ថ្នាក់​សិក្ខាសាលា
ពង្សាវតារក្សត្រ ទី២ ៦ ៖ « ពួក​ដែល​នៅ​ខាង​យើង »


« ពង្សាវតារក្សត្រ ទី២ ៦ ៖ ‹ ពួក​ដែល​នៅ​ខាង​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពង្សាវតារក្សត្រ ទី២ ៦ ៖ ‹ ពួក​ដែល​នៅ​ខាង​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពង្សាវតារក្សត្យ ទី២ ២–៧ ៖ មេរៀន​ទី ៨៥

ពង្សាវតារក្សត្រ ទី២ ៦

« ពួក​ដែល​នៅ​ខាង​យើង »

ពេល​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​ស៊ីរី បាវបម្រើ​របស់​ព្យាការី​អេលីសេ​បាន​ស្រែក​ឡើង​ដោយ​ភ័យខ្លាច​ថា ៖ « តើ​យើង​នឹង​ធ្វើ​ដូចម្តេច ? » ( ពង្សាវតារក្សត្រ ទី២ ៦:១៥ ) ។ អេលីសេ​បានលួងលោម​ដល់​អ្នក​បម្រើ​របស់​គាត់ ដោយ​ជួយ​គាត់​ឲ្យ​ស្គាល់​ជំនួយ​របស់​ព្រះអម្ចាស់ ។ យើង​ក៏​អាច​ត្រូវ​បាន​សម្រាល​ទុក្ខ​ដែរ ពេល​យើង​រៀន​ស្គាល់​ជំនួយ​របស់​ព្រះអម្ចាស់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​កាន់តែ​ខ្លាំង​លើ​ការមើលថែ​ដ៏​ខ្ជាប់ខ្ជួន និង​យកព្រះទ័យ​ទុកដាក់​របស់​ព្រះអម្ចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​មួយ​អំពីពេល​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ ឬ​ការពារ​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការស្គាល់​ការមើលថែ​របស់​ព្រះអង្គសង្រ្គោះ

ដើម្បី​ចាប់ផ្តើម​មេរៀន​របស់​អ្នក សូម​ពិចារណា​គូរ​រូប​មនុស្ស​ចង្កឹះ​នៅ​កណ្តាល​ក្តារខៀន ។

បទគម្ពីរ​មាន​នូវ​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​រាស្ដ្រ​របស់​ទ្រង់​ដែល​ខិតខំ​បម្រើ​ទ្រង់ ។ ដើម្បី​ស្រមៃឃើញ​ពី​ការសន្យា​មួយ​ក្នុង​ចំណោម​ការសន្យា​ទាំងនេះ សូម​គូរ​រូប​មនុស្ស​ចង្កឹះ​នៅ​កណ្តាល​ទំព័រ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ហើយ​ដាក់​ស្លាក​វា​ថា ខ្ញុំ ។

បន្ទាប់មក សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៨៨ ហើយ​គូរ​ជុំវិញ​រូប​មនុស្ស​ចង្កឹះ​របស់​អ្នក​ពី​របៀប​ដែល​អ្នក​ស្រមៃឃើញ​ការសន្យា​របស់​ព្រះអម្ចាស់ ។

អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​បន្ថែម​លើ​គំនូរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​គូរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​គូរ​នូវ​អ្វី​ដែល​ពួកគេ​បានគូរ ។ សិស្ស​ផ្សេង​ទៀត​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បន្ថែម​អ្វី​ខុសគ្នា​ដែល​ពួកគេ​ប្រហែលជា​បានគូរ ។ ជម្រើស​មួយ​ផ្សេង​ទៀត សិស្ស​អាច​ចែកចាយ និង​ពន្យល់​គំនូរ​របស់​ពួកគេ​ជាមួយ​អ្នក​ជិតខាង ។

  • តើ​អ្នក​គិត​ថា វា​អាច​ជះឥទ្ធិពល​ដល់​នរណា​ម្នាក់​ដោយ​របៀបណា ប្រសិនបើ​ពួកគេ​អាច​ស្គាល់​ការសន្យា​ទាំងនេះ​ដែល​កើតឡើង​ក្នុង​ជីវិត​របស់​ពួកគេ ?

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​ក្នុង​ការមើលឃើញ ឬ​ទទួល​ស្គាល់​ពរជ័យ និង​ការការពារ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​បានចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ជីវិត​របស់​សិស្ស​ម្នាក់ៗ ។

សូម​ជញ្ជឹងគិត​ថា​តើ​អ្នក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ការចូលរួម​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​អ្នក​បាន​ល្អ​កម្រិតណា ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ស្គាល់​យ៉ាង​ហោច​ណាស់​របៀប​មួយ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កំពុង​ប្រទានពរ ឬ​ការពារ​អ្នក​ដែរ​ឬ​ទេ ? បើ​ដូច្នេះ តើ​ទ្រង់​ទាំងទ្វេ​ធ្វើ​វា​យ៉ាង​ណា ?

  • តើ​ស្ថានភាព​អ្វីខ្លះ​ដែល​អ្នក​កំពុង​ប្រឈមមុខ​ក្នុង​ជីវិត​របស់​អ្នក ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​កាន់តែ​ច្បាស់​អំពី​ពរជ័យ និង​ការការពារ​របស់​ទ្រង់​ទាំងទ្វេ ?

នៅពេល​អ្នក​សិក្សា ពង្សាវតារក្សត្រ ទី២ ៦ សូម​យាងព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ប្រទានពរ និង​ការពារ​អ្នក ។

ជំនួយ​ដ៏​ទេវភាព

សូម​ពិចារណា​ពន្យល់​ព័ត៌មាន​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​យល់​ពី​បរិបទ​នៃ ពង្សាវតារក្សត្រ ទី២ ៦ ។

ក្នុង​អំឡុង​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ស៊ីរី ស្ដេច​នៃ​ស្រុក​ស៊ីរី​បានពិភាក្សាអំពី​ផែនការ​ប្រយុទ្ធ​របស់​ទ្រង់​ជាមួយ​នឹង​អ្នក​បម្រើ​របស់​ទ្រង់​ដោយ​សម្ងាត់ ។ ទោះជា​យ៉ាង​ណា ព្រះអម្ចាស់​បានបើកសម្ដែង​ម្ដងហើយ​ម្ដងទៀត​អំពី​ផែនការ​របស់​ស៊ីរី​ដល់​ព្យាការី​អេលីសេ ដែល​លោក​នឹង​ព្រមាន​ដល់​ស្ដេច​អ៊ីស្រាអែល ។ ពេល​ស្ដេច​នៃ​ស្រុក​ស៊ីរី​បានដឹង​ហេតុការណ៍​នេះ ទ្រង់​ក៏​ចាត់​កងទ័ព​ទៅ​ចាប់​អេលីសេ ( សូម​មើល ពង្សាវតារក្សត្រ ទី២ ៦:៨–១៣ ) ។

សូម​ជ្រើសរើស​របៀប​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សិស្ស​ក្នុង​ការសិក្សា​ខគម្ពីរ​ខាងក្រោម​នេះ ដើម្បី​ជួយ​ពួកគេ​កំណត់​គោលការណ៍​នៃ​ការប្រែចិត្តជឿ ។ ឧទាហរណ៍ វា​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការសិក្សា​ពី​ទស្សនៈ​របស់អ្នក​បម្រើ​របស់​អេលីសេ ។ ពួកគេ​អាច​ផ្អាក​ម្តងម្កាល ហើយ​គិត​អំពី​អារម្មណ៍​របស់​ពួកគេ​ប្រសិនបើ​ពួកគេ​ជាគាត់​វិញ​នោះ ។ សិស្ស​ក៏​អាច​អាន​ជា​ថ្នាក់ ឬ​ជា​ក្រុម​តូចៗ​ផងដែរ ដោយ​មាន​សិស្ស​ផ្សេងៗ​គ្នា​អាន​ផ្នែក​សម្រាប់​អេលីសេ បាវបម្រើ​របស់​អេលីសេ និង​ស្តេច​នៃ​អ៊ីស្រាអែល ។

វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា​សាម៉ារី គឺជា​រាជធានី​នៃ​នគរ​អ៊ីស្រាអែល ។

សូម​អាន ពង្សាវតារក្សត្រ ទី២ ៦:១៤–២៣ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ និង​ការពារ​អេលីសេ និង​បាវបម្រើ​របស់​គាត់ ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចេញពី​ដំណើររឿង​នេះ ?

  • តើ​សេចក្តីពិត​អ្វីខ្លះ​ពី​ដំណើររឿង​នេះ​ដែល​អាច​ទាក់ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ ?

    ប្រសិនបើ​សិស្ស​មិន​បានចែកចាយ​សេចក្ដីពិត​ស្រដៀង​គ្នា​នេះ​នៅក្នុង​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់​ទេ សូម​ពិចារណា​ចែកចាយ​សេចក្ដីពិត​ដូច​ខាងក្រោម ៖ ព្រះអម្ចាស់​អាច​ជួយ​យើង​ស្គាល់​ពរជ័យ​របស់​ទ្រង់ និង​ការការពារ​នៅក្នុង​ជិវិត​របស់​យើង ។

  • តើ​អ្នក​គិត​ថា ការស្គាល់​ពរជ័យ និង​ការការពារ​របស់​ព្រះអម្ចាស់​ជះឥទ្ធិពល​ដល់​អេលីសេ និង​បាវបម្រើ​របស់​គាត់​យ៉ាង​ដូចម្ដេច ?

ការស្គាល់​ពរជ័យ និង​ការការពារ​របស់​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​នូវ​របៀប​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ពរ និង​ការពារ​ពួកគេ នោះ​អ្នក​អាច​ដាក់​ពួកគេ​ជា​គូៗ ឬ​ក្រុម​តូចៗ​សម្រាប់​សកម្មភាព​ខាងក្រោម ។

ចំណាំ ៖ សិស្ស​នឹង​ទទួល​បាន​ឱកាស​ឲ្យ​ឆ្លុះបញ្ចាំង​ពី​បញ្ជី​ដែល​ពួកគេ​បង្កើត​នៅក្នុង​សកម្មភាព​នេះ​នៅក្នុង​មេរៀន​ទី ៩៦ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ » ។

សូម​ធ្វើ​បញ្ជី​ពី​របៀប​ផ្សេងៗ​ដែល​ព្រះអម្ចាស់​អាច​នឹង​ការពារ និង​មើលថែ​យើង ។ រាយ​បញ្ជី​ឲ្យ​បានច្រើន​តាម​ដែល​អ្នក​អាច​គិតឃើញ​នៅក្នុង​រយៈពេល​ពីរ​នាទី ។

បន្ទាប់ពី​ពីរ​នាទី អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គំនិត​បន្ថែម​ដែល​ពួកគេ​អាច​រួមបញ្ចូល​ចេញពី ម៉ូសាយ ២៤:១៣–១៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣; ៣៨:៧ ឬ​វគ្គបទគម្ពីរ​ផ្សេងទៀត​ដែល​អ្នក​អាច​ផ្ដល់​យោបល់ ។ អ្នក​ក៏​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​មកពី​ប្រធាន អាវរិង ។

ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បានបង្រៀន​អំពី​ជំនួយ​របស់​ព្រះអម្ចាស់​ដូច​ខាងក្រោម ៖

Official Portrait of President Henry B. Eyring taken March 2018.

ដូចជា​បាវបម្រើ​របស់​អេលីសេ​រូបនោះ​ផងដែរ មាន​អ្នកនៅ​ជាមួយ​បងប្អូន​ច្រើន​ជាង​អ្នក​ដែល​បងប្អូន​អាច​ឃើញថា​ប្រឆាំង​នឹង​បងប្អូន ។ ពួកគេ​ខ្លះ​ដែល​នៅជា​មួយ​បងប្អូន ប៉ុន្តែ​កែវភ្នែក​រមែង​ស្លាប់​របស់​បងប្អូន​មិនអាច​មើលឃើញ​ឡើយ ។ ព្រះអម្ចាស់​នឹង​លើក​បងប្អូន​ឡើង ហើយ​នៅពេល​ខ្លះ​ក៏ហៅ​អ្នកដទៃ​មក​នៅ​ជាមួយ​បងប្អូន ។ ( « O Ye That Embark » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៥៨ )

សូម​ពិចារណា​អំពី​ការអញ្ជើញ​ក្រុម​ឲ្យ​ប្ដូរវេន​គ្នា​ចែកចាយ​ឧទាហរណ៍​ពី​បញ្ជី​របស់​ពួកគេ ខណៈពេល​ដែល​អ្នក ឬ​អ្នក​ស្ម័គ្រចិត្ត​សរសេរ​វា​នៅលើ​ក្តារខៀន ។ អ្នក​អាច​អនុញ្ញាត​ឲ្យ​ក្រុម​បន្ត​ចែកចាយ​រហូត​ដល់​គំនិត​ពិសេសៗ​ទាំងអស់​ត្រូវ​បាន​ចែកចាយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​ចេញពី​ព្រះគម្ពីរ​ដែល​ពួកគេ​អាច​គិតឃើញ​ នៅពេល​ព្រះអម្ចាស់​បានការពារ ឬ​មើលថែ​នរណា​ម្នាក់​តាម​របៀប​ដែល​បានរាយបញ្ជី​នៅលើ​ក្ដារខៀន ។

នៅពេល​អ្នក​ពិភាក្សា​សំណួរ​ខាងក្រោម អ្នក​អាច​ជ្រើសរើស​ចែកចាយ នៅពេល​អ្នក​បានមើលឃើញ​ពរជ័យ ឬ​ជំនួយ​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក ។

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​ពរជ័យ​មួយចំនួន​ទាំងនេះ​មកពី​ព្រះអម្ចាស់​ពិបាកនឹង​មើលឃើញ​ជាង​អ្វី​ផ្សេងទៀត ?

  • តើ​នៅ​ពេលណា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ ឬ​ការពារ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ តាម​របៀប​មួយ​ក្នុង​ចំណោម​របៀប​ទាំងនេះ ?

  • តើ​បទពិសោធន៍​នេះ​បង្រៀន​អ្នក​អំពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

ការបើក​ភ្នែក​របស់​យើង

សូម​ពិចារណា​បញ្ចប់​មេរៀន​នេះ​ដោយ​បង្ហាញ​សម្រង់សម្តី និង​ការណែនាំ​ខាងក្រោម ។

ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ អតីត​សមាជិក​គណៈប្រធាន​យុវនារី បាន​ពន្យល់​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ ប្រសិនបើ​យើង​ពិបាក​មើលឃើញ​ពី​របៀប​ដែល​ព្រះ​ធ្វើការ​នៅក្នុង​ជីវិត​របស់​យើង ៖

9:45
Sister Michelle D. Craig, first counselor, Young Women general presidency.  Official Portrait as of October 2018.

ពេលខ្លះ​បង​ប្អូន​ដូច​អ្នកបម្រើនោះ បង​ប្អូនមាន​ការពិបាក​ក្នុង​ការមើល​ឃើញ​ពីរបៀប​ដែលព្រះ​កំពុងធ្វើការ​នៅក្នុងជីវិត​របស់បង​ប្អូន—ពេលដែល​បង​ប្អូន​មានអារម្មណ៏ថា​កំពុងត្រូវ​ឡោមព័ទ្ធ—នៅពេល​ការសាកល្បង​ក្នុងជីវិត​រមែងស្លាប់​ធ្វើ​ឲ្យ​បង​ប្អូន​លុតជង្គង់ចុះ ។ រង់ចាំ​ហើយ​ទុកចិត្ត​ទៅលើ​ព្រះ និង​ពេលវេលា​របស់​ទ្រង់​ពីព្រោះ​បងប្អូន​អាច​ជឿជាក់​លើ​ដួងចិត្ត​របស់​ទ្រង់​ដោយអស់​ពីដួង​ចិត្ត​របស់​បងប្អូន ។ ប៉ុន្តែ វាមាន​មេរៀនទីពីរ​នៅ​ទី​នេះ ។ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ បងប្អូន​ក៏​អាច​អធិស្ឋាន​សុំ​ព្រះអម្ចាស់​ឲ្យ​បើក​ភ្នែក​បងប្អូន​មើល​ឃើញ​នូវ​ការណ៍​ទាំងឡាយ​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​បាន ។ ( « Eyes to See » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១៥ )

សូម​ពិចារណា​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ ដែល​ជួយ​អ្នក​ឲ្យ​មាន​ទំនុកចិត្ត​ថា ព្រះអម្ចាស់​ការពារ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នក ?

ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ និង​អំពី​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការជួយ​សិស្ស​ឲ្យ​ស្គាល់​ជំនួយ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។