បណ្ណាល័យ
ការអភ័យទោស


« ការអភ័យទោស » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

ស្ដ្រី​ម្នាក់​កំពុង​អធិស្ឋាន

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ការអភ័យទោស

ការទទួល​បាន​សេចក្តី​សង្ឃឹម និង​ការព្យាបាល​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

ការអភ័យទោស​គឺជា​អំណោយទាន​របស់​ព្រះ​មកកាន់​យើង ។ តាមរយៈ​ព្រះអង្គសង្គ្រោះ​របស់យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការអភ័យ​ទោស​ពេល​ដែល​យើង​ប្រែចិត្ត ។ នៅពេល​ខ្លះ វា​អាច​មាន​អារម្មណ៍​លើសលប់​ក្នុង​ការស្វែងរក​ការអភ័យទោស​ពីអ្វី​ដែល​យើង​មាន​វិប្បដិសារី ។ ប៉ុន្តែ នៅពេល​យើង​លះបង់ចោល​នូវ​អំពើបាប​របស់​យើង ហើយ​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​ដួងចិត្ត​តាមរយៈ​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​រកឃើញ​ការព្យាបាល ភាពសុខសាន្ត និង​អារម្មណ៍​នៃ​សេចក្តី​អំណរ​ជាថ្មី ។

នៅក្នុង​ជីវិត​នេះ យើង​ក៏​អាច​រៀន​អភ័យទោស​ដល់​អស់អ្នក​ទាំងឡាយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ឬ​ធ្វើ​ឲ្យ​យើង​អន់​ចិត្ត​ផងដែរ ។ ការអភ័យទោស​ដល់​អ្នកដទៃ​អាច​ជា​ការលំបាក ជាពិសេស​នៅ​ពេល​ដែល​នរណាម្នាក់​បាន​ធ្វើឲ្យ​យើង​ឈឺចាប់​ខ្លាំង ។ ប៉ុន្តែ​ដោយ​ការធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​អភ័យទោស និង​ដោយ​ការពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​រក​ឃើញ​ភាពធូរស្រាល​ពី​ការឈឺចាប់ ហើយ​មាន​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត ។ ការអភ័យទោស​ឲ្យ​អ្នកដទៃ​ក៏ជួយ​យើង​អភិវឌ្ឍ​នូវ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ផងដែរ ដូច្នេះ​យើង​បាន​រៀបចំ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ទទួលបាន​ជីវិត​ដ៏អស់កល្ប​ជានិច្ច និង​រស់នៅ​ជាមួយនឹង​ព្រះវរបិតាសួគ៌​របស់​យើង​ម្តងទៀត ។

តើ​ការអភ័យទោស​គឺជា​អ្វី ?

ការ​ទទួល​បាន​ការអភ័យទោស​គឺ​ជា​ការទទួល​បាន​ការលើកលែង​ទោស​ទាំងស្រុង​—ចំពោះ​អំពើ​បាប និង​កំហុស​របស់​យើង—មិន​ថា​ធំ ឬ​តូចក្ដី ។ ការណ៍​ទាំងអស់​នេះ​អាច​ធ្វើ​ទៅ​បាន ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារ​ទ្រង់​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង នោះ​យើង​អាច​ត្រូវបាន​សម្អាត​ម្តងទៀត នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះ ហើយ​មាន​សេចក្តី​ជំនឿ​លើ​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការព្យាបាល​យើង ។ តាមរយៈ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ យើង​អាច​មាន​អារម្មណ៍​នៃ​ភាពសុខសាន្ត កម្លាំង និង​សេចក្តី​អំណរ​ពេល​ដែល​យើង​លះបង់ចោល​អំពើបាប​របស់យើង ។ ព្រះអង្គសង្គ្រោះ​ក៏បាន​បញ្ជាឲ្យ​យើង​អភ័យទោស​ដល់​អ្នកដទៃ​ដូចដែល​ទ្រង់​អភ័យទោស​ដល់​យើង​ដែរ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការអភ័យទោស

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ, ការប្រែចិត្ត, ពិធីបុណ្យ​ជ្រមុជទឹក, ការវិនិច្ឆ័យ, សេចក្តី​សប្បុរស

ផ្នែកទី ១

ព្រះអម្ចាស់​សន្យាប្រទាន​ការអភ័យទោស​នៅពេល​ដែល​យើង​ប្រែចិត្ត​ដោយ​ស្មោះ​ពី​អំពើបាប​របស់យើង

យុវមជ្ឈិមវ័យ​ជា​បុរស

ព្រះវរបិតាសួគ៌​បាន​ប្រទានឲ្យ​យើង​នូវ​បទបញ្ញាតិ្ត​ដើម្បី​ជួយ​យើង​ឲ្យ​ដើរនៅ​លើផ្លូវ​នៃ​សេចក្តីសញ្ញា ហើយ​ត្រឡប់​ទៅ​រស់នៅ​ជាមួយនឹង​ទ្រង់​វិញ​ម្តងទៀត ។ តាមរយៈ​អំណោយទាន​នៃ​សិទ្ធិ​ជ្រើសរើស យើង​ជ្រើសរើស​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ និង​រក្សា​បទបញ្ញាតិ្ត​ដូច​ដែល​ទ្រង់​បាន​ធ្វើ ។ ជាការពិត​ណាស់ យើង​នឹង​មិន​ល្អឥតខ្ចោះ​ក្នុង​ការរក្សា​បទបញ្ញាតិ​នោះទេ—យើង​នឹង​ធ្វើ​កំហុស​ជាញឹកញាប់ ដោយ​សារ​ការពុះពារ​ផ្ទាល់ខ្លួន​របស់យើង ភាពទន់ខ្សោយ និង​ការល្បួង​ទាំងឡាយ ។ ប៉ុន្តែ នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះអង្គសង្គ្រោះ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​យើង​អាច​យក​ឈ្នះ​លើ​អំពើបាប និង​ការខ្វះខាត​របស់​យើង​បាន ។ យើង​ក៏​អាច​រក​ឃើញ​ភាពសុខសាន្ត​ក្នុង​ចំណេះដឹង​ដែល​ព្រះ​សន្យា​ថា​នឹង​អភ័យទោស​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត ហើយ​កាន់​តាម​ព្រះបញ្ញត្តិ ( សូមមើល យ៉ូហាន​ទី១ ១:៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៣១–៣២ ) ។

នៅពេល​ដែល​យើង​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ នោះ​យើង​ទទួល​បាន​ការអភ័យទោស​ពី​អំពើបាប​របស់យើង ហើយ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល កិច្ចការ ២:៣៨ ) ។ រាល់ពេ​ល​ដែល​យើង​ចូលរួម​ពិធីសាក្រាម៉ង់ នោះ​យើង​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ហើយ​អាច​ទទួល​ការអភ័យទោស​ពី​អំពើបាប​របស់យើង តាមរយៈ​ការថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ( សូមមើល មរ៉ូណៃ ៦:១–៤ ) ។

តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត នោះ​ដួងចិត្ត​របស់យើង​បាន​ផ្លាស់ប្តូរ ហើយ​យើង​ចង់​ធ្វើ​អំពើល្អ និង​បម្រើ​អ្នកដទៃ ( សូមមើល ម៉ូសាយ ៥:២; អាលម៉ា ៣៦:២៤ ) ។ យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដីអំណរ​ដោយសារតែ​សេចក្តីល្អ​សប្បុរស​របស់ព្រះ និង​ខិតខំ​ដើម្បី​ទទួល​នូវ​ការផ្ដាច់​បាប​ទាំង​ឡាយ​របស់​យើង ( សូមមើល ម៉ូសាយ ៤:១០–១២, ២៦ ) ។ ពេល​ដែល​យើង​ប្រែចិត្ត​ដោយ​ស្មោះ ចុះ និង​រក្សា​សេចក្តីសញ្ញា​របស់យើង ហើយ​ស៊ូទ្រាំ​រហូតដល់​ទីបញ្ចប់ នោះ​យើង​ក្លាយជា​បរិសុទ្ធ និង​ស័ក្តិសម​ក្នុង​ការវិលត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ព្រះវរបិតាសួគ៌​របស់យើង​វិញ ( សូមមើល នីហ្វៃទី៣ ២៧:១៩–២២ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​បាន​ពោរពេញ​ទៅដោយ​សេចក្តី​អំណរ និង​ភាពសុខសាន្ត​នៃ​សតិសម្បជញ្ញៈ​នៅពេល​ដែល​ពួកគេ​ទទួលបាន​ការអភ័យទោស​ពី​អំពើបាប​របស់​ពួកគេ ។ សូម​អាន ម៉ូសាយ ៤:១–៣ ហើយ​ពិចារណា​ពីរបៀប​ដែល​ការដាក់​សេចក្តី​ជំនឿ​របស់អ្នក​នៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការពលិកម្មដ៏ធួន​របស់​ទ្រង់​អាចនាំ​មក​នូវ​សេចក្តី​អំណរ និង​ភាពសុខសាន្ត​ដល់​ជីវិត​របស់អ្នក ។ តើ​មាន​វិធី​ណាខ្លះ​ដែល​អ្នក​អាច​ថ្វាយ​នូវ​ឆន្ទៈ​របស់​អ្នក​ទៅកាន់​ព្រះ​ឲ្យបាន​ពេញលេញ​បន្ថែមទៀត ពេល​ដែល​អ្នក​លះបង់ចោល​អំពើបាប​របស់អ្នក ?

  • នៅពេល​ដែល​អាលម៉ា​ជាកូន​បាន​ប្រែចិត្តជឿ​ទៅលើ​ដំណឹងល្អ នោះ​លោក​លែងមាន​អារម្មណ៍​ឈឺចាប់​ដោយ​អំពើបាប​មកពី​អតីត​របស់លោក​ទៀតហើយ ( សូមមើល អាលម៉ា ៣៦:១២–១៤, ១៧–២៤ ) ។ សូម​ពិចារណា​មើល វីដេអូ​នេះ​របស់​ប្រធាន រ័សុល អិម ណិលសុន ពន្យល់​ពីអ្វី​ដែល​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ដួងចិត្ត និង​របៀប​ដែល​យើង​អាច​ពិតជា​បាន​ប្រែចិត្តជឿ​នៅលើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រែចិត្តជឿ​ទៅលើ​ព្រះអម្ចាស់​ដោយ​របៀបណា ? តើ​ការប្រែចិត្តជឿ​របស់អ្នក​បាន​ប្រទានពរ​ដល់​ជីវិត​របស់អ្នក និង​ជីវិត​របស់​មនុស្ស​នៅជុំវិញ​អ្នក​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅពេល​យើង​ស្វែងរក​ការអភ័យទោស យើង​ស្វែងរក​ឱកាស​ដើម្បី​រីកចម្រើន—ព្រមទាំង​ការផ្លាស់ប្តូរ—តាមរយៈ​ព្រះអង្គសង្គ្រោះ​របស់យើង ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ សូម​មើល​វីដេអូ time-lapse អំពី​ដំណើររឿង​មួយចំនួន​នៅក្នុង​ធម្មជាតិ​ដែល​ឆ្លងកាត់​ការផ្លាស់ប្តូរ ដូចជា ដង្កូវ បំប្លែង​ទៅជា​មេអំបៅ ឬ​គ្រាប់ពូជ​បំប្លែង​ទៅជា​ផ្កា ។ ពិភាក្សា​អំពីរបៀប​ដែល​យើង​មាន​សក្តានុពល ដើម្បី​ក្លាយជា​អ្វីដែល​ស្រស់ស្អាត​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ។

  • ប្រធាន ណិលសុន បាន​បង្រៀនថា យើង​ទាំងអស់គ្នា​ត្រូវ​ប្រែចិត្ត ហើយ​ថា នៅពេល​ដែល​យើង​ធ្វើដូច្នេះ​ជារៀងរាល់ថ្ងៃ នោះ​យើង​នឹង​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​​នៃ​ខ្លួន​យើង ។ សូម​ពិនិត្យ​មើល​សុន្ទរកថា​របស់​លោក​ឡើងវិញ « We Can Do Better and Be Better » ហើយ​ពិភាក្សា​អំពីរបៀប​ដែល​អ្នក​អាច​ប្រែចិត្ត​ជារៀងរាល់ថ្ងៃ ដើម្បី​ទទួល​បាន​ទស្សនៈថ្មី​អំពី​ខ្លួនឯង ព្រះ និង​ពិភពលោក ( សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ប្រែចិត្ត, ការប្រែចិត្ត » បណ្ណាល័យ​ដំណឹង​ល្អ ) ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ដទៃ​ទៀត

យុវជន​កំពុង​និយាយគ្នា

នៅពេល​ដែល​ព្រះគ្រីស្ទ​នៅលើ​ឈើឆ្កាង ទ្រង់​បាន​ទូលសុំ​ព្រះបិតា​ដើម្បី​អភ័យទោស​ដល់​ទាហាន​ដែលបាន​ធ្វើ​ខុសឆ្គង​លើ​ទ្រង់ ។ ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ការអភ័យទោស ហើយ​រំឭក​យើង​ឲ្យ​ធ្វើ​ការអភ័យទោស​ដូចជា​ទ្រង់​បាន​ធ្វើដែរ ។

ក្នុង​អំឡុងពេល​ការបម្រើ​នៅលើ​ផែនដី​របស់ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​សត្រូវ​របស់យើង ហើយ « ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ » ( ម៉ាថាយ ៥:៤៤ ) ។ យើង​ប្រហែលជា​មាន​អារម្មណ៍ថា​វា​មិន​អាច​ទៅរួច​ទេ​ក្នុង​ការអធិស្ឋាន​សម្រាប់​អ្នក​ដែលបាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់​យ៉ាងខ្លាំង​នោះ ប៉ុន្តែ​ការធ្វើ​ដូច្នេះ​បង្ហាញ​ដល់​ព្រះ​ថា​យើង​កំពុង​ដាក់​សេចក្តី​ជំនឿ​របស់យើង​លើ​ទ្រង់ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀនថា « ការអធិស្ឋាន​ដោយ​ស្មោះ​សម្រាប់​អស់​អ្នក​ដែល​យើង​អាច​ចាត់ទុក​ថា​ជា​សត្រូវ​របស់​យើង បង្ហាញ​ពី​សេចក្តី​ជំនឿ​របស់​យើង​ថា ព្រះ​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង និង​ដួងចិត្ត​របស់​មនុស្ស​ដទៃទៀត​បាន » ។

នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៨–១១ យើង​រៀនថា ប្រសិនបើ​យើង​ជ្រើសរើស​មិន​អភ័យទោស នោះ​យើង​មាន​កំហុស​ធំជាង​មនុស្ស​ដែលបាន​ធ្វើខុស​លើ​យើង​ទៅទៀត ។ ពេល​យើង​ផ្តល់​ការអភ័យទោស​ដល់​មនុស្ស​គ្រប់រូប យើង​មិន​ត្រឹមតែ​បង្ហាញ​ព្រះ​ថា យើង​សុខចិត្ត​គោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថា​យើង​ទុកចិត្ត​ទ្រង់​ដើម្បី​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ផងដែរ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ដើម្បី​គោរព​ដល់​បុណ្យ​អ៊ីស្ទើរ​ក្នុង​ឆ្នាំ​២០២៣ ប្រធាន ណិលសុន បាន​អញ្ជើញ​មនុស្ស​ទូទាំង​ពិភពលោក​ឲ្យ​ទទួល​បាន​នូវ​បទពិសោធន៍​អព្ភូតហេតុ​នៃ​ការអភ័យទោស ។ លោក​បាន​មាន​ប្រសាសន៍ថា « ខ្ញុំ​សន្យា​ថា ពេល​អ្នក​អភ័យទោស​នោះ​ព្រះអង្គសង្គ្រោះ​នឹង​សម្រាល​អ្នក​ពី​កំហឹង ការអន់ចិត្ត និង​ការឈឺចាប់ ។ ម្ចាស់​នៃ​មេត្រីភាព​នឹង​ប្រទាន​ឲ្យ​អ្នក​នូវ​សេចក្តី​សុខសាន្ត » ។ តើ​មាន​ការខឹងសម្បារ​ណា​ដែល​អ្នក​កំពុង​រក្សាទុក ឬ​ការឈឺចាប់​ដែល​អ្នក​កំពុង​មាន ដោយសារតែ​អ្នក​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការអភ័យទោស​ឲ្យ​នរណាម្នាក់​ដែរឬទេ ? សូម​ពិចារណា​តើ​មាន​ជំហាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ឆ្ពោះទៅរក​ការអភ័យទោស ហើយ​ជញ្ជឹងគិត​ពីរបៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ដឹកនាំ​អ្នក ។

  • ពេល​ដែល​យើង​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន​សម្រាប់​ជំនួយ​របស់ទ្រង់ ព្រះអង្គសង្គ្រោះ​អាច​ប្រទាន​ដល់​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវការ ដើម្បី​អភ័យទោស​ឲ្យ​អ្នកដទៃ ទោះបីជា​វាហាក់ដូចជា​មិន​អាច​ទៅរួច​ក៏ដោយ ។ ប្រធាន ណិលសុន បាន​បង្រៀនថា ៖ « ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​លទ្ធភាព​ដើម្បី​អភ័យទោស​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ខុស​ចំពោះ​បងប្អូន​ក្នុង​គ្រប់​រូបភាព ។ បន្ទាប់​មក​ទង្វើ​ដ៏​ឈឺចាប់​របស់​ពួកគេ​ពុំ​អាច​បំផ្លាញ​ព្រលឹង​របស់​បងប្អូន​បាន​ទៀត​ឡើយ » ។ ពិចារណា​ពីរបៀប​ដែល​ការអភ័យទោស​គឺជា​អំណោយទាន​របស់​ព្រះអង្គសង្គ្រោះ​ដល់​យើង និង​របៀប​ដែល​ទ្រង់​ធ្វើ​ឲ្យ​វាអាច​ធ្វើទៅ​បាន​សម្រាប់​អ្នក ដើម្បី​ធ្វើ​ការអភ័យទោស ទោះបីជា​វា​មាន​អារម្មណ៍ថា​មិន​អាចទៅរួច​ក៏ដោយ ។ តើ​ការគិត​ថា​ការភ័យទោស​គឺ​ជា​អំណោយទាន ​នាំមក​នូវ​សេចក្តី​សង្ឃឹម​ដល់​អ្នក​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ពេលខ្លះ​វាតម្រូវឲ្យ​មាន​ភាពក្លាហាន​ច្រើន ដើម្បី​ធ្វើ​ការអភ័យទោស​ដូចគ្នា​នឹង​កាស្វែងរក​ការអភ័យទោស​ផងដែរ ។ ពិភាក្សា​អំពី​ឧទាហរណ៍​មួយចំនួន​របស់​មនុស្ស​ដែលបាន​ធ្វើ់​ការអភ័យទោស​ក្នុង​កាលៈទេសៈដ៏​លំបាក​នានា ។ តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​មាន​នៅពេល​យើង​អភ័យទោស​ឲ្យ​អ្នកដទៃ ? អញ្ជើញ​មនុស្ស​គ្រប់គ្នា​ឲ្យ​គិតពី​នរណាម្នាក់​ដែល​បាន​ធ្វើឲ្យ​ពួកគេ​ឈឺចាប់ ឬ​ធ្វើឲ្យ​ពួកគេ​ខឹង​តាម​វិធី​ណាមួយ ហើយ​អធិស្ឋាន​សម្រាប់​បុគ្គល​នោះ​ទៅ​តាម​ពេលវេលា​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​ក៏អាច​ស្នើឲ្យ​ពួកគេ​ព្យាយាម​បម្រើ​បុគ្គល​នោះ​ប្រសិនបើ​វា​សមស្រប​សម្រាប់​ស្ថានភាព​របស់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ថា តើ​វា​ផ្លាស់ប្តូរ​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ចំពោះ​បុគ្គល​នោះ​ដែរឬទេ ។

  • នៅពេល​ដែល​យើង​ស្នើសុំ​ព្រះអង្គសង្គ្រោះ​ដើម្បី​ពង្រឹង​យើង តាមរយៈ​ពលិកម្ម​ដ៏ធួន​របស់ទ្រង់ យើង​អាច​ទទួល​បាន​សន្ទុះ​ខាងវិញ្ញាណ​ដែល​យើង​ត្រូវការ​ដើម្បី​អភ័យទោស​អ្នកដទៃ ។ បង្ហាញ​ពីអ្វី​ដែល​ជាសន្ទុះ—ប្រហែលជា​តាមរយៈ​ការបង្ហាញ​វីដេអូ​អំពី​រថភ្លើង​ដែល​បង្កើន​ល្បឿន ឬ​អត្តពលិក​ដែល​កំពុង​ធ្វើ​ការសម្ដែង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ ។ សូម​អាន​ផ្នែក​នៃ​សុន្ទរកថា​របស់​ប្រធាន ណិលសុន និង​ពិភាក្សា​អំពីរបៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ផ្តល់​ព្រះចេស្តា​ដល់​យើង ដើម្បី​អភ័យទោស​ដល់​អ្នក​ដែលបាន​ធ្វើឲ្យ​យើង​ឈឺចាប់​យ៉ាងខ្លាំង ពេល​ដែល​យើង​ផ្តោតលើ​សន្ទុះ​ខាងវិញ្ញាណ​របស់យើង ។

ស្វែង​យល់​បន្ថែម​ទៀត