ក្បួនខ្នាត និង​ការហៅ
៩. សមាគម​សង្គ្រោះ


« ៩. សមាគម​សង្គ្រោះ »​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ​២០២៥ ) ។

« ៩. សមាគម​សង្គ្រោះ » ក្បួនខ្នាត​ទូទៅ ។

ស្ត្រី​កំពុង​សិក្សា​ព្រះគម្ពីរ

៩.

សមាគម​សង្គ្រោះ

៩.១

គោលបំណង និង​អង្គការ

សមាគម​សង្គ្រោះ​ជួយ​បុត្រា​បុត្រី​របស់ព្រះ​ឲ្យ​រៀបចំខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ ក្នុងនាម​ជា​បុត្រី​នៃ​ព្រះមាតា​បិតា​សួគ៌ នោះ​សមាជិក​នៃ​សមាគម​សង្រ្គោះ « ពន្យល់​បទគម្ពីរ​ទាំងឡាយ » « ទូន្មាន​ដល់​សាសនាចក្រ » លើក​ទឹកចិត្ត និង « នៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល [ ពួកគេ ] បាន​ធ្វើ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:៧១៣ ) ។

៩.១.១

គោលបំណង

សមាគម​សង្គ្រោះ​គឺជា​អង្គការ​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះ សម្រាប់​ស្រ្តី​មជ្ឈិមវ័យ​ទាំងអស់​នៅក្នុង​សាសនាចក្រ ។ ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បង្រៀន​ថា គោលបំណង​នៃ​សមាគម​សង្រ្គោះ​គឺ​ដើម្បី​សង្រ្គោះ​ព្រលឹង និង​ជួយ​សម្រាល​ទុក្ខ ។ លោក​បាន​ថ្លែង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពុំបាន​រៀបចំ​ឡើង​បាន​ពេញលេញ​នោះ​ទេ ទាល់តែ​បងប្អូនស្រី​ត្រូវបាន​រៀបចំ​ឡើង​សិន ។

សមាជិក​នៃ​សមាគម​សង្រ្គោះ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ពួកគាត់​បម្រើ​មនុស្ស​ដទៃ បំពេញ​ទំនួល​ខុសត្រូវ​នៃ​សេចក្តី​សញ្ញា កសាង​សាមគ្គីភាព និង​រៀន​រស់នៅ​តាម​គោលលទ្ធិ ។

បាវចនា​របស់​សមាគម​សង្រ្គោះ​គឺ « សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ » ( កូរិនថូស​ ទី​១ ១៣:៨ ) ។ បាវចនា​នេះ​ឆ្លុះបញ្ចាំង​នៅក្នុង​ត្រា​របស់​សមាគម​សង្គ្រោះ ។

ត្រា​សមាគម​សង្រ្គោះ

៩.១.២

សមាជិកភាព​ក្នុង​សមាគម​សង្គ្រោះ

សមាគម​សង្គ្រោះ​គឺជា​ភាពបងប្អូន​ស្រី​ពេញ​មួយ​ជីវិត ។ បងប្អូន​ស្រី​ដែល​ជា​មជ្ឈិមវ័យ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​គឺជា​សមាជិក​ក្នុង​សមាគម​សង្គ្រោះ ។ ពួកគេ​គឺជា​សមាជិក ទោះជា​ពួកគេ​មិន​អាច​ចូលរួម​ការប្រជុំ​សមាគម​សង្គ្រោះ​ក្ដី ។

យុវនារី​ម្នាក់​អាច​ចាប់ផ្ដើម​ចូលរួម​នឹង​សមាគម​សង្រ្គោះ ពេល​នាង​មាន​អាយុ​១៨​ឆ្នាំ ។ នាង​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​នាង ព្រមទាំង​ប៊ីស្សព​អំពី​ការកំណត់​ពេលវេលា​នេះ ។ លុះ​ដល់​អាយុ​១៩​ឆ្នាំ ឬ​ពេល​ចាកចេញ​ពី​ផ្ទះ ដូចជា​ការទៅ​រៀន​នៅ​សាកលវិទ្យាល័យ ឬ​បម្រើ​បេសកកម្ម នាង​គួរតែ​ចូលរួម​នៅក្នុង​សមាគម​សង្គ្រោះ ។

ស្ត្រី​ដែល​បាន​រៀបការ​រួច​ហើយ ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ក៏​ជា​សមាជិក​ក្នុង​សមាគម​សង្គ្រោះ​ផងដែរ ។

សម្រាប់​ព័ត៌មាន​អំពី​ឪពុក​ម្តាយ​ឥត​បាន​រៀបការ​ក្រោម​អាយុ​១៨​ឆ្នាំ សូមមើល ៣៨.១.៥ ។

៩.១.៣

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការសម្រប​សម្រួល​ទៅតាម​សេចក្តី​ត្រូវការ​ក្នុង​មូលដ្ឋាន

វួដ​ខ្លះ​មាន​ចំនួន​ស្ត្រី​ដែល​ជា​មជ្ឈិមវ័យ​សកម្ម​ដ៏ច្រើន​ក្រៃលែង ។ សម្រាប់​វួដ​ទាំងនេះ ប៊ីស្សព និង​ប្រធាន​ស្តេក​អាច​អនុម័ត​ឲ្យ​បង្កើត​សមាគម​សង្រ្គោះ​លើសពី​មួយ​នៅក្នុង​វួដ​មួយ​បាន ។ សមាគម​សង្គ្រោះ​នីមួយៗ​មាន​គណៈប្រធាន​រៀងៗខ្លួន ។ ប្រសិនបើ​អាច​ធ្វើទៅ​បាន សមាគម​សង្គ្រោះ​នីមួយៗ​គួរតែ​មាន​សមាជិក​ដែល​មាន​អាយុ និង​បទពិសោធន៍​ខុសៗគ្នា ។

៩.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ

3:31

ព្រះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ទ្រង់​តាមរយៈ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ​ដាក់​ផែនការ​ប្រជុំ​នៅថ្ងៃ​អាទិត្យ ធ្វើ​សកម្មភាព ផ្ដល់​ការងារ​បម្រើ ធ្វើ​ការបម្រើ និង​ធ្វើ​សហប្រតិបត្តិការ​ដទៃទៀត​ដើម្បី​ជួយ​បងប្អូន​ស្រី​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ សមាជិក​ក្នុង​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​ធ្វើការ​រួម​សាមគ្គី​គ្នា​ដើម្បី​ជួយ​សម្រេច​បាន​កិច្ចការ​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ សូម​សិក្សា ជំពូកទី ១ ។

៩.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ​ជួយ​សមាជិក​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគាត់​សង្កត់​ធ្ងន់​លើ​ការអនុវត្ត​សេចក្តី​ជំនឿ ការប្រែចិត្ត ការបង្កើន​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ ។ ពិធីបរិសុទ្ធ​ទាំងនោះ​រួម​មាន​ទាំង​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ សូមមើល ១.២.១ ។

៩.២.១.១

ការរៀនសូត្រ​ដំណឹងល្អ​នៅឯ​គេហដ្ឋាន

នៅពេល​សមាជិក​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៅឯ​គេហដ្ឋាន នោះ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កាន់តែ​ស៊ីជម្រៅ ។ ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ​លើក​ទឹកចិត្ត​បងប្អូនស្រី​ឲ្យ​សិក្សា​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់​រៀងៗ​ខ្លួន និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ សៀវភៅ ចូរ​មក​តាម​ខ្ញុំ និង​ធនធាន​ដទៃទៀត​អាច​ជួយ​បំពេញ​ដល់​ការសិក្សា​របស់​ពួកគាត់ ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​វិធី​ដ៏សំខាន់​មួយ​ដើម្បី​រៀន​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។ ជាទូទៅ វា​ធ្វើឡើង​រាល់​សប្តាហ៍​នៅ​ថ្ងៃអាទិត្យ ល្ងាច​ថ្ងៃចន្ទ ឬ​នៅពេល​ផ្សេងទៀត ។ ពួកគាត់​អាច​បន្ថែម​ការអធិស្ឋាន ការសិក្សា​ដំណឹងល្អ ការថ្លែង​ទីបន្ទាល់ ការច្រៀង​ចម្រៀង និង​សកម្មភាព​សប្បាយៗ​បាន ។

៩.២.១.២

ការរៀនសូត្រ​ដំណឹងល្អ​នៅក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ

សមាគម​សង្គ្រោះ​ជួបគ្នា​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​គោលបំណង​ដូច​ខាងក្រោម ៖

  • ពង្រឹង​សេចក្តី​ជំនឿ ។

  • កសាង​សាមគ្គីភាព ។

  • ពង្រឹង​ក្រុមគ្រួសារ និង​គេហដ្ឋាន ។

  • សម្របសម្រួល​ការខិតខំ​ដើម្បី​ជួយ​ព្រះ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វួដ ។

ការប្រជុំ​ធ្វើឡើង​នៅ​អាទិត្យ​ទីពីរ និង​អាទិត្យ​ទីបួន​រាល់​ខែ ។ វាមាន​រយៈពេល​៥០​នាទី ។ គណៈប្រធាន​សមាគម​សង្គ្រោះ​ដាក់​ផែនការ​សម្រាប់​ការប្រជុំ​ទាំងនេះ ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ដឹកនាំ​កម្មវិធី ។

ការប្រជុំ​ចាប់ផ្តើម​ដោយ​អធិស្ឋាន ។ បន្ទាប់​មក​សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​ដឹកនាំ​បងប្អូន​ស្រី​ក្នុង​ការ​ប្រឹក្សា​ជាមួយ​គ្នា​រយៈពេល​ពី​៥ ទៅ ១០ នាទី អំពី​បញ្ហា​ដែល​ជាប់ទាក់ទង​គ្នា តម្រូវការ និង​ឱកាស​នានា ។ ការ​ផ្ដោត​ទៅ​លើ​ព្រះអង្គសង្រ្គោះ​នៅ​ក្នុង​ការប្រឹក្សាគ្នា​នេះ​នឹង​ជួយ​ឲ្យ​បងប្អូន​ស្រី​ស្ថាបនា​ទីបន្ទាល់ ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ រក្សា​សេចក្ដីសញ្ញា និង​ចម្រើន​ភាពជាសិស្ស​របស់​ពួកគេ ។ គណៈប្រធាន​សមាគម​សង្គ្រោះ​ជ្រើសរើស​ប្រធានបទ​ដើម្បី​ប្រឹក្សា​យោបល់​ដោយ​ផ្អែក​ទៅលើ​តម្រូវការ​របស់​បងប្អូន​ស្រី ។

បន្ទាប់​មក គួរតែផ្តល់ពេលវេលា​គ្រប់គ្រាន់​​ដើម្បី​ការបង្រៀន និង​ការពិភាក្សា​ដំណឹងល្អ​ប្រកប​ដោយ​អត្ថន័យ ។ គោលដៅ​គួរតែ​ផ្ដោត​ទៅលើ​ប្រធានបទ​នៅក្នុង​សុន្ទរកថា​មួយ ឬ​ច្រើន​មកពី​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។ គណៈប្រធាន​សមាគម​សង្គ្រោះ​ជ្រើសរើស​សារលិខិត​សន្និសីទ​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ឲ្យ​បងប្អូនស្រី​ពិភាក្សា​គ្នា ។ ពួកគាត់​ធ្វើ​ការជ្រើសរើស​ទាំង​នេះ​ដោយ​ផ្អែកទៅលើ​តម្រូវការ​របស់​បងប្អូនស្រី ។

អាច​ច្រៀង​ទំនុក​តម្កើង​ដើម្បី​ឲ្យ​មេរៀន​កាន់តែ​ជក់​ចិត្ត ។

ការប្រជុំ​គួរតែ​បញ្ចប់​ដោយ​ការអធិស្ឋាន ។

ជួនកាល​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​អាច​បញ្ចូល​គ្នា​សម្រាប់​មេរៀន​ថ្ងៃ​អាទិត្យ ។ ការប្រជុំ​ទាំងនេះ​ត្រូវបាន​សម្របសម្រួល​ដោយ​គណៈប៊ីស្សព និង​សមាគម​សង្គ្រោះ​និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មើល « ដើម្បី​អង្គុយ​ក្នុង​ក្រុមប្រឹក្សា » ។

៩.២.១.៣

សកម្មភាព

គណៈប្រធាន​សមាគម​សង្គ្រោះ​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​នានា ។ ប្រធាន​មើល​ខុសត្រូវ​លើ​សកម្មភាពទាំងឡាយ ។ គាត់​អាច​សុំឲ្យ​ទីប្រឹក្សា ឬ​បងប្អូន​ស្រី​ម្នាក់​ទៀត​ដឹកនាំ​នៅក្នុង​ការដាក់​ផែនការ និង​ការអនុវត្ត​ផែនការ​ទាំងនេះ​បាន ( សូមមើល ៩.៣.៤ ) ។ គណៈប្រធាន​ពិភាក្សា​ពី​សកម្មភាព​នានា​ជាមួយ​ប៊ីស្សព ដែល​ជាផ្នែក​មួយ​នៃ​ការដាក់​ផែនការ​របស់​ពួកគេ ។

សកម្មភាពនានា​គួរតែ​ពង្រឹង​ដល់​បំណង​ប្រាថ្នា​របស់​បងប្អូន​ស្រី​ក្នុង​ការធ្វើ និង​រក្សា​សេចក្ដីសញ្ញា និង​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ជួបជុំ និង​បម្រើ​ជាមួយ​គ្នា ។ សកម្មភាពនានា​គួរតែ​ជួយ​សម្រេច​គោលបំណង​របស់​សមាគមសង្គ្រោះ ( សូម​មើល ៩.១ និង ៩.១.១ ) ។ សម្រាប់​ព័ត៌មាន​អំពី​សកម្មភាព​របស់​សមាគម​សង្គ្រោះ​ស្តេក​សូម​មើល ៦.៧.១ ។

៩.២.២

ការមើលថែ​ដល់​អ្នកខ្វះខាត

ក្នុងនាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​ស្រី​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ឈោង​ទៅជួយ​អ្នកខ្វះខាត​ដោយ​សេចក្តី​ស្រឡាញ់ ។ ជា​បុគ្គល និង​ជា​សមាគម​សង្គ្រោះ ពួកគាត់​ស្វែងរក​វិធី​នានា​ដើម្បី​បម្រើ​អ្នកដទៃ​នៅក្នុង​វួដ និង​សហគមន៍ ។ នៅ​កន្លែង​ណា​ដែល​មាន​នោះ JustServe.org ផ្ដល់ជា​ឱកាស​បម្រើ​នៅក្នុង​សហគមន៍ ។

2:46

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​សមាជិក​ក្នុង​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​មើលថែ​ដល់​អ្នកខ្វះខាត សូមមើល ២២.៦.២ ។

ស្ដ្រី​កំពុង​ជូន​ម្ហូប​អាហារ

៩.២.២.១

ការផ្ដល់​ការងារ​បម្រើ

ការងារ​បម្រើ​គឺជា​ការថែទាំ​ដល់​មនុស្ស​ដទៃ​ដូច​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ ។ បងប្អូន​ស្រី​ទទួល​ការ​ចាត់តាំង​នៃ​ការងារ​បម្រើ​មកពី​គណៈប្រធាន​សមាគម​សង្រ្គោះ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ជំពូកទី ២១ ។

៩.២.២.២

តម្រូវការ​រយៈពេល​ខ្លី

បងប្អូន​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ​ព្យាយាម​យល់ និង​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អស់អ្នក​ដែល​ពួកគាត់​បម្រើ ។ សមាជិក​មួយ​ចំនួន​អាច​ត្រូវការ​ជំនួយ​សម្រាប់​រយៈពេល​ខ្លី នៅគ្រា​ដែល​មាន​ជំងឺ ការសម្រាល​កូន មរណភាព ការបាត់បង់​ការងារ និង​កាលៈទេសៈ​ផ្សេងទៀត ។

នៅពេល​ចាំបាច់ បងប្អូន​ស្រី​ផ្តល់​ការងារ​បម្រើ​ស្នើសុំ​ជំនួយ​ពី​គណៈប្រធាន​សមាគម​សង្គ្រោះ ។ គណៈប្រធាន​នេះ​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​ហៅ​អ្នកសម្រប​សម្រួល​ការបម្រើ​ម្នាក់​ដើម្បី​រៀបចំ​កិច្ចការ​នេះ ( សូមមើល ៩.៣.៤ ) ។

សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​សម្រប​សម្រួល​កិច្ចខិតខំ​ដើម្បី​ដោះស្រាយ​សេចក្ដី​ត្រូវការ​រយៈពេល​ខ្លី ( សូមមើល ២២.៣.២ ) ។ ប៊ីស្សព​អាច​ផ្ដល់​ជំនួយ​តមអាហារ​បាន បើ​ចាំបាច់ ។

នៅ​ទីតាំង​មួយ​ចំនួន ប៊ីស្សព​មាន​ជម្រើស​ដើម្បី​ផ្ដល់​ដល់​សមាជិក​ដែល​ខ្វះខាត ជា​ការ​បញ្ជា​ទិញ​ម្ហូប​អាហារ និង​សម្ភារ​ដែល​ចាំបាច់​ផ្សេង​ទៀត​ដោយប៊ីស្សព ។ ជាធម្មតា ប៊ីស្សព​ចាត់​ឲ្យ​ប្រធាន​សមាគម​សង្រ្គោះ​ទៅ​ជួប​នឹង​សមាជិក​ទាំងនោះ ហើយ​បំពេញ​បែបបទ​ការបញ្ជា​ទិញ ។ ទោះជា​យ៉ាងណា គាត់​ក៏អាច​ចាត់​ប្រធាន​កូរ៉ុម​អែលឌើរ​ផងដែរ ។ ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ ឬ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ត្រូវបាន​ចាត់តាំង ប្រសិនបើ​ប្រធាន​ជាប់​រវល់ ។ ថ្នាក់ដឹកនាំ​ដែល​បាន​ចាត់តាំង​នោះ​ដាក់​បញ្ជូន​បែបបទ​ដែល​បាន​បំពេញ​រួច​នោះ​ទៅកាន់​ប៊ីស្សព ដើម្បី​សុំ​ការអនុម័ត​ពីគាត់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២២.៦.២ និង « ធនធាន​សុខុមាលភាព » នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។

៩.២.២.៣

សេចក្ដី​ត្រូវការ​រយៈពេល​វែង និង​ភាពខ្លួន​ទីពឹង​ខ្លួន

ដោយ​បាន​សម្រប​សម្រួល​ដោយ​ប៊ីស្សព គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ជួយ​សមាជិក​ជាមួយ​នឹង​សេចក្ដី​ត្រូវការ​រយៈពេល​វែង និង​ភាពខ្លួន​ទីពឹង​ខ្លួន ។ ពួកគេ​បង្រៀន​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ សូមមើល ជំពូកទី ២២ និង « ភាពខ្លួន​ទីពឹង​ខ្លួន » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

ប្រសិនបើ​បុគ្គល​ម្នាក់ ឬ​គ្រួសារ​មួយ​ត្រូវការ​ជំនួយ នោះ​ប្រធាន​សមាគម​សង្គ្រោះ និង​ប្រធាន​កូរ៉ុម​អែលឌើរ​ប្រឹក្សា​ជាមួយគ្នា​អំពី​របៀប​ដើម្បី​ជួយ ដោយ​មាន​ការសម្រប​សម្រួល​ពី​ប៊ីស្សព ( សូមមើល ២២.៤ ) ។

ប្រធាន​សមាគម​សង្រ្គោះ ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ថ្នាក់ដឹកនាំ​ម្នាក់​ទៀត​ជួយ​បុគ្គល ឬ​គ្រួសារ​នោះ​ឲ្យ​បង្កើត ផែនការ​ភាពខ្លួន​ទីពឹង​ខ្លួន ។ បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ក៏​អាច​ជួយ​ក្នុង​ផែនការ​នេះ​ផងដែរ ។ ជារឿយៗ សមាជិក​ផ្សេងទៀត​ក្នុង​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​មាន​នូវ​ជំនាញ និង​បទពិសោធន៍​នានា​ដែល​អាច​ជួយ​បាន ។ មនុស្ស​ទាំងអស់​ដែល​ជួយ ត្រូវ​រក្សា​ព័ត៌មាន​ជា​ការសម្ងាត់ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២២.៣.៣ និង ២២.៨ ។

៩.២.២.៤

ពេល​សមាជិក​វួដ​ម្នាក់​ទទួល​មរណភាព

នៅពេល​សមាជិក​វួដ​ម្នាក់​ទទួល​មរណភាព នោះគណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​ផ្ដល់​ការលួងលោម​ចិត្ត និង​ជំនួយ ។ នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ពួកគេ​អាច​ជួយ​ក្នុង​ពិធីបុណ្យ​សព​បាន ។

ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សមាជិក​ដែល​ទទួល​មរណភាព​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ត្រូវ​បញ្ចុះ​ដោយ​ស្លៀក​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ។ សព​របស់​ស្ដ្រី​អាច​ត្រូវបាន​ស្លៀកពាក់​ឲ្យ​ដោយ​ស្វាមី​របស់​គាត់ ឬ​ដោយ​សមាជិក​គ្រួសារ​ភេទស្រី​ម្នាក់ ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ។ ប្រសិនបើ​មិនមាន​សមាជិក​គ្រួសារ​ណា​អាច​ធ្វើ​បាន ឬ​មិន​ចង់​ស្លៀកពាក់​ឲ្យ​សាកសព​នៃ​ស្ត្រី​នោះ​ទេ នោះ​ប៊ីស្សព​អាច​សូម​ប្រធាន​សមាគម​សង្គ្រោះ​ឲ្យ​អញ្ជើញ​ស្ត្រី​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ឲ្យ​ស្លៀកពាក់​ឲ្យ​សាកសព​នោះ ឬ​មើលការ​ខុសត្រូវ​លើ​ការស្លៀកពាក់​ឲ្យ​ត្រឹមត្រូវ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូមមើល ៣៨.៥.១០ ។

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​មនុស្ស​ផ្សេងទៀត​បន្ត​ផ្ដល់​ការលួងលោម​ចិត្ត និង​ជំនួយ បន្ទាប់ពី​ពិធីបុណ្យ​សព​នោះ ។

៩.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

សមាជិក​ក្នុង​សមាគម​សង្គ្រោះ​មាន​ការទទួល​ខុសត្រូវ ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសាយ ១៨:៩ ) ។ ពួកគេ​ធ្វើ​កិច្ចការ​នេះ តាមរយៈ​ការចែកចាយ​ដំណឹងល្អ ការពង្រឹង​សមាជិក​ថ្មី និង​ការឈោង​ទៅជួយ​សមាជិក​ដែល​មិន​សូវ​សកម្ម ។ សូមមើល ២៣.២ និង ២៣.៣ ។

នៅក្នុង​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​សមាគម​សង្គ្រោះ គណៈប្រធាន​សមាគម​សង្គ្រោះ​ពិភាក្សា​ពី​របៀប​ដែល​បងប្អូន​ស្រី​អាច​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ ។ សូមមើល ២៣.១.១, ២៣.១.២ និង ២៣.១.៣ ។

ប្រធាន​សមាគម​សង្រ្គោះ​ចាត់តាំង​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចការ​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៅក្នុង​វួដ ។ គាត់​ធ្វើការ​ជាមួយនឹង​សមាជិក​ដែល​បាន​ចាត់តាំង​មកពី​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដើម្បី​សម្រប​សម្រួល​ដល់​កិច្ចខិតខំ​ទាំងនេះ ( សូមមើល ២៣.៦.២ ) ។

សមាជិក​ដែល​បាន​ចាត់តាំង​មកពី​គណៈប្រធាន​សមាគម​សង្គ្រោះ​ចូលរួម​នៅក្នុង​ការប្រជុំ​សម្រប​សម្រួល​ប្រចាំ​សប្ដាហ៍​ដើម្បី​សម្រប​សម្រួល​ដល់​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលបាន​ពរជ័យ​នៃ​ដំណឹងល្អ ។ អ្នកដឹកនាំ​បេសកកម្ម​វួដ ដែល​អាច​ជា​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ អ្នកផ្សព្វផ្សាយ​សាសនា​វួដ​ជំនួយការ​នៅក្នុង​កូរ៉ុម​សង្ឃ​សមាជិក​ម្នាក់​មកពី​គណៈប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​អាយុ​ច្រើន​ជាង​គេ និង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ឲ្យ​មក​ចូលរួម ។ សូមមើល ២៣.៤ ។

៩.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ជួយ​ដល់​សមាជិក​ទាំងឡាយ​នៅក្នុង​ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ការណ៍​នេះ​រួម​មាន ៖

  • ការចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នានា រួម​ទាំង​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

  • ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ១.២.៤ ) ។

នៅក្នុង​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​សមាគម​សង្គ្រោះ គណៈប្រធាន​សមាគម​សង្គ្រោះ​ពិភាក្សា​ពី​របៀប​ដែល​បងប្អូន​ស្រី​អាច​ចូលរួម​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ​បាន ។ សមាជិក​គណៈ​ប្រធាន​ក៏​រៀបចំ​មធ្យោបាយ​ដើម្បី​ជួយ​សមាជិក​បង្កើន​ការយល់ដឹង និង​បំណង​ប្រាថ្នា​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​លើកទឹកចិត្តដល់​បងប្អូន​ស្រី​ឲ្យ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

គណៈប្រធាន​លើកទឹកចិត្ត​ដល់​បងប្អូន​ស្រី​ឲ្យ​រៀន​អំពីពង្សប្រវត្តិ​របស់​ពួកគេ ។ ពួកគេ​ជួយ​សមាជិក​ថ្មី និង​អ្នក​ត្រឡប់​មក​សកម្ម​វិញ​សមាជិក​ថ្មី​នៃ​សមាគម​សង្គ្រោះ និង​អ្នកផ្សព្វផ្សាយសាសនា​ដែល​បាន​ហៅ​ថ្មីៗ​ឲ្យ​ស្វែង​រក និង​រៀបចំ​ឈ្មោះ​ជីដូនជីតា​សម្រាប់​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ប្រធាន​សមាគម​សង្រ្គោះ​ចាត់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ។ គាត់​ធ្វើការ​ជាមួយនឹង​សមាជិក​ដែល​បាន​ចាត់​មកពី​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដើម្បី​សម្រប​សម្រួល​ដល់​កិច្ចខិតខំ​ទាំងនេះ ( សូមមើល ២៥.២.២ ) ។

សមាជិក​ដែល​បាន​ចាត់​មកពី​គណៈប្រធាន​សមាគម​សង្គ្រោះ ចូលរួម​នៅក្នុង​ការប្រជុំ​សម្រប​សម្រួល ដើម្បី​សម្រប​សម្រួល​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ការប្រជុំ​ទាំងនេះ​ធ្វើឡើង​ជាទៀងទាត់ ។ អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ដែល​អាច​ជា​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។ ការប្រជុំ​នេះ​ក៏​រួមមាន​សមាសភាព​មកពី​ជំនួយការ​នៅក្នុង​កូរ៉ុម​សង្ឃ សមាជិក​ម្នាក់​មកពី​គណៈប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​អាយុ​ច្រើន​ជាងគេ និង​អ្នកប្រឹក្សា​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ផងដែរ ។

2:49

៩.៣

ថ្នាក់ដឹកនាំ​សមាគម​សង្រ្គោះ

៩.៣.១

ប៊ីស្សព

ប៊ីស្សព​ជួប​ជាមួយ​ប្រធាន​សមាគម​សង្រ្គោះ​យ៉ាងហោចណាស់​ប្រចាំខែ ។ ពួកគាត់​ពិភាក្សា​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ បូករួម​ទាំង​ការបម្រើ​របស់​បងប្អូន​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ​ផងដែរ ។ ពួកគាត់​ក៏ពិភាក្សា​គ្នា​ពី (១) ការរីកចម្រើន និង​តម្រូវការ​នៃ​បងប្អូន​ស្រ្តី​ក្នងវួដ និង (២) ការប្រជុំ​សមាគមសង្រ្គោះ ការបង្រៀន និង​សកម្មភាព​នានា ។

៩.៣.២

គណៈប្រធាន​សមាគម​សង្គ្រោះ

៩.៣.២.១

ការហៅ​គណៈប្រធាន​សមាគម​សង្គ្រោះ

ប៊ីស្សព​ហៅ​ស្រ្តី​ម្នាក់​ដើម្បី​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ​វួដ ។ ប្រសិនបើ​អង្គភាព​ធំ​ល្មម​គ្រប់គ្រាន់ នោះ​គាត់​ផ្តល់​អនុសាសន៍​ជូន​ប៊ីស្សព​ឲ្យ​ហៅ​ស្រ្តី​ម្នាក់ ឬ​ពីរនាក់​ធ្វើជា​ទីប្រឹក្សា​របស់​គាត់ ។ គណៈប៊ីស្សព​ពិចារណា​ពី​ការផ្ដល់​អនុសាសន៍​របស់​គាត់ ហើយ​ធ្វើ​ការហៅ​បម្រើ​នោះ ។

សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព​ឧទ្ទេសនាម​សមាជិក​គណៈប្រធាន​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ដើម្បី​ទទួល​ការគាំទ្រ ។ ប៊ីស្សព​ធ្វើ​ពិធី​ញែកចេញ​ដល់​ប្រធាន​សមាគម​សង្រ្គោះ ។ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​អាច​ធ្វើ​ពិធី​ញែកចេញ​ដល់​ទីប្រឹក្សា​របស់​គាត់ ។

អង្គភាព​តូច​ខ្លះ​អាច​ពុំមាន​ប្រធាន​ក្រុម​យុវនារី ឬ​អង្គការ​បឋម​សិក្សា​ទេ ។ នៅក្នុង​អង្គភាព​ទាំងនេះ ប្រធាន​សមាគម​សង្រ្គោះ​អាច​ជួយ​ឪពុក​ម្តាយ​ឲ្យ​ដាក់​ផែនការ​បង្រៀន​សម្រាប់​យុវវ័យ និង​កុមារ​បាន ។

៩.៣.២.២

ការទទួល​ខុសត្រូវ

ប្រធាន​សមាគម​សង្រ្គោះ​មាន​កាទទួល​ខុសត្រូវ​ដូច​ខាងក្រោម ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។ គាត់​បម្រើ​ជា (១) សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ដែល​ជួយ​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៅក្នុង​វួដ ហើយ​ស្វែងរក​ដំណោះស្រាយ​នានា និង (២) ជា​អ្នកតំណាង​ឲ្យ​សមាគម​សង្រ្គោះ ( សូម​មើល ២៩.២.៥ ) ។

  • ដឹកនាំ​កិច្ចខិតខំ​របស់​សមាគម​សង្រ្គោះ​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ( សូមមើល ជំពូកទី ១ ) ។

  • រៀបចំ និង​មើលការ​ខុសត្រូវ​លើ​បងប្អូន​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ ។ សម្រប​សម្រួល​ការចាត់តាំង​នៃ​ការផ្តល់​ការងារ​បម្រើ​ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដោយ​ប្រជុំ​យ៉ាង​តិចណាស់​រៀងរាល់​ត្រីមាស ។ ស្វែងរក​ការអនុម័ត​ពីប៊ីស្សព​សម្រាប់​ការចាត់តាំង​នៃ​ការផ្តល់​ការងារ​បម្រើ ។ ធ្វើ​ការសម្ភាស​ស្តី​ពី​ការងារ​បម្រើ​យ៉ាង​តិចណាស់​រៀងរាល់​ត្រីមាស ។ សូមមើល ជំពូកទី ២១ ។

  • នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព សូម​ប្រឹក្សា​ជាមួយ​នឹង​សមាជិក​មជ្ឈិមវ័យ​នៅក្នុង​វួដ ( សូមមើល ៣១.១ និង ៣១.៣ ) ។ មានតែ​ប៊ីស្សព​ប៉ុណ្ណោះ​ដែល​អាច​ប្រឹក្សា​យោបល់​ដល់​សមាជិក​វួដ​អំពី​បញ្ហា​នៃ​ភាពស័ក្ដិសម ការរំលោភ​បំពាន និង​ការអនុម័ត​ឲ្យ​ប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ​បាន ។ សូមមើល ធនធាន​ការប្រឹក្សា ។ សម្រាប់​ព័ត៌មាន​អំពី​ការបំពាន​សូមមើល ៣៨.៦.២ ។

    3:16
  • ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ គាត់​ជួយ​ដឹកនាំ​កិច្ចខិតខំ​នៅក្នុង​វួដ ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ( សូមមើល ៨.២.៣ និង ៩.២.៣ ) ។

  • ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ គាត់​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។

  • សម្រប​សម្រួល​កិច្ចខិតខំ​របស់​សមាគម​សង្រ្គោះ​ដើម្បី​ពង្រឹង​ដល់​បងប្អូន​ស្រី​ដែល​ជា​យុវមជ្ឈិមវ័យ​នៅក្នុង​វួដ ទាំង​នៅលីវ និង​រៀបការ​ហើយ ។ ទីប្រឹក្សា​ម្នាក់​អាច​ចាត់តាំង​ឲ្យទៅ​បម្រើ​ជាមួយ​នឹង​យុវមជ្ឈិមវ័យ​នៅលីវ ( សូមមើល ១៤.១.២.២ ) ។

  • ជួប​ជាមួយ​សមាជិក​សមាគម​សង្រ្គោះ​ម្នាក់ៗ​ដោយ​ផ្ទាល់ យ៉ាង​ហោចណាស់​ម្តង​ក្នុង​មួយឆ្នាំ ។ ពិភាក្សា​ពី​សុខុមាលភាព​របស់​បងប្អូន​ស្រី និង​គ្រួសារ​របស់​គាត់ ។

  • សូម​បង្រៀន​បងប្អូន​ស្រី​អំពី​ទំនួល​ខុសត្រូវ​នៃ​សេចក្ដីសញ្ញា និង​ពរជ័យ​ទាំងឡាយ​របស់​ពួកគេ​រួម​ទាំង​ពរជ័យ​ដែល​បាន​មក​ពី​អំណាច​បព្វជិតភាព​របស់​ព្រះ ( សូមមើល ៣.៥ និង ៣.៦ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អំណាច ការការពារ ការដឹកនាំ អំណរ និង​ភាពសុខសាន្ត​ដែល​កើត​មាន​មក​ពី​ការអភិវឌ្ឍ​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • មើលការ​ខុសត្រូវ និង​ជួយ​កែលម្អ​ការបង្រៀន​នៅក្នុង​សមាគម​សង្រ្គោះ​នេះ ( សូមមើល ជំពូកទី ១៧ ) ។

  • ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​សមាគម​សង្រ្គោះ ។

  • មើលការ​ខុសត្រូវ​លើ​សកម្មភាព​សមាគម​សង្រ្គោះ ( សូមមើល ៩.២.១.៣ ) ។

  • ជួយ​យុវនារី​ឲ្យ​រៀបចំខ្លួន​ដើម្បី​ចូលរួម​នៅក្នុង​សមាគម​សង្រ្គោះ ( សូម​មើល ៩.៤ ) ។

  • មើលការ​ខុសត្រូវ​លើ​កំណត់ត្រា​របាយការណ៍ និង​ហិរញ្ញវត្ថុ​របស់​សមាគម​សង្រ្គោះ ​( សូមមើល​គេហទំព័រ​ LCR.ChurchofJesusChrist.org ) ។ លេខា​អាច​ជួយ​បាន ( សូមមើល ៩.៣.៣ ) ។

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​បង្រៀន​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ​អំពី​ទំនួល​ខុសត្រូវ​ទាំងនេះ ។ ពួកគេ​អាច​ធ្វើ​បែប​នេះ​ក្នុង​អំឡុង​ពេល​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ​ស្ដេក​ការប្រជុំ​គណៈប្រធាន​សមាគម​សង្គ្រោះ​វួដ និង​ការជួប​ដោយ​ផ្ទាល់​ជាមួយ​ប្រធាន​សមាគម​សង្គ្រោះ ( សូម​មើល ២៩.៣.៤ ) ។

តាមរយៈ​ការបម្រើ​របស់​គាត់ នោះ​ប្រធាន​សមាគម​សង្រ្គោះ​គាំទ្រ​ដល់​ប៊ីស្សព​នៅក្នុង​ការផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​យុវវ័យ និង​លើ​ការទទួល​ខុសត្រូវ​ដ៏ពិសេស​របស់​ប៊ីស្សព ។

ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ

៩.៣.២.៣

ការប្រជុំ​គណៈប្រធាន

គណៈប្រធាន​សមាគម​សង្រ្គោះ និង​លេខា​ជួបគ្នា​ជា​ទៀងទាត់ ។ ប្រធាន​ជា​អ្នកដឹកនាំ​ការប្រជុំ​ទាំងនេះ ។ របៀបវារៈ​អាច​រួមមាន​នូវ​ចំណុច​ដូច​ខាងក្រោម ៖

  • ដាក់​ផែនការ​ដើម្បី​ពង្រឹង​ដល់​បងប្អូនស្រី និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • ដាក់​ផែនការ​អំពី​របៀប​ដើម្បី​សម្រេច​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង ឡើង​របស់​ព្រះ ។

  • សម្រប​សម្រួល​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ព្រមទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ផងដែរ ។

  • ឆ្លើយតប​នឹង​ការប្រឹក្សា និង​ការចាត់តាំង​មកពី​ប៊ីស្សព ។

  • ឆ្លើយតប​នឹង​ការចាត់តាំង​មកពី​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។

  • ធ្វើ​ការពិចារណា​ពី​ការចាត់តាំង​ការងារ​បម្រើ​ប្រកប​ដោយ​ការអធិស្ឋាន ។

  • ពិនិត្យ​មើល​ព័ត៌មាន​ពី​ការសម្ភាស​ការងារ​បម្រើ​ឡើងវិញ ។ ដាក់​ផែនការ​ដើម្បី​ស្វែងយល់ពី​កម្លាំង និង​បំពេញ​តាម​តម្រូវការ ។ ( សូមមើល ជំពូកទី ២១ ) ។

  • ពិចារណា​រក​បងប្អូន​ស្រី​ឲ្យ​បម្រើ​នៅក្នុង​សមាគម​សង្រ្គោះ និង​ការចាត់តាំង​នានា ។

  • រៀប​ផែនការ​ប្រជុំ​សមាគម​សង្រ្គោះ និង​សកម្មភាព​នានា ។

៩.៣.៣

លេខា

គណៈប្រធាន​សមាគម​សង្រ្គោះ​អាច​ផ្តល់​អនុសាសន៍​ឲ្យ​ស្រ្តី​ម្នាក់​បម្រើ​ជា​លេខា​របស់​សមាគម​សង្រ្គោះ​បាន ។ សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព​ផ្ដល់​ការហៅបម្រើ​ដល់​ស្រ្តី​រូបនោះ រួចហើយ​ឧទ្ទេសនាម​ស្ត្រី​នោះ​ដើម្បី​ទទួល​ការគាំទ្រ​នៅក្នុង​ការប្រជុំសាក្រាម៉ង់​ហើយ​ធ្វើ​ពិធី​ញែកចេញ​ឲ្យគាត់ ។

ការទទួល​ខុសត្រូវ​របស់​លេខា​អាច​រួមមាន​ដូច​ខាងក្រោម ៖

  • រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​សមាគម​សង្រ្គោះ ។

  • កត់ត្រា​នៅក្នុង​ការប្រជុំ និង​តាមដាន​ការចាត់តាំង​នានា ។

  • រៀបចំ​កាលវិភាគ​សម្ភាស​ស្តី​ពី​ការងារ​បម្រើ ( សូមមើល ២១.៣ ) ។

  • រៀបចំ និង​បញ្ជូន​របាយការណ៍​អ្នក​ចូល​រួម និង​ចំនួននៃ​ការសម្ភាស​អំពី​ការងារ​បម្រើ​ដែល​បានធ្វើឡើង​ប្រចាំ​ត្រីមាស ។ របាយការណ៍​អំពី​ការចូលរួម​គួរតែ​រួមបញ្ចូលទាំង​បងប្អូនស្រី​ដែលបម្រើ​នៅក្នុង​អង្គការ​បឋមសិក្សា និង​ក្រុម​យុវនារី ។

  • ជួយ​រៀបចំ​ថវិកា​ប្រចាំឆ្នាំ និង​តាមដាន​ចំណាយ​នានា ។

៩.៣.៤

ការ​ហៅ និង​ការ​ចាត់តាំង​បន្ថែម

ការហៅ​បម្រើ​បន្ថែម​ខាងក្រោម​អាច​មាន​អត្ថប្រយោជន៍ ។ ប៊ីស្សព និង​ប្រធាន​សមាគម​សង្រ្គោះ​ពិភាក្សាគ្នា​ថា​ត្រូវការ​ការហៅ​បម្រើ​ទាំងនេះ​ដែរ​ឬទេ ។

  • គ្រូបង្រៀន​សមាគម​សង្រ្គោះ​បង្រៀន​នៅក្នុង​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ ។

  • អ្នកសម្រប​សម្រួល​ការបម្រើ​ដើម្បី​ជួយ​ដាក់​ផែនការ និង​ធ្វើ​ការបម្រើ​ដល់​អ្នកខ្វះខាត ( សូមមើល ៩.២.២.២ ) ។ ជំនួយការ និង​សមាជិក​គណៈកម្មការ​ក៏អាច​ហៅ​បានដែរ ។

  • អ្នកសម្រប​សម្រួល​សកម្មភាព​ដើម្បី​ជួយ​ដាក់​ផែនការ និង​ធ្វើ​សកម្មភាព​របស់​សមាគម​សង្រ្គោះ ( សូមមើល ៩.២.១.៣ ) ។ ជំនួយការ និង​សមាជិក​គណៈកម្មការ​ក៏អាច​ហៅ​បានដែរ ។

  • ជំនួយការ​លេខា​ដើម្បី​ជួយ​ដល់​លេខា​សមាគម​សង្រ្គោះ ។

  • លេខា​នៃ​ការផ្តល់​ការងារ​បម្រើ​ត្រូវ​រៀបចំ​ការសម្ភាស​អំពី​ការងារ​បម្រើ ហើយ​ជួយ​រៀបចំ​របាយការណ៍​ប្រចាំ​ត្រីមាស ។

ប្រសិនបើ​ការហៅ​បម្រើ​ទាំងនេះ ឬ​ការហៅ​បម្រើ​ផ្សេងទៀត​គឺ​ចាំបាច់ នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ​ជា​អ្នកផ្តល់​អនុសាសន៍​ឲ្យ​បងប្អូនស្រី​បម្រើ ។ ពួកគាត់​ផ្ដល់​អនុសាសន៍​ទាំងនេះ​ជូន​ទៅកាន់​គណៈប៊ីស្សព ។ ប្រសិនបើ​គណៈប៊ីស្សព​អនុម័ត នោះ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ហៅ​ពួកគេ ។ គាត់​ឧទ្ទេសនាម​ពួកគេ​ដើម្បី​គាំទ្រ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​ធ្វើពិធី​ញែកចេញ​ដល់​ពួកគេ ។

ប្រសិនបើ​ចាំបាច់ គណៈប្រធាន​សមាគម​សង្គ្រោះ​អាច​ចាត់តាំង​បងប្អូនស្រី​ឲ្យ​ជួយ​ដល់​កិច្ចខិតខំ​របស់​សមាគម​សង្រ្គោះ​តាម​របៀប​ផ្សេងៗ ។ ការចាត់តាំង​ទាំងនេះ​អាច​រួមមាន​ដូច​តទៅ​នេះ ៖

  • ការជួយ​យុវនារី​ឲ្យ​រីកចម្រើន​ចូល​ទៅក្នុង​សមាគមសង្គ្រោះ

  • ការបម្រើ​ជា​អ្នកជំនាញ​សម្រាប់​បងប្អូនស្រី​ដែលមាន​ស្ថានភាព​ជាក់លាក់ ដូចជា​ស្ត្រីមេម៉ាយ យុវមជ្ឈិមវ័យ ឬ​ម្តាយ​ដែល​មានកូ​នតូចៗ

បងប្អូន​ស្រី​ដែល​មាន​ការចាត់តាំង​រយៈពេល​ខ្លី​ពុំ​ចាំបាច់​ត្រូវបាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​នោះ​ទេ ។

ថ្នាក់​សមាគម​សង្រ្គោះ

៩.៤

ការជួយ​យុវនារី​ឲ្យ​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​សមាគម​សង្គ្រោះ

គណៈប្រធាន​សមាគម​សង្រ្គោះ​ធ្វើការ​ជាមួយ​យុវនារី ឪពុក​ម្តាយ​របស់​ពួកគេ និង​ថ្នាក់ដឹកនាំ​ក្រុម​យុវនារី​ដើម្បី​ជួយ​រៀបចំ​យុវនារី​ឲ្យ​ចូលរួម​នៅក្នុង​សមាគម​សង្រ្គោះ ។

ថ្នាក់ដឹកនាំ​ទាំងឡាយ​ក៏ផ្ដល់​ឱកាស​ជាបន្ត​បន្ទាប់​ឲ្យ​យុវនារី និង​បងប្អូន​ស្រី​នៃ​សមាគម​សង្គ្រោះ​ស្គាល់​គ្នា ហើយ​បង្កើត​ចំណង​មិត្តភាព​ផងដែរ ។ ការបម្រើ​ជាមួយគ្នា​ក្នុង​នាម​ជា​បងប្អូន​ស្រី​ផ្តល់​ការងារ​បម្រើ​គឺជា​របៀប​ដ៏មាន​តម្លៃ​មួយ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង ។

ថ្នាក់ដឹកនាំ​ទាំងឡាយ​ជួយ​យុវនារី​ឲ្យ​យល់​ពី​ទំនួល​ខុសត្រូវ​នៃ​សេចក្តី​សញ្ញា​របស់ពួកគេ ។ នៅពេល​វា​មាន​អត្ថប្រយោជន៍​ដើម្បី​មាន​យុវនារី​ផ្តល់​ការងារ​បម្រើ​ដល់​បងប្អូនស្រី​ណាម្នាក់ នោះ​គាត់​អាច​ត្រូវបាន​ចាត់តាំង​ជា​បងប្អូនស្រី​ដែល​ផ្តល់​ការងារ​បម្រើ នៅពេល​គាត់​ស្ម័គ្រចិត្ត អាច​ធ្វើបាន និង​មានភាព​ចាស់ទុំ ។ គាត់​អាច​ត្រូវបាន​ចាត់តាំង​នៅដើម​ឆ្នាំ​ដែល​គាត់​ឈាន​ចូល​ដល់អាយុ ១៤ ឆ្នាំ ។ យុវនារី​បម្រើ​ជា​ដៃគូ​ជាមួយ​បងប្អូន​ស្រី​សមាគម​សង្គ្រោះ ( សូមមើល ២១.២.២ ) ។

នៅពេល​យុវមជ្ឈិមវ័យ​ចូលរួម​នៅក្នុង​សមាគម​សង្រ្គោះ នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ​ផ្តល់​ឱកាស​ជាច្រើន​ឲ្យ​ពួកគេ​ធ្វើការ​បម្រើ និង​ចែកចាយ​ភាព​រឹងមាំ​របស់​ពួកគេ ។ គណៈប្រធាន​ក៏អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ​ផងដែរ ( សូមមើល ២៧.១.១ ) ។

៩.៥

ថ្នាក់​ដឹកនាំ​សមាគម​សង្រ្គោះ​ស្តេក

ប្រធាន​ស្តេក​ហៅ និង​ញែកចេញ​ស្រ្តីម្នាក់​ដើម្បី​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ​ស្ដេក ។ ប្រសិនបើ​ស្តេក​នោះ​ធំល្មម គាត់​អាច​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ស្រ្តី​ម្នាក់ ឬ​ពីរនាក់​មក​បម្រើ​ជាទីប្រឹក្សា និង​ម្នាក់​ទៀត​បម្រើ​ជា​លេខា ។ ស្រ្តី​ទាំង​នេះ​ត្រូវបាន​ហៅ និង​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់​តាំង​មួយរូប ។ សម្រាប់​ព័ត៌មាន​អំពី​ការទទួល​ខុសត្រូវ​របស់​គណៈប្រធាន និង​លេខា​សមាគម​សង្រ្គោះ​ស្តេក សូមមើល ៦.៧.១ និង ៦.៧.៣ ។

ប្រធាន​ស្តេក​ជួប​ជាទៀងទាត់ ( យ៉ាងហោចណាស់​ប្រចាំខែ ) ជាមួយ​ប្រធាន​សមាគម​សង្គ្រោះ ឬ​គណៈប្រធាន​សមាគម​សង្រ្គោះ ។ ពួកគាត់​ប្រឹក្សា​ជាមួយគ្នា​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ពួកគាត់​ក៏ពិភាក្សា​គ្នា​ពី ( ១ ) ការរីក​ចម្រើន និង​តម្រូវការ​នៃ​បងប្អូន​ស្រី​នៅក្នុង​ស្តេក និង ( ២ ) ការប្រជុំ​សមាគម​សង្រ្គោះ ការបង្រៀន និង​សកម្មភាព​នានា​ផងដែរ ។

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ណែនាំ​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគាត់​សម្រាប់​ការងារ​បម្រើ​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ​ព្រមទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ផងដែរ ។ ពួកគាត់​ធ្វើ​កិច្ចការ​ទាំងនេះ​ក្រោម​ការណែនាំ​របស់​គណៈប្រធាន​ស្តេក ។ ទីប្រឹក្សា​ជាន់ខ្ពស់​ត្រូវបាន​ចាត់តាំង​ឲ្យ​ជួយ ។ សូមមើល ២៣.១ និង ២៥.២ ។

ប្រសិនបើ​ស្តេក​មាន​គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅលីវ នោះ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្ដេក​នឹង​បម្រើ​នៅក្នុង​មុខងារ​នេះ ។ វា​ក៏​អនុវត្ត​ដែរ​ថា ប្រសិន​បើ​ស្តេក​មាន​គណៈកម្មការ​មជ្ឈិមវ័យ​នៅលីវ ។ ( សូមមើល ១៤.១.១.២ ) ។

យុវនារី​ពីរនាក់​សើច

៩.៦

សេចក្តី​ណែនាំ និង​គោលនយោបាយ​បនែ្ថម

៩.៦.១

សមាជិក​ដែល​មាន​ពិការភាព

គណៈប្រធាន​សមាគម​សង្រ្គោះ​ផ្តល់​ការថែទាំ​ជាពិសេស​ដល់​សមាជិក​ដែល​មាន​ពិការភាព ។ សម្រាប់​ព័ត៌មាន​អំពី​ការជួយ​ដល់​សមាជិក​ទាំងនេះ សូមមើល​នៅលើ​គេហទំព័រ disability.ChurchofJesusChrist.org សូមមើល​ផងដែរ ៣៨.៨.២៧ នៅក្នុង​ក្បួនខ្នាត​នេះ ។

៩.៦.២

អក្ខរកម្ម

តាមដែល​ត្រូវការ គណៈ​ប្រធាន​សមាគម​សង្រ្គោះ​ធ្វើការ​ជាមួយ​ប៊ីស្សព គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​ក្រុមប្រឹក្សា​វួដ​ដើម្បី​ជួយ​សមាជិក​ឲ្យរៀន​អាន និង​សរសេរ ។