« មេរៀនទី ២០០—ស្រឡាញ់ ចែកចាយ និងអញ្ជើញ ៖ ការប្រមូលអ្នកដទៃមកឯព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ស្រឡាញ់ ចែកចាយ និងអញ្ជើញ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០០ ៖ ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ស្រឡាញ់ ចែកចាយ និងអញ្ជើញ
ការប្រមូលអ្នកដទៃមកឯព្រះយេស៊ូវគ្រីស្ទ
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វាគឺជាការទទួលខុសត្រូវនៃសេចក្តីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ « ដល់អស់ចុងផែនដី » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:២៣ ) ។ យើងអាចចូលរួមក្នុងកិច្ចការដ៏អស្ចារ្យនេះដោយការស្រឡាញ់អ្នកដទៃ ការចែកចាយសារលិខិតនៃព្រះយេស៊ូវគ្រីស្ទ និងការអញ្ជើញពួកគេឲ្យចូលរួមជាមួយយើងក្នុងការមករកព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សបង្កើតផែនការមួយដើម្បីផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយប្រើគោលការណ៍នៃសេចក្តីស្រឡាញ់ ចែកចាយ និងអញ្ជើញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
កុំលាក់បាំងពន្លឺនៃដំណឹងល្អរបស់អ្នកឡើយ
ដើម្បីចាប់ផ្តើមថ្នាក់ សូមបង្ហាញសិស្សនូវរូបភាពសត្វមួយក្បាលដែលលាក់បាំងខ្លួនបានយ៉ាងល្អ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីមូលហេតុដែលការលាក់បាំងខ្លួនបែបនេះមានប្រយោជន៍ដល់សត្វនេះ ។
-
តើមនុស្សម្នាក់អាចចង់លាក់បាំងខ្លួនក្នុងស្ថានភាពបែបណា ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយអ្វីមួយដែលយើងមិនចង់លាក់បាំងអំពីខ្លួនរបស់យើង ៖
ផ្នែកសំខាន់មួយនៃកិច្ចការផ្សព្វផ្សាយសាសនានេះគឺសម្រាប់សមាជិកម្នាក់ៗដើម្បីធ្វើជាគំរូនៃពន្លឺដ៏ចែងចាំងនៅគ្រប់ទីកន្លែងដែលយើងរស់នៅ ។ យើងមិនអាចលាក់បាំងបានទេ ។ …
ព្រះអម្ចាស់រំពឹងថាអស់អ្នកដែលបានទទួលយកដំណឹងល្អរបស់ទ្រង់នឹងខិតខំជាបន្ទាន់ ដើម្បីធ្វើជាគំរូដ៏ចែងចាំង ដែលនឹងជួយអ្នកដទៃឲ្យមករកព្រះ ។ ការណ៍នេះអនុញ្ញាតឲ្យបងប្អូនប្រុសស្រីរបស់យើងនៅទូទាំងផែនដីរីករាយនឹងពរជ័យ និងពិធីបរិសុទ្ធដ៏អស្ចារ្យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយ ប្រមូលផ្តុំគ្នាទៅផ្ទះដោយសុវត្ថិភាព ។ ( ឃ្វីនថិន អិល ឃុក « ប្រមូលផ្តុំគ្នាទៅផ្ទះដោយសុវត្ថិភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ២៣ )
-
តើអ្វីដែលមានអត្ថន័យចំពោះអ្នកមកពីសារលិខិតរបស់ អែលឌើរ ឃុក ?
ដើម្បីជួយរៀបចំចិត្ត និងគំនិតរបស់សិស្សសម្រាប់មេរៀននេះ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយរឿងរបស់សមាជិកគ្រួសារ ឬមិត្តភក្តិដែលបានចូលរួមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកគេក៏អាចចែកចាយដំណើររឿងការប្រែចិត្តជឿរបស់ពួកគេផ្ទាល់ផងដែរ ។ ប្រសិនបើសិស្សជាច្រើនមានដំណើររឿងដែលត្រូវចែកចាយ នោះអ្នកអាចអញ្ជើញពួកគេឲ្យចែកចាយជាមួយដៃគូ ឬជាក្រុមតូចៗ ។
សូមអញ្ជើញសិស្សឲ្យកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនូវវិធីដែលពួកគេអាចនឹង « លាក់បាំង » និងរបៀបដែលការខិតខំផ្សព្វផ្សាយសាសនាផ្ទាល់ខ្លួនរបស់ពួកគេអាចជា « គំរូនៃពន្លឺដ៏ចែងចាំង » ។
សូមលើកទឹកចិត្តសិស្សឲ្យយាងអញ្ជើញព្រះវិញ្ញាណដោយការអធិស្ឋាន ដើម្បីជួយពួកគេឲ្យដឹងពីរបៀបដែលពួកគេអាចចែកចាយពន្លឺនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដោយបើកចំហ ។
ការបង្គាប់ឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអង្គសង្គ្រោះ
សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឃ្វីនថិន អិល ឃុក ។ សូមអញ្ជើញសិស្សឲ្យរកមើលការប្រឹក្សាអំពីរបៀបចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប្រកបដោយប្រសិទ្ធភាព ។
អែលឌើរ ឃុក បានបង្រៀន ៖
ព្រះអង្គសង្គ្រោះអញ្ជើញយើងដោយព្រះទ័យមេត្តា ឲ្យធ្វើជាព្រះសូរសៀង និងជាព្រះហស្ដរបស់ទ្រង់ ។ សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនឹងជាពន្លឺនាំផ្លូវរបស់យើង ។ ព្រះអង្គសង្រ្គោះបានបង្រៀនពួកសិស្សរបស់ទ្រង់ថា « ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » [ ម៉ាថាយ ២៨:១៩ ] ។ …
ដើម្បីធ្វើឲ្យការបង្គាប់របស់ព្រះអង្គសង្គ្រោះឲ្យចែកចាយដំណឹងល្អក្លាយទៅជាផ្នែកមួយនៃខ្លួនយើង នោះយើងត្រូវ … ស្រឡាញ់ អ្នកជិតខាងរបស់យើង ចែកចាយ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយ អញ្ជើញ មនុស្សទាំងអស់ឲ្យមកហើយមើល ។ ( ឃ្វីនថិន អិល ឃុក « ការប្រែចិត្តជឿតាមព្រះហឫទ័យរបស់ព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៥៦ )
-
តើអ្នកនឹងពន្យល់អំពីសារលិខិតរបស់អែលឌើរ ឃុក ដោយរបៀបណា ?
សូមជួយសិស្សឲ្យស្វែងរកសេចក្តីពិតដូចនេះ ៖ យើងជួយក្នុងការងារផ្សព្វផ្សាយសាសនារបស់ព្រះអង្គសង្គ្រោះ ដោយការស្រឡាញ់អ្នកជិតខាងរបស់យើង ចែកចាយដំណឹងល្អរបស់ទ្រង់ និងអញ្ជើញអ្នកដទៃឲ្យមករកទ្រង់ ។
អ្នកអាចសរសេរពាក្យ ស្រឡាញ់ ចែកចាយ និង អញ្ជើញ នៅខាងលើនៃជួរឈរបីនៅលើក្ដារខៀន ។ នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ សូមអញ្ជើញពួកគេឲ្យចាប់ផ្តើមបញ្ជីនៅក្នុងជួរឈរនីមួយៗនូវគំនិតសម្រាប់របៀបនាំអ្នកដទៃមករកព្រះអង្គសង្គ្រោះ តាមរយៈការស្រឡាញ់ ការចែកចាយ និងការអញ្ជើញ ។
-
តើរបៀបដ៏មានប្រសិទ្ធភាពអ្វីខ្លះដែលអ្នកបានឃើញអ្នកដទៃចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើបងប្អូនមានបទពិសោធន៍អ្វីខ្លះនៅក្នុងការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្រ្គោះជាមួយអ្នកដទៃ ?
ស្រឡាញ់ ចែកចាយ និងអញ្ជើញ ។
របៀបមួយដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍នៃសេចក្ដីស្រឡាញ់ ចែកចាយ និងអញ្ជើញគឺផ្តល់ឲ្យពួកគេនូវច្បាប់ចម្លងនៃសំណៅចែកដែលមានចំណងជើងថា « ស្រឡាញ់ ចែកចាយ អញ្ជើញ » ។ សូមឲ្យសិស្សបង្កើតក្រុមសិក្សាតូចៗដើម្បីសិក្សាឯកសារនៅក្រោម « ក្ដីស្រឡាញ់ » ។ ពួកគេអាចបង្កើតក្រុមថ្មីដើម្បីសិក្សា « ចែកចាយ » ហើយបន្ទាប់មកក្រុមថ្មីដើម្បីសិក្សា « អញ្ជើញ » ។
ជាជម្រើស សិស្សអាចសិក្សាវគ្គបទគម្ពីរនៅក្នុងគំនិត « ការសិក្សាព្រះគម្ពីរ » នៅទំព័រ២២៣ នៃ ប្រកាសដំណឹងល្អរបស់យើង ( ឆ្នាំ ២០២៣ ) ។
សូមពិចារណាអំពីការបង្ហាញសំណួរខាងក្រោមនេះនៅលើក្ដារខៀន ដើម្បីឲ្យសិស្សពិភាក្សាជាមួយក្រុមរបស់ពួកគេនៅពេលពួកគេសិក្សា ។
-
តើការយល់ដឹងអ្វីខ្លះដែលអ្នកទទួលបានអំពីការចែកចាយដំណឹងល្អ ?
-
តើព្រះអង្គសង្គ្រោះបានបង្ហាញពីគោលការណ៍នៅក្នុងការប្រាស្រ័យទាក់ទងរបស់ទ្រង់ជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើមានរបៀបមួយចំនួនអ្វីខ្លះដែលក្មេងជំទង់អាចធ្វើតាមគោលការណ៍នេះ នៅពេលពួកគេព្យាយាមចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
ស្រឡាញ់ ចែកចាយ អញ្ជើញ
ស្រឡាញ់
យ៉ូហាន ១៣:៣៤–៣៥; ម៉ូសាយ ១៨:២០–២២; គោលលទ្ធិ និងសេចក្តីសញ្ញា ១២:៧–៩; ១២១:៤១–៤២
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
នៅពេលណាដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទទៅកាន់អ្នកជិតខាងរបស់យើង នោះយើងផ្សព្វផ្សាយដំណឹងល្អហើយ—សូម្បីតែយើងមិនបាននិយាយពាក្យមួយម៉ាត់ក្ដី ។
សេចក្ដីស្រឡាញ់សម្រាប់មនុស្សដទៃទៀត គឺជាការបង្ហាញមតិដ៏ពូកែអំពីបទបញ្ញត្តិធំទីពីរ ដែលឲ្យស្រឡាញ់អ្នកជិតខាងយើង ។ វាបង្ហាញពីដំណើរការដែលព្រះវិញ្ញាណបរិសុទ្ធសម្រិតសម្រាំងព្រលឹងរបស់យើង ។ តាមរយៈការបង្ហាញនូវសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះមនុស្សផ្សេងទៀត យើងអាចបណ្ដាលឲ្យអស់អ្នកដែលឃើញកិច្ចការល្អរបស់យើង « សរសើរតម្កើងដល់ព្រះវរបិតានៃ [ យើង ] រាល់គ្នាដែលគង់នៅស្ថានសួគ៌ » [ ម៉ាថាយ ៥:១៦ ] ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៨៥ )
ចែកចាយ
នីហ្វៃទី២ ២:៦–៨; ម៉ូសាយ ២៨:១–៣; អាលម៉ា ៣១:៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:២
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
បើមនុស្សម្នាក់សួរអំពីថ្ងៃចុងសប្ដាហ៍របស់បងប្អូន ចូរកុំស្ទាក់ស្ទើរក្នុងការនិយាយអំពីអ្វីដែលបងប្អូនមានបទពិសោធន៍នៅព្រះវិហារ ។ សូមប្រាប់អំពីកុមារតូចៗដែលឈរនៅខាងលើវេទិកាពីមុខក្រុមជំនុំ ហើយច្រៀងចម្រៀងដោយក្លៀវក្លាអំពីរបៀបដែលពួកគេព្យាយាមប្រែក្លាយដូចជាព្រះយេស៊ូវ ។ និយាយអំពីក្រុមយុវវ័យដែលចំណាយពេលជួយដល់មនុស្សជរាដែលនៅផ្ទះ ដើម្បីប្រមូលព័ត៌មានប្រវត្តិផ្ទាល់ខ្លួន ។ …
តាមវិធីណាក៏ដោយដែលវាងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ១៧ )
អញ្ជើញ
យ៉ូហាន ១:៣៥–៤៦; ៤:២៨–៣០, ៣៩–៤១; អាលម៉ា ៥:៦២; មរ៉ូណៃ ១០:៣–៥
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានការអញ្ជើញរាប់រយ ដែលយើងអាចអញ្ជើញទៅអ្នកដទៃទៀតបាន ។ យើងអាចអញ្ជើញមនុស្សផ្សេងទៀតឲ្យ « មក ហើយមើល » ពិធីសាក្រាម៉ង់ សកម្មភាពវួដ វីដេអូតាមអនឡាញ ដែលពន្យល់អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ « មក ហើយមើល » អាចជាការអញ្ជើញឲ្យអានព្រះគម្ពីរមរមន ឬមកមើលព្រះវិហារបរិសុទ្ធ អំឡុងពេលពិធីសម្ពោធ ពីមុនពិធីឧទ្ទិសឆ្លង ។ ជួនកាល ការអញ្ជើញនោះជាអ្វីមួយដែលយើងអញ្ជើញនៅខាងក្នុង—ជាការអញ្ជើញដល់ខ្លួនយើង ដែលផ្ដល់ការយល់ដឹង និងទស្សនវិស័យដល់ខ្លួនយើង អំពីឱកាសទាំងឡាយដែលនៅជុំវិញខ្លួនយើង ដើម្បីធ្វើសកម្មភាពតាម ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៨៦ )
របៀបដ៏មានប្រសិទ្ធភាពដើម្បីស្រឡាញ់ ចែកចាយ និងអញ្ជើញ
សូមជួយសិស្សឲ្យបង្កើតគំនិតបន្ថែមអំពីរបៀបចែកចាយដំណឹងល្អ ដោយប្រើគោលការណ៍នៃស្រឡាញ់ ចែកចាយ និងអញ្ជើញ ។ សូមរួមបញ្ចូលគំនិតរបស់ពួកគេនៅលើក្តារខៀន ក្រោមជួរឈរដែលត្រូវគ្នា ។ ធនធានមួយចំនួនខាងក្រោមនេះអាចជួយបង្កើតគំនិតបាន ៖
-
អត្ថបទ—« 20 Easy Ways to ‘Love, Share, Invite’ Your Neighbors » នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org
-
វីដេអូ—« Simple Ways to Love, Share, and Invite » ( ២:៤៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org
-
វីដេអូ—« 2021 Broadcast: Principles of Love, Share, and Invite » ចាប់ពីនាទីទី ០:០០ ដល់ ១:៣៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org
អនុវត្តតាមអ្វីដែលអ្នកបានរៀនរួចមកហើយ
សូមពិចារណាចែកចាយពេលមួយដែលអ្នកបានជួយនរណាម្នាក់ដោយប្រើគោលការណ៍នៃសេចក្ដីស្រឡាញ់ ការចែកចាយ និងការអញ្ជើញ ។ ឬអ្នកអាចចែកចាយពីពេលវេលាដែលនៅពេលនរណាម្នាក់បានផ្ដល់ពរដល់ជីវិតរបស់អ្នកដោយប្រើគោលការណ៍ទាំងនេះ ។
សូមអញ្ជើញសិស្សឲ្យធ្វើតាមការបំផុសគំនិតណាមួយដែលពួកគេមាននៅថ្ងៃនេះ ដើម្បីបង្កើតផែនការមួយដើម្បីចែកចាយដំណឹងល្អ ។ ផែនការរបស់ពួកគេអាចរួមបញ្ចូលការអនុវត្តគំនិតមួយ ឬច្រើនដែលមានរាយបញ្ជីនៅលើក្តារខៀន ។ ដើម្បីជួយលម្អិតអំពីផែនការរបស់ពួកគេ អ្នកអាចដាក់បង្ហាញការណែនាំ និងការបំផុសខាងក្រោមសម្រាប់សិស្សដើម្បីបំពេញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមជ្រើសរើសការបំផុសមួយ ឬច្រើនដូចខាងក្រោមនេះ ដើម្បីបំពេញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សម្នាក់ដោយ ។
-
ខ្ញុំនឹងចែកចាយអ្វីដែលខ្ញុំដឹង ឬទទួលអារម្មណ៍អំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដោយ ។
-
ខ្ញុំនឹងអញ្ជើញ ( ឈ្មោះមនុស្សម្នាក់ ) ឲ្យ ។
ចំពោះការបំផុសគំនិតដែលអ្នកបានជ្រើសរើសឆ្លើយ សូមបំពេញឃ្លាដូចខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
ជំហានបន្ទាប់ដែលខ្ញុំនឹងធ្វើដើម្បីបញ្ចប់ផែនការរបស់ខ្ញុំគឺ ។
-
ខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះត្រឹម ( កាលបរិច្ឆេទ) ។
សិស្សខ្លះអាចមានអារម្មណ៍បាក់ទឹកចិត្ត ប្រសិនបើការខិតខំដោយស្មោះដើម្បីចែកចាយដំណឹងល្អមិនត្រូវបានទទួលយកយ៉ាងល្អនោះ ។ សូមជួយសិស្សយល់ថា ព្រះអម្ចាស់ស្រឡាញ់ការខិតខំដែលពួកគេកំពុងធ្វើ ទោះបីជាវាហាក់ដូចជាមិនបានទទួលជោគជ័យនៅពេលនេះក៏ដោយ ។ សូមអញ្ជើញពួកគេឲ្យបន្តធ្វើដោយសេចក្ដីជំនឿដោយមិនគិតពីលទ្ធផលភ្លាមៗ ។