« ទំនុកដំកើង ២៤ ៖ ‹ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ទំនុកដំកើង ២៤ ៖ ‹ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ? › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀនទី ១០៣
ទំនុកដំកើង ២៤
« តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា »
ព្រះវិហារបរិសុទ្ធគឺជាទីបរិសុទ្ធដែលស្អាតស្អំ និងបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធអាចជួយយើងស្រមៃមើលថា តើវានឹងទៅជាយ៉ាងណានៅពេលមានវត្តមានរបស់ព្រះអម្ចាស់ ។ នៅក្នុង ទំនុកដំកើង ២៤ ស្តេចដាវីឌបានអញ្ជើញយើងឲ្យព្យាយាមធ្វើខ្លួនឲ្យស្អាតស្អំ និងបរិសុទ្ធខាងវិញ្ញាណ ដើម្បីយើងអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ និងវត្តមានរបស់ទ្រង់នៅថ្ងៃណាមួយ ។ មេរៀននេះអាចជួយសិស្សរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធដោយភាពស័ក្ដិសម ហើយនៅទីបំផុតបានរស់នៅក្នុងទីវត្តមានរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលសំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយគិតអំពីការរៀបចំខ្លួនខាងវិញ្ញាណរបស់ពួកគេផ្ទាល់ដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ សំណួរទាំងនេះអាចរកបាននៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២២ ] ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្មោកគ្រោក ឬស្អាតស្អំ ?
ដើម្បីរៀបចំសិស្សឲ្យសិក្សា ទំនុកដំកើង ២៤ សូមពិចារណាបង្ហាញរូបភាពក្មេងវ័យជំទង់ដែលប្រឡាក់ភក់ ។
អ្នកក៏អាចយកភក់ដាក់ក្នុងចានមួយ ហើយអញ្ជើញសិស្សមួយចំនួនឲ្យដាក់ដៃពួកគេនៅក្នុងភក់ ។ បន្ទាប់មកសម្របសំណួរខាងក្រោមដោយសួរសិស្សពីអារម្មណ៍របស់ពួកគេ ។
-
តើអ្នកប្រឡាក់ភក់ ឬកខ្វក់ចុងក្រោយបំផុតនៅពេលណា ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ?
សូមពិចារណាដាក់បង្ហាញរូបភាពនៅខាងក្នុងព្រះវិហារបរិសុទ្ធ ។
ប្រសិនបើសិស្សរបស់អ្នកមិនទាន់បានចូលព្រះវិហារបរិសុទ្ធទេ សូមពិចារណាកែសម្រួលសំណួរខាងក្រោមដើម្បីសួរពីរបៀបដែលពួកគេស្រមៃថា ពួកគេនឹងទទួលអារម្មណ៍ថានៅក្នុងព្រះវិហារបរិសុទ្ធ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលអ្នកចូលក្នុងព្រះវិហារ បរិសុទ្ធ ?
សូមពិចារណាបង្ហាញរូបភាពក្មេងវ័យជំទង់ដែលប្រឡាក់ភក់ជាមួយរូបភាពពីព្រះវិហារបរិសុទ្ធ ។
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកមានប្រឡាក់ភក់ច្រើននៅក្នុងព្រះវិហារបរិសុទ្ធ ? ហេតុអ្វី ?
-
តើយើងអាចរៀនមេរៀនខាងវិញ្ញាណអ្វីខ្លះចេញពីដំណើររឿងនេះ ?
សូមជញ្ជឹងគិតពីអារម្មណ៍របស់អ្នក ប្រសិនបើអ្នកឈរនៅក្នុងទីវត្តមានរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខណៈដែលប្រឡាក់ភក់ ឬកខ្វក់ខាងវិញ្ញាណ ។ បន្ទាប់មក សូមជញ្ជឹងគិតពីរបៀបដែលអ្នកអាចនឹងទទួលអារម្មណ៍ថាបានឈរនៅក្នុងទីវត្តមានរបស់ទ្រង់ បន្ទាប់ពីត្រូវបានធ្វើឲ្យបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើភាពស័ក្តិសមសម្រាប់ព្រះវិហារបរិសុទ្ធសំខាន់ខ្លាំងប៉ុនណាចំពោះអ្នក ? ហេតុអ្វី ?
-
តើការដែលបានរស់នៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានសារៈសំខាន់ចំពោះអ្នកយ៉ាងណា ? ហេតុអ្វី ?
ស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យដឹងពីអ្វីដែលព្រះអម្ចាស់នឹងធ្វើដើម្បីថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ហើយថ្ងៃណាមួយចូលទៅក្នុងទីវត្តមានរបស់ទ្រង់ និងព្រះវរបិតាសួគ៌របស់ទ្រង់ ។
« ភ្នំរបស់ព្រះអម្ចាស់ »
ដើម្បីចាប់ផ្តើមសិក្សា ទំនុកដំកើង ២៤ សូមពិចារណាគូររូបភ្នំសាមញ្ញមួយនៅលើក្ដារខៀន ។ សិស្សអាចគូររូបដូចគ្នានៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ អាន ឬសង្ខេបកថាខណ្ឌខាងក្រោម ។
នៅក្នុង ទំនុកដំកើង ២៤ ស្តេចដាវីឌបានប្រើរូបភាពនៃភ្នំមួយ ។ វគ្គបទគម្ពីរខ្លះប្រើភ្នំ ឬកូនភ្នំជានិមិត្តរូបនៃព្រះវិហារបរិសុទ្ធ ( សូមមើល អេសាយ ២:២–៣ ) ។ វាអាចទៅរួចដែលដាវីឌកំពុងសំដៅទៅលើព្រះវិហារបរិសុទ្ធ ឬទីវត្តមានរបស់ព្រះ ឬទាំងពីរ ។
អ្នកប្រហែលជាចង់ដាក់បញ្ចូលនៅលើកំពូលភ្នំរបស់អ្នកនូវគំនូរដ៏សាមញ្ញនៃព្រះវិហារបរិសុទ្ធ និងពាក្យ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចគូររូបមនុស្សចង្កឹះនៅខាងក្រោមភ្នំដែលតំណាងឲ្យពួកយើង ។
សូមអាន ទំនុកដំកើង ២៤:៣–៦ ដោយរកមើលអ្វីដែលយើងគួរធ្វើ ដើម្បីរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ហើយត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះអម្ចាស់វិញនៅថ្ងៃណាមួយ ។
ទំនុកដំកើង ២៤:៣–៤ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
បន្ទាប់ពីសិស្សអានខគម្ពីរនោះហើយ ពួកគេអាចនឹងមានសំណួរអំពីពាក្យ ឬឃ្លាមួយចំនួន ។ អញ្ជើញសិស្សឲ្យសួរសំណួរទាំងឡាយដែលពួកគេ ឬនរណាម្នាក់ជាទូទៅអាចមាន នៅពេលពួកគេអានវគ្គបទគម្ពីរនេះ ។ ប្រសិនបើមានប្រយោជន៍ សូមពន្យល់ថា « សេចក្ដីភូតភរ » សំដៅទៅលើភាពឆ្មើងឆ្មៃ ឬក្រអឺតក្រទម ។ ឃ្លា« ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ »អាចសំដៅលើភាពស្មោះត្រង់ជាមួយខ្លួនឯង អ្នកដទៃ និងព្រះ ។
សូមពិចារណាសរសេរការឆ្លើយតបរបស់ព្រះអម្ចាស់ទៅនឹងសំណួរដូចខាងក្រោមនេះនៅលើក្ដារខៀនតាមគែមភ្នំ ។ រូបគំនូរចុងក្រោយរបស់អ្នកអាចមើលទៅស្រដៀងនឹងរូបភាពខាងក្រោម ។
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ហើយត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះអម្ចាស់នៅថ្ងៃណាមួយវិញ ?
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញនៅក្នុង ខគម្ពីរ ៣–៦ សូមជួយពួកគេស្វែងរកសេចក្ដីពិតខាងក្រោមនេះ ៖ យើងត្រូវតែរៀបចំខ្លួនយើងខាងវិញ្ញាណដើម្បីថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ហើយរស់នៅក្នុងទីវត្តមានរបស់ទ្រង់ ។
-
ហេតុអ្វីបានជាអ្នកគិតថា យើងត្រូវតែរៀបចំខ្លួនខាងវិញ្ញាណដើម្បីចូលព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ហើយនៅទីបំផុតនៅក្នុងទីវត្តមានរបស់ទ្រង់ ?
-
តើតម្រូវការរបស់ព្រះអម្ចាស់ដើម្បីរៀបចំខ្លួនខាងវិញ្ញាណអាចជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្តេច ?
ការរៀបចំខ្លួនខាងវិញ្ញាណ
សូមពិចារណាបង្ហាញការណែនាំខាងក្រោម ហើយអញ្ជើញសិស្សឲ្យបំពេញកិច្ចការនោះជាបុគ្គលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬជាមួយដៃគូ ។
សូមជ្រើសរើសឃ្លាមួយក្នុងចំណោមឃ្លាខាងក្រោមពី ទំនុកដំកើង ២៤:៤ ដែលអ្នកចង់រៀនបន្ថែមទៀត ។
-
ដៃស្អាត
-
ចិត្តបរិសុទ្ធ
-
មិនបណ្ដោយឲ្យព្រលឹងខ្លួនទៅតាមសេចក្ដីភូតភរ ( បន្ទាបខ្លួន )
-
ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ ( សេចក្តីទៀងត្រង់ )
ស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីឃ្លានេះ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាអ្នកគិតថាទិដ្ឋភាពនៃការរៀបចំខ្លួននេះមានសារៈសំខាន់ក្នុងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ហើយរស់នៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃណាមួយ ?
-
តើរបៀបជាក់លាក់អ្វីខ្លះដែលក្មេងវ័យជំទង់ពួកបរិសុទ្ធថ្ងៃចុងក្រោយអាចផ្ដោតទៅលើទិដ្ឋភាពនៃការរៀបចំខ្លួននោះ ?
-
តើអ្នកចង់ចែកចាយអ្វីខ្លះអំពីព្រះអង្គសង្គ្រោះជាមួយនឹងមិត្តភក្តិដែលពុះពារជាមួយទិដ្ឋភាពនៃការរៀបចំខ្លួននោះ ?
ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចណែនាំវគ្គបទគម្ពីរដូចខាងក្រោម ៖
-
ដៃស្អាត ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៨៦ )
-
ចិត្តបរិសុទ្ធ ( ម៉ូសាយ ៥:២ )
-
មិនបណ្ដោយឲ្យព្រលឹងខ្លួនទៅតាមសេចក្ដីភូតភរ ( គោលលទ្ធិ និងសេចក្តី សញ្ញា ១១២:១០ )
-
ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ ( អាលម៉ា ២៧:២៧ )
អ្នកអាចណែនាំពួកគេទៅកាន់ Topical Guide, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ បណ្ណាល័យដំណឹងល្អ ។
អ្នកក៏អាចផ្តល់នូវសម្រង់សម្ដីរបស់ អែលឌើរ បែដណា ពីធនធានបន្ថែមនៅក្នុងមេរៀននេះផងដែរ ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនជាមួយសិស្សផ្សេងទៀត ឬដៃគូដែលបានសិក្សាឃ្លាផ្សេងទៀត ។ បន្ទាប់មក អ្នកអាចស្នើឲ្យសិស្សពីរបីនាក់ឲ្យចែកចាយជាមួយថ្នាក់ ។
ការរៀបចំផ្ទាល់ខ្លួនរបស់ខ្ញុំ
ដើម្បីរៀបចំសិស្សរបស់អ្នកឲ្យសម្រេចគោលដៅផ្ទាល់ខ្លួន សូមពិចារណាបង្ហាញវីដេអូមួយដូចជា « Standing in Holy Places » ( ៥:៣៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សិស្សអាចត្រូវបានអញ្ជើញឲ្យរកមើលរបៀបដែលស្រ្តីវ័យក្មេងម្នាក់បានរៀបចំខ្លួនដើម្បីចូលព្រះវិហារបរិសុទ្ធដោយភាពស័ក្ដិសម ។
សិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីការស្ដាប់ឮបទពិសោធន៍របស់គ្នាទៅវិញទៅមកផងដែរ ។ ឧទាហរណ៍ ពួកគេអាចចែកចាយពីអារម្មណ៍របស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ឬរបៀបដែលការរក្សាភាពស័ក្តិសមក្នុងការចូលក្នុងព្រះវិហារបរិសុទ្ធផ្តល់ពរដល់ជីវិតរបស់ពួកគេ ។
សូមជញ្ជឹងគិតអំពីរបៀបដែលអ្នកកំពុងរៀបចំខ្លួនខាងវិញ្ញាណរបស់អ្នក ។ សូមជញ្ជឹងគិតពីអ្វីដែលអ្នកទទួលអារម្មណ៍ថាព្រះវរបិតាសួគ៌សព្វព្រះទ័យ និងផ្នែកដែលអ្នកអាចកែលម្អ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ចង់ឲ្យអ្នកធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនអ្នកសម្រាប់ព្រះវិហារបរិសុទ្ធ និងសម្រាប់ការរស់នៅជាមួយទ្រង់នៅថ្ងៃណាមួយ ?
-
តើអ្នកអាចពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីទូលសុំជំនួយដោយរបៀបណា ?
សូមពិចារណាចែកចាយការថ្លែងទីបន្ទាល់របស់អ្នកអំពីសេចក្តីពិតដែលសិស្សបានសិក្សា ។ សូមធានាដល់សិស្សអំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការសម្អាត និងជួយពួកគេ ។ អ្នកប្រហែលជាចង់ចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមដើម្បីបញ្ចប់មេរៀន ។
ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានចែកចាយដូចខាងក្រោម ៖
ក្ដីសង្ឃឹមរបស់ខ្ញុំចំពោះបងប្អូន និងគ្រួសារជាទីស្រឡាញ់របស់បងប្អូនទាំងអស់ សូមឲ្យ បងប្អូនមានបំណងប្រាថ្នា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការមានភាពស័ក្ដិសមដើម្បីចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ឲ្យបានញឹកញាប់តាមដែលស្ថានភាពអំណោយឲ្យ ។
ទ្រង់សព្វព្រះទ័យចង់ស្វាគមន៍បងប្អូននៅទីនោះ ។ ( « I Love to See the Temple » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៣១ )
ទន្ទេញ
អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរសំខាន់សម្រាប់ ទំនុកដំកើង ២៤:៣–៤ គឺ « តើនរណានឹងឈរក្នុងទីបរិសុទ្ធរបស់ទ្រង់ ? អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។