លោក​បាន​ទាំង​ចាប់ផ្តើម និង​ទាំង​បញ្ចប់​សុន្ទរកថា​របស់​លោក ដោយ​ការពិនិត្យមើល​ឡើងវិញ​នូវ​គោលបំណង​នៃ​ការអប់រំ​ខាង​សាសនា​នៅក្នុង​សាសនាចក្រ ។ ខ្ញុំ​បាន​ចាប់អារម្មណ៍​នឹង​ពាក្យ​ដដែលៗ​របស់​លោក និង​ការបញ្ជាក់​អំពី​ការជួយ​សិស្ស​ឲ្យ​ធ្វើជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ពេញមួយ​ជីវិត ។ លោក​ហាក់​ដូចជា​ចង់​រំឭក​យើង​ពី​អ្វី​ដែល​យើង​សង្ឃឹម​ថា​នឹង​សម្រេច​បាន​ក្នុង​ការបង្រៀន​របស់​យើង ។

ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​បន្ទាប់ពី​លោក​ត្រូវ​បានហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​កាល​នោះ​ជា-អែលឌើរ រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​នៅ​អគារ​នេះ​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នា​ថ្ងៃ​អាទិត្យ ។ សារលិខិត​របស់​លោក​មាន​ការបំផុសគំនិត និង​ពោរពេញ​ដោយ​ការយល់ដឹង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​គូសបញ្ជាក់​នោះ​គឺជា​ចំណងជើង​នៃ​សុន្ទរកថា​របស់​លោក ។ លោក​បាន​ណែនាំ​វា​តាម​របៀប​នេះ​ថា ៖ « ខ្ញុំ​បាន​ទទួល​សិទ្ធិ​ថ្លែង​សុន្ទរកថា​របស់​ខ្ញុំ​ថា ‹ ចាប់ផ្តើម​អ្វីមួយ​ដោយ​មើលឃើញ​ពី​ការបញ្ចប់​របស់​វា › ។ បន្ទាប់​មក​លោក​បាន​ពន្យល់​ថា ៖ « ខ្ញុំ​គិត​ថា រឿង​នេះ​មួយ​ចំនួន​មក​ពី​ប្រវត្តិ​នៃ​ការវះកាត់​របស់​ខ្ញុំ ។ ការវះកាត់​មិន​មែន​ធ្វើ​ឡើង​ដោយ​គ្មាន​គម្រោង​ដេរ​ភ្ជិត​មុខរបួស​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា គោលការណ៍​ដូចគ្នា​នេះ ជាទូទៅ​អាច​អនុវត្ត​បាន​នៅក្នុង​គ្រប់វិស័យ​ទាំងអស់ ។ កីឡាករ​រត់ប្រណាំង​មិនមែន​ចាប់ផ្ដើម​រត់ប្រណាំង​ដោយ​មិន​ដឹង​ពី​ចំណុច​ទីបញ្ចប់​នោះ​ទេ » ។

ការរក្សា​ទីបញ្ចប់​ក្នុង​គំនិត—ការដឹង​ថា​ទីបញ្ចប់​ស្ថិតនៅ​កន្លែង​ណា ហើយ​ការយល់ដឹង​ពី​គោលដៅ​ចុងក្រោយ—គឺ​តែងតែ​មាន​សារៈសំខាន់ ប៉ុន្តែ​វា​សំខាន់​ជា​ពិសេស​ក្នុង​ការបង្រៀន​ដំណឹងល្អ ។ នៅពេល​យើង​ផ្ដោតលើ​គោលបំណង​ដ៏​ទេវភាព​នោះ យើង​ទំនង​ជា​កាន់តែ​សម្រេច​បាន ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « គោលដៅ​នៃ​ការ​បង្រៀន​ដំណឹងល្អ​… គឺ​មិនមែន​ដើម្បី ‹ ចាក់​ព័ត៌មាន › ចូល​ទៅក្នុង​ចិត្ត​នៃ​សមាជិក​ថ្នាក់​នោះ​ទេ ។ … គោលដៅ​គឺ​ដើម្បី​បំផុស​គំនិត​បុគ្គល​ឲ្យ​គិត​អំពី​អារម្មណ៍​នឹក​ដល់ ហើយ​បន្ទាប់​មក​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃដំណឹង​ល្អ » ។១០

ដូច​ដែល ក្បួនខ្នាត​ទូទៅ ចែងមក ៖ « យើង​បង្រៀន​ដំណឹងល្អ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ខិតខំ​ជួយ​មនុស្ស​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​នៅ​ទីបំផុត​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » ។១១

បងប្អូន​បាន​ធ្វើ​ការណ៍​នេះ​យ៉ាង​អស្ចារ្យ​រួច​ទៅ​ហើយ ។ យើង​មើលឃើញ​ឥទ្ធិពល​របស់​បងប្អូន​នៅលើ​ជីវិត​នៃ​ជំនាន់​កំពុង​ពេញវ័យ​នេះ ។ ជំនាន់​កំពុងពេញវ័យ​ជាច្រើន​កំពុង​ចូលរៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ពួកគេ​ជាច្រើន​កំពុង​ចេញ​ទៅ​បម្រើ​បេសកកម្ម ពួកគេ​ជាច្រើន​កំពុង​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពួកគេ​ជាច្រើន​កំពុង​តែ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។

ការអញ្ជើញ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​សាមញ្ញ​សម្រាប់​បងប្អូន ៖ សូម​បន្ត​មាន​គោលបំណង​អំពី​ការបង្រៀន​ដោយមាន​ការធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត​ជា​គោលដៅ ។ មើល​អ្វី​គ្រប់​យ៉ាង​ដែល​បងប្អូន​ធ្វើ​តាមរយៈ​ទស្សនៈ​នោះ ។ សូមពិនិត្យមើល​ជា​ប្រចាំ​នូវ​អ្វី​ដែល​បងប្អូន​បង្រៀន របៀប​ដែល​បងប្អូន​បង្រៀន និង​សូម្បីតែ​អ្វី​ដែល​បងប្អូន​ដាក់​ឲ្យធ្វើ​តេស្ត​ក្តី ។ មិន​ត្រឹមតែ​ពិនិត្យមើល​អ្វី​ដែល​បងប្អូន​កំពុង​ជួយ​ពួកគេ​ឲ្យ​ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពិនិត្យ​មើល​អ្វី​ដែល​បងប្អូន​កំពុង​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ និង​ប្រែក្លាយ​ផងដែរ ។ បង្រៀន​ដោយ​មាន​គោលបំណង​ចង់​ជួយ​ពួកគេ​ឲ្យ « កើត​ជា​ថ្មី »១២ នៅក្នុង​ព្រះគ្រីស្ទ ។

សំណួរ​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា ៖ តើ​អ្វី​ដែល​ខ្ញុំ​បង្រៀន និង​របៀប​ដែល​ខ្ញុំ​បង្រៀន​ជះឥទ្ធិពល​ដល់​របៀប​ដែល​សិស្ស​របស់​ខ្ញុំ​នឹង​គិត​ចំពោះ​សំណួរ​ដែល​បាន​សួរ ក្នុង​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ? តើ​ការបង្រៀន​របស់​ខ្ញុំ​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះ​វរបិតាសួគ៌ ព្រះ​យេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ? តើ​វា​ពង្រឹង​ទីបន្ទាល់​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​ពួកព្យាការី និង​ពួកសាវក​ដែល​នៅរស់​ដែរ​ឬ​ទេ ? តើ​វា​ពង្រឹង​ការតាំងចិត្ត​របស់​សិស្ស​ក្នុង​ការគោរព​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ប្រែចិត្ត​ជា​រៀងរាល់ថ្ងៃ​ដែរ​ឬ​ទេ ?

អញ្ជើញ​ឲ្យមាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍

ប្រសិនបើ​គោលដៅ​របស់​យើង​គឺជា​ការធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត នោះ​យើង​ត្រូវតែ​ដូច​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​គឺ « ពិចារណា​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​បានបង្រៀន » ។ របៀប​ដែល​យើង​បង្រៀន​គឺ​សំខាន់​ខ្លាំងណាស់ ។

បងប្អូន​នឹង​នឹកឃើញ​ដល់​ការបង្រៀន​របស់​ប្រធាន ប៊យ ឃេ. ផាកកឺ អំពី « របៀប​នៃ​ការបង្រៀន » នៅក្នុង​សន្និសីទ​ហ្សូន នៅពេល​លោក​ធ្វើ​ជា​ប្រធាន​បេសកកម្ម ។ ស៊ីស្ទើរ ផាកកឺ បាន​ដុតនំ​មួយ​មាន​បី​ជាន់ តុបតែង​យ៉ាង​ស្រស់​ស្អាត​ដោយ​មាន​ស្រទាប់​នំ​កក​ចម្រុះ​ពណ៌ ។ គាត់​ឆ្លាក់​នៅ​ខាងលើ​ថា ៖ « ដំណឹងល្អ » ។

នៅពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ជួបជុំ​គ្នា នំ​ខេក​ក៏​យក​ចូល​មក​ដោយ​មាន​នូវ​ពិធី​ខ្លះៗ ។ ប្រធាន ផាកកឺ បានលើក​ឡើង​ថា នំ​នោះ​តំណាង​ឲ្យ​ដំណឹង​ល្អ ។ បន្ទាប់​មក​លោក​សួរ​ថា « តើ​នរណា​ខ្លះ​ចង់​ហូប​នំ​នេះ​ទេ ? »

មែនហើយ វា​មិន​ពិបាក​ទេ​ក្នុង​ការរក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ចង់​ហូប​នំខេក​នោះ ។ អ្នកស្ម័គ្រចិត្ត​ដែល​មិន​ដឹង​ជាមុន​ត្រូវ​បានហៅ​ឡើង​មក​ខាងមុខ ។ បន្ទាប់មក ប្រធាន ផាកកឺ បាន​យក​ដៃ​របស់​លោក ហើយ​លូក​ចូល​ទៅ​ក្នុង​កំពូល​នំ ហើយ​ចាប់​យក​មួយ​ដុំ​ធំ​ចេញ​មក ។ លោក​បាន​ក្តាប់​មួយ​កណ្តាប់​ដៃ​របស់​លោក​ដើម្បី​ឲ្យ​នំ​ដែល​កក​ចេញ​មក​តាម​ម្រាម​ដៃ​របស់​លោក ។ បន្ទាប់មក លោក​បាន​គប់​នំ​មួយ​ដុំ​ទៅ​លើ​អែលឌើរ​ម្នាក់ ខ្ទាតប្រឡាក់​អាវ​គាត់​ខាង​មុខ ។

បន្ទាប់ពី​ឈប់​បន្តិច​ដើម្បី​ទទួល​ការឆ្លើយតប​មកវិញ លោក​បាន​ងាក​ទៅ​រក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ហើយ​សួរ​ថា​តើ​មាន​នរណា​​ខ្លះ​ចង់​បាន​នំ​ទៀត​ដែរ​ឬ​ទេ ? លោក​មាន​ប្រសាសន៍​ថា « មើល​ទៅ​ដូចជា​គ្មាន​នរណា​ចង់​បាន​ទេ » ។

បន្ទាប់​មក លោក​បាន​យក​ចាន​ពណ៌​ថ្លា សម​ពណ៌​ប្រាក់ ក្រណាត់​ជូត​មាត់ និង​កាំបិត​ពណ៌​ប្រាក់​សម្រាប់​កាត់​នំ ។ លោក​ងាក​ទៅ​យក​នំ​ខេក ។ បន្ទាប់មក​ដោយ​មាន​សេចក្ដី​ថ្លៃថ្នូរ​ក្រៃលែង លោក​បាន​កាត់​នំ​មួយ​ចំណិត​ដោយ​ប្រុងប្រយ័ត្ន​ពី​ជ្រុង​ម្ខាងទៀត ដាក់​លើ​ចាន​ពណ៌​ថ្លា​នោះ​ដោយ​ថ្នមៗ ហើយ​បាន​សួរ​ថា « តើ​មាន​នរណា​ចង់​ហូប​នំ​នេះ​ទេ ? »

ប្រធាន ផាកកឺ បាន​ពន្យល់​ ៖ « មេរៀន​គឺ​អនុវត្ត​ជាក់ស្តែង ។ វា​ជា​នំ​តែ​មួយ​ក្នុង​ករណី​ទាំង​ពីរ រស់​ជាតិ​ដូច​គ្នា មាន​សារធាតុ​ចិញ្ចឹម​បីបាច់​ដូច​គ្នា ។ លក្ខណៈ​នៃ​ការ​ចែកចាយ​ទាំង​នេះ អាច​ជា​ការ​អញ្ជើញ ដោយ​រាក់ទាក់ ឬ​មិន​អញ្ជើញ និង​សូម្បី​គួរ​ឲ្យ​ស្អប់​ផង​ដែរ » ។ លោក​បាន​រំឭក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ថា នំ​តំណាង​ឲ្យ​ដំណឹង​ល្អ ហើយ​បាន​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​កំពុង​បម្រើ​ដំណឹងល្អ​នេះ ។១៣

របៀប​ដែល​យើង​បម្រើ​ដំណឹងល្អ អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​ការចាក់​ព័ត៌មាន​ចូល​ទៅ​ក្នុង​គំនិត​សិស្ស​របស់​យើង និង​ការបំផុស​គំនិត​ពួកគេ​ឲ្យ​ធ្វើជា​អ្នក​រៀនសូត្រ​ដោយ​ឧស្សាហ៍ ដែល​ផ្លាស់ប្តូរ​ដួង​ចិត្ត ទស្សនៈ សកម្មភាព និង​និស្ស័យ​របស់​ពួកគេ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។ ១៤

ដើម្បី​បង្រៀន​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន យើង​ស្រឡាញ់​អ្នក​ដែល​យើង​បង្រៀន យើង​បង្រៀន​ដោយ​ព្រះវិញ្ញាណ ហើយ​យើង​បង្រៀន​ពី​គោលលទ្ធិ ។១៥ ទាំងនោះ​គឺជា​អ្វី​ដែល​យើង​ធ្វើ​ក្នុងនាម​ជា​គ្រូបង្រៀន ។

ប៉ុន្តែ​ចុះ​ចំណែក​សិស្ស​វិញ ? តើ​តួនាទី​របស់​ពួកគេ​គឺជា​អ្វី ? តួនាទី​របស់​ពួកគេ​គឺ​ត្រូវ​រៀន​ដោយ​ឧស្សាហ៍​ព្យាយាម ទទួលខុសត្រូវ​ចំពោះ​ការសិក្សា​របស់​ពួកគេ ប្រព្រឹត្តិ​តាម និង​អនុវត្ត​តាម​គោលការណ៍​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។

អែលឌើរ គ្រីស្តូហ្វឺសិន បាន​សុំ​យើង​កាល​ពី​យប់​មិញ​ដើម្បី​អញ្ជើញ​ឲ្យមាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍ ។ លោក​បានបង្រៀន​យើង​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ទ្រង់​បានបង្រៀន​តាម​របៀប​ដែល​តម្រូវ​ឲ្យ [ ពួក​សិស្ស​របស់​ទ្រង់ ] គិត ចូលរួម ពិភាក្សា និង​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ » ។ សូម​ឲ្យ​យើង​ធ្វើ​ដូច​គ្នា ។

សេចក្ដី​បញ្ចប់

សរុប​សេចក្តីមក សូម​អរគុណ​ចំពោះ​អ្វី​ដែល​បងប្អូន​បានធ្វើ​សម្រាប់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន និង​សម្រាប់​អ្វី​ដែល​បងប្អូន​ធ្វើ​សម្រាប់​នគរ​នៃ​ព្រះ​នេះ ។ គោលដៅ​នៃ​ការបង្រៀន​របស់​យើង គឺ​ដើម្បី​អភិវឌ្ឍ​ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ សូម​ឲ្យ​បងប្អូន​ទទួល​បាន​ការ​ណែនាំ​នៅ​ពេល​បងប្អូន « បម្រើ​ដំណឹងល្អ » ហើយ​ធ្វើ​ដូច្នេះ​តាម​របៀប​មួយ​ដែល​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍ ។

ខ្ញុំ​សូម​ចែកចាយ​សាក្សី​របស់​ខ្ញុំ​អំពី​គ្រូបង្រៀន​ដ៏​ចំណាន ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ជា​ជំនួយ « ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​សេចក្តី​ជំនឿ​របស់​យើង »​១៦ និង​ជា​សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក ។១៧

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល អេធើរ ១២:៧ ។

  2. រ័សុល អិម ណិលសុន « ទំនុកចិត្ត​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ » លីអាហូណា ខែមេសា ឆ្នាំ២០២៥ ទំព័រ ១២៧ ។

  3. រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វេនឌី ដ័បុលយូ ណិលសុន « Hope of Israel » ( ការប្រជុំធម្មនិដ្ឋាន​ទូទាំងពិភពលោក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៨ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  4. រ៉ូម ១០:១៧

  5. រ៉ូម ១០:១៤

  6. កិច្ចការ ៨:៣០–៣១

  7. សូមមើល កូរិនថូស ទី១ ១២:២៨

  8. សូមមើល រ័សុល អិម ណិលសុន « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ។

  9. សូម​មើល រ័សុល អិម ណិលសុន « Begin with the End in Mind »​( ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ១៩៨៤ ) នៅលើ​គេហទំព័រ speeches.byu.edu ។

  10. ថូម៉ាស អេស ម៉នសុន នៅក្នុង Conference Report ខែតុលា ឆ្នាំ១៩៧០ ទំព័រ ១០៧ អក្ស​ទ្រេត​លើ​អត្ថបទ​ដើម ។

  11. ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ១៧ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  12. កូរិនថូស ទី២ ៥:១៧

  13. ប៊យដ៍ ឃេ ផាកកឺ Teach Ye Diligently កំណែ​ដែល​បាន​បោះពុម្ព ( Deseret Book ឆ្នាំ១៩៩១ ) ទំព័រ ២៧០–២៧១ ។

  14. សូមមើល « ការប្រែចិត្តជឿ​គឺជា​គោលដៅ​របស់​យើង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥ » ។

  15. សូមមើល « បង្រៀន​ដោយ​ព្រះវិញ្ញាណ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ២០២២ )

  16. ហេព្រើរ ១២:២ ។

  17. ហេព្រើរ៩:១១ ។