« មេរៀនទី ២០៣—សេចក្តីឧស្សាហ៍ព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយសាសនា ៖ ការរៀបចំខ្លួនដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ឧស្សាហ៍ព្យាយាម » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សេចក្តីឧស្សាហ៍ព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយសាសនា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៣ ៖ រៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
សេចក្តីឧស្សាហ៍ព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយសាសនា
ការរៀបចំខ្លួនដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ឧស្សាហ៍ព្យាយាម
ព្រះយេស៊ូវគ្រីស្ទបានប្រទានគំរូដ៏ល្អឥតខ្ចោះដល់យើងអំពីការឧស្សាហ៍ព្យាយាម ដែលយើងគួរព្យាយាមធ្វើតាមនៅពេលយើងបម្រើអ្នកដទៃ ។ មេរៀននេះអាចជួយសិស្សស្វែងរកជំនួយរបស់ព្រះអម្ចាស់ឲ្យកាន់តែឧស្សាហ៍ព្យាយាមក្នុងជីវិតរបស់ពួកគេ និងការរៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទ្វារចុងក្រោយគេនៅជាន់ទីបួន
សូមពិចារណាចាប់ផ្តើមមេរៀនដោយជួយសិស្សឲ្យជញ្ជឹងគិតពីសារៈសំខាន់នៃការឧស្សាហ៍ព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។ អ្នកអាចបង្ហាញរូបភាពខាងក្រោមនេះ ហើយចែកចាយដំណើររឿងខាងក្រោម ឬអ្នកអាចបង្ហាញវីដេអូ « Fourth Floor, Last Door » មាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៤:១៧ ដល់ ១៧:២៧ ។ អ្នកអាចផ្អាកវីដេអូនៅនាទីទី ១៦:០៣ ដើម្បីឲ្យសិស្សពិចារណាពីរបៀបដែលពួកគេអាចនឹងឆ្លើយតបនៅត្រង់ចំណុចនេះ ។ បន្ទាប់មកសូមបង្ហាញវីដេអូដែលនៅសេសសល់ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយបទពិសោធន៍ខាងក្រោមនេះរបស់ពួកអ្នកផ្សព្វផ្សាយសាសនានៅប្រទេសអឺរ៉ុប ដែលជាអ្នកទទួលអារម្មណ៍ឲ្យចែកចាយដំណឹងល្អជាមួយអ្នករស់នៅជាន់ទីបួននៃអគារបន្ទាប់ជួលមួយ ។
ពួកគេបានចាប់ផ្តើមគោះទ្វារបន្ទប់នីមួយៗពីជាន់ទីមួយទៅ ដោយបង្ហាញសារលិខិតនៃសេចក្តីសង្គ្រោះអំពីព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ ។
គ្មាននរណាម្នាក់នៅជាន់ទីមួយចង់ស្តាប់ពួកគេឡើយ ។ …
… ពួកគេបានគោះគ្រប់ទ្វារនៅជាន់ទីពីរ ។
ជាថ្មីម្តងទៀត គ្មាននរណាម្នាក់ចង់ស្តាប់ពួកគាត់ឡើយ ។
នៅជាន់ទីបីក៏ដូចគ្នាអ៊ីចឹងដែរ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Fourth Floor, Last Door » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១៧ )
-
តើពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះអាចមានគំនិតអ្វីខ្លះនៅត្រង់ចំណុចនេះ ?
អែលឌើរ អុជដូហ្វ បានបន្ដទៀត ៖
[ ជាន់ទីបួនក៏ដូចគ្នាដែរ ]—ហើយវាបន្តបែបនេះ រហូតដល់ពួកគេទៅគោះទ្វារចុងក្រោយគេនៅជាន់ទីបួន ។
នៅពេលទ្វារនោះបើកឡើង ក្មេងស្រីម្នាក់បានញញឹមដាក់ពួកគេ ហើយសូមឲ្យពួកគេរង់ចាំ អំឡុងពេលនាងនិយាយជាមួយម្តាយនាង ។ …
… ពួកអ្នកផ្សព្វផ្សាយសាសនាបានចែកចាយសារលិខិតពួកគេ ហើយបានហុចគម្ពីរមួយក្បាលឲ្យទៅម្តាយរូបនោះអាន—គឺព្រះគម្ពីរមរមន ។
បន្ទាប់ពីពួកគេបានចាកចេញទៅ ម្តាយរូបនោះបានសម្រេចចិត្តថា យ៉ាងហោចណាស់ គាត់នឹងអានពីរបីទំព័រ ។
គាត់បានអានចប់គម្ពីរទាំងមូលតែពីរបីថ្ងៃប៉ុណ្ណោះ ។
មិនយូរប៉ុន្មានក្រោយមក គ្រួសារដ៏អស្ចារ្យដែលមានម្តាយទោលនេះ បានទទួលបុណ្យជ្រមុជទឹក ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Fourth Floor, Last Door » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១៧–១៨ )
-
តើគុណលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះដែលអ្នកមើលឃើញនៅក្នុងពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះ ?
គុណលក្ខណៈដូចជាព្រះគ្រីស្ទនៅក្នុងពួកអ្នកផ្សព្វផ្សាយសាសនា
សូមពិចារណាចាត់ថ្នាក់ពាក់កណ្តាលឲ្យអានខគម្ពីរខាងក្រោមនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ខណ្ឌទី ៤ និងពាក់កណ្ដាលថ្នាក់ទៀតអាននៅក្នុង កណ្ឌទី ៧៥ ។ បន្ទាប់ពីអានហើយ សិស្សអាចចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះជាមួយនរណាម្នាក់ដែលអានសេចក្តីយោងផ្សេងទៀត ។
ជាជម្រើស អ្នកអាចអញ្ជើញដៃគូទាំងឡាយឲ្យសិក្សាផ្នែក « ការឧស្សាហ៍ព្យាយាម » រួមទាំងគំនិត « ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន » នៅលើទំព័រ ១៣២–១៣៣ នៃ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤:២–៦; ៧៥:២–៥, ២៩ ដោយរកមើលពាក្យ និងឃ្លាដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីអ្នកដែលមានបំណងចង់បម្រើទ្រង់ រួមទាំងពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ផងដែរ ។
-
តើព្រះអង្គសង្គ្រោះរំពឹងអ្វីខ្លះពីអ្នកដែលប្រាថ្នាចង់បម្រើទ្រង់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ? ហេតុអ្វី ?
-
តើគុណលក្ខណៈ និងសកម្មភាពទាំងនេះអាចជួយយើងក្នុងស្ថានភាពដ៏លំបាកដែលយើងអាចប្រឈមមុខដោយរបៀបណា ?
នៅក្នុងចំណោមសេចក្តីពិតដែលសិស្សចែកចាយ ពួកគេអាចរកឃើញថា ព្រះអម្ចាស់រំពឹងឲ្យពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ធ្វើការចែកចាយដំណឹងល្អរបស់ទ្រង់ដោយឧស្សាហ៍ព្យាយាម ។
តើឧស្សាហ៍ព្យាយាមគឺជាអ្វី ?
សូមសរសេរការបំផុសខាងក្រោមនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរពីរបៀបដែលពួកគេអាចបំពេញបង្ហើយការបំផុសនេះ ។
ឧស្សាហ៍ព្យាយាមគឺ …
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឲ្យនិយមន័យពាក្យ ឧស្សាហ៍ព្យាយាម នោះអ្នកអាចចែកចាយនិយមន័យមួយដែលមានគឺ « ការខិតខំដ៏ជាប់លាប់ និងពិតប្រាកដ » ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ១៣២ ) ។
-
តើស្ថានភាពអ្វីខ្លះដែលអ្នក ឬអ្នកផ្សេងទៀតអាយុស្របាលអ្នកអាចប្រឈមមុខ ដែលតម្រូវឲ្យមានការឧស្សាហ៍ព្យាយាម ?
អ្នកគួរតែសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ។ បន្ទាប់ពីប្រមូលគំនិតមួយចំនួនពីសិស្សហើយ សូមផ្តល់ឱកាសឲ្យពួកគេគិតដោយយកចិត្តទុកដាក់បន្ថែមទៀតអំពីរបៀបដែលពួកគេបង្ហាញពីការឧស្សាហ៍ព្យាយាមក្នុងជីវិតរបស់ពួកគេ ។
របៀបមួយដើម្បីធ្វើបែបនេះ គឺបង្ហាញស្វ័យវាយតម្លៃដូចខាងក្រោម ហើយផ្តល់ពេលឲ្យសិស្សគិតពិចារណាដោយស្ងៀមស្ងាត់អំពីរបៀបដែលពួកគេនឹងឆ្លើយតប ។ សូមពិចារណាពន្យល់ដល់សិស្សថា នៅពេលពួកគេបញ្ចប់ស្វ័យវាយតម្លៃនេះ ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេឲ្យស្គាល់ពីអ្វីដែលពួកគេកំពុងធ្វើបានល្អ និងរបៀបដែលពួកគេអាចកែលម្អ ។ សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការកត់ត្រាគំនិតរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ( ចំណាំ ៖ អ្នកអាចជ្រើសរើសបង្ហាញសេចក្តីថ្លែងការណ៍ទាំងនេះម្តងទៀតនៅចុងបញ្ចប់នៃមេរៀននេះ ) ។
សូមគិតពិចារណាដោយស្ងៀមស្ងាត់អំពីរបៀបដែលសេចក្តីថ្លែងការណ៍នីមួយៗខាងក្រោមនេះពិពណ៌នាអំពីអ្នកបានយ៉ាងល្អ ៖
-
ខ្ញុំខិតខំធ្វើការរហូតដល់ការងារមួយត្រូវបានបញ្ចប់ដោយជោគជ័យ ទោះបីជាវាលំបាកក៏ដោយ ។
-
ខ្ញុំធ្វើការប្រកបដោយប្រសិទ្ធភាព ទោះបីគ្មានការគ្រប់គ្រងជិតដិតក៏ដោយ ។
-
មនុស្សអាចពឹងផ្អែកលើខ្ញុំ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំដើម្បីសម្រេចកិច្ចការមួយ ។
-
ខ្ញុំមានអំណរក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្ញុំ ។
សូមពិចារណាដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យធ្វើការនៅក្នុងក្រុមតូចៗដើម្បីបំពេញសកម្មភាពនេះ ។ បន្ទាប់ពីក្រុមទាំងឡាយបានបំពេញសកម្មភាពនេះរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយក្រុមផ្សេងទៀតនូវអ្វីដែលពួកគេបានរៀន ។
-
សូមស្វែងរកសេចក្តីយោង ឬសេចក្តីថ្លែងការណ៍របស់ព្យាការី ដែលបង្ហាញពីសារៈសំខាន់នៃការឧស្សាហ៍ព្យាយាម ។
-
សូមពិភាក្សាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ គឺជាគំរូនៃការឧស្សាហ៍ព្យាយាម ។
-
សូមចែកចាយបទពិសោធន៍មួយ នៅពេលដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលពរតាមរយៈការឧស្សាហ៍ព្យាយាម ។
-
សូមពិភាក្សាអំពីមូលហេតុដែលអ្នកគិតថា វាសំខាន់សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវឧស្សាហ៍ព្យាយាម ។
-
សូមពិភាក្សាអំពីផ្នែកផ្សេងទៀតនៅក្នុងជីវិតរបស់អ្នក ដែលការឧស្សាហ៍ព្យាយាមមានសារៈសំខាន់ ។
ព្រះវិញ្ញាណបរិសុទ្ធអាចជួយពន្លិចសេចក្ដីពិតទាំងនេះចូលជ្រៅទៅក្នុងដួងចិត្តរបស់សិស្ស ហើយរៀបចំសិស្សឲ្យអនុវត្តតាមសេចក្ដីពិតទាំងនោះ ។ របៀបមួយដែលអ្នកអាចជួយសិស្សយាងព្រះវិញ្ញាណបរិសុទ្ធគឺការផ្តល់ឱកាសដល់ពួកគេដើម្បីមើលពីរបៀបដែលព្រះអង្គសង្គ្រោះ និងអ្នកដទៃទៀតបានបង្ហាញពីការឧស្សាហ៍ព្យាយាម ។ សម្រាប់ឧទាហរណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្ហាញពីការឧស្សាហ៍ព្យាយាម សិស្សអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៦–១៩ ឬ លូកា ២២:៣៩–៤៤ ។ សម្រាប់ឧទាហរណ៍អំពីនរណាម្នាក់ផ្សេងទៀត ដែលបង្ហាញពីការឧស្សាហ៍ព្យាយាម សូមពិចារណាបង្ហាញ « Preparation of Gordon B. Hinckley: Forget Yourself and Go to Work » ( ២:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ពរជ័យទាំងឡាយនៃការឧស្សាហ៍ព្យាយាម
សូមរំឭកសិស្សអំពីដំណើររឿងរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ អំពីពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់នៅអឺរ៉ុប ដែលបានគោះទ្វារចុងក្រោយនៅជាន់ទីបួន ។ សូមពន្យល់ថា ការខិតខំព្យាយាមរបស់ពួកគេបានផ្ដល់លទ្ធផលជាការប្រទានពរជ័យដល់អែលឌើរ អុជដូហ្វ ។ សូមពិចារណាបង្ហាញរូបភាពពួកអ្នកផ្សព្វផ្សាយសាសនានៅខាងក្រោមនេះ និងគ្រួសារដែលរស់នៅក្នុងបន្ទប់ជួលនៅខាងក្រោយទ្វារចុងក្រោយនៅជាន់ទីបួននោះ ។ សូមចង្អុលបង្ហាញថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីពីរនាក់គឺ ហារីត ជាភរិយារបស់អែលឌើរ អុជដូហ្វ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានចែកចាយអារម្មណ៍របស់លោកអំពីពួកអ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នេះ ៖
ជារឿយៗខ្ញុំតែងថ្លែងអំណរគុណដល់អ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នោះ ដែលពុំបានឈប់នៅជាន់ទីមួយ ! ជារឿយៗ ដួងចិត្តខ្ញុំមានអំណរគុណដល់ ជំនឿ និង កិច្ចការ របស់ពួកគេ ។ ជារឿយៗ ខ្ញុំថ្លែងអំណរគុណដែលពួកគេបន្តធ្វើកិច្ចការនោះ—រហូតដល់ទ្វារចុងក្រោយគេនៅជាន់ទីបួន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Fourth Floor, Last Door » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១៨ )
-
ប្រសិនបើពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះអាចចែកចាយអ្វីមួយអំពីការឧស្សាហ៍ព្យាយាមជាមួយសិស្សក្នុងថ្នាក់របស់យើង តើអ្នកស្រមៃថាពួកគេនឹងនិយាយអ្វីខ្លះ ?
ការឧស្សាហ៍ព្យាយាមនៅក្នុងជីវិត
សូមពិចារណាបង្ហាញសេចក្ដីថ្លែងការណ៍អំពីការឧស្សាហ៍ព្យាយាមផ្ទាល់ខ្លួនដែលសិស្សបានគិតពិចារណាពីមុនក្នុងមេរៀននេះ ។ សិស្សប្រហែលជាមានអារម្មណ៍ស្ងើចសរសើរដោយព្រះវិញ្ញាណដើម្បីផ្ដោតលើសេចក្ដីថ្លែងការណ៍មួយ ជាងសេចក្ដីថ្លែងការណ៍ផ្សេងទៀត ។ សូមអញ្ជើញសិស្សឲ្យគិតអំពីសេចក្ដីថ្លែងការណ៍នោះ នៅពេលពួកគេសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើខ្ញុំអាចកែប្រែអ្វីខ្លះដើម្បីធ្វើជាមនុស្សឧស្សាហ៍ព្យាយាម ?
-
តើការឧស្សាហ៍ព្យាយាមនឹងរៀបចំខ្ញុំឲ្យកាន់តែប្រសើរក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
តើការឧស្សាហ៍ព្យាយាមជួយខ្ញុំកាន់តែប្រែក្លាយដូចជាព្រះអង្គសង្រ្គោះដោយរបៀបណា ?
នៅពេលសិស្សកត់ត្រាចម្លើយរបស់ពួកគេ សូមលើកទឹកចិត្តពួកគេកុំឲ្យស្ទាក់ស្ទើរក្នុងការរៀបចំផែនការដើម្បីធ្វើអ្វីមួយ ដែលនឹងប្រឈមពួកគេ ហើយតម្រូវឲ្យមានការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមខ្ជាប់ខ្ជួន ។