« មេរៀនទី ២០៦—នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ ៖ ការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ អាចជួយយើងប្រែក្លាយដូចជាព្រះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៦ ៖ ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ
ការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ អាចជួយយើងប្រែក្លាយដូចជាព្រះ
ដោយជាផ្នែកនៃអំណោយទាន ឬអំណោយទានពិសិដ្ឋ ដែលយើងអាចទទួលបានពីព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ គឺយើងធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។ សេចក្ដីសញ្ញាមួយដែលយើងធ្វើជាមួយព្រះវរបិតាសួគ៌គឺត្រូវគោរពតាមក្រឹត្យវិន័យនៃការថ្វាយ ។ សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋសន្យាថានឹងលះបង់ពេលវេលា ទេពកោសល្យ និងពរជ័យផ្សេងទៀតដែលពួកគេទទួលបាន ក្នុងការស្ថាបនាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដី ។ មេរៀននេះអាចជួយសិស្សយល់ពីក្រឹត្យវិន័យដ៏ពិសិដ្ឋនៃការថ្វាយ ដែលយើងធ្វើសេចក្ដីសញ្ញាគោរពតាមក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ធ្វើតាមរូបមន្ត
ចំណាំ ៖ មេរៀននេះណែនាំឲ្យស្គាល់ពីសេចក្ដីសញ្ញាដែលយើងធ្វើជាផ្នែកនៃពិធីបរិសុទ្ធនៃអំណោយទានព្រះវិហារបរិសុទ្ធ ហើយផ្តោតលើក្រឹត្យវិន័យនៃការថ្វាយ ។ មេរៀនក្នុងវគ្គថ្នាក់សិក្ខាសាលាផ្សេងទៀតនិយាយអំពីក្រឹត្យវិន័យផ្សេងទៀត ។
សូមអញ្ជើញសិស្សរកមើលរូបមន្តសម្រាប់អ្វីដែលពួកគេអាចនឹងចូលចិត្តបរិភោគ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរករូបភាពនៃលទ្ធផលដែលភ្ជាប់មកជាមួយពីការធ្វើតាមរូបមន្តនេះ ។ អ្នកអាចសុំឲ្យសិស្សស្វែងរក និងរាយការណ៍នៅក្នុងក្រុមតូចៗ ។ ប្រសិនបើសិស្សមិនអាចរកមើលរូបមន្ត និងរូបភាពដែលភ្ជាប់មកជាមួយក្នុងថ្នាក់ទេ អ្នកអាចដាក់បង្ហាញរូបភាពខាងក្រោមនេះ ហើយសួរសិស្សពីរបៀបដែលការមើលឃើញលទ្ធផលចុងក្រោយអាចជំរុញចិត្តពួកគេឲ្យធ្វើតាមរូបមន្តនេះបាន ។
-
តើអ្វីខ្លះដែលអ្នកបានធ្វើដោយការប្រើរូបមន្ត ?
-
តើការមានរូបភាព ឬវីដេអូព្រមគ្នាជាមួយរូបមន្តអាចមានអត្ថប្រយោជន៍យ៉ាងដូចម្ដេច?
យើងធ្វើសេចក្ដីសញ្ញាជាមួយព្រះនៅក្នុងព្រះវិហារបរិសុទ្ធ
ដូចជារូបភាព ឬវីដេអូពេញលេញនៃរូបមន្តមួយដែរ ការដឹងពីលទ្ធផលជាទីគាប់ចិត្តនៃការទទួលអំណោយទានពិសិដ្ឋរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធអាចមានប្រយោជន៍ ។ ដោយជាផ្នែកនៃពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋ នោះយើងបានធ្វើសេចក្ដីសញ្ញាជាមួយព្រះដើម្បីគោរពតាមក្រឹត្យវិន័យប្រាំផ្សេងទៀត ។ ការរស់នៅតាមក្រឹត្យវិន័យទាំងនេះគឺដូចជាការធ្វើតាមជំហានសំខាន់ៗនីមួយៗនៃរូបមន្តមួយដែរ ។ ក្រឹត្យវិន័យដែលយើងធ្វើសេចក្ដីសញ្ញាដើម្បីគោរពប្រតិបត្តិតាមក្នុងព្រះវិហារបរិសុទ្ធ ជួយយើងឲ្យកាន់តែប្រែក្លាយដូចជាព្រះ ហើយអាចរៀបចំយើងឲ្យរស់នៅជាមួយទ្រង់ក្នុងនគរសេឡេស្ទាល ។
សូមពិចារណាសរសេរសំណេរខាងក្រោមនេះនៅលើក្ដារខៀន ( ដោយទុកពាក្យក្នុងវង់ក្រចកចោល ) ហើយសុំសិស្សឲ្យសរសេរក្រឹត្យវិន័យនីមួយៗដែលយើងធ្វើសេចក្ដីសញ្ញាដើម្បីរស់នៅតាម នៅពេលទទួលអំណោយទានពិសិដ្ឋរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចណែនាំពួកគេទៅកាន់ ២៧.២ « អំណោយទានពិសិដ្ឋ » នៅក្នុង ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
ក្រឹត្យវិន័យនៃ ( ការគោរពប្រតិបត្តិ )
-
ក្រឹត្យវិន័យនៃ ( ពលិកម្ម )
-
ក្រឹត្យវិន័យនៃ ( ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ )
-
ក្រឹត្យវិន័យនៃ ( ច្បាប់ព្រហ្មចារីភាព )
-
ក្រឹត្យវិន័យនៃ ( ការថ្វាយ )
សូមសរសេរសេចក្តីពិតដូចខាងក្រោមនេះនៅលើក្ដារខៀន ៖ ដោយជាផ្នែកមួយនៃអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ យើងធ្វើសេចក្តីសញ្ញាជាមួយព្រះដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
សិស្សប្រហែលជាបានរៀនអំពីក្រឹត្យវិន័យនៃការថ្វាយនេះនៅក្នុងមេរៀនមុន ( សូមមើល « មេរៀនទី ៥៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:២៩–៣៩ ៖ បានថ្វាយដល់ព្រះអម្ចាស់ » )
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីក្រឹត្យវិន័យនេះ ។ ការវាយតម្លៃចំណេះដឹងពីមុនរបស់សិស្សអាចជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវជួយសិស្សឲ្យផ្តោតការយកចិត្តទុកដាក់ក្នុងមេរៀននេះ ។ អ្នកអាចសួរសំណួរទាំងនេះមួយចំនួនម្តងទៀតនៅចុងបញ្ចប់នៃមេរៀននេះ ដើម្បីជួយសិស្សបង្ហាញពីអ្វីដែលពួកគេបានរៀន ។
-
តើអ្នកដឹងអ្វីខ្លះអំពីក្រឹត្យវិន័យនៃការថ្វាយ ?
-
តើមានសំណួរអ្វីខ្លះដែលអ្នកនៅតែមានចម្ងល់អំពីក្រឹត្យវិន័យនៃការថ្វាយ ?
-
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់ពីក្រឹត្យវិន័យនៃការថ្វាយ និងរបៀបដែលការរៀបចំដើម្បីធ្វើសេចក្ដីសញ្ញាជាមួយព្រះក្នុងព្រះវិហារបរិសុទ្ធ អាចផ្ដល់ពរដល់ពួកគេ ។
ផ្តល់សំណៅចែកដូចខាងក្រោមនេះដល់សិស្ស ហើយអញ្ជើញពួកគេឲ្យរកមើលថាតើក្រឹត្យវិន័យនៃការថ្វាយជាអ្វី និងការរស់នៅតាមក្រឹត្យវិន័យនេះជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះដោយរបៀបណា ។ សម្រាប់ព័ត៌មានបន្ថែម សិស្សអាចរកមើល Topics and Questions « Consecration » ។
ក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់ ( សូមមើល ឧទាហរណ៍ គ&ស ៤២:៣២, ៥៣ ) … មានតួនាទីផ្នែកសេដ្ឋកិច្ច ប៉ុន្តែលើសពីនោះទៅទៀត គឺជាការអនុវត្តក្រឹត្យវិន័យនៃសេឡេស្ទាលសម្រាប់ជីវិតនៅទីនេះ និងឥឡូវនេះ ( សូមមើល គ&ស ១០៥:៥ ) ។ ការថ្វាយគឺជាការញែក ឬឧទ្ទិសអ្វីមួយជាពិសិដ្ឋ លះបង់ដើម្បីគោលបំណងបរិសុទ្ធ ។ ជោគជ័យពិតប្រាកដក្នុងជីវិតនេះកើតមានឡើងពេលថ្វាយជីវិតរបស់យើង—ពោលគឺពេលវេលា និងជម្រើសរបស់យើង—ទៅកាន់ព្រះរាជបំណងរបស់ព្រះ ( សូមមើល យ៉ូហាន ១៧:១, ៤; គ&ស ១៩:១៩ ) ។ ពេលយើងធ្វើបែបនេះ យើងអនុញ្ញាតឲ្យទ្រង់លើកយើងឡើងទៅកាន់ជោគវាសនាដ៏ខ្ពស់បំផុតរបស់យើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Reflections on a Consecrated Life » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ១៦ )
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការពលិកម្ម និងការថ្វាយ គឺជាក្រឹត្យវិន័យសួគ៌ចំនួនពីរ ដែលយើងចុះសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធថា គោរពតាម ។ ក្រឹត្យវិន័យទាំងពីរស្រដៀងគ្នា ប៉ុន្តែមិនដូចគ្នាទាំងស្រុងទេ ។ …
យ៉ាងហោចណាស់ក៏មានចំណុចសំខាន់មួយដែរ ដែល ការថ្វាយ ខុសពីពលិកម្ម ។ នៅពេលយើងថ្វាយអ្វីមួយ យើងមិនទុកវាចោលនៅលើទីអាសនាឡើយ ។ ប៉ុន្តែយើងទុកវាសម្រាប់ប្រើនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ។ យើងឧទ្ទិសថ្វាយរបស់នោះចំពោះទ្រង់ និងគោលបំណងដ៏បរិសុទ្ធរបស់ទ្រង់ ។ … យើងទទួលប្រាក់ដែលព្រះអម្ចាស់បានប្រទានដល់យើង ហើយខិតខំរកប្រាក់ចំណេញឲ្យបានច្រើន ដើម្បីអាចជួយនៅក្នុងការស្ថាបនានគររបស់ព្រះអម្ចាស់កាន់តែច្រើន ។
យើងទាំងអស់គ្នាភាគតិចណាស់ ដែលនឹងត្រូវសុំឲ្យ ពលិកម្ម ជីវិតរបស់យើងដើម្បីព្រះអង្គសង្គ្រោះ ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យ ថ្វាយ ជីវិតរស់នៅរបស់យើងចំពោះទ្រង់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « ដោយស្មោះអស់ពីចិត្តរបស់យើង » Liahona ខែឧសភា ឆ្នាំ២០២២ ទំព័រ ១២៤ )
តើក្រឹត្យវិន័យនៃការថ្វាយគឺជាអ្វី ? តើវាប៉ះពាល់យ៉ាងណាខ្លះដល់ខ្ញុំ ?
សព្វថ្ងៃនេះ យើងរស់នៅតាមក្រឹត្យវិន័យនេះតាមរបៀបផ្សេងៗ ។ ឧទាហរណ៍ យើងបម្រើអ្នកដទៃ ទទួលយកការហៅ និងការចាត់តាំងនៅក្នុងសាសនាចក្រ ហើយព្យាយាមធ្វើកិច្ចការទាំងនោះអស់ពីសមត្ថភាពរបស់យើង ហើយថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ និងដង្វាយតមអាហារដោយសប្បុរស ។ នៅពេលយើងធ្វើអ្វីដែលព្យាការី និងព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងឲ្យធ្វើដើម្បីស្ថាបនានគររបស់ព្រះ និងជួយដល់អ្នកខ្វះខាត នោះយើងកំពុងរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយហើយ ។ ( « What is the law of consecration? How does it affect me? » ដើម្បីកម្លាំងនៃយុវជន ខែមេសា ឆ្នាំ២០២១ ទំព័រ ៣១ )
-
ផ្អែកលើការយល់ដឹងរបស់អ្នកអំពីក្រឹត្យវិន័យនៃការថ្វាយ តើវាជាពរជ័យមកពីព្រះដោយរបៀបណា ?
-
តើអ្នកគិតថាការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយអាចជួយយើងឲ្យប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អត្ថន័យនៃការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ
ដើម្បីជួយសិស្សឲ្យបង្ហាញពីអ្វីដែលពួកគេកំពុងរៀន នោះអ្នកអាចអញ្ជើញពួកគេឲ្យធ្វើសកម្មភាពដូចខាងក្រោមនេះរៀងៗខ្លួន ជាមួយដៃគូ ឬជាក្រុមតូចៗ ។ ប្រសិនបើសិស្សជ្រើសរើសការផ្ដល់យោបល់មួយក្នុងចំណោមការផ្ដល់យោបល់ពីរដំបូង សូមលើកទឹកចិត្តពួកគេឲ្យបញ្ចូលរូបភាព ឬគំនូរទាំងឡយ ។
ប្រសិនបើសិស្សត្រូវការជំនួយស្វែងរកគំរូពីក្នុងព្រះគម្ពីរសម្រាប់ជម្រើសទីមួយ នោះអ្នកអាចណែនាំបាននូវ ម៉ាថាយ ៤:២៣; ២៦:៣៦–៤៤; លូកា ៨:១–៣; ១០:៣០–៣៧; កិច្ចការ ៣:២–៨; ៤:៣២ ។
សូមប្រើជម្រើសមួយក្នុងចំណោមជម្រើសខាងក្រោមនេះដើម្បីបង្កើតអ្វីមួយដែលអាចជួយអ្នកពន្យល់ព័ត៌មានលម្អិតសំខាន់ៗអំពីក្រឹត្យវិន័យនៃការថ្វាយ ។ អ្វីដែលអ្នកបង្កើតក៏អាចទុកជាការរំឭកផងដែរ ពេលអ្នករៀបចំខ្លួនអ្នកដើម្បីទទួលអំណោយទានពិសិដ្ឋរបស់អ្នកពីព្រះអម្ចាស់ ។
-
សូមសរសេរប្រយោគពីរ ឬបីដែលពន្យល់អំពីក្រឹត្យវិន័យនៃការថ្វាយដល់ក្មេងវ័យជំទង់ម្នាក់ ។ សូមដាក់បញ្ចូលឧទាហរណ៍មួយចំនួនពីព្រះគម្ពីរ ដែលព្រះយេស៊ូវគ្រីស្ទ ឬពួកសិស្សរបស់ទ្រង់បានបង្ហាញពីការរស់នៅតាមក្រឹត្យវិន័យនេះ ដោយចែកចាយពេលវេលា ទេពកោសល្យ ឬពរជ័យផ្សេងៗទៀតជាមួយអ្នកដទៃ ។
-
សូមសរសេរអត្ថបទខ្លីមួយសម្រាប់ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ។ អ្នកអាចជ្រើសរើសផ្តោតលើសាររបស់អ្នកអំពីការជួយក្មេងវ័យជំទង់ដែលកំពុងរៀបចំខ្លួនទទួលអំណោយទានពិសិដ្ឋពីព្រះអម្ចាស់ ។
-
រៀបចំការដើរតួ ឬការសម្តែងខ្លីមួយដើម្បីបង្ហាញពីរបៀបរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ ព្យាយាមបញ្ចូលឧទាហរណ៍ដែលទាក់ទងនឹងក្មេងវ័យជំទង់ដែលជ្រើសរើសរស់នៅតាមក្រឹត្យវិន័យនេះ ។
ផ្តល់ឱកាសឲ្យសិស្សបង្ហាញពីការយល់ដឹងរបស់ពួកគេអំពីក្រឹត្យវិន័យនៃការថ្វាយដោយចែកចាយនូវអ្វីដែលពួកគេបានរៀបចំ ។ អ្នកអាចអញ្ជើញសិស្សឲ្យរាយការណ៍ទៅសិស្សក្នុងថ្នាក់ ឬពួកគេអាចចែកចាយជាមួយគ្នាជាក្រុមតូចៗ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលការចាប់ផ្តើមរស់នៅតាមគោលការណ៍នៃក្រឹត្យវិន័យនៃការថ្វាយ អាចជាពរជ័យសម្រាប់ពួកគេ និងអ្នកដទៃទៀតនាពេលឥឡូវនេះ ។ អ្នកអាចអញ្ជើញឲ្យមានការពិភាក្សាក្នុងថ្នាក់ដោយដាក់បង្ហាញសំណួរដូចខាងក្រោមនេះ ហើយសុំសិស្សឲ្យឆ្លើយតបនឹងសំណួរមួយក្នុងចំណោមសំណួរទាំងនេះ ។ អ្នកក៏អាចបន្ថែមទីបន្ទាល់របស់អ្នកទៅនឹងអ្វីដែលសិស្សចែកចាយផងដែរ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យរៀបចំខ្លួនដើម្បីចូលព្រះវិហារបរិសុទ្ធ ហើយទទួលអំណោយទានពិសិដ្ឋរបស់អ្នកពីព្រះអម្ចាស់ ?
-
តើអ្នកគិតថា ការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-