សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត


34:34

ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត

ការប្រជុំ​ធម្មនិដ្ឋាន​សន្និសីទ​អ្នកអប់រំ​ខាង​សាសនា ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៥

សេចក្តីផ្តើម ៖ ការសង្កត់ធ្ងន់​របស់​សាសនាចក្រ​ទៅលើ​ការអភិវឌ្ឍន៍​ភាពជា​សិស្ស​ពេញ​មួយ​ជីវិត

ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​វត្តមាន​ជាមួយ​នឹង​បងប្អូន ។ ខ្ញុំ​ចង់​អរគុណ​ដល់​ប្អូនប្រុស ហ្គេយី ( ស្ទ្រាធើន ) សម្រាប់​ការអធិស្ឋាន​ដ៏​ទន់ភ្លន់ ប្អូនស្រី អេលែន អាម៉ាតានជើឡូ ដែល​តែងតែ​លេង​ព្យាណូ​យ៉ាង​ពិរោះ និង​ប្អូនប្រុស ខេវីន អូវីវ៉ាត ដែល​ជួយ​ដឹកនាំ​ក្រុម​ចម្រៀង និង​តន្ត្រី​យ៉ាង​អស្ចារ្យ ។ យើង​សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ចំពោះ​ការចូលរួម​របស់​បងប្អូន ។

ខ្ញុំ​បាន​ឮ​ថា​មាន​អ្នក​បកប្រែ​ដែល​នឹង​បកប្រែ​ជា​ភាសា​ផ្សេងៗ ដូច្នេះ​ខ្ញុំ​មិន​អាច​ទប់ចិត្ត​មិន​ប្រាប់​ពី​រឿង​អស់សំណើច​មួយ ដែល​អ្នក​អាច​មិន​រាប់បញ្ចូល​ក្នុង​ការចាក់​ផ្សាយ​ឡើងវិញ​នេះ ពីព្រោះ​វា​ពិបាក​ដើម្បី​បកប្រែ ។ ជាច្រើន​ឆ្នាំ​មុន ខ្ញុំ​បាន​នៅឯ​ព្រះវិហារ​បរិសុទ្ធ អារីហ្សូណា ហើយ​មាន​សន្និសីទ​ស្តេក​ដែល​បាន​ធ្វើឡើង​នៅ​ទីនោះ ខ្ញុំ​គិតថា​មាន​អ្នក​បកប្រែ​ដែល​ពាក់​កាស​នៅក្នុង​បន្ទប់​ផ្សេងទៀត ដែល​កំពុង​បកប្រែ​សម្រាប់​សន្និសីទ​នោះ​ជា​ភាសា​អេស្ប៉ាញ ។ ហើយ​គាត់​បាន​ទុក​សារ​ខ្លី​មួយ​នៅលើ​វេទិកា​ឲ្យ​ខ្ញុំ ។ ដូច្នេះ​នៅពេល​ខ្ញុំ​បាន​ក្រោកឈរ​ឡើង នោះ​ខ្ញុំ​បាន​ឃើញ​វា​ដែល​សរសេរថា « សូម​និយាយ​យឺតៗ ពីព្រោះ​យើង​កំពុង​បកប្រែ​ជូន​លោក » ។ [ សំំំំណើច] ប៉ុន្តែ​នោះ​ទៅ​មិនរួច​ឡើយ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ផ្ទៀង​ស្តាប់​ខ្ញុំ​នា​យប់​នេះ ។

ខ្ញុំ​សូម​ចាប់ផ្តើម​ដោយ​បង្ហាញ​ពី​ការថ្លែង​អំណរគុណ​របស់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់—ជា​ពិសេស​សាសនាចក្រ​ទាំងមូល—សម្រាប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ​ជាមួយ​សិស្ស​របស់យើង​នៅ​ទូទាំង​ពិភពលោក ។ បងប្អូន​ជា​ក្រុម​ជួរមុខ​ក្នុង​ការដាក់ និង​ការ​ការពារ​គ្រឺះ​របស់​សាសនាចក្រ​នេះ​សម្រាប់​ពេល​អនាគត ដែលជា​នគរ​របស់​ព្រះ​នៅលើ​ផែនដី ។ សូម​អរគុណ​ចំពោះ​ការបម្រើ​របស់​បងប្អូន ។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​កំពុង​ធ្វើឲ្យ​មាន​ភាពខុសគ្នា​គួរឲ្យ​កត់សម្គាល់​សម្រាប់​សេចក្តីល្អ ។

ភាពជា​អ្នកដឹកនាំ​នៃ​សាសនាចក្រ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ ​ការអភិវឌ្ឍ​ភាពជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។ ហើយ​យើង​សង្កត់ធ្ងន់​ទៅលើ​រឿងនេះ នៅក្នុង​របៀប​ដែល​យើង​បំពាក់បំប៉ន​ថ្នាក់ដឹកនាំ​បេសកកម្ម និង​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​នៃ​យុវជន និង​យុវនារី​របស់​យើង​នៅ​ទូទាំង​សាសនាចក្រ ។ យើង​សង្កត់ធ្ងន់​រឿងនេះ​នៅក្នុង​បាវចនា​ដែល​យើង​ស្នើសុំ​ឲ្យ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ រួមទាំង​អ្នក​កាន់​តំណែង​ទូទៅ​ផងដែរ​ ឲ្យ​និយាយនៅពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ ។

ជា​ការពិត​ណាស់ ការអភិវឌ្ឍភាពជាសិស្ស​របស់​ព្រះអង្គ​សង្រ្គោះ​ពេញ​មួយ​ជីវិត​ជា​ស្នូល​ដ៏​សំខាន់​សម្រាប់​យើង​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ផងដែរ ។ នៅក្នុង​ធនធាន ស៊ី.អ៊ី.អេស. « ការពង្រឹង​ការអប់រំ​ខាងសាសនា » នោះ​យើង​ត្រូវបាន​បង្រៀន​ថា ៖

« គោលបំណង​នៃ​ការអប់រំ​ខាងសាសនា គឺ​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ​ចេញពី​ព្រះគម្ពីរ និង​ព្យាការី​សម័យ​ទំនើប​ក្នុង​វិធី​មួយ​ដែល​ជួយ​សិស្ស​របស់​យើង ៖

  1. អភិវឌ្ឍ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង ‹ ផែនការ​ដ៏អស្ចារ្យ › របស់ទ្រង់ ។…

  2. ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ដែល​ធ្វើ និង​រក្សា​សេចក្តីសញ្ញា … [ និង ]

  3. ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្វែងរក​ចម្លើយ ដោះស្រាយ​ចម្ងល់ ឆ្លើយតប​ដោយ​សេចក្តី​ជំនឿ និង​ផ្តល់​ហេតុផល​សម្រាប់​សេចក្តី​សង្ឃឹម​ដល់​ពួកគេ​ក្នុង​បញ្ហា​ប្រឈមមុខ​ណាមួយ​ដែល​ពួកគេ​អាច​ជួបប្រទះ » ។

ដូចគ្នា​នេះដែរ គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ចែងថា ៖ « គោលបំណង​របស់​យើង​គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មាន​ការផ្លាស់ប្រែ​ចិត្ត​ជឿ​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន រៀបចំ​ក្រុមគ្រួសារ និង​អ្នក​ដទៃទៀត​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ។

ភាព​ជា​សិស្ស​ពេញ​មួយ​ជីវិត​គឺជា​ទិដ្ឋភាព​ដ៏​ចាំបាច់​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​បង្ហាញ​ពី​របៀប​ដែល​យើង​មក​កាន់​ព្រះគ្រីស្ទ និង​ទទួល​អំណោយ​នៃ​ព្រះគុណ​ដ៏​ធួន​របស់ទ្រង់ ។ យើង​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​មាន​សេចក្តី​ជំនឿ​លើ​ទ្រង់ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​មាន​ឥទិ្ធពល​ពេញលេញ និង​ផ្លាស់ប្តូរ​នៅក្នុង​យើង វា​ទាមទារ​ឲ្យ​យើង​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា—ជា​ផ្លូវ​នៃ​ភាពជា​សិស្ស—រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​រមែងស្លាប់​របស់យើង ។ នៅក្នុង​ពាក្យសម្តី​របស់​នីហ្វៃ « ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ពី​ព្រះ​វរបិតា ដោយ​មាន​ព្រះ​បន្ទូល​ថា ៖ មែន​ហើយ ពាក្យ​ទាំង​ឡាយ​នៃ​បុត្រា​ស្ងួនភ្ងា​របស់​យើង គឺ​ពិត ហើយ​ស្មោះត្រង់ ។ « អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​ត្រូវ​បាន​សង្គ្រោះ » ។ ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដោយ​ពាក្យ​នេះ ខ្ញុំ​ដឹង​ថា អ្នក​នោះ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ លើកលែងតែ​អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដោយ​ធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ អ្នក​នោះ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន « សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ស្ម័គ្រចិត្ត​ក្រោក​ឈរ​ឡើង​បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​ខាង​លោកិយ » ។ ពួកគេ​ពុំ​ខ្លាច មាន​ការលះបង់ និង​ភាពក្លាហាន » ។ តើ​ការធ្វើ​ជាសិស្ស​ប្រភេទ​នេះ​សម្រេច​បាន​ដោយ​របៀបណា ? តើ​វា​មាន​ន័យ​យ៉ាងណា​សម្រាប់​យើង​ក្នុង​នាមជា​អ្នក​អប់រំ​ខាង​សាសនា ? ហើយ​តើ​យើង​អាច​បង្រៀន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​របៀប​ដែល​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់យើង ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ដោយ​របៀបណា ?

យប់នេះ ខ្ញុំ​នឹង​ចាប់ផ្តើម​ដោយ​ពិចារណា​ពីរបៀប​ដែល​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ផ្ទាល់ខ្លួន​ធ្វើឲ្យ​ការប្រែចិត្តជឿ​កាន់តែ​ស៊ីជម្រៅ និង​នាំ​ទៅរក​ភាព​ជាសិស្ស​ពេញ​មួយ​ជីវិត ។ បន្ទាប់មក ខ្ញុំ​នឹង​អញ្ជើញ​យើងរាល់គ្នា​ឲ្យ​ពិចារណា​ពីរបៀប​ដែល​គំនិត​ទាំងនេះ​គួរតែ​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​បង្រៀន​ក្នុងនាម​ជា​អ្នក​អប់រំ​ខាង​សាសនា ដោយ​ផ្តោតលើ​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​បង្រៀន​សិស្ស​របស់​ទ្រង់ ។ ហើយ​ក្រោយមក​ទៀត ខ្ញុំ​នឹង​បញ្ចប់​ជាមួយនឹង​មតិយោបល់​អំពីរបៀប​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​សិស្ស ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ក៏នឹង​ជួយ​ពួកគេ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រធាន ណិលសុន ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

តួនាទី​របស់​សិទ្ធិ​ជ្រើសរើស​ក្នុង​ការធ្វើ​សិស្ស

ដំបូង គឺ​តួនាទី​របស់​សិទ្ធិ​ជ្រើសរើស​ក្នុង​ការធ្វើ​សិស្ស អំណោយ​មួយ​ក្នុង​ចំណោម​អំណោយ​ដ៏សំខាន់​បំផុត​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​បុត្រាបុត្រី​របស់ទ្រង់ គឺ​សិទ្ធិ​ជ្រើសរើស​ខាងសីលធម៌ ។ អំណាច និង​ឯកសិទ្ធិ​នេះ—និង​ការទទួល​ខុសត្រូវ—ដើម្បី​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួនយើង គឺ​ចាំបាច់​ដើម្បី​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​របស់យើង​ក្នុង​នាមជា​បុត្រាបុត្រី​របស់ព្រះ ។ វា​គឺជា​ចំណុច​សំខាន់​ចំពោះ​ការរីកចម្រើន​របស់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ ។ ដូច​អ្នក​ដឹង​ហើយ ផែនការ​របស់​ព្រះ​គឺ​មិន​ធ្វើ​អ្វី​គ្រប់​យ៉ាង​សម្រាប់​យើង​ទេ ប៉ុន្តែ​ដើម្បី​ផ្តល់​នូវ​រចនាសម្ព័ន្ធ​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​ជ្រើសរើស​របស់​យើង​ផ្ទាល់​ដើម្បី​រីកចម្រើន​រៀងៗខ្លួន ។ សិទ្ធិ​ជ្រើសរើស​គឺជា​គន្លឹះ​សម្រាប់​ការរីកចម្រើន​របស់​យើង​ក្នុងនាម​ជា​វិញ្ញាណ​ក្នុង​អតីតកាល ហើយ​ជាគន្លឹះ​នៃ​សក្តានុពល​ដែល​យើង​អាច​ក្លាយជា នៅ​ក្រោម​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​នាពេល​ឥឡូវនេះ និង​អស់កល្បអស់កាល​ជានិច្ច ។

មារសត្រូវ​ដឹង​ពី​រឿង​នេះ ហើយ​ព្យាយាម​បង្ខូច​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ នៅ​ក្នុង​គម្ពីរ​ម៉ូសេ យើង​អាន ៖

« ហេតុ​ដូច្នោះ​ហើយ មក​ពី​សាតាំង​បាន​បះបោរ​ទាស់​នឹង​យើង ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ដែល​យើង​ជា​ព្រះ​អម្ចាស់​… បាន​ប្រទាន​ដល់​មនុស្ស ហើយ​ក៏​មក​ពី​វា​បាន​ចង់​ឲ្យ​យើង​ប្រទាន​ដល់​វា​នូវ​ព្រះ​ចេស្ដា​របស់​យើង​ផ្ទាល់ គឺ​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ ។

« ហើយ​វា​ក្លាយ​ទៅ​ជា​សាតាំង មែន​ហើយ គឺជា​អារក្ស ជា​បិតា​នៃ​អស់​ទាំង​ការ​កុហក ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​ដើម្បី​ដឹក​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ តាម​ចិត្ត​របស់​វា គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​សំឡេង​របស់​យើង​នោះ​ហើយ » ។

សង្គ្រាម​នៅ​ស្ថានសួគ៌​អាច​ត្រូវបាន​មើលឃើញ​ថា​ជា​ផ្នែក​ដ៏ធំ ជា​ការប្រយុទ្ធ​ដើម្បី​រក្សា​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ។ ហើយ​ការប្រយុទ្ធ​នោះ​នៅតែ​បន្ត​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ​ផងដែរ ។ សាតាំង​វាយប្រហារ​លើ​សិទ្ធិ​ជ្រើសរើស​យ៉ាងហោច​ណាស់​ពីរមុខ ។ ម៉្យាងវិញទៀត វា​បំផុស​គំនិត​គោលលទ្ធិ​នយោបាយ និង​ចលនា​ដែល​កាត់​បន្ថយ​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន ឬ​ដែល​ប្រើ​ការបង្ខិតបង្ខំ​ដើម្បី​លុបបំបាត់​ឱកាស​សម្រាប់​ការជ្រើសរើស ។ ឧទាហរណ៍ ព្រះអម្ចាស់​មាន​បន្ទូល​ថា ហេតុផល​ចម្បង​ដែល​ទ្រង់​បាន​បណ្តាល​ឲ្យ​រដ្ឋ​ធម្មនុញ្ញ​នៃ​សហរដ្ឋ​អាមេរិក​ត្រូវបាន​បង្កើត​ឡើង និង​បាន​រក្សាទុក​គឺ « សម្រាប់​សិទ្ធិ​នានា និង​សេចក្ដី​ការពារ​ដល់​គ្រប់​សាច់​ឈាម​ទាំង​អស់ … ថា​មនុស្ស​គ្រប់​រូប​អាច​ប្រព្រឹត្ត​នូវ​គោល​លទ្ធិ និង​គោលការណ៍ … ដែល​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដែល​យើង​បាន​ប្រទាន​ដល់​គេ ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​ទទួល​ការ​ខុសត្រូវ​ចំពោះ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ » ។ បន្ទាប់មក ទ្រង់​បាន​លើក​ឡើង​នូវ​ឧទាហរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​នៃ​ការបំពាន​សិទ្ធិ​ជ្រើសរើស ដោយ​ប្រកាស​ថា « ហេតុ​ដូច្នេះ​ហើយ គឺ​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​មួយ ត្រូវ​ជាប់​ជា​បាវ​បម្រើ​ដល់​អ្នក​ណា​មួយ​ឡើយ » ។ ផែនការ​របស់ លូស៊ីហ្វើរ តែងតែ​ជាទម្រង់​មួយ ឬ​ទម្រង់​ផ្សេងទៀត​នៃ​ការធ្វើ​ជាទាសករ ។

ការផ្តោត​អារម្មណ៍​ផ្សេងទៀត​នៃ​ការវាយ​ប្រហារ​របស់​មារត្រូវ​ប្រឆាំង​នឹង​សិទ្ធិ​ជ្រើសរើស​មាន​សារៈសំខាន់​ជាពិសេស​សម្រាប់​យើង​ជា​គ្រូបង្រៀន ។ ដូច​ដែល​បាន​កំណត់​នៅក្នុង​ព្រះគម្ពីរ​ដែល​ទើប​តែ​បាន​ដកស្រង់ សាតាំង « ជា​បិតា​នៃ​សេចក្ដី​កុហក » ធ្វើ​សកម្មភាព « ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ » ។ សិទ្ធិ​ជ្រើសរើស​ក្លាយជា​គ្មាន​ន័យ ប្រសិនបើ​យើង​មិន​ដឹងថា អ្វី​ជាការពិត និង​អ្វី​មិនមែន​ជាការពិត ដូច្នេះ​ហើយ​វា​រារាំង​យើង​ពី​ការសម្រេច​ចិត្ត​ប្រកប​ដោយ​ការយល់ដឹង និងឆ្លាតវៃ ។ ឱសថ​ប្រឆាំង​ទៅនឹង​ការបោក​បញ្ឆោត​គឺជា​សេចក្តីពិត ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រកាស « បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច » ។ ខ្ញុំ​គិត​ថា ទ្រង់​មាន​ន័យ​ថា​រួច​ផុតពី​ចំណង​នៃ​អំពើបាប និង​កំហុស​ទាំងឡាយ ប៉ុន្តែ​ក៏មាន​សេរីភាព​ក្នុង​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង​ជាមួយនឹង​ការយល់ដឹង—ដោយ​ឥតគិតថ្លៃ និង​អាច​ធ្វើការ​ជ្រើសរើស​ប្រកប​ដោយ​ប្រាជ្ញា ។ នោះ​ហើយជា​មូលហេតុ​ដែល​យើង​ចូលមក​ធ្វើជា​គ្រូបង្រៀន​នៃ​ព្រះបន្ទូល​របស់ព្រះ ។ សាតាំង​អាច​មាន​អំណាច​នៅពេល​ដែល​មនុស្ស​ម្នាក់​មិន « ស្តាប់​តាម​សំឡេង​[ ព្រះអម្ចាស់]​តែ​ប៉ុណ្ណោះ ។ ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រារបស់​ទ្រង់​ឲ្យ​ធ្វើជា « ផ្លូវ សេចក្តីពិត និង​ជា​ជីវិត » ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​ព្យាការី​ដើម្បី​បង្រៀន និង​ដឹកនាំ​យើង​ទៅរក​សេចក្តីពិត ។ ទ្រង់​បាន​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បញ្ជាក់​នូវសេចក្តីពិត ហើយ​តួនាទី​របស់​យើង​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្តាប់ឮ និង​ជ្រើសរើស​ដើម្បី​តោងជាប់​នឹង​សេចក្តីពិត​នោះ ។

ប៉ុន្តែ​សិទ្ធិ​ជ្រើសរើស​នៅក្នុង​បរិបទ​នៃ​ការអប់រំ​ខាង​សាសនា​តម្រូវ​ឲ្យ​មាន​ជំហាន​បន្ថែមទៀត​លើសពី​ការផ្តល់​នូវ​សេចក្តីពិត​នៃ​ដំណឹងល្អ​ទៅទៀត ។ វា​ចាំបាច់​ណាស់​ដែល​យើង​បង្រៀន​តាម​របៀប​ដែល​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​នៅក្នុង​ដំណើរការ​នៃ​ការរៀនសូត្រ ។ យើង​ចង់​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​អ្នកចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ដំណើរការ​នេះ និង​ទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ។ ការធ្វើ​ឲ្យ​សិទ្ធិជ្រើសរើស​របស់សិស្ស​សកម្ម​ដើម្បី​ធ្វើជា​ម្ចាស់​ផ្ទាល់ខ្លួន​លើ​ការរៀនសូត្រ មាន​ឥទ្ធិពល​សម្រាប់​ការអភិវឌ្ឍ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ដ៏យូរអង្វែង ។ ការធ្វើ​ដូច្នេះ នោះ​ពួកគេ​អាច​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​សកម្ម និង​ពេញ​មួយ​ជីវិត​ ។ ខ្ញុំ​នឹង​និយាយ​បន្ថែម​អំពី​រឿង​នេះ​នៅ​ពេលក្រោយ ប៉ុន្តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ថែម​មតិ​នៅទីនេះ​ដែល​ទាក់ទងនឹង​សេចក្តីសញ្ញា ។

ការជ្រើសរើស​សម្រាប់​ខ្លួនយើង គឺជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​ប្រធាន ណិលសុន បាន​ផ្តោត​សំខាន់​ទៅលើ​សេចក្ដីសញ្ញា ។ នៅពេល​យើង​ជ្រើសរើស​ចូល និង​រក្សា​សេចក្តីសញ្ញា នោះ​យើង​កំពុង​ធ្វើ​ការជ្រើសរើស​ផ្ទាល់ខ្លួន​ជាពិសេស​ដើម្បី​ធ្វើតាម​ព្រះអង្គសង្រ្គោះ​របស់យើង ។ ប្រធាន ណិលសុន បាន​ពន្យល់​ថា ៖

អំឡុង​ជីវិត​នេះ យើង​ត្រូវ​ជ្រើសរើស​ថា តើ​ក្រឹត្យវិន័យ​ណាមួយ​ដែល​យើង​ស្ម័គ្រ​គោរព​តាម—ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល ឬ​ទេរេសស្ទ្រាល ឬ​ទេឡេស្ទាល—ហើយ​ហេតុដូច្នោះ​ហើយ តើ​នគរ​​នៃ​សិរីរុងរឿងណាមួយ ​ដែល​យើង​នឹង​រស់នៅ​ជា​រៀងរហូត​នោះ ។ រាល់​ការជ្រើសរើស​សុចរិត​​ដែល​ក្មួយៗ​ធ្វើ​នៅទីនេះ​ នឹង​ទទួល​បាន​រង្វាន់​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ​ការជ្រើសរើស​សុចរិត​ក្នុង​ជីវិត​រមែងស្លាប់​ក៏​នឹង​ទទួល​បាន​រង្វាន់​ដ៏នៅអស់កល្ប​ជានិច្ច​ដែល​នឹក​ស្មាន​មិនដល់ផងដែរ ។ បើ​ក្មួយៗ​ជ្រើសរើស​ចុះ​សេចក្ដីសញ្ញា​នឹង​ព្រះ ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ទាំងនោះ នោះ​ក្មួយៗ​មាន​នូវ​ការសន្យា​នៃ « សិរី​ល្អ​បន្ថែម​ទៅលើ​ក្បាល [ ក្មួយៗ ] ជារៀង​ដរាប​រហូត​តទៅ » ។១០

ដូច្នេះ ការធ្វើ​ជាម្ចាស់​សម្រាប់​ការជម្រើស​ធ្វើឲ្យ​ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន​កាន់តែ​ស៊ីជម្រៅ ។ នៅពេល​យើង​មិន​ធ្វើ​ដោយ​ខ្លួនឯង នោះ​យើង​អាច​រកឃើញ​ដោយ​មិនដឹង​ខ្លួន​ថា​សេចក្ដី​ជំនឿ​របស់​យើង​ខ្វះ​នូវ​ជម្រៅ​ដែល​ត្រូវការ​ដើម្បី​យក​ឈ្នះ​លើ​សំណួរ និង​ឧបសគ្គ​ក្នុង​ជីវិត ហើយ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយជីវិត ។ នៅក្នុង​បន្ទូល​របស់​ព្រះអម្ចាស់​ផ្ទាល់ ៖

« ដ្បិត​ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត—យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​គេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ » ។១១

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

ឥឡូវនេះ តួនាទី​មូលដ្ឋាន​គ្រឹះ​ដែល​សិទ្ធិ​ជ្រើសរើស​មាន​នៅក្នុង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់យើង មាន​ឥទ្ធិពល​ចំពោះ​របៀប​ដែល​យើង​បង្រៀន​ជាអ្នក​អប់រំ​ខាង​សាសនា ។ យើង​ស្នើសុំ​ថ្នាក់ដឹកនាំ​បេសកកម្ម​ឲ្យ​ចងចាំ​រឿង​នេះ នៅពេល​ដែល​ពួកគេ​ផ្តល់​ឱកាស​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដឹកនាំ និង​ណែនាំ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ យើង​ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំ​ផ្តល់​ឱកាស​ដល់​យុវវ័យ​ដើម្បី « ទទួល​ខុសត្រូវ » នៃ​ភាពជា​អ្នកដឹកនាំ​អមជាមួយ​អ្នកណែនាំ​មជ្ឈិមវ័យ​របស់​ពួកគេ ។ ហើយ​យើង​ស្នើសុំ​បងប្អូន​ដែលជា​អ្នក​អប់រំ​ខាងសាសនា​របស់យើង ឲ្យ​បង្រៀន​តាមវិធី​ដែល​អញ្ជើញ​ឲ្យមាន​ការចូលរួម​ផ្ទាល់ខ្លួន និង​ធ្វើជា​ម្ចាស់​លើ​ការរៀន​សូត្រ ។ នៅក្នុង​ការកំណត់​នីមួយៗ ការរីកចម្រើន​ពិតប្រាកដ​កើតឡើង​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​ដែល​យុវវ័យ​ទទួល​បាន​ឱកាស​ដើម្បី​ធ្វើ​សកម្មភាព ហើយ​មិនមែន​គ្រាន់តែចាំស្តាប់​ប៉ុណ្ណោះទេ ។

ខ្ញុំ​នឹកឃើញ​ពេលវេលា​ដ៏រីករាយ​របស់ខ្ញុំ កាលធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា​ព្រឹក​ព្រលឹម ។ ខ្ញុំ​បាន​រៀន​តាមរយៈ​បទពិសោធន៍​ថា វាជា​ការហៅបម្រើ​មួយ​អស្ចារ្យ​បំផុត ។ រយៈពេល​ពីរឆ្នាំ​ ជាគ្រូបង្រៀន​ថ្នាក់សិក្ខាសាលា​បាន​កើតឡើង​ក្នុង​អំឡុងពេល​ខ្ញុំ​រៀន​ជា​និសិត្ស​សាលា​ច្បាប់ ។ ដោយ​ចង់​ឲ្យ​សិស្ស​របស់ខ្ញុំ​មាន​បទពិសោធន៍​មើលឃើញ​ថា តើ​វា​មើល​ទៅ​ដូចជា​អ្វី​ដើម្បី​មាន​ភាពក្លាហាន​ក្នុង​ការរស់នៅ​ដោយ​សេចក្តី​ជំនឿ ខ្ញុំ​បាន​អញ្ជើញ​មិត្ត​រួមថ្នាក់​របស់ខ្ញុំ​ម្នាក់ ដែល​មិនមែនជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ជាបុរស​ដែល​មាន​ជំនឿ មក​និយាយ​ទៅកាន់​សិស្ស​ក្នុងថ្នាក់​របស់ខ្ញុំ​នៅ​ព្រឹកមួយ ។ រីឆាត មិត្ត​របស់ខ្ញុំ​មាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ ដែល​តម្រូវឲ្យ​មាន​ការព្យាបាល​ជាទៀងទាត់ ជា​ការព្យាបាល​ដ៏​ឈឺចាប់​ដែល​អ្នក​អាច​ស្រមៃ​ឃើញ រួមមាន​ការយក​គ្រាប់ភ្នែក​របស់គាត់​ចេញពី​រន្ធ​ភ្នែក​សម្រាប់​ព្យាបាល​តាមបែប​វេជ្ជសាស្រ្ត ។ សាលាច្បាប់​តម្រូវ​ឲ្យ​មានការអាន​ជាច្រើន ប៉ុន្តែ​ភ្នែក​គាត់​មើល​មិន​ច្បាស់​ល្អ​នោះ​ទេ ។ ដូច្នេះ គាត់​បាន​ជួល​និស្សិត​មិនទាន់​ចប់​សញ្ញាប័ត្រ​ប៉ុន្មាន​នាក់​អាន​ឲ្យ​គាត់​ស្តាប់​នៅ​ក្រៅម៉ោង​ជារៀងរាល់ថ្ងៃ ។ ទោះបីជា​មាន​បញ្ហាធ្ងន់ធ្ងរ​ទាំងនេះ​ក្តី ក៏គាត់​មាន​ចរិត​ល្អ ហើយ​មិត្តរួម​ថ្នាក់​ចូលចិត្ត​គាត់​គ្រប់គ្នា ។ គំរូ​របស់​គាត់​បាន​បំផុស​គំនិត​ដល់​យើង​ម្នាក់ៗ​យ៉ាង​ខ្លាំង ។

រីឆាត​បាន​ប្រាប់​ដំណើររឿង​របស់​គាត់​នៅក្នុង​ថ្នាក់​សិក្ខាសាលា​របស់ខ្ញុំ រួមទាំង​ជំនឿ​របស់គាត់​លើ​ព្រះ និង​របៀប​ដែល​គាត់​មាន​អារម្មណ៍​ថា ព្រះ​បាន​ឆ្លើយ​ការអធិស្ឋាន​របស់គាត់ ។ ហើយ​សិស្សទាំងអស់​មាន​ឱកាស​ដើម្បី​មើលឃើញ និង​ស្តាប់ឮ​គាត់​យ៉ាង​ជិតដិត ហើយសួរ​សំណួរ​ទៅ​គាត់ ។ វា​បាន​ជួយ​ពួកគេឲ្យ​មើល​ឃើញ​នូវ​អំណាច​នៃ​ជីវិត​ពិត​នៃ​សេចក្តី​ជំនឿ និង​អ្វី​ដែល​អាច​មាន​ន័យ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ នៅក្នុង​ពេល​ជាមួយ​គ្នា​នោះ បទពិសោធ​ន៍នោះ​បាន​ជួយ​រីឆាត​ឲ្យ​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅកាន់​សេចក្តី​ល្អ​នៃ​សិស្ស​ថ្នាក់​សិក្ខាសាលា​ដ៏​មាន​តម្លៃ​របស់ខ្ញុំ ។​ ( រឿង​មួយ​ដែល​ធ្វើឲ្យ​គាត់​ចាប់​អារម្មណ៍ គឺ​ការជួប​ក្មេងៗ​ជំទង់​ក្នុង​ថ្នាក់​ម៉ោង ៦:០០ ព្រឹក ។ )

ឥឡូវ​សូម​ពិចារណា​ពីរបៀប​ព្រះអង្គសង្គ្រោះ​បានបង្រៀន ។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​ប្រាប់​សិស្ស​របស់​ទ្រង់​នូវអ្វី​ដែល​ពួកគេ​គួរធ្វើ​នោះទេ ទ្រង់​ក៏មិន​បាន​ធ្វើអ្វី​គ្រប់យ៉ាង​សម្រាប់​ពួកគេ​ដែរ ។ ទ្រង់​បាន​បង្រៀន​នៅក្នុង​វិធី​ដែល​តម្រូវឲ្យ​ពួកគេ​គិត ចូលរួម ពិភាក្សា និង​អនុវត្ត​ការបង្រៀន​របស់ទ្រង់ ។ ដោយសារតែ​ការណ៍នេះ នៅពេល​ព្រះអង្គសង្គ្រោះ​លែង​គង់នៅ​ជាមួយ​សិស្ស​របស់​ទ្រង់​ដោយ​ផ្ទាល់​ទៀត នោះ​ពួកគេ​បាន​ត្រៀមខ្លួន​កាន់តែ​ច្រើន​ដើម្បី​ទទួល និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។១២ នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាន ៖ « វា​ជា​រឿង​មួយ​ដែល​បំផុស​ឲ្យ​ស្ងើច​អស្ចារ្យ ដើម្បី​មើល​ព្រះអង្គសង្គ្រោះ​យាង​នៅលើ​ទឹក ។ ប៉ុន្តែ​រឿង​នោះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ពេត្រុស​ទេ ។ លោក​ចង់ [ ហើយ​ត្រូវការ ]​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ទៅកន្លែង​ណា​ដែល​ទ្រង់​បាន​យាង​ទៅ និង​មាន​បទពិសោធន៍​ដូចគ្នា​ផ្ទាល់​ខ្លួន​លោក​តែ​ម្តង » ។១៣ ជាការ​ពិតណាស់ នេះ​ក៏មាន​ន័យថា ពេត្រុស​នឹង​ធ្វើ​កំហុស ប៉ុន្តែ​ព្រះអង្គសង្រ្គោះ​បាន​ប្រទាន​ឲ្យ​ពេត្រុស—ព្រមទាំង​យើង​ទាំងអស់​គ្នា—នូវ​ឱកាស​ម្តងហើយ​ម្តងទៀតដើម្បី​ធ្វើ​សកម្មភាព និង​ត្រូវបាន​ពង្រឹង​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក រួមទាំង​ការបរាជ័យ​របស់លោក​ផងដែរ ។១៤

ដើម្បី​បង្កើត​បទពិសោធន៍​សិក្សា​ប្រភេទ​នេះ​សម្រាប់​សិស្ស​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​រកឃើញ​វិធី​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ។ សូម​ពិចារណា​តែ​វិធី​បីយ៉ាង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឲ្យ​សិស្ស​របស់​ទ្រង់​អនុវត្ត ៖ ( ១ ) ប្រើ​រឿង​ប្រៀបប្រដូច ( ២ ) សួរសំណួរដែលបំផុសគំនិត និង ( ៣ ) ការពង្រីក​ការអញ្ជើញ​ផ្ទាល់ខ្លួន ។

ប្រើ​រឿង​ប្រៀប​ប្រដូច  យោបល់​លើ​ចំណុច​នីមួយៗ ៖ ទី១ រឿង​ប្រៀប​ប្រដូច ចូរ​គិត​អំពី​ការប្រើប្រាស់​រឿង​ប្រៀបប្រដូច​របស់​ព្រះគ្រីស្ទ ។ ជាជាង​ចេញមក​ភ្លាមៗ​ជាមួយនឹង​ការពន្យល់ ឬ​សេចក្តី​ប្រកាស​ដោយ​ត្រង់ៗ ។ ជានិច្ចជាកាល ព្រះអង្គសង្គ្រោះ​ជារឿយៗបាន​អញ្ជើញ​អ្នកដើរ​តាម​របស់​ទ្រង់​ឲ្យ​ស្វែងរក​នូវ​អត្ថន័យ​ស៊ីជម្រៅ​នៃ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។ វា​ទាមទារ​ការខិតខំ​ប្រឹងប្រែង​នៅលើ​ផ្នែក​នីមួយៗ​របស់​ពួកគេ ។ ខ្ញុំ​អាច​គិត​ពី​វិធី​នៃ​ការយល់​ដឹង​របស់​ខ្ញុំ​អំពី​ការស្តាប់​បង្គាប់​ត្រូវ​បាន​ពង្រឹង​ដោយ​ការសិក្សា​រឿង​ប្រៀបប្រដូច​អំពី​អ្នក​សាប​ព្រោះ ។១៥ ខ្ញុំ​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​ការអភ័យទោស​ក្នុង​ការសិក្សា​អំពី​កូនប្រុស​ដែល​ខ្ជះខ្ជាយ ។១៦ បំណង​ប្រាថ្នា​របស់​ខ្ញុំ​ក្នុង​ការទទួល​អារម្មណ៍ និង​បង្ហាញ​សេចក្ដី​សប្បុរស​ត្រូវ​បាន​ពង្រីក​តាម​រយៈ​រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ១៧

ដូចគ្នា​នេះដែរ ខ្ញុំ​បាន​ក្លាយ​ជា​សិស្ស និង​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ប្រសើរ នៅពេល​ខ្ញុំ​បាន​នឹកគិត​ពី​ការមើល​ខុសត្រូវ ដែល​បាន​ពិភាក្សា​នៅ​ក្នុងរឿង​ប្រៀបប្រដូច​អំពី​ប្រាក់ ។១៨ រឿង​មួយ​ដែល​ខ្ញុំ​នឹកដល់ នៅពេល​ដែល​ខ្ញុំ​ពិចារណា​ពី​រឿង​ប្រៀបប្រដូច​នេះ​គឺថា អ្នកបម្រើ​ពីរនាក់​ដំបូង—មួយ​បាន​ទទួល​ប្រាំ និង​មួយ​ទៀត​បាន​ទទួល​ពីរ ហើយ​ដែល​ម្នាក់ៗ​បាន​គុណទ្វេ​ប្រាក់​របស់​ពួកគេ—បាន​ទទួល​ការសរសើរ និង​រង្វាន់​ដូចគ្នា ទោះបីជា​ចំនួន​ប្រាក់​របស់​ពួកគេ​ខុសគ្នា​ក៏ដោយ ។ ដំបូង អ្នក​ចងចាំ​បានថា​អ្នក​ទីមួយ​ដែល​មាន​ប្រាក់​ចំនួន​ប្រាំ កើន​ទ្វេដង​នោះ​សរុប​របស់​គាត់​ឡើងដល់​ដប់ និង​អ្នកទីពីរ​ដែល​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ពីរ​បាន​បង្កើត​ទៅជា​បួន ។ បុរស​ទាំងពីរ​នោះ​បាន​ទទួល​ចម្លើយ​ដូចគ្នា​ពី​ព្រះអម្ចាស់ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជាច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ។១៩ ខ្ញុំ​យក​រឿងនេះ​មក​និយាយ​ក្នុង​ន័យ​ថា យើង​ទាំងអស់​គ្នា​មិន​ចាំបាច់​ត្រូវ​សម្រេច​បាន​ក្នុង​កម្រិត​ដូចគ្នា ហើយ​ឈាន​ទៅ​មុខ​ក្នុង​តារាង​ពេលវេលា​ដូចគ្នា​ដើម្បី​ទទួល​បាន​ពរជ័យ​របស់​ព្រះអម្ចាស់ ហើយ​នៅ​ទីបំផុត​បាន​អំណោយ​នៃ​ជីវិត​អស់កល្ប​ជានិច្ច​នោះឡើយ ។ យើង​គ្រាន់តែ​ត្រូវការ​ខិតខំ​ប្រឹងប្រែង​ជាមួយនឹង​អំណោយ ហើយនិងសមត្ថភាព ព្រមទាំង​ឱកាស​ដែល​យើង​មាន​ប៉ុណ្ណោះ ។ ខ្ញុំ​ជឿថា​សូម្បីតែ​អ្នកបម្រើ​ដែលមាន​ទេពកោសល្យ​មួយ ប្រសិនបើ​គាត់​បាន​ធ្វើការ និង​បម្រើ​ដើម្បី​ទទួលបាន​ទេពកោសល្យ​ទីពីរ​ជាជាង​លាក់​វា ក៏នឹង​អាច​ទទួលបាន​រង្វាន់​ដូចគ្នា​ដែល​បាន​ផ្តល់​ទៅឲ្យ​បងប្អូន​ប្រុស​ពីរនាក់​របស់​គាត់​ផងដែរ ។ ខ្ញុំ​បង្រៀន​ថ្នាក់ដឹកនាំ និង​អ្នកដទៃ​ទៀត​ថា ប្រសិនបើ​ពួកគេ​គ្រាន់តែ​ធ្វើអ្វី​ដែល​ពួកគេ​អាច​ធ្វើបាន នោះ​ព្រះអម្ចាស់​នឹង​ពង្រីក និង​ផ្តល់​រង្វាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ពេញលេញ​របស់ទ្រង់​ក្នុង​ពេល​កំណត់​ណាមួយ ។

សួរ​សំណួរ​ដែល​បំផុស​គំនិត  សម្រាប់​ការសួរ​សំណួរ​ដែល​បំផុស​គំនិត ព្រះ​អង្គ​សង្រ្គោះ​បាន​បង្រៀន​នៅក្នុង​របៀប​ដូចគ្នា​នេះដែរ ។ ឧទាហរណ៍ នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះបន្ទូល​សួរ​ទៅ​សិស្ស​របស់​ទ្រង់​ថា «តើ​ថា​ខ្ញុំ​ជា​អ្នកណា ? » ទ្រង់​ជ្រាបដឹង​យ៉ាង​ច្បាស់​នូវ​ចម្លើយ​ជាមួយនឹង​ភាពច្បាស់លាស់ និង​ស៊ីជម្រៅ​ជាង​សិស្ស​របស់​ទ្រង់ ប៉ុន្តែ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​មាន​ឱកាស​ដើម្បី​ជញ្ជឹងគិត ហើយ​រួចមក​ឆ្លើយ​សំណួរ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។ ខ្ញុំ​ជឿ​ថា ការនិយាយ​របស់​ពេត្រុស​បាន​ធ្វើ​ឲ្យ​សាក្សី​របស់​គាត់​ផ្ទាល់​កាន់តែ​ស៊ីជម្រៅ នៅពេល​គាត់​បាន​ប្រកាសថា « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត » ។២០ បន្ទាប់ពី​ការរស់ឡើងវិញ​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​សួរ​សំណួរ​ផ្សេងគ្នា​ទៅកាន់​ពេត្រុស​បីដង​ដាច់​ដោយ​ឡែកពីគ្នា ៖ « ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី ? » គ្រប់ពេល​ពេត្រុស​បាន​ឆ្លើយ​ថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់ ។ ហើយ​នៅលើក​នេះ សំណួរ​នេះ​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​បង្រៀន​ពេត្រុស​ដោយ​ការឆ្លើយតប​រាល់ពេល​ថា « ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ » ។២១

ការធ្វើ​ការអញ្ជើញ ចុងក្រោយ ការធ្វើ​ការអញ្ជើញ មាន​ពេល​ផ្សេងទៀត​ដែល​ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​សំណួរ​ដែល​ទ្រង់​បាន​ដាក់ ប៉ុន្តែ​នៅក្នុង​វិធី​ដែល​ប្រើ​ជា​ការអញ្ជើញ​មួយ ។ ការថ្លែង​ទៅកាន់​សិស្ស​របស់​ទ្រង់​នៅ​អឌ្ឍគោល​ខាងលិច ព្រះអង្គសង្គ្រោះ​បាន​សួរថា « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? » បន្ទាប់មក ទ្រង់​បាន​ឆ្លើយតប​ដោយ​ព្រះអង្គ​ផ្ទាល់​ថា « យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ។២២ យើង​អាច​គិត​ពី​ការអញ្ជើញ​សំខាន់ៗ​ផ្សេងទៀត​មកពី​ព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ សូម​ពិចារណា​ការអញ្ជើញ​របស់​ទ្រង់​ដើម្បី « ចូរ​មក​តាម​ខ្ញុំ » ។ ហើយ​ពេល​ខ្លះ​ការអញ្ជើញ​របស់ទ្រង់​បាន​មក​ជាមួយ​ការសន្យា​ដែល​អម​ជាមួយ—ហើយ​ពួកវា​នៅ​តែបន្ត​មក​ជាមួយ​នឹង​ការសន្យា ។ ជាឧទាហរណ៍ នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអម្ចាស់​អញ្ជើញឲ្យ ៖ « ចូរចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ។២៥ នៅគ្រប់​ការអញ្ជើញ​ទាំងអស់​របស់​ព្រះអង្គសង្គ្រោះ ទ្រង់​ផ្តល់​ឱកាស​ដល់​សិស្ស​របស់​ទ្រង់ ដើម្បី​ធ្វើ គិត និង​ធ្វើជា​ម្ចាស់​នៃ​ការរៀនសូត្រ និង​ការរីកចម្រើន​របស់​ពួកគេ ។

លទ្ធផលសម្រាប់​ការអប់រំ​ខាង​សាសនា

កាលពី​ដើម​ឆ្នាំ​នេះ អែលឌើរ ក្លាក ហ្គីលប៊ឺត បាន​ធ្វើ​ការអញ្ជើញ​មួយ​ទៅដល់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់យើង ឲ្យ​ស្វែងរក​វិធី​ដោយ​ចេតនា​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ធ្វើ​សកម្មភាព និង​ទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ។ លោក​បាន​ទាញយក​ចេញពី​ផ្នែក​នេះ​ដោយ​ផ្ទាល់​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​ចំណងជើង​ថា « អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រដោយ​​ឧស្សាហ៍ » ។២៤ ខ្ញុំ​យល់​ឃើញថា វា​សំខាន់​ដែល​ចំណងជើង​នៃ​ផ្នែក​នេះ​ផ្តោតលើ ការរៀនសូត្រ ជាជាង ការបង្រៀន ។ ចំពោះ​ខ្ញុំ នេះ​គឺជា​ការរំឭកថា​គ្រូបង្រៀន​ដែលមាន​ប្រសិទ្ធភាព​អញ្ជើញ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​ក្នុង​ការរៀនសូត្រ​របស់​ពួកគេ​ផ្ទាល់ ។ នៅពេល​យើង​បង្រៀន​ក្នុង​របៀប​ដែល​គ្រាន់តែ​អញ្ជើញ​ឲ្យ​ស្តាប់ និង​មិន​អើពើ​ក្នុង​ការចូលរួម​យ៉ាងសកម្ម​នៅលើ​ផ្នែក​របស់​អ្នកសិក្សា នោះ​យើង​ប្រថុយ​ប្រថាន​ដោយ​ផ្តល់​សញ្ញា​ដល់​សិស្ស​ថា យើង​ឲ្យតម្លៃ​ការបង្រៀន​របស់យើង​ជាង​ការរៀនសូត្រ​របស់ពួកគេ ។

នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវបាន​រំឭកថា ការអញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ខិតខំ តម្រូវ​ឲ្យ​យើង​ជួយ​សិស្ស​ឲ្យ​ក្លាយជា​ភ្នាក់ងារ​នៅក្នុង​ដំណើរ​នៃ​ការរៀនសូត្រ​​របស់​ពួកគេ​ផ្ទាល់ ។ មាន​វិធី​ជាច្រើន​ដែល​ការណ៍​នេះ​អាច​កើតឡើង ប៉ុន្តែ​ខ្ញុំ​សូម​សង្កត់ធ្ងន់​យ៉ាង​ហោចណាស់​ចំនួនបី​ចេញមកពី​ធនធាន​សម្រាប់​បង្រៀន​នោះ ៖

  • ទីមួយ យើង​អាច​បង្កើត​បទពិសោធ​ការរៀនសូត្រ​ដែល​យើង « អញ្ជើញ​សិស្ស​ឲ្យ​រៀបចំខ្លួន​ដើម្បី​​រៀន » ។ ការណ៍នេះ​អាច​កើតឡើង​តាមរយៈ​កិច្ចការ​ដាក់​ឲ្យអាន​ជាមុន សិក្សា​សំណួរ និង​ការអញ្ជើញ​ផ្ទាល់ខ្លួន ។

  • ទីពីរ យើង​គួរតែ « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » ។ មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​ដូច្នេះ ហើយ​បងប្អូន​ម្នាក់ៗ​នឹង​រកឃើញ​វិធីសាស្រ្ត​ផ្ទាល់ខ្លួន​ដែល​ដំណើរការ​សម្រាប់​បងប្អូន និង​សិស្ស​របស់​បងប្អូន ។ នៅពេល​ខ្ញុំ​រៀន​នៅ​សាលាច្បាប់ ខ្ញុំ​តែងតែ​រៀន​តាមរយៈ​អ្វី​ដែល​គេហៅថា វិធីសាស្រ្ត Socratic ដែល​គ្រូបង្រៀន​បាន​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​ពីករណី​ផ្លូវច្បាប់​ដោយ​ស្នើសុំ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​មេរៀន​តាមរយៈ​សំណួរ​ដែល​បាន​បង្កើត​ឡើង​ដោយ​មាន​ការគិតគូរ​ល្អិតល្អន់ ។ យើង​ត្រូវមក​ថ្នាក់​ដោយ​រៀបចំ​ដើម្បី​បកស្រាយ​ការយល់ដឹង​ផ្ទាល់ខ្លួន​របស់យើង និង​ស្តាប់​អ្នកដទៃ ។ ខ្ញុំ​បាន​មើលឃើញ​គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន​ដែល​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​តាមរយៈ​ការពិភាក្សា​ក្នុង​ថ្នាក់​ដែល​មាន​រចនាសម្ព័ន្ធ​ល្អ ។ ការណ៍នេះ​តម្រូវ​ឲ្យ​គ្រូបង្រៀន​ដែល​បាន​រៀបចំ​យ៉ាងល្អ ដែលមាន​ការចូលរួម​ពី​សិស្ស​ដែល​ត្រៀម​ខ្លួន​យ៉ាងល្អ​ក្នុង​ស្មារតី​នៃ​ការចង់​យល់​ដឹង និង​ការសន្ទនា ។ ខ្ញុំ​ដឹង​ថា នោះ​តែងតែ​ជា​ករណី​នៅក្នុង​ថ្នាក់​របស់​បងប្អូន ។ សិស្ស​ទាំងអស់​បាន​ត្រៀម​ខ្លួន​យ៉ាងល្អ ។ គ្រូបង្រៀន​គ្រប់​រូប​បាន​រៀបចំ​យ៉ាងល្អ ។ នោះ​ហើយ​គឺជា​ការអញ្ជើញ ។

  • ហើយ​ទីបី យើង​គួរតែ « អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន » ( បាន​បន្ថែម​អក្សរ​ទ្រេត ) ។២៥ យើង​គួរតែ​រកមើល​វិធី​នានា​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​ជីវិត​ផ្ទាល់​របស់ពួកគេ ។ ការណ៍​នេះ​អាច​កើតឡើង​តាមរយៈ​ការអញ្ជើញ​ផ្ទាល់ខ្លួន ការអនុវត្ត​ជញ្ជឹងគិត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ទៀត ដើម្បី​ជួយ​សិស្ស​ផ្លាស់ប្តូរ និង​ក្លាយជា​អ្វីមួយ​បន្ថែមទៀត​នៅក្នុង​ព្រះគ្រីស្ទ ។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ដើម្បី​រៀបចំខ្លួន ចែកចាយ និង អនុវត្ត ត្រូវការ​ពិចារណា ហើយ​ពេលខ្លះ​អាច​ទាមទារ​ការងារ​បន្ថែមទៀត​ពីផ្នែក​នៃ​គ្រូបង្រៀន ។ ការណ៍នេះ​អាច​ជា​ការពិត​ដ៏ពិសេស​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បងប្អូន ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ និង​បង្រៀន​គ្នាទៅវិញ​ទៅមក ។ នេះ​មិនមាន​ន័យថា មិន​មាន​ពេលវេលា​ជាក់លាក់​ណា​មួយដែល​យើង​និយាយ​ដោយ​ផ្ទាល់ និង​តែឯង​នោះទេ ជាពិសេស​នៅពេល​ដែល​យើង​សង្កត់ធ្ងន់​ពី​សារៈសំខាន់ ឬ​ការដាក់​គោលការណ៍​ជាមូលដ្ឋាន​គ្រឺះ ។ ការប្រជុំ​យប់​នេះ​គឺជា​ឧទាហរណ៍​មួយ​ពី​ការបង្កើត​សារ​ជា​មូលដ្ឋាន​គ្រឹះ​នោះ ។ ប៉ុន្តែ​សារនេះ​ក្រោយមក​ត្រូវ​តាមដាន​ជាមួយនឹង​ឱកាស​ទៀងទាត់​បន្ថែម​ទៀត​សម្រាប់​យើង​ទាំងអស់គ្នា ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​សិក្សា​ដោយ​ចែកចាយ​អ្វី​ដែល​យើង​កំពុង​រៀន និង​ដោយ​អនុវត្ត​ការរៀនសូត្រ​នោះ​ទៅនឹង​ការបង្រៀន​របស់​យើង​ផ្ទាល់​ផងដែរ ។

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​បាន​ស្គាល់​ការរៀបចំ​ដែល​យើង​បាន​ស្នើឲ្យ​បងប្អូន​ធ្វើ​មុន​ល្ងាចនេះ​ជាមួយនឹង​សំណួរ​សម្រាប់​សិក្សា និង​ឯកសារ​ដែល​ត្រូវបាន​ចែកចាយ​ជាមុន ។ ថ្ងៃស្អែក និង​ក្នុង​សប្តាហ៍​ខាងមុខ​នេះ យើង​នឹង​អញ្ជើញ​បងប្អូន​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​បងប្អូន​កំពុង​រៀន​អំពី​ការបង្រៀន​តាម​របៀបរបស់​ព្រះអង្គសង្គ្រោះ​ជាមួយ​មិត្តរួម​ការងារ និង​មិត្តភក្តិ​របស់​បងប្អូន ។ យើង​ក៏នឹង​ស្នើសុំ​ឲ្យ​បងប្អូន​កំណត់​ផ្នែក​ដែល​បងប្អូន​អាច​ពង្រឹង​ការបង្រៀន​ផ្ទាល់ខ្លួន​របស់​បងប្អូន​ដោយ​ផ្អែក​ទៅលើ​សារ​យប់នេះ និង​ធនធាន​សម្រាប់​បង្រៀន​ផ្សេងទៀត​ដែល​នឹង​ត្រូវបាន​ចែកចាយ​នៅ​ថ្ងៃស្អែក ។

ខ្ញុំ​សូម​ផ្អាក​នៅ​ត្រង់​នេះសិន ហើយ​ធ្វើ​ការលើក​ឡើង​ពី​ធនធាន​បង្រៀន​មួយ​ផ្សេងទៀត​ដែល​មាន​សារៈសំខាន់​ក្នុង​ការសិក្សា ទោះបីជា​វា​ត្រូវបាន​សរសេរ​សម្រាប់​អ្នកសិក្សា​ផ្សេងគ្នា​ក៏ដោយ ។ ខ្ញុំ​សំដៅ​ទៅលើ​ជំពូកទី១០ នៅក្នុង​សៀវភៅណែនាំ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ប្រកាសដំណឹងល្អរបស់យើង ជំពូក​នេះ​មាន​ចំណងជើង « បង្រៀន​ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ។ ជាការពិត​ណាស់ ការបង្រៀន​របស់​អ្នកផ្សព្វផ្សាយ​សាសនា គឺ​ជា​ឧត្តមភាព​ក្នុង​ការជួយ​មនុស្ស​ឲ្យ​ចូលរួម និង​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ ដោយ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​ពួកគេ ។ គោលដៅ​គឺ​ការប្រែចិត្តជឿ​តាមរយៈ​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ព្រះគុណ​របស់​ព្រះគ្រីស្ទ​ដែល​នាំ​ទៅរក​ភាពជា​សិស្ស​ពេញ​មួយ​ជីវិត ។ ពិតណាស់ នេះ​ជា​អ្វី​ដែល​យើង​កំពុង​និយាយ​ផងដែរ​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ។ ដូច្នេះ​ហើយ​ខ្ញុំ​និយាយ​ថា បងប្អូន​ក៏អាច​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​ពី​ប្រភព​នេះ​នៅក្នុង​សៀវភៅ​ណែនាំ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ជាធម្មតា សៀវភៅ​ណែនាំ​ទាំងពីរ​មាន​ចំណុច​ដូចគ្នា​គួរឲ្យ​កត់សម្គាល់ ប៉ុន្តែ​ការអាន​អ្វីមួយ​ដែល​អាច​បង្ហាញពី​គោលការណ៍ ឬ​គំនិត​ខុសគ្នា​ពេលខ្លះ​អាច​នាំមក​នូវ​ទស្សនៈ​ថ្មី ឬ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ ។ សំណួរ​មួយ​ចំនួន​ដែល​បាន​លើកឡើង​នៅក្នុង​ជំពូកទី​១០ របស់ ប្រកាស​ដំណឹងល្អ​របស់​យើង មាន « តើ​ខ្ញុំ​អាច​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ដោយ​របៀបណា ? » « តើ​ខ្ញុំ​អាច​បង្រៀន​ចេញ​ពី​ព្រះគម្ពីរ​ដោយ​របៀបណា ? » « តើ​ខ្ញុំ​គួរ​ចែកចាយ​ទីបន្ទាល់​របស់ខ្ញុំ​ដោយ​របៀបណា នៅពេល​បង្រៀន ? » « តើ​ខ្ញុំ​អាច​រៀបចំ​ផែនការ និង​កែតម្រូវ​ការបង្រៀន​របស់ខ្ញុំ ដើម្បី​បំពេញ​តម្រូវការ​របស់​មនុស្ស​ដោយ​របៀបណា ? » និង « តើ​ខ្ញុំ​អាច​សួរ​សំណួរ​កាន់តែ​ប្រសើរ និង​ក្លាយជា​អ្នកស្តាប់​កាន់តែ​ប្រសើរ​ដោយ​របៀបណា ? » ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹងថា ខ្ញុំ​មិន​ត្រូវបាន​គេ​ឲ្យ​លុយ​ក្នុង​ការនិយាយ​បែប​នេះទេ ។

ការជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់ខ្លួន

ចុងក្រោយ គឺ​ការជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់ខ្លួន ការអញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍ គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​អភិវឌ្ឍ​ភាពជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ពីព្រោះ​វាជួយ​ឲ្យ​សិស្ស​ទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ដូច​ដែល​យើង​បាន​រៀបរាប់​កន្លង​មក ។ វិធី​មួយ​ក្នុង​ចំណោម​វិធី​ដែល​ប្រធាន ណិលសុន បាន​លើកទឹកចិត្ត នោះគឺការធ្វើ​ជា​ម្ចាស់​នៃ​ការរីក​ចម្រើន​ផ្ទាល់ខ្លួន​របស់យើង គឺ​នៅក្នុង​ការអញ្ជើញ​របស់​លោក​ទៅដល់​យុវមជ្ឈិមវ័យ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ ។ នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​របស់​លោក​ទៅដល់​យុវមជ្ឈិមវ័យ​ក្នុង​ឆ្នាំ២០២២ ប្រធាន ណិលសុន បាន​ថ្លែងថា ៖

« ខ្ញុំ​សូម​អង្វរ​ក្មួយៗ​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ក្មួយៗ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ ហើយ​ក្រោយ​មក​ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​ទីបន្ទាល់​របស់​ក្មួយៗ​មាន​ភាពសោះ​កក្រោះ​នោះឡើយ ។ សូម​ធ្វើការ​អធិស្ឋាន​ដ៏​រាបសា​ដោយស្មោះ​ប្រចាំថ្ងៃ ។ សូម​ចិញ្ចឹម​បីបាច់​ខ្លួនក្មួយៗ​ដោយ​ប្រសាសន៍​របស់​ព្យាការី​សម័យ​បុរាណ និង​សម័យថ្មី ។ ទូលសូម​ព្រះអម្ចាស់​ឲ្យ​បង្រៀន​ក្មួយៗ​អំពី​របៀប​ស្ដាប់ឮ​ទ្រង់​ឲ្យ​កាន់តែល្អ​ប្រសើរ ។ សូម​ចំណាយពេល​ឲ្យ​ច្រើន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។ ពេល​ក្មួយៗ​ដាក់​ទីបន្ទាល់​ជា​អាទិភាព​ដ៏ខ្ពស់​បំផុត​របស់​ក្មួយ សូម​ចាំមើល​ពី​អព្ភូតហេតុ​កើតឡើង​នៅក្នុង​ជីវិត​របស់​ក្មួយៗ ។២៦

ប្រធាន ណិលសុន បាន​អំពាវនាវ​សារ​នេះ​ម្តងទៀត​ទៅកាន់​សាសនាចក្រ​ទាំងមូល​នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​នៅ​ខែតុលា ឆ្នាំ២០២២ « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » ។២៧

នៅពេល​លោក​ថ្លែង​ទៅកាន់​យុវមជ្ឈិមវ័យ​ទាំងនោះ ប្រធាន ណិលសុន បាន​សួរ​សំណួរ​ជាបន្ត​បន្ទាប់​ថា ៖ « តើ​ក្មួយៗ​ចង់​មាន​អារម្មណ៍​សុខសាន្ត​អំពី​ការព្រួយបារម្ភ​ដែល​កំពុង​រំខាន​ក្មួយ​ដែរឬទេ ? តើ​ក្មួយៗ​ចង់​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់តែ​ច្បាស់​ដែរ​ឬទេ ? តើ​ក្មួយៗ​ចង់រៀន​អំពី​របៀប​ដែល​ព្រះចេស្ដា​ដ៏ទេវភាព​របស់​ទ្រង់ ​អាច​ព្យាបាល​របួស និង​ភាព​ទន់ខ្សោយ​របស់​ក្មួយៗ​ដែរឬទេ ? តើ​ក្មួយៗ​ចង់​ដកពិសោធ​នូវ​ព្រះចេស្ដា​ដ៏​ទន់ភ្លន់​ផ្អែមល្ហែម​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ដំណើរការ​នៅក្នុង​ជីវិត​របស់​ក្មួយៗ​ដែរឬទេ ? ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​នឹង​តម្រូវ​ឲ្យ​មាន​ការខិតខំ​—គឺ​ខិតខំ​យ៉ាងខ្លាំង » ។២៨ លោក​ផ្តល់​នូវ​ការបញ្ជាក់​ចំពោះ​ការព្រួយបារម្ភ​របស់​សិស្ស​ដោយ​មាន​ប្រសាសន៍​ ៖ « ប្រសិនបើ​ក្មួយ​មាន​សំណួរ—ហើយ​ខ្ញុំ​សង្ឃឹមថា​ក្មួយ​មាន—ចូរ​ស្វែងរក​ចម្លើយ​ដោយ​មាន​បំណងប្រាថ្នា​យ៉ាង​ក្លៀវក្លា​ក្នុង​ការជឿ ។ សូម​រៀន​អំពី​ដំណឹងល្អ​តាម​ដែល​ក្មួយ​អាច​រៀន​បាន ហើយ​ត្រូវ​ប្រាកដ​ថា​បាន​ងាក​ទៅរក​ប្រភព​ដែល​ពោរពេញ​ដោយ​សេចក្ដីពិត ​ដើម្បី​សូម​ការណែនាំ ។

សម្រាប់​ខ្ញុំ នេះ​ជា​អ្វី​ដែល​ជា​អត្ថន័យ​ក្នុង​ការ​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយឧស្សាហ៍ ហើយ​នេះ​ជា​អ្វី​ដែល​វា​នឹង​តម្រូវ​ឲ្យ​យើង​អញ្ជើញ​សិស្ស​របស់​យើង​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ។ ការធ្វើជា​ម្ចាស់​នៃ​ការរៀនសូត្រ​នោះ​ត្រូវការ​ការគាំទ្រ​នៅក្នុង​វិធី​ដែល​យើង​រៀបចំ​ការបង្រៀន​របស់យើង ដើម្បី​សិស្ស​មាន​ឱកាស​ចូលរួម​ជាមួយ​ដោយ​ស៊ីជម្រៅ និង​ហ្មត់ចត់​ដែល​ជា​តម្រូវការ​ដើម្បី​អភិវឌ្ឍ​សិស្ស​ដ៏ពិតប្រាកដ ។ សូមនឹកគិត​ម្តងទៀត​លើ​ការអញ្ជើញ​របស់​ព្យាការី​ « សូមខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​វា​នឹង​លូតលាស់ » ។ តើ​ថ្នាក់រៀន​របស់​យើង​អញ្ជើញ​ឲ្យ​មាន​ការចូលរួម​ជា​បុគ្គល​ប្រភេទ​នេះ​ដើម្បី​ផ្តល់​ទីបន្ទាល់ និង​ភាពជាសិស្ស​បន្ថែម​ដែរ​ឬទេ ? តើ​មាន​វិធី​ណាខ្លះ​ដែល​យើង​អាច​ឈានដល់—ឬ​កែលម្អ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន​របស់យើង ដើម្បី​អញ្ជើញ​ឲ្យមាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍​ដែរឬទេ ?

សេចក្ដី​បញ្ចប់

យប់នេះ ខ្ញុំ​បាន​ចាប់ផ្តើម​ដោយ​ការពិនិត្យ​មើល​ពី​គោលបំណង​នៃ​ការអប់រំ​ខាង​សាសនា​នៅក្នុង​សាសនាចក្រ រួមទាំង​តម្រូវការ​ក្នុង​ការជួយ​សិស្ស​របស់យើង ៖

  1. « អភិវឌ្ឍ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង ‹ ផែនការ​ដ៏អស្ចារ្យ › របស់ទ្រង់ ។…

  2. ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ដែល​ធ្វើ និង​រក្សា​សេចក្តីសញ្ញា … [ និង ]

  3. ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្វែងរក​ចម្លើយ ដោះស្រាយ​ចម្ងល់ ឆ្លើយតប​ដោយ​សេចក្តី​ជំនឿ និង​ផ្តល់​ហេតុផល​សម្រាប់​សេចក្តី​សង្ឃឹម​ដល់​ពួកគេ​ក្នុង​បញ្ហា​ប្រឈមមុខ​ណាមួយ​ដែល​ពួកគេ​អាច​ជួបប្រទះ » ។២៩

នៅពេល​យើង​ជួយ​សិស្ស​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ផ្ទាល់ខ្លួន​របស់​ពួកគេ នោះ​ការប្រែចិត្តជឿ​របស់ពួកគេ​នឹង​កាន់តែ​ស៊ីជម្រៅ​នៅក្នុង​របៀប​ដែល​ដឹកនាំ​ទៅរក​ភាពជា​សិស្ស​ពេញ​មួយ​ជីវិត ។ កាលពី​ខែតុលា​កន្លង​ទៅ ប្រធាន ណិលសុន បាន​ថ្លែង​ថា « ឥឡូវ​នេះ​គឺជា​ពេលវេលា​ដែល​យើង​ដាក់​អាទិភាព​ខ្ពស់​បំផុត​ទៅលើ​ភាព​ជាសិស្ស​របស់​យើង » ។៣០ ហើយ​លោក​បាន​បន្ថែម​ថា « វា​មិន​ឆាប់​ក៏​មិន​យឺត​ពេក​ដែរ សម្រាប់​បងប្អូន​ដើម្បី​ធ្វើជា​សិស្ស​ដ៏​ស្មោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ » ។៣១ ចូរ​យើង​ធ្វើ​សកម្មភាព​ដោយ​ឧស្សាហ៍​ព្យាយាម​នៅពេល​ឥឡូវនេះ​ពីមុន​វា​យឺត​ពេល ។ ឥឡូវនេះ​គឺ​ជា​ពេលវេលា ដែល​លោក​បាន​មាន​ប្រសាសន៍​នោះឯង ។ ខ្ញុំ​មាន​អារម្មណ៍​រំជើបរំជួល​កាន់តែ​ច្រើន​ឡើងៗ​ដោយ​ការព្រមាន​របស់​ប៉ុល ទៅកាន់​មនុស្ស​នៅ​អេភេសូរ​ថា ៖

« ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះលោហិត​ព្រះអង្គ​ទ្រង់​ចុះ ។

ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ។

« ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្តី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ » ។៣២

នៅក្នុង​ពាក្យ​របស់​ប៉ុល សិស្ស​ដែល​យើង « ខំថែរក្សា » មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ ត្រូវ​បាន​ទិញ​ដោយ​ព្រះលោហិត​របស់​ព្រះអង្គសង្គ្រោះ​ផ្ទាល់ ។ យើង​ត្រូវ​បាន​ចាត់​ឲ្យ​ផ្តល់​គំរូ​ដ៏​ស្មោះត្រង់ និង​ចិញ្ចឹម និង​ពង្រឹង​ពួកគេ​ប្រឆាំង​នឹង « ឆ្កែ​ព្រៃ​ដ៏​សាហាវ »​ដែល​ពួកគេ​អាច​ជួប​ប្រទះ​នៅ​ខាងក្រៅ​សាសនាចក្រ និង​សូម្បីតែ​នៅក្នុង​សាសនាចក្រ—ដូច​នៅក្នុង​ឃ្លា​ដែល​ប៉ុល​បាន​ពោល គឺ​ក្នុង​ចំណោម​« ខ្លួនយើង »—ការនិយាយ​មិនពិត និង​ការព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​សិស្ស​របស់​គេ​ផ្ទាល់​ជាជាង​សិស្ស​របស់​លោក​ចៅហ្វាយ ។ យើង​ត្រូវតែ​ជួយ​ពួកគេ​រៀន​នូវ​សេចក្តីពិត ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​ដ៏ឆ្លាតវៃ និង​លើសពី​នេះទៅទៀត គឺសេចក្តី​ស្រឡាញ់​ដ៏ជ្រាលជ្រៅ និង​ស្ថិតស្ថេរ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

ខ្ញុំ​សូម​ធ្វើ​ជាសាក្សី​ពី​ព្រះវរបិតាសួគ៌​ដ៏​ជាទី​ស្រឡាញ់​របស់យើង និង​ផែនការ​នៃ​ការប្រោសលោះ​របស់​ទ្រង់ ។ ខ្ញុំ​ថ្លែងទី​បន្ទាល់​អំពី​ជីវិត​ពិត​របស់​​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ គឺព្រះយេស៊ូវ ជា​ព្រះប្រោសលោះ​ដែល​បាន​រស់ឡើងវិញ ដែល​គង់នៅ​ខាងស្តាំដៃ​នៃ​ព្រះវរបិតា ជាកន្លែង​ដែល​ទ្រង់​បាន​ទាមទារ​សិទ្ធិ​នៃ​សេចក្តីមេត្តា​ករុណា​របស់ទ្រង់​មកលើ​កូនចៅ​មនុស្ស ។៣៣ ជាមួយ​ព្យាការី​មរមន ខ្ញុំ​ប្រកាសខ្លួន​ថា​ជាសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ៣៤ ហើយ​ព្យាយាម​ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះគ្រីស្ទ​ដរាបណា​ខ្ញុំ​នៅរស់ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​បាន​ពង្រឹង​ក្នុង​ភាពជា​សិស្ស​របស់យើង និង​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់យើង​ដើម្បី​ជួយ​ឲ្យ​បាន​ច្រើន​តាម​ដែល​យើង​អាច​ធ្វើបាន ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ស្មោះស្ម័គ្រ​ពេញ​មួយ​ជីវិត ។

សូម​ព្រះ​ប្រទានពរ​ដល់​បងប្អូន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។