ថ្នាក់​សិក្ខាសាលា
0ហាកាយ ៖ « ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ »


« ហាកាយ ៖ ‹ ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ហាកាយ ៖ ‹ ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ហាកាយ ១–២, សាការី ១–៤, ១០–១៤ ៖ មេរៀន​ទី ១៥៥

ហាកាយ

« ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ »

A young man with his arms folded. Squares that show different symbols of activities such as music, books, pencil and paper, and a phone surround him.

ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង តើ​យើង​អាច​ទុក​ពេល​សម្រាប់​ព្រះអម្ចាស់ និង​កិច្ចការ​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​ដោយ​របៀប​ណា ? យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ដល់​ពួកសាសន៍​យូដា​ឲ្យ « ពិចារណា​អំពី​ផ្លូវ​[ របស់​យើង ] » ( ហាកាយ ១:៥ ) ទាក់ទង​នឹង​របៀប​ដែល​យើង​ចំណាយ​ពេល​សម្រាប់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ដាក់​ព្រះ​ជា​ចម្បង​ក្នុង​ជីវិត​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​កិច្ចការ​ដែល​ពួកគេ​ធ្វើ​នៅ​ថ្ងៃ​ធម្មតា ។ សិស្ស​អាច​ដាក់​ស្លាក​ថា​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​សំខាន់​បំផុត ហើយ​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​ពួកគេ​ចាត់ទុក​កិច្ចការ​ទាំងនោះ​សំខាន់ ។ ពួកគេ​អាច​យក​បញ្ជី​របស់​ពួកគេ​មក​ថ្នាក់រៀន ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការ​ដាក់​ព្រះអម្ចាស់​ជា​អាទិភាព

មេរៀន​ដែល​ប្រើ​វត្ថុ​ខាង​ក្រោម​មាន​នៅ​ក្នុង​អត្ថបទ « Making Good Use of Your Time » ( New Era ខែកក្កដា ឆ្នាំ២០២០ ទំព័រ ៣៤–៣៥ ) ។

មុន​ពេល​ចូល​រៀន សូម​ចាក់​ដុំ​ថ្ម​ពេញ​ក្រឡ​មួយ រួច​បន្ថែម​ខ្សាច់​ទៅ​ខាង​លើ ដោយ​អង្រួន​វា​ឲ្យ​ចូលគ្នា ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធានា​ថា​អ្នក​មាន​ខ្សាច់​គ្រប់គ្រាន់​ដើម្បី​បំពេញ​ក្រឡ ។ បន្ទាប់មក​បំបែក​ខ្សាច់ និង​ដុំ​ថ្ម​ម្តងទៀត ។ យក​ក្រឡ ខ្សាច់ និង​ដុំ​ថ្ម​មក​ថ្នាក់ ។ នៅពេល​ចាប់ផ្តើម​ថ្នាក់ សូម​បង្ហាញ​វត្ថុ​ដល់​សិស្ស ដោយ​ពន្យល់​ថា ក្រឡ​តំណាង​ឲ្យ​ពេលវេលា​របស់​យើង ដុំ​ថ្ម​តំណាង​ឲ្យ​អាទិភាព​របស់​យើង និង​ខ្សាច់​តំណាង​ឲ្យ​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ។

  • តើ​អ្នក​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ​ក្នុង​មួយ​ថ្ងៃ ?

  • តើ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ម្នាក់ៗ​ឲ្យ​ដាក់​ជា​អាទិភាព ?

    សិស្ស​អាច​ឆ្លើយ​តប​នឹង​សំណួរ​ទី​ពីរ​ដោយ​មាន​ចម្លើយ​ដូច​ជា​ការ​សិក្សា​ព្រះគម្ពីរ ការ​អធិស្ឋាន ពេល​វេលា​ជាមួយ​ក្រុម​គ្រួសារ និង​ការ​បម្រើ​ជាដើម ។ សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​នៅ​លើ​ដុំ​ថ្ម ។

    ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​ការ​ដាក់​អាទិភាព ដំបូង​ត្រូវ​បំពេញ​ខ្សាច់​ក្នុង​ក្រឡ ។ បន្ទាប់មក ព្យាយាមដាក់​បន្ថែម​ដុំ​ថ្ម ដែលដាក់​មិនចូល​ក្រឡ ។ ពិភាក្សា​ពី​របៀប​ធ្វើ​ឲ្យ​របស់​ទាំង​ពីរ​ត្រូវ​នឹង​ក្រឡ ។ ចាក់​ខ្សាច់ និង​ដុំ​ថ្ម​ចេញពី​ក្រឡ ហើយ​ព្យាយាម​ម្តងទៀត ។ ដាក់​ដុំ​ថ្ម​ចូល​ជាមុន​សិន បន្ទាប់មក​ខ្សាច់ អង្រួន​ក្រឡ ដើម្បី​ឲ្យ​ចូល​តាម​ចន្លោះ​ប្រហោង ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ ?

  • ហេតុអ្វី​បាន​ជា​វា​អាច​ពិបាក​ក្នុង​ការ​ចំណាយ​ពេល​សម្រាប់​ព្រះអម្ចាស់ និង​កិច្ចការ​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ?

នៅពេល​អ្នក​សិក្សា​អំពី​ហាកាយ សូម​រកមើល​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​ជីវិត​អ្នក នៅពេល​អ្នក​ចំណាយ​ពេល​សម្រាប់​ទ្រង់ ។

ការ​កសាង​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ

ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់​អំពី​បរិបទ​របស់​ហាកាយ សូម​ពិចារណា​ចែកចាយ​សេចក្តី​សង្ខេប​ខាងក្រោម ។

បន្ទាប់​ពី​ពួកសាសន៍​យូដា​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ពី​ការ​ជាប់ជា​ឈ្លើយ​នៅ​បាប៊ីឡូន ពួកគេ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ទីក្រុង ផ្ទះ និង​ជីវិត​របស់​ពួកគេ​ឡើង​វិញ ( សូម​មើល អែសរ៉ា ១:១–៦ ) ។ ប៉ុន្តែ​បន្ទាប់​ពី​ប្រហែល ១៥​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​ដែល​ពួកគេ​មិន​បាន​ដាក់​អាទិភាព​ឲ្យ​កាន់តែ​ខ្ពស់​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ( សូម​មើល អែសរ៉ា ៤:២៤; ហាកាយ ១:៣–៤ ) ។ ទ្រង់​បាន​ចាត់​ព្យាការី​របស់​ទ្រង់ ហាកាយ ឲ្យ​ទៅ​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ដាក់​ការសាងសង់​ដំណាក់​របស់​ព្រះអម្ចាស់​ជា​អាទិភាព ។

សូម​អាន ហាកាយ ១:២–៤ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ថា ពួកសាសន៍​យូដា​មិន​បាន​ផ្តោត​លើ​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ​ឡើយ ។

អ្នក​ប្រហែល​ជា​ត្រូវ​ពន្យល់​ថា « បិទភ្ជិត » មាន​ន័យ​ថា​ជា បិទគ្រប ។ ការណ៍​នេះ​អាច​បង្ហាញ​ថា ពេល​ដែល​ពួកគេ​ទុក​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​សាងសង់​មិន​ហើយ​រួចរាល់ មនុស្ស​បែរជា​សង់​ផ្ទះ​ដ៏​មានផាសុកភាព និង​បាន​បំពាក់​គ្រឿង​សង្ហារិម​ល្អៗ​សម្រាប់​ខ្លួន​ពួកគេ​ទៅ​វិញ ។

  • តើ​ការណ៍​នេះ​ទាក់ទង​នឹង​មេរៀន​ដែល​ប្រើ​វត្ថុ​ដោយ​របៀប​ណា ?

សូម​អាន ហាកាយ ១:៥–១១ ដោយ​រកមើល​លទ្ធផល​ដែល​ពួក​សាសន៍​យូដា​បាន​ជួបប្រទះ ដោយសារ​ពួកគេ​បាន​ផ្តល់​អាទិភាព​ដល់​កិច្ចការ​ផ្សេងទៀត ជាជាង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ។

  • តើ​មាន​លទ្ធផល​អ្វី​ខ្លះ​ដែល​យើង​អាច​ឆ្លងកាត់ ប្រសិន​បើ​យើង​មិន​ផ្តល់​អាទិភាព​ដល់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​យើង​ទេ ?

    អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចង្អុល​បង្ហាញ ឬ​គូសចំណាំ​ឃ្លា​ដដែលៗ​នៅ​ក្នុង ខ​ទី ៥ និង ៧ ។

  • តើ​អ្នក​គិត​ថា​ព្រះអម្ចាស់​ចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​ទ្រង់​បាន​អញ្ជើញ​ប្រជាជន​ឲ្យ « ពិចារណា​អំពី​ផ្លូវ​[ របស់​ពួកគេ ] » ? ( ហាកាយ ១:៥, ៧ )

« ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ »

សូម​ពិចារណា​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ដំណើររឿង​ដែល​នៅ​សេស​សល់ ។

ពួក​សាសន៍​យូដា និង​មេ​ដឹកនាំ​របស់​ពួក​គេ​បាន​ស្តាប់​តាម​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ។ សូរ៉ូបាបិល ( ចៅហ្វាយ​ស្រុក ) និង យ៉ូស្វេ ( សង្ឃ​ជាន់​ខ្ពស់ ) បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ( សូម​មើល ហាកាយ ១:១២–១៤ ) ។ ព្យាការី​ហាកាយ​ក៏​បាន​ជួយ​ផង​ដែរ ( សូម​មើល អែសរ៉ា ៥:១–២ ) ។ នៅពេល​ពួកគេ​ធ្វើការ ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យ​លើកទឹកចិត្ត ។

សូម​សរសេរ​សេចក្តីពិត​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​ដាក់​ព្រះ​ជា​មុន​ក្នុង​ជីវិត​របស់​យើង …

សូម​ពិចារណា​បែង​ចែក​សិស្ស​នៅ​ក្នុង​ថ្នាក់​ជា​បី​ផ្នែក ដោយ​ផ្នែក​នីមួយៗ​អាន​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ។

សូម​អាន​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​ខាងក្រោម ដោយ​រកមើល​ការ​លើក​ទឹកចិត្ត​ពី​ព្រះអម្ចាស់ ដែល​អាច​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ៖

ហាកាយ ២:៤–៥

ហាកាយ ២:៦–៩

ហាកាយ ២:១៨–១៩

សិស្ស​អាច​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​សេចក្ដី​ថ្លែងការណ៍​នោះ ។ ខាង​ក្រោម​នេះ​គឺជា​ឧទាហរណ៍​នៃ​អ្វី​ដែល​អ្នក​អាច​សរសេរ ៖

… ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ។

… ទ្រង់​នឹង​ប្រទាន​ភាពសុខសាន្ដ​ដល់​យើង ។

… ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​ទាំង​ខាងវិញ្ញាណ និង​ខាង​រូបកាយ ។

ដើម្បី​ស្វែងរក​ពរជ័យ​បន្ថែម​ដែល​យើង​អាច​ទទួល​បាន​ដោយ​ការទុក​ព្រះ​ជា​អាទិភាព នោះ​សិស្ស​អាច​អាន ម៉ូសាយ ២:៤១ និង នីហ្វៃទី៣ ១៣:៣១–៣៣ ។ បន្ទាប់​មក អ្នក​អាច​បន្ថែម​អ្វី​ដែល​ពួក​គេ​រក​ឃើញ​នៅលើ​ក្ដារ​ខៀន ។

  • តើ​ពរជ័យ​ណាមួយ​របស់​ព្រះអម្ចាស់​មក​ពី​ខគម្ពីរ​ទាំងនេះ​ដែល​អ្នក​ចង់​បាន​បំផុត ? ហេតុអ្វី ?

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​វិធី​ដែល​ពួកគេ​អាច​ដាក់​ព្រះ​ជាអាទិភាព ដើម្បី​អញ្ជើញ​ពរជ័យ​របស់​ទ្រង់ ។ ប្រសិនបើ​អ្នក​មិន​បាន​បង្ហាញ​វីដេអូ « The Soul’s Sincere Desire » ( ៣:២៨ ) នោះទេ នៅពេល​ដែល​អ្នក​បង្រៀន​មេរៀន​ទី ៩៣ ៖ « នេហេមា » បន្ទាប់មក​ពិចារណា​បង្ហាញ​វា​នៅ​ទីនេះ​ចាប់ពី​នាទី​ទី ០:០០ ដល់ ២:០១ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​វិធី​ដែល​ពួកគេ​អាច​ឆ្លើយ​តប​នឹង​សំណួរ​ខាងក្រោម ។

3:29

ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​ចែកចាយ​សាច់រឿង​ខាងក្រោម ។ ក្រោយមក​សិស្ស​អាច​ឆ្លើយ​សំណួរ​ដែល​អម​មក​ជាគូ ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់ ។

ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់ឈ្មោះ​អាឡិច ដែល​មាន​អារម្មណ៍​ថា​នាង​មិន​មាន​ពេលវេលា​ដើម្បី​ដាក់​ព្រះ​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​នាង​ទេ ។ មួយ​ថ្ងៃៗ នាង​មាន​កិច្ចការ​សាលា មិត្តភក្តិ និង​ចំណង់ចំណូលចិត្ត​ជាច្រើន ដែល​ធ្វើ​ឲ្យ​នាង​នឿយហត់ និង​មិនមាន​កម្លាំង​ចិត្ត​សម្រាប់​រឿង​ខាងវិញ្ញាណ​ឡើយ ។ នាង​មើល​ឃើញ​ថា​ត្រូវ​ផ្លាស់ប្តូរ ប៉ុន្តែ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ។

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​អាឡិច ដើម្បី​ជួយ​នាងឲ្យ​ដាក់​ព្រះ​ជា​មុន ?

  • តើ​ព្រះ​អាច​ប្រទាន​ពរ​ដល់​នាង​ដោយ​របៀប​ណា​សម្រាប់​ការ​ដាក់​ទ្រង់​ជាអាទិភាព ?

    បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ អ្នក​អាច​បង្ហាញ​វីដេអូ​ដែល​នៅ​សេសសល់​អំពី « The Soul’s Sincere Desire » ចាប់​ពី​នាទី​ទី ២:០២ ដល់ ៣:២៨ ដោយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​អាឡិច​ធ្វើ​ដើម្បី​ផ្លាស់ប្តូរ ។

    3:29
  • តើ​ដំបូន្មាន​អ្វីខ្លះ​ទៀត​ដែល​អ្នក​នឹង​ផ្តល់​ដល់​មនុស្សដែល​មាន​អារម្មណ៍​ថា​ពួកគេ​មិន​អាច​ដាក់​ព្រះ​ជា​មុន​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​ហេតុផល​ផ្សេង​ទៀត ?

  • តើ​ព្រះ​បាន​ប្រទាន​ពរ​ដល់អ្នក ឬ​មនុស្សដទៃ​ទៀត​ដែល​អ្នក​ស្គាល់​ពី​ការ​ដាក់​ទ្រង់​ជា​មុន​ដោយ​របៀប​ណា ?

ដាក់​ផែនការ

ផ្នែក​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ។

សូម​គិតពិចារណា​ដោយ​ផ្ទាល់​អំពី​ការអញ្ជើញ​ខាងក្រោម​មកពី​អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

13:56
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ខ្ញុំ​សូម​ថ្លែង​ឡើង​វិញ​អំពីការដាស់តឿន​របស់​ព្រះអម្ចាស់ ចំពោះ​រាស្ត្រ​ទ្រង់ ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​ព្យាការី​ហាកាយ ក្នុងព្រះ​គម្ពីរ​សញ្ញា​ចាស់​ថា ៖ « ឥឡូវ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » [ ហាកាយ ១:៥ ] ។

យើង​ម្នាក់ៗ​គួរតែ​វាយតម្លៃ​អាទិភាព​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​យើង​ដោយ​ស្មោះសរ និង​ដោយ​ការអធិស្ឋាន​ដើម្បី​ស្គាល់​នូវ​អ្វីៗ​ដែល​អាច​រារាំង​ពរជ័យ​ដ៏​ច្រើន​ក្នុង​ជីវិតយើង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​មាន​ព្រះ​ឆន្ទៈ​ប្រទាន​ដល់​យើង ។ ហើយ​ប្រាកដ​ណាស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​មើល​ឃើញ​ខ្លួន​ឯង ជា​បុគ្គល​បែប​ណា​ពិត​ប្រាកដ ។ ( « ឱ ! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៤ )

សូម​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ « ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ( ហាកាយ ១:៥, ៧ ) ដោយ​ពិចារណា​អំពី​អាទិភាព​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ជញ្ជឹង​គិត​ថា​តើ​មាន​អ្វី​ដែល​អ្នក​ត្រូវ​ដាក់​អាទិភាព ឬ​ដក​ចេញ​ពី​ជីវិត​របស់​អ្នក ដើម្បី​អញ្ជើញ​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ប្រទាន​ដល់​អ្នក ។

Jar full of rocks with sand or dirt on the side

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក សូម​គូរ​រូប​ក្រឡ​ដែល​មាន​ដុំ​ថ្ម ហើយ​ដាក់​ស្លាក​ដុំថ្ម​ជាមួយ​នឹង​ការតាំងចិត្ត​ដែល​អ្នក​នឹង​ដាក់​ព្រះ​ជា​អាទិភាព ។ គូរ​រូប​ខ្សាច់​នៅ​ខាង​ក្រៅ​ក្រឡ ហើយ​ដាក់​ស្លាក​វា​ជាមួយ​នឹង​អ្វី​ដែល​អ្នក​ចង់​លុបចោល ។ ជ្រើសរើស​ថ្ម​មួយ ឬ​ពីរ​ដុំ ហើយ​ដាក់​ផែនការ​អំពី​អ្វី ពេលណា និង​របៀប​ដែល​អ្នក​នឹង​បំពេញ​ការតាំងចិត្ត​ទាំង​នេះ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់ ឬ​គំនិត​របស់អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ពរជ័យ​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ដាក់​ទ្រង់​ជាអាទិភាព​ក្នុង​ជីវិត​របស់​យើង ។