« មេរៀនទី ១៦ ឯកសារគ្រូបង្រៀន ៖ ការឱបក្រសោបនូវការពលិកម្មដ៏ធួនដ៏មហិមារបស់ព្រះអង្គសង្គ្រោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៦ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៦ ឯកសារគ្រូបង្រៀន
ការឱបក្រសោបនូវការពលិកម្មដ៏ធួនដ៏មហិមារបស់ព្រះអង្គសង្គ្រោះ
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាចំណុចសំខាន់ចំពោះផែនការនៃ សេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ ក្នុងអំឡុងមេរៀននេះ សិស្សអាចពង្រឹងការដឹងគុណរបស់ពួកគេចំពោះតម្លៃដែលព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃ « ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សទាំងអស់ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ពួកគេនឹងត្រូវបានអញ្ជើញឲ្យពិចារណាអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីធ្វើឲ្យការប្រែចិត្តកាន់តែផ្តោតលើព្រះយេស៊ូវគ្រីស្ទ និងជាផ្នែកមួយនៃភាពរីករាយរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
ពីព្រោះតែការធ្លាក់ នោះទើបយើងត្រូវការដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមបណ្ដុះបរិយាកាសដែលអំណោយផលចំពោះការរៀនសូត្រខាងវិញ្ញាណ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានបង្រៀនថា « ការបំផុសគំនិតងាយទទួលបានជាង នៅក្នុងបរិយាកាសដែលពោរពេញដោយសេចក្ដីសុខសាន្ត » ( « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២១ ) ។ តើបរិយាកាសរៀនសូត្ររបស់អ្នកមានសណ្តាប់ធ្នាប់ ស្អាតបាត និងប្រកបដោយផាសុខភាពដែរឬទេ ? តើមានអ្វីដែលអាចរំខានដល់ដំណើរការសិក្សា របស់សិស្សហើយតើអ្នកអាចកាត់បន្ថយដោយរបៀបណា ? តើសិស្សទទួលអារម្មណ៍ស្វាគមន៍ពេលពួកគេមកដល់ថ្នាក់ដែរឬទេ ? តើតន្ត្រីពិសិដ្ឋ ឬរូបភាពដែលទាក់ទងនឹងដំណឹងល្អអាចជួយរៀបចំសិស្សសម្រាប់ការរៀនសូត្រដោយរបៀបណា ?
អ្នកអាចចាប់ផ្តើមថ្នាក់ដោយការចែកចាយនូវសាច់រឿងដូចខាងក្រោម ៖
ឡូហ្គិន ដឹងគុណចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែគាត់មិនតែងតែមានអារម្មណ៍ថាត្រូវការព្រះអង្គសង្គ្រោះភ្លាមៗចូលមកក្នុងជីវិតរបស់គាត់នោះទេ ។ គាត់ជឿថា ដោយសារគាត់ជាមនុស្សល្អ ដែលជាទូទៅរក្សាបទបញ្ញត្តិទាំងឡាយ បម្រើក្នុងសាសនាចក្រ ហើយមិនដែលប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរណាមួយទេ ដូច្នេះហើយដង្វាយធួនរបស់ព្រះអម្ចាស់មិនទាក់ទងនឹងស្ថានភាពរបស់គាត់ឡើយ ។
-
តើអ្នកនឹងពិពណ៌នាអំពីទស្សនៈរបស់ឡូហ្គិន ចំពោះដង្វាយធួនរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? តើការសន្និដ្ឋានមិនត្រឹមត្រូវអ្វីខ្លះដែលឡូហ្គិនគិតទាក់ទងនឹងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ?
-
តើការសិក្សាពីឥទ្ធិពលនៃការធ្លាក់ធ្វើឲ្យឡូហ្គិនមានអារម្មណ៍បែបណាចំពោះដង្វាយធួនរបស់ព្រះយេស៊ូវ ?
សូមពិចារណាដាក់បង្ហាញសុន្ទរកថាខាងក្រោម ដែលថ្លែងដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
គ្មាននរណាម្នាក់ដឹងគ្រប់គ្រាន់ និងពេញលេញថាហេតុអ្វីបានជាគាត់ត្រូវការព្រះគ្រីស្ទនោះទេ រហូតដល់គាត់យល់ និង ទទួលយកគោលលទ្ធិនៃការធ្លាក់ និងឥទ្ធិពលរបស់វាមកលើមនុស្សជាតិទាំងអស់ ។ ( A Witness and a Warning: A Modern-Day Prophet Testifies of the Book of Mormon [ ឆ្នាំ ១៩៨៨ ] ទំព័រ ៣៣ )
សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីដោយខ្លួនពួកគេផ្ទាល់ ឬជាមួយដៃគូអំពីឥទ្ធិពលខ្លះនៃការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ។ ( សិស្សអាចយោងទៅ ផ្នែកទី១ នៃឯកសាររៀបចំ សម្រាប់ជាជំនួយ ) ។ បន្ទាប់មក អ្នកអាចសូមឲ្យសិស្សចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ បន្ទាប់ពីសិស្សចែកចាយរួចហើយសូមពិចារណាជួយពួកគេបង្កើនការយល់ដឹងរបស់ពួកគេដោយសួរសំណួរមួយ ឬទាំងពីរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាមនុស្សទាំងអស់ រួមទាំងមនុស្ស « ល្អ »និងមនុស្សដែល« គោរពប្រតិបត្តិ » ដូចជា ឡូហ្គិន នៅតែត្រូវការដង្វាយធួនរបស់ព្រះអម្ចាស់ជាបន្ទាន់ និងក្នុងពេលបច្ចុប្បន្ននេះ ? ( ប្រសិនបើអាចជួយ សូមអាន នីហ្វៃទី២ ៩:៧ ។ សិស្សអាចរកឃើញគោលការណ៍មួយដែលស្រដៀងគ្នាដូចខាងក្រោម ៖ មានតែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ប៉ុណ្ណោះទើបយើងអាចយកឈ្នះលើសណ្ឋាននៃសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ) ។
-
តើសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណមានអត្ថន័យយ៉ាងណា ? ( ប្រសិនបើចាំបាច់សូមរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍ដោយដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។ ហេតុអ្វីបានជាអ្នកគិតថា យ៉ាកុបបានពិពណ៌នាពីសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណថាជា« វិរូបដ៏គួរស្ញែងខ្លាច » ? ( នីហ្វៃទី ២ ៩:១០ ) ។
-
តើអ្នកមានអារម្មណ៍បែបណាចំពោះព្រះអង្គសង្រ្គោះក្នុងការដឹងថាទ្រង់គឺជាផ្លូវតែមួយគត់ដែលអ្នកអាចយកឈ្នះលើសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយ ? ( សូមមើលម៉ូសាយ ៣:១៧ ) ។
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខនៅឯសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចប្រែចិត្ត និងទទួលបានការប្រោសលោះ ។
សូមរំឭកសិស្សថា ក្នុងការរៀបចំខ្លួនមករៀន នោះពួកគេត្រូវបានអញ្ជើញឲ្យអាន ម៉ាកុស ១៤:៣៣–៣៧, លូកា ២២:៤៣–៤៤ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ ហើយកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេ ។ សូមទុកពេលឲ្យសិស្សរំឭកវគ្គបទគម្ពីរទាំងនេះ ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យបង្កើតជាក្រុមតូចៗ ហើយចែកសំណៅចម្លងដូចខាងក្រោមដល់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខដើម្បីសង្គ្រោះយើង
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ១៦
សូមអានសំណួរខាងក្រោម ហើយផ្តោតលើអ្វីដែលក្រុមរបស់អ្នកចង់ពិភាក្សាបំផុត ។
-
តើអ្នកមានគំនិង ឬ អារម្មណ៍បែបណាចំពោះព្រះអង្គសង្រ្គោះ នៅពេលអ្នកសញ្ជឹងគិតអំពីការរងទុក្ខរបស់ទ្រង់ជំនួសអ្នក ? តើទ្រង់ស្ម័គ្រព្រះទ័យក្នុងការរងទុក្ខ បង្រៀនអ្វីខ្លះដល់យើងអំពីទ្រង់ ? ( សូមពិចារណាអាននីហ្វៃ ទី២ ១៩:៩ ) ។
-
ហេតុអ្វីបានជាព្រះវរបិតាសួគ៌ដកព្រះវិញ្ញាណរបស់ទ្រង់ចេញ នៅពេលដែលព្រះអង្គសង្គ្រោះរងទុក្ខនៅលើឈើឆ្កាង ? ( សូមពិចារណារំឭកឡើងវិញក្នុង ម៉ាកុស ១៥:៣៤ និងក្នុងសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ) ។ តើវាអាចជួយយើងឲ្យចងចាំបទពិសោធន៍របស់ព្រះអម្ចាស់នៅលើឈើឆ្កាង នៅពេលយើងមានអារម្មណ៍ឯកោ គ្មានអ្នកនឹករលឹក ឬត្រូវបានគេបោះបង់ចោលដោយរបៀបណា ?
-
តើទីបន្ទាល់អំពីដង្វាយរបស់ព្រះអម្ចាស់ជួយយើងនៅពេលយើងសង្ស័យពីតម្លៃផ្ទាល់ខ្លួនរបស់យើងរបៀបណា ? ( អ្នកអាចរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១១ ) ។ តើការផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់មានឥទ្ធិពលលើរបៀបដែលយើងមើលឃើញពីសក្តានុពល និងអនាគតរបស់យើងដោយរបៀបណា ?
-
តើសារអ្វីដែលយើងផ្ញើទៅខ្លួនយើង និងព្រះអង្គសង្គ្រោះ នៅពេលយើងជ្រើសរើសដើម្បីប្រែចិត្ត ? ហេតុអ្វីបានជាព្រះអម្ចាស់មានព្រះទ័យរីករាយ នៅពេលយើងប្រែចិត្ត ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១៣ ) ។
-
ប្រសិនបើនរណាម្នាក់មានអារម្មណ៍មិនច្បាស់លាស់អំពីភាពពិតនៃដង្វាយធួនរបស់ព្រះអម្ចាស់ តើពួកគាត់អាចធ្វើអ្វីខ្លះ ដើម្បីទទួលបានទីបន្ទាល់ ?
© 2023 by Intellectual Reserve, Inc. All rights reserved.
ព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខដើម្បីសង្គ្រោះយើង
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ១៦
អាស្រ័យលើតម្រូវការសិស្សរបស់អ្នក នោះអ្នកអាចអញ្ជើញពួកគេឲ្យចែករំលែកនូវអ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ក្នុងអំឡុងការពិភាក្សារបស់ពួកគេ ។ ឬអ្នកអាចផ្តោតលើគោលលទ្ធិនៃការប្រែចិត្តដោយការបង្ហាញសេចក្តីថ្លែងការណ៍ទាំងពីរខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យពិចារណាថាតើសេចក្តីថ្លែងមួយណាដែលទាក់ទងនឹងពួកគេភាគច្រើន ដែលធ្វើឲ្យពួកគេមើលឃើញពីភាពចាំបាច់សម្រាប់ការប្រែចិត្តរបស់ពួកគេផ្ទាល់ ។
-
ការប្រែចិត្តមានអារម្មណ៍ដូចជាការដាក់ទណ្ឌកម្មដែលត្រូវចៀសវាង។
-
ការប្រែចិត្តមានអារម្មណ៍ដូចជាអំណោយទានដ៏ពិសិដ្ឋមួយដែលត្រូវបានឱបក្រសោបដោយអំណរ ។
ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតអំពីអាកប្បកិរិយារបស់ពួកគេចំពោះការប្រែចិត្ត សូមពិចារណាអានឲ្យឮៗនៅក្នុង សេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំនេះ ។ បន្ទាប់មក អ្នកអាចជួយសិស្សឲ្យស្គាល់សេចក្តីពិតនេះ ៖ « នៅពេលផ្គួបគ្នាជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ( « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។ បន្ទាប់មកសូមសួរ ៖
-
តើសេចក្ដីជំនឿ និងការប្រែចិត្តបើកច្រកទ្វាររបស់យើងទៅកាន់ព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើយើងធ្វើដូចម្តេចដើម្បីឲ្យការប្រែចិត្តប្រែជាអំណោយទានដ៏ពិសិដ្ឋមួយដែលត្រូវបានឱបក្រសោបដោយអំណរ ។
បន្ទាប់ពីសិស្សឆ្លើយរួច អ្នកអាចទុកពេលឲ្យពួកគេសរសេរនូវអ្វីដែលពួកគេនឹងធ្វើ ដើម្បីធ្វើឲ្យការប្រែចិត្តក្លាយជាផ្នែកមួយកាន់តែរីករាយ និងមានអត្ថន័យក្នុងជីវិតរបស់ពួកគេ ។
បើមានពេល អ្នកអាចអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយពីរបៀបដែលការប្រែចិត្តបានជួយពួកគេឲ្យទទួលបានអំណាចនៃការលាងសម្អាតរបស់ព្រះអង្គសង្គ្រោះ ។ សូមរំឭកសិស្សកុំឲ្យលាតត្រដាងពីអំពើបាបកាលពីអតីតកាលឡើយ នៅពេលពួកគេចែកចាយ ។
សម្រាប់ពេលក្រោយ
ដើម្បីលើកទឹកចិត្តសិស្សឲ្យរៀបចំសម្រាប់ មេរៀនទី ១៧ សូមពិចារណាផ្ញើសារលិខិត និងរូបភាពខាងក្រោមឲ្យសិស្ស ៖ កាលណាអ្នកសិក្សាឯកសាររៀបចំសម្រាប់មេរៀនទី ១៧ នេះសូមពិចារណាអំពីសារៈសំខាន់នៃផ្នូរដែលគ្មានព្រះសពរបស់ព្រះអង្គសង្គ្រោះ ។