« មេរៀនទី ១៩៩—ការចែកចាយដំណឹងល្អចេញពីសេចក្តីស្រឡាញ់ដូចព្រះគ្រីស្ទ ៖ សេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកដទៃ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការចែកចាយដំណឹងល្អចេញពីសេចក្តីស្រឡាញ់ដូចព្រះគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៩ ៖ ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ការចែកចាយដំណឹងល្អចេញពីសេចក្តីស្រឡាញ់ដូចព្រះគ្រីស្ទ
សេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកដទៃ
មានហេតុផលជាច្រើនដែលយើងអាចជ្រើសរើសចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ បំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អកើនឡើង នៅពេលយើងរៀនស្រឡាញ់ព្រះ និងអ្នកដែលនៅជុំវិញខ្លួនយើង ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងមនុស្សផ្សេងទៀតអាចជំរុញចិត្តពួកគេឲ្យចែកចាយដំណឹងល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការជំរុញចិត្តដើម្បីបម្រើ
សូមពិចារណាបង្ហាញរូបភាពយុវវ័យដែលកំពុងបម្រើក្នុងស្ថានភាពផ្សេងៗគ្នា ។ សូមអញ្ជើញសិស្សឲ្យចែកចាយហេតុផលជាច្រើនដែលយុវវ័យក្នុងរូបភាពនីមួយៗអាចនឹងជ្រើសរើសបម្រើ ។ ( ហេតុផលដែលអាចមានរួមមានកាតព្វកិច្ច សេចក្តីស្រឡាញ់ ការរំពឹងទុករបស់ឪពុក ឬម្តាយ កំហុស ឬការប្រាស្រ័យទាក់ទងសង្គម ) ។
-
ទោះបីជាមានហេតុផលជាច្រើនដើម្បីបម្រើអ្នកដទៃក៏ដោយ តើមានហេតុផលអ្វីខ្លះដែលទំនងជាជួយយើងឲ្យប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ? ហេតុអ្វី ?
បន្ទាប់មក អ្នកអាចដាក់បង្ហាញរូបភាពនរណាម្នាក់ដែលចែកចាយដំណឹងល្អ នៅពេលអ្នកអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោមនេះ ៖
-
តើមានហេតុផលអ្វីខ្លះ ដែលនរណាម្នាក់អាចជ្រើសរើសចែកចាយដំណឹងល្អជាមួយមិត្តភក្តិ ឬថែមទាំងជ្រើសរើសបម្រើបេសកកម្មពេញម៉ោង ?
-
តើហេតុផលមួយណាដែលទំនងជាជួយពួកគេឲ្យមានប្រសិទ្ធភាពក្នុងការនាំអ្នកដទៃមករកព្រះបំផុត ?
សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សជញ្ជឹងគិត និងកត់ត្រាអារម្មណ៍របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីរឿងដូចខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះការចែកចាយដំណឹងល្អដល់អ្នកដទៃ ? ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនោះ ?
-
តើអ្នកមានគម្រោងបម្រើបេសកកម្មពេញម៉ោងដែរឬទេ ? ប្រសិនបើមាន តើមានអ្វីដែលជំរុញចិត្តអ្នក ?
សូមអញ្ជើញសិស្សឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធអំឡុងពេលមេរៀននេះ នៅពេលពួកគេគិតអំពីបំណងប្រាថ្នារបស់ពួកគេ ដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ការជំរុញព្រះទ័យរបស់ព្រះ
សូមពិចារណាពន្យល់ដល់សិស្សថា នៅពេលយើងដឹងពីអ្វីដែលជំរុញព្រះទ័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យបម្រើយើង នោះយើងអាចធ្វើតាមគំរូរបស់ទ្រង់ទាំងទ្វេបានកាន់តែប្រសើរឡើង ។
ដើម្បីជួយសិស្សយល់ពីការណ៍នេះ នោះអ្នកអាចដាក់បង្ហាញសេចក្តីយោងដូចខាងក្រោម ។ អញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសវគ្គបទគម្ពីរមួយ ឬពីរដើម្បីអាន ហើយជញ្ជឹងគិត ។
អានវគ្គបទគម្ពីរមួយ ឬពីរខាងក្រោម ដោយរកមើលអ្វីដែលវាបង្រៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖
-
យ៉ូហាន ៣:១៦–១៧
-
យ៉ូហាន ១៥:១២–១៣
សូមអញ្ជើញសិស្សឲ្យផ្លាស់ទីទៅមកនៅក្នុងថ្នាក់រៀន ហើយចែកចាយជាមួយសិស្សក្នុងថ្នាក់ដែលបានជ្រើសរើសវគ្គបទគម្ពីរផ្សេងៗពីអ្វីដែលពួកគេបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
នៅពេលសិស្សបានចែកចាយរួចរាល់ហើយ សូមសុំឲ្យសិស្សស្ម័គ្រចិត្តសង្ខេបអ្វីដែលពួកគេបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ជួយសិស្សដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ត្រូវបានជំរុញព្រះទ័យឲ្យបម្រើដោយសេចក្តីស្រឡាញ់ ។
សិស្សប្រហែលជាត្រូវការពេលវេលាដើម្បីជញ្ជឹងគិតសំណួរខាងក្រោមនេះ មុនពេលពួកគេមានអារម្មណ៍ត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយឮៗ ។ អ្នកប្រហែលជាចង់ផ្តល់ពេលឲ្យពួកគេដើម្បីសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលសុំឲ្យសិស្សស្ម័គ្រចិត្តចែកចាយ ។
-
តើបទពិសោធន៍អ្វីដែលបានជួយអ្នកទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ?
-
តើការយល់ដឹងពីមូលហេតុដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបម្រើយើង អាចមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
សេចក្ដីស្រឡាញ់អាចជំរុញចិត្តយើងឲ្យចែកចាយដំណឹងល្អ
មេរៀនផ្នែកនេះ ប្រើប្រាស់ការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុង យ៉ូហាន ២១ ដើម្បីជួយសិស្សឲ្យមើលឃើញថា សេចក្តីស្រឡាញ់អាចជំរុញចិត្តយើងឲ្យចែកចាយដំណឹងល្អ ។
របៀបផ្សេងទៀតដើម្បីសម្រេចកិច្ចការនេះ គឺត្រូវអញ្ជើញដៃគូឲ្យសិក្សាផ្នែក « សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ » រួមទាំងគំនិត « ការសិក្សាព្រះគម្ពីរ » នៅទំព័រ ១២៧ នៃ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ដោយរកមើលពីរបៀបដែលសេចក្តីស្រឡាញ់អាចជំរុញចិត្តយើងឲ្យចែកចាយដំណឹងល្អ ។
មិនយូរប៉ុន្មាន បន្ទាប់ពីការឆ្កាងព្រះយេស៊ូវគ្រីស្ទ ពួកសិស្សរបស់ទ្រង់ជាច្រើននាក់បានទៅនេសាទ ។ ខណៈពេលដែលពួកគេកំពុងនេសាទ បុរសម្នាក់នៅច្រាំងបានហៅពួកគេឲ្យបោះអួននៅខាងស្តាំទូករបស់ពួកគេ។ បន្ទាប់ពីធ្វើដូច្នេះ ហើយចាប់បានត្រីជាច្រើន នោះពួកសិស្សបានដឹងថា បុរសរូបនោះគឺជាព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញ ។ ពេលពួកគេមកដល់ច្រាំងនោះ ព្រះយេស៊ូវបានបម្រើពួកគេ ដោយប្រទានអាហារដល់ពួកគេ ហើយបង្រៀនពួកគេ ។
សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលការអញ្ជើញដដែលៗរបស់ព្រះអង្គសង្រ្គោះទៅកាន់ពេត្រុស ដោយការអាន យ៉ូហាន ២១:១៥–១៧ ជាមួយគ្នា ឬមើលវីដេអូ « Feed My Sheep » ( ៥:៤៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ២:៤៦ ដល់ ៤:២៩ ។ ( វាអាចមានអត្ថប្រយោជន៍សម្រាប់សិស្សដើម្បីដឹងថា ពាក្យ ទាំងនេះ នៅក្នុង ខទី ១៥ អាចសំដៅទៅលើត្រីដែលពួកសិស្សចាប់បាន ) ។
-
តើអ្នកបានរៀនអ្វីខ្លះពីរបៀបដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យពេត្រុសបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ១៨០៥–១៨៤៤ ) ដោយរកមើលអ្វីដែលវាបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីការអញ្ជើញរបស់ព្រះយេស៊ូវនៅក្នុង យ៉ូហាន ២១ ។
សេចក្តីស្រឡាញ់គឺជាលក្ខណៈសំខាន់មួយរបស់ព្រះ ហើយគួរតែត្រូវបានបង្ហាញដោយអ្នកដែលប្រាថ្នាចង់ធ្វើជាបុត្រារបស់ព្រះ ។ មនុស្សដែលពេញដោយសេចក្តីស្រឡាញ់នៃព្រះគឺមិនចង់បានពរជ័យសម្រាប់តែគ្រួសារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែចង់ឲ្យពរជ័យនោះមានពេញពិភពលោកទាំងមូល ហើយមានចិត្តអន្ទះសាផ្តល់ពរដល់មនុស្សជាតិទាំងមូល ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ៤២៦ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះមកពីសេចក្តីថ្លែងការណ៍របស់យ៉ូសែប ស្ម៊ីធ ?
-
តើអ្នកបានរៀនអ្វីចេញពី យ៉ូហាន ២១ និងសេចក្តីថ្លែងការណ៍របស់ យ៉ូសែប ស្ម៊ីធ ដែលអាចជំរុញចិត្តអ្នកឲ្យចែកចាយដំណឹងល្អ ឬអាចបម្រើបេសកកម្ម ?
-
តើអ្នកគិតថាអ្វីជារបៀបដ៏មានប្រសិទ្ធភាពដើម្បីធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះកាន់តែស៊ីជម្រៅ ? ដើម្បីធ្វើឲ្យសេចក្តីស្រឡាញ់របស់យើងចំពោះអ្នកដទៃកាន់តែស៊ីជម្រៅ ?
ការយកឈ្នះលើភាពស្ទាក់ស្ទើរក្នុងការចែកចាយដំណឹងល្អ
សិស្សអាចបង្កើតក្រុមដើម្បីបំពេញសកម្មភាពខាងក្រោមនេះ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីផ្តល់ក្រដាសដល់ក្រុមនីមួយៗ ។
-
ដោយជាក្រុម សូមបង្កើតសាច់រឿងមួយដែលយុវវ័យស្ទាក់ស្ទើរទៅបម្រើបេសកកម្មពេញម៉ោង ឬក្មេងជំទង់ស្ទាក់ស្ទើរចែកចាយដំណឹងល្អជាមួយមិត្តភក្តិ ។ សូមជ្រើសរើសអ្នកសរសេរម្នាក់ដើម្បីសរសេរសាច់រឿងនៅលើក្រដាសមួយសន្លឹក ។ ត្រូវប្រាកដថារួមបញ្ចូលហេតុផលដែលមនុស្សនៅក្នុងសាច់រឿងនេះកំពុងស្ទាក់ស្ទើរ ។
នេះជាឧទាហរណ៍មួយពីក្រុមសាច់រឿងដែលអាចបង្កើត ៖ « ថ្មីៗនេះ អាន់តូនីញ៉ូ បានស្ដាប់សុន្ទរកថាសន្និសីទមួយ ដែលបានលើកទឹកចិត្តយុវវ័យជាច្រើនឲ្យរៀបចំខ្លួនបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនាសម្រាប់ព្រះអម្ចាស់ ។ គាត់ដឹងថា វាជារឿងត្រឹមត្រូវដែលគាត់ត្រូវធ្វើ ។ ទោះជាយ៉ាងណា គាត់ព្យាយាមនិយាយទៅកាន់មនុស្សដែលគាត់មិនស្គាល់ ហើយគាត់មានអារម្មណ៍ថាគាត់មិនចេះបទគម្ពីរល្អគ្រប់គ្រាន់ដើម្បីបង្រៀនមនុស្សផ្សេងទៀតនោះទេ ។ គាត់បារម្ភថា គាត់មិនអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាពនោះទេ » ។
បន្ទាប់ពីក្រុមបានសរសេរសាច់រឿងដែលពួកគេបានបង្កើតរួចហើយ សូមពិចារណាសុំឲ្យពួកគេដោះដូរសាច់រឿងជាមួយក្រុមផ្សេងទៀត មុននឹងបញ្ចប់ជំហានបន្ទាប់ ។
-
ដោយប្រើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ សុំឲ្យអ្នកសរសេរម្នាក់សរសេរនូវអ្វីដែលក្រុមរបស់អ្នកនឹងចែកចាយ ដើម្បីជួយមនុស្សនៅក្នុងសាច់រឿងនោះ ។ រួមបញ្ចូលមតិយោបល់អំពីអ្វីដែលបុគ្គលនោះអាចធ្វើបាន ដើម្បីបង្កើនសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះអង្គសង្គ្រោះ និងអ្នកដទៃ ។ អ្នកអាចបញ្ចូលអ្វីមួយអំពីអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះអាចជួយបង្កើនបំណងប្រាថ្នារបស់បុគ្គលនេះឲ្យធ្វើការបម្រើ ។
សូមពិចារណាអញ្ជើញក្រុមឲ្យចែកចាយជាមួយថ្នាក់រៀនពីរបៀបដែលពួកគេឆ្លើយតបចំពោះសាច់រឿងរបស់ក្រុមផ្សេងទៀត ។
ដើម្បីបញ្ចប់មេរៀននេះ សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីរបៀបដែលសេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកដទៃអាចជួយពួកគេឲ្យយកឈ្នះលើការស្ទាក់ស្ទើរណាមួយដែលពួកគេអាចមានអារម្មណ៍អំពីការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។