ថ្នាក់​សិក្ខាសាលា
សាំយូអែល ទី១ ១៦ ៖ « ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ »


« សាំយូអែល ទី១ ១៦ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សាំយូអែល ទី១ ១៦ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ មេរៀនទី ៧៣

សាំយូអែល ទី១ ១៦

« ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ »

Christ healing a man at the Pool of Bethesda

ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​សាំយូអែល​ថា ទ្រង់​បាន​ជ្រើស​រើស​ដេវីឌ​ឲ្យ​ស្នង​រាជ្យ​ពី​សូល​ជា​ស្ដេច​នៃ​អ៊ីស្រាអែល ។ តាមរយៈ​បទពិសោធន៍​នេះ សាំយូអែល​បាន​ដឹង​ថា ព្រះអម្ចាស់​ទត​ឃើញ​យើង​ខុស​ពី​មនុស្ស​ធម្មតា​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា មាន​សារៈសំខាន់​នៃ​ការមើលឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន សាំយូអែល ទី១ ១៦:៧ ។ សូម​ឲ្យ​ពួកគេ​រាយ​នៅ​ក្បែរ​ខគម្ពីរ​ដែល​មាន​ភាព​ខុសគ្នា​រវាង​អ្វី​ដែល​ពេល​ខ្លះ​អ្នក​ដទៃ​ឲ្យ​តម្លៃ​ទៅ​លើ​មនុស្ស និង​អ្វី​ដែល​ព្រះវរបិតាសួគ៌​ឲ្យ​តម្លៃ​លើ​យើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តម្លៃ​ដែល​បាន​លាក់

សូម​ពិចារណា​ចាប់ផ្តើម​បង្រៀន ដោយ​ជួយ​សិស្ស​ឲ្យ​ដឹង​ថា យើង​មិន​អាច​ដឹង​ពី​តម្លៃ​នៃ​របស់​អ្វី​មួយ ដោយ​មើល​តែ​កញ្ចប់​ពី​ខាងក្រៅ​នោះ​ទេ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​បង្ហាញ​វត្ថុ​ដូច​គ្នា​ចំនួន​ពីរ​នៅក្នុង​កញ្ចប់​ពីរ​ផ្សេង​គ្នា ឬ​អ្នក​អាច​បង្ហាញ​វត្ថុ​ដែល​មាន​តម្លៃ​ខុសគ្នា​នៅក្នុង​កញ្ចប់​ដូច​គ្នា​ពីរ ។ មុន​នឹង​បង្ហាញ​ខ្លឹមសារ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ជ្រើសរើស​កញ្ចប់​ណាមួយ​ដែល​ពួកគេ​ចង់​បាន​ជាង ។ សូម​សួរ​ពួកគេ​ពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​កញ្ចប់​នោះ ។ បន្ទាប់មក បង្ហាញ​ខ្លឹមសារ​នៃ​កញ្ចប់​ទាំងពីរ ។

  • តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​អាច​កើតឡើង​ពី​ការវិនិច្ឆ័យ​អ្នក​ដទៃ ឬ​វិនិច្ឆ័យ​ខ្លួនឯង​ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​អាច​មើល​ឃើញ ?

  • តើ​ព្រះតម្រិះ​របស់​ព្រះ​ចំពោះ​យើង​ខុស​ពី​របៀប​ដែល​យើង​អាច​មើល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​បង្ហាញ​ការជំរុញ​ឲ្យ​មាន​ការឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​ដូច​ខាងក្រោម ។

ជញ្ជឹងគិត និង​បំពេញ​ការជំរុញ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. នៅ​ពេល​នរណា​ម្នាក់​បាន​ជួប​ខ្ញុំ​ជា​លើក​ដំបូង ខ្ញុំ​គិត​ថា​ពួកគេ​ទំនង​ជា​កត់​សម្គាល់  ។

  2. ខ្ញុំ​ជឿ​ថា ព្រះវរបិតាសួគ៌​ទត​ឃើញ​លក្ខណៈ​ដូច​ខាងក្រោម​ដែល​ខ្ញុំ​មាន ដែល​មនុស្ស​ជា​ច្រើន​មើល​មិន​ឃើញ ៖  ។

  3. ពេល​ខ្ញុំ​ជួប​អ្នក​ដទៃ​ជា​លើក​ដំបូង ខ្ញុំ​មាន​ទំនោរ​នឹង​កត់​សម្គាល់  ។

  4. ប្រសិនបើ​ខ្ញុំ​អាច​មើល​ឃើញ​អ្នក​ដទៃ​ដូច​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ នោះ​វា​អាច​ជួយ​ខ្ញុំ​ឲ្យ  ។

នៅពេល​អ្នក​សិក្សា សាំយូអែល ទី១ ១៦ នៅ​ថ្ងៃ​នេះ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ប្រកប​ដោយ​អធិស្ឋាន ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការមើល​ឃើញ​ខ្លួន​អ្នក និង​អ្នក​ដទៃ​កាន់តែ​ដូច​ព្រះ​អម្ចាស់​ទត​ឃើញ ។

ព្រះអម្ចាស់​ចាត់​សាំយូអែល​ឲ្យ​ចាក់​ប្រេង​តែងតាំង​ស្ដេច​បន្ទាប់

ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​ចូលរួម​យ៉ាង​សកម្ម សូម​ពិចារណា​ដាក់​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញ​ដៃគូ​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ពីរ​ខាងក្រោម ហើយ​ពិភាក្សា​សំណួរ​ដែល​មាន​បន្ទាប់ ។ មុន​ពេល​សិស្ស​អាន សូម​ប្រាកដ​ថា​ពួកគេ​ដឹង​ថា ដោយសារ​ការមិន​ស្តាប់​បង្គាប់​របស់​សូល ព្រះអម្ចាស់​បាន​បដិសេធ​គាត់​ជា​ស្តេច​អ៊ីស្រាអែល ( សូម​មើល សាំយូអែល ទី១ ១៣:១៣–១៤; ១៥:២៦–២៨ ) ។

សូម​អាន សាំយូអែល ទី១ ១៦:១–៥ ដើម្បី​មើល​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ចាត់​សាំយូអែល​ទៅ​បេថ្លេហិម ។

  • ប្រសិនបើ​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​ការទទួលខុសត្រូវ​របស់​សាំយូអែល​ក្នុង​ការចាក់​ប្រេង​តាំង​ស្តេច​ថ្មី តើ​អ្នក​នឹង​ស្វែងរក​គុណសម្បត្តិ​អ្វីខ្លះ​នៅក្នុង​កូន​របស់​អ៊ីសាយ ?

សូម​អាន ខទី ៦–១៣ ដោយ​ស្វែងរក​សេចក្តីពិត​ដែល​ព្រះអម្ចាស់​បានបង្រៀន នៅពេល​សាំយូអែល​ព្យាយាម​ស្វែងរក​ស្តេច​សម្រាប់​ពេល​អនាគត ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ដំណើររឿង​នេះ​ដែល​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​សព្វ​ថ្ងៃ​នេះ​ដើម្បី​ឈ្វេង​យល់ ?

    នៅពេល​ដែល​ដៃគូ​ទាំងឡាយ​បាន​បញ្ចប់​ការចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​សរសេរ​សេចក្តីពិត​មួយ​នៅលើ​ក្ដារខៀន រួម​ជាមួយ​នឹង​លេខ​ខគម្ពីរ​ដែល​ពួកគេ​បាន​រកឃើញ​សេចក្តីពិត​នោះ ។

    សិស្ស​អាច​សរសេរ​សេចក្តីពិត​ជាច្រើន​ជា​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ដូចជា ព្រះ​ទត​ឃើញ​សក្តានុពល​ពិត​ប្រាកដ​របស់​យើង ដោយ​ទត​ឃើញ​ពី​ដួងចិត្ត​របស់​យើង​ជាជាង​រូបរាង​ខាង​ក្រៅ​របស់​យើង ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ព្រះគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​គុណសម្បត្ដិ​ដែល​ព្រះអម្ចាស់​ឲ្យ​តម្លៃ ?

  • តើ​អ្នក​គិត​ថា​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក​ដទៃ​នឹង​ខុស​គ្នា​យ៉ាង​ដូចម្ដេច ប្រសិនបើ​យើង​បាន​មើល​ឃើញ​ខ្លួន​យើង និង​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា​ព្រះអម្ចាស់​ទត​ឃើញ​យើង ?

ជួយ​សិស្ស​ឲ្យ​យល់ដឹង​កាន់​តែ​ស៊ី​ជម្រៅ

ជម្រើស​ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ផ្សេងៗ​សម្រាប់​សិស្ស​ក្នុង​ការឈ្វេង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន​នៅក្នុង សាំយូអែល ទី១ ១៦:៧ ។ ជ្រើសរើស​វិធីសាស្រ្ត​ដែល​អ្នក​យល់​ថា ល្អ​បំផុត​សម្រាប់​សិស្ស​របស់​អ្នក ។

មុន​នឹង​បង្ហាញ​ជម្រើស​នេះ ឬ​ជម្រើស​នានា​នៃ​ជម្រើស​របស់​អ្នក សូម​ពិចារណា​ជួយ​សិស្ស​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​នឹង​សិក្សា​នៅក្នុង​ជីវិត​ពិត ។ អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន​ដោយ​បង្ហាញ​ពី​ស្ថានភាព​ខ្លីៗ​ដែល​សិស្ស​អាច​ជួយ​បាន ។ ឧទាហរណ៍ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នរណាម្នាក់​ដែល​មាន​អារម្មណ៍​ត្រូវ​បាន​គេ​មើលរំលង ឬ​វិនិច្ឆ័យ​ខុស​ពី​មនុស្ស​ជុំវិញ​ខ្លួន ។ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ពួកគេ​អាច​នឹង​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ពិតជា​មិន​យល់​អំពី​ពួកគេ​នោះ​ទេ ។

ជម្រើស​ទី ១

សូម​ពិចារណា​ឲ្យ​សិស្ស​សហការ​គ្នា​ជា​គូៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​សិក្សា​សេចក្ដី​ថ្លែងការណ៍​ផ្សេងៗ​គ្នា ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ជាមួយ​ដៃគូ​របស់​ពួកគេ ។ អ្នក​ប្រហែល​ជា​ចង់​បង្ហាញ ឬ​ផ្តល់​ច្បាប់​ចម្លង​នៃ​សេចក្តី​ថ្លែងការណ៍​នោះ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេល​នោះ​ជា​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

ចំណាប់​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ទៅលើ​បងប្អូន​មិន​ផ្អែក​ទៅលើ​ទ្រព្យ​សម្បត្តិ ឬ​សម្រស់ ឬ​សុខភាព ឬ​ភាពឆ្លាតវៃ​ដែល​បងប្អូន​មាន​នោះ​ទេ ។ ទ្រង់​ទតមើល​បងប្អូន មិន​ដូចជា​ពិភពលោក​នេះ​មើល​ទៅ​បងប្អូន​ឡើយ ទ្រង់​ទត​ទៅ​បងប្អូន​ក្នុង​នាម​ជា​បងប្អូន​ផ្ទាល់ ។ ទ្រង់​ទត​មើល​ចិត្ត​របស់​បងប្អូន ។ ហើយ​ទ្រង់​ស្រឡាញ់​បងប្អូន ដោយសារ​បងប្អូន​ជា​បុត្រ​របស់​ទ្រង់ ។ ( « Your Wonderful Journey Home » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ១២៨ )

ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ អតីត​សមាជិក​គណៈប្រធាន​យុវនារី បាន​ពន្យល់​ថា ៖

Sister Michelle D. Craig, first counselor, Young Women general presidency.  Official Portrait as of October 2018.

ព្រះយេស៊ូវ​គ្រីស្ទ​ទតឃើញ​យ៉ាងជ្រៅ​ពី​តម្លៃ​របស់​មនុស្ស ។ ទ្រង់​ទត​ព្រះនេត្រ​ទៅបុគ្គល​ម្នាក់ៗ សេចក្តី​ត្រូវការ​របស់​ពួកគេ ហើយ​ទ្រង់​ជ្រាប​ពី​សក្តានុពល​របស់​ពួកគេ ។ ខណៈ​ដែល​អ្នក​ដទៃ​មើលឃើញ​ត្រឹម​តែ​ជា​អ្នក​នេសាទ​មនុស្ស អ្នក​មាន​បាប ឬ​អ្នកទារពន្ធ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ទត​ឃើញ​ពួកគេ​ថា​ជា​សិស្ស ខណៈ​ដែល អ្នកដទៃ​ឃើញ​បុរស​ម្នាក់​ថា​គ្រាន់​តែ​មាន​អារក្សចូល នោះ​ព្រះយេស៊ូវ​បាន​ទត​មើល​ហួស​ពីទុក្ខ​កង្វល់​នៅ​ផ្នែក​ខាងក្រៅ បាន​ទទួល​ស្គាល់​បុរស​នោះ ហើយ​បាន​ព្យាបាល​គាត់​ឲ្យ​ជា ។

សូម្បី​តែនៅក្នុង​ជីវិត​ដ៏​មមាញឹក​របស់យើង យើងក៏​អាច​ដើរតាម​គំរូរបស់​ព្រះយេស៊ូវ​ហើយ​មើល​មនុស្សម្នាក់ៗ—ឃើញ​ពី​តម្រូវការ​សេចក្តីជំនឿ​ការតស៊ូ និង​សក្តានុពល​របស់​ពួកគេ ។ ( « Eyes to See » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១៦ )

ជម្រើស​ទី ២

សិស្ស​អាច​ស្វែងរក​បញ្ជី​នៃ​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) សម្រាប់​វគ្គ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​មាន​ព្រះទ័យ​ចំពោះ​យើង និង​របៀប​ដែល​ទ្រង់​ស្គាល់​យើង​យ៉ាង​ល្អ​ឥតខ្ចោះ ។ សិស្ស​អាច​ធ្វើការ​ជា​ក្រុម​ដែល​មាន​គ្នា​បួន​នាក់ ដោយ​សិស្ស​ម្នាក់ៗ​ស្វែង​រក​វគ្គបទគម្ពីរ​ដែល​អាច​អនុវត្ត​បាន​ពី​ព្រះគម្ពីរ​បរមាណី​មួយ​ក្នុង​ចំណោម​ព្រះគម្ពីរ​បរមាណី​ទាំង​បួន ។ ( គំរូ​ដែល​ពួកគេ​អាច​ចែកចាយ​រួមមាន អ័ប្រាហាំ ៣:២២–២៣; យេរេមា ១:៤–៥; ហេព្រើរ ១២:៩; អាលម៉ា ៧:១១–១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១០–១១ ) ។

ជម្រើស​ទី ៣

សូម​បង្ហាញ​វីដេអូ​ដែល​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ព្រះ​ទត​ឃើញ​យើង ឬ​បង្ហាញពី​អ្នក​ណា​ម្នាក់​មើល​ឃើញ​អ្នក​ដទៃ​ដូច​ទ្រង់​ទត​ឃើញ​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា ហើយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ស្ថានភាព​ក្នុង​ជីវិតពិត នៅពេល​ពួកគេ​អាច​ប្រើ​អ្វី​ដែល​ពួកគេ​រៀន​ពី​វីដេអូ ។ វីដេអូ ៖ « Our True Identity » ( ៣:៣៩ ) ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org គឺជា​គំរូ​មួយ​ដែល​អ្នក​អាច​ប្រើប្រាស់​បាន ។

3:39

បទពិសោធន៍​ផ្ទាល់ខ្លួន

មេរៀន​ផ្នែក​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការមើលឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទតព្រះនេត្រ ។ ការចងចាំ និង​ការចែកចាយ​បទពិសោធន៍​អាច​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​សិស្ស​កំពុង​រៀន ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដាក់​បង្ហាញ​ជម្រើស​ខាងក្រោម ។

ជ្រើសរើស​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ខាងក្រោម​នេះ ហើយ​កត់ត្រា​គំនិត​របស់​អ្នក​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ប្រាកដ​ថា​បាន​រួមបញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​នៅ​ថ្ងៃ​នេះ​ពី​បទគម្ពីរ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

  • សរសេរ​អំពី​នរណា​ម្នាក់​ដែល​ហាក់​ដូច​ជា​មើល​ឃើញ​ភាពល្អ​នៅក្នុង​ខ្លួន​អ្នក ទោះបីជា​ពួកគេ​ដឹង​ពី​ភាព​ទន់ខ្សោយ និង​កំហុស​របស់​អ្នក​ខ្លះ​ក៏ដោយ ។ តើ​ឥទ្ធិពល​របស់​ពួកគេ​មាន​ជះឥទ្ធិពល​យ៉ាងណា​ចំពោះ​អារម្មណ៍​របស់​អ្នក​ចំពោះ​ខ្លួនអ្នក ? តើ​ឥទ្ធិពល​របស់​ពួកគេ​រំឭក​អ្នក​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទត​ឃើញ​អ្នក​យ៉ាង​ដូចម្ដេច ?

  • សរសេរ​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ និង​កោតសរសើរ នៅពេល​ដែល​អ្នក​បាន​ស្គាល់​ពួកគេ​កាន់​តែ​ច្បាស់ ។ តើ​អ្នក​មើលឃើញ​ពួកគេ​មាន​គុណសម្បត្តិ​អ្វីខ្លះ ដែល​អ្នក​ផ្សេងទៀត​ប្រហែល​ជា​មិន​បានមើលឃើញ ឬ​ដែល​អ្នក​មិន​បានមើលឃើញ​នៅពេល​អ្នក​ជួប​ពួកគេ​ជា​លើក​ដំបូង ? តើ​អ្នក​មាន​អារម្មណ៍​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​មើលឃើញ​ខ្លួន​ឯង​តាម​របៀប​ដែល​អ្នក​មើលឃើញ​ពួកគេ ឬ​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទតឃើញ​ពួកគេ​ដែរ​ឬទេ ?

សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ផ្នែក​ខ្លះ​នៃ​អ្វី​ដែល​ពួក​គេ​បាន​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។