« នាងអេសធើរ ផ្នែកទី ១ ៖ សម្រាប់ពេលនេះឯង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« នាងអេសធើរ ផ្នែកទី ១ ៖ សម្រាប់ពេលនេះឯង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងអេសធើរ ៖ មេរៀន ទី ៩៤
នាងអេសធើរ ផ្នែកទី ១
សម្រាប់ពេលនេះឯង
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាព្រះវរបិតាសួគ៌បាននាំអ្នកទៅកាន់កន្លែងនេះ នៅពេលនេះ ហើយតើទ្រង់មានកិច្ចការអ្វីខ្លះសម្រាប់អ្នកធ្វើ ? ស្ត្រីសាសន៍យូដាកំព្រាម្នាក់ឈ្មោះអេសធើរ ប្រហែលជាមានសំណួរស្រដៀងគ្នានេះដែរ ។ ការជាប់ឃុំឃាំងរបស់នាងអេសធើរនៅក្នុងស្រុកពើស៊ីបានដាក់នាងក្នុងស្ថានភាពមួយដើម្បីជួយព្រះអម្ចាស់ក្នុងការសង្គ្រោះប្រជារាស្រ្តរបស់ទ្រង់ ដែលជាពួកសាសន៍យូដា ។ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌ដាក់យើងក្នុងស្ថានភាពទាំងឡាយ ដើម្បីជួយទ្រង់ឲ្យសម្រេចកិច្ចការរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមពិចារណាសុំសិស្សឲ្យជញ្ជឹងគិតដោយការអធិស្ឋានអំពីរបៀបដែលព្រះវរបិតាសួគ៌អាចនឹងសម្រេចកិច្ចការរបស់ទ្រង់តាមរយៈពួកគេនៅក្នុងថ្នាក់សិក្ខាសាលានេះ ឬវួដ ឬសាខា សាលារៀន ទីក្រុង ឬគ្រួសាររបស់ពួកគេ
សកម្មភាពរៀនសូត្រដែលអាចមាន
ការរចនាដ៏ទេវភាព
សូមពិចារណាចាប់ផ្ដើមថ្នាក់ដោយការបង្ហាញក្តារអុក និងគ្រាប់អុក ឬរូបភាពនៃក្តារអុក ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីការលេងអុក ។ ប្រសិនបើចាំបាច់ សូមពន្យល់ថាល្បែងនេះដំណើរការនៅពេលដែលអ្នកលេងផ្លាស់ទីគ្រាប់អុករបស់ពួកគេទៅទីតាំងយុទ្ធសាស្ត្រ ដើម្បីឈ្នះល្បែងនេះ ។ អ្នកអាចសួរសិស្សពីអ្វីដែលពួកគេគិតថាធ្វើឲ្យអ្នកលេងអុកមានជំនាញ ។ ប្រសិនបើសិស្សមិននិយាយពីវាទេ សូមពិចារណាចែកចាយថា អ្នកលេងដែលមានជំនាញរៀបចំផែនការយុទ្ធសាស្រ្តឈ្នះរបស់ពួកគេជាច្រើនជំហានទៅមុខនៅពេលល្បែងនេះដំណើរការ ។ បន្ទាប់មក អ្នកអាចសុំឲ្យសិស្សគិតអំពីរបៀបដែលជីវិតរបស់យើងអាចដូចជាល្បែងអុក សូមចែកចាយការពន្យល់របស់អែលឌើរ រ៉ាសបាន ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ជីវិតរបស់យើងប្រៀបដូចក្ដារអុក ហើយព្រះអម្ចាស់រុញយើងពីកន្លែងមួយទៅកន្លែងមួយ—បើយើងអើពើទៅនឹងការបំផុសគំនិតខាងវិញ្ញាណ ។ ពេលយើងមើលទៅអតីតកាល យើងអាចឃើញព្រះហស្តទ្រង់ក្នុងជីវិតយើង ។ ( « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៥ )
-
តើអ្នកគិតថា ហេតុអ្វីបានជាវាអាចងាយស្រួលជាងមុនក្នុងការកត់សម្គាល់ពីឥទ្ធិពលរបស់ព្រះក្នុងជីវិតរបស់យើង ពេលមើលទៅអតីតកាលជំនួសឲ្យបច្ចុប្បន្ន ?
ដំណើររឿងរបស់នាងអេសធើរបង្ហាញពីរបៀបដែលឥទ្ធិពលរបស់ព្រះនៅក្នុងជីវិតរបស់នាងអេសធើរ ធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពមួយដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីផ្នែកដំបូងនៃដំណើររឿងនេះ ។ នៅពេលអ្នកសិក្សា សូមស្វែងរកព្រះវិញ្ញាណបរិសុទ្ធដោយការអធិស្ឋាន ដើម្បីជួយអ្នកឲ្យស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌អាចនឹងដាក់អ្នកនៅក្នុងស្ថានភាពដើម្បីជួយទ្រង់សម្រេចកិច្ចការរបស់ទ្រង់ ។
សម្រាប់ពេលនេះឯង
បន្ទាប់ពីពួកពើស៊ីបានវាយយកក្រុងបាប៊ីឡូន ពួកសាសន៍យូដាជាច្រើននាក់បន្តនៅស្រុក ពើស៊ី រួមទាំងនាងអេសធើរ និងអាណាព្យាបាលរបស់នាង ម៉ាដេកាយផងដែរ ។ ស្ដេចនៃស្រុកពើស៊ី អ័ហាស៊ូរុសបានមិនពេញព្រះទ័យនឹងអគ្គមហេសីរបស់ទ្រង់ ព្រះនាងវ៉ាសធី ហើយបានបញ្ជូនព្រះនាងទៅឆ្ងាយ ( សូមមើល នាងអេសធើរ ១:១–១២ ) ។ ដោយស្វែងរកអគ្គមហេសីថ្មី អ័ហាស៊ូរុសបានអំពាវនាវឲ្យនាំស្ត្រីសាសន៍ពើស៊ីទាំងអស់ទៅគាល់ចំពោះមុខទ្រង់ ( សូមមើល នាងអេសធើរ ២:១–៤ ) ។
ដើម្បីជួយសិស្សយល់ពីដំណើររឿងរបស់នាងអេសធើរ អ្នកអាចរៀបចំសិស្សជាក្រុមតូចៗ ដើម្បីសិក្សាបណ្ដុំបទគម្ពីរខាងក្រោមមួយ ។ សូមអញ្ជើញក្រុមឲ្យសង្ខេបផ្នែករបស់ពួកគេអំពីដំណើររឿងនេះដល់សិស្សក្នុងថ្នាក់ ។ អ្នកប្រហែលជាចង់គិតពីរបៀបដែលគួរឲ្យចាប់អារម្មណ៍ ដែលសិស្សអាចសង្ខេបដំណើររឿងរបស់ពួកគេ ។ សិស្សក្នុងថ្នាក់អាចគូរនិមិត្តរូបនៅលើសន្លឹកក្រដាសដើម្បីតំណាងឲ្យសាច់រឿង ( ឧទាហរណ៍ មកុដ ឬស្បៃបាំងមុខរៀបអាពាហ៍ពិពាហ៍ ចិញ្ចៀនរាជរង្ស ដាវ ឬសញ្ញារូបអារម្មណ៍យំ ជាដើម ) ។ សិស្សអាចសម្តែងរឿងនេះ ខណៈដែលសិស្សផ្សេងទៀតនិទានរឿងនេះ ។
សូមអានវគ្គដែលបានចាត់តាំងរបស់អ្នកដោយស្វែងរកកាលៈទេសៈលំបាកដែលនាងអេសធើរ និងម៉ាដេកាយបានប្រឈមមុខ ។
នាងអេសធើរ ២:៥–១១, ១៥–១៧
នាងអេសធើរ ៣:១–១៣
នាងអេសធើរ ៤:១–៩
នៅពេលសិស្សចែកចាយ សូមប្រយ័ត្នអំពីរយៈពេល ដើម្បីកុំឲ្យសិស្សចំណាយពេលសង្ខេបដំណើររឿងនេះយូរពេក ។
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យយ៉ាងណាអំពីព្រឹត្តិការណ៍ទាំងឡាយនៅក្នុងខគម្ពីរទាំងនេះ ? អំពីម៉ាដេកាយ ? អំពីនាងអេសធើរ ?
សូមអាន នាងអេសធើរ ៤:១០–១៤ ដោយរកមើលរបៀបដែលម៉ាដេកាយបានជួយនាងអេសធើរឲ្យមើលឃើញពីឥទ្ធិពលដែលព្រះវរបិតាសួគ៌អាចមានលើស្ថានភាពនៃជីវិតរបស់នាង ។
អ្នកប្រហែលជាចង់ឲ្យសិស្សគូសចំណាំសំណួរថា « ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង ? » ( ខទី ១៤ ) ។
អែលឌើរ រ៉ាសបាន ថ្លែងទីបន្ទាល់ថា ព្រះមានឥទ្ធិពលលើកាលៈទេសៈនៃជីវិតរបស់យើង ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
ខ្ញុំដឹងថា ព្រះអម្ចាស់នឹងជំរុញយើងឲ្យនៅលើក្តារអុកនោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។ អ្វីដែលមើលទៅដូចជាឱកាសចៃដន្យគឺតាមពិតបានមើលខុសត្រូវដោយព្រះវរបិតាដែលពេញដោយសេចក្ដីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ ដែលអាចរាប់អស់ទាំងសរសៃសក់របស់បងប្អូនម្នាក់ៗបាន ។ ទោះជាសត្វចាបមួយធ្លាក់ទៅលើដី ក៏ព្រះវរបិតាទ្រង់ជ្រាបដែរ ។ ព្រះចេស្ដារបស់ព្រះអម្ចាស់មានក្នុងរាល់ទិដ្ឋភាពនៃជីវិតយើង ហេតុការណ៍មិនបានព្រៀងទុក និងឱកាសនានា ត្រូវបានរៀបចំឡើងដើម្បីស្អាងគ្រួសារយើង និងមនុស្សដទៃ ពេលយើងស្ថាបនានគរព្រះលើផែនដី ។ …
ព្រះវរបិតាសួគ៌អាចដាក់យើងក្នុងស្ថានភាពមួយក្នុងព្រះរាជបំណងជាក់លាក់ ។ ទ្រង់បានធ្វើដូច្នេះនៅក្នុងជីវិតរបស់ខ្ញុំ ហើយទ្រង់កំពុងធ្វើដូច្នេះនៅក្នុងជីវិតរបស់អ្នកដែរ ។ ( « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៥–៥៦ )
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនអំពីព្រះវរបិតាសួគ៌ពីដំណើររឿងរបស់នាងអេសធើរ និងអែលឌើរ រ៉ាសបាន ?
នៅពេលសិស្សចែកចាយការឆ្លើយតបរបស់ពួកគេ សូមសរសេរសេចក្ដីពិតនៅលើក្ដារខៀនដោយប្រើពាក្យសម្ដីរបស់សិស្សដូចជា ព្រះវរបិតាសួគ៌ដាក់យើងក្នុងស្ថានភាពដែលយើងអាចជួយសម្រេចកិច្ចការរបស់ទ្រង់ ។
ចំណាំ ៖ ភាពក្លាហានរបស់នាងអេសធើរក្នុងការទៅគាល់ស្តេចដើម្បីសង្គ្រោះប្រជាជនរបស់នាង នឹងត្រូវសិក្សានៅក្នុងមេរៀនទី ៩៥ ៖ « នាងអេសធើរ ផ្នែកទី ២ » ។
ការស្គាល់ការណែនាំរបស់ព្រះវរបិតាសួគ៌
វាប្រហែលជាមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ការសម្រេចកិច្ចការរបស់ព្រះអម្ចាស់ជាញឹកញាប់មិនមែនជាបទពិសោធន៍ដ៏អស្ចារ្យនោះទេ ។ កិច្ចការនោះអាចតូចតាច ប៉ុន្តែនៅតែសំខាន់ ។ សម្រាប់ឧទាហរណ៍មួយចំនួននៃបទពិសោធន៍តូចៗ ប៉ុន្តែសំខាន់ទាំងនេះ អ្នកអាចចែកចាយរឿងរបស់ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ នៅក្នុង « Eyes to See » នាទីទី ២:២៣ ដល់ ៤:៥៤ ( Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១៦ ) ឬដំណើររឿងរបស់អែលឌើរ ប្រ៊ូក ភី ហែល៍នៅក្នុង « ចម្លើយចំពោះការអធិស្ឋាន » នាទីទី ២:១៦ ដល់ ៤:៣២ ។ អ្នកអាចរកវីដេអូនៃដំណើររឿងទាំងនេះនៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើព្រះអម្ចាស់បានប្រទានដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់នូវឱកាសដើម្បីធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ដោយរបៀបណា ?
សូមពិចារណាចែកចាយបទពិសោធន៍មួយ នៅពេលអ្នកបានទទួលស្គាល់ឱកាសដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នកដើម្បីជួយសម្រេចកិច្ចការរបស់ទ្រង់ ។
ដើម្បីជួយសិស្សគិតពិចារណាពីរបៀបដែលព្រះវរបិតាសួគ៌បានដាក់ពួកគេក្នុងស្ថានភាពដើម្បីសម្រេចកិច្ចការរបស់ទ្រង់ នោះអ្នកអាចផ្តល់ពេលវេលាដល់ពួកគេដើម្បីជញ្ជឹងគិតចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមដោយស្ងៀមស្ងាត់ ។ ពួកគេអាចកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកគិតថាសេចក្ដីថ្លែងការណ៍របស់ម៉ាដេកាយនៅក្នុង ខទី ១៤ អាចពិពណ៌នាអំពីអ្នកយ៉ាងដូចម្ដេច ?
ប្រសិនបើអ្នកមានអារម្មណ៍ថា សិស្សត្រូវការជំនួយបន្ថែមទៀត ដើម្បីស្គាល់ឱកាសទាំងនេះនៅក្នុងជីវិតរបស់ពួកគេ អ្នកអាចឲ្យសិស្សបំពេញសកម្មភាពខាងក្រោមជំនួសវិញ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឈ្មោះនរណាម្នាក់នៅក្នុងជីវិតរបស់អ្នក ( គ្រួសារ សាលារៀន សាសនាចក្រ ឬទីកន្លែងផ្សេងទៀត ) ។ បន្ទាប់មក សូមឆ្លើយសំណួរយ៉ាងហោចណាស់មួយ ខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញថា ព្រះវរបិតាសួគ៌បានដាក់បុគ្គលនោះក្នុងជីវិតរបស់អ្នក « សម្រាប់ពេលនេះឯង ? » ( នាងអេសធើរ ៤:១៤ ) ?
-
តើនៅពេលណាដែលអ្នកបានឃើញព្រះហស្ដរបស់ព្រះវរបិតាសួគ៌ដាក់អ្នកជុំវិញមនុស្សជាក់លាក់ ឬក្នុងស្ថានភាពមួយចំនួន « សម្រាប់ពេលនេះឯង ? » ( នាងអេសធើរ ៤:១៤ ) ?
តាមការគួរ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យមកចែកចាយអំពីអ្វីដែលពួកគេបានសរសេរជាមួយនឹងថ្នាក់ទាំងមូល ។ សូមពិចារណាលើកទឹកចិត្តសិស្សឲ្យធ្វើតាមចំណាប់អារម្មណ៍ខាងវិញ្ញាណដែលពួកគេអាចមានអំឡុងពេលមេរៀននេះ ។