« សាំយូអែល ទី១ ៨ ៖ ‹ អ៊ីស្រាអែលចង់បានស្តេចមួយអង្គ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សាំយូអែល ទី១ ៨ ៖ ‹ អ៊ីស្រាអែលចង់បានស្តេចមួយអង្គ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ មេរៀនទី ៧១
សាំយូអែល ទី១ ៨
អ៊ីស្រាអែលចង់បានស្តេចមួយអង្គ
ដូចមនុស្សជាច្រើននៅសព្វថ្ងៃនេះដែរ ពួកសាសន៏អ៊ីស្រាអែលពីបុរាណបានតស៊ូនឹងការល្បួងឲ្យសម្របខ្លួននឹងអ្នកដទៃជាជាងការគោរពតាមព្រះអម្ចាស់ ។ អស់ជាច្រើនឆ្នាំនៅលើដែនដីសន្យា ព្រះអម្ចាស់បានដឹកនាំអ៊ីស្រាអែលតាមរយៈពួកចៅហ្វាយដូចជាសាំយូអែល ជាដើម ។ ក្រោយមកក្នុងជីវិតរបស់សាំយូអែល ពួកសាសន៏អ៊ីស្រាអែលចង់បានស្ដេចមួយអង្គ « ដូចជាសាសន៍ឯទៀត » ( សាំយូអែល ទី១ ៨:៥ ) ជំនួសឲ្យព្រះអម្ចាស់សោយរាជ្យលើពួកគេ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ជំនួសឲ្យឥទ្ធិពលខាងលោកិយ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃសម្ពាធពីមិត្តភក្ដិណាមួយដែលពួកគេប្រឈមនឹងការមិនគោរពតាមបទដ្ឋាន និងបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីភាពខុសគ្នាដែលវានឹងធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិតរបស់ពួកគេ ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ជាជាងការចុះចាញ់នឹងសម្ពាធទាំងនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្រេចចិត្ត
ដើម្បីជួយសិស្សគិតអំពីអ្វីដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេ សូមពិចារណាសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ។ សិស្សអាចបំពេញសេចក្តីថ្លែងការណ៍ និងឆ្លើយតបទៅនឹងសំណួរដែលភ្ជាប់មកជាមួយសិស្សទាំងអស់ក្នុងថ្នាក់ ឬជាក្រុមតូចៗ ។
យុវវ័យមួយចំនួនចង់ ពីព្រោះ « មនុស្សផ្សេងទៀតកំពុងធ្វើការណ៍នោះ » ។
-
តើបញ្ហាប្រឈមអ្វីខ្លះដែលក្មេងវ័យជំទង់អាចនឹងជួបប្រទះ ប្រសិនបើនោះជាហេតុផលរបស់ពួកគេក្នុងការធ្វើកិច្ចការនោះ ?
-
តើហេតុផលសម្រាប់ការធ្វើការណ៍នោះអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមផ្តល់ឱកាសឲ្យសិស្សដើម្បីគិតពិចារណាពីរបៀបដែលសម្ពាធពីមិត្តភក្តិអាចមានឥទ្ធិពលលើជីវិតរបស់ពួកគេ ។ របៀបមួយក្នុងការធ្វើការណ៍នេះ គឺត្រូវផ្តល់ឲ្យសិស្សនូវការណែនាំដូចខាងក្រោម ហើយដាក់បង្ហាញរង្វាស់ ។
គិតអំពីអ្វីដែលមានឥទ្ធិពលលើការសម្រេចចិត្តដែលអ្នកធ្វើនៅក្នុងជីវិតរបស់អ្នក ។ គូររង្វាស់ខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ គូររូបមនុស្សចង្កឹះតូចមួយរបស់អ្នកដែលតំណាងឲ្យកន្លែងដែលអ្នកនឹងដាក់ខ្លួនអ្នកនៅលើរង្វាស់នោះ ។
ដើម្បីជួយសិស្សឲ្យស្គាល់ពីអ្វីដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តជាក់លាក់នៅក្នុងជីវិតរបស់ពួកគេ នោះពួកគេ ឬអ្នកអាចផ្តល់ឧទាហរណ៍ពីការសម្រេចចិត្តដែលពួកគេកំពុងប្រឈមមុខ ។ គំរូដែលអាចមានរួមមាន របៀបដែលពួកគេស្លៀកពាក់ ការកម្សាន្ត និងជម្រើសប្រព័ន្ធផ្សព្វផ្សាយ និងរបៀបដែលពួកគេចំណាយពេលរបស់ពួកគេ ។ អ្នកអាចចែកចាយគំរូទាំងនេះម្តងមួយៗ ហើយអញ្ជើញសិស្សឲ្យគូររូបមនុស្សចង្កឹះបន្ថែមនៅលើរង្វាស់សម្រាប់ឧទាហរណ៍នីមួយៗ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេជញ្ជឹងគិតអំពីការសម្រេចចិត្តរបស់ពួកគេខណៈកំពុងសិក្សា សាំយូអែល ទី១ ៨ ។
ស្ដេចមួយអង្គ « ដូចជាសាសន៍ឯទៀត »
អស់ជាច្រើនឆ្នាំនៅក្នុងដែនដីសន្យា ព្រះអម្ចាស់បានដឹកនាំពួកសាសន៏អ៊ីស្រាអែលតាមរយៈពួកចៅហ្វាយដូចជាសាំយូអែលជាដើម ។ កាលសាំយូអែលមានវ័យកាន់តែចាស់ ពួកចាស់ទុំនៃអ៊ីស្រាអែលបានមករកលោកដោយមានសំណើមួយ ។
សូមអាន សាំយូអែល ទី១ ៨:៤–៧ ដោយរកមើលពីរបៀបដែលកូនចៅអ៊ីស្រាអែលអាចបញ្ចប់សេចក្ដីថ្លែងការណ៍នៅខាងដើមនៃមេរៀននេះ ។
-
តើកូនចៅអ៊ីស្រាអែលចង់បានអ្វី ?
-
តើអ្នកគិតថាហេតុអ្វីបានជាហេតុផលរបស់ពួកគេចង់បានស្តេចមួយអង្គនឹងមិនធ្វើឲ្យសាំយូអែលពេញចិត្ត ?
វាហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើលដែលព្រះអម្ចាស់នឹងមានព្រះបន្ទូលប្រាប់សាំយូអែលឲ្យស្តាប់ជម្រើសមិនល្អរបស់ប្រជាជនរបស់លោក ( សូមមើល ខទី ៧ ) ។ ព្រះវរបិតាសួគ៌គោរពសិទ្ធិជ្រើសរើស ហើយនឹងមិនបង្ខំយើងឲ្យជ្រើសរើសសិទ្ធិនោះទេ ។ ប៉ុន្តែ មុនពេលដែលពួកសាសន៏អ៊ីស្រាអែលធ្វើការសម្រេចចិត្តចុងក្រោយរបស់ពួកគេ ព្រះអម្ចាស់ស្រឡាញ់ពួកគេគ្រប់គ្រាន់ដើម្បីព្រមានពួកគេតាមរយៈសាំយូអែលអំពីលទ្ធផលនៃជម្រើសរបស់ពួកគេ ( សូមមើល សាំយូអែល ទី១ ៨:៩ ) ។
របៀបមួយដែលអ្នកអាចជួយសិស្សឲ្យឃើញពីរបៀបដែលបទគម្ពីរបង្ហាញពីសេចក្ដីពិតនៃដំណឹងល្អគឺតាមរយៈការសរសេរសេចក្ដីពិតមួយនៅលើក្ដារខៀន ។ បន្ទាប់មក សូមឲ្យសិស្សស្រាវជ្រាវវគ្គបទគម្ពីរមួយ ដោយរកមើលភស្តុតាងនៃសេចក្ដីពិតនោះ ។
សូមពិចារណាបង្ហាញសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ។ សិស្សអាចអានខគម្ពីរដែលអមជាមួយនឹងដៃគូ ដោយផ្អាកបន្ទាប់ពីបញ្ចប់ពីរបីខនីមួយៗ ដើម្បីពិភាក្សាអំពីអ្វីដែលពួកគេរកឃើញ ។
ការជ្រើសរើសដើរតាមពិភពលោកជំនួសឲ្យព្រះឱវាទរបស់ព្រះអម្ចាស់ដែលពេញដោយក្តីស្រឡាញ់នឹងនាំទៅរកការរងទុក្ខ និងការសោកស្ដាយ ។
ពេលអ្នកសិក្សា សាំយូអែល ទី១ ៨:១០–១៨ សូមស្វែងរកពាក្យ ឬឃ្លាដែលជួយបង្រៀនសេចក្ដីពិតនេះ ។
នៅពេលសិស្សឆ្លើយសំណួរខាងក្រោម សូមរំឭកពួកគេកុំឲ្យចែកចាយឈ្មោះ ឬព័ត៌មានលម្អិតជាក់លាក់អំពីបុគ្គលដែលពួកគេស្គាល់ដោយផ្ទាល់ ។ គំរូទាំងឡាយអាចចេញពីជីវិតរបស់ពួកគេ ជីវិតរបស់អ្នកដទៃ ឬពីដំណើររឿងក្នុងព្រះគម្ពីរ ឬប្រវត្តិសាសនាចក្រ ។
-
តើគំរូអ្វីខ្លះដែលអ្នកបានឃើញពេលជ្រើសរើសដើរតាមពិភពលោកដែលនាំឲ្យមានការរងទុក្ខ ឬការសោកស្ដាយ ?
-
តើអ្នកបានឃើញការជ្រើសរើសដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនាំទៅរកអំណរ និងទំនាក់ទំនងកាន់តែរឹងមាំជាមួយទ្រង់ទាំងទ្វេដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យឃើញពីសារៈសំខាន់នៃការដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជំនួសឲ្យឥទ្ធិពលខាងលោកិយ អ្នកអាចបង្ហាញសុន្ទរកថារបស់អែលឌើរ រែនដល ឃេ បិនណ្ណិត នៅក្នុងសន្និសីទទូទៅខែតុលា ឆ្នាំ២០១១ « Choose Eternal Life » ដែលមានលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:០០ ដល់ ២:០៨ ។ អែលឌើរ បិនណ្ណិត ចែកចាយពីផលវិបាកដែលគាត់បានរងទុក្ខ ដោយសារគាត់មិនអើពើយកចិត្តទុកដាក់នឹងការព្រមាន ។
បន្ទាប់មក អ្នកអាចបង្ហាញវីដេអូដដែលនេះ ចាប់ពីនាទីទី ៥:០៨ ដល់ ៦:៤៣ នៅពេលអែលឌើរ បិនណ្ណិត បង្រៀនពីរបៀបដែលបទពិសោធន៍របស់គាត់អាចអនុវត្តចំពោះនិន្នាការបច្ចុប្បន្ន នៅក្នុងពិភពលោក ដែលយើងអាចនឹងត្រូវបានល្បួងឲ្យធ្វើតាម និងរបៀបដែលយើងអាចចៀសវាងការល្បួងទាំងនោះ ។
ការជ្រើសរើសព្រះអម្ចាស់ជាជាងសម្ពាធខាងលោកិយ
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យរកឃើញព្រះឱវាទដែលព្រះអម្ចាស់បានប្រទានឲ្យ ដើម្បីការពារពួកគេពីការចុះចាញ់នឹងការល្បួង ដែលពួកគេអាចមានអារម្មណ៍ថាមានសម្ពាធឲ្យធ្វើ ឬជឿ ។ អ្នកអាចឲ្យសិស្សធ្វើការក្នុងក្រុមតូចៗ ដើម្បីបញ្ចប់ជំហាន ១ និង ២ ។ បន្ទាប់មក ពួកគេអាចបញ្ចប់ជំហាន ៣ ដោយខ្លួនឯង ។
សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ។
-
ជ្រើសរើសអ្វីមួយដែលសមាជិកវ័យជំទង់នៃសាសនាចក្រនៅជុំវិញអ្នកប្រហែលជាមានអារម្មណ៍ថាមានសម្ពាធក្នុងការធ្វើ ឬជឿ ។
-
ប្រើព្រះគម្ពីរ ជំនួយការសិក្សាព្រះគម្ពីរ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ឬកម្មវិធីបណ្ណាល័យដំណឹងល្អដើម្បីឆ្លើយសំណួរខាងក្រោមអំពីសម្ពាធដែលអ្នកបានជ្រើសរើស ៖
-
តើព្រះអម្ចាស់បានប្រទានព្រះឱវាទអ្វីដល់យើងអំពីការណ៍នេះ ?
-
តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាដល់មនុស្សដែលជ្រើសរើសទ្រង់លើឥទ្ធិពលខាងលោកិយ ?
-
-
សូមគិតអំពីអ្វីដែលអ្នកជឿអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សរសេរប្រយោគពីរបីអំពីរបៀបដែលចំណេះដឹងនេះអាចជួយអ្នកដើរតាមទ្រង់ទាំងទ្វេជំនួសឲ្យសម្ពាធខាងលោកិយ ។
បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ហើយ សូមផ្តល់ឱកាសឲ្យសិស្សចែកចាយជាមួយអ្នកដទៃនូវអ្វីដែលពួកគេបានរៀនពីការសិក្សារបស់ពួកគេ ។
បង្ហាញការយល់ដឹង
ផ្នែកនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីបង្ហាញពីការយល់ដឹងរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។
សូមអាន សាំយូអែល ទី១ ៨:១៩–២២ ដោយរកមើលពីរបៀបដែលជនជាតិអ៊ីស្រាអែលឆ្លើយតបទៅនឹងការព្រមានរបស់ព្រះអម្ចាស់អំពីបំណងប្រាថ្នារបស់ពួកគេក្នុងការមានស្តេចមួយអង្គ ។
-
ចេញពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ តើអ្នកចង់ប្រាប់អ្វីដល់ពួកសាសន៏អ៊ីស្រាអែល មុនពេលពួកគេធ្វើការសម្រេចចិត្តជាចុងក្រោយ ?
វានឹងមានប្រយោជន៍សម្រាប់មេរៀននៅពេលក្រោយសម្រាប់សិស្សដើម្បីដឹងថាព្រះអម្ចាស់បានគោរពដល់សិទ្ធិជ្រើសរើសរបស់ពួកសាសន៏អ៊ីស្រាអែល ហើយបានណែនាំសាំយូអែលឲ្យហៅសូលជាស្ដេចនៃសាសន៍អ៊ីស្រាអែល ( សូមមើល សាំយូអែល ទី១ ៩–១០ ) ។