«នេហេមា ៖ ‹ ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« នេហេមា ៖ ‹ ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ មេរៀនទី ៩៣
នេហេមា
« ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន »
ព្រះបានបំផុសគំនិតនេហេមាឲ្យការពារប្រជាជនរបស់លោក ដោយសាងសង់កំផែងឡើងវិញនៅជុំវិញក្រុងយេរូសាឡិម ។ ប្រជាជនរបស់នេហេមាត្រូវតែយកឈ្នះការគំរាមកំហែង និងការរំខានឥតឈប់ឈរដើម្បីសម្រេចកិច្ចការនេះ ។ យើងក៏បានទទួលកិច្ចការដ៏សំខាន់ពីព្រះដែរ ហើយយើងក៏អាចប្រឈមនឹងការលំបាកក្នុងការសម្រេចកិច្ចការនោះដែរ ។ មេរៀននេះមានគោលបំណងលើកទឹកចិត្តសិស្សឲ្យបន្តផ្តោតទៅលើកិច្ចការដែលព្រះវរបិតាសួគ៌បានប្រទានឲ្យពួកគេធ្វើ ។
ការរៀបចំរបស់សិស្ស ៖ អញ្ជើញសិស្សមករៀនដោយមាននូវបញ្ជីកិច្ចការបីយ៉ាងដែលពួកគេមានអារម្មណ៍ថាព្រះវរបិតាសួគ៌នឹងឲ្យពួកគេផ្ដោតទៅលើ ៖ កិច្ចការមួយសម្រាប់សប្តាហ៍នេះ មួយសម្រាប់ពីរបីឆ្នាំខាងមុខនេះ និងកិច្ចការមួយសម្រាប់ពេលក្រោយក្នុងជីវិត ។ អ្នកអាចស្នើឲ្យសិស្សដែលមានពររបស់លោកអយ្យកោរួចហើយអានកិច្ចការនោះម្ដងទៀតមុននឹងបង្កើតបញ្ជីរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំខាន
សូមពិចារណាចាប់ផ្តើមថ្នាក់រៀនដោយជួយសិស្សឲ្យស្គាល់នូវអ្វីដែលអាចទាញការយកចិត្តទុកដាក់របស់ពួកគេចេញពីការធ្វើកិច្ចការរបស់ព្រះ ។ ដើម្បីធ្វើកិច្ចការនេះ អ្នកអាចបង្ហាញវីដេអូ « Doing What Matters Most » ( ១:៤២ ) ដែលមានលើគេហទំព័រ ChurchofJesusChrist.org ។ ឬអ្នកអាចចែកចាយព័ត៌មាននៅក្នុងកថាខណ្ឌខាងក្រោម និងបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោមពីប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាគណៈប្រធានទីមួយ ។
ជាច្រើនឆ្នាំកន្លងទៅ នៅពេលដែលអ្នកបើកយន្តហោះរៀបចំចុះចតយន្តហោះ ពន្លឺតូចមួយនៅក្នុងកាប៊ីនយន្តហោះមិនអាចបំភ្លឺបានទេ ។ អ្នកបើកយន្តហោះបានផ្តោតយ៉ាងខ្លាំងទៅលើអំពូលភ្លើងដែលពួកគេមិនបានសង្កេតឃើញយន្តហោះធ្លាក់ចូលទៅក្នុងវាលភក់មួយ ។ យន្តហោះនេះបានធ្លាក់ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាគណៈប្រធានទីមួយ បានបង្រៀនមេរៀនដ៏សំខាន់មួយពីសោកនាដកម្មនេះ ៖
ម៉ាស៊ីនយន្តហោះក៏មានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះដែរ ។ អ្វីៗទាំងអស់ដំណើរការយ៉ាងត្រឹមត្រូវ—លើកលែងតែរឿងមួយប៉ុណ្ណោះ ៖ គឺអំពូលភ្លើងមួយបានឆេះខូច ។ អំពូលភ្លើងដ៏តូចនោះ—មានតម្លៃតែ ២០ សេនប៉ុណ្ណោះ —បានបង្កើតឲ្យមានសេរីព្រឹត្តិការណ៍ ជាលំដាប់លំដោយដែលទីបំផុតនាំទៅរកហេតុការណ៍នៃមនុស្សស្លាប់ដ៏រន្ធត់ដល់ទៅជាង ១០០ នាក់ ។
ពិតប្រាកដណាស់ ការខូចអំពូលមិនបានបង្កឲ្យមានបញ្ហានោះទេ វាកើតឡើងដោយសារតែក្រុមការងារលើយន្តហោះនោះ ផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដែលហាក់ដូចជាសំខាន់ក្នុងពេលនោះ ខណៈដែលភ្លេចពីអ្វី ដែលសំខាន់បំផុតនោះ ។
ទំនោរចិត្តនិងការផ្តោតអារម្មណ៍ទៅលើអ្វី ដែលមិនសូវសំខាន់នោះ គឺមិនមែនមានតែចំពោះអ្នកបើកយន្តហោះនោះទេ គឺមានចំពោះមនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាមានហានិភ័យ ។ ( « We Are Doing a Great Work and Cannot Come Down » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៥៩ )
សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេគិតថា សារលិខិតរបស់ប្រធាន អុជដូហ្វ អាចអនុវត្តចំពោះយើងក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់មក អ្នកអាចបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយសុំឲ្យសិស្សអានវាដោយស្ងៀមស្ងាត់ ។ សូមលើកទឹកចិត្តពួកគេទូលសុំព្រះវរបិតាសួគ៌ឲ្យណែនាំពួកគេតាមរយៈព្រះវិញ្ញាណ ឲ្យយល់ពីរបៀបដែលសារលិខិតនេះអនុវត្តចំពោះពួកគេផ្ទាល់ ។ ពួកគេអាចកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ប្រធាន អុជដូហ្វ បានបន្ដ ៖
សូមផ្អាកមួយភ្លែតសិន ហើយពិនិត្យមើលថាដួងចិត្ត និងគំនិតរបស់អ្នកនៅឯណា ។ តើអ្នកបានផ្តោតលើអ្វីដែលសំខាន់បំផុតដែរឬទេ ? របៀបដែលអ្នកចំណាយពេលស្ងប់ស្ងាត់របស់អ្នកអាចផ្ដល់នូវតម្រុយដ៏មានតម្លៃមួយ ។ តើគំនិតរបស់អ្នកទៅកន្លែងណា នៅពេលសម្ពាធនៃកាលកំណត់បានកន្លងផុតទៅ ? តើគំនិត និងដួងចិត្តរបស់អ្នកបានផ្តោតលើរឿងដែលសំខាន់តែក្នុងរយៈពេលខ្លីនោះ ឬនៅលើរឿងដែលសំខាន់បំផុត ? ( « We Are Doing a Great Work and Cannot Come Down » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៦០ )
កិច្ចការរបស់នេហេមា
សូមពន្យល់សិស្សថា សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះនេហេមា គឺជាអ្នកបម្រើរបស់ថាស៊ើកសេសជាស្តេចនៃពើស៊ី ។ ពួកសាសន៍អ៊ីស្រាអែលជាច្រើននាក់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញជាច្រើនឆ្នាំមុន ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ។ នេហេមាបានដឹងថា ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការវាយប្រហារ ដោយសារកំផែង និងច្រកការពារនៅជុំវិញក្រុងយេរូសាឡិមបានបែកបាក់អស់ហើយ ។
សូមពិចារណាអញ្ជើញសិស្សឲ្យបំពេញសកម្មភាពខាងក្រោមនេះជាក្រុមតូចៗ ។ លើកទឹកចិត្តក្រុមកុំឲ្យធ្វើជំហាននានាដោយប្រញា់បប្រញាល់ ប៉ុន្តែត្រូវចំណាយពេល និងរៀនពីបទពិសោធន៍របស់នេហេមា ។ ដើម្បីជួយក្រុមឲ្យស្ថិតនៅលើកាលវិភាគដូចគ្នា អ្នកគួរតែបង្ហាញការណែនាំម្តងមួយជំហានៗ ។ សូមផ្តល់ឲ្យក្រុមនូវពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ជំហាននោះ មុនពេលបង្ហាញជំហានបន្ទាប់ ។
-
សូមអាន នេហេមា ១:១–៤; ២:១–៦, ១១–១២, ១៧–១៨ ។ រកមើល និងពិភាក្សាអំពីភស្ដុតាងដែលបញ្ជាក់ថា បំណងប្រាថ្នារបស់នេហេមាក្នុងការសាងសង់កំផែងនៃក្រុងយេរូសាឡិមឡើងវិញទទួលបានការបំផុសគំនិតពីព្រះ ។
-
សូមសរសេរកិច្ចការចំនួនបីនៅលើក្រដាសទទេដែលព្រះបានសុំឲ្យក្មេងវ័យជំទង់នៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្តោតទៅលើតាមរយៈពួកព្យាការីរបស់ទ្រង់ ។ របៀបមួយដើម្បីធ្វើកិច្ចការនេះ គឺពិនិត្យឡើងវិញត្រួសៗនូវសុន្ទរកថាមកពីសន្និសីទទូទៅនាពេលថ្មីៗនេះ ។
បន្ទាប់មក ប្ដូរក្រដាសជាមួយក្រុមមួយផ្សេងទៀត ហើយពិភាក្សាជាមួយក្រុមរបស់អ្នកអំពីអ្វីដែលពួកគេបានសរសេរ ។ ( ចំណាំ ៖ រក្សាក្រដាសរបស់ក្រុមផ្សេងទៀត ។ នៅក្នុងជំហានទីបួននៃសកម្មភាពនេះ អ្នកនឹងបន្ថែមកិច្ចការទៅក្រដាសនោះ ) ។
-
សូមអាន នេហេមា ២:១៩; ៤:១, ៧–៨ ដោយរកមើលពីរបៀបដែលពួកសត្រូវរបស់ពួកសាសន៍យូដាប្រតិកម្មចំពោះកិច្ចការដែលព្រះបានប្រទានឲ្យពួកគេ ។ សូមពិភាក្សាអំពីរបៀបដែលសាតាំងប្រើល្បិចស្រដៀងគ្នានៅសព្វថ្ងៃនេះ ដើម្បីធ្វើឲ្យយើងបាត់បង់ការផ្ដោតទៅលើអ្វីដែលព្រះស្នើឲ្យយើងធ្វើ ។
-
នៅជាប់នឹងកិច្ចការទាំងបីដែលបានរាយនៅលើក្រដាសរបស់ក្រុមផ្សេងទៀត សូមសរសេរការរំខាន ឬការលំបាកដែលអាចធ្វើឲ្យក្មេងវ័យជំទង់ពិបាកក្នុងការបន្តផ្តោតទៅលើកិច្ចការដែលព្រះបានប្រទានឲ្យពួកគេតាមរយៈពួកព្យាការីរបស់ទ្រង់ ។
-
សូមអាន នេហេមា ៤:៩ ១៤–២០ ហើយពិភាក្សាអំពីអ្វីដែលអ្នករៀនពីប្រជាជនរបស់នេហេមាអំពីការយកឈ្នះលើការរំខាន និងការលំបាកក្នុងការសម្រេចកិច្ចការដែលព្រះវរបិតាសួគ៌ប្រទានឲ្យយើង ។
-
សូមប្រគល់ក្រដាសទៅក្រុមដើមវិញ ។ អាន និងពិភាក្សាអំពីការរំខាន និងការលំបាកដែលក្រុមផ្សេងទៀតបានបន្ថែមទៅលើក្រដាសរបស់អ្នក ។ សូមពិចារណាអំពីរបៀបដែលនរណាម្នាក់អាចយកឈ្នះលើបញ្ហាទាំងនោះ ហើយបន្តផ្តោតទៅលើកិច្ចការដែលព្រះបានប្រទានដល់ក្មេងវ័យជំទង់តាមរយៈពួកព្យាការីរបស់ទ្រង់ ។
-
សង្ខេបជាប្រយោគមួយនូវអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍អំពីការធ្វើកិច្ចការដែលព្រះវរបិតាសួគ៌បានប្រទានឲ្យយើង ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
បន្ទាប់ពីធ្វើសកម្មភាពនេះ សូមលើកទឹកចិត្តសិស្សស្ម័គ្រចិត្តឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ជាមួយនឹងសិស្សក្នុងថ្នាក់ ។ អ្នកអាចអញ្ជើញសិស្សឲ្យចង្អុលបង្ហាញសេចក្ដីពិតមួយនៅលើក្ដារខៀនដែលក្រុមមួយទៀតបានសរសេរ ហើយចែកចាយនូវអ្វីដែលពួកគេបានរៀនពីសេចក្ដីពិតនោះ ។ នៅពេលសិស្សចែកចាយសេចក្ដីពិត សូមជួយពួកគេឲ្យផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទដោយសួរសំណួរដូចជា « តើការបង្រៀន ឬគំរូអ្វីខ្លះពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះជួយយើងឲ្យយល់កាន់តែច្បាស់ពីសេចក្ដីពិតនេះ ? »
ឧទាហរណ៍នៃសេចក្ដីពិតរបស់ក្រុមដែលអាចសរសេរមានដូចជា ៖
តាមរយៈការអធិស្ឋាន យើងអាចទទួលបានការការពារ និងកម្លាំងពីព្រះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ ( នេហេមា ១:៤; ៤:៩ )
ព្រះនឹងជួយអ្នកបម្រើទ្រង់ឲ្យយកឈ្នះលើការប្រឆាំងនឹងការធ្វើកិច្ចការរបស់ទ្រង់ ។ ( នេហេមា ៤:២០ )
-
តើអ្វីដែលអ្នកបានរៀននៅក្នុងសកម្មភាពនេះអាចជួយអ្នកបន្តផ្ដោតលើកិច្ចការដែលព្រះបានប្រទានឲ្យអ្នកធ្វើយ៉ាងដូចម្ដេច ?
វីដេអូ « The Soul’s Sincere Desire » ( ៣:២៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org អាចជួយសិស្សឲ្យកត់សម្គាល់ និងពិភាក្សាអំពីរបៀបដែលសូម្បីតែរឿងល្អក៏អាចក្លាយជាការរំខានពីការផ្តោតទៅលើកិច្ចការដែលសំខាន់ជាងនេះ ដែលព្រះបានប្រទានឲ្យយើងផងដែរ ។
ការអនុវត្តផ្ទាល់ខ្លួន
សូមពន្យល់សិស្សថា ពួកមារសត្រូវរបស់លោកបានកំណត់គោលដៅលើនេហេមាដោយផ្ទាល់ ។ ពួកវាបានព្យាយាមប្រើល្បិចជាច្រើនដើម្បីបញ្ឈប់លោកពីការធ្វើកិច្ចការរបស់ព្រះក្នុងការសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ។ ល្បិចមួយគឺព្យាយាមបញ្ឆោតលោកចេញពីក្រុងទៅកន្លែងដែលពួកវាអាចងាយនឹងធ្វើឲ្យលោកមានគ្រោះថ្នាក់ ។
សូមអញ្ជើញសិស្សឲ្យបំពេញចំណុចខាងក្រោមនេះដោយស្ងៀមស្ងាត់ ។ អ្នកប្រហែលជាចង់ឲ្យពួកគេមានពេលច្រើន ហើយលើកទឹកចិត្តពួកគេឲ្យគិតអំពីអារម្មណ៍ដែល ព្រះនឹងធ្វើឲ្យពួកគេបញ្ចប់សេចក្ដីថ្លែងការណ៍ទាំងនោះ ។
សូមអាន នេហេមា ៦:១–៤, ១៥–១៦ ហើយជញ្ជឹងគិតពីអ្វីដែលអ្នករៀនពីការឆ្លើយតបរបស់នេហេមាចំពោះការប៉ុនប៉ងរបស់ពួកសត្រូវរបស់លោក ដើម្បីទាញលោកចេញពីកិច្ចការរបស់ព្រះ ។ ( អ្នកប្រហែលជាចង់សម្គាល់ និងជញ្ជឹងគិតអំពីអ្វីដែល ខទី ៣ អាចមានន័យក្នុងជីវិតរបស់អ្នក ) ។
សូមបំពេញសេចក្តីថ្លែងការណ៍ខាងក្រោមដោយផ្អែកលើជីវិតរបស់អ្នក ។ កត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅគែមនៃព្រះគម្ពីររបស់អ្នកនៅក្បែរ ខទី ៣ ។
ខ្ញុំជឿថា ព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំផ្តោតទៅលើ ។
ការរំខាន ឬការលំបាកមួយចំនួនដែលអាចកើតមានដែលខ្ញុំអាចប្រឈមមុខគឺ ។
របៀបមួយចំនួនដែលខ្ញុំនៅតែអាចផ្តោតទៅលើកិច្ចការរបស់ព្រះវរបិតាសួគ៌គឺ ។