បណ្ណាល័យ
សេចក្ដីសប្បុរស


« សេចក្ដី​សប្បុរស » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

ព្រះគ្រីស្ទ​គង់​ជាមួយនឹង​កុមារ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

សេចក្ដីសប្បុរស

ការមាន​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ

យើង​ទាំងអស់​គ្នា​មាន​ការតានតឹង ឬ​អន់ចិត្ដ​ពេលខ្លះ—ក៏ប្រហែល​ញឹកញាប់​ផងដែរ ។ ប្រហែលជា​យើង​មិន​យល់ស្រប​នឹង​អ្នកជិតខាង ឬ​មិត្តរួម​ការងារ ។ ឬ ពេលខ្លះ​យើង​អាច​នឹង​គ្មានការអត់ធ្មត់​ជាមួយ​កូនៗ ឬ​ស្វាមី ឬ​ភរិយា​របស់​យើង ។ យើង​អាច​មើលឃើញ​ខ្លួនឯង​ជា​អ្នក​រិះគន់ និង​វិនិច្ឆ័យ​អ្នកដទៃ ។ ជាការពិតណាស់ គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​នោះទេ ហើយ​ពេលខ្លះ​វា​ជា​រឿង​ធម្មតា​ទេ ក្នុង​ការ​មានអារម្មណ៍​បែបនេះ ។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​អ្នក​អាច​មាន​សេចក្តីស្រឡាញ់ និង​ការអត់ធ្មត់​ច្រើនជាងមុន​ចំពោះ​មនុស្ស​ជុំវិញ​អ្នក​ដោយ​របៀបណា ?

ចម្លើយ​គឺ​សាមញ្ញ ៖ ដួងចិត្ដ​របស់​អ្នក​អាច​ត្រូវបាន​បន្ទន់​តាមរយៈ​សេចក្ដីសប្បុរស ដែល​ជា​អំណោយទាន​មកពី​ព្រះ ។ ការអភិវឌ្ឍ​សេចក្ដីសប្បុរស​គឺជា​ការក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​នោះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ពេញ​មួយជីវិត ។ ប៉ុន្តែ ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់អ្នក​គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​ជួយ​អ្នក​នៅពេល​ដែល​អ្នក​ស្វែងរក​ដោយ​ស្មោះត្រង់ ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ទាំងទ្វេ ។

តើ​សេចក្ដី​សប្បុរស​គឺជា​អ្វី ?

សេចក្តីសប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៧ ) ។ វា​គឺជា​ទម្រង់​នៃ​សេចក្តីស្រឡាញ់​ដ៏​ខ្ពស់ និង​ខ្លាំងក្លា​បំផុត ។ សេចក្តី​សប្បុរស​ជំរុញ​ឲ្យ​យើង​បម្រើ​ព្រះ និង​អ្នកដទៃ​ទៀត​ដោយ​អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត និង​អស់ពីកម្លាំង​របស់​យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៥ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ សេចក្ដី​សប្បុរស

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះយេស៊ូវគ្រីស្ទ សេចក្តីជំនឿ សេចក្តីសង្ឃឹម អំណោយទាន​នៃ​ព្រះវិញ្ញាណ ការបម្រើ

ផ្នែកទី ១

សេចក្ដី​សប្បុរស​គឺជា​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដល់​មនុស្ស​ទាំងអស់

ព្រះគ្រីស្ទ​ដេញ​អារក្ស​ចេញពី​បុរស​ម្នាក់

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង​យ៉ាង​ឥតខ្ចោះ ។ ព្យាការី​មរមន​បាន​បង្រៀន​ថា « សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ ក្នុងអំឡុង​ព្រះជន្ម​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បានបង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការអាណិត​អាសូរ​ចំពោះ​អ្នកស្រេកឃ្លាន អ្នកមានបាប អ្នករងទុក្ខ និង​អ្នកឈឺ ។ ទ្រង់​បានផ្ដល់​ការងារ​បម្រើ​ដល់​អ្នកក្រ​និង​អ្នកមាន ដល់​មិត្តភក្តិ​និង​មនុស្ស​ប្លែកមុខ ។ ទ្រង់​ថែមទាំង​អភ័យទោស​ដល់​អស់អ្នក​ដែល​ចោទ​ទ្រង់ និង​អស់អ្នក​ដែល​ឆ្កាង​ទ្រង់​ទៀតផង ( សូមមើល លូកា ២៣:៣៤ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ជះឥទ្ធិពល​ដល់​សកម្មភាព​នីមួយៗ​របស់​ទ្រង់ ។ សូម​ពិចារណា​គំរូ​ទាំងនេះ ៖ ម៉ាថាយ ២៦:៣៩ លូកា ៧:២២ នីហ្វៃទី​១ ១៩:៩ ។ តើ​វគ្គបទគម្ពីរ​នីមួយៗ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ចំពោះ​យើង​ដោយ​របៀបណា ? អ្នក​អាច​ប្រៀបធៀប​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ទាំងនេះ​របស់​ព្រះអង្គសង្គ្រោះ ជាមួយនឹង​ការពិពណ៌នា​របស់​ប៉ុល​អំពី​សេចក្ដី​សប្បុរស​នៅក្នុង កូរិនថូស ទី១ ១៣ ។ តើ​ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​សេចក្តី​ស្រឡាញ់​បែបនេះ​មកកាន់​អ្នក​ដោយ​របៀបណា ?

  • ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន​ថា « សេចក្តីស្រឡាញ់​គឺ​ជា​លក្ខណៈ​ពិសេស​ដ៏ចម្បង​មួយ​របស់​ព្រះ » ។ សូម​ពិចារណា​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​ពាក្យ ខ្ញុំ​ដឹងថា​ព្រះ​ស្រឡាញ់​ខ្ញុំ​ដោយសារតែ … ពេញ​មួយ​សប្តាហ៍ សូម​សរសេរ​អំពី​វិធី​ដែល​អ្នក​នឹង​បំពេញ​ប្រយោគ​នេះ ។ អ្នក​អាច​អាន ឬ​ស្តាប់​បទចម្រៀង​ដូចជា « ក្ដីស្រឡាញ់​នៃ​ព្រះ » ឬ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » សម្រាប់​ជា​គំនិត ។

សកម្មភាព​សម្រាប់​ការរៀន​ជាមួយគ្នា

  • សូម​ពិចារណា​ការបង្រៀន​នេះ​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « បទបញ្ញត្តិ ដ៏​ធំ​បំផុត​ទីមួយ​នៃ​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច គឺ​ការ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង នោះ​ជា​បទ​បញ្ញត្តិ​ដ៏​ធំ​បំផុត​ទីមួយ ។ ប៉ុន្តែ សេចក្ដី​ពិត ដ៏​ធំ​បំផុត​ដំបូង​គេ​នៃ​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច​នោះ​គឺ​ថា ព្រះ​ស្រឡាញ់ យើង អស់​ពី​ព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និង​ព្រះចេស្ដា របស់​ទ្រង់ » ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​ការដឹង​ពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ​សម្រាប់​អ្នក អាច​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​មាន​អារម្មណ៍ គិត និង​ធ្វើ​សកម្មភាព។

  • ការមើល​វីដេអូ « Charity: An Example of the Believers » ( ៤:៥០ នាទី ) អាច​បំផុសគំនិត​ដល់​ការពិភាក្សា​អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ផ្លាស់ប្តូរ​ជីវិត ។ តើ​យុវនារី​នៅក្នុង​វីដេអូ​នេះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ដល់​អ្នកលើកទឹកចិត្ដ​ថ្មី​ដោយ​របៀបណា ? តើ​សេចក្ដី​ស្រឡាញ់​នេះ​បាន​ជះឥទ្ធិពល​ដល់​នាង​យ៉ាង​ដូចម្ដេច ? តើ​វា​បាន​ជះឥទ្ធិពល​ដល់​យុវនារី​ផ្សេងទៀត​យ៉ាង​ដូចម្ដេច​ដែរ ? សូម​គិត​ពី​មនុស្ស​នៅ​ជុំវិញ​អ្នក​ដែល​អាច​ត្រូវការ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​និយាយ​អំពី​វិធី​ដែល​អ្នក​អាច​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ជាមួយ​ម្នាក់ ឬ​ពីរ​នាក់ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

សេចក្ដី​សប្បុរស​គឺជា​គុណធម៌​ដ៏​មហិមា​បំផុត​ដែល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​អាច​ទទួលបាន

ស្ដ្រី​កំពុង​ធ្វើ​ការងារ​បម្រើ

សេចក្ដីសប្បុរស​មិនមែន​ជា​អ្វី​ដែល​យើង​ធ្វើ ឬ​អ្វី​ដែល​យើង​ផ្តល់ឲ្យ​នោះ​ទេ ។ វា​ជា​ស្ថានភាព​នៃ​ចិត្ត​របស់​យើង និង​របៀប​ដែល​យើង​រស់នៅ ។ វា​គឺជា​អ្វី​ដែល​យើង​ក្លាយទៅជា និង​ជា​អ្វី​ដែល​យើង​ទទួល​អារម្មណ៍ ហើយ​វា​នាំ​យើង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ស្រឡាញ់ ( សូមមើល មរ៉ូណៃ ៧:៤៥–៤៧ ) ។

បើ​គ្មាន​សេចក្ដី​សប្បុរស​ទេ យើង​គ្មាន​ជា​អ្វី​ទាំងអស់ ហើយ​បើមាន​វា នោះ​យើង​នឹង​មាន​នូវ​គ្រប់​របស់​ទាំងអស់ ( សូមមើល អេធើរ ១២:៣៤; មរ៉ូណៃ ៧:៤៤ ) ។ អ្វី​ផ្សេងទៀត​នឹងត្រូវ​ខូចបង់ ប៉ុន្ដែ​សេចក្ដី​សប្បុរស​ស្ថិតស្ថេរ​នៅ​ជានិច្ច និង​ពុំ​បាត់បង់​ទៅឡើយ ( សូមមើល មរ៉ូណៃ ៧:៤៦–៤៧ ) ។ ដូច្នេះ​តើ​យើង​ទទួល​បាន​អំណោយទាន​នេះ​យ៉ាង​ដូចម្ដេច ? ព្យាការី​មរមន​បាន​មាន​ប្រសាសន៍​ថា « ចូរអធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់ពី​កម្លាំងចិត្ដ ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ … ដើម្បី​កាលណា [ ព្រះយេស៊ូវគ្រីស្ទ ] នឹង​លេចមក នោះ​យើង​រាល់គ្នា​នឹង​បាន​ដូចជា​ទ្រង់ » ( មរ៉ូណៃ ៧:៤៨ ) ។

យើង​រៀន​អនុវត្ត​សេចក្ដី​សប្បុរស​នេះ​នៅក្នុង​ទំនាក់ទំនង​របស់​យើង—នៅក្នុង​ក្រុមគ្រួសារ​របស់​យើង នៅក្នុង​សាសនាចក្រ​របស់​យើង នៅក្នុង​សហគមន៍​របស់​យើង និង​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​យើង​ជួប ។ នៅពេល​យើង​ខិតខំ​ទទួល​យក​អ្នកដទៃ​ក្នុងនាម​ជាខ្លួន​ពួកគេ ហើយ​មើលឃើញ​ពួកគេ​ដូចដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រី​ទតឃើញ នោះ​យើង​អាច​ចាប់ផ្តើម​ស្រឡាញ់​មនុស្ស​ដូច​ដែល​ទ្រង់​ទាំងទ្វេ​ធ្វើ​បាន​ហើយ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន កូរិនថូស ទី១ ១៣:១–៧ ដោយ​ស្រមៃមើល​ខ្លួនឯង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ បន្ទាប់មក​សូម​អាន ខទី ៨ ។ តើ « សេចក្ដី​សប្បុរស​នឹង​ពុំ​បាត់បង់​ទៅឡើយ » មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? សូម​ពិចារណា​ថា តើ​មាន​គុណលក្ខណៈ​ណាខ្លះ​ដែល​បានរាយ​នៅក្នុង ខ ៤–៧ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​អ្នក​ឲ្យក្លាយជា​គំរូ​ល្អ​នៃ​សេចក្ដីសប្បុរស​ឬ​ទេ ។

  • ខណៈ​ដែល​សេចក្ដី​សប្បុរស​គឺជា​អំណោយទាន​មកពី​ព្រះ ដូច​អំណោយទាន​ផ្សេងទៀត​ដែរ គឺ​យើង​ត្រូវ​ទទួល​អំណោយទាន​នេះ ។ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី មរ៉ូណៃ ៧:៤៨; ៨:២៦ អំពី​របៀប​ដើម្បី​ទទួលបាន​អំណោយទាន​នៃ​សេចក្ដីសប្បុរស ?

  • ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​អំពី​សេចក្ដី​ពិត​សំខាន់ៗ​ទាំងនេះ​អំពី​សេចក្ដី​សប្បុរស ៖ « សេចក្ដីសប្បុរស​គឺជា​ថ្នាំ​បន្សាប​ដល់​ការទាស់ទែង​គ្នា ។ សេចក្ដី​សប្បុរស​គឺជា​អំណោយទាន​ខាង​វិញ្ញាណ ដែល​ជួយ​យើង​ឲ្យ​សម្រាត​ចោល​នូវ​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម ដែល​អាត្មានិយម ការពារ​ខ្លួនឯង ឆ្មើងឆ្មៃ និង​ច្រណែន​ឈ្នានីស ។ សេចក្ដី​សប្បុរស​គឺជា​ចរិត​លក្ខណៈ​ដ៏​សំខាន់​របស់​អ្នក​ដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​សប្បុរស​មានន័យ​ថា​អ្នកផ្សះផ្សា​គេ » ។ កាល​អ្នក​ជញ្ជឹងគិត​ពី​ប្រសាសន៍​របស់​ប្រធាន ណិលសុន តើ​ព្រះវិញ្ញាណ​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​អ្វី ? សូម​ពិចារណា​ដាក់​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន ណិលសុន​នៅ​កន្លែងណាមួយ​ដែល​អ្នក​នឹង​មើលឃើញ​ជាញឺកញាប់ ដើម្បី​ទុកជា​ការរំឭក​ដល់​ការបង្ហាញ​សេចក្ដីសប្បុរស​ចំពោះ​មនុស្ស​ដទៃ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តើ​អ្នក​កំណត់​អត្ដសញ្ញាណ​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាងដូចម្ដេច ? ព្រះអង្គសង្គ្រោះ​បានបង្រៀន​ថា « គេ​នឹង​ដឹងថា​អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះឯង គឺ​ដោយ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់​ដល់គ្នា​ទៅវិញ​ទៅមក » ( យ៉ូហាន ១៣:៣៥ ) ។ ជាក្រុម សូមគិត​អំពី​មនុស្ស​ដែល​អ្នក​ស្ងើច​សរសើរ ដែល​ជា​គំរូ​ដ៏​ពិត​នៃ​សេចក្ដីសប្បុរស ។ តើ​អ្នក​បានមើលឃើញ​ពួកគេ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ដោយ​របៀបណា ? សូម​ពិចារណា​ផ្ញើ​សារ ឬ​សរសេរ​សំបុត្រ​ខ្លី​មួយ​ទៅ​នរណាម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ហើយ​ចែកចាយ​អ្វី​ដែល​អ្នក​ស្ងើច​សរសើរ​អំពី​គាត់ ។

  • សូម​និយាយ​អំពី​ជម្រើស​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​ធ្វើ​ជា​រៀងរាល់ថ្ងៃ ។ បន្ទាប់មក​សូមអាន « ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ( [ ឆ្នាំ២០២២ ] ទំព័រ ១០–១៥ ) ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​អំណោយទាន​នៃ​សេចក្ដីសប្បុរស​អាច​ជា​ការនាំផ្លូវ កាល​អ្នក​ធ្វើ​ជម្រើស​នីមួយៗ​ទាំងនោះ ។

  • សូម​ពិចារណា​ការទូន្មាន​នេះ​ដោយ ប្រធាន ឌៀរថើរ អេហ្វ អុជដុហ្វ « ទោះជា​បញ្ហា​ណា​ក៏ដោយ​ដែល [ អ្នក ] ឬ​គ្រួសារ​អ្នក​ជួបប្រទះ ទោះជា​អ្វីក៏ដោយ​ដែល​អ្នកត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ នោះ​ការចាប់ផ្ដើម និង​ទីបញ្ចប់​នៃ​ដំណោះស្រាយ​នេះ​គឺ​សេចក្ដី​សប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​របស់​ព្រះគ្រីស្ទ » ។ សូម​ធ្វើ​ការជាមួយ​គ្នា​ដើម្បី​ធ្វើ​បញ្ជី​មួយ​អំពី​បញ្ហា ឬ​ការប្រឈម​មួយចំនួន​ដែល​បុគ្គល ឬ​ក្រុមគ្រួសារ​ជួប​ប្រទះ​សព្វថ្ងៃនេះ ដូចជា​ការទាស់ទែង ឬ​ការច្រណែនគ្នា​ជាដើម ។ បន្ទាប់មក​អ្នក​អាច​អាន មរ៉ូណៃ ៧:៤៥ ហើយ​និយាយ​អំពី​របៀប​ដែល​គុណលក្ខណៈ​នៃ​សេចក្ដី​សប្បុរស ដែល​បានរៀបរាប់​នៅក្នុង​ខគម្ពីរ​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​បញ្ជី​របស់អ្នក ។ បន្ទាប់មក​អ្នក​អាច​ធ្វើផែនការ​សាមញ្ញ​មួយ ដើម្បី​អនុវត្ត​សេចក្ដីសប្បុរស​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំងនោះ ។ សូម​រួមបញ្ចូល​ព្រះ​នៅក្នុង​ផែនការ​របស់​អ្នក និង​ស្វែងរក​ជំនួយ​ពី​មនុស្ស​ដទៃ​តាមដែល​សមស្រប ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០១១ ) ទំព័រ ៤២៦ ។

  2. ទំនុក​តម្កើង ល.រ. ៤០ ។

  3. សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦ ។

  4. ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១២៧ ។

  5. ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « មូលហេតុ​ដែល​សេចក្ដី​សប្បុរស​មិន​ផុត​រលត់ ហើយ​មូលហេតុ​ដែល​សេចក្ដីសប្បុរស​មាន​ទំហំមហិមា​ជាង​ការ​ធ្វើ​ទង្វើ​ល្អ​ដ៏​សំខាន់ [ ដែល​សាវក​ប៉ុល ] បាន​លើកឡើង [ នៅក្នុង កូរិនថូស ទី​១ ១៣ ] គឺ​ថា​សេចក្ដី​សប្បុរស​ជា ‹ សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ › ( មរ៉ូណៃ.៧:៤៧ ) គឺ​វា​ពុំ​មែនជា ទង្វើ មួយ​ទេ ប៉ុន្តែ​វា​ជា​ស្ថានភាព ឬ​សភាព​មួយ​វិញ ។ សេចក្ដី​សប្បុរស គឺ​ទទួល​បាន​តាមរយៈ​ភាពជោគជ័យ​នៃ​ទង្វើ​ដែល​បាន​មកពី​ការប្រែចិត្ត​ជឿ ។ សេចក្ដី​សប្បុរស​គឺជា​អ្វី​មួយ​ដែល​មនុស្ស​ម្នាក់​អាច​ប្រែ​ក្លាយ​ទៅ​ជា » ( « The Challenge to Become » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៣៤ ) ។

  6. រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ដែល​ផ្សះផ្សា​គេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១០០ ។

  7. ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ៨០ ។