« អែសរ៉ា ៖ ការរៀបចំខ្លួនចូលរួមព្រះដំណាក់របស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អែសរ៉ា ៖ ការរៀបចំខ្លួនចូលរួមព្រះដំណាក់របស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ មេរៀនទី ៩២
អែសរ៉ា
ការរៀបចំខ្លួនចូលរួមព្រះដំណាក់របស់ព្រះអម្ចាស់
កម្រិតនៃការរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់យើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់បទពិសោធន៍ដែលយើងមាន ។ ពួកសាសន៍អ៊ីស្រាអែលជាច្រើននាក់អាចទទួលបានអំណរយ៉ាងស៊ីជម្រៅ បន្ទាប់ពីការរៀបចំខ្លួនខាងសាច់ឈាម និងខាងវិញ្ញាណជាច្រើនឆ្នាំ ដើម្បីកសាងព្រះវិហារបរិសុទ្ធឡើងវិញ និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះ ។ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះរបស់យើងក៏បានប្រទានពរដល់យើងផងដែរឲ្យមានឱកាសទទួលបាននូវអំណរដោយការថ្វាយបង្គំនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ។ ការខិតខំរបស់យើងដើម្បីរៀបចំខ្លួនសម្រាប់ពរជ័យនោះអាចជះឥទ្ធិពលដល់បទពិសោធន៍របស់យើង ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់រៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់កាន់តែខ្លាំងឡើង ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃកិច្ចការទាំងរយៈពេលខ្លី និងរយៈពេលវែងដែលពួកគេអាចធ្វើដើម្បីរៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក ពួកគេអាចពិចារណាពីរបៀបដែលការរៀបចំខ្លួនរបស់ពួកគេអាចមានឥទ្ធិពលដល់បទពិសោធន៍របស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទឹងរង់ចាំទៅព្រះវិហារបរិសុទ្ធ
អ្នកអាចចាប់ផ្តើមថ្នាក់ដោយអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវព្រឹត្តិការណ៍នាពេលអនាគតមួយចំនួនដែលពួកគេរំភើបនឹងដកពិសោធន៍ ។ ឧទាហរណ៍អាចរួមមានការទទួលសញ្ញាបត្រ អាពាហ៍ពិពាហ៍ និងការងារ ។ បន្ទាប់មក សិស្សអាចជ្រើសរើសព្រឹត្តិការណ៍មួយពីក្ដារខៀន ហើយចែកចាយជាមួយដៃគូនូវកិច្ចការមួយ ឬពីរដែលនរណាម្នាក់អាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍នោះ ។
សូមពិចារណាបង្ហាញរូបភាពព្រះវិហារបរិសុទ្ធ សលត៍ លេក ខាងក្រោម នៅពេលដែលព្រះវិហារបរិសុទ្ធជិតរួចរាល់ដើម្បីឧទ្ទិសនៅទសវត្សរ៍ឆ្នាំ១៨៩០ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ១៨០៧–១៨៩៨ ) ដោយរកមើលអ្វីមួយដែលលោកបានរៀបចំខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
[ នៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ សលត៍ លេក ] បន្ទាប់មក ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានធ្វើការថ្លែងសុន្ទរកថាទៅកាន់ពួកបរិសុទ្ធ ។ លោកបានមានប្រសាសន៍ថា « ខ្ញុំបានទន្ទឹងរង់ចាំថ្ងៃនេះអស់រយៈពេលហាសិបឆ្នាំជាងនៃជីវិតរបស់ខ្ញុំ » ។ ( Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ២ No Unhallowed Hand ឆ្នាំ១៨៤៦–១៨៩៣ [ ឆ្នាំ ២០២០ ] ទំព័រ៦៦៣–៦៦៤ )
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវិហារបរិសុទ្ធដែលអាចនឹងធ្វើឲ្យប្រធាន វិលហ្វូឌ វូឌដ្រុព្វ ទន្ទឹងរង់ចាំឲ្យព្រះវិហារបរិសុទ្ធ សលត៍ លេក សាងសង់រួចរាល់ ?
ប្រសិនបើសិស្សមិនបានលើកឡើងអំពីព្រះ ខណៈពួកគេបានឆ្លើយសំណួរមុន នោះអ្នកអាចជួយពួកគេបង្កើតទំនាក់ទំនងនោះដោយការសួរសំណួរដូចជា « តើទំនាក់ទំនងអ្វីខ្លះ ដែលអ្នកមើលឃើញរវាងការចូលរួមព្រះវិហារបរិសុទ្ធ និងទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? »
សូមអញ្ជើញសិស្សឲ្យកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរដូចខាងក្រោមចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចពន្យល់ថា ការចំណាយពេលដើម្បីជញ្ជឹងគិតពីអារម្មណ៍ និងបទពិសោធន៍បច្ចុប្បន្នរបស់យើងអាចជួយរៀបចំយើងដើម្បីរៀនពីព្រះវិញ្ញាណបរិសុទ្ធ ។
-
តើខ្ញុំមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលខ្ញុំទន្ទឹងរង់ចាំការចូលព្រះវិហារបរិសុទ្ធនាពេលអនាគត ?
-
តើខ្ញុំកំពុងធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនខ្ញុំដើម្បីថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះដំណាក់របស់ទ្រង់ ?
អំណរក្នុងការបម្រើក្នុងព្រះវិហារបរិសុទ្ធ
ប្រមាណជាឆ្នាំ ៦០៥ ម.គ.ស. ពួកបាប៊ីឡូនបានដណ្ដើមយកក្រុងយេរូសាឡិម ហើយចាប់ផ្ដើមនិរទេសពួកសាសន៍យូដាជាឈ្លើយទៅក្រុងបាប៊ីឡូន ។ នៅឆ្នាំ ៥៨៧ ម.គ.ស. ពួកគេបានបំផ្លាញព្រះវិហារបរិសុទ្ធ ហើយការនិរទេសក៏បានកើនឡើង ។ ប្រហែល ៥០ ឆ្នាំក្រោយមក ពួកពើស៊ីបានដណ្ដើមយកក្រុងបាប៊ីឡូនក្រោមការបញ្ជារបស់ស្តេចស៊ីរូស ។
ប្រសិនបើសិស្សរបស់អ្នកចងចាំពីព្រះវិហារបរិសុទ្ធដែលត្រូវបានប្រកាសនៅក្នុងតំបន់របស់ពួកគេ នោះអ្នកអាចរំឭកពួកគេពីបទពិសោធន៍នោះ នៅពេលពួកគេអានខគម្ពីរដូចខាងក្រោម ។ ឬអ្នកអាចសុំឲ្យសិស្សព្យាយាមស្រមៃថាតើពួកគេនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើព្រះវិហារបរិសុទ្ធត្រូវបានប្រកាសនៅក្នុងតំបន់របស់ពួកគេ ។
សូមអាន អែសរ៉ា ១:១–៣ ដោយស្វែងរកអ្វីដែលព្រះបានបំផុសគំនិតឲ្យស្ដេចស៊ីរូសធ្វើ ។
-
តើអ្នកគិតថា ពួកសាសន៍យូដាប្រហែលជាមានគំនិត និងអារម្មណ៍បែបណា ? ហេតុអ្វី ?
នៅទីបំផុត ពួកសាសន៍យូដាប្រហែល ៥០,០០០ នាក់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញដើម្បីសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញក្រោមការដឹកនាំរបស់សូរ៉ូបាបិល ( សូមមើល អែសរ៉ា ២:១–២, ៦៤–៦៥ ) ។ នៅពេលការព្យាករត្រូវបានបំពេញ ( សូមមើល អេសាយ ៤៤:២៨; យេរេមា ២៩:១០ ) ព្រះវិហារបរិសុទ្ធនេះត្រូវបានសាងសង់ឡើងវិញ ៧០ ឆ្នាំ ក្រោយពីព្រះវិហារបរិសុទ្ធនោះត្រូវបានបំផ្លាញ ។
សូមអាន អែសរ៉ា ៦:១៥–១៦, ២២ ហើយគូសចំណាំពីអារម្មណ៍របស់ពួកសាសន៍យូដា នៅពេលដែលព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសឆ្លងនៅទីបំផុត បន្ទាប់ពីការខិតខំអស់ជាច្រើនឆ្នាំ និងការរៀបចំខ្លួនខាងវិញ្ញាណ ។
នៅពេលសិស្សបន្តសិក្សាដំណើររឿងរបស់ប្រជាជននៅក្នុងអែសរ៉ា សូមអញ្ជើញពួកគេរកមើលភស្តុតាងនៃសេចក្ដីពិតនេះ ៖ នៅពេលយើងរៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ទ្រង់នឹងប្រទានពរដល់យើងដោយអំណរ អ្នកប្រហែលជាចង់សរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
ជួយសិស្សឲ្យយល់ពីអ្វីដែលសេចក្ដីពិតនេះអាចមានលក្ខណៈបែបណានៅក្នុងជីវិតរបស់ក្មេងវ័យជំទង់ ។ របៀបមួយដើម្បីធ្វើការណ៍នេះ គឺត្រូវអញ្ជើញសិស្សក្នុងថ្នាក់ឲ្យពិពណ៌នាយ៉ាងខ្លីអំពីក្មេងវ័យជំទង់ពីរនាក់ ៖ ម្នាក់ដែលគ្រាន់តែចូលរួមព្រះវិហារបរិសុទ្ធ និងម្នាក់ទៀតរៀបចំថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ។
មុននឹងសួរសំណួរខាងក្រោមនេះ អ្នកអាចអញ្ជើញសិស្សឲ្យពិចារណាអំពីបទពិសោធន៍ដែលពួកគេបានរៀបចំខ្លួន ឬចូលរួមព្រះវិហារបរិសុទ្ធ ។
-
តើការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធនាំឲ្យយើងមានអំណរបានយ៉ាងដូចម្ដេច ?
ដើម្បីផ្តល់ឲ្យសិស្សនូវឧទាហរណ៍មួយអំពីរបៀបដែលការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធអាចនាំមកនូវអំណរ សូមពិចារណាមើលបទពិសោធន៍របស់អែលឌើរ ខេវិន អ័រ ដាន់ខិន ក្នុងពួកចិតសិបនាក់ក្នុង « Hearts, Love, and the Temple » ដែលមាននៅលើគេហទំព័រ byui.edu/devotionals ចាប់ពីនាទីទី ២១:៤៦ ដល់ ២៤:០៥ ។
បន្ទាប់ពីមើលវីដេអូនេះហើយ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចត្រូវបានពង្រឹងតាមរយៈការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ។
ការរៀបចំខ្លួនដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ
សេចក្តីថ្លែងការណ៍ខាងក្រោម អាចជួយសិស្សឲ្យផ្លាស់ប្តូរពីការរៀនអំពីពួកសាសន៍យូដាសាងសង់ព្រះវិហារបរិសុទ្ធនៅយេរូសាឡិម ទៅការរៀបចំខ្លួនរបស់ពួកគេដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ សិស្សអាចសរសេរ ឬភ្ជាប់សេចក្ដីថ្លែងការណ៍នៅក្នុងព្រះគម្ពីររបស់ពួកគេនៅក្បែរ អែសរ៉ា ៦:១៥–១៦ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
នៅក្នុងទិដ្ឋភាពខ្លះ ការសង់ព្រះវិហារបរិសុទ្ធគឺងាយស្រួលជាងការស្ថាបនាមនុស្សម្នាក់ឲ្យត្រៀមខ្លួនដើម្បីទៅព្រះវិហារបរិសុទ្ធទៅទៀត ។ ( « Closing Remarks » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១២២–១២៣ )
សូមអញ្ជើញសិស្សឲ្យចែកចាយមូលហេតុដែលអាចងាយស្រួលក្នុងការសាងសង់ព្រះវិហារបរិសុទ្ធជាងការរៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ។
យើងអាចរៀនអំពីការរៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធដោយសិក្សាពីបទពិសោធន៍របស់ពួកសាសន៍យូដា ដែលសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញនៅក្រុងយេរូសាឡិម ។
សំណៅមេរៀនដែលភ្ជាប់មកជាមួយអាចជួយសិស្សរកឃើញភាពទាក់ទងកាន់តែប្រសើរឡើង នៅក្នុងគម្ពីរអែសរ៉ាចំពោះជីវិតរបស់ពួកគេ ដោយប្រៀបធៀបការខិតខំរបស់ពួកសាសន៍យូដាក្នុងការសាងសង់ព្រះវិហារបរិសុទ្ធទៅនឹងការរៀបចំខ្លួនរបស់យើង ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
សិស្សអាចបំពេញសំណៅមេរៀនជាក្រុមតូចៗ ។ ដើម្បីធ្វើការណ៍នេះ សមាជិកម្នាក់ៗនៅក្នុងក្រុមអាចបំពេញផ្នែកមួយ ឬពីរនៃសំណៅមេរៀន ។ បន្ទាប់មក សិស្សអាចចែកចាយអ្វីដែលពួកគេបានរៀនជាមួយសមាជិកក្រុមរបស់ពួកគេ ។
ជម្រើសមួយផ្សេងទៀត អ្នកអាចកាត់សំណៅមេរៀនជាផ្នែកៗ ហើយដាក់សំណៅមេរៀននៅពេញបន្ទប់រៀន ។ ក្រុមសិស្សទាំងឡាយអាចប្ដូរទីតាំងនៅក្នុងថ្នាក់រៀន ហើយបំពេញផ្នែកនីមួយៗនៃសំណៅមេរៀន ដោយឆ្លើយសំណួរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
បន្ទាប់ពីសិស្សបានបញ្ចប់ការបំពេញសំណៅមេរៀនហើយ សូមប្រាកដថាពួកគេមានពេលដើម្បីពិភាក្សាអំពីការយល់ដឹងដែលពួកគេចាប់អារម្មណ៍ ។
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ។ បង្កើតជួរឈរចំនួនបីនៅលើក្ដារខៀនដែលមានចំណងជើងថា « ១ » « ២ » និង « ៣ » ។ សូមអញ្ជើញសិស្សឲ្យសរសេរឈ្មោះរបស់ពួកគេក្នុងជួរឈរក្រោមលេខសំណួរដែលពួកគេចង់ឆ្លើយ ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីជួរឈរនីមួយៗឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
តើអ្នកគិតថាការរៀបចំខ្លួនដើម្បីចូលរួមក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អាចជួយយើងទទួលបាននូវអំណរ នៅពេលយើងចូលរួមក្នុងព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់បានប្រទានពរអ្នកដោយអំណរយ៉ាងដូចម្ដេច ពេលអ្នកបានចូលរួមក្នុងព្រះវិហារបរិសុទ្ធ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលនឹងជំរុញចិត្តអ្នកឲ្យរៀបចំខ្លួនចូលរួមក្នុងព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ទាំងទ្វេ ?
សូមពិចារណាចែកចាយការមើលឃើញអំណររបស់អ្នកដែលយើងទទួលបានពីព្រះអម្ចាស់ នៅពេលយើងរៀបចំខ្លួនយើងដើម្បីថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ។