« មេរៀនទី ៥៧—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៩–៣៩ ៖ បានថ្វាយដល់ព្រះអម្ចាស់ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៩–៣៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤១–៤៤
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៩–៣៩
បានថ្វាយដល់ព្រះអម្ចាស់
សមាជិកសាសនាចក្រមួយក្រុមដែលរស់នៅកសិដ្ឋានរបស់អ៊ីសាក និង លូស៊ី ម័រលី មានបំណងប្រាថ្នាដ៏មហិមាដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងមើលថែគ្នាទៅវិញទៅមក ។ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានបើកសម្ដែងក្រឹត្យវិន័យនៃការថ្វាយដល់ព្រះ ដើម្បីជួយពួកបរិសុទ្ធមើលថែជនក្រីក្រ ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« អ្នកគឺជាព្រះហស្ដរបស់យើង »
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះនៅក្នុងគណៈប្រធានទីមួយ បានចែកចាយដូចខាងក្រោម ៖
រឿងមួយត្រូវបានដំណាលថា អំឡុងពេលទម្លាក់គ្រាប់បែកទៅលើទីក្រុងមួយនៅក្នុងសង្គ្រាមលោកលើកទី ២ រូបសំណាកដ៏ធំមួយរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានខូចខាតយ៉ាងខ្លាំង ។ នៅពេលប្រជាជនក្នុងទីក្រុងនោះបានរកឃើញរូបសំណាកនោះនៅក្នុងកម្ទេចថ្ម ពួកគេបានទួញយំដោយសារវាជារូបតំណាងដ៏សំណព្វមួយនៃសេចក្ដីជំនឿរបស់គេ និងជាវត្តមាននៃព្រះនៅក្នុងជីវិតរបស់គេ ។
អ្នកជំនាញអាចជួសជុលភាគច្រើននៃរូបសំណាកនេះ ប៉ុន្ដែដៃត្រូវបានខូចជាដំណំរហូតដល់ពួកគេមិនអាចស្ដារឡើងវិញបាន ។ អ្នកខ្លះស្នើថា ពួកគេនឹងជួលជាងចម្លាក់មួយឲ្យធ្វើដៃថ្មី ប៉ុន្ដែអ្នកផ្សេងទៀតចង់ទុកវាដូច្នេះ —ជាការរំឭកជាអចិន្ដ្រៃយ៍នៃសោកនាដកម្មពីសង្គ្រាម ។ ទីបញ្ចប់ រូបសំណាកនោះបន្ដនៅដោយគ្មានដៃ ។ ទោះជាយ៉ាណាក្ដី ប្រជាជននៃទីក្រុងនោះបានបន្ថែមគ្រឹះនៃរូបសំណាកព្រះយេស៊ូវគ្រីស្ទជាមួយនឹងស្លាកមួយដោយមានពាក្យទាំងនេះ ៖ « អ្នកគឺជាព្រះហស្ដរបស់យើង » ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៨ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីដំណើររឿងនេះ ?
-
តើយើងអាចធ្វើជាព្រះហស្ដរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យសរសេរ « ព្រះហស្ដរបស់ទ្រង់ » ឬដានដៃម្ខាងរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីបំណងប្រាថ្នារបស់ពួកគេផ្ទាល់ដើម្បីធ្វើជាព្រះហស្ដរបស់ព្រះអម្ចាស់ ។ នៅចុងបញ្ចប់នៃមេរៀននេះ ពួកគេនឹងមានឱកាសកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេ ។
ក្រឹត្យវិន័យនៃការថ្វាយ
នៅដើមឆ្នាំ ១៨៣១ សមាជិកនៃសាសនាចក្រដែលរស់នៅរដ្ឋញូវយ៉ក បានធ្វើចំណាកស្រុកទៅរដ្ឋអូហៃអូ ។ ពួកបរិសុទ្ធទាំងនេះជាច្រើននាក់ជាអ្នកក្រីក្រ ហើយទុកចោលទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេ ។ នៅរដ្ឋអូហៃអូ សមាជិកថ្មីមួយក្រុមធំបានរស់នៅសិដ្ឋានរបស់អ៊ីសាក និង លូស៊ី ម័រលី ។ ពួកគាត់បានបង្កើតក្រុមសហគមន៍មួយដែលពួកគាត់ហៅថា « គ្រួសារ » ។ ជំនឿមួយដែលពួកគាត់បានចែកចាយគឺថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់គឺជារបស់មនុស្សគ្រប់គ្នាក្នុងក្រុមនេះ ។ ព្រះអម្ចាស់បានថ្លែងពីការអនុវត្តរបស់ពួកគាត់ នៅពេលទ្រង់បានបើកសម្ដែងក្រឹត្យវិន័យរបស់ទ្រង់ដល់ យ៉ូសែប ស្ម៊ីធ ។ ក្នុងចំណោមក្រឹត្យវិន័យដទៃទៀត ព្រះអម្ចាស់បានបើកសម្ដែងគោលការណ៍នៃក្រឹត្យវិន័យនៃការថ្វាយ ។ ការរៀន និងការរស់នៅតាមគោលការណ៍ទាំងនេះ គឺជាវិធីមួយដែលពួកបរិសុទ្ធអាចធ្វើជាព្រះហស្ដរបស់ព្រះអម្ចាស់បាន ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានឮអំពីក្រឹត្យវិន័យនៃការថ្វាយ ឬសួរសំណួរអ្វីដែលពួកគេអាចមាន ។ សិស្សអាចរកមើលនិយមន័យនៃការថ្វាយ ឬអ្នកអាចផ្តល់និយមន័យមួយនេះមកពីអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ការថ្វាយគឺជាការញែក ឬឧទ្ទិសអ្វីមួយជាពិសិដ្ឋ លះបង់ដើម្បីគោលបំណងបរិសុទ្ធ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Reflections on a Consecrated Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៦ )
ព្រះអម្ចាស់បានសុំពួកបរិសុទ្ធនៅរដ្ឋអូហៃអូ ឲ្យថ្វាយរបស់របររបស់ពួកគេដល់ទ្រង់ ដោយថ្វាយវាទៅដល់សាសនាចក្ររបស់ទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៩–៣៨ ដោយរកមើលអំពីរបៀបដែលព្រះអម្ចាស់បានសុំឲ្យពួកគាត់ធ្វើយ៉ាងដូច្នោះ ។
សិស្សអាចរកឃើញហេតុផលដូចខាងក្រោម ៖ ដើម្បីបង្ហាញព្រះអម្ចាស់នូវសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ( ខទី ២៩ ) ដើម្បីមើលថែដល់ជនក្រីក្រ ( ខទី ៣០–៣១, ៣៤ ) ដើម្បីទិញដីដែលពួកបរិសុទ្ធអាចប្រមូលផ្ដុំនៅពេលព្រះអង្គសង្រ្គោះយាងមក ( ខទី ៣៥–៣៦ ) និងដើម្បីសង់សាលាប្រជុំ និងព្រះវិហារបរិសុទ្ធ ( ខទី ៣៥ ) ។ វាអាចមានអត្ថប្រយោជន៍ដើម្បីពន្យល់ថា ក្រុងយេរូសាឡិមថ្មីនៅក្នុង ខទី ៣៥ សំដៅទៅលើ « ជាកន្លែងដែលពួកបរិសុទ្ធនឹងជួបជុំគ្នា ហើយព្រះគ្រីស្ទទ្រង់នឹងសោយរាជ្យផ្ទាល់នៅជាមួយនឹងពួកគេនៅគ្រាសហស្សវត្សរ៍ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ក្រុងយេរូសាឡិមថ្មី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បានអញ្ជើញពួកបរិសុទ្ធឲ្យចងចាំ និងមើលថែដល់ជនក្រីក្រ ?
-
តើមានសេចក្ដីពិតអ្វីខ្លះមកពីខគម្ពីរទាំងនេះ ដែលយើងអាចស្វែងយល់បាន ?
ជាការបន្ថែមទៅលើសេចក្តីពិតដែលសិស្សរកឃើញ សូមជួយពួកគេឲ្យមើលឃើញថា យើងបម្រើព្រះអង្គសង្រ្គោះដោយការបម្រើដល់ជនក្រីក្រ ហើយថា ព្រះអម្ចាស់បានសុំឲ្យយើងថ្វាយអ្វីដែលយើងមានដល់ទ្រង់ដើម្បីមើលថែដល់ជនក្រីក្រ និងស្ថាបនានគររបស់ទ្រង់ ។
ដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលពួកគេអាន អ្នកអាចសុំឲ្យពួកគេសម្តែងអ្វីដែលសមាជិកដំបូងនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ត្រូវបានបង្គាប់ឲ្យធ្វើ ។ សូមរៀបចំសិស្សជាក្រុមដែលមានចំនួនខុសៗគ្នា ដូចជាក្រុមគ្រួសារជាដើម ។ សូមចែកចាយរបស់របរតូចៗ ដូចជាស្ករគ្រាប់ ឬកាក់ ដល់ក្រុមនីមួយៗ ប៉ុន្តែកុំចែកចាយរបស់របរឲ្យស្មើៗគ្នាឡើយ ។ សូមផ្តល់ឲ្យក្រុមខ្លះច្រើនជាងក្រុមផ្សេងទៀត ។ អ្នកថែមទាំងអាចចែកចាយរបស់របរ ដែលក្រុមខ្លះមិនទទួលបានឡើយ ។ សូមអញ្ជើញសិស្សឲ្យបង្ហាញអំពីអ្វីដែលគួរកើតឡើងដោយផ្អែកលើការណែនាំរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:២៩–៣៥ ។ សូមជួយសិស្សស្រមៃអំពីតម្រូវការនៃ « ក្រុមគ្រួសារ » និងរបៀបដើម្បីបំពេញតម្រូវការទាំងនោះ ។ សូមពិចារណាផ្តល់កាលៈទេសៈមួយចំនួន ដែលគ្រួសាររបស់ពួកគេកំពុងជួបប្រទះ និងរបៀបដែលវាអាចកំណត់តម្រូវការរបស់ពួកគេ ។ ប្រសិនបើមានប្រយោជន៍ អាចប្រើចានគោមមួយធ្វើជាឃ្លាំងរបស់ព្រះអម្ចាស់ ។ សិស្សម្នាក់ឬពីរនាក់ ក៏អាចសម្តែងជាផ្នែកនៃក្រុមប្រឹក្សាដែលបានពិពណ៌នានៅក្នុង ខទី ៣១ និង ៣៤ ដែលទ្រង់បានហៅដើម្បីធានាឲ្យបានថា មនុស្សគ្រប់គ្នាបានទទួលអ្វីដែលពួកគេត្រូវការ ។
នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម សូមរកមើលរបៀបដើម្បីជួយពួកគេយល់ថាគោលការណ៍នៃការថា្វយ គឺដូចគ្នាសម្រាប់កូនចៅនៃសេចក្តីសញ្ញារបស់ព្រះនៅក្នុងគ្រប់សម័យកាលទាំងអស់ ។ ទោះជាយ៉ាងណាក៏ដោយ របៀបជាក់លាក់ដែលព្រះណែនាំរាស្ដ្ររបស់ទ្រង់ឲ្យអនុវត្តក្រឹត្យវិន័យនៃការថ្វាយអាចមានភាពខុសៗគ្នា ។
-
តើព្រះអម្ចាស់បានបង្គាប់ឲ្យយើងញែកអ្វីដែលយើងមានសព្វថ្ងៃនេះតាមរបៀបណាខ្លះ ?
-
តើមានគំរូអ្វីខ្លះក្នុងការប្រើពេលវេលា ទេពកោសល្យរបស់អ្នក និងពរជ័យមកពីព្រះដើម្បីជួយអ្នកដទៃ ?
-
តើមានរបៀបណាខ្លះដែលយើងអាចមើលថែតម្រូវការរបស់ជនក្រីក្រ ?
សម្រាប់គំរូអំពីសមាជិកសាសនាចក្រសម័យទំនើបដែលបានថ្វាយពេលវេលា ទេពកោសល្យ និងលុយកាក់របស់ពួកគេ អ្នកអាចបង្ហាញវីដេអូមួយ ឬច្រើនដូចតទៅនេះ ៖ « Fast Offerings: A Simple Commandment with a Marvelous Promise » ( ៣:០១ ); « Syrian Refugee—‘The Moment I Was Shot I Knew I Would Never Walk Again’ » ( ២:៣៩ ); « A Thousand Days » ( ៤:៣២ ) ។
3:22:404:32 -
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជំរុញអ្នកឲ្យថ្វាយពេលវេលា ទេពកោសល្យ និងមធ្យោបាយរបស់អ្នកទៅកាន់ទ្រង់ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យយើងបម្រើទ្រង់ដោយការបម្រើមនុស្សដែលជនដែលខ្វះខាត ? ( សម្រាប់ការយល់ដឹងបន្ថែម អ្នកអាចរកមើលវគ្គបទគម្ពីរមួយ ឬច្រើននៃវគ្គបទគម្ពីរទាំងនេះ ៖ យ៉ាកុប ២:១៧–១៩; ម៉ូសាយ ៤:២១–២៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:២៤–២៧; ១០៤:១៤–១៧ ) ។
-
តើអ្នកគិតថា ការជួយអ្នកដទៃដែលខ្វះខាតជួយយើងឲ្យក្លាយកាន់តែដូចព្រះគ្រីស្ទដោយរបៀបណា ?
វាអាចជាប្រយោជន៍ក្នុងការប្រាប់សិស្សថា នៅក្នុងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ សមាជិកចុះសេចក្ដីសញ្ញាដើម្បីគោរពតាមក្រឹត្យវិន័យនៃការថ្វាយ ដោយការលះបង់ « ពេលវេលា ទេពកោសល្យ និងអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេដើម្បីស្ថាបនាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដី » ( ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ២៧.២ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ប្រសិនបើសិស្សគូសដានដៃរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ អ្នកអាចសុំឲ្យពួកគេបំពេញវាក្នុងអំឡុងពេលធ្វើសកម្មភាពខាងក្រោម ។
សូមចំណាយពេលបន្តិចដើម្បីវាយតម្លៃពីបំណងប្រាថ្នារបស់អ្នក ដើម្បីធ្វើជាព្រះហស្ដរបស់ព្រះអម្ចាស់ ។ ការជញ្ជឹងគិត និងការសរសេរនៅក្នុងសៀវភៅកំណត់ហេតុ គឺជារបៀបមួយដែលអ្នកអាចព្យាយាមស្តាប់សំឡេងរបស់ព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់កំពុងអញ្ជើញអ្នកឲ្យធ្វើ ។ អ្នកអាចពិចារណា និងសរសេរអំពីរឿងមួយ ឬច្រើនដូចខាងក្រោម ៖
សូមពិចារណាអំពីការបង្ហាញការបំផុសគំនិតខាងក្រោមសម្រាប់សិស្សដើម្បីជញ្ជឹងគិត និងសរសេរ ។
-
ពាក្យដែលពិពណ៌នាពីអារម្មណ៍របស់អ្នកអំពីការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ
-
របៀបដែលអ្នកចង់ចែកចាយអ្វីដែលព្រះអម្ចាស់បានប្រទានដល់អ្នកដើម្បីជួយអ្នកដទៃ
-
កង្វល់ណាមួយដែលអ្នកមានអំពីការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ និងរបៀបដែលអ្នកអាចងាកទៅរកព្រះអម្ចាស់ដើម្បីយកឈ្នះលើកង្វល់ទាំងនោះ
អ្នកអាចនឹងសុំសិស្សឲ្យចែកចាយគំនិតរបស់ពួកគេជាមួយថ្នាក់រៀន និងនៅផ្ទះជាមួយក្រុមគ្រួសាររបស់ពួកគេ ។ អ្នកក៏អាចចែកចាយគំនិត និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។