« មេរៀនទី ១៨៩—ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ៖ ដំណើរការនៃការប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨៩—សុខភាពខាងផ្លូវកាយ និងផ្លូវចិត្ត
ការមានភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ
ដំណើរការនៃការប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ
សម្ពាធ និងការរំពឹងចង់បានជាច្រើនក្នុងជីវិតអាចធ្វើឲ្យយើងពុះពារជាមួយនឹងភាពឥតខ្ចោះនិយម ឬអាចគិតខុសថាយើងត្រូវតែមានភាពល្អឥតខ្ចោះដោយខ្លួនឯង ។ ដោយសារពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ នោះយើងអាច « បានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ ពីការគិតខុសឆ្គងដែលទាក់ទងនឹងភាពឥតខ្ចោះនិយម ហើយអាចជួយពួកគេឲ្យងាកទៅរកព្រះអម្ចាស់បាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភាពឥតខ្ចោះនិយម
សូមពិចារណាបង្ហាញគំនិតមួយចំនួនដូចខាងក្រោមនៅលើក្ដារខៀន ហើយអានគំនិតទាំងនោះជាមួយគ្នាជាថ្នាក់ ។ អ្នកអាចធ្វើការកែសម្រួល ឬផ្លាស់ប្ដូរគំនិតទាំងនេះ ទៅជា គំនិតនៃភាពឥតខ្ចោះផ្សេងទៀត ដែលមានភាពពាក់ព័ន្ធច្រើនជាងចំពោះសិស្សរបស់អ្នក។
-
« ខ្ញុំមិនប្រាកដថា ខ្ញុំនឹងមានភាពល្អគ្រប់គ្រាន់នោះទេ » ។
-
« ខ្ញុំមិនពូកែរឿងនេះដូចនាងទេ ។ ខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីបានជាខ្ញុំខំព្យាយាម » ។
-
« ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែសម្តែងធ្វើដូចជាមានភាពរីករាយ ហើយធ្វើដូចជាល្អប្រសើរជាងកាលដែលខ្ញុំមិនមែនដូច្នោះនោះទេ » ។
សម្រាប់ឧទាហរណ៍អំពីគំនិតមួយចំនួនទាំងនេះ សូមពិចារណាបង្ហាញវីដេអូ « Self-Compassion » ( ២:៥៨ ) ចាប់ពីនាទីទី ០:០០ ដល់ ០:៥៣ ។
សូមអញ្ជើញសិស្សឲ្យងាកទៅរកដៃគូ ហើយឆ្លើយសំណួរខាងក្រោមនេះ ។
-
តើអ្នកមានអារម្មណ៍ថាគំនិតបែបនេះជារឿងធម្មតាប៉ុនណាទៅ ?
-
ហេតុអ្វីមនុស្សអាចត្រូវបានល្បួងឲ្យគិតតាមរបៀបនេះ ?
អ្នកអាចពន្យល់ថាសេចក្ដីថ្លែងការណ៍ទាំងនេះអាចត្រូវបានចាត់ទុកថាជាគំរូនៃការគិតបែបឥតខ្ចោះនិយម ។ អ្នកអាចសរសេរ ភាពឥតខ្ចោះនិយម នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរការពិពណ៌នានៅជុំវិញពាក្យនេះ ។
សូមពិចារណាបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។ លើកទឹកចិត្តសិស្សឲ្យស្វែងរកការយល់ដឹងបន្ថែមដែលពួកគេអាចបន្ថែមទៅលើក្ដារខៀន ។
អែលឌើរ វើន ភី ស្តានហ្វីល ក្នុងពួកចិតសិបនាក់ បានពន្យល់ ៖
ភាពឥតខ្ចោះនិយម តម្រូវឲ្យមានបទដ្ឋានដែលមិនអាចធ្វើទៅបាន ដែលធ្វើឲ្យខ្លួនឈឺចាប់ ព្រោះប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ។ វាបណ្តាលឲ្យមានអារម្មណ៍ថាខុស និងថប់បារម្ភ ហើយអាចធ្វើឲ្យយើងចង់ដកខ្លួនចេញ និងនៅឲ្យឆ្ងាយពីគេ ។ ( វើន ភី ស្តានហ្វីល « ការប្រមូលផលដែលមិនល្អឥតខ្ចោះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១១៣ )
ដើម្បីជួយសិស្សវាយតម្លៃអំពីរបៀបដែលពួកគេមើលឃើញភាពឥតខ្ចោះនិយមក្នុងជីវិតរបស់ពួកគេ និងរបៀបយកឈ្នះវា នោះអ្នកអាចបង្ហាញសំណួរដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យពិចារណាអំពីចម្លើយរបស់ពួកគេ ។
សូមគិតអំពីរបៀបដែលអ្នកអាចទទួលរងនូវគំនិតបែបឥតខ្ចោះនិយម ។ អ្នកអាចកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរមួយចំនួនខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើស្តង់ដាមិនសមហេតុសមផលអ្វីដែលអ្នកអាចកំណត់សម្រាប់ខ្លួនឯង ?
-
តើអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃយ៉ាងទុទ្ទិដ្ឋិនិយមយ៉ាងដូចម្ដេច ?
-
តើអ្នកអាចបែរទៅព្រះអម្ចាស់ដើម្បីដោះស្រាយការគិតបែបនេះយ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្ដសិស្សឲ្យស្វែងរកវិវរណៈមកពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេសិក្សាអំពីរបៀបដែលពួកគេអាចបែរទៅរកព្រះអង្គសង្គ្រោះដើម្បីយកឈ្នះលើការគិតបែបឥតខ្ចោះនិយម ។
បានល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ
អែលឌើរ វើន ភី ស្ដានហ្វីល បានចែកចាយនូវអ្វីដែលយើងអាចផ្តោតទៅលើដើម្បីយកឈ្នះលើការគិតបែបឥតខ្ចោះនិយម ៖
សូមចាំថា ភាពឥតខ្ចោះនិយមនោះ គឺមិនដូចគ្នានឹងភាពល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទនោះទេ ។…
ការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ … វាគឺជាដំណើរការ—ដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដោយក្តីស្រឡាញ់—ឲ្យប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ ។ បទដ្ឋានទាំងនេះត្រូវបានកំណត់ដោយព្រះវរបិតាសួគ៌ដែលមានព្រះទ័យសប្បុរស និងត្រាស់ដឹងគ្រប់ការណ៍ទាំងអស់ ហើយបានកំណត់យ៉ាងច្បាស់នៅក្នុងសេចក្ដីសញ្ញា ដែលយើងត្រូវបានអញ្ជើញឲ្យឱបក្រសោប ។ វាសម្រាលយើងពីបន្ទុកនៃអារម្មណ៍ខុសឆ្គង និងភាពមិនល្អគ្រប់គ្រាន់ វាតែងតែគូសបញ្ជាក់ថា យើងជានរណានៅក្នុងព្រះនេត្រព្រះ ។ ( វើន ភី ស្តានហ្វីល « ការប្រមូលផលដែលមិនល្អឥតខ្ចោះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១១៣ )
-
តើអ្នកស្វែងរកអត្ថន័យអ្វីខ្លះដែលមាននៅក្នុងសេចក្តីថ្លែងការណ៍នេះ ?
ប្រសិនបើសិស្សមិនចែកចាយទេ សូមពិចារណាអញ្ជើញពួកគេឲ្យសង្ខេបអំពីអត្ថន័យនៃការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ។ ដោយប្រើពាក្យរបស់សិស្ស ចូរសរសេរគោលការណ៍មួយដូចខាងក្រោមនៅលើក្តាខៀន ៖ ការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទគឺជាដំណើរការ—ដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដោយក្តីស្រឡាញ់—ឲ្យប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ ។ សូមពិចារណាអំពីការសរសេរ ការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ នៅលើក្ដារខៀនក្បែរ ភាពឥតខ្ចោះនិយម ។
ខណៈពេលយាងទៅជួបប្រជាជនអាមេរិកពីបុរាណ នោះព្រះអង្គសង្គ្រោះបានបញ្ជាក់សារជាថ្មីថា ការក្លាយជាល្អឥតខ្ចោះគឺជាអ្វីដែលទ្រង់ និងព្រះវរបិតារបស់ទ្រង់ប្រាថ្នាចង់បានសម្រាប់យើងទាំងអស់គ្នា ។ សូមអាន នីហ្វៃទី៣ ១២:៤៨ ( សូមមើលផងដែរ ម៉ាថាយ ៥:៤៨ ) ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល ។
មនុស្សមួយចំនួនប្រហែលជាពុះពារនឹងគំនិតនៃភាពឥតខ្ចោះនិយមពេលពួកគេអានខគម្ពីរនេះ ។
-
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ ស្ដានហ្វីល អាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលព្រះអង្គសង្គ្រោះ កំពុង បង្រៀននៅក្នុងខគម្ពីរនេះយ៉ាងដូចម្ដេច ?
-
តើការណ៍នេះអាចជួយយើងឲ្យបែរទៅរកព្រះអម្ចាស់នៅពេលយើងតស៊ូជាមួយនឹងការគិតបែបឥតខ្ចោះនិយមយ៉ាងដូចម្ដេច ?
ការប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍នេះ សូមពិចារណាចែកចាយនូវសំណៅចែក « ការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ » ។
សិស្សអាចសិក្សាអំពីសេចក្ដីយោងបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ជាក្រុមតូចៗ ដោយបុគ្គលម្នាក់ៗយកសេចក្ដីថ្លែងការណ៍ និងសេចក្ដីយោងបទគម្ពីរមួយ ឬពីរ ។ ឬអ្នកអាចផ្ដល់សេចក្ដីថ្លែងការណ៍ និងសេចក្ដីយោងបទគម្ពីរមួយទៅដល់ក្រុមនីមួយៗដើម្បីសិក្សា ។
ការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ
សូមអានបទគម្ពីរយោងខាងក្រោមនេះ ។ សូមរកមើលឃ្លាដែលបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះអង្គសង្គ្រោះអាចជួយយើងឲ្យយកឈ្នះលើភាពមិនល្អឥតខ្ចោះរបស់យើង ហើយក្លាយទៅដូចទ្រង់កាន់តែខ្លាំងឡើង ។ អ្នកអាចធ្វើបញ្ជីមួយអំពីអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅខាងក្រោយសំណៅចែកនេះ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។ ស្វែងរកអ្វីដែលយើងអាចធ្វើដើម្បីយកឈ្នះលើការគិតបែបឥតខ្ចោះនិយម ហើយផ្តោតលើការក្លាយជាមនុស្សកាន់តែប្រសើរតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចគូសចំណាំនៅលើឃ្លាដែលលេចធ្លោចំពោះអ្នក ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីអ្វីដែលព្រះអម្ចាស់ធ្វើ ហើយមិនរំពឹងពីយើងឡើយ ៖
ព្រះមិនត្រូវការមនុស្សដែលល្អឥតខ្ចោះនោះទេ ។ ទ្រង់ស្វែងរកអស់អ្នកដែលនឹងផ្តល់ « ចិត្ត និងគំនិតដែលស្ម័គ្រតាម » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៣៤ ] ហើយទ្រង់នឹងធ្វើឲ្យពួកគេ « បានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៣២–៣៣ ] ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Five Messages That All of God’s Children Need to Hear » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី១៧ ឆ្នាំ២០២១ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់អំពីអ្វីដែលយើងអាចធ្វើបាននៅពេលយើងឃើញភាពមិនល្អឥតខ្ចោះរបស់យើង ៖
សូមឲ្យយើងធ្វើអ្វីដែលល្អបំផុតដែលយើងអាចធ្វើបាន ហើយព្យាយាមធ្វើឲ្យប្រសើរឡើងជារៀងរាល់ថ្ងៃ ។ នៅពេលភាពមិនល្អឥតខ្ចោះរបស់យើងលេចឡើង យើងអាចបន្តព្យាយាមកែតម្រូវវាបាន ។ យើងអាចអភ័យទោសចំពោះកំហុសនៅក្នុងខ្លួនយើង និងក្នុងចំណោមអស់អ្នកដែលយើងស្រឡាញ់បាន ។ ( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទំព័រ ៨៨ )
បន្ទាប់ពីសិស្សបានសិក្សា សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយក្រុមរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀន ។ ជួយពួកគេឲ្យពិភាក្សាអំពីរបៀបដែលបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ទាំងនេះទាក់ទងនឹងពួកគេ ។
សូមពិភាក្សាអំពីឃ្លាទាំងឡាយដែលអ្នកបានរកឃើញនៅក្នុងបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ទាំងនេះដែល ៖
-
បានជួយអ្នកចំពោះអារម្មណ៍ពីអតីតកាលនៃការធ្វើមិនដូចការរំពឹងទុក ។
-
អ្នកមានសំណួរ ។
-
អ្នកចង់យកមកអនុវត្តក្នុងជីវិតរបស់អ្នក ។
ការជំនួសភាពឥតខ្ចោះនិយមដោយការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទវិញ
ជំនាញខាងក្រោមនេះអាចជួយយើងឲ្យកែតម្រូវការគិតបែបឥតខ្ចោះនិយម ហើយផ្តោតលើការខិតខំដើម្បីឲ្យកាន់តែប្រសើរឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
កំណត់ ៖ សូមប្រាកដថាជំនាញខាងក្រោមនេះគឺច្បាស់សម្រាប់សិស្ស ។ សូមពិចារណាអំពីការសរសេរសំណួរនៅលើក្ដារខៀន ។
នៅពេលអ្នកស្គាល់គំនិតបែបឥតខ្ចោះនិយម សូមសួរខ្លួនឯងនូវសំណួរដូចខាងក្រោមនេះ ៖
-
តើព្រះអង្គសង្រ្គោះអាចនឹងមានព្រះទ័យចង់ឲ្យខ្ញុំមើលមកខ្លួនឯងដោយមានសេចក្ដីអាណិតអាសូរ និងការអត់ធ្មត់ដោយរបៀបណា ?
-
ជំនួសឲ្យការព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង តើខ្ញុំអាចទទួលស្គាល់ និងពឹងផ្អែកលើព្រះអង្គសង្រ្គោះ និងព្រះចេស្តារបស់ទ្រង់ដើម្បីជួយខ្ញុំដោយរបៀបណា ?
គំរូ ៖ សូមជ្រើសរើសគំនិតមួយក្នុងចំណោមគំនិតបែបឥតខ្ចោះនិយមទាំងឡាយចេញពីដើមដំបូងនៃមេរៀននេះដូចជា « ខ្ញុំមិនពូកែខាងនេះដូចនាងទេ ។ ខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីបានជាខ្ញុំខំព្យាយាម » ។ សូមការរក្សាគំនិតនេះនៅក្នុងចិត្ត សួរសិស្សនូវសំណួរទីមួយ (« តើព្រះអង្គសង្គ្រោះអាចនឹងមានព្រះទ័យចង់ឲ្យខ្ញុំមើលខ្លួនឯងដោយសេចក្ដីអាណិតអាសូរ និងអត់ធ្មត់ដោយរបៀបណា ? » ) ។ ដើម្បីស្តាប់ចម្លើយមួយចំនួនដែលអាចមាន សូមមើលវីដេអូដែលនៅសល់ « Self-Compassion » ( ២:៥៨ ) ចាប់ពីនាទីទី០:៥៤ ដល់ ២:៥៨ ។
សិស្សអាចចែកចាយចម្លើយខ្លះៗខាងក្រោមនេះ ៖ ព្រះអម្ចាស់មិនខ្វល់ព្រះទ័យអំពីរបៀបដែលយើងកំពុងធ្វើដោយប្រៀបធៀបទៅនឹងអ្នកដទៃឡើយ ។ យើងអាចមានចិត្តអត់ធ្មត់នឹងខ្លួនឯង ប្រសិនបើយើងមិនរីកចម្រើនបានលឿនដូចជាអ្នកដទៃ ហើយដឹងថាអ្នកដទៃក៏មានការលំបាកផ្ទាល់ខ្លួនរបស់គេផងដែរ ។ យើងអាចដឹងថាការរីកចម្រើនភាគច្រើនគឺកើតឡើងម្តងបន្ដិចៗ ។ យើងអាចស្វែងរកការបំផុសគំនិតរបស់ព្រះវិញ្ញាណ ដើម្បីងាកទៅរកព្រះអម្ចាស់ និងដឹងថាយើងនឹងរីកចម្រើនទៅតាមពេលវេលារបស់ព្រះអម្ចាស់ ។
សូមសួរសំណួរទីពីរខាងលើនេះ ( « ជំនួសឲ្យការព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង តើខ្ញុំអាចស្គាល់ និងពឹងផ្អែកលើព្រះអង្គសង្គ្រោះ និងព្រះចេស្តារបស់ទ្រង់ដើម្បីជួយខ្ញុំដោយរបៀបណា ? » ) ។ សិស្សអាចនឹងចែកចាយថា នៅពេលយើងប្រែចិត្ត ហើយបែរទៅរកព្រះអង្គសង្គ្រោះ ទ្រង់មានព្រះចេស្តាដើម្បីសម្អាតយើងចេញពីអំពើបាប ហើយជួយយើងឲ្យប្រសើរឡើង ហើយប្រែក្លាយដូចជាទ្រង់ ។ ទ្រង់អញ្ជើញយើងឲ្យផ្តោតទៅលើទ្រង់សម្រាប់ជំនួយមិនមែនអ្នកដទៃទេ ។ យើងអាចព្យាយាមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយអធិស្ឋានសូមឲ្យព្រះវរបិតាសួគ៌ប្រទានពរដល់ការខិតខំរបស់យើង ។ យើងស្វែងរកភស្តុតាងនៃជំនួយរបស់ទ្រង់ប្រកបដោយការអធិស្ឋាន និងវិធីដែលយើងកំពុងកែលម្អ ។
អនុវត្ត ៖ សូមអញ្ជើញសិស្សធ្វើសកម្មភាពដូចខាងក្រោមនេះជាគូ ហើយត្រូវប្រាកដថាសិស្សម្នាក់ៗទទួលបានឱកាសដើម្បីអនុវត្ត ។
ជ្រើសរើសគំរូមួយនៅក្នុងចំណោមគំនិតបែបឥតខ្ចោះនិយមនៅពេលចាប់ផ្ដើមមេរៀននេះ ។ ដោយមានគំនិតនេះក្នុងចិត្ត សូមឆ្លើយសំណួរខាងលើ ។
បន្ទាប់ពីទុកពេលឲ្យគ្រប់គ្រាន់ហើយ នោះសូមឲ្យសិស្សពីរបីនាក់ចែកចាយអំពីអ្វីដែលពួកគេបានរៀននៅក្នុងក្រុមរបស់ពួកគេ ។ អ្នកខ្លះប្រហែលជាកត់សម្គាល់ឃើញថា ការយាងព្រះអង្គសង្គ្រោះឲ្យចូលក្នុងគំនិតរបស់ពួកគេជួយពួកគេឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការអត់ធ្មត់របស់ទ្រង់ ។
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចប្រើជំនាញទាំងនេះក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យធ្វើសកម្មភាពលើចំណាប់អារម្មណ៍ដែលពួកគេអាចបានទទួលនៅពេលពួកគេស្វែងរកជំនួយពីព្រះអង្គសង្គ្រោះ ។
អ្នកអាចបញ្ចប់ថ្នាក់រៀនដោយថ្លែងទីបន្ទាល់អំពីពរជ័យដែលមកពីការខិតខំជាបន្តបន្ទាប់របស់យើងដើម្បីក្លាយទៅដូចជាព្រះយេស៊ូវគ្រីស្ទ ។