« មេរៀនទី ២០៤—ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់របស់យើង ៖ ‹ ព្រះយេស៊ូវគ្រីស្ទគឺជាមូលហេតុដែលយើងសាងសង់ព្រះវិហារបរិសុទ្ធ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់របស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៤ ៖ ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ
ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់
« ព្រះយេស៊ូវគ្រីស្ទគឺជាមូលហេតុដែលយើងសាងសង់ព្រះវិហារបរិសុទ្ធ »
នៅទូទាំងសម័យកាល ព្រះអម្ចាស់បានត្រាស់បង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ។ នៅសម័យរបស់យើង យើងបានឃើញការសាងសង់ព្រះវិហារបរិសុទ្ធមានកំណើនឡើងយ៉ាងខ្លាំង ។ ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃអ្វីទាំងអស់ដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ចង់ថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះដំណាក់របស់ទ្រង់កាន់តែខ្លាំងឡើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះអង្គសង្រ្គោះគឺជាចំណុចសំខាន់នៃការថ្វាយបង្គំរបស់យើង
សូមពិចារណាបង្ហាញរូបភាពនៃមនុស្សទទួលទានសាក្រាម៉ង់ យុវវ័យចូលរួមក្នុងព្រះវិហារ និងយុវមជ្ឈិមវ័យដែលកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃការទទួលទានសាក្រាម៉ង់ ការចូលរួមក្នុងសាសនាចក្រ ឬការបម្រើបេសកកម្មពេញម៉ោងដោយរបៀបណា ?
-
តើបទពិសោធន៍របស់នរណាម្នាក់នឹងមានឥទ្ធិពលយ៉ាងណា ប្រសិនបើពួកគេមិនផ្តោតលើព្រះអង្គសង្គ្រោះ ពេលចូលរួមក្នុងសកម្មភាពទាំងនេះ ?
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធដែលនៅជិតអ្នកទៅសិស្ស រួមជាមួយនឹងរូបភាពរបស់ព្រះអង្គសង្គ្រោះផងដែរ ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតដោយស្ងៀមស្ងាត់លើសំណួរខាងក្រោមនេះ ។ ពួកគេអាចទទួលបានអត្ថប្រយោជន៍ពីការសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមគិតពិចារណាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ ឬការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ។
-
តើព្រះអង្គសង្គ្រោះសំខាន់កម្រិតណាចំពោះការរៀបចំខ្លួនរបស់អ្នកដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ និងបទពិសោធន៍ដែលអ្នកមាននៅពេលអ្នកនៅទីនោះ ?
-
តើការផ្ដោតលើព្រះអង្គសង្គ្រោះបន្ថែមទៀតអាចមានឥទ្ធិពលលើបទពិសោធន៍នៃព្រះវិហារបរិសុទ្ធរបស់អ្នកយ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្តសិស្សឲ្យយាងព្រះវិញ្ញាណដឹកនាំពួកគេ នៅពេលពួកគេខិតខំស្វែងយល់បន្ថែមអំពីរបៀបដែលព្រះអង្គសង្គ្រោះជាចំណុចសំខាន់នៃការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ។
ព្រះអម្ចាស់បញ្ជាប្រជារាស្រ្តរបស់ទ្រង់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធ
រូបភាពខាងក្រោមនេះគឺជាការពិពណ៌នាពីទីបរិសុទ្ធ និងព្រះវិហារបរិសុទ្ធមួយចំនួនដែលព្រះអម្ចាស់បានបញ្ជាឲ្យប្រជារាស្រ្តរបស់ទ្រង់សាងសង់ពីបុរាណ ។ សូមពិចារណាបង្ហាញទីកន្លែង និងព្រះវិហារបរិសុទ្ធទាំងនោះ ហើយសូមសួរសិស្សថាតើពួកគេអាចស្គាល់អគារដែលបានបង្ហាញនេះឬអត់ ( រោងឧបោសថដែលម៉ូសេបានសាងសង់នៅទីរហោស្ថាន [ សូមមើល និក្ខមនំ ២៥:៨ ] ព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូននៅយេរ៉ូសាឡិម [ សូមមើល ពង្សាវតាក្សត្រ ទី១ ៦:១២–១៣ ] ព្រះវិហារបរិសុទ្ធនីហ្វៃ នៅដែលនៅលើដែនដីបរិបូរណ៍ [ សូមមើល នីហ្វៃទី៣ ១១:១ ] ) ។
នៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធសាងសង់ព្រះវិហារបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧:៣; ១០៩:២; ១១៥:៧–៨; ១២៤:២៦–២៧ ) ។ បទបញ្ជានេះធ្វើតាមគំរូដែលព្រះអម្ចាស់បានបង្កើតឡើងពីបុរាណ ។
គណៈប្រធានទីមួយបានប្រកាស ៖
នៅពេលណាដែលព្រះអម្ចាស់បានដាក់ប្រជាជនមួយក្រុមនៅលើផែនដីដែលនឹងគោរពប្រតិបត្តិតាមបន្ទូលរបស់ទ្រង់ នោះពួកគេត្រូវបានបង្គាប់ឲ្យសង់ព្រះវិហារបរិសុទ្ធ ។ ( « First Presidency Statement on Temples » ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅលើគេហទំព័រ ChurchofJesusChrist.org )
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:២, ៥, ១២–១៣ ដោយរកមើលអ្វី ដែលព្រះអម្ចាស់បានបង្រៀនអំពីព្រះវិហារបរិសុទ្ធ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកនឹងរៀបរាប់ ខទី ១៣ តាមពាក្យពេចន៍របស់អ្នកផ្ទាល់ដោយរបៀបណា ?
សេចក្តីពិតមួយដែលសិស្សអាចរកឃើញគឺថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ គឺជាទីបរិសុទ្ធភាពរបស់ទ្រង់ ។
-
តើពរជ័យអ្វីខ្លះដែលអាចកើតមានចំពោះយើងដោយដឹងពីសេចក្តីពិតនេះសម្រាប់ខ្លួនយើង ?
តាមដែលសមរម្យ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន ដែលពួកគេមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ឬមានអារម្មណ៍ថាព្រះវិហារបរិសុទ្ធជាកន្លែងបរិសុទ្ធ ។ ការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកអាចជួយសិស្សចែកចាយបទពិសោធន៍របស់ពួកគេផងដែរ ។
ព្រះអង្គសង្រ្គោះគឺជាចំណុចសំខាន់នៃព្រះវិហារបរិសុទ្ធ
សេចក្តីថ្លែងការណ៍ខាងក្រោមនេះអាចជួយសិស្សយល់ពីរបៀបដែលព្រះអង្គសង្គ្រោះគឺជាចំណុចសំខាន់នៃព្រះវិហារបរិសុទ្ធ ។ នៅពេលសិស្សអានសេចក្ដីថ្លែងការណ៍នេះ សូមអញ្ជើញពួកគេឲ្យរកមើលគោលបំណងសំខាន់មួយនៃព្រះវិហារបរិសុទ្ធ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ព្រះវិហារបរិសុទ្ធគឺជាផ្នែកដ៏សំខាន់បំផុតនៃការពង្រឹងសេចក្តីជំនឿ និងភាពរឹងមាំខាងវិញ្ញាណរបស់យើង ពីព្រោះព្រះអង្គសង្រ្គោះ និងគោលលទ្ធិរបស់ទ្រង់គឺជាផ្នែកដ៏សំខាន់បំផុតនៃព្រះវិហារបរិសុទ្ធ ។ អ្វីគ្រប់យ៉ាងដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ តាមរយៈការណែនាំ និងតាមរយៈព្រះវិញ្ញាណ នឹងបង្កើនការយល់ដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយរបស់ទ្រង់ចងភ្ជាប់យើងទៅនឹងទ្រង់ តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋនៃបព្វជិតភាព ។ ( រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣–៩៤ )
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
អ្វីៗគ្រប់យ៉ាងដែលបានរៀន និងអ្វីទាំងអស់ដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធគូសបញ្ជាក់ពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់នៅក្នុងផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះវរបិតាសួគ៌ ។ ( ដេវីឌ អេ បែដណា « Let This House Be Built unto My Name » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៦ )
-
តើអ្នកមានអារម្មណ៍ថាអ្វីដែលសំខាន់អំពីសេចក្តីថ្លែងការណ៍ទាំងនេះ ?
-
អ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះវិហារបរិសុទ្ធជួយយើងឲ្យយល់ ហើយមកស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ?
ប្រសិនបើអាច សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ រូបថតព្រះវិហារបរិសុទ្ធ នៅលើគេហទំព័រ temples.ChurchofJesusChrist.org និងដើម្បីពន្យល់ពីរបៀបដែលរូបថតមួយចំនួនរំឭកយើងពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចពិភាក្សាពីសារៈសំខាន់នៃឃ្លា « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ » និង« ដំណាក់នៃព្រះអម្ចាស់ » ដែលមាននៅលើព្រះវិហារបរិសុទ្ធនីមួយៗ ។
ការបំផុសគំនិតខាងក្រោមនេះមានគោលបំណងជួយសិស្សពិភាក្សាពីរបៀបដែលពួកគេអាចមើលឃើញព្រះអង្គសង្គ្រោះជាចំណុចសំខាន់នៃបទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យបំពេញការបំផុសគំនិតទាំងនេះជាមួយគ្នាជាក្រុមតូចៗ ។ ក្រុមនីមួយៗអាចបំពេញការបំផុសគំនិតទាំងនេះជាមួយគ្នានៅលើក្រដាសមួយ ។
នៅពេលអ្នកបំពេញការបំផុសគំនិតខាងក្រោមនេះ សូមគិតអំពីរបៀបដែលព្រះវិហារបរិសុទ្ធរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សម្លៀកបំពាក់ពណ៌សដែលយើងស្លៀកក្នុងព្រះវិហារបរិសុទ្ធរំឭកយើងអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារ …
-
អ្វីដែលយើងឃើញក្នុងព្រះវិហារបរិសុទ្ធរំឭកយើងអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារ …
-
អ្វីដែលយើងធ្វើក្នុងព្រះវិហារបរិសុទ្ធរំឭកយើងអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារ …
-
របៀបដែលខ្ញុំរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ រំឭកខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារ …
នៅពេលក្រុមបញ្ចប់ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានសរសេរជាមួយក្រុមផ្សេងទៀតនៅក្នុងថ្នាក់ ។ តាមរយៈការចែកចាយអ្វីដែលពួកគេបានរៀន នោះពួកគេអាចធ្វើឲ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅ និងពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
បំណងប្រាថ្នាចង់នៅជាមួយព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធ
សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បើអាចធ្វើបាន អ្នកគួរលេងភ្លេងដ៏ស្រទន់ ដែលអាចជួយសិស្សគិតអំពីព្រះវិហារបរិសុទ្ធ ។ តន្ត្រីអាចជួយយាងព្រះវិញ្ញាណនៅក្នុងការសិក្សាដំណឹងល្អ ។ អ្នកអាចលេងភ្លេងចេញពីទំនុកតម្កើងអំពីព្រះវិហារបរិសុទ្ធ ឬអ្នកអាចចាក់វីដេអូពីក្រុមចម្រៀងយុវនារីសម្តែងបទ « In That Holy Place » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកបានរកឃើញ ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីព្រះអង្គសង្គ្រោះជាចំណុចសំខាន់នៃការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធរបស់យើង ?
-
តើអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍មានឥទ្ធិពលដល់របៀបដែលអ្នករៀបចំខ្លួន និងថ្វាយបង្គំព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់យ៉ាងដូចម្ដេច ?
សូមប្រាកដថាសិស្សមានពេលគ្រប់គ្រាន់ដើម្បីឆ្លើយតប មុនពេលអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យឡើងចែកចាយគំនិតរបស់ពួកគេ ។ អ្នកក៏អាចចែកចាយរបៀបដែលអ្នកធ្វើឲ្យព្រះអង្គសង្គ្រោះជាចំណុចសំខាន់នៃបទពិសោធន៍ក្នុងព្រះវិហារបរិសុទ្ធរបស់អ្នកផងដែរ ។