« វាយតម្លៃសកម្មភាពការរៀនសូត្ររបស់អ្នក សម្រាប់មេរៀនការរៀបចំជីវិត » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សកម្មភាពវាយតម្លៃការរៀនសូត្ររបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
វាយតម្លៃសកម្មភាពការរៀនសូត្ររបស់អ្នក សម្រាប់មេរៀនការរៀបចំជីវិត
បន្ទាប់ពីអ្នកបានបញ្ចប់ការបង្រៀនមេរៀនមួយនៃមេរៀនផ្នែកការរៀបចំជីវិតរួចហើយ សូមពិចារណាជួយសិស្សឲ្យគិតពិចារណាពីការរៀនសូត្រ និងការលូតលាស់របស់ពួកគេ ដោយរួមបញ្ចូលសកម្មភាពវាយតម្លៃពីផ្នែកនោះនៅក្នុងមេរៀនវាយតម្លៃការរៀនរបស់អ្នកនាពេលខាងមុខ ។ សកម្មភាពទាំងនេះអាចបត់បែនដើម្បីបំពេញតម្រូវការសិស្សរបស់អ្នកឲ្យកាន់តែប្រសើរ ។
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
អនុវត្តការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រក្នុងជីវិតរបស់អ្នក ។
នៅពេញមួយវគ្គសិក្សានេះ សិស្សមានឱកាសដើម្បីសិក្សា និងអនុវត្តការបង្រៀនជាច្រើនពីថ្នាក់ដឹកនាំសាសនាចក្រ ។ សម្រាប់សកម្មភាពនេះ អ្នកអាចរំឭកសិស្សអំពីសុន្ទរកថាជាក់លាក់ដែលបានសិក្សានៅក្នុងថ្នាក់ ។ ប្រសិនបើអាចធ្វើបាន សូមអញ្ជើញពួកគេឲ្យជ្រើសរើសសុន្ទរកថាមួយដែល ពួកគេបានសិក្សា ហើយពិនិត្យមើលវា និងកំណត់ចំណាំណាមួយដែលពួកគេបានសរសេរទុក ។ សូមលើកទឹកចិត្តសិស្សឲ្យគិតពិចារណាអំពីរបៀបដែលការបង្រៀនមកពីសុន្ទរកថាបានជួយពួកគេឲ្យខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាបែងចែកសិស្សជាគូៗសម្រាប់លំហាត់ខាងក្រោមនេះ ។ ពួកគេអាចប្តូរវេនសម្ភាសន៍គ្នាទៅវិញទៅមក ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សមួយគូ ឬច្រើនគូមកធ្វើការសម្ភាសន៍របស់ពួកគេនៅមុខថ្នាក់ ។
សូមស្រមៃថា អ្នកត្រូវបានសម្ភាសសម្រាប់អត្ថបទមួយដើម្បីចុះផ្សាយនៅក្នុងទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន អំពីការសិក្សាអំពីបង្រៀនមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ អ្នកសម្ភាសនឹងសួរសំណួរអ្នកដូចខាងក្រោមនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីការសិក្សាការបង្រៀនពីថ្នាក់ដឹកនាំសាសនាចក្រ ?
-
ចេញពីសុន្ទរកថា និងអត្ថបទដែលអ្នកបានសិក្សានៅក្នុងថ្នាក់សិក្ខាសាលា តើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ហើយហេតុអ្វីបានជាវាសំខាន់ ?
-
តើការបង្រៀនជាក់លាក់អ្វីខ្លះរបស់ថ្នាក់ដឹកនាំសាសនាចក្រ ដែលអ្នកបានអនុវត្តតាមក្នុងជីវិតរបស់អ្នកនាពេលថ្មីៗនេះ ?
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ការទទួលកម្លាំងពីព្រះអម្ចាស់ដើម្បីធ្វើការជ្រើសរើសដែលបំផុសគំនិត
សកម្មភាពនេះនឹងជួយសិស្សឲ្យវាយតម្លៃនូវអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនដែលទាក់ទងនឹងផ្នែកដែលមានចំណងជើងថា « ដើម្បីកម្លាំងនៃយុវជន ៖ ការជ្រើសរើស » ។ វាអាចមានអត្ថប្រយោជន៍ក្នុងការពិនិត្យមើលនូវមាតិកាមួយចំនួនពីមេរៀនទាំងនេះជាមួយសិស្ស ។
របៀបមួយដើម្បីជួយសិស្សឲ្យវាយតម្លៃពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅក្នុងមេរៀនទាំងនេះ គឺត្រូវអញ្ជើញពួកគេឲ្យសរសេរសំបុត្រទៅខ្លួនឯង ។ ការបំផុសខាងក្រោមនេះអាចប្រើប្រាស់ ឬបត់បែនបាន ។
សូមស្រមៃមើលថា តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាក្នុងរយៈពេលមួយឆ្នាំទៀតចាប់ពីពេលនេះទៅ ។ សូមគិតអំពីអ្វីដែលអ្នករំពឹងថានឹងសម្រេចបានក្នុងពេលនោះ និងឧបសគ្គណាមួយដែលអ្នកទន្ទឹងរង់ចាំ ។ សូមសរសេរសំបុត្រលើកទឹកចិត្តដល់អនាគតខ្លួនអ្នក ។ សំណួរដូចខាងក្រោមក៏អាចជួយអ្នក ។
-
តើអ្នកបានរៀន និងទទួលអារម្មណ៍អ្វីខ្លះអំពីការទទួលបានកម្លាំងពីព្រះអម្ចាស់ដើម្បីធ្វើការជ្រើសរើសដោយបំផុសគំនិត ?
-
តើមានគោលដៅណាមួយដែលអ្នកបានកំណត់ ដែលអ្នកចង់បន្តធ្វើវាដែរឬទេ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នកធ្វើការជ្រើសរើសដ៏បំផុសគំនិតប្រកបដោយប្រសិទ្ធភាព ?
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យគូររូបមនុស្សចង្កឹះអំពីក្មេងជំទង់ម្នាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យដាក់ឈ្មោះក្មេងជំទង់នេះ និងបង្កើតព័ត៌មានលម្អិតមួយចំនួនអំពីបុគ្គលិកលក្ខណៈ និងស្ថានភាពគ្រួសាររបស់ពួកគេ ។
បន្ទាប់មក សូមឲ្យសិស្សបង្កើតស្ថានភាពជាក់ស្តែងមួយ ដែលក្មេងជំទង់នោះកំពុងប្រឈមមុខនឹងឧបសគ្គក្នុងជីវិត ។
សូមអញ្ជើញសិស្សឲ្យបង្កើតជាក្រុមតូចៗ ហើយពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ៖
-
តើការពឹងផ្អែកលើព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់អាចជួយក្មេងវ័យជំទង់នេះដោះស្រាយឧបសគ្គដោយរបៀបណា ?
-
តើក្មេងជំទង់ម្នាក់នេះអាចធ្វើអ្វីខ្លះដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួនក្នុងស្ថានភាពរបស់ពួកគេ ?
អ្នកក៏អាចនឹងអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតអំពីភាពខ្លួនទីពឹងខ្លួនដែលពួកគេបានរៀននៅក្នុងព្រះគម្ពីរ ។
វគ្គបទគម្ពីរមួយចំនួនដែលសិស្សអាចសិក្សានៅក្នុងមេរៀន « ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ » រួមមាន ៖
សូមដាក់បង្ហាញសំណួរខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតសំណួរទាំងនេះ ហើយកត់ត្រាគំនិតរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀនជំនាញ និងអាកប្បកិរិយាអ្វីខ្លះ ដែលអាចជួយអ្នកឲ្យកាន់តែមានភាពខ្លួនទីពឹងខ្លួននៅក្នុងផ្នែកផ្សេងៗក្នុងជីវិតរបស់អ្នក ( ដូចជា ការអប់រំ សុខភាព ការងារ ឬកម្លាំងខាងវិញ្ញាណ ) ?
-
តើអ្នកកាន់តែមានភាពខ្លួនទីពឹងខ្លួនតាមរបៀបណា ?
-
តើអ្នកនឹងអញ្ជើញព្រះឲ្យជួយអ្នកបន្តស្ថាបនាភាពខ្លួនទីពឹងខ្លួនដោយរបៀបណា ?
សុខភាពខាងផ្លូវកាយ និងសតិអារម្មណ៍
សូមអនុវត្តគោលការណ៍ និងជំនាញដើម្បីឲ្យកាន់តែមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។
ពិចារណាគូររថភ្លើងជិះចុះឡើងដ៏សាមញ្ញ ឬផ្លូវដែលមានភ្នំ និងជ្រលងភ្នំ ។
-
ហេតុអ្វីបានជាមនុស្សមួយចំនួនអាចប្រៀបធៀបជីវិតរបស់ពួកគេទៅនឹងរថភ្លើងជិះចុះឡើង ឬផ្លូវដែលមានភ្នំ និងជ្រលងភ្នំ ?
-
តើអ្វីទៅជា « ចំណុចឡើង » និង « ចំណុចចុះ » មួយចំនួនដែលយើងអាចទទួលអារម្មណ៍ក្នុងជីវិតរបស់យើង ?
សូមរំឭកសិស្សថា ក្នុងអំឡុងវគ្គសិក្សានេះ ពួកគេបានសិក្សាមេរៀនផ្សេងៗ ដែលអាចជួយពួកគេឲ្យងាកទៅរកព្រះអម្ចាស់ ដើម្បីឲ្យកាន់តែមានភាពធន់ខាងផ្លូវចិត្តនៅគ្រប់ពេលវេលានៃជីវិត ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរគោលការណ៍ ឬជំនាញមួយចំនួនដែលពួកគេបានរៀន ដើម្បីឲ្យមានភាពធន់ខាងផ្លូវចិត្តកាន់តែខ្លាំង ។ ប្រសិនបើអាច ពួកគេអាចនិយាយអំពីបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលបង្រៀនគោលការណ៍ និងជំនាញទាំងនេះ ។ ចម្លើយរបស់សិស្សអាចរួមបញ្ចូលវិធីកែលម្អគន្លងគំនិត និងដោះស្រាយភាពតានតឹង ការថប់បារម្ភ ភាពសោកសៅ ការធ្លាក់ទឹកចិត្ត និងភាពល្អឥតខ្ចោះ ។ ពួកគេក៏អាចនិយាយអំពីការកែលម្អសុខភាពរាងកាយរបស់ពួកគេផងដែរ ។
សូមអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយចំពោះសំណួរដូចខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកបានរៀនអ្វីខ្លះដែលមានអត្ថន័យ និងមានប្រយោជន៍ចំពោះអ្នក ?
-
តើអ្នកបានប្រើជំនាញអ្វីខ្លះដើម្បីងាកទៅរកព្រះអម្ចាស់ដើម្បីកាន់តែមានភាពធន់ខាងផ្លូវចិត្ត ?
-
តើអ្នកបានដកពិសោធន៍ជោគជ័យ និងពរជ័យអ្វីខ្លះមកពីព្រះអម្ចាស់ ? តើអ្នកនៅជួបឧបសគ្គអ្វីខ្លះ ?
-
តើអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើអ្វីខ្លះដើម្បីបន្ត « មើលមកឯ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ) ដើម្បីកាន់តែមានភាពធន់ខាងផ្លូវចិត្ត ?
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយ និងបទពិសោធន៍របស់ពួកគេ ប្រសិនបើវាមិនមានលក្ខណៈផ្ទាល់ខ្លួនពេកទេនោះ ។ សូមរកមើលវិធីសរសើរសិស្សចំពោះការខិតខំរបស់ពួកគេ និងដើម្បីថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងជួយ ហើយប្រទានពរដល់ពួកគេតាមពេលវេលា និងវិធីផ្ទាល់ខ្លួនរបស់ទ្រង់ ។ សូមរំឭកសិស្សថា ប្រសិនបើពួកគេកំពុងជួបឧបសគ្គធ្ងន់ធ្ងរជាមួយនឹងភាពតានតឹង ការថប់បារម្ភ ការបាក់ទឹកចិត្ត ឬបញ្ហាសុខភាពផ្លូវចិត្ត ឬអារម្មណ៍ផ្សេងទៀត ពួកគេគួរតែនិយាយជាមួយមនុស្សពេញវ័យ ឬអ្នកជំនាញសុខភាពផ្លូវចិត្តដែលគួរឲ្យទុកចិត្ត ។ ការងាកទៅរកអ្នកដទៃដើម្បីសុំជំនួយនៅពេលយើងកំពុងស្មុគ្រស្មាញ វា មិនមែនជាសញ្ញានៃភាពទន់ខ្សោយ ឬខ្វះសេចក្ដីជំនឿនោះទេ ។
ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត
ស្វែងយល់ពីសារៈសំខាន់នៃការអប់រំខាងសាច់ឈាម និងខាងវិញ្ញាណពេញមួយជីវិត
សូមចែកចាយសាច់រឿងខាងក្រោម ឬរឿងមួយស្រដៀងគ្នា ដើម្បីផ្តល់ឱកាសឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេបានរៀនអំពីសារៈសំខាន់នៃការអប់រំ ។
ពេលកំពុងដើរចេញពីសាលាទៅផ្ទះ មិត្តភក្តិរបស់អ្នក ណាអូមី បានប្រាប់អ្នកថា នាងមិនចូលចិត្តរៀនទេ ។ នាងមានអារម្មណ៍ថាវាពិបាកពេក ហើយជារឿយៗអាចមានអារម្មណ៍ថាគ្មានន័យ ។ នាងមិនចង់ខិតខំរៀនសូត្រ ឬបន្តការសិក្សានៅពេលនាងរៀនចប់វិទ្យាល័យនោះទេ ។
សូមទុកពេលឲ្យសិស្សឆ្លើយតបទៅនឹងកង្វល់នេះ ។ របៀបមួយដែលអ្នកអាចធ្វើបានគឺតាមរយៈការចែកចាយសេចក្ដីណែនាំដូចខាងក្រោម ។ សិស្សអាចបំពេញសេចក្ដីណែនាំខាងក្រោមដោយខ្លួនឯង ឬជាក្រុមតូចៗ ។
សូមបង្កើតការឆ្លើយតបទៅកាន់ណាអូមី ដែលអាចជួយនាងយល់ពីសារៈសំខាន់នៃការអប់រំ ។ សូមពិចារណាដាក់បញ្ចូលសេចក្ដីណែនាំមួយចំនួន ឬទាំងអស់ខាងក្រោមនៅក្នុងការឆ្លើយតបរបស់អ្នក ៖
-
បទគម្ពីរ ឬសេចក្តីថ្លែងការណ៍មួយមកពីថ្នាក់ដឹកនាំសាសនាចក្រ
-
ការពន្យល់អំពីមូលហេតុដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យកូនចៅរបស់ទ្រង់ខិតខំស្វែងរកការអប់រំទាំងខាងសាច់ឈាម និងខាងវិញ្ញាណជានិច្ច
-
បទពិសោធន៍ និងទីបន្ទាល់ផ្ទាល់ខ្លួន
បន្ទាប់ពីសិស្សបានបញ្ចប់ការបង្កើតការឆ្លើយតបរបស់ពួកគេរួចហើយ សូមផ្តល់ឱកាសឲ្យពួកគេចែកចាយជាមួយសិស្សផ្សេងទៀត ។
បង្កើតផែនការសម្រាប់ការអប់រំ និងការងារនាពេលអនាគត
សិស្សមានឱកាសធ្វើផែនការទាក់ទងនឹងការអប់រំនាពេលអនាគតរបស់ពួកគេ ក៏ដូចជាឱកាសការងារនាពេលអនាគត និងតួនាទីផ្សេងទៀតដែលពួកគេនឹងមានក្នុងអំឡុងពេលពេញវ័យ ។ សូមអញ្ជើញសិស្សឲ្យមើលឡើងវិញនូវផែនការដែលពួកគេបានធ្វើ ។
សូមពិចារណាផ្តល់ឱកាសឲ្យពួកគេធ្វើការកែតម្រូវណាមួយដែលពួកគេមានអារម្មណ៍ថាចាំបាច់ ។ ពួកគេក៏អាចពិចារណាពីរបៀបដែលផែនការទាំងនេះមានឥទ្ធិពលលើជម្រើសបច្ចុប្បន្នរបស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូ ។
-
តើអ្នកមានផែនការការអប់រំអ្វីខ្លះសម្រាប់ពេលអនាគតរបស់អ្នក ?
-
តើអ្នកមានផែនការអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ឱកាសការងារនាពេលអនាគត ឬទំនួលខុសត្រូវផ្សេងទៀតដែលអ្នកនឹងមានក្នុងនាមជាមនុស្សពេញវ័យ ?
-
តើអ្នកនឹងដាក់ព្រះអម្ចាស់នៅក្នុងផែនការរបស់អ្នកយ៉ាងដូចម្តេច ?
ភាពជោគជ័យនៅក្នុងសាលា
អនុវត្តជំនាញទាំងឡាយដើម្បីបានជោគជ័យនៅក្នុងសាលា
ដើម្បីជួយសិស្សឲ្យចងចាំពីសេចក្ដីពិត និងជំនាញមួយចំនួនដែលពួកគេបានរៀន ដែលអាចជួយពួកគេឲ្យទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងសាលា សូមពិចារណាគូររូបមនុស្សចង្កឹះមួយតំណាងឲ្យសិស្សម្នាក់ ។ សូមពន្យល់ថា សិស្សនេះកំពុងស្មុគ្រស្មាញក្នុងការធ្វើឲ្យបានល្អនៅឯសាលារៀន ។
-
តើសេចក្ដីពិត និងជំនាញមួយចំនួនអ្វីខ្លះដែលអ្នកបានសិក្សា ដែលអាចជួយមនុស្សម្នាក់ដែលកំពុងជួបការលំបាកក្នុងសាលា ?
ប្រសិនបើចាំបាច់ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំចំពោះការរៀនសូត្រអំពីការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់ពួកគេ ការមានភាពស្មោះត្រង់ និងសេចក្ដីទៀងត្រង់ក្នុងការសិក្សារបស់ពួកគេ ការរៀបចំខ្លួនប្រឡង និងគម្រោងប្រកួតប្រជែង និងការមើលឧបសគ្គទាំងឡាយដោយផ្នត់គំនិតរីកចម្រើន ។ សូមពិនិត្យឡើងវិញនូវគោលគំនិត និងបទគម្ពីរមកពីមេរៀនទាំងនោះ ប្រសិនបើចាំបាច់ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីរបៀបដែលព្យាការី យ៉ូសែប ស្ម៊ីធ ធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់លោក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៨ ) ឬរបៀបដែលនីហ្វៃមើលឧបសគ្គរបស់លោកដោយផ្នត់គំនិតរីកចម្រើន ( សូមមើល នីហ្វៃទី១ ១៦:១៨–២៣, ៣០–៣២ ) ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីរបៀបដែលពួកគេបានអនុវត្តគោលគំនិតទាំងនេះក្នុងជីវិតរបស់ពួកគេ ។ អ្នកអាចដាក់បង្ហាញសំណួរដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើសេចក្ដីពិត ឬជំនាញអ្វីខ្លះដែលអ្នកបានអនុវត្តក្នុងជីវិតរបស់អ្នក ដើម្បីជួយអ្នកឲ្យកាន់តែជោគជ័យនៅឯសាលារៀន ?
-
តើរឿងទាំងនេះបានបង្កើតភាពខុសគ្នាអ្វីខ្លះ ?
-
តើអ្នកបានកត់សម្គាល់ឃើញថាទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអម្ចាស់ ឬការចូលទៅរកជំនួយរបស់ទ្រង់បានផ្លាស់ប្តូរដោយរបៀបណា នៅពេលអ្នកបានធ្វើកិច្ចការទាំងនេះ ?
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សានូវចម្លើយរបស់ពួកគេហើយ សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ចែកចាយគំនិត និងបទពិសោធន៍របស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យស្តាប់មិត្តរួមថ្នាក់ដោយយកចិត្តទុកដាក់ ហើយពិចារណាសាកល្បងជំនាញមួយចំនួនដែលមិត្តរួមថ្នាក់បានទទួលជោគជ័យ ។
ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
មានបំណងប្រាថ្នាកើនឡើងក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយនឹងអ្នកដទៃ
នៅក្នុងមេរៀន « ស្រឡាញ់ ចែកចាយ និងអញ្ជើញ » អ្នកប្រហែលជាបានបង្ហាញរូបភាពសត្វដែលមានរោមបិទបាំង ។ សូមពិចារណាដាក់បង្ហាញរូបភាពនោះម្ដងទៀត ហើយរំឭកសិស្សអំពីសេចក្ដីថ្លែងការណ៍ខាងក្រោមដែលត្រូវបានប្រើក្នុងមេរៀននោះ ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ផ្នែកសំខាន់មួយនៃកិច្ចការផ្សព្វផ្សាយសាសនានេះគឺសម្រាប់សមាជិកម្នាក់ៗដើម្បីធ្វើជាគំរូនៃពន្លឺដ៏ចែងចាំងនៅគ្រប់ទីកន្លែងដែលយើងរស់នៅ ។ យើងមិនអាចលាក់បាំងបានទេ ។ ( ឃ្វីនថិន អិល ឃុក « ប្រមូលផ្ដុំគ្នាទៅផ្ទះដោយសុវត្ថិភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ២៣ )
-
តើវាអាចមានទិដ្ឋភាពដូចម្ដេចសម្រាប់មនុស្សម្នាក់ដើម្បីធ្វើជាគំរូពន្លឺក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនារបស់ព្រះយេស៊ូវគ្រីស្ទ ? តើវាអាចមានទិដ្ឋភាពយ៉ាងណា ដើម្បីលាក់បាំងជាអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ?
សិស្សប្រហែលជាបានកត់ត្រាពីអារម្មណ៍របស់ពួកគេអំពីការចែកចាយដំណឹងល្អនៅក្នុងមេរៀនទី ១៩៩ « ការចែកចាយដំណឹងល្អចេញពីសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ » ។ អ្នកអាចអញ្ជើញពួកគេឲ្យយោងទៅអ្វីដែលពួកគេបានសរសេរ ឬអ្នកអាចអញ្ជើញពួកគេឲ្យកត់ត្រាគំនិត និងអារម្មណ៍បច្ចុប្បន្នរបស់ពួកគេអំពីការចែកចាយដំណឹងល្អ ។ នៅពេលពួកគេជញ្ជឹងគិត និងសរសេរ អ្នកអាចណែនាំឲ្យពួកគេសិក្សាវគ្គបទគម្ពីរខាងក្រោមមួយ ឬច្រើនម្តងទៀតពីមេរៀនទី ២០១ « ការជ្រើសរើសដើម្បីបម្រើបេសកកម្ម » ដើម្បីចងចាំការសន្យាមួយចំនួនរបស់ព្រះអម្ចាស់ចំពោះអ្នកដែលចែកចាយដំណឹងល្អ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយអ្វីដែលពួកគេបានកត់ត្រា និងអ្វីដែលមានឥទ្ធិពលលើបំណងប្រាថ្នារបស់ពួកគេដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់ ។
ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
មានបំណងប្រាថ្នាកើនឡើងដើម្បីធ្វើសេចក្ដីសញ្ញាជាមួយក្នុងព្រះវិហារបរិសុទ្ធ
សូមពិចារណាប្រើសកម្មភាពមួយ ឬច្រើនខាងក្រោមនេះ ដើម្បីជួយសិស្សវាយតម្លៃពីបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ។ សិស្សអាចសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ឬពិភាក្សាជាក្រុមតូចៗ ។
-
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ហើយចែកចាយពីរបៀបដែលព្រះវិហារបរិសុទ្ធរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើចាំបាច់ អ្នកអាចរករូបភាពមួយនៅក្នុង media gallery នៅគេហទំព័រ temples.ChurchofJesusChrist.org ។ សូមចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
-
នៅក្នុងមេរៀនមួយអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ អ្នកបានរៀនអំពីសារៈសំខាន់នៃការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់អ្នក ។ អ្នកប្រហែលជាបានសរសេរសំបុត្រមួយទៅកាន់ខ្លួនឯងនាពេលអនាគតអំពីសារៈសំខាន់នៃការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ តើមានអ្វីខ្លះដែលអ្នកបានរៀន ឬមានអារម្មណ៍នាពេលថ្មីៗនេះ ដែលមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកក្នុងការធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌នៅក្នុងព្រះវិហារបរិសុទ្ធ ? បើដូច្នេះមែន សូមសរសេរបន្ថែមក្នុងសំបុត្រនោះ ឬសរសេរកំណត់ចំណាំថ្មីសម្រាប់ខ្លួនអ្នក ។
-
សូមគិតពិចារណាពីអ្វីដែលអ្នកបានរៀនអំពីការធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ក្នុងព្រះវិហារបរិសុទ្ធ រួមទាំងក្រឹត្យវិន័យនៃការថ្វាយផងដែរ ។ សូមឆ្លើយសំណួរខាងក្រោមនេះ ។
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីរស់នៅកាន់តែប្រសើរឡើងតាមគោលការណ៍នៃក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់ ?
-
តើការណ៍នេះបានជួយអ្នករៀបចំខ្លួនធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីរស់នៅតាមក្រឹត្យវិន័យនេះដោយរបៀបណា ?