ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៦:៤៧–៦៨—« នេះ​ហើយ​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ »


« ម៉ូសេ ៦:៤៧–៦៨—‹ នេះ​ហើយ​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ព្រះអង្គ​សង្គ្រោះ

លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ មេរៀន​ទី ១៤

ម៉ូសេ ៦:៤៧–៦៨

« នេះ​ហើយ​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង ។ ទ្រង់​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ងាក​ទៅរក​ទ្រង់ ដោយ​ការរស់នៅ​តាម​គោលលទ្ធិ​របស់​ទ្រង់ ( សូម​មើល ម៉ូសេ ៦:៥២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​បាន​ពរជ័យ​ដែល​មាន​តែ​ទ្រង់ និង​ព្រះវរបិតា​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ឲ្យ​បាន ។

សិក្សា​ព្រះគម្ពីរ

សូម​សិក្សា​រូបភាព​នេះ​អំពី​ព្រះអង្គ​សង្គ្រោះ ៖

ព្រះអង្គ​សង្គ្រោះ

ដោយ​ប្រើ​មាត្រដ្ឋាន​ពី ១ ( មិន​ពិត​អំពី​ខ្ញុំ ) ដល់ ៥ ( ពិត​អំពី​ខ្ញុំ ) សូម​វាយតម្លៃ​ខ្លួន​អ្នក​ដោយ​ប្រើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ៖

  1. ខ្ញុំ​ដឹង​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។

  2. ខ្ញុំ​យល់​ពី​របៀប​ដែល​ខ្ញុំ​អាច​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. បច្ចុប្បន្ន​នេះ ខ្ញុំ​ចង់​មក​រក និង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

មិន​ថា​អ្នក​បាន​វាយតម្លៃ​ខ្លួនអ្នក​យ៉ាង​ណា​នោះ​ទេ ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មក​រក​ទ្រង់ ហើយ​ទទួល​ពរជ័យ​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ដល់​អ្នក​បាន ។

ព្យាការី​ហេណុក​បាន​បង្រៀន​ប្រជាជន​របស់​លោក​អំពី​សារៈសំខាន់​នៃ​ផែនការ​របស់​ព្រះ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​នោះ ។

ខណៈ​ដែល​អ្នក​សិក្សា​ពាក្យ​សម្ដី​របស់​ព្យាការី​ហេណុក​នៅ​ថ្ងៃនេះ សូម​យកចិត្ត​ទុកដាក់​លើ​ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​អ្នក​អាច​មក​រក​ទ្រង់​បាន ។

និយមន័យ ។ នៅក្នុង ម៉ូសេ ៦:៥៩ អ្វី​ខាងក្រោម​នេះ​អាច​មាន​ប្រយោជន៍​ដើម្បី​យល់ពី​ខគម្ពីរ​នេះ​បាន ។

  • កើត​ពី​ព្រះវិញ្ញាណ ៖ យើង​កើត​ពី​ព្រះវិញ្ញាណ តាមរយៈ​ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល ប្រធានបទ និង សំណួរ « អំណោយទាន​ខាង​ព្រះវិញ្ញាណ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  • ការញែក​ជា​បរិសុទ្ធ ៖ ការត្រូវបាន​ញែកចេញ​ជា​បរិសុទ្ធ សំដៅ​ដល់​ការ « ឲ្យ​បាន​ផុតពី​អំពើបាប ឲ្យ​បាន​សុទ្ធសាធ ស្អាតបាត និង​បរិសុទ្ធ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ញែក​ជា​បរិសុទ្ធ, ការញែក​ជា​បរិសុទ្ធ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ូសេ ៦:៤៨–៥២, ៥៧–៥៩ ។ សូម​ជ្រើសរើស​ពណ៌​មួយ ហើយ​គូស​សម្គាល់​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ឃ្លា​នេះ ៖ ខ្ញុំ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ពីព្រោះ … ។ សូម​ជ្រើសរើស​ពណ៌​មួយ​ទៀត​ដើម្បី​គូស​សម្គាល់​អ្វី​ដែល​អ្នក​រកឃើញ​អំពី​ឃ្លា​នេះ ៖ ខ្ញុំ​អាច​មករក​ព្រះគ្រីស្ទ​បាន តាមរយៈ …

សូម​គិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​គឺជា​អ្វី ?

នៅក្នុង ម៉ូសេ ៦:៥២ យើង​រៀន​ពី​ធាតុ​សំខាន់ៗ​នៃ​ដំណើរការ​ក្នុង​ការធ្វើតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ៖

  1. ជឿ​លើ​ទ្រង់ ។

  2. ប្រែចិត្ត ។

  3. ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  4. ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​អំពី​គោលលទ្ធិ​នេះ ៖

5:28
ប្រធាន រ័សុល អិម ណិលសុន

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ​គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់គ្នា​ដែល​យល់​អំពី​គោលលទ្ធិ​នេះ ហើយ​ស្វែងរក​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​គេ​ម្នាក់ៗ ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​រកឃើញ និង​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ ការបន្ត​នៅលើ​ផ្លូវ​តូច​ចង្អៀត ប៉ុន្តែ​ត្រូវបាន​កំណត់​យ៉ាង​ច្បាស់​នោះ នៅ​ទីបំផុត​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​មាន ។ គ្មាន​អ្វី​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​របស់​យើង​មាន​នោះ​ទេ ! ( « សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ​៦ )

សូម​សិក្សា​ធាតុ​មួយ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដោយ​ផ្តោត​លើ​របៀប​ដែល​វា​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ប្រើ​លេខយោង លិបិក្រម Topical Guide និង​ធនធាន​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ប្រធានបទ និង​សំណួរ សុន្ទរកថា​សន្និសីទ​ទូទៅ និង​មុខងារ​ស្វែងរក​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ក៏​អាច​ជា​ជំនួយ​បាន​ផងដែរ ។ សូម​ដាក់​ស្លាក​អ្វី​ដែល​អ្នក​រកឃើញ​ជាមួយ​នឹង​គោលលទ្ធិ ដែល​អ្នក​បាន​ជ្រើសយក​មក​សិក្សា ។

  • សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

  • ការប្រែចិត្ត

  • ពិធី​បុណ្យ​ជ្រមុជ​ទឹក

  • ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អាន ម៉ូសេ ៦:៦២ ដើម្បី​មើល​ពាក្យ​ផ្សេងទៀត​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

រូបតំណាង​កត់​ចំណាំសូម​កត់ត្រា​នៅក្នុង​កំណត់​ចំណាំ​មួយ​នៅក្បែរ ម៉ូសេ ៦:៦២ នូវ​អ្វី​ដែល​អ្នក​បាន​កត់​សម្គាល់​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ នៅពេល​ខ្ញុំ​ងាក​ទៅរក​ព្រះគ្រីស្ទ ?

នៅក្នុង ម៉ូសេ ៦:៥២ ព្រះអម្ចាស់​បាន​អញ្ជើញ​ហេណុក​ឲ្យ​ងាក​ទៅរក ស្ដាប់ និង​ជឿ​លើ​ទ្រង់ ។ ហេណុក និង​ប្រជាជន​របស់​លោក​ទទួល​បាន​ពរជ័យ នៅពេល​ពួកគេ​បាន​ងាក​ទៅរក​ព្រះអម្ចាស់ ។ ទ្រង់​បាន​សន្យា​ពរជ័យ​ដូចគ្នា​នេះ​ដល់​អ្នក​ផងដែរ ។

រូបតំណាង​ស្លាកសូម​អាន​សេចក្ដីយោង​បទគម្ពីរ​បី ឬ​ច្រើន ជាងនេះ​ដូច​ខាងក្រោម​នេះ ។ សម្រាប់​វគ្គ​បទគម្ពីរ​នីមួយៗ សូម​រកមើល​ពរជ័យ​មួយ​ដែល​អ្នក​អាច​ទទួល​បាន តាមរយៈ​ការងាក​ទៅរក​ព្រះគ្រីស្ទ ។ បន្ទាប់​មក សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នោះ ដោយ​ប្រើ​ពរជ័យ​ដែល​អ្នក​បាន​រកឃើញ ។ អ្នក​ក៏​អាច​ភ្ជាប់​ខគម្ពីរ​ទាំងនេះ​ជាមួយ​គ្នា​ផងដែរ ។

  • ម៉ាថាយ ១១:២៨–៣០ ។ ព្រះគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ទទួល​នឹម​របស់​ទ្រង់​មក​ដាក់​លើ​ខ្លួន​យើង ។

  • នីហ្វៃ​ទី​២ ៣១:១៨, ២១ ។ ព្រះគ្រីស្ទ​គឺជា​ផ្លូវ​តែមួយ​គត់​ដើម្បី​ឲ្យ​យើង​បាន​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ ។

  • អេធើរ ១២:២៧ ។ ព្រះគ្រីស្ទ​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​វិញ ។

  • មរ៉ូណៃ ១០:៣២–៣៣ ។ យើង​អាច​សម្រេច​បាន​ភាពល្អ​ឥតខ្ចោះ​តែ​តាមរយៈ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ខគម្ពីរ​មួយ ដែល​អ្នក​បាន​អាន​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ។ សូម​រួមបញ្ចូល​ទីបន្ទាល់​របស់​អ្នក​ផង ។

សូម​មើល​វីដេអូ « Come unto Christ: 2014 Theme Song » ( ៤:៤៨ ) ប្រសិនបើ​មាន​វីដេអូ​នេះ ។ សូម​ស្តាប់​រក​ពរជ័យ​បន្ថែម​ទៀត ។

4:49

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​បាន​ពរជ័យ​ដែល​មាន​តែ​ទ្រង់ និង​ព្រះវរបិតា​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ឲ្យ​បាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ចេញពី​ធនធាន​ដែល​អ្នក​បាន​ប្រើ ។

  • ខគម្ពីរ​ដែល​អ្នក​បាន​ចែកចាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង​ពរជ័យ​ដែល​អ្នក​បាន​រកឃើញ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?