« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០ ៖ អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០ ៖ អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មីកា, ណាហ៊ុម, ហាបាគុក, សេផានា ៖ មេរៀនទី ១៥៤
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០
អនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាជីវិតរបស់ពួកគេនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលមានអត្ថន័យនៅក្នុងជីវិតរបស់ពួកគេ ហើយជួយពួកគេរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលពួកគេបានរៀន ។ លើកទឹកចិត្តពួកគេឲ្យមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរមួយដែលពង្រឹងទីបន្ទាល់របស់ពួកគេ ការយល់ដឹងអំពីដំណឹងល្អ ឬទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ បញ្ជីនៃវគ្គបទគម្ពីរមាននៅចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២២ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ចែកចាយ
ដើម្បីរៀបចំសិស្សឲ្យចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាច្រើនដែលមានឥទ្ធិពលលើពួកគេនៅឆ្នាំនេះ សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមឲ្យបានរហ័សជាមួយដៃគូសម្រាប់ស្ថានភាពនីមួយៗដែលបានរៀបរាប់ ។
តើអ្វីជាអាហារដែលអ្នកចូលចិត្តក្នុងស្ថានភាពនីមួយៗខាងក្រោម ?
-
រឿងដំបូងដែលត្រូវធ្វើនៅពេលព្រឹក
-
ជាអាហារសម្រន់ពេលយប់ជ្រៅ
-
នៅថ្ងៃខួបកំណើតរបស់អ្នក
-
នៅថ្ងៃត្រង់ដ៏ក្ដៅ
-
នៅល្ងាចដ៏ត្រជាក់
ដូចជាអាហារដែលអ្នកចូលចិត្តអាចផ្លាស់ប្តូរដោយផ្អែកលើកាលៈទេសៈផ្សេងៗគ្នា វគ្គបទគម្ពីរដែលអ្នកចូលចិត្តក៏អាចផ្លាស់ប្តូរដោយផ្អែកលើតម្រូវការ និងស្ថានភាពផ្សេងទៀតផងដែរ ។
សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមសម្រាប់ស្ថានភាពនីមួយៗដែលបានពិពណ៌នាខាងក្រោម ។ អ្នកអាចផ្អាកបន្ទាប់ពីចែកចាយស្ថានភាពនីមួយៗ ដើម្បីសិស្សអាចពិនិត្យមើលបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាចាស់នៅចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យចែកចាយវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើស និងមូលហេតុជាមួយដៃគូ ឬនៅក្នុងក្រុមតូច ។
ត្រូវប្រាកដថាទុកពេលរៀនគ្រប់គ្រាន់សម្រាប់ផ្នែក « រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » ។
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាចាស់មួយណាដែលអ្នកចូលចិត្តសម្រាប់វគ្គនីមួយៗខាងក្រោមនេះ ? ហេតុអ្វី ?
-
ដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់
-
ដើម្បីពន្យល់ពីតម្រូវការរបស់យើងដើម្បីមានព្យាការី
-
ដើម្បីយល់អំពីផែនការនៃសេចក្តីសង្រ្គោះ
រៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សម្រាប់សកម្មភាពខាងក្រោម វាអាចជួយដាក់សិស្សជាក្រុមៗដែលមានគ្នាបីនាក់ ដោយសមាជិកក្រុមនីមួយៗផ្តោតលើគោលការណ៍ផ្សេងគ្នានៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ផ្តល់ពេលវេលាដល់សិស្សដើម្បីពិនិត្យមើលកថាខណ្ឌក្នុងឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ដែលត្រូវនឹងគោលការណ៍របស់ពួកគេ ។ ( គំនិតសម្រាប់សកម្មភាពរំឭកឡើងវិញមាននៅក្នុង « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ » នៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះ ) ។
នៅពេលសិស្សពិនិត្យរួចរាល់ហើយ សូមផ្តល់ក្រដាសមួយសន្លឹកដល់ក្រុមនីមួយៗ ។ អញ្ជើញពួកគេឲ្យប្រើជំហានទាំងបីខាងក្រោមដើម្បីសរសេរសាច់រឿងជាក់ស្តែង ដែលការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនឹងមានសារៈសំខាន់ ។ ប្រសិនបើក្រុមត្រូវការការណែនាំបន្ថែមបន្តិច អ្នកអាចណែនាំពួកគេឲ្យបង្កើតសាច់រឿងរបស់ពួកគេដោយផ្អែកលើក្មេងជំទង់ដែលមានសំណួរ ឬកង្វល់អំពីប្រធានបទមួយក្នុងចំណោមប្រធានបទខាងក្រោម ៖
-
ភាពពិតនៃព្រះគម្ពីរមរមន
-
តម្រូវការសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនៅលើផែនដី
-
ការទូន្មានថ្មីៗពីព្យាការី
ប្រសិនបើមានប្រយោជន៍ មានសាច់រឿងដែលបានណែនាំនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ប្រើជំហានខាងក្រោមដើម្បីបង្កើត និងពិភាក្សាអំពីសាច់រឿងជាក់ស្តែងដែលក្មេងជំទង់អាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយដោះស្រាយសំណួរ ឬកង្វល់នានា ។
-
សរសេរឈ្មោះ និងអាយុរបស់បុគ្គលនោះ និងបញ្ហាប្រឈមនៃសេចក្តីជំនឿជាក់ស្តែងដែលពួកគេកំពុងប្រឈមមុខ ។
-
រៀបរាប់សំណួរ ឬកង្វល់មួយ ឬពីរដែលពួកគេមាន ជាលទ្ធផលនៃបញ្ហាប្រឈមរបស់ពួកគេ ។
-
ពិភាក្សាសំណួរខាងក្រោមជាមួយក្រុមរបស់អ្នក ប៉ុន្តែកុំសរសេរចម្លើយរបស់អ្នកនៅលើក្រដាសរបស់អ្នកឡើយ ។ ត្រូវប្រាកដថា សមាជិកក្រុមនីមួយៗមានឱកាសចែកចាយការយល់ដឹងរបស់ពួកគេ ។
-
តើគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយបុគ្គលរូបនេះក្នុងស្ថានភាពរបស់ពួកគេយ៉ាងដូចម្តេច ?
ផ្តល់ឲ្យក្រុមទាំងឡាយមានពេលច្រើនដើម្បីពិភាក្សាសំណួរមុន ។ អ្នកប្រហែលជាចង់ដើរជុំវិញបន្ទប់ ហើយចូលរួមជាមួយក្រុមផ្សេងៗបន្តិចៗដើម្បីរៀនពីអ្វីដែលពួកគេកំពុងចែកចាយជាមួយគ្នា ។
ប្រសិនបើអ្នកមានអារម្មណ៍ថា វាអាចជួយផ្តល់សំណួរជាក់លាក់បន្ថែមទៀតដល់ក្រុមដើម្បីពិភាក្សា អ្នកអាចផ្តល់សំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ដែលអាចជួយបុគ្គលរូបនេះទទួលបានទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើជម្រើសរបស់ពួកគេនៅក្នុងស្ថានភាពនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងយូរអង្វែងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍អ្វីខ្លះពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអ្នកនឹងណែនាំឲ្យពួកគេសិក្សា ?
ប្រសិនបើមានពេលគ្រប់គ្រាន់ នៅពេលដែលក្រុមបញ្ចប់ការចែកចាយ សូមអញ្ជើញពួកគេឲ្យផ្លាស់ប្តូរសាច់រឿងជាមួយក្រុមផ្សេងទៀត ហើយពិភាក្សាអំពីសំណួរ ( ឬសំណួរ ) ដោយប្រើសាច់រឿងរបស់ក្រុមផ្សេងទៀត ។
ការអនុវត្តផ្ទាល់ខ្លួន
នេះគឺជាមេរៀនអនុវត្តចំណេះចំណានខាងគោលលទ្ធិចុងក្រោយនៃឆ្នាំសិក្សាព្រះគម្ពីរសញ្ញាចាស់ ។ ដោយដឹងថា វាអាចនឹងជួយសិស្សឲ្យជញ្ជឹងគិត និងសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីស្ថានភាពមួយក្នុងជីវិតរបស់ពួកគេផ្ទាល់ ដែលពួកគេអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ អ្នកអាចចែកចាយឧទាហរណ៍ខ្លីៗពីជីវិតរបស់អ្នក ដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបានផ្ដល់ពរដល់អ្នក ។
អ្នកអាចបញ្ចប់ថ្នាក់ដោយអញ្ជើញសិស្សឲ្យបំពេញការបំផុសគំនិតខាងក្រោមមួយ ឬច្រើនអំពីស្ថានភាពដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពួកគេអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ។
-
វិធីមួយដែលខ្ញុំអាចធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺ …
-
សេចក្តីពិតដែលខ្ញុំអាចចងចាំអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការរបស់ទ្រង់ដែលអាចជួយខ្ញុំគឺ …
-
ប្រភពដែលខ្ញុំអាចងាកទៅរក ដែលនឹងពង្រឹងសេចក្តីជំនឿរបស់ខ្ញុំលើព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់គឺ …
លើកទឹកចិត្តសិស្សឲ្យអនុវត្តគោលការណ៍ទាំងនេះដោយគោលបំណងចំពោះជីវិតរបស់ពួកគេ ហើយធ្វើសកម្មភាពលើចំណាប់អារម្មណ៍ដែលពួកគេទទួលបាន ។