« នាងអេសធើរ ផ្នែកទី ២ ៖ ‹ បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« នាងអេសធើរ ផ្នែកទី ២ ៖ ‹ បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងអេសធើរ ៖ មេរៀនទី ៩៥
នាងអេសធើរ ផ្នែកទី ២
« បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ »
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងទាំងអស់គ្នានឹងមានពេលវេលាដែលយើងត្រូវការ ដើម្បីបង្ហាញភាពក្លាហាន ទោះជាកាលៈទេសៈរបស់យើងអាចខុសគ្នាក៏ដោយ ។ នាងអេសធើរបានបង្ហាញភាពក្លាហាន នៅពេលនាងពឹងផ្អែកលើព្រះអម្ចាស់ ខណៈពេលប្រឈមមុខនឹងសេចក្តីស្លាប់ដែលអាចកើតមាន ដើម្បីសង្គ្រោះប្រជាជនរបស់នាង ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើសកម្មភាពដោយភាពក្លាហាន ដើម្បីធ្វើតាមបំណងរបស់ព្រះអម្ចាស់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំចែកចាយឧទាហរណ៍មួយអំពីពេលដែលនរណាម្នាក់ដែលពួកគេស្គាល់បានបង្ហាញភាពក្លាហាន ដើម្បីធ្វើតាមព្រះរាជបំណងរបស់ព្រះអម្ចាស់
សកម្មភាពរៀនសូត្រដែលអាចមាន
ការហៅឲ្យមានចិត្តក្លាហាន
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការចែកចាយបទពិសោធន៍មួយអំពីពេលដែលនរណាម្នាក់បានបង្ហាញភាពក្លាហាន ដូចជានៅក្នុងដំណើររឿងខាងក្រោមនេះ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានចែកចាយដំណើររឿងដូចខាងក្រោម ៖
ពេលកំពុងបម្រើជាកងនាវិកសហរដ្ឋក្នុងសង្គ្រាមលោកលើកទី២ ខ្ញុំបានរៀនអំពីសកម្មភាពក្លាហាន ឧទាហរណ៍អំពីភាពក្លាហាន និងគំរូនៃភាពក្លាហាន ។ រឿងមួយដែលខ្ញុំពុំអាចបំភ្លេចបាន គឺជាភាពក្លាហានដោយស្ងប់ស្ងាត់នៃកម្មករនាវាអាយុ ១៨ ឆ្នាំម្នាក់ — ពុំមែននៅក្នុងជំនឿយើង—ដែលអៀនក្នុងការអធិស្ឋាន ។ ក្នុងចំណោមបុរស ២៥០ នាក់នៃកងនាវិកនោះ គាត់ជាបុរសតែម្នាក់គត់ ដែលបានលុតជង្គង់ចុះអធិស្ឋានរាល់យប់ ជិតគ្រែខ្លួន ខណៈដែលពួកអ្នកដែលមិនជឿបានចំអក និងបង្អាប់គាត់ ។ គាត់បានអធិស្ឋានដល់ព្រះ ដោយការឱនក្បាល ។ គាត់ពុំភ័យខ្លាចឡើយ ។ គាត់ពុំស្ទាក់ស្ទើរឡើយ ។ គាត់ក្លាហាន ។ ( « Be Strong and of a Good Courage » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ៦៧ )
-
តើអ្នកគិតដល់អ្នកណា នៅពេលដែលអ្នកឮពាក្យ ភាពក្លាហាន ?
-
តើស្ថានភាពអ្វីខ្លះដែលក្មេងវ័យជំទង់នៃពួកបរិសុទ្ធថ្ងៃចុងក្រោយអាចនឹងត្រូវបង្ហាញភាពក្លាហាន ?
ជញ្ជឹងគិតអំពីស្ថានភាពជាក់លាក់មួយ ដូចជានៅសាលារៀន នៅផ្ទះ ឬជាមួយមិត្តភក្តិ ដែលជាកន្លែងដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ប្រហែលជាចង់ឲ្យអ្នកបង្ហាញភាពក្លាហានកាន់តែខ្លាំង ។ សូមសរសេរស្ថានភាពនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
នៅពេលអ្នកសិក្សាដំណើររឿងដែលនៅសេសសល់របស់នាងអេសធើរ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកឲ្យដឹងពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកប្រឈមមុខនឹងស្ថានភាពនោះដោយភាពក្លាហាន ។
ភាពក្លាហានរបស់នាងអេសធើរ
ដើម្បីជួយសិស្សចែកចាយអ្វីដែលពួកគេចងចាំអំពីរឿងរបស់នាងអេសធើរ សូមពិចារណាបង្ហាញរូបភាពរបស់នាងអេសធើរ និងឈ្មោះខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំអំពីមនុស្សម្នាក់ៗ ។
នាងអេសធើរ
ម៉ាដេកាយ
ស្ដេចអ័ហាស៊ូរុស
ហាម៉ាន
ឬអ្នកអាចបង្ហាញវីដេអូដូចជា « For Such a Time as This » ចាប់ពីនាទីទី ៥:១២ ដល់ ៩:៤១ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សេចក្តីសង្ខេបខាងក្រោមអាចត្រូវបានប្រើដើម្បីបន្ថែមព័ត៌មានលម្អិតសំខាន់ៗដែលសិស្សអាចនឹងរំលង ។
នាងអេសធើរបានក្លាយជាអគ្គមហេសីរបស់ស្តេចអ័ហាស៊ូរុសនៃស្រុកពើស៊ី ។ ម៉ាដេកាយ អាណាព្យាបាលរបស់នាងអេសធើរ មិនព្រមក្រាបថ្វាយបង្គំហាម៉ាន ដែលជាទីប្រឹក្សារបស់ស្ដេចឡើយ ។ ហាម៉ានខឹង ហើយបានទទួលការអនុញ្ញាតពីស្តេចឲ្យបំផ្លាញពួកសាសន៍យូដាទាំងអស់ក្នុងនគរ ។ ម៉ាដេកាយបានសុំនាងអេសធើរឲ្យស្វែងរកការអន្តរាគមន៍ពីស្តេច ដោយប្រាប់នាងថា ប្រហែលជាព្រះបានដាក់នាងឲ្យនៅក្នុងស្ថានភាពនេះ « សម្រាប់ពេលនេះឯង » ( នាងអេសធើរ ៤:១៤ ) ។
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយសំណួរខាងក្រោម អ្នកអាចអញ្ជើញពួកគេឲ្យអាន នាងអេសធើរ ៤:១០–១១ ។
-
ហេតុអ្វីបានជាការចូលគាល់ស្ដេចតម្រូវឲ្យមានចិត្តក្លាហាន ?
សូមអាន នាងអេសធើរ ៤:១៥–១៧ ដោយរកមើលរបៀបដែលនាងអេសធើរបង្ហាញភាពក្លាហាន នៅពេលនាងរៀបចំខ្លួនដើម្បីចូលគាល់ស្តេច ។
អ្នកក៏អាចបង្ហាញវីដេអូដែលនៅសល់ « For Such a Time as This » ចាប់ពីនាទីទី ១១:១០ ដល់ ១៣:៤៤ ។
នៅពេលអ្នកពិភាក្សាសំណួរខាងក្រោម វាអាចមានប្រយោជន៍ក្នុងការចងចាំថា ការទទួលស្គាល់មតិយោបល់របស់សិស្ស អាចជួយសិស្សឲ្យកាន់តែមានស្ម័គ្រចិត្តចូលរួមនាពេលអនាគត ។
-
តើអ្វីដែលអ្នកចាប់អារម្មណ៍អំពីនាងអេសធើរ ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពី ខទី ១៥–១៧ ដែលអាចជួយយើង នៅពេលយើងត្រូវការភាពក្លាហាន ?
អរគុណសិស្សសម្រាប់គោលការណ៍ដ៏មានអត្ថន័យដែលពួកគេបានចែកចាយ ។ ប្រសិនបើមិនបានលើកឡើងទេ នោះអ្នកអាចជួយពួកគេឲ្យកត់សម្គាល់គោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលខ្ញុំពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងផ្តល់ភាពក្លាហានដល់ខ្ញុំ ។
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកឃើញថា នាងអេសធើរពឹងផ្អែកលើព្រះអម្ចាស់ ? តើការណ៍នេះអាចជួយនាងយ៉ាងដូចម្តេច ?
ទង្វើក្លាហាន
វគ្គបទគម្ពីរខាងក្រោមអាចជួយសិស្សមើលឃើញពីរបៀបដែលព្រះអម្ចាស់បានបន្តប្រទានពរដល់នាងអេសធើរដោយនូវភាពក្លាហាន ។
សូមពិចារណាបែងចែកសិស្សទាំងឡាយទៅជាក្រុមតូចៗ ឬជាដៃគូ ។ ចាត់ក្រុមនីមួយៗ ឬសិស្សមួយគូនូវវគ្គបទគម្ពីរមួយដូចខាងក្រោម ។ ឬសិស្សក្នុងក្រុមតែមួយអាចសិក្សាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរទាំងឡាយ ហើយរៀបចំចែកចាយជាមួយគ្នាទៅវិញទៅមក ។
សូមសិក្សាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរខាងក្រោម ដោយរកមើលរបៀបដែលនាងអេសធើរបង្ហាញភាពក្លាហាន ។
-
នាងអេសធើរ ៥:១–៤ ។ នាងអេសធើរចូលគាល់ស្ដេច ។
-
នាងអេសធើរ ៧:១–៤ ។ នាងអេសធើរ ជាស្តេច និងហាម៉ានបានធ្វើពិធីជប់លៀងឯកជនមួយ ។
-
នាងអេសធើរ ៨:៣–៦ ។ នាងអេសធើរបានពិភាក្សាជាមួយស្ដេចអំពីបញ្ជារបស់ទ្រង់ ដើម្បីសម្លាប់ពួកសាសន៍យូដា ។
បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើទង្វើរបស់នាងអេសធើរជាការបង្ហាញពីភាពក្លាហានយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាមនុស្សម្នាក់ត្រូវដឹងអ្វីខ្លះអំពីព្រះដើម្បីសម្រេចចិត្តដូចដែលនាងអេសធើរបានធ្វើ ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយជាមួយមិត្តរួមថ្នាក់នូវអ្វីដែលពួកគេបានពិភាក្សា ។
ការជួយសិស្សឲ្យដាក់ព្រះយេស៊ូវគ្រីស្ទជាចំណុចសំខាន់នៃការរៀនសូត្ររបស់ពួកគេយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យថ្លែងទីបន្ទាល់អំពីទ្រង់ ។ ការណ៍នេះអាចជួយសិស្សឲ្យមានបទពិសោធន៍រៀនសូត្រកាន់តែផ្ទាល់ខ្លួន និងមានឥទ្ធិពល ។ របៀបមួយដែលយើងអាចធ្វើការណ៍នេះបាន គឺតាមរយៈការភ្ជាប់ដំណើររឿងរបស់អេសធើរទៅនឹងព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
( សម្រាប់ការបំពាក់បំប៉នបន្ថែមលើការជួយសិស្សភ្ជាប់នូវអ្វីដែលពួកគេកំពុងរៀនសូត្រទៅនឹងព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ សូមមើល ៖ « សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន [ ឆ្នាំ២០២២ ] ទំព័រ ៥ ) ។
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទនៅលើក្ដារខៀន ។ សូមពិចារណាពីសំណួរខាងក្រោមនេះមួយ ឬពីរ ។
-
តើនាងអេសធើររំឭកអ្នកអំពីព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
តើគំរូអ្វីខ្លះពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលទ្រង់បានបង្ហាញពីភាពក្លាហាន ?
ដើម្បីរៀបចំសិស្សឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន សូមពិចារណាបង្ហាញដល់សិស្សនូវវីដេអូមួយដូចជា « Having Courage and Trusting the Lord » ( ៣:១៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
3:18 -
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ពឹងផ្អែកលើព្រះអម្ចាស់ ហើយត្រូវបានប្រទានពរដោយភាពក្លាហាន ?
ទង្វើផ្ទាល់ខ្លួនរបស់ខ្ញុំអំពីភាពក្លាហាន
មតិយោបល់ខាងក្រោមអាចជួយសិស្សអនុវត្តនូវអ្វីដែលពួកគេបានរៀនសូត្រពីដំណើររឿងរបស់នាងអេសធើរ ។
សូមគិតពិចារណាអំពីស្ថានភាពដែលអ្នកបានគិតនៅដើមមេរៀននេះ ។ ស្វែងរកការណែនាំពីព្រះវិញ្ញាណ នៅពេលអ្នកជញ្ជឹងគិតពីរបៀបដែលអ្នកអាចបង្ហាញភាពក្លាហាន ហើយពឹងផ្អែកលើព្រះអម្ចាស់នៅក្នុងស្ថានភាពនោះ ។
សូមអាន នាងអេសធើរ ៤:១៦ ម្ដងទៀត ដោយសង្កត់ធ្ងន់លើសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ « … ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » ។
ដើម្បីជួយសិស្សគូសបញ្ជាក់សេចក្ដីថ្លែងការណ៍នៅក្នុង ខទី ១៦ ពួកគេអាចគូសចំណាំ ឬគូសពណ៌ចំណាំខគម្ពីរនោះប្រសិនបើចង់ ។ បន្ទាប់មក សូមពិចារណាអញ្ជើញពួកគេឲ្យសរសេរសេចក្តីថ្លែងការណ៍ឡើងវិញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេដោយប្រើការបំផុសគំនិតខាងក្រោម ។
សូមសរសេរឡើងវិញនូវសេចក្ដីថ្លែងការណ៍នេះ ដើម្បីជញ្ជឹងគិតពីការតាំងចិត្តរបស់អ្នក ដើម្បីបង្ហាញភាពក្លាហាន ហើយពឹងផ្អែកលើព្រះអម្ចាស់ជាមួយនឹងស្ថានភាពរបស់អ្នក ។ ដើម្បីជួយអ្នកធ្វើការណ៍នេះ សូមពិចារណាបំពេញការបំផុសគំនិតខាងក្រោម ៖
-
ដូច្នេះហើយ ខ្ញុំនឹង ( សកម្មភាពដែលអ្នកចង់ធ្វើ ដើម្បីបង្ហាញពីភាពក្លាហាន ) ។ ហើយប្រសិនបើ ( ផលវិបាកដែលអាចកើតមាន ) ខ្ញុំ ( អ្វីមួយដែលអ្នកនឹងធ្វើដើម្បីពឹងផ្អែកលើព្រះអម្ចាស់ ) ។
វាអាចមានប្រយោជន៍ក្នុងការផ្តល់ឧទាហរណ៍ដូចខាងក្រោម ៖
សូមស្រមៃថា អ្នកទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌ចង់ឲ្យអ្នកមានភាពក្លាហានដើម្បីឈប់ប្រើភាសាអាសគ្រាម និងប្រមាថជាមួយមិត្តភក្តិរបស់អ្នក ។ អ្នកអាចតម្រៀបពាក្យ នាងអេសធើរ ៤:១៦ ដើម្បី និយាយ ៖ « ដូច្នេះ ខ្ញុំនឹងមិនប្រើភាសាអសុរោះទៀតទេ សូម្បីតែនិយាយលេងក៏ដោយ ។ ហើយបើមិត្តភក្តិរបស់ខ្ញុំចំអន់ ឬចំអកឲ្យខ្ញុំ នោះខ្ញុំនឹងអធិស្ឋានឲ្យមានកម្លាំងបន្តការព្យាយាម » ។
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យឡើងចែកចាយអ្វីដែលពួកគេបានសរសេរ ។ ប្រសិនបើមានពេលគ្រប់គ្រាន់ សិស្សអាចចែកចាយដំបូន្មានជាមួយគ្នាទៅវិញទៅមកទាក់ទងនឹងស្ថានភាពដែលពួកគេចែកចាយ ។
សូមថ្លែងទីបន្ទាល់អំពីគំរូរបស់ព្រះអម្ចាស់អំពីភាពក្លាហាន ។ បង្ហាញជំនឿរបស់អ្នកលើសមត្ថភាពរបស់សិស្សអ្នកក្នុងការប្រឈមមុខនឹងបញ្ហារបស់ពួកគេដោយភាពក្លាហាន នៅពេលពួកគេពឹងផ្អែកលើព្រះអម្ចាស់ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។