« មេរៀនទី ៧ ឯកសារគ្រូបង្រៀន ៖ ការឱបក្រសោបនូវសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៧ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៧ ឯកសារគ្រូបង្រៀន
ការឱបក្រសោបនូវសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះ
យើងរៀនចេញពី Lectures on Faith ថា ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះ តម្រូវឲ្យយើងមាន « គំនិតត្រឹមត្រូវអំពីចរិតលក្ខណៈ និងគុណលក្ខណៈរបស់ទ្រង់ » ( [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៨ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសដើម្បីពន្យល់ពីរបៀបដែលគុណលក្ខណៈនៃសេចក្ដីយុត្តិធម៌ និងសេចក្តីមេត្តាករុណារបស់ព្រះ គឺជាការបង្ហាញនៃសេចក្តីស្រឡាញ់ដ៏ទេវភាពរបស់ទ្រង់ ។ ពួកគេក៏នឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើផងដែរ ដើម្បីបង្ហាញការដឹងគុណរបស់ពួកគេចំពោះសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះ និងពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ។
យោបល់សម្រាប់ការបង្រៀន
ហេណុក និងអាលម៉ាបង្រៀនអំពីគុណលក្ខណៈដ៏ទេវភាព នៃសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ។
អ្នកអាចចាប់ផ្ដើមមេរៀននេះ ដោយការបង្ហាញនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ៖
-
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេហូវ៉ាចាត់ចែងសេចក្ដីយុត្តិធម៌យ៉ាងតឹងរ៉ឹង និងច្បាស់លាស់ ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទគឺពោរពេញដោយការអត់ទោស និងក្ដីមេត្តាករុណា ។ ខ្ញុំចូលចិត្តជឿលើព្រះនៃព្រះគម្ពីរសញ្ញាថ្មី ជាងព្រះនៃព្រះគម្ពីរសញ្ញាចាស់ ។
-
តើអ្នកឃើញបញ្ហាអ្វីខ្លះនៅក្នុងសេចក្ដីថ្លែងការណ៍នេះ ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ និងទទួលយកថាទាំងសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាគឺជាគុណលក្ខណៈដ៏ទេវភាព ?
-
តើយើងអាចបង្កើតបញ្ហាអ្វីខ្លះសម្រាប់ខ្លួនយើង និងអ្នកដទៃ ប្រសិនបើយើងផ្តោតលើសេចក្ដីយុត្តិធម៌ ហើយមិនអើពើនឹងសេចក្ដីមេត្តាករុណា ឬផ្តោតលើសេចក្ដីមេត្ដាករុណា ហើយមិនអើពើនឹងសេចក្ដីយុត្តិធម៌នោះ ?
សូមពិចារណាសរសេរលើក្ដារខៀននូវ សេចក្ដីយុត្តិធម៌; សេចក្ដីមេត្តាករុណានិង សេចក្ដីស្រឡាញ់ ។ សូមអញ្ជើញសិស្ស ឲ្យធ្វើការជាក្រុមតូចៗ ។ សូមពន្យល់ថា ពួកគេនឹងទទួលបាននូវសំណៅចែកមួយច្បាប់ជាមួយការណែនាំ ដែលនឹងជួយពួកគេយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះ ។
សេចក្ដីយុត្តិធម៌ និងសេចក្តីស្រឡាញ់នៃព្រះ
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ៧
ពីមុនអ្នកចាប់ផ្ដើមការពិភាក្សជាក្រុម សូមអានជាមួយគ្នានូវគន្លឹះការពិភាក្សាដូចខាងក្រោម ៖
ការកែលម្អការពិភាក្សាជាក្រុមរបស់យើង
សូមខិតខំឲ្យមានការចូលរួមប្រកបដោយតុល្យភាព ។ យើងរៀនបានប្រសើរបំផុត នៅពេលយើងឮពីសមាជិកក្រុមទាំងអស់ មិនមែនត្រឹមតែម្នាក់ឬពីរនាក់នោះទេ ។ ប្រសិនបើអ្នកជាមនុស្សរួសរាយ និងពូកែវរហា សូមប្រយ័ត្ន កុំនិយាយតែឯង រំខាន ឬនិយាយច្រើនជាងអ្នកដទៃ ។ ប្រសិនបើអ្នកជាមនុស្សស្ងាត់ស្ងៀម និងមិនសូវមាត់ករ សូមក្លាហានហើយនិយាយស្ដីឡើង ដើម្បីឲ្យអ្នកដ៏ទៃអាចឮពីអ្នក ។ សូមបោះបង់ចោលគំនិតដែលគិតថា គំនិតរបស់អ្នកមិនសំខាន់ ។
សូមអានសាច់រឿងខាងក្រោមរួមគ្នាឲ្យឮៗ ៖
ហ្សេន មានអារម្មណ៍តានតឹងដោយសារក្រឹត្យវិន័យ និងបទបញ្ញត្តិរបស់ព្រះ ។ ជាយូរមកហើយ គាត់មានអារម្មណ៍ថាគាត់មិនល្អគ្រប់គ្រាន់ ហើយតែងតែធ្វើខុស ។ ដោយបាក់ទឹកចិត្តដោយសារការខ្វះ « ភាពរីកចម្រើន » របស់គាត់ ថ្មីៗនេះគាត់បានធ្លាក់ចូលទៅក្នុងអំពើបាបដ៏ធ្ងន់ធ្ងរមួយ ។ គាត់បាត់បង់អារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។ គាត់លែងស័ក្តិសមនឹងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធទៀតហើយ ។ គាត់ឆ្ងល់ថា តើព្រះនៅតែស្រឡាញ់គាត់ឬអត់ ដោយសារតែការជ្រើសរើសមិនល្អរបស់គាត់ ។ ថ្មីៗនេះ គាត់បាននិយាយជាមួយនឹងមិត្តគាត់ ម៉ៃយ៉ាថា « ជីវិតរបស់ខ្ញុំគ្មានតម្លៃសោះ ។ ខ្ញុំប្រាកដណាស់ថា ព្រះបានបោះបង់ខ្ញុំហើយ » ។ ម៉ៃយ៉ាបានតបថា ៖ « កុំបារម្ភអី ។ ព្រះឡាញ់យើងដោយគ្មានលក្ខខណ្ឌ ហើយទ្រង់នឹងសង្គ្រោះឯង មិនថាឯងបានធ្វើអ្វីឡើយ ។ នេះជាមូលហេតុដែលមានដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។
សូមរំឭកឡើងវិញដោយសង្ខេបអំពីលក្ខខណ្ឌដែលមានមុនទឹកជំនន់ ។ បន្ទាប់មកសូមមើលនៅក្នុង ម៉ូសេ ៧:២៨–២៩, ៣២–៣៣, ៣៧ហើយរកមើលអ្វីដែលហេណុកបានរៀនអំពីនិស្ស័យនៃព្រះ ចេញពីការដែលទ្រង់ទតឃើញរាស្ត្រដែលមិនស្ដាប់បង្គាប់របស់ទ្រង់រងទុក្ខ ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើសេចក្ដីពិតអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលអាចជួយហ្សេនដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់គាត់ ទោះបីជាគាត់ធ្វើខុសបញ្ញត្តិក៏ដោយ ? តើចំណេះដឹងនេះអាចជួយហ្សេន ពង្រឹងទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌ដោយរបៀបណា ? ( អ្នកអាចអាន សេចក្ដីថ្លែងការណ៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ដែលជាផ្នែកមួយនៃការពិភាក្សានេះ ) ។
-
តើសេចក្ដីយុត្តិធម៍របស់ព្រះជួនកាលបង្ហាញដោយកំហឹង ឬភាពក្រេវក្រោធរបស់ទ្រង់ ជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ទ្រង់តាមរបៀបណា ? ( សូមពិចារណាអានជាមួយគ្នានូវ សេចក្ដីថ្លែងការណ៍ដោយ ប្រធានដាល្លិន អេក អូក នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។ ប្រសិនបើព្រះមិនយុត្តិធម៍ទេ តើវាអាចធ្វើឲ្យជំនឿរបស់យើងលើទ្រង់ចុះខ្សោយយ៉ាងដូចម្តេច ?
-
តើអ្វីអាចជាការយល់ខុសអំពីទស្សនៈរបស់ម៉ៃយ៉ាចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ? ( វាអាចមានប្រយោជន៍ដើម្បីអាន សេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន នៅក្នុងផ្នែកទី ១ ) ។ តើអ្វីទៅជាវិធីល្អជាងនេះ ដើម្បីពណ៌នាអំពីសេចក្ដីស្រឡាញ់របស់ព្រះ ? តើអ្នកបានដកពិសោធន៍សេចក្ដីស្រឡាញ់របស់ព្រះតាមរបៀបណាខ្លះ ?
© 2023 by Intellectual Reserve, Inc. All rights reserved.
សេចក្ដីយុត្តិធម៌ និងសេចក្តីស្រឡាញ់នៃព្រះ
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ៧
បន្ទាប់ពីទុកពេលគ្រប់គ្រាន់សម្រាប់ការពិភាក្សា អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិត ឬការយល់ដឹងដែលពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ជាពិសេសចំពោះការពិភាក្សាជាក្រុមរបស់ពួកគេ ។
អ្នកអាចបន្តពិភាក្សាអំពីទស្សនៈរបស់ ហ្សេន និង ម៉ៃយ៉ា អំពីព្រះ ដោយនិយាយដោយសង្ខេបអំពីជម្រើសដែល កូរីអានតុនបានធ្វើពេលកំពុងបម្រើបេសកកម្ម ( សូមមើល អាលម៉ា ៣៩:១–៥ ) ។ សូមមើលនៅក្នុង អាលម៉ា ៤២:១៥, ២២, ២៤–២៥ ដើម្បីរៀនអ្វីដែលអាលម៉ាបានបង្រៀនកូរីអានតុនអំពីសេចក្ដីយុត្តិធម៍ សេចក្ដីមេត្តាករុណា និងអំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើការយល់ដឹងត្រឹមត្រូវអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយ ហ្សេន គិតឡើងវិញពីរបៀបដែលគាត់មានទស្សនៈចំពោះភាពមិនគ្រប់គ្រាន់ កំហុស និងអំពើបាបរបស់គាត់យ៉ាងដូចម្តេច ? តើអាកប្បកិរិយា និងសកម្មភាពរបស់ហ្សេន អាចនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ប្រសិនបើគាត់បានរៀនពីអត្ថន័យនៃការធ្វើជា « ជនដែលប្រែចិត្ត » ? ( សូមមើល អាល់ម៉ា ៤២:២៤ ) ។
-
តើអ្វីខ្លះដែលអ្នកនិយាយគឺជាការយល់ខុសអំពីទស្សនៈរបស់ម៉ៃយ៉ាចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ? តើអ្នកនឹងកែប្រែអ្វីខ្លះអំពីទស្សនៈរបស់នាង ដើម្បីធ្វើឲ្យស្របគ្នានឹងការបង្រៀនរបស់អាលម៉ា ?
-
តើជីវិតរបស់ ហ្សេន អាចផ្លាស់ប្តូរយ៉ាងដូចម្តេច ប្រសិនបើគាត់ផ្តោតការយកចិត្តទុកដាក់តិចតួចទៅលើការបរាជ័យរបស់គាត់ ហើយផ្តោតខ្លាំងលើបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការប្រទានឱកាសជាលើកទីពីរ ? ( អ្នកអាចរំឭកឡើងវិញនូសេចក្ដីថ្លែងការណ៍ដោយ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ និង អែលឌើរ លីន ជី រ៉ូប៊ីន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។ តើការផ្ដោតលើសេចក្ដីអត់សង្កត់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះបានប្រទានពរដល់ជីវិត របស់អ្នក យ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់ថ្នាក់ អ្នកអាចបង្ហាញសេចក្ដីពិតខាងក្រោមជាមួយនឹងសំណួរដែលទាក់ទងនឹងសេចក្ដីពិតនោះ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសសេចក្ដីពិតមួយ ក្នុងចំណោមសេចក្ដីពិតទាំងនេះ ហើយបន្ទាប់មក កត់ត្រាគំនិតនិងអារម្មណ៍របស់ពួកគេដើម្បីឆ្លើយសំណួរ ៖
-
ព្រះមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ពេលយើងរងទុក្ខដោយសារការមិនស្តាប់បង្គាប់របស់យើង ។ ( សូមមើល ម៉ូសេ ៧:៣៧ ) ។
-
តើអ្នកមានគំនិត ឬអារម្មណ៍បែបណា នៅពេលអ្នកគិតអំពីព្រះវរបិតាសួគ៌ដែលកំពុងព្រះកន្សែង ពេលអ្នករងទុក្ខដោយសារការមិនស្តាប់បង្គាប់របស់អ្នក ? តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីបង្ហាញអំណរគុណ ចំពោះកង្វល់ និងសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ ?
-
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបំពេញការទាមទារនៃសេចក្ដីយុត្តិធម៌ ដើម្បីយើងអាចប្រែចិត្ត ហើយទទួលបានសេចក្ដីមេត្តាករុណា ។ ( សូមមើល អាលម៉ា ៤២:២៤ ) ។
-
តើអ្នកមានគំនិត ឬអារម្មណ៍យ៉ាងណានៅពេលអ្នកគិតអំពីព្រះយេស៊ូវគ្រីស្ទ ដែលបំពេញការទាមទារនៃសេចក្ដីយុត្តិធម៌ ដូច្នេះអ្នកអាចប្រែចិត្ត និងទទួលបានសេចក្ដីមេត្តាករុណា ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្ហាញអំណរគុណ ចំពោះពលិកម្មធួនដែលទ្រង់បានធ្វើសម្រាប់អ្នក ?
សម្រាប់ពេលក្រោយ
ក្នុងអំឡុងសប្តាហ៍ សូមពិចារណាផ្ញើសារខាងក្រោម ឬសារដែលអ្នកបង្កើតទៅកាន់សិស្សរបស់អ្នក ៖ ពេលអ្នកអាន ឯកសាររៀបចំសម្រាប់មេរៀនទី ៨សូមគិតអំពីមធ្យោបាយផ្សេងៗដែលព្រះយេស៊ូវគ្រីស្ទអាចជួយ ( ជួយ ឬគាំទ្រ ) អ្នក និងមនុស្សដែលអ្នកស្រឡាញ់ ។ សូមពិចារណាមើលវីដេអូខ្លី « Succor His People » ( ០:៤២ ) ជាមួយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។